ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ


« មេរៀនទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការរៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៥ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការរៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​បង្រៀន​នៅ​អឌ្ឍគោល​ខាង​លិច ( ព្រះយេស៊ូវគ្រីស្ទ​យាង​មក​ទ្វីប​អាមេរិក ) ដោយ ចន ស្កុត

ជំពូក​នេះ​នឹង​ផ្ដោត​លើ​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវគ្រីស្ទ​ទៅកាន់ និង​ការងារ​បម្រើ​នៅក្នុង​ចំណោម « ប្រជាជន​នីហ្វៃ » ( នីហ្វៃ​ទី​៣ ១១:១ ) ។ ក្រុម​នេះ​មាន​ទាំង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​សុចរិត ដែល​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ ( សូមមើល នីហ្វៃ​ទី​៣ ១០:១៨–១៩ ) ។ នៅពេល​អ្នក​ពិចារណា​ពី​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​ព្រះអង្គ​សង្គ្រោះ សូម​ព្យាយាម​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់​អំពី​បុគ្គលិក​លក្ខណៈ គុណលក្ខណៈ និង​បេសសកម្ម​ដ៏​ទេវភាព​របស់​ទ្រង់ ។

ទិដ្ឋភាព​ដែល​បាន​ព្រាងទុក​ភាគច្រើន​នៃ​បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់ គឺ​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « នៅក្នុង​ព្រះគម្ពីរ​មរមន យើង​រកឃើញ​មាគ៌ា​មួយ​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ » ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៤០ ) ។ នៅក្នុង​មេរៀន​នេះ អ្នក​នឹង​មាន​ឱកាស​ពិចារណា​ពី​របៀប​ដែល​ការសិក្សា​ពី​ការព្យាករ និង​ព្រឹត្តិការណ៍​នានា​ដែល​បាន​កើត​មាន មុន​ការបង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ចំណោម​ប្រជាជន​នេះ អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់​បាន ។

ផ្នែក​ទី ១

តើ​ខ្ញុំ​បាន​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ល្អ​ប៉ុណ្ណា ?

អស់​រាប់​ជំនាន់​មក​ហើយ ពួកព្យាការី​នៅក្នុង​ព្រះគម្ពីរ​មរមន​បាន​ព្យាករ​អំពី​ការយាង​មក​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មកកាន់​ផែនដី ។ ប្រាំមួយ​ឆ្នាំ​មុន​ពេល​ព្រះគ្រីស្ទ​បាន​ប្រសូត​នៅក្បែរ​ទីក្រុង​យេរូសាឡិម សាំយូអែល​ជា​សាសន៍​លេមិន​ត្រូវបាន​បញ្ជូន​មក​ដោយ​ព្រះអម្ចាស់ ឲ្យ​ទៅ​រៀបចំ​ពួកសាសន៍​នីហ្វៃ​ទុច្ចរិត​សម្រាប់​ការយាង​មក​របស់​ព្រះគ្រីស្ទ ។ សាំយូអែល​បាន​ព្យាករ​អំពី​ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​មួយ​ចំនួន ដែល​នឹង​កើត​មាន​តំណាល​គ្នានឹង​ការប្រសូត ព្រមទាំង​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូមមើល ហេលេមិន ១៣–១៥ ) ។

រូបភាព
សាំយូអែល​ព្យាករ ដោយ វលធើរ រេន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ហេលេមិន ១៤:៦–១៣ ហើយ​ពិចារណា​ពី​របៀប​ដែល​សារលិខិត​របស់​សាំយូអែល​មាន​បំណង​ដើម្បី​រៀបចំ​ពួកសាសន៍​នីហ្វៃ​សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់ ។

អែលឌើរ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ព្យាការី​អាច​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​សម្រាប់​ការយាង​មក​របស់​ព្រះអម្ចាស់​បាន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

