ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការការពារ​ខ្លួន​យើង​ពី​គោលលទ្ធិ​ក្លែងក្លាយ​នៃ​ថ្ងៃ​ចុងក្រោយ​នេះ


« មេរៀនទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការការពារ​ខ្លួន​យើង​ពី​គោលលទ្ធិ​ក្លែងក្លាយ​នៃ​ថ្ងៃ​ចុងក្រោយ​នេះ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២២ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការការពារ​ខ្លួន​យើង​ពី​គោលលទ្ធិ​ក្លែងក្លាយ​នៃ​ថ្ងៃ​ចុងក្រោយ​នេះ

រូបភាព
យុវជន​កាន់​ព្រះគម្ពីរ

អែលឌើរ ឃ្វីនថិន អិល ឃុក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​សង្កេត​ឃើញ​ថា « យើង​រស់នៅ​ក្នុង​ជំនាន់​ដ៏​លំបាក ។ មាន​ទំនោរ​ដែល​កើនឡើង​មួយ ក្នុង​ការ ‹ រាប់​សេចក្ដី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្ដី​ល្អ​ថា​ជា​អាក្រក់​វិញ › [ នីហ្វៃ​ទី​២ ១៥:២០; សូមមើល​ផងដែរ អេសាយ ៥:២០ ] » ( « Shipshape and Bristol Fashion: Be Temple Worthy—in Good Times and Bad Times » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៤០ ) ។ ដោយ​មាន​ព្រះតំរិះ និង​សេចក្ដី​ស្រឡាញ់​ដ៏​មហិមា នោះ​ព្រះអម្ចាស់​បាន​ប្រទាន​ព្រះគម្ពីរ​មរមន ដែល​នឹង​ជួយ​បង្ហាញ​ពី​ការបង្រៀន និង​គំនិត​ដែល​ខុសឆ្គង ដែល​មាន​ច្រើនអនេក​​នៅ​ជំនាន់​របស់​យើង ។ នៅពេល​អ្នក​សិក្សា​ឯកសារ​មេរៀន​នេះ សូម​ពិចារណា​ថា ​តើ​មាន​គោលការណ៍​អ្វីខ្លះ​មកពី​ព្រះគម្ពីរ​មរមន ដែល​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ការបោក​បញ្ឆោត ហើយ​ការពារ​ចំពោះអ្វី​ដែល​អ្នក​ដឹង​ថា​ជា​សេចក្ដីពិត ។

ផ្នែក​ទី ១

តើ​ព្រះគម្ពីរ​មរមន​អាច​ការពារ​ខ្ញុំ​ពី​ការបង្រៀន​ក្លែងក្លាយ​នៅក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ​ដោយ​របៀប​ណា ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន និង​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ដូច​ខាងក្រោម​នេះ អំពី​អំណាច​របស់​ព្រះគម្ពីរ​មរមន​ក្នុង​ការការពារ​យើង​ពី​ការបង្រៀន​ក្លែងក្លាយ ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ព្រះ​គម្ពីរ​មរមន​បង្ហាញ​ពី​សត្រូវ​របស់​ព្រះគ្រីស្ទ ។ វា​ផ្ចាញ់ផ្ចាល​គោលលទ្ធិ​ក្លែងក្លាយ ។ … វា​ពង្រឹង​ដល់​អ្នកដើរ​តាម​ដ៏​រាបសា​របស់​ព្រះគ្រីស្ទ​ឲ្យ​ប្រឆាំង​នឹង​ការរៀបចំ​ដ៏​អាក្រក់ យុទ្ធសាស្ដ្រ និង​គោលលទ្ធិ​របស់​អារក្ស​នៅ​ជំនាន់​របស់​យើង ។( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ១៣២ )

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

ព្រះគម្ពីរ​មរមន​ទាំង​បំភ្លឺ​ពី​ការបង្រៀន​របស់​លោក​ចៅ​ហ្វាយ និង​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​មារសត្រូវ [ សូមមើល នីហ្វៃ​ទី​២ ២៦–៣៣ ] ។ ព្រះគម្ពីរ​មរមន​បង្រៀន​គោលលទ្ធិ​ពិត ដើម្បី​បំបាត់​ទំនៀម​ទម្លាប់​ខុស​ឆ្គង​ខាង​សាសនា ។( « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២ )

