ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់


« មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ២៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

រូបភាព
យុវនារី​កំពុង​អធិស្ឋាន

ព្រះចេស្ដា​នៃ​ការដោះលែង​របស់​ព្រះអម្ចាស់

នៅពេល​ប្រឈម​មុខ​នឹង​ការសាកល្បង តើ​អ្នក​ធ្លាប់​ឃើញ​ខ្លួនឯង​សួរ​សំណួរ​ថា « ហេតុអ្វី​បានជា​រឿង​នេះ​កើតឡើង​ចំពោះ​ខ្ញុំ ? » ឬ​ថា « ហេតុអ្វី​បានជា​ព្រះអម្ចាស់​មិន​ដកយក​ការសាកល្បង​នេះ​ចេញពី​ខ្ញុំ ? » ដែរ​ឬទេ ។ ចេញពី​ព្រះគម្ពីរ​មរមន យើង​អាច​រៀន​មេរៀន​ដ៏​សំខាន់​អំពី​ប្រភព​នៃ​ការសាកល្បង​របស់​យើង និង​របៀប​ដែល​យើង​អាច​ទទួល​បាន​ពរជ័យ នៅពេល​យើង​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​សូម​ជំនួយ ។ នៅពេល​អ្នក​សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន សូម​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ពង្រឹង​ការទុកចិត្ត​របស់​អ្នក​លើ​សេចក្ដី​ស្រឡាញ់ ព្រះចេសា្ដ និង​ព្រះបញ្ញា​ញាណ​ដ៏​និរន្ដរ៍​របស់​ព្រះយេស៊ូវ​គ្រីស្ទ កាល​ទ្រង់​គាំទ្រ​អ្នក​ក្នុង ឬ​ដោះលែង​អ្នក​ពី​ការសាកល្បង​ដែល​អ្នក​ប្រឈម​នោះ ។

ផ្នែក​ទី ១

ហេតុអ្វី​បានជា​ខ្ញុំ​មាន​ការសាកល្បង ទោះជា​ពេល​ខ្ញុំ​ធ្វើ​អ្វី​ដែល​ត្រូវ​ហើយ​ក្ដី ?

ព្រះគម្ពីរ​មរមន​បង្ហាញ​ថា ការសាកល្បង​មាន​ប្រភព​ខុសៗ​គ្នា ។ ការសាកល្បង​មួយ​ចំនួន​ជា​លទ្ធផល​នៃ​អំពើបាប ។ ឧទាហរណ៍ ស៊ីអែសរ៉ុម​បាន​ដេកឈឺ​នឹង​គ្រុនក្ដៅ​ដែល​កំពុង​ដុតរោល និង​ជំងឺ​ដែល​បណ្ដាល​មកពី​កំហុស​របស់​គាត់ ដោយសារ​អំពើបាប​ផ្ទាល់ខ្លួន​របស់​គាត់ ( សូមមើល អាលម៉ា ១៥:៣ ) ។ ពួកសាសន៍​នីហ្វៃ និង​ពួកសាសន៍​លេមិន​បាន​រងទុក្ខ​នឹង​សង្គ្រាម​រាប់​ឆ្នាំ ដោយសារតែ​ជម្រើស​ដ៏​ទុច្ចរិត​របស់​អាម៉ាលិកាយ ( សូមមើល អាលម៉ា ៤៦:៩–១០ ) ។ ទោះជា​យ៉ាងណា​ក៏ដោយ មិន​មែន​ការសាកល្បង​ទាំងអស់​គឺជា​លទ្ធផល​នៃ​អំពើទុច្ចរិត​នោះ​ទេ ។ ក្រុមគ្រួសារ​របស់​លីហៃ និង​អ៊ីសម៉ាអែល​បាន​រងទុក្ខ​នឹង​ការលំបាក​ជាច្រើន ដែល​ជា​រឿង​ធម្មតា​មួយ​នៃ​ការធ្វើ​ដំណើរ​ឆ្លងកាត់​ទីរហោស្ថាន ( សូមមើល នីហ្វៃ​ទី​១ ១៦:៩–១៧:៤ ) ។

អែលឌើ រ៉ូបឺត ឌី ហែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ធ្វើការ​អង្កេត​ឃើញ​ដូច​តទៅ​នេះ​អំពី​ការសាកល្បង ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

