ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ


« មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ព្រះគម្ពីរ​មរមន ៖ សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
យុវនារី​អាន​ព្រះគម្ពីរ​មរមន

សូម​ស្វាគមន៍​មក​កាន់ ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​មរមន​មាន​នូវ អំណាច​ដើម្បី​ព្យាបាល លួង​លោម ស្ដារ​ឡើង​វិញ ជួយ ពង្រឹង លើក​ទឹក​ចិត្ត ហើយ​ធ្វើ​ឲ្យ​ព្រលឹង​យើង​រីករាយ » ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ ) ។​ កាល​ដែល​អ្នក​សិក្សា និង​រស់នៅតាម​សេចក្ដី​ពិត​ដែល​បាន​ពិភាក្សា​នៅក្នុង​វគ្គសិក្សា​នេះ អ្នក​នឹង​ដកពិសោធន៍​នូវ​សេចក្ដី​ពិត​នៃ​ពាក្យ​សម្ដី​របស់​ប្រធាន​ណិលសុន ។ ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន និង​សេចក្តី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​កើន​ឡើង ហើយ​អ្នក​នឹង​ក្លាយ​កាន់តែ​ដូច​ជា​ពួក​ទ្រង់ ។

កំណត់​ចំណាំ ៖ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​នេះ​នឹង​ផ្ដល់​ដល់​អ្នក​នូវ​មូលដ្ឋាន​គ្រឹះ​មួយ សម្រាប់​បទពិសោធន៍​នៅ​ក្នុង​ថ្នាក់​របស់​អ្នក ។ ការសិក្សា​មេរៀន​នីមួយៗ​ក្នុង​ឯកសារ​រៀបចំ មុនពេល​មក​ថ្នាក់រៀន នឹង​ជួយ​អ្នក​ឲ្យ​ទទួលបាន​បទពិសោធន៍​រៀនសូត្រ​កាន់តែ​ស៊ីជម្រៅ និង​មាន​អត្ថន័យ​ជាង​មុន ។

ផ្នែក​ទី ១

តើ​ការសិក្សា​ព្រះគម្ពីរ​មរមន ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច ?

នៅពេល​ចាប់ផ្ដើម​នៃ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស ៖

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំ​បាន​ប្រាប់​បងប្អូន​ប្រុស​ថា ព្រះគម្ពីរ​មរមន​គឺជា​គម្ពីរ​ដ៏​ត្រឹមត្រូវ​បំផុត​ជាង​គម្ពីរ​នានា​ទាំងអស់​នៅលើ​ផែនដី​នេះ ហើយ​ជា​មូលដា្ឋន​នៃ​សាសនា​របស់​យើង ហើយ​បុគ្គល​ម្នាក់​នឹង​ចូល​ទៅជិត​ព្រះ​បាន ដោយសារ​ធ្វើ​តាម​សក្ខីយបទ​ទាំងឡាយ​នៃ​គម្ពីរ​នេះ​ជាជាង​គម្ពីរ​ណាៗ​ទាំងអស់ ។ ( បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន កថាខណ្ឌ​ទី ៦ ) ។

តាំងពី​ការបោះពុម្ព​នៃ​ព្រះគម្ពីរ​មរមន មនុស្ស​រាប់លាន​នាក់​បាន​រកឃើញ​សេចក្ដី​ពិត​នៃ​សេចក្ដី​ថ្លែងការណ៍​នេះ ។

អែលឌើរ ភីទើរ អិម ចនសិន នៃ​ពួក​ចិតសិប​នាក់ បាន​ចែកចាយ​ឧទាហរណ៍​មួយ​អំពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​បាន​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​លោក ពេល​លោក​នៅ​ជា​យុវជន​ម្នាក់ ៖

