ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ


« មេរៀនទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀនទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ១៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ការងារ​បម្រើ​ម្ដង​ម្នាក់ៗ

រូបភាព
ម្ដង​ម្នាក់ៗ ដោយ វ៉លធើរ រ៉េន

ការងារ​បម្រើ​របស់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ នៅក្នុង​ចំណោម​ប្រជាជន​នៅ​ដែនដី​បរិបូរណ៍ ផ្ដល់​ដល់​យើង​នូវ​សាក្សី​ដ៏​មាន​អានុភាព​អំពី​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​គំរូ​ដ៏​ជ្រាលជ្រៅ​មួយ​ស្ដីពី​របៀប​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​មនុស្ស​ដទៃ ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មេរៀន​នេះ សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា ព្រះគ្រីស្ទ​គឺជា​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក ។ នៅពេល​អ្នក​គិត​ពី​របៀប​ដែល​ទ្រង់​បាន​ផ្ដល់​ការងារ​បម្រើ សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន អំពី​អ្នក​ដែល​អាច​ត្រូវការ​មាន​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​អ្នក ។

ផ្នែក​ទី ១

តើ​ខ្ញុំ​អាច​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ​ដោយ​របៀប​ណា ?

បន្ទាប់ពី​ការបំផ្លិច​បំផ្លាញ​ដ៏​ធំ និង​ភាពងងឹត​ចំនួន​បី​ថ្ងៃ ដែល​ជា​ទីសម្គាល់​ដល់​ប្រជាជន​ថា ព្រះអង្គ​សង្គ្រោះ​បាន​សុគត នោះ​ប្រហែល​ជា​បុរស ស្ដ្រី និង​កុមារ​ចំនួន ២៥០០ នាក់​បាន​ជួបជុំគ្នា​នៅ​ជុំវិញ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​ដែនដី​បរិបូរណ៍ ។ ពួកគេ​បាន​ស្ដាប់ឮ​សំឡេង​មួយ ដែល​ពីដំបូង​ពួកគេ​ស្ដាប់​មិន​យល់​ទេ ។ នៅពេល​ពួកគេ​បាន​បន្ដ​ស្ដាប់​តទៅ​ទៀត នោះ​ពួកគេ​បាន​ដឹង​ថា វា​គឺជា​ព្រះសូរសៀង​របស់​ព្រះវរបិតាសួគ៌ ដែល​ណែនាំ​ឲ្យ​ស្គាល់​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ( សូម​មើល នីហ្វៃ​ទី​៣ ១១:១–១០ ) ។ បន្ទាប់មក ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចុះ​ពី​ស្ថានសួគ៌ ហើយ​បាន​ប្រកាស​ថា « មើល​ចុះ យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ពួកព្យាការី​បាន​ធ្វើ​បន្ទាល់​ថា​នឹង​យាង​មក​ឯ​លោកិយ » ( នីហ្វៃ​ទី​៣ ១១:១០ ) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​បង្ហាញ​ព្រះកាយ​ដល់​ពួក​សាសន៍​នីហ្វៃ ដោយ អាណុល ហ្វ្រីប៊ើក

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ថ្លែង​អំពី​គ្រា​នេះ​ដូច្នេះ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

ការបង្ហាញ​ព្រះកាយ​នោះ និង​ការប្រកាស​នោះ​បាន​បង្កើត​ជា​ចំណុច​ប្រសព្វ​ដ៏សំខាន់ ជា​គ្រា​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ​ទាំងមូល​នៃ​ព្រះគម្ពីរ​មរមន ។ វា​គឺជា​ការបើក​សម្ដែង និង​ការត្រាស់​បង្គាប់​ដែល​បាន​ប្រាប់ និង​បំផុស​គំនិត​ដល់​ព្យាការី​សាសន៍​នីហ្វៃ​គ្រប់រូប អស់​រយៈពេល​ប្រាំមួយ​រយ​ឆ្នាំ​មក​ហើយ ។…

គ្រប់គ្នា​បាន​និយាយ​ពី​ទ្រង់ ច្រៀង​ពី​ទ្រង់ សុបិន្ត​ពី​ទ្រង់ និង​អធិស្ឋាន​សម្រាប់​ការបង្ហាញ​ព្រះកាយ​របស់​ទ្រង់—ប៉ុន្តែ​ពេលនេះ ទ្រង់​ពិត​ជា​នៅ​ទីនេះ​ពិតមែន ។ ជា​ថ្ងៃ​មួយ​អស្ចារ្យ​បំផុត​ជាង​ថ្ងៃ​នានា​ទាំងអស់ ! ព្រះ​ដែល​ត្រឡប់​យប់​ដ៏​ងងឹត​រាល់យប់​ឲ្យ​ទៅជា​ពន្លឺ​នាពេល​ព្រឹក បាន​យាង​មក​ដល់​ហើយ ។( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ ១៩៩៧ ] ទំព័រ ២៥០–៥១ )

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១១:១៣–១៧ ហើយ​រកមើល​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ​ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ។

រូបភាព
ព្រះគ្រីស្ទ​នៅ​ដែនដី​បរិបូរណ៍ ដោយ ស៊ីម៉ូន ឌូវី
រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​រៀន​អ្វីខ្លះ​អំពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវ​គ្រីស្ទ តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​របស់​ទ្រង់​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន ?

អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស នៃ​ពួកចិត​សិប​នាក់​បាន​បង្រៀន​ដូច​តទៅ​នេះ អំពី​បទពិសោធន៍​របស់​ប្រជាជន​នេះ​ក្នុង​ការធ្វើ​ជា​សាក្សី​ដល់​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្ម​រស់​ឡើងវិញ ៖

រូបភាព
អែលឌើរ វ៉លធើរ អែហ្វ ហ្គុងស្សាឡែស្ស

« មក​រក​យើង​វិញ ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​ស្ទាប ហើយ​ឃើញ​យើង » [ នីហ្វៃ​ទី​៣ ១៨:២៥ ] ។ នេះ​គឺជា​បទបញ្ញត្តិ​មួយ ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ដល់​ប្រជាជន ដែល​រស់នៅ​អាមេរិក​ពីបុរាណ ។ ពួកគេ​បាន​ស្ទាប​ដោយ​ផ្ទាល់​ដៃ​របស់​ពួកគេ ហើយ​បាន​ឃើញ​ដោយ​ភ្នែក​របស់​ពួកគេ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ បទបញ្ញត្តិ​នេះ​មាន​សារៈសំខាន់​សម្រាប់​ពួកយើង​នា​សព្វថ្ងៃ​នេះ ដូច​ដែល​វា​សំខាន់​ចំពោះ​ពួកគេ​នៅ​ជំនាន់​របស់​ពួកគេ​ដែរ ។ នៅពេល​យើង​មករក​ព្រះគ្រីស្ទ នោះ​យើង​អាច​មាន​អារម្មណ៍ និង « ដឹង​យ៉ាង​ជាក់ច្បាស់ » [ នីហ្វៃ​ទី​៣ ១១:១៥ ]—​មិនមែន​ដោយ​ដៃ និង​ភ្នែក​របស់​យើង​នោះ​ទេ ប៉ុន្ដែ​ដោយ​ដួងចិត្ត និង​គំនិត​របស់​យើង​ទាំងស្រុង​វិញ—​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

របៀប​មួយ​ដើម្បី​មករក​ព្រះគ្រីស្ទ គឺ​តាមរយៈ​ការព្យាយាម​រៀនពី​សេចក្ដីពិត​ដ៏​សំខាន់ៗ​ដោយ​ដួងចិត្ត​របស់​យើង ។ នៅពេល​យើង​ធ្វើ​ដូច្នោះ នោះ​ចំណាប់​អារម្មណ៍​ដែល​កើត​មកពី​ព្រះ នឹង​ផ្ដល់​ចំណេះដឹង​ដល់​យើង ដែល​យើង​មិន​អាច​ទទួល​បាន​តាមរយៈ​មធ្យោបាយ​ផ្សេងទៀត​ឡើយ ។( « Learning with Our Hearts » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៨១ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

នៅពេល​អ្នក​ពិចារណា​ពី​ទីបន្ទាល់​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ សូម​កត់ត្រា​ក្នុង​សៀវភៅ​កំណត់ហេតុ​ផ្ទាល់ខ្លួន​របស់​អ្នក​ពី​បទពិសោធន៍​មួយ ដែល​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​ទ្រង់ ។ ឬ បើ​មិន​ដូច្នេះ​ទេ អ្នក​អាច​ស្វែងរក​ទំនុក​តម្កើង​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​អារម្មណ៍​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​កត់ត្រា​អារម្មណ៍​ដែល​អ្នក​មាន​នោះ​ទុក នៅពេល​អ្នក​ស្ដាប់ ឬ​ច្រៀង​ទំនុក​តម្កើង​នេះ ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​រៀន​អ្វីខ្លះ​អំពី​ការងារ​បម្រើ​ចេញពី​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ?

