ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការយក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ


« មេរៀនទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការយក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការយក​ឈ្នះ​លើ​ភាពឆ្មើងឆ្មៃ

រូបភាព
យុវនារី​ស្លុង​ក្នុង​ការគិត

គ្រោះថ្នាក់​ខាង​វិញ្ញាណ​មួយ​ដែល​ត្រូវបាន​គូស​បញ្ជាក់​នៅក្នុង​ព្រះគម្ពីរ​មរមន គឺជា​អំពើបាប​នៃ​ភាពឆ្មើងឆ្មៃ ។ ចេញពី​កំណត់ត្រា​នោះ យើង​រៀន​ពី​របៀប​ដែល​ភាពឆ្មើងឆ្មៃ​បាន​បង្អាក់​ដល់​ភាពសុខដុម​នៅក្នុង​ក្រុមគ្រួសារ​របស់​លីហៃ បាន​បង្កើត​ឲ្យ​មាន​ការបែងចែក​នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ បាន​នាំឲ្យ​មាន​សង្គ្រាម​ដ៏​ច្រើន​រាប់​មិន​អស់ និង​ទីបំផុត​បាន​នាំ​ទៅរក​ការបំផ្លិច​បំផ្លាញ​អារ្យធម៌​សាសន៍​នីហ្វៃ ។ ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ព្រមាន​ថា « ភាព​ឆ្មើងឆ្មៃ​គឺជា​អំពើបាប​សកល​មួយ ជា​គុណវិបត្តិ​ដ៏​ខ្លាំង » ( « Beware of Pride » Ensign ខែ ឧសភា ឆ្នាំ ១៩៨៩ ទំព័រ ៦ ) ។ នៅពេល​អ្នក​សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន សូម​រកមើល​ការបង្រៀន​នានា ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​សញ្ញា​នៃ​ការឆ្មើងឆ្មៃ​នៅក្នុង​ជីវិត​របស់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​ផងដែរ​អំពី​របៀប​ដែលការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើភាពឆ្មើងឆ្មៃ​បាន ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ស្គាល់​ឥទ្ធិពល​បំផ្លាញ ដែល​ភាពឆ្មើងឆ្មៃ​អាច​បង្ក​ឲ្យ​មាន​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ឲ្យ​កាន់តែ​ច្បាស់​ដោយ​របៀប​ណា ?

ក្រោយពី​ការស្លាប់​របស់​នីហ្វៃ នោះ​យ៉ាកុប​បាន​កើតទុក្ខ​ដោយសារ​ការកើនឡើង​នៃ​អំពើ​ទុច្ចរិត​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ ។ ព្រះអម្ចាស់​បាន​ដឹកនាំ​យ៉ាកុប​ឲ្យ​ថ្លែង​ពី​អំពើបាប​របស់​ប្រជាជន ( សូមមើល យ៉ាកុប ១:១៥២:៤, ១១ ) ។ យ៉ាកុប​បាន​គោរព​តាម​ព្រះអម្ចាស់ ហើយ​បាន​ថ្លែង​ទៅកាន់​ប្រជាជន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អំពី​អំពើបាប​របស់​ពួកគេ រួម​ទាំង​ពី​របៀប​ដែល​ទ្រព្យសម្បត្តិ​របស់​ពួកគេ​បាន​នាំ​ពួកគេ​ចេញ​ពី​ព្រះអម្ចាស់​ផងដែរ ។

រូបភាព
យ៉ាកុប​បង្រៀន​ពួកសាសន៍​នីហ្វៃ
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន យ៉ាកុប ២:១២–១៦ ឬ​មើល​វីដេអូ​នៃ​ព្រះគម្ពីរ​មរមន « Jacob Teaches about Pride ( យ៉ាកុប ២:៣–២១ ) » ( ៥:៥៦ ) ដែល​មាន​នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។ កាល​អ្នក​ធ្វើ​ដូច្នោះ សូម​រកមើល​របៀប​ដែល​ភាពឆ្មើងឆ្មៃ​បាន​មាន​ឥទ្ធិពល​លើ​របៀប​ដែល​ពួកសាសន៍​នីហ្វៃ​ទាំងនេះ​បាន​មើល​ទៅគ្នា​ទៅវិញ​ទៅមក ។