រូបភាព
អែលឌើរ ភីទើរ អិម ចនសិន

ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​កម្មវិធី​ថ្នាក់​បណ្ឌិត​របស់​ខ្ញុំ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត ។ កម្មវិធី​នេះ​បាន​ទទួល​យក​តែ​និស្សិត​បួន​រូប​ប៉ុណ្ណោះ​នៅ​ឆ្នាំ​នោះ ហើយ​និស្សិត​ផ្សេង​ទៀត​សុទ្ធ​តែ​មាន​សមត្ថភាព​អស្ចារ្យ ។ ពួកគេ​មាន​ពិន្ទុ​ប្រឡង​ប្រសើរខ្ពស់ ហើយ​មាន​បទពិសោធន៍​ការងារ​ច្រើន​នៅ​ក្នុង​មុខ​តំណែង​គ្រប់គ្រង​ជាន់​ខ្ពស់ ហើយ​ពួកគេ​បាន​ជឿ​ជាក់​យ៉ាង​ខ្លាំង​លើ​សមត្ថភាព​របស់​ខ្លួន ។ បន្ទាប់​ពី​ខ្ញុំ​ចូល​រួម​កម្មវិធី​នោះ​បាន​ពីរ​សប្ដាហ៍ អារម្មណ៍​នៃ​ការ​បាក់​ទឹក​ចិត្ត និង​ការ​សង្ស័យ​បាន​ចាប់ផ្ដើម​មាន​កាន់​តែ​ខ្លាំង ស្ទើរ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា បើ​ខ្ញុំ​ចង់​បញ្ចប់​កម្មវិធី​នេះ​រយៈពេល​បួន​ឆ្នាំ ខ្ញុំ​នឹងបញ្ចប់​ការ​អាន​ព្រះគម្ពីរ​មរមន​រៀងរាល់​ឆមាស ។ ពេល​ខ្ញុំ​អាន​ព្រះគម្ពីរ​នោះ​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​បាន​ស្គាល់​ពី​ការ​ប្រកាស​របស់​ព្រះអង្គ​សង្គ្រោះ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បង្រៀន​ខ្ញុំ​គ្រប់សេចក្ដី ហើយ​នឹង​រំឭក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្ដី [ សូមមើល យ៉ូហាន ១៤:២៦ ] ។ ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​ជា​ថ្មី​ថាខ្ញុំ​ជានរណា ជា​បុត្រា​របស់​ព្រះ វា​បាន​រំឭក​ខ្ញុំ​កុំ​ឲ្យ​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​មនុស្ស​ដទៃ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ជឿ​ជាក់​លើ​តួនាទី​ដ៏​ទេវភាព​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​ជោគ​ជ័យ ។ … សូម​អាន ហើយ​សិក្សា​ព្រះគម្ពីរ​មរមន​រៀង​រាល់ថ្ងៃ ជារៀង​រាល់ថ្ងៃ ជារៀង​រាល់ថ្ងៃ ។ ( « Power to Overcome the Adversary » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ១១១ ) ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « យើង​ត្រូវតែ​ធ្វើ​ឲ្យ​ព្រះគម្ពីរ​មរមន​ក្លាយ​ជា​ការផ្ដោត​ដ៏​សំខាន់​នៃ​ការសិក្សា [ ដោយសារ ] វា​ត្រូវ​បាន​សរសេរ​សម្រាប់​ជំនាន់​របស់​យើង » ( « The Keystone of Our Religion » Ensign ខែ មករា ឆ្នាំ ១៩៩២ ទំព័រ ៥ ) ។ ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ​ប្រធាន ណិលសុន សូម​ពិចារណា​គូស​ចំណាំ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​អាច​ផ្ដល់​ពរជ័យ​ដល់​ជីវិត​របស់​យើង ជា​ពិសេស​នៅក្នុង​ជំនាន់​របស់​យើង ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះគម្ពីរ​មរមន​ពិត​ជា​បន្ទូល​របស់​ព្រះ ។ វា​មាន​នូវ​ចម្លើយ​សម្រាប់​សំណួរ​ពិបាកៗ​បំផុត​ក្នុង​ជីវិត ។ វា​បង្រៀន​នូវ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ វា​ពង្រីក ហើយ​បញ្ជាក់​អំពី​សេចក្ដី​ពិត « ដ៏​ច្បាស់ និង​ពិសេសៗ » [ សូមមើល នីហ្វៃ​ទី១ ១៣:២៩–៣៣ ] ជា​ច្រើន​ដែល​បាន​បាត់​បង់​អស់​ជា​ច្រើន​សតវត្សរ៍ និង​តាមរយៈ​ការ​បកប្រែ​ដ៏​ច្រើន​នៃ​ព្រះគម្ពីរ​ប៊ីប ។

