ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត


« មេរៀនទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៩ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការរស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត

រូបភាព
យុវជន​កំពុង​អាន​ព្រះគម្ពីរ

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា ព្រះគម្ពីរ​មរមន « ពង្រឹង​ដល់​អ្នកដើរ​តាម​ដ៏​រាបសា​របស់​ព្រះគ្រីស្ទ ឲ្យ​ប្រឆាំង​នឹង​ការរៀបចំ​ដ៏​អាក្រក់ យុទ្ធសាស្ដ្រ និង​គោលលទ្ធិ​របស់​អារក្ស​នៅ​ជំនាន់​របស់​យើង » ( « The Book of Mormon Is the Word of God » Ensign ខែ មករា ឆ្នាំ ១៩៨៨ ទំព័រ ៣ ) ។ នៅក្នុង​ជំពូក​នេះ អ្នក​នឹង​មាន​ឱកាស​សិក្សា​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ប្រាប់​ពី​គ្រោះថ្នាក់​ទាំងនេះ ដើម្បី​អាច​ការពារ​ខ្លួន​អ្នក​បាន​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​រកមើល​គោលការណ៍ ដែល​អាច​ជួយ​អ្នក​ឲ្យ​រស់នៅ​ដោយ​សុចរិត​នៅក្នុង​គ្រា​នៃ​ភាពទុច្ចរិត ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​បន្ដ​នៅ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​ដោយ​របៀប​ណា នៅពេល​ខ្ញុំ​ប្រឈម​មុខ​នឹង​ការបៀតបៀន​ដោយសារ​តែ​ការរស់នៅ​តាម​ដំណឹងល្អ​នោះ ?

នៅពេល​ហេលេមិន ដែល​ជា​កូនប្រុស​របស់​ហេលេមិន បាន​កាន់​បំពេញ​វេទិកា​ជំនុំ​ជម្រះ នោះ​ពួកសាសន៍​នីហ្វៃ​បាន​មាន​សេចក្ដី​សុខសាន្ដ​ក្នុង​ពេល​មួយ​រយៈ ហើយ​ប្រជាជន​រាប់​ពាន់​នាក់​បាន​ចូលរួម​ក្នុង​សាសនាចក្រ ។ ទោះបីជា​សាសនាចក្រ​បាន​រីកចម្រើន​ឡើង​ក្ដី ក៏​សមាជិក​មួយ​ចំនួន​ទៅជា​មាន​សេចក្ដី​ឆ្មើងឆ្មៃ ហើយ​ចាប់ផ្ដើម​បៀតបៀន​អ្នកដើរតាម​ដ៏​រាបសា​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ ។ ( សូមមើល ហេលេមិន ៣:២០–៣៤ ) ។

រូបភាព
ពួកសាសន៍​នីហ្វៃ​ដែល​ឆ្មើងឆ្មៃ​បៀតបៀន​បុរស​ម្នាក់
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ហេលេមិន ៣:៣៣–៣៥ ហើយ​រកមើល​របៀប​ដែល​អ្នកដើរតាម​ដ៏​រាបសា​របស់​ព្រះគ្រីស្ទ បាន​ឆ្លើយតប​នឹង​ការបៀតបៀន​មកពី​សំណាក់​ពួកសមាជិក​ដទៃ​ទៀត​នៃ​សាសនាចក្រ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​គ្រា​មួយ ដែល​អ្នក​បាន​ជួប​ប្រទះ ឬ​បាន​ឃើញ​អាកប្បកិរិយា​ដែល​ធ្វើឲ្យ​មាន​ការឈឺចាប់ ឬ​ពាក្យ​សម្ដី​មិន​ល្អ​មកពី​សមាជិក​ផ្សេងទៀត​នៃ​សាសនាចក្រ ។ តើ​អ្នក​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ? តើ​អ្នក​អាច​រៀន​អ្វីខ្លះ​មកពី​ពួកបរិសុទ្ធ​ដ៏​រាបសា​ទាំងនេះ អំពី​របៀប​ដើម្បី​ប្រឈម​នឹង​ការបៀតបៀន​ក្នុង​ទម្រង់​បែប​នេះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើជា​មនុស្ស​សុចរិត នៅពេល​ខ្ញុំ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ភាពទុច្ចរិត​ដោយ​របៀប​ណា ?