នៅ​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​មរមន មរមន និង​មរ៉ូណៃ​បាន​ធ្វើជា​សាក្សី​ថា ការខកខាន​មិន​បាន​ប្រែចិត្ត​ពី​ភាពឆ្មើងឆ្មៃ​នេះ​បាន​ដឹកនាំ​ទៅរក​ការបំផ្លិច​បំផ្លាញ​ពួកសាន៍​នីហ្វៃ​យ៉ាង​ធ្ងន់ធ្ងរ ( សូមមើល មរ៉ូណៃ ៨:២៧ ) ។ ក្រោយពី​ធ្វើជា​សាក្សី​ដល់​ការបំផ្លិច​បំផ្លាញ​របស់​ពួកគេ​ហើយ នោះ​មរ៉ូណៃ​បាន​ឃើញ​នៅក្នុង​ការនិមិត្ត​មួយ​អំពី​របៀប​ដែល​ភាពឆ្មើងឆ្មៃ​ក៏​នឹង​ជា​បញ្ហា​មួយ​សម្រាប់​មនុស្ស​នៅ​ជំនាន់​របស់​យើង​ផងដែរ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន មរមន ៨:៣៥–៣៧ ហើយ​ពិចារណា​ពី​របៀប​ដែល​ភាពឆ្មើងឆ្មៃ​នាំ​ទៅរក​អំពើបាប​បន្ថែម​ទៀត ។

រូបភាព
កុមារ​លាដៃ​សុំ​លុយ

នៅក្នុង​ឆ្នាំ ១៩៨៩ ប្រធាន ប៊ែនសឹន បាន​ថ្លែង​សុន្ទរកថា​ដ៏​មាន​ឥទ្ធិពល​មួយ​ស្ដីពី​ភាពឆ្មើងឆ្មៃ ។ នៅពេល​អ្នក​អាន​សេចក្ដី​សម្រង់​នេះ​ស្រង់ពី​សុន្ទរកថា​របស់​លោក សូម​ពិចារណា​គូស​ចំណាំ​ពាក្យ និង​ឃ្លា​គន្លឹះ​ដែល​ពិពណ៌នា​ពី​អត្ថន័យ​ដ៏​សំខាន់​នៃ​ភាពឆ្មើងឆ្មៃ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ពួកយើង​ភាពច្រើន​គិត​ដល់​ភាពឆ្មើងឆ្មៃ​ថា ជា​ការគិតតែ​ពី​ខ្លួនឯង ការប្រកាន់​ខ្លួន ការមាន​អំនួត ភាពក្រអឺត​ក្រទម ឬ​ភាពព្រហើន ។ ទាំងអស់​នេះ​គឺជា​ធាតុផ្សំ​នៃ​អំពើបាប​នេះ ប៉ុន្ដែ​បេះដូង ឬ​ស្នូល​វា​នៅ​បាត់​នៅឡើយ ។

មុខងារ​ចម្បង​នៃ​ភាពឆ្មើងឆ្មៃ​គឺ​ភាពអមិត្ត—ភាពអមិត្ត​ចំពោះ​ព្រះ និង​ភាពអមិត្ត​ចំពោះ​មនុស្ស​ជាតិ​របស់​យើង ។ ភាពអមិត្ត មាន​ន័យ​ថា « ការស្អប់ ភាពជា​សត្រូវ ឬ​សភាព​ប្រឆាំង » ។ វា​គឺជា​អំណាច​ដែល​សាតាំង​ចង់​បាន ដើម្បី​គ្រប់គ្រង​លើ​ពួកយើង ។

ភាពឆ្មើងឆ្មៃ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ពី​ធម្មជាតិ ។ យើង​រឹង​ទទឹង​ចង់​ធ្វើ​អ្វី​ដែល​យើង​ចង់​ធ្វើ ជាជាង​ធ្វើតាម​ព្រះទ័យ​របស់​ព្រះ ។ …