នៅក្នុង​សាលា​នៃ​ជីវិត​រមែង​ស្លាប់​នេះ ជារឿយៗ​គ្រូបង្រៀន​គឺជា​ការឈឺចាប់ និង​ទុក្ខ​វេទនា ប៉ុន្ដែ​មេរៀន​គឺ​មាន​បំណង​ដើម្បី​បន្សុទ្ធ និង​ផ្ដល់​ពរជ័យ​ដល់​យើង ហើយ​ពង្រឹង​យើង មិនមែន​ដើម្បី​បំផ្លាញ​យើង​នោះ​ទេ ។ ( « Faith through Tribulation Brings Peace and Joy » EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៣ ទំព័រ ១៧ ) ។

រូបភាព
អាលម៉ា​ជ្រមុជ​ទឹក​នៅឯ​ទឹក​មរមន ដោយ អាណុល ហ្វ្រីបើក

សេចក្ដី​ថ្លែងការណ៍​របស់​អែលឌើរ​ហែល ត្រូវបាន​បង្ហាញ​នៅក្នុង​បទពិសោធន៍​របស់​អាលម៉ា និង​ប្រជាជន​របស់​លោក ។ ពួកគេ​បាន​ជឿលើ​ការព្រមាន​របស់​ព្យាការី​អ័ប៊ីណាដៃ ។ ក្រោយពី​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ ហើយ​ត្រូវបាន​ជ្រមុជ​ទឹក​ដោយ​អាលម៉ា នោះ​ប្រជាជន​ត្រូវបាន​បណ្ដេញ​ទៅ​ក្នុង​ទីរហោស្ថាន​ដោយ​កងទ័ព​​ទុច្ចរិត​របស់​ស្ដេច​ណូអេ ។ បន្ទាប់ពី​ធ្វើ​ដំណើរ​អស់​រយៈពេល​ប្រាំបី​ថ្ងៃ​មក ពួកគេ​បាន​មក​ដល់​ដែនដី​ថ្មី​មួយ ដែល​ពួកគេ​ហៅ​ថា​ហេឡាម ។ នៅ​ទីនេះ​ពួកគេ​បាន​រស់នៅ​តាម​ដំណឹងល្អ ហើយ « បាន​កើន​ចំនួន ហើយ​បាន​ចម្រើន​ឡើង​ជា​អតិបរមា » ( ម៉ូសាយ ២៣:២០ ) ។ ប៉ុន្ដែ​សេចក្ដី​សុខសាន្ដ​របស់​ពួកគេ​ត្រូវបាន​បង្អាក់ ដោយសារ​កងទ័ព​សាសន៍​លេមិន​បាន​រកឃើញ​ពួកគេ ហើយ​បាន​ដាក់​ពួកគេ​ទៅក្នុង​សេវកភាព ។ ( សូមមើល ម៉ូសាយ ១៧–១៨២៣ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ូសាយ ២៣:២១–២៤ ដោយ​រកមើល​មូលហេតុ​ដែល​ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​ពួកសុចរិត​ជួប​នឹង​ការសាកល្បង​បែប​នេះ ។

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​ការព្យាយាម​ស្វែងយល់​ពី​ទស្សនវិស័យ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះអម្ចាស់​អំពី​ការសាកល្បង អាច​ជួយ​យើង​ឲ្យ​កែ​តម្រូវ​របៀប​ដែល​យើង​មើល​ទៅ​ការសាកល្បង​របស់​យើង​ផ្ទាល់​តាម​របៀប​ណា ?

ផ្នែក​ទី ២

ហេតុអ្វី​បានជា​វា​សំខាន់​សម្រាប់​ខ្ញុំ ដើម្បី​ទុកចិត្ត​លើ​ពេលវេលា​របស់​ព្រះអម្ចាស់​ក្នុង​អំឡុង​ពេល​សាកល្បង​របស់​ខ្ញុំ ?