ព្រះគម្ពីរ​មរមន​ផ្ដល់​នូវ​ការ​យល់ដឹង​ពេញ​លេញ ហើយ​មាន​អំណាច​បំផុត​អំពី​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​អាច​រក​ឃើញ​គ្រប់​ទីកន្លែង ។ … អំណាច​ពេញ​លេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​មរមន ។ គឺ​ពិត​មែន ។

ព្រះគម្ពីរ​មរមន​ទាំង​បំភ្លឺ​ពី​ការ​បង្រៀន​របស់​លោក​ចៅ​ហ្វាយ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​មារសត្រូវ ។ ព្រះគម្ពីរ​មរមន​បង្រៀន​គោលលទ្ធិ​ពិត ដើម្បី​បំបាត់​ទំនៀម​ទម្លាប់​ខុស​ឆ្គង​ខាង​សាសនា—ដូច​ជា​ការ​អនុវត្ត​មិន​ត្រឹមត្រូវ​នៃ​ការ​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ឲ្យ​ទារក ។ ព្រះគម្ពីរ​មរមន​ផ្ដល់​គោលបំណង​ឲ្យ​ជីវិត ដោយ​ជម្រុញ​យើង​ឲ្យ​សញ្ជឹង​គិត​អំពី​សក្ដានុពល​នៃ​ជីវិត​អស់​កល្ប និង « សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » [ ម៉ូសាយ ២:៤១; សូមមើល​ផងដែរ អាលម៉ា ២៨:១២ ] ។ ព្រះគម្ពីរ​មរមន​បំផ្លាញ​ជំនឿ​ខុស​ឆ្គង​ដែល​ថា សុភមង្គល​អាច​រក​បាន​នៅ​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ថា សេចក្ដី​ល្អ​ផ្ទាល់​ខ្លួន​គឺជា​អ្វី​ទាំងអស់​ដែល​តម្រូវ​ឲ្យ​មាន​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ ។ វា​បញ្ឈប់​ជា​រៀង​រហូត​នូវ​គំនិត​ខុស​ឆ្គង​ដែល​ថា វិវរណៈ​បាន​បញ្ចប់​ជាមួយ​នឹង​ព្រះគម្ពីរ​ប៊ីប ហើយ​ថា ស្ថានសួគ៌​ត្រូវ​បាន​បិទ​ហើយ​នៅ​សព្វ​ថ្ងៃ​នេះ ។ ( « The Book of Mormon: What Would Your Life Be Like without It? » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ )​

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន ? តើ​ពរជ័យ​ប្រភេទ​ណា​ខ្លះ ដែល​អ្នក​សង្ឃឹម​ថា ការសិក្សា​ព្រះគម្ពីរ​មរមន​នៅក្នុង​ខែ​ទាំងឡាយ​ខាង​មុខ​នេះ នឹង​មាន​នៅក្នុង​ជីវិត​អ្នក ?

ផ្នែក​ទី ២

តើ​ការសិក្សា​ព្រះគម្ពីរ​មរមន ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​យ៉ាងដូចម្តេច ?

នៅក្នុង​ការនិមិត្ត​មួយ ព្យាការី នីហ្វៃ បាន​រៀន​ថា គោលបំណង​ដ៏​សំខាន់​នៃ​ព្រះគម្ពីរ​មរមន ( និង​ព្រះគម្ពីរ​ថ្ងៃ​ចុងក្រោយ​ផ្សេងៗ​ទៀត ) គឺ​ដើម្បី​ធ្វើ​ជា​សាក្សី​ថា ព្រះយេស៊ូវ​គ្រីស្ទ « គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​គឺជាព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ​ថា មនុស្ស​ទាំង​អស់​ត្រូវ​តែ​មក​រក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ » ( នីហ្វៃទី១ ១៣:៤០ ) ។