ពួកអ្នក​ឆ្មើងឆ្មៃ​មិន​អាច​ទទួល​យក​សិទ្ធិ​អំណាច​របស់​ព្រះ ដែល​ប្រទាន​ការដឹកនាំ​ដល់​ជីវិត​របស់​ពួកគេ​ឡើយ ។ ( សូម​មើល ហេលេមិន ១២:៦ ) ។ …

ពួកអ្នក​ឆ្មើងឆ្មៃ​រាប់​មនុស្ស​គ្រប់គ្នា​ជា​សត្រូវ​របស់​ពួកគេ ដោយ​ការ​ប្រើ​ប្រាជ្ញា ទស្សនៈ ការងារ ទ្រព្យសម្បត្តិ ទេពកោសល្យ​របស់​ពួកគេ ឬ​ឧបករណ៍​វាស់វែង​ណាមួយ​ខាង​លោកិយ​ប្រឆាំង​នឹង​អ្នក​ដទៃ ។ នៅក្នុង​សម្ដី​របស់ ស៊ី អេស លូវីស ៖ « ភាពឆ្មើងឆ្មៃ​មិន​មាន​ការរីករាយ​ក្នុង​ការមាន​អ្វីមួយ​ឡើយ ប៉ុន្ដែ​រីករាយ​តែ​ចំពោះ​ការមានបាន​ច្រើន​ជាង​អ្នក​ដទៃប៉ុណ្ណោះ ។ … វា​គឺជា​ការប្រៀបធៀប​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​មោទនភាព ៖ ការរីករាយ​នឹង​ការមាន​បាន​លើស​អស់​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត ។ កាលណា​ធាតុផ្សំ​នៃ​ការប្រកួត​ប្រជែង​បាន​បាត់បង់​ទៅ នោះ​ភាពឆ្មើងឆ្មៃ​ក៏​បាត់​ទៅ​ដែរ » ។( Mere Christianity, New York: Macmillian ឆ្នាំ ១៩៥២ ទំព័រ ១០៩–១០ ) ។ …

ការភ័យខ្លាច​នឹង​ការកាត់​សេចក្ដី​របស់​មនុស្ស​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅក្នុង​ការប្រកួត​ប្រជែង​ចង់​បាន​ការយល់ព្រម​របស់​មនុស្ស ។ …

… ពួកយើង​ភាគច្រើន​ចាត់​ទុកថា ភាពឆ្មើងឆ្មៃ​គឺជា​អំពើបាប​មួយ​របស់​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់ ដូចជា​ពួកអ្នក​មាន និង​អ្នកចេះដឹង​ជាដើម ដែល​មើល​ងាយ​មក​លើ​ពួកយើង​ទាំងអស់​គ្នា ។ ( សូម​មើល នីហ្វៃ​ទី​២ ៩:៤២ ) ។ ប៉ុន្ដែ​មាន​ជំងឺ​ទូទៅ​ជាង​នេះ​ខ្លាំង​មួយ​នៅក្នុង​ចំណោម​ពួកយើង—ហើយ​នោះ​គឺជា​ភាពឆ្មើងឆ្មៃ​ពី​អ្នកតូច​មើល​ទៅលើ ។ វា​បង្ហាញ​តាម​របៀប​ជាច្រើន​ក្រៃលែង ដូចជា​ការស្វែងរក​កំហុស ការនិយាយ​ដើម​គេ ការនិយាយ​អាក្រក់​ពីក្រោយ​ខ្នង​គេ ការរអ៊ូ​រទាំ ការរស់នៅ​ហួស​សមត្ថភាព​ដែល​យើង​រក​បាន ការច្រណែន​ឈ្នានីស ការលោភលន់ ការទប់​មិន​បញ្ចេញ​ការដឹងគុណ និង​ការសរសើរ​ដែល​អាច​លើកស្ទួយ​មនុស្ស​ដទៃ ព្រមទាំង​ការមិន​អភ័យទោស និង​ការច្រណែន​គេ ។( « Beware of Pride » ទំព័រ ៤, ៥ )