នីហ្វៃ​បាន​កត់ត្រា​ពី​ការព្យាករ​ដ៏​អស្ចារ្យ​មួយ​ទាក់ទង​ទៅនឹង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល នីហ្វៃ​ទី​២ ២៧:៦–២៣ ) ។ រួចហើយ​នីហ្វៃ​បាន​ព្យាករ​អំពី​គ្រូបង្រៀន​ក្លែងក្លាយ គោលលទ្ធិ​ខុសឆ្គង និង​យុទ្ធសាស្ដ្រ​ទាំងឡាយ​របស់​អារក្ស​ដែល​ចង់​ដឹកនាំ​ប្រជាជន​ឲ្យ​វង្វេង ( សូមមើល នីហ្វៃ​ទី​២ ២៨ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន នីហ្វៃ​ទី​២ ២៨:៧–៩, ២០–២២, ២៩–៣០ រួច​ពិចារណា​គូស​ចំណាំ​ការបង្រៀន​ក្លែងក្លាយ​ទាំងឡាយ ដែល​នីហ្វៃ​បាន​និយាយ​ថា យើង​នឹង​ជួប​នៅ​ថ្ងៃ​ចុងក្រោយ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

ការសិក្សា​ព្រះគម្ពីរ​មរមន​ប្រចាំថ្ងៃ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​គង់​នៅ​ក្នុង​ជីវិត​របស់​យើង ។ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ជំនួយ​ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ការបែងចែក​សេចក្ដីពិត​ចេញពី​រឿង​ក្លែងក្លាយ ។ តើ​នៅពេលណា​ដែល​អ្នក​បាន​ឃើញ​គំរូ​នៃ​ការបង្រៀន​ក្លែងក្លាយ ដែល​នីហ្វៃ​បាន​ព្រមាន​ថា យើង​នឹង​ជួប​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ? តើ​អ្នក​ស្គាល់​ការបង្រៀន​ទាំងនេះ​ដោយ​របៀប​ណា ? តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការបង្រៀន​ក្លែងក្លាយ​ទាំងនេះ ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​រៀបចំ​ខ្លួន​ខ្ញុំ​យ៉ាង​ដូចម្ដេច ដើម្បី​ប្រឆាំង​នឹង​អ្នក​ដែល​ព្យាយាម​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ព្រះគម្ពីរ​មរមន​ព្រមាន​អំពី​អ្នកទទឹង​នឹង​ព្រះគ្រីស្ទ ។ អ្នកទទឹង​នឹង​ព្រះគ្រីស្ទ​គឺជា « អ្នកណា ឬក៏​អ្វីមួយ​ដែល​ក្លែងបន្លំ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​នៃ​ដំណឹងល្អ​ដ៏​ពិត ហើយ​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ​ដោយ​បើក​មុខ ឬ​ដោយ​សម្ងាត់ » ( សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ្នកទទឹង​នឹង​ព្រះគ្រីស្ទ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។ ប្រធាន ណិលសុន បាន​ថ្លែង​អំពី​អ្នក​ទទឹង​នឹង​ព្រះគ្រីស្ទ​ថា

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

តើ​នៅ​ចាំ​ពី​កូរីហូរ ជា​អ្នក​រឹង​ទទឹង​នឹង​ព្រះគ្រីស្ទ​ដែរ​ឬ​ទេ ? កូរីហូរ​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដោយ​និយាយ​មិន​ពិត​ជាច្រើន​អំពី​ព្រះអង្គ​សង្គ្រោះ រហូត​ដល់​គាត់​ត្រូវបាន​នាំ​ទៅមុខ​សង្ឃ​ជាន់ខ្ពស់​ដែល​បាន​សួរ​គាត់ ៖ « ហេតុអ្វី​បានជា​អ្នក​ដើរ​បង្ខូច​ផ្លូវ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​យ៉ាង​នេះ? ហេតុអ្វី​បានជា​អ្នក​បង្រៀន​ប្រជាជន​នេះ​ថា ពុំ​មាន​ព្រះគ្រីស្ទ​ទេ ធ្វើ​នេះ​ដើម្បី​បង្អាក់​ការអរ​រីករាយ​របស់​គេ​ឬ​អី ? » [ អាលម៉ា ៣០:២២ ] ។