បន្ទាប់ពី​អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​គោរព​តាម​ការហៅ​របស់​អ័ប៊ីណាដៃ​ឲ្យ​ប្រែចិត្ត ហើយ​បាន​រត់​គេច​ទៅ​ទីរហោស្ថាន នោះ​ស្ដេច​ណូអេ និង​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​បាន​បដិសេធ​ព្យាការី ហើយ​មិន​បាន​ប្រែចិត្ត​នោះ​ទេ ។ ដោយសារ​តែ​អំពើបាប​របស់​ពួកគេ នោះ​ពួកសាសន៍​លេមិន​បាន​វាយឈ្នះ​ពួកគេ ហើយ​ដាក់​ពួកគេ​ទៅក្នុង​សេវកភាព ។ អំឡុង​រជ្ជកាល​ស្ដេច​លិមហៃ ដែល​ជា​បុត្រា​របស់​ស្ដេច​ណូអេ នោះ​ពួកសាសន៍​លេមិន​បាន​យក​ពន្ធ​ពី​ប្រជាជន​យ៉ាង​ច្រើន​ហួស​ប្រមាណ ហើយ​បាន​បៀតបៀន​ពួកគេ​យ៉ាង​ដំណំ ។ ប្រជាជន​របស់​លិមហៃ​បាន​បរាជ័យ​បី​ដង​ក្នុង​ការព្យាយាម​រំដោះ​ខ្លួន​គេ​ចេញពី​សេវកភាព ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ស្លាប់​នៅក្នុង​កិច្ច​ខិតខំ​ទាំងនេះ ។ ( សូមមើល ម៉ូសាយ ១២:២; ១៩:១–២១:១២ ) ។ នៅ​ទីបំផុត ពួកគេ​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ជំនួយ ។

រូបភាព
ការត្រឡប់​មកវិញ ដោយ ដេវីឌ ហ៊ូហ្វ
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ូសាយ ២១:១៣–១៦ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​ប្រជាជន​របស់​លិមហៃ កាល​ពួកគេ​បាន​ស្វែងរក​ជំនួយ​ពី​ទ្រង់ ។

កាល​ប្រជាជន​របស់​លិមហៃ​បាន​បន្ទាបខ្លួន​គេ​យ៉ាង​ពិត​ប្រាកដ ហើយ​បាន​ទន្ទឹង​ចាំ​ព្រះអម្ចាស់ នោះ​មាន​ក្រុម​ស្រាវជ្រាវ​មួយ​ក្រុម ដែល​ត្រូវបាន​បញ្ជូន​ដោយ​ស្ដេច​ម៉ូសាយ បាន​រកឃើញ​ប្រជាជន​លិមហៃ ។ ក្រុម​ស្រាវជ្រាវ​នេះ និង​ស្ដេច​លិមហៃ​បាន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​ប្រជាជន អំពី​របៀប​ដើម្បី​គេច​ពី​សេវកភាព ។ នៅ​យប់​ដែល​បាន​គ្រោងទុក​នោះ ពួកគេ​បាន​ដាក់​ស្រា​បន្ថែម​ឲ្យ​ពួកសាសន៍​លេមិន ដែល​ធ្វើ​ឲ្យ​ស្រវឹង ហើយ​ដេក​ដួល​អស់​ទៅ ។ រួចហើយ ប្រជាជន​របស់​លិមហៃ​បាន​គេច​ខ្លួន​ទៅក្នុង​ទីរហោស្ថាន ហើយ​បាន​មកដល់​ក្រុង​សារ៉ាហិមឡា​ដោយ​សុវត្ថិភាព ។ ( សូមមើល ម៉ូសាយ ២១:២៣–២២:១៤ ) ។

រូបភាព
លិមហៃ និង​ប្រជាជន​របស់​ទ្រង់​គេច​ខ្លួន​ទៅ​ក្រុង​សារ៉ាហិមឡា ដោយ ស្ទីវិន ឡយ នៀល

ដូច​ដែល​បាន​បង្ហាញ​នៅក្នុង​ដំណើររឿង​នេះ ព្រះអម្ចាស់​បាន​មាន​ព្រះរាជបំណង និង​ពេលវេលា​ផ្ទាល់​របស់​ទ្រង់​ដើម្បី​ដោះលែង​ប្រជាជន​របស់​លិមហៃ ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តីជំនឿ​មាន​ន័យ​ថា ការទុកចិត្ត—ទុក​ចិត្ត​លើ​ព្រះឆន្ទៈ​របស់​ព្រះ ទុក​ចិត្ត​លើ​របៀប​ដែល​ទ្រង់​ធ្វើ​កិច្ចការ​នានា ហើយ​ទុកចិត្ត​លើ​កាលវិភាគ​របស់​ទ្រង់ ។ យើង​ពុំគួរ​ព្យាយាម​បង្ខំ​ដាក់​កាលវិភាគ​របស់​យើង ជំនួស​កាលវិភាគ​របស់​ទ្រង់​ឡើយ ។ ដូច​ដែល​អែលឌើរ នែល អេ ម៉ាក់ស្វែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ថ្លែង ៖