នៅមុន​យប់​ដ៏​ពិសិដ្ឋ​នៅ​ភូមិ​បេថ្លេហិម​នោះ ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ និង​ពាក្យ​សម្ដី​របស់​ព្យាការី​មកពី​គ្រប់​គ្រា​កាន់កាប់​ត្រួតត្រា បាន​រៀបចំ​ផ្លូវ​សម្រាប់​ការយាង​មក​លើក​ទីមួយ​របស់​ព្រះអម្ចាស់ និង​ដង្វាយធួន​របស់​ទ្រង់ ។ … តើ​យើង​មាន​ភ្នែក​ដើម្បី​មើលឃើញ​ថា ព្រឹត្តិការណ៍ និង​ការព្យាករ​ទាំងឡាយ​អំពី​ជំនាន់​របស់​យើង កំពុង​រៀបចំ​យើង​សម្រាប់​ការយាង​មក​ជា លើក​ទីពីរ របស់​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬទេ ? ( « Preparations for the Restoration and the Second Coming: ‘My Hand Shall Be over Thee’ » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៩២ )

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ចំណាយ​ពេល​ពីរបី​នាទី​ដើម្បី​សិក្សា​ប្រធានបទ « ទីសម្គាល់​អំពី​ពេលវេលា » នៅក្នុង​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ( សូមមើល​លើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ហើយ​រកមើល​អ្វី​ដែល​ពួកព្យាការី​នៅក្នុង​ព្រះគម្ពីរ​បាន​បើក​សម្ដែង​ឲ្យ​ឃើញ​ថា​ ជា​ទីសម្គាល់​នៃ​ការយាង​មក​ជាលើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ អ្នក​នឹង​កត់សម្គាល់​ឃើញ​ថា ការព្យាករ​ទាំងនេះ​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​មនុស្ស​ព្រួយបារម្ភ ឬ​ភ័យខ្លាច ។ ទោះជា​យ៉ាងណា ទីសម្គាល់​ក្នុង​ការព្យាករ​ទាំងនេះ​ក៏​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់​ផងដែរ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការបង្រៀន​របស់​ព្យាការី ឬ​ទីសម្គាល់​នៃ​ការយាង​មក​ជាលើក​ទីពីរ​អ្វីខ្លះ ដែល​បាន​បំផុស​គំនិត​អ្នក​ឲ្យ​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអម្ចាស់ ? តើ​អ្នក​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​អ្វីខ្លះ ដើម្បី​មាន​អារម្មណ៍​ថា​បាន​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ព្រះអង្គ​សង្គ្រោះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​នៅ​បន្ដ​ស្មោះត្រង់ នៅពេល​ខ្ញុំ​បាន​ឮ​សារ​ដែល​បណ្ដាល​ឲ្យ​មាន​មន្ទិល​សង្ស័យ​អំពី​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ភាពពិត​នៃ​ការយាង​មក​ជាលើក​ទីពីរ​របស់​ទ្រង់ ?

ពួកសាសន៍​នីហ្វៃ​មួយ​ចំនួន​បាន​ជឿ​លើ​ពាក្យសម្ដី​របស់​សាំយូអែល ។ អ្នកដទៃ​ទៀត​បាន​បដិសេធ​សារលិខិត​របស់​សាំយូអែល ហើយ​បាន​ព្យាយាម​សម្លាប់​លោក​ដោយ​ថ្ម និង​ព្រួញ ។ ដោយសារ​ពួកគេ​មិន​អាច​បាញ់​ត្រូវ​លោក នោះ​មាន​មនុស្ស​ជាច្រើន​ថែម​ទៀត​បាន​ជឿ​លើ​សារលិខិត​របស់​លោក ហើយ​បាន​ទៅរក​នីហ្វៃ​ឲ្យ​ជ្រមុជទឹក​ឲ្យ ។ ក្រោយមក នៅពេល​ទីសម្គាល់ និង​ការណ៍​អស្ចារ្យ​ទាំងឡាយ​ដែល​ទាក់ទង​ទៅនឹង​ការប្រសូត​របស់​ព្រះគ្រីស្ទ​បាន​ចាប់ផ្ដើម​បំពេញ នោះ​អ្នកជឿ​បាន​ទទួល​អំណរ ហើយ​អ្នក​ដែល​គ្មាន​ជំនឿ​បាន​ធ្វើ​ចិត្ត​រឹងរូស ។ ( សូមមើល ហេលេមិន ១៦:១–១៥ ) ។

រូបភាព
សាំយូអែល​ជា​សាសន៍​លេមិន​នៅលើ​កំផែង ( សាំយូអែល​ជា​សាសន៍​លេមិន​ធ្វើការ​ព្យាករ ) ដោយ អាណុល ហ្វ្រីប៊ើក
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ហេលេមិន ១៦:១៣–២៣ ហើយ​ពិចារណា​ធ្វើការ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​នានា​ដែល​រៀបរាប់​ពី​របៀប​ដែល​អ្នកគ្មាន​ជំនឿ​បាន​បំផុស​បំផុល​ឲ្យ​មាន​មន្ទិល​សង្ស័យ​លើ​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះគ្រីស្ទ ។