អ្វី​ដែល​ប្រឆាំង​នឹង​ព្រះគ្រីស្ទ ឬ​គោលលទ្ធិ​ទ្រង់​នឹង​បង្អាក់​អំណរ​របស់​យើង ។ ការណ៍​នេះ​រួម​មាន​ទស្សនវិជ្ជា​របស់​មនុស្ស ដែល​មាន​ច្រើន​នៅតាម​អ៊ីនធឺណិត និង​នៅក្នុង​កំណត់ហេតុ​បណ្តាញ​ជាច្រើន ដែល​បាន​ធ្វើ​ដូច​អ្វី​ដែល​កូរីហូរ​បាន​ធ្វើ​បេះបិទ ។( « Joy and Spiritual Survival » EnsignLiahona ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ទំព័រ ៨៣–៨៤ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​ថ្នាក់ សូម​សិក្សា​ដំណើររឿង​មួយ​ក្នុង​ចំណោម​ដំណើររឿង​ដូច​តទៅ​នេះ ៖ ( ១ ) សេរេម និង យ៉ាកុប ( ២ ) នីហូរ និង គេឌាន ឬ ( ៣ ) កូរីហូរ និង អាលម៉ា ។ ( កំណត់​ចំណាំ ៖ សេចក្ដី​យោង​បទគម្ពីរ​ដែល​ត្រូវគ្នា​សម្រាប់​វគ្គ​បទគម្ពីរ​ទាំងនេះ​មាន​នៅក្នុង​ផ្នែក​ខាងក្រោម​នេះ ) ។ ដំណើរ​រឿង​នីមួយៗ​មាន​តំណាល​អំពី​អ្នករឹង​ទទឹង​នឹង​ព្រះគ្រីស្ទ ដែល​បាន​ប្រឆាំង​នឹង​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ ក៏​ដូចជា​អំពី​មនុស្ស​មួយ​ចំនួន​ដែល​បាន​ឆ្លើយតប​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ នៅពេល​អ្នក​សិក្សា សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក ។ សូម​មកកាន់​ថ្នាក់រៀន​ដោយ​បាន​រៀបចំ​ខ្លួន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន ។

សំណួរ​សិក្សា

  1. តើ​អ្នករឹង​ទទឹង​នឹង​ព្រះគ្រីស្ទ​រូប​នេះ​បាន​ប្រើ​យុទ្ធសាស្ដ្រ​អ្វីខ្លះ ដើម្បី​បំផ្លាញ​សេចក្ដី​ជំនឿ​របស់​ប្រជាជន​ដែល​ជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ?

  2. តើ​មាន​ឧទាហរណ៍​ណាខ្លះ​នៅ​សម័យ​ទំនើប​នេះ ដែល​បង្ហាញ​ពី​ការបង្រៀន​គំនិត​ក្លែងក្លាយ ឬ​ការប្រើប្រាស់​វិធីសាស្ដ្រ​របស់​អ្នករឹងទទឹង​នឹង​ព្រះគ្រីស្ទ​នៅក្នុង​ដំណើររឿង​នេះ ? តើ​សាតាំង​បាន​ធ្វើឲ្យ​គំនិត​ទាំងនេះ​រាលដាល​នៅ​ជំនាន់​របស់​យើង​តាម​របៀប​ណា ?