« បញ្ហា​របស់​យើង​គឺ ការទុកចិត្ត​លើ​ព្រះ​ឲ្យ​ល្មម​គ្រប់គ្រាន់​ដើម្បី​ទុកចិត្ត​លើ​ពេលវេលា​របស់​ទ្រង់​ផងដែរ ។ ប្រសិន​បើ​យើង​ពិត​ជា​ជឿ​ទ្រង់ថា ទ្រង់​នឹង​គិត​អំពី​សុខុមាលភាព​របស់​យើង តើ​យើង​នឹង​មិន​ទុក​ឲ្យ​ទ្រង់​ប្រទាន​អ្វី​ដែល​ល្អ​បំផុត​ដល់​យើង​ទេ​ឬ​អី ? »[ Even As I Am ( ឆ្នាំ ១៩៨២ ) ទំព័រ ៩៣ ] ។ ( « Timing » Ensign ខែ តុលា ឆ្នាំ ២០០៣ ទំព័រ ១២ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

ដោយ​ប្រើ​អ្វី​ដែល​អ្នក​បាន​រៀន​មកពី​បទពិសោធន៍​របស់​ប្រជាជន​លិមហៃ សូម​កត់ត្រា​គោលការណ៍​នានា​អំពី​របៀប​ដែល​ព្រះអម្ចាស់​ផ្ដល់​ការគាំទ្រ ឬ​ការដោះលែង​ដល់​អ្នក​ដែល​ងាក​ទៅរក​ទ្រង់​នៅក្នុង​ការសាកល្បង​របស់​ពួកគេ ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​គោលការណ៍​ទាំងនេះ​នៅក្នុង​ថ្នាក់ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ទទួលបាន​កម្លាំង​មកពី​ព្រះអម្ចាស់ នៅពេល​ខ្ញុំ​ស៊ូទ្រាំ​នឹង​ការសាក​ល្បង​របស់​ខ្ញុំ​យ៉ាង​ដូចម្ដេច ?

កងទ័ព​សាសន៍​លេមិន​បាន​ដេញ​តាម​ប្រជាជន​របស់​លិមហៃ ប៉ុន្ដែ​ពួកគេ​បាន​វង្វេង ។ ទីបំផុត ពួកគេ​បែរជា​រកឃើញ​ពួកសង្ឃ​ទុច្ចរិត​របស់​ស្ដេច​ណូអេ ដែល​បាន​ចូលរួម​នឹង​កងទ័ព​សាសន៍​លេមិន ។ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន ពួកគេ​បាន​រកឃើញ​ប្រជាជន​សុចរិត​របស់​អាលម៉ា ហើយ​បាន​ដាក់​ពួកគេ​ទៅក្នុង​សេវកភាព ។ អាមូឡុន ដែល​ជា​សង្ឃ​ទុច្ចរិត​ម្នាក់​របស់​ស្ដេច​ណូអេ ត្រូវបាន​តែងតាំង​ដោយ​ស្ដេច​សាសន៍​លេមិន​ឲ្យ​គ្រប់គ្រង​លើ​ប្រជាជន​របស់​អាលម៉ា ។ អាមូឡុន​ចាត់​ឲ្យ​មាន​អ្នកឃ្លាំ​មើល​ប្រជាជន ហើយ​គំរាម​ថា​នឹង​សម្លាប់​ចោល បើ​ឃើញ​នរណាម្នាក់​អធិស្ឋាន ។ ( សូមមើល ម៉ូសាយ ២២:១៥–១៦; ២៣:២៥–២៤:១; ២៤:៨–១១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន ម៉ូសាយ ២៤:១០–១៦ ដោយ​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ប្រជាជន​របស់​អាលម៉ា អំឡុងពេល​ដែល​ពួកគេ​មាន​ទុក្ខ​លំបាក ។​ អ្នក​អាច​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​សញ្ជឹងគិត​ពី​របៀប​ដែល​ទ្រង់​បាន​លួងលោម និង​លើក​ទឹកចិត្ត​អ្នក នៅពេល​អ្នក​នៅ​កណ្ដាលគ្រា​នៃ​ការសាកល្បង និង​ទុក្ខ​វេទនា​របស់​អ្នក ។