រូបភាព
យុវនារី​មើល​ទៅ​មិត្ត​ម្នាក់
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ប្រធាន​អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​សង្កេត​ឃើញ​ថា « ភាពឆ្មើងឆ្មៃ​គឺជា​អំពើបាប​មួយ ដែល​មើលឃើញ​តែ​កំហុស​របស់​អ្នក​ដទៃ ប៉ុន្តែ​មិន​មើលឃើញ​ពី​កំហុស​របស់​ខ្លួន​ឯង​ឡើយ » ( « Beware of Pride » ទំព័រ ៥ ) ។ សូម​ជ្រើសរើស​សំណួរ​ខាងក្រោម​នេះ ដែល​ទាក់ទង​នឹង​ជីវិត​របស់​អ្នក​ខ្លាំង​បំផុត ហើយ​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​សៀវភៅ​កំណត់ហេតុ ឬ​សៀវភៅ​សរសេរ​របស់​អ្នក ។

  • តើ​ខ្ញុំ​មាន​អារម្មណ៍​អមិត្ត ( កំហឹង ភាពជា​សត្រូវ ឬ​ការប្រឆាំង ) នៅក្នុង​ដួងចិត្ត​ខ្ញុំ​ចំពោះ​ព្រះ ឬ​មនុស្ស​ផ្សេងទៀត​ដែរ​ឬទេ ? ប្រសិនបើ​មាន តើ​អារម្មណ៍​ទាំងនេះ​មាន​ឥទ្ធិពល​លើ​ដួងចិត្ត​របស់​ខ្ញុំ និង​ទំនាក់ទំនង​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​ខ្ញុំ​ទំនង​ជា​ប្រៀបធៀប​ខ្លួន​ខ្ញុំ​ទៅនឹង​មនុស្ស​ដទៃ​នៅពេល​ណា ? នៅពេល​ខ្ញុំ​ប្រៀបធៀប​ខ្លួនខ្ញុំ​ទៅនឹង​មនុស្ស​ដទៃ តើ​ខ្ញុំ​មាន​អារម្មណ៍​យ៉ាងណា ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​យកឈ្នះ​លើ​អំពើបាប​នៃ​ភាពឆ្មើងឆ្មៃ​យ៉ាង​ដូចម្តេច ?

ក្រោយពី​យ៉ាកុប​បាន​ព្រមាន​ប្រជាជន​របស់​លោក​អំពី​អំពើបាប​នៃ​ភាពឆ្មើងឆ្មៃ​ហើយ នោះ​លោក​បាន​បង្រៀន​ពី​សេចក្ដីពិត​សំខាន់ៗ​អំពី​របៀប​ដើម្បី​យកឈ្នះ​លើ​វា ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

នៅពេល​អ្នក​អាន យ៉ាកុប ២:១៧–២១ សូម​រកមើល​ការប្រឹក្សា​ដែល​អាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ភាពឆ្មើងឆ្មៃ ។

រូបភាព
ស្ដ្រី​ឲ្យ​ម្ហូប​អាហារ​ដល់​បុរស​អនាថា

នៅ​ក្នុង​ព្រះគម្ពីរ​មរមន ពួក​សាសន៍​នីហ្វៃ​បាន​មាន​សេចក្ដី​ឆ្មើងឆ្មៃ​ជាច្រើន​ដង ។ ឧទាហរណ៍ ក្រោយពី​យកឈ្នះ​លើ​សង្គ្រាម​ដ៏​យូរ​អង្វែង​មួយ​ជាមួយ​នឹង​ពួកចោរ​កាឌីអានតុន នោះ​ពួកសាសន៍​នីហ្វៃ​បាន​រីកចម្រើន​ឡើង ហើយ​ភ្លាមៗ​នោះ​បាន​ក្លាយ​ទៅជា​មាន​អំនួត ដោយ​លើក​ខ្លួន​គេ​ស្របតាម​ទ្រព្យសម្បត្តិ និង​ចំណេះដឹង​របស់​ពួកគេ ។ អ្នកខ្លះ​បាន​ចាប់ផ្ដើម​បៀតបៀន​អ្នក​ដែល​មាន​ទ្រព្យ​តិចជាង​ខ្លួន​គេ ។ ( សូមមើល នីហ្វៃ​ទី​៣ ៦:៤–១២ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