ក្រោយពី​ព្រះអង្គ​សង្គ្រោះ​បាន​ផ្ដល់​ឱកាស​ដល់​មនុស្ស​ម្នាក់ៗ ឲ្យ​ស្ទាប​ស្នាម​របួស​នៅលើ​ព្រះហស្ដ និង​ព្រះបាទា​របស់​ទ្រង់​ហើយ ទ្រង់​បាន​ហៅ​ពួកសិស្ស​ទាំង​ដប់ពីរ​នាក់ ហើយ​បាន​បង្រៀន​ដល់​ហ្វូង​មនុស្ស​អំពី​សេចក្ដីពិត​ដ៏​សំខាន់ៗ​ជាច្រើន ( សូមមើល នីហ្វៃ​ទី​៣ ១១–១៦ ) ។ នៅពេល​ព្រះយេស៊ូវ​បាន​រៀបចំ​ចាកចេញ នោះ​ទ្រង់​បាន​មាន​បន្ទូល​ថា « យើង​ឃើញ​ថា … អ្នករាល់គ្នា​ពុំ​យល់​ពាក្យ​ទាំងអស់​របស់​យើង​ទេ » ហើយ​ទ្រង់​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ សញ្ជឹង​គិត​ពី​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​ពួកគេ ហើយ​រៀបចំ​ខ្លួន​គេ​សម្រាប់​ការយាង​ត្រឡប់​មកវិញ​របស់​ទ្រង់​នៅ​ថ្ងៃ​ស្អែក ( នីហ្វៃ​ទី​៣ ១៧:១–៣ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១៧:៥–១០ ហើយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជា​គំរូ​ដល់​ការមាន​សន្ដាន​ចិត្ត​ល្អ និង​សេចក្ដី​មេត្តា​ករុណា កាល​ទ្រង់​បាន​ធ្វើ​ការងារ​បម្រើ​នៅក្នុង​ចំណោម​ប្រជាជន ។

បន្ទាប់ពី​ព្រះអង្គ​សង្គ្រោះ​បាន​ព្យាបាល​ហ្វូង​មនុស្ស​ហើយ នោះ​ទ្រង់​បាន​បង្គាប់ « ឲ្យ​គេ​នាំ​កូនក្មេង​តូចៗ​មក​រក » ទ្រង់​ទាំងអស់ ( នីហ្វៃ​ទី​៣ ១៧:១១ ) ហើយ​ថា មនុស្ស​ទាំងអស់​គ្នា​ផ្សេងទៀត​គួរតែ​លុត​ជង្គង់​ចុះ ។ រួចហើយ​ទ្រង់​បាន​ធ្វើ​ការអធិស្ឋាន​ជំនួស​ឲ្យ​ពួកគេ​ដែល​ជា​ការអធិស្ឋាន « ដ៏​អស្ចារ្យ និង​មហិមា » ( ខទី ១៦–១៧ ) រហូតដល់​ប្រជុំជន​បាន​ពោរពេញ​ដោយ​អំណរ ។ ( សូមមើល នីហ្វៃ​ទី​៣ ១៧:១០–១៩ ) ។

រូបភាព
ព្រះគ្រីស្ទ និង​កុមារ​ក្នុង​ព្រះគម្ពីរ​មរមន ដោយ ឌេល ផាសិន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​៣ ១៧:១៩–២៤ ឬ មើល​វីដេអូ « My Joy Is Full » ( ៤:០៤ ) ហើយ​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​ការងារ​បម្រើ​បាន​នាំ​អំណរ​ដល់​ព្រះអង្គ​សង្គ្រោះ ។

ប្រធាន ជេន ប៊ី ប៊ីងហាំ ដែល​ជា​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​អំពី​សារៈសំខាន់នៃ​ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​យើង​ផ្ដល់​ការងារ​បម្រើ ៖

រូបភាព
ប្រធាន ជីន ប៊ី ប៊ីងហាំ

នៅទីបំផុត ការបម្រើ​ពិត​គឺ​សម្រេច​បាន​ម្ដង​មួយៗ​ដោយ​សេចក្ដី​ស្រឡាញ់​ជា​ការលើក​ទឹកចិត្ត ។ គុណតម្លៃ និង​គុណសម្បត្តិ និង​ភាពអស្ចារ្យ​នៃ​ការងារបម្រើ​ដោយ​ស្មោះ គឺថា​វា​ពិតជា​បាន​ផ្លាស់ប្ដូរ​ជីវិត ! នៅពេល​ដួងចិត្ត​របស់​យើង​បើក ហើយ​មាន​ឆន្ទៈ​ស្រឡាញ់ និង​រាប់​អាន លើក​ទឹកចិត្ត និង​លួងលោម​ចិត្ត នោះ​អំណាច​នៃ​ការងារបម្រើ​របស់​យើង​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ពុំ​អាច​ទប់​បានឡើយ ។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ជា​ការលើក​ទឹកចិត្ត នោះ​អព្ភូតហេតុ​ជាច្រើន​នឹង​កើត​មាន​ឡើង ។ …

ព្រះអង្គ​សង្គ្រោះ​ជា​គំរូ​របស់​យើង​នៅ​គ្រប់​រឿង—ពុំ​គ្រាន់តែ​នៅក្នុង​អ្វី​ដែល​យើង​គួរ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​មូលហេតុ​យើង​គួរ​ធ្វើ​វា​ផងដែរ [ សូមមើល អេភេសូរ ៥:២ ] ។( « Ministering as the Savior Does » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៦ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​គិត​អំពី​នរណា​ម្នាក់​ដែល​អាច​ត្រូវការ​ជំនួយ​របស់​អ្នក ។ តើ​អ្នក​អាច​ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​បង្ហាញ​ការមាន​សន្ដាន​ចិត្ត​ល្អ និង​សេចក្ដី​មេត្តា​ករុណា​ដល់​បុគ្គល​រូប​នេះ​ដោយ​របៀប​ណា ?