ប្រជាជន​របស់​អាលម៉ា​បាន​អនុវត្ត​សេចក្ដី​ជំនឿ និង​ការអត់ធ្មត់ ហើយ​ទីបំផុត ព្រះអម្ចាស់​បាន​រំដោះ​ពួកគេ ។ ទ្រង់​បាន « សណ្ដំ​ឲ្យ​ពួកលេមិន​ដេក​លក់​ស្កប់ » ( ម៉ូសាយ ២៤:១៩ ) ដែល​អនុញ្ញាត​ឲ្យ​អាលម៉ា និង​ប្រជាជន​របស់​លោក​គេច​ខ្លួន​ទៅកាន់​ដែនដី​សារ៉ាហិមឡា​បាន ។ ( សូមមើល ម៉ូសាយ ២៤:១៧–២៥ ) ។

អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន​អំពី​បទពិសោធន៍​នេះ​ដូច្នេះ ៖

រូបភាព
អែលឌើរ ដេវីឌ អេ បែដណា

ឧបសគ្គ និង​ទុក្ខ​លំបាក​មិន​ត្រូវបាន​ដកចេញ​ពី​ប្រជាជន​នោះ​ភ្លាមៗ​នោះទេ ។ ប៉ុន្តែ​អាលម៉ា និង​បងប្អូន​លោក ត្រូវបាន​ចម្រើន​កម្លាំង ហើយ​បង្កើន​សមត្ថភាព​ពួកគេ ដែល​ធ្វើឲ្យ​បន្ទុក​របស់​ពួកគេ​បាន​ស្រាល​ឡើង ។ …

បន្ទុក​ជាក់​លាក់​មួយ​នៅក្នុង​ជីវិត​របស់​យើង​ម្នាក់ៗ ជួយ​ឲ្យ​យើង​ពឹងផ្អែក​ទៅលើ​គុណ​បំណាច់ សេចក្តី​មេត្តា​ករុណា និង​ព្រះគុណ​របស់​ព្រះមែស៊ី​ដ៏​បរិសុទ្ធ ( សូមមើល នីហ្វៃ​ទី​២ ២:៨ ) ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា​ថា ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​យើង​ឲ្យ​រែក​បន្ទុក​ដោយ​ងាយ ( សូមមើល ម៉ូសាយ ២៤:១៥ ) ។ ពេល​យើង​ត្រូវបាន​ទឹម​ជាមួយ​ទ្រង់​តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ ហើយ​ទទួល​អំណាច​ដ៏​មាន​អានុភាព​នៃ​ដង្វាយធួន [ របស់​ទ្រង់ ] … ក្នុង​ជីវិតរបស់យើង នោះ​យើង​នឹង​ព្យាយាម​យល់ ហើយ​រស់នៅ​តាម​ព្រះឆន្ទៈ​របស់​ទ្រង់​កាន់​តែខ្លាំង ។ យើង​ក៏​នឹង​អធិស្ឋានសូម​កម្លាំង​ដើម្បី​រៀនសូត្រ ផ្លាស់ប្តូរ ឬ​ទទួល​យក​ស្ថានភាព​យើង ជាជាង​អធិស្ឋាន​មិន​ឈប់ឈរ​ទូល​សូម​ព្រះ​ឲ្យ​ផ្លាស់ប្ដូរ​ស្ថានភាព​យើង​ស្រប​តាម​ចិត្ត​យើង​នោះ​ដែរ ។( « Bear Up Their Burdens with Ease » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៨៩, ៩០ )

រូបភាព
ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ដោយ ជេន ធុលមេន
រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​ពី​របៀប​ផ្សេងៗ​គ្នា​ដែល​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្កើន​សមត្ថភាព​របស់​អ្នក​ដើម្បី​រែក​បន្ទុក​របស់​អ្នក ។ សូម​ពិចារណា​បង្ហាញ​ការដឹងគុណ​របស់​អ្នក​នៅក្នុង​ការអធិស្ឋានសម្រាប់​ជំនួយ​របស់​ទ្រង់​ទាំង​ទ្វេ​ ។