ដោយ​ថ្លែង​ពី​សំឡេង​នៃ​ការសង្ស័យ នោះ​ប្រធាន បូនី អិល អូស្ការសុន អតីត​ប្រធាន​យុវនារី​ទូទៅ​បាន​ថ្លែង ៖

រូបភាព
ប្រធាន បូនី អិល អូស្ការសុន

យើង​គ្រាន់តែ​ត្រូវ​បន្ដ​ទទួលទាន [ ផ្លែឈើ​នៃ​ដើម​ជីវិត ] ហើយ​កុំ​ស្ដាប់​តាម​អ្នក​ទាំងឡាយ​ដែល​ចំអក​ដល់​ជំនឿ​របស់​យើង ឬ​អ្នក​ទាំងឡាយ​ដែល​ចូលចិត្ត​បង្កើត​ការសង្ស័យ ឬ​អ្នក​ទាំងឡាយ​ដែល​ស្វែងរក​កំហុស​ពី​អ្នកដឹកនាំ និង​គោលលទ្ធិ​របស់​សាសនាចក្រ ។ វា​គឺជា​ជម្រើស​មួយ​ដែល​យើង​ធ្វើ​ប្រចាំ​ថ្ងៃ—ដើម្បី​ជ្រើសរើស​យក​សេចក្ដី​ជំនឿ ជាជាង​ភាព​សង្ស័យ ។( « Do I Believe? » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៨៩ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​បាន​ស្ដាប់​ឮ​សារលិខិត​អ្វីខ្លះ ដែល​មាន​បំណង​ចង់​បង្កើត​ការសង្ស័យ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថ្នាក់ដឹកនាំ​ដ៏​ជម្រើស​របស់​ទ្រង់ ឬ​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ទ្រង់ ?

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

នៅពេល​អ្នក​គិត​អំពី​សារ​នៃ​ការសង្ស័យ​ដែល​អ្នក​បាន​ទទួល​នោះ សូម​អាន នីហ្វៃ​ទី​៣ ១:៤–១៥, ២២ ហើយ​រកមើល​របៀប​ដែល​អ្នកជឿ​មួយ​ចំនួន​នៅ​បន្ដ​ខ្ជាប់ខ្ជួន ទោះបីជា​អ្នកដែល​គ្មាន​ជំនឿ​បាន​សើច​ចំអក​ដល់​សេចក្ដី​ជំនឿ​របស់​ពួកគេ​ក្ដី ។

អែលឌើ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ដូច​ខាងក្រោម អំពី​ការបន្ដ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ដើម្បី​បន្ត​រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ វា​តម្រូវ​ឲ្យ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប​ចូល​ទៅ​ក្នុង​ដួងចិត្ត និង​ព្រលឹង​របស់​មនុស្ស​ម្នាក់ វា​មាន​ន័យ​ថា ដំណឹងល្អ​ពុំមែន​គ្រាន់​តែ​ក្លាយ​ជា​ឥទ្ធិពល​មួយ​នៅ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​នោះ​ទេ ប៉ុន្តែ​វា​ក្លាយ​ជា​អាទិភាព​ដ៏​សំខាន់​បំផុត​ក្នុង​ជីវិត និង​បុគ្គលិក​លក្ខណៈ​របស់​គាត់ ។ …

សូម​ចងចាំ​ការសន្យា​នេះ​ជានិច្ច​ថា រឿង​ល្អៗ​នឹង​កើត​មាន​ឡើង ទាំង​នៅពេល​នេះ និង​បន្ទាប់​ពី​ជីវិត​នេះ ចំពោះ​អស់​អ្នក​ដែល​រឹងប៉ឹង ហើយ​ខ្ជាប់ខ្ជួន​នៅក្នុង​សេចក្ដី​ជំនឿ​លើ​ព្រះគ្រីស្ទ ។ ( « Firm and Steadfast in the Faith of Christ » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៣១, ៣៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​បន្ដ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះគ្រីស្ទ នៅពេល​អ្នក​រៀបចំ​ខ្លួន​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់ ?