នៅពេល​អ្នក​អាន នីហ្វៃ​ទី​៣ ៦:១២–១៤ សូម​កត់ត្រា​ទុក​ភាពខុសគ្នា​រវាង​ប្រជាជន​ដែល​មាន​ភាព​ឆ្មើងឆ្មៃ និង​ប្រជាជន​ដែល​មិន​មាន​ភាព​ឆ្មើងឆ្មៃ ។ តើ​មាន​បុគ្គលិក​លក្ខណៈ​អ្វីខ្លះ ដែល​បាន​បែងចែក​ក្រុម​ប្រជាជន​ទាំងពីរ​នេះ​ចេញ​ពី​គ្នា ?

ប្រធាន ប៊ែនសឹន បាន​បង្រៀន​ដូច​ខាងក្រោម​នេះ​អំពី​របៀប​ដើម្បី​យកឈ្នះ​លើ​ការឆ្មើងឆ្មៃ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ថ្នាំ​បន្សាប​សម្រាប់​ការឆ្មើងឆ្មៃ​គឺជា​ការបន្ទាប​ខ្លួន—ចុះចូល ហើយ​ស្លូតបូត ។ ( សូមមើល អាលម៉ា ៧:២៣ ) ។ …

ចូរ​យើង​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួន ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង​បាន តាមរយៈ​ការយកឈ្នះ​លើ​ភាពអមិត្ត​ចំពោះ​បងប្អូន​ប្រុស​ស្រី​របស់​យើង ការគោរព​ពួកគេ​ដូចជា​ខ្លួនយើង ហើយ​ការលើក​ស្ទួយ​ពួកគេ​ឲ្យ​បាន​ខ្ពង់​ខ្ពស់ ឬ​ខ្ពស់​ជាង​យើង​ទៅទៀត ។ [ សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៣៨:២៤ ] ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការទទួល​បាន​ការប្រឹក្សា និង​ការផ្ចាញ់ផ្ចាល ។ [ សូមមើល យ៉ាកុប ៤:១០ ] ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការអភ័យទោស​ឲ្យ​អស់​អ្នក​ដែល​បាន​ធ្វើ​ខុស​ចំពោះ​យើង ។ [ សូមមើល នីហ្វៃ​ទី​៣ ១៣:១១, ១៤; គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៤:១០ ] ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការចុះចូល​ក្នុង​ការបម្រើ​ដោយ​មិន​គិត​ពី​ខ្លួនឯង ។ ( សូមមើល ម៉ូសាយ ២:១៦–១៧ ) ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការចេញ​បេសកកម្ម និង​ការផ្សព្វផ្សាយ​ព្រះបន្ទូល​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ​បន្ទាប​ខ្លួន ។ [ សូមមើល អាលម៉ា ៤:១៩ ] ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ញឹកញាប់​ជាង​មុន ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការសារភាព និង​ការបោះបង់​ចោល​អំពើបាប​របស់​យើង និង​ការកើត​មកពី​ព្រះ ។ [ សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៤៣ ] ។

យើង​អាច​ជ្រើសរើស​ដើម្បី​បន្ទាប​ខ្លួនយើង តាមរយៈ​ការស្រឡាញ់​ព្រះ ការ​មាន​ឆន្ទៈ​ស្របតាម​ព្រះទ័យ​របស់​ទ្រង់ និង​ការដាក់​ទ្រង់​ជា​ទីមួយ​នៅក្នុង​ជីវិត​របស់​យើង ។ [ សូមមើល នីហ្វៃ​ទី​៣ ១១:១១ ] ។ ( « Beware of Pride » ទំព័រ ៦–៧ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​សញ្ជឹងគិត​អំពី​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​ការបន្ទាប​ខ្លួន​មកពី​ទ្រង់ ? សូម​ត្រៀម​ខ្លួន​ចែកចាយ​ឧទាហរណ៍​មួយ​នៅក្នុង​ថ្នាក់ ។