  3. តើ​អ្នក​បាន​រៀន​គោលការណ៍ ឬ​ការអនុវត្ត​អ្វីខ្លះ មកពី​គំរូ​ដ៏​ស្មោះត្រង់​របស់​បុគ្គល​ដែល​បាន​ប្រឈម​នឹង​សារលិខិត​ក្លែងក្លាយ​ទាំងនេះ ? ( សូម​ធ្វើ​បញ្ជី​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​បី​ចំណុច ) ។ តើ​នរណាម្នាក់​នាពេល​បច្ចុប្បន្ន​អាច​ប្រើប្រាស់​គោលការណ៍ និង​ការអនុវត្ត​ទាំងនេះ ដើម្បី​ឆ្លើយតប​នឹង​គោលលទ្ធិ​ក្លែងក្លាយ និង​ការចោទ​ប្រកាន់​ដោយ​របៀប​ណា ?

សូម​ប្រើ​ធនធាន​ទាំងឡាយ​ខាងក្រោម​នេះ ពេល​អ្នក​សិក្សា​ពី​ដំណើររឿង​ដែល​អ្នក​បាន​ជ្រើសរើស ។

សេរេម និង យ៉ាកុប

រូបភាព
សេរេម​ឈ្លោះ​ប្រកែក​ជាមួយ​យ៉ាកុប

សូម​អាន យ៉ាកុប ៧:១–១៤ ឬ មើល​វីដេអូ​ព្រះគម្ពីរ​មរមន « Sherem Denies Christ (Jacob 7) » រហូត​ដល់​កូដ​ពេលវេលា ៤:២០ រួចហើយ​ឆ្លើយ​នឹង​សំណួរ​សិក្សា​ខាងលើ ។

មូលដ្ឋាន​គ្រឹះ​ខាង​វិញ្ញាណ​របស់​យ៉ាកុប​គឺជា​ប្រភព​កម្លាំង​ដើម្បី​យកឈ្នះ​លើ​ការអះអាង​របស់​សេរេម ( សូមមើល យ៉ាកុប ៧:៥ ) ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូណល អេ រ៉ាសបាន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ធ្វើតាម​គំរូ​របស់​យ៉ាកុប​បាន ។

រូបភាព
អែលឌើរ រ៉ូណល អេ រ៉ាសបាន

ពេល​ខ្ញុំ​ទូន្មាន​ដល់​បុគ្គល [ ដែល​កំពុង​ពុះពារ​នឹង​សេចក្ដី​ជំនឿ ] ខ្ញុំ​បាន​ស្គាល់​ពី​ការសម្រេច​ចិត្ត​ដែល​ពួកគេ​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ ដែល​ញ៉ាំង​ពួកគេ​ឲ្យ​ភ្លេច​បទពិសោធន៍​ដ៏​ពិសិដ្ឋៗ ហើយ​ធ្វើ​ឲ្យ​ពួកគេ​ចុះខ្សោយ ព្រមទាំង​បាន​សង្ស័យ​ផងដែរ ។ ខ្ញុំ​បាន​លើក​ទឹកចិត្ត​ពួកគេ ដូចជា​ខ្ញុំ​លើក​ទឹកចិត្ត​បងប្អូន​ក្នុង​ពេល​នេះ​ដែរ ឲ្យ​នឹក​ឃើញ ជាពិសេស​ក្នុង​គ្រា​មាន​វិបត្តិ នៅពេល​បងប្អូន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ និង​ទីបន្ទាល់​ដ៏​រឹងមាំ​របស់​បងប្អូន​ នោះ​ចូរ​ចាំ​ពី​គ្រឹះ​ខាង​វិញ្ញាណ​ដែល​បងប្អូន​បាន​ស្ថាបនា ។ ខ្ញុំ​សូម​សន្យា​ថា បើ​បងប្អូន​ធ្វើ​ដូចនេះ ដោយ​ចៀសវាង​ពី​អ្វី​ដែល​ពុំ​ស្ថាបនា ហើយ​ពុំ​ពង្រឹង​ទីបន្ទាល់ ឬ​ប្រមាថ​ជំនឿ​របស់​បងប្អូន នៅពេល​ទីបន្ទាល់​បងប្អូន​រីក​ចម្រើន នោះ​បងប្អូន​នឹង​នឹក​ឃើញ​គ្រា​ដ៏​មាន​តម្លៃ​ទាំងនោះ​ឡើង​វិញ តាមរយៈ​ការអធិស្ឋាន និង​ការតមអាហារ​ដ៏​រាបសា ។ ខ្ញុំ​អះអាង​ដល់​បងប្អូន​ម្ដង​ទៀត​ថា បងប្អូន​នឹង​មាន​អារម្មណ៍​សុវត្ថិភាព និង​ភាពកក់ក្ដៅ​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។( « Lest Thou Forget » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១១៤ )