រូបភាព
រូបភាព​ព្រះគ្រីស្ទ ដោយ ហិនរីឆ ហូហ្វមិន

នៅក្នុង​ជីវិត​របស់​លោក នីហ្វៃ​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម « ដើម្បីបញ្ចុះ​បញ្ចូល​កូន​ចៅ [ របស់​លោក ] និង​បងប្អូន [ របស់​លោក ] ផង ដើម្បី​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ( នីហ្វៃទី២ ២៥:២៣ ) ។ នៅ​ចុង​បញ្ចប់​នៃ​ការកត់ត្រា​របស់​លោក លោក​បាន​ផ្ដល់​សាក្សី​ចុងក្រោយ​មួយ​អំពី​អំណាច​នៃ​ព្រះគម្ពីរ​មរមន​ក្នុង​ការនាំ​មនុស្ស​ទៅរក​ព្រះគ្រីស្ទ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃទី២ ៣៣:៦–១០ ដោយ​រកមើល​ពី​របៀប​ដែល​នីហ្វៃ​បាន​សង្ឃឹម​ថា ពាក្យ​សម្ដី​របស់​លោក​នឹង​មាន​ឥទ្ធិពល​ដល់​អ្នក ។

ប្រធាន ប៊ែនសឹន បាន​សម្គាល់​ឃើញ​ថា មនុស្ស​ជា​ច្រើន​នៅ​ទូទាំង​ពិភពលោក​បដិសេធ​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ លោក​បាន​ពន្យល់​ថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ពួកគេ​សង្ស័យ​ពី​កំណើត​ដ៏​មិនគួរ​ឲ្យ​ជឿ​របស់​ទ្រង់ ជីវិត​រស់នៅ​ដ៏​ល្អ​ឥតខ្ចោះ និង​ភាព​ពិត​ប្រាកដ​នៃ​ការមាន​ព្រះ​ជន្មរស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះគម្ពីរ​មរមន​បង្រៀន​ក្នុង​លក្ខខណ្ទ​យ៉ាង​ច្បាស់​លាស់ និង​គ្មាន​កំហុស​អំពី​សេចក្តីពិត​នៃ​គ្រប់​ការណ៍​ទាំងអស់​នោះ ។ វា​ក៏​បានផ្តល់​នូវ​ការពន្យល់​ដ៏​ពេញលេញ​បំផុត ពី​គោលលទ្ធិ​នៃ​ដង្វាយធួន​ផងដែរ ។ ពិត​ណាស់ គម្ពីរ​ដ៏​បំផុស​គំនិត​ប្រកប​ដោយ​ទេវភាព​នេះ គឺជា​សិលា​គន្លឹះ​មួយ​ក្នុង​ការធ្វើ​ជា​សាក្សី​ចំពោះ​ពិភពលោក​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ។ … ទីបន្ទាល់ [ របស់​ព្រះគម្ពីរ​មរមន ] អំពី​លោកចៅហ្វាយ​គឺ​ច្បាស់លាស់ មិន​ថមថយ និង​ពេញ​ដោយ​អំណាច ។( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១២៩–៣០ )

រូបភាព
រូបតំណាង ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​យក​ពេល​ពីរបី​នាទី ដើម្បី​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​អំពី​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​អ្នក ជា​បទពិសោធន៍​មួយ​ដែល​កាន់តែ​ផ្តោត​សំខាន់​លើ​ព្រះគ្រីស្ទ ?

ផ្នែក​ទី ៣

តើខ្ញុំអាច​ប្រើប្រាស់​ឯកសារ​រៀបចំ​នេះ​ដោយ​មាន​ប្រសិទ្ធភាព​របៀបណា ដើម្បី​កែ​លម្អ​បទពិសោធន៍​របស់ខ្ញុំ​ក្នុង​ថ្នាក់​នេះ ?

ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​យាង​មក​ជួប​ពួក​សាសន៍​នីហ្វៃ​នៅក្នុង​ដែនដី​បរិបូរ ទ្រង់​បាន​ប្រទាន​ឱកាស​ដល់​មនុស្ស​ម្នាក់ៗ ឲ្យ​ពាល់​របួស​នៅ​ព្រះហស្ដ និង​ព្រះបាទា​ទ្រង់ ហើយ​បន្ទាប់​មក​ទ្រង់​បាន​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់​ដល់​បណ្ដាជន ។ ទ្រង់​បាន​ប្រកាស​ថា អស់​អ្នក​ដែល​ជឿ​ដល់​ទ្រង់ ហើយ​បាន​រស់នៅ​តាម​ការបង្រៀន​របស់​ទ្រង់ នឹង​ទទួល​បាន​ពរជ័យ​ដ៏​អស្ចារ្យ​នានា​នៅក្នុង​ជីវិត​នេះ ហើយ​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុងក្រោយ ( សូមមើល នីហ្វៃទី៣ ១១:២៩–៤០; ១៥:១ ) ។

រូបភាព
ព្រះគ្រីស្ទ​នៅ​ដែនដី​បរិបូរ ដោយ ស៊ីម៉ូន ឌូវី

កាលដែល​ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​នឹង​យាង​ចេញ​ទៅ​នៅ​ពេល​ល្ងាច ទ្រង់​បាន​ទត​ទៅ​ពួក​បណ្ដាជន ហើយ​បាន​ប្រទាន​នូវ​ដំបូន្មាន​ដ៍​សំខាន់​ពី​របៀប​រៀបចំ​សម្រាប់​អ្វី​ដែល​ទ្រង់​នឹង​បង្រៀន​ពួកគេ​នៅ​ថ្ងៃ​បន្ទាប់​ទៀត ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១៧:២–៣ ដោយ​រកមើល​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​អំពី​របៀប​រៀបចំ​ដើម្បី​រៀន​អំពី​ដំណឹងល្អ ។

រូបភាព
រូបតំណាង កំណត់ត្រា

កត់ត្រាគំនិតរបស់អ្នក

អ្នក​អាច​នឹង​ចង់​កំណត់ និង​កត់ត្រា​គោលដៅ​មួយ ដែល​អ្នក​អាច​ធ្វើ​ឲ្យ​សម្រេច​ក្នុង​វគ្គ​សិក្សា​នេះ ដើម្បី​ក្លាយ​ជា​អ្នក​រៀនដំណឹងល្អ​របស់​ព្រះអម្ចាស់​ដែល​កាន់តែ​ឧស្សាហ៍​ព្យាយាម ។ សូម​ពិចារណា​ដាក់​ផែនការ​មួយ ដែល​រួមមាន​ពេល​វេលា​ដែល​អ្នក​នឹង​សិក្សា​ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់​នីមួយៗ ។

រូបភាព
រូបតំណាង ការពិភាក្សា

ចែកចាយ​ជាមួយ​គ្រូ​របស់​អ្នក

ប្រសិន​បើ​អាច សូម​ផ្ញើ​ព័ត៌មាន​មួយ​ចំនួន ឬ​ទាំងអស់​ខាងក្រោម​នេះ​ទៅ​គ្រូ​របស់​អ្នក​តាម​អេឡិចត្រូនិច ។ ឬ​អ្នក​អាច​សរសេរ​ជា​លិខិត​មួយ​ដើម្បី​ផ្ញើ​ទៅ​នៅ​ពេល​ក្រោយ ។

  1. តើ​អ្នក​មាន​អារម្មណ៍​ដូច​ម្ដេច​អំពី​ព្រះគម្ពីរ​មរមន ?

  2. តើ​អ្នក​សង្ឃឹម​ថា​បាន​រីកចម្រើន​តាម​របៀប​ណា​ខ្លះ ពេល​អ្នក​ចូលរៀន​វគ្គ​សិក្សា​នេះ ?

  3. តើ​សំណួរ​អ្វី​ខ្លះ ដែល​អ្នក​ចង់​សួរ​នៅ​ពេល​ណា​មួយ នៅ​អំឡុង​វគ្គ​សិក្សា​នេះ ?