ព្យាការី​មរមន និង​កូនប្រុស​របស់​លោក មរ៉ូណៃ បាន​តស៊ូ​នឹង​គ្រា​ដែល​ភាពទុច្ចរិត​បាន​រាលដាល ។ ដោយសារ​តែ​អំពើបាប និង​ការឥត​មាន​ជំនឿ នោះ​អព្ភូតហេតុ​លែង​កើតមាន ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​លែង​គង់​នៅ​ជាមួយ​នឹង​ប្រជាជន​ផងដែរ ។ អំណាច​របស់​សាតាំង​បាន​មាន​ជ័យ​ជំនះ​នៅ​ទូទាំង​ដែនដី ។ ( សូមមើល មរមន ១:១៣–១៩ ) ។ នៅក្នុង​សំបុត្រ​មួយ​ច្បាប់​ទៅកាន់​កូនប្រុស​របស់​លោក មរ៉ូណៃ នោះ​មរមន​បាន​ពិពណ៌នា​ពី​ស្ថានភាព​របស់​ប្រជាជន ហើយ​បាន​សរុប​ថា ពួកគេ​លែង​មាន​សីលធម៌​យ៉ាង​ខ្លាំង រហូត​ដល់​ពួកគេ « គ្មាន​អារ្យធម៌​បន្តិច​សោះ » ( មរ៉ូណៃ ៩:១១ ) ។ អំពើ​ហិង្សា សង្គ្រាម និង​ការសម្លាប់​រង្គាល​បាន​បោស​សម្អាត​ដែនដី កាល​ពួកសាសន៍​លេមិន និង​ពួកសាសន៍​នីហ្វៃ​បាន​បន្ដ​ប្រយុទ្ធ​គ្នា ។ នៅ​ទីបញ្ចប់ ពួកសាសន៍​លេមិន​បាន​ទទួល​ជ័យ​ជំនះ ហើយ​មរមន និង​មរ៉ូណៃ​បាន​ធ្វើជា​សាក្សី​ដល់​ការបំផ្លិច​បំផ្លាញ​ពួកសាសន៍​នីហ្វៃ​ទាំងស្រុង ( សូមមើល មរមន ២–៦; ៨:១–៣, ៧ ) ។

រូបភាព
មរមន​លា​ជាតិ​សាសន៍​មួយ​ដែល​ធ្លាប់​អស្ចារ្យ ដោយ អាណុល ហ្វ្រីប៊ើក
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន មរមន ១:១–២, ១៥ និង មរ៉ូណៃ ៩:២៥–២៦ ហើយ​រកមើល​មូលហេតុ​មួយ​ចំនួន​ដែល​មរមន និង​មរ៉ូណៃ​អាច​បន្ដ​នៅ​ស្មោះត្រង់​បាន ទោះបីជា​ពួកគេ​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ភាពទុច្ចរិត​ក្ដី ។

ដោយ​ថ្លែង​ពី​អំណាច​នៃ​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ពិភពលោក​ដ៏​មាន​បាប​មួយ នោះ​ប្រធាន ចយ ឌី ចូនស៍ ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​បាន​បង្រៀន​ថា

រូបភាព
ប្រធាន ចយ ឌី ចូនស៍

ប្រសិនបើ​កម្លាំង​ទាញ​ខាង​លោកិយ មាន​កម្លាំង​ខ្លាំង​ជាង​សេចក្ដី​ជំនឿ និង​ការទុក​ចិត្ត​ដែល​យើង​មាន​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ នោះ​កម្លាំង​ទាញ​ខាង​លោកិយ​នឹង​ឈ្នះ​គ្រប់​ពេល ។ …

… ខណៈ​ដែល​វា​ងាយ​នឹង​ទទួល​រង​សកម្មភាព​ខាង​វិញ្ញាណ​ជាង​ដាក់​ការខិតខំ​ខាង​វិញ្ញាណ​ដើម្បី​ចងចាំ និង​ឱប​ក្រសោប​យក​អត្តសញ្ញាណ​ដ៏​ទេវភាព​របស់​យើង នោះ​យើង​មិន​អាច​បណ្ដោយ​ទៅ​តាម​រឿង​នោះ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​បាន​ទេ ។ សូម​ឲ្យ​យើង … « មាន​ភាព​ស្មោះត្រង់​ទៅលើ​ព្រះគ្រីស្ទ… សូម​ឲ្យ​ព្រះគ្រីស្ទ​លើក [ យើង ] ឡើង ហើយ​សូម​ឲ្យ​ការរងទុក្ខ និង​ការសុគត​… និង​ក្ដីមេត្តា​ករុណា​របស់​ទ្រង់ និង​ការអត់ធ្មត់ និង​សេចក្ដី​សង្ឃឹម​ទៅលើ​សិរីល្អ​របស់​ទ្រង់ និង​ជីវិត​អស់កល្ប​ជានិច្ច ចាំ​ដក់​ជាប់​នៅក្នុង [ គំនិត​របស់​យើង ] ជា​រៀង​រហូត » [ មរ៉ូណៃ ៩:២៥ ] ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​លើក​យើង​ឡើង​កាន់​ទីខ្ពស់ នោះ​យើង​អាច​មើល​ឃើញ​កាន់តែ​ច្បាស់​ជាង​ការគ្រាន់តែ​មើល​ឃើញ​ថា​យើង​ជា​នរណា ប៉ុន្តែ​យើង​ទៅ​កាន់​តែ​ជិត​នឹង​ទ្រង់ ជាង​យើង​អាច​នឹក​ស្រមៃ​ដល់ ។( « Value beyond Measure » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៥ )

រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​ចំណោម​មនុស្ស ដោយ យូឌីត មែរ

អែលឌើរ នែល អិល អាន់ឌើរសិន នៃ​កូរ៉ូម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​ទីបន្ទាល់​ដូច​តទៅ​នេះ​អំពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​អ្នកស្មោះត្រង់​ឲ្យ​ប្រឈម​នឹង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ៖

រូបភាព
អែលឌើរ នែល អិល អាន់ឌើរសិន

ជំនាន់​របស់​យើង​មិនមែន​ជា​ជំនាន់​ដែល​មិន​បាន​រំពឹង​ទុក​នោះ​ទេ ហើយ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វីៗ​សម្រាប់​សុវត្ថិភាព​ខាង​វិញ្ញាណ​របស់​យើង ។ … ដោយសារ​តែ​អំពើ​អាក្រក់​កើន​ឡើង​នៅ​ក្នុង​ពិភពលោក​នេះ នោះ​មាន​អំណាច​នៃ​វិវរណៈ និង​អំណោយទាន​ខាង​វិញ្ញាណ​ដែល​អាច​ប៉ះប៉ូវ​បាន​សម្រាប់​ពួកសុចរិត ។ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​នូវ​អំណាច​បន្ថែម​ទៀត នៅពេល​យើង​ស្ម័គ្រចិត្ត​បន្ដ​​ធ្វើជា​មនុស្ស​សុចរិត​នៅក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​មួយ ។( « A Classroom of Faith, Hope, and Charity » [ ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤ ] នៅលើ​គេហទំព័រ ChurchofJesusChrist.org )

រូបភាព
រូបតំណាង កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​កំណត់​បុគ្គល​ម្នាក់ ឬ​មនុស្ស​មួយ​ក្រុម​នៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បាន​ប្រឈម​នឹង​ភាពទុច្ចរិត ហើយ​​នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ ដូចជា​មរមន ឬមរ៉ូណៃដែរ ។ នៅពេល​អ្នក​គិត​អំពី​គំរូ​នេះ សូម​រកមើល​វគ្គ​បទគម្ពីរ​មួយ ដែល​អាច​ផ្ដល់​ការយល់ដឹង​បន្ថែម​ទៀត​អំពី​បុគ្គល​នេះ ( ឬ​មនុស្ស​មួយ​ក្រុម​នេះ ) ។ រួចហើយ​សូម​កត់ត្រា​គំនិត​របស់​អ្នក​អំពី​សំណួរ​ដូច​ខាងក្រោម ៖

  • តើ​អ្នក​នឹង​ពិពណ៌នា​ពី​ភាពទុច្ចរិត​ដែល​បុគ្គល​នេះ ( ឬ​មនុស្ស​មួយ​ក្រុម​នេះ ) បាន​ប្រឈម​មុខ​យ៉ាង​ដូចម្ដេច ?

  • តើ​បុគ្គល​នេះ ( ឬ​មនុស្ស​មួយ​ក្រុម​នេះ ) បាន​ធ្វើ​អ្វីខ្លះ ដែល​អ្នក​អាច​ធ្វើ​បាន​ដែរ ដើម្បី​​នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់ នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ភាពទុច្ចរិត ព្រមទាំង​ការល្បួង​នានា​នៅក្នុង​ពិភពលោក​នេះ ?

សូម​មក​ថ្នាក់​រៀន​ដោយរៀបចំ​ខ្លួនចែកចាយ​ឧទាហរណ៍​របស់​អ្នក ។ អ្នក​ក៏​អាច​រៀបចំ​ខ្លួន​ចែកចាយ​ពី​គំរូ​របស់​នរណាម្នាក់​ដែល​អ្នក​ស្គាល់​ច្បាស់ ដែល​បាន​ប្រឈម​នឹង​ភាពទុច្ចរិត ហើយ​​នៅតែ​ស្មោះត្រង់​ចំពោះ​ព្រះអម្ចាស់​​ផងដែរ ។