សូម​កត់ត្រា​ទុក​ក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​យ៉ាង​ហោច​ណាស់​មួយ ដែល​អ្នក​អាច​នឹក​ចាំ​ដល់​គ្រា​មួយ ពេល​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ ឬ​លើ​ដំណឹងល្អ​របស់​ទ្រង់​ត្រូវបាន​សាកល្បង ។

នីហូរ និង គេឌាន

រូបភាព
នីហូរ ដោយ ជេម អេច ហ្វូលមើរ

សូម​សិក្សា អាលម៉ា ១:២–១៦ ហើយ​ឆ្លើយនឹង​សំណួរ​សិក្សា​ខាងលើ​នេះ ។ វា​អាច​ជួយ​បាន​ដើម្បី​កត់សម្គាល់​ថា នីហ្វៃ​បាន​បង្រៀន​ថា « ឧបាយកល​ផ្នែក​សង្ឃ [ គ្រូគង្វាល​ប្រុស ឬ​ស្រី ] គឺជា​ការណ៍​ដែល​មនុស្ស​បង្រៀន ហើយ​តាំង​ខ្លួន​ឡើង​ជា​ពន្លឺ​ដល់​មនុស្ស​លោក ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​កម្រៃ និង​ការសរសើរ​តម្កើង​ពី​មនុស្ស​លោក ប៉ុន្តែ​ពួកគេ​មិន​ស្វែងរក​សុខុមាលភាព​នៃ​ក្រុង​ស៊ីយ៉ូន​ឡើយ » ( នីហ្វៃ​ទី​២ ២៦:២៩ ) ។

ហេតុអ្វី​អ្នក​គិត​ថា ការបង្រៀន​ក្លែងក្លាយ​របស់​នីហូរ​ទទួលបាន​ភាពល្បីល្បាញ​នៅក្នុង​ចំណោម​ប្រជាជន​មួយ​ចំនួន ? សូម​អាន​ការពិពណ៌នា​ខាងក្រោម​នេះ​អំពី​យុទ្ធសាស្ដ្រ​របស់​សត្រូវ​ដោយ​ប្រធាន ដាល្លិន អេក អូក ក្នុង​គណៈប្រធាន​ទីមួយ ហើយ​សូម​គិត​អំពី​របៀប​ដែល​វា​អនុវត្ត​ចំពោះ​ការបង្រៀន​របស់​នីហូរ​ដូច​បាន​កត់ត្រា​នៅក្នុង អាលម៉ា ១:៤ ។

រូបភាព
ប្រធាន ដាល្លិន អេក អូក

សាតាំង​គឺជា​អ្នកបោក​បញ្ឆោត​ដ៏​ខ្លាំង​ពូកែ ជា​បិតា​នៃ​សេចក្ដី​កំភូត ( សូមមើល យ៉ូហាន ៨:៤៤ ) ។ នេះ​ពុំ​មែន​ដោយសារ​សាតាំង​និយាយ​ប្រាប់​តែ​សេចក្ដី​កំភូត​នោះ​ទេ ។ សេចក្ដី​កំភូត​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​របស់​វា​គឺ សេចក្ដីពិត​ខ្លះ ឬ​សេចក្ដី​កំភូត​ដែល​លាយឡំ​សេចក្ដីពិត​នោះ ។ ( « Reading Church History » [ សុន្ទរកថា​ទៅកាន់​អ្នកអប់រំ​ខាង​សាសនា​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ នៅ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ១៩៨៥ ] ទំព័រ ៩ )

សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​ចម្លើយ​មួយ​ចំពោះ​សំណួរ​ដូច​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​បង្កើត​ភាពក្លាហាន​ដ៏​ក្លៀវក្លា ដើម្បី​ជ្រើសរើស​អ្វី​ដែល​ត្រូវ ជាជាង​អ្វី​ដែល​ល្បីល្បាញ​ប៉ុន្ដែ​ខុសឆ្គង​ដោយ​របៀប​ណា ?

កូរីហូរ និង អាលម៉ា

រូបភាព
គ្រប់​ការណ៍​ទាំងអស់​បង្ហាញ​ឲ្យ​ឃើញ​ថា មាន​ព្រះ​មួយ​អង្គ ( អាលម៉ា និង កូរីហូរ ) ដោយ វ៉លធើរ រ៉េន

សូម​អាន អាលម៉ា ៣០:១២–១៨, ២៣, ២៧–២៨, ៣២–៣៣, ៣៩–៤៦ ឬ មើល​វីដេអូ​ព្រះគម្ពីរ​មរមន « All Things Denote There Is a God (Alma 30) » រហូត​ដល់​កូដ​ពេលវេលា ៧:៤៥ រួចហើយ​ឆ្លើយ​នឹង​សំណួរ​សិក្សា​ខាងលើ ។

ប្រធាន អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ផ្ដល់​ការប្រឹក្សា​ដូច​ខាងក្រោម​នេះ​ដល់​សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ ៖

រូបភាព
ប្រធាន អិម រ័សុល បាឡឺដ

ចូរ​យើង​ប្រយ័ត្ន​ប្រយែង​នឹង​ព្យាការី​ក្លែងក្លាយ ព្រមទាំង​គ្រូបង្រៀន​ក្លែងក្លាយ ទាំង​បុរស និង​ស្ដ្រី ដែល​ជា​អ្នកតែងតាំង​ខ្លួនឯង​ថា​ជា​អ្នកប្រកាស​គោលលទ្ធិ​នៃ​សាសនាចក្រ ហើយ​ដែល​ជា​អ្នក​ព្យាយាម​ផ្សាយ​ដំណឹងល្អ​ក្លែងក្លាយ​របស់​ពួកគេ និង​ទាក់ទាញ​អ្នកដើរតាម​ទាំងឡាយ តាមរយៈ​ការឧបត្ថម្ភ​ដល់​សន្និសីទ សៀវភៅ និង​កំណត់ហេតុ​នានា​ដែល​មាន​មាតិកា​ខុសពី​គោលលទ្ធិ​គ្រឹះ​នៃ​សាសនាចក្រ ។ សូម​ប្រយ័ត្ន​ប្រយែង​នឹង​បុគ្គល​ដែល​និយាយ និង​ចេញផ្សាយ​អ្វី​ដែល​ផ្ទុយ​ពី​អ្វី​ដែល​ព្យាការី​ដ៏​ពិត​របស់​ព្រះ​ថ្លែង និង​បុគ្គល​ដែល​ព្យាយាម​បញ្ចុះបញ្ចូល​មនុស្ស​ដទៃ​យ៉ាង​សកម្ម​ដោយ​មិន​កោតក្រែង និង​មិន​គោរព​ដល់​សុខុមាលភាព​ដ៏​អស់កល្ប​របស់​អស់​អ្នក​ដែល​ពួកគេ​ព្យាយាម​ទាក់ទាញ​នោះ ។( « Beware of False Prophets and False Teachers » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៦៣ )

នៅក្នុង​ការថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត នោះ​អាលម៉ា​បាន​ផ្ដល់​ភស្ដុតាង​ជាច្រើន​ដល់​កូរីហូរ ដែល​ប្រាប់​ថា​មាន​ព្រះ​មួយ​អង្គ​ពិត​មែន ។ សូម​កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​អ្នក​នូវ​ភស្ដុតាង​ទាំងឡាយ ដែល​អ្នក​បាន​ឃើញ​ថា « មាន​ព្រះ​មួយ​អង្គ​មែន » ( អាលម៉ា ៣០:៤៤ ) ។ តើ​ភស្ដុតាង​ទាំងនេះ​អាច​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះ​តាម​របៀប​ណា ?