ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ


« មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១៣ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ

រូបភាព
យុវវ័យ​មួយ​ក្រុម

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា « ព្រះអម្ចាស់​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​ដើម្បី​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។ ការប្រមូលផ្ដុំ​នោះ​គឺ​ជា​កិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វ​ថ្ងៃនេះ ។ គ្មាន​អ្វី​ផ្សេងទៀត​ដែល​ធំ សំខាន់ និង​មាន​ឬទ្ធានុភាព​ខ្លាំង​ដែល​អាច​ប្រៀបធៀប​នឹង​កិច្ចការ​នេះ​បាន​ឡើយ » ( រ័សុល អិម ណិលសុន និង វិនឌី ដបុលយូ ណិលសុន « Hope of Israel » [ ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ទូទាំង​ពិភពលោក ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ] បន្ថែម​ទៅ​នឹង New Era និង Ensign ទំព័រ ៨ នៅលើ​គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ) ។ នៅក្នុង​ជំពូក​នេះ អ្នក​នឹង​មាន​ឱកាស​សិក្សា​ពី​ការបង្រៀន​ផ្សេងៗ​គ្នា​ក្នុង​ព្រះគម្ពីរ​មរមន ស្ដីពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ហើយ​ពិចារណា​ពី​របៀប​ដែល​កិច្ចការ​ដ៏​សំខាន់​នេះ​នាំ​មនុស្ស​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​អ្នក​សិក្សា សូម​រកមើល​ការទទួល​ខុសត្រូវ និង​ឱកាស​ទាំងឡាយ​ដែល​អាច​ជា​របស់​អ្នក នៅពេល​អ្នក​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

ផ្នែក​ទី ១

ហេតុអ្វី​ការធ្វើ​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល​គឺជា​រឿង​សំខាន់ ?

ដើម្បី​យល់ពី​សារៈសំខាន់​នៃ​ការធ្វើជា​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល វា​មាន​ប្រយោជន៍​ដើម្បី​រៀន​ពី​របៀប​ដែល​វង្ស​អ៊ីស្រាអែល​បាន​ចាប់ផ្ដើម ។ ប្រហែល​ជា​ក្រោយ ២០០០ ឆ្នាំ​មុន គ.ស ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​អ័ប្រាហាំ ហើយ​បាន​ធ្វើ​សេចក្ដី​សញ្ញា​ដ៏​អស់កល្ប​ជានិច្ច​មួយ​ជាមួយ​នឹង​លោក ។ ព្រះអម្ចាស់​បាន​សន្យា​នឹង​អ័ប្រាហាំ និង​សារ៉ា​ថា កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកលោក​នឹង​ទទួលបាន​ពរជ័យ​ទាំងអស់​នៃ​ដំណឹងល្អ ។ ការសន្យា និង​ពរជ័យ​ទាំងនេះ​ត្រូវ​បាន​ហៅថា សេចក្ដីសញ្ញា​អ័ប្រាហាំ ។ ( សូមមើល អ័ប្រាហាំ ២:៦–១១; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្តី​សញ្ញា​អ័ប្រាហាំ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
អ័ប្រាហាំនៅ​លើ​វាល​ទំនាប​ម៉ាមរេ​ដោយ ហ្គ្រែន រ៉មនី ខ្ល័រសុន

ព្រះអម្ចាស់​បាន​រំឭក​សេចក្ដី​សញ្ញា​នេះ​ជាមួយ​នឹង​កូនប្រុស​របស់​អ័ប្រាហាំ គឺ​អ៊ីសាក និង​ចៅប្រុស​របស់​លោក គឺ​យ៉ាកុប​ម្ដងទៀត ។ ឈ្មោះ​របស់​យ៉ាកុប​ត្រូវ​បាន​ប្តូរ​ទៅ​ជា​អ៊ីស្រាអែល​ដោយ​ព្រះអម្ចាស់ ។ អ៊ីស្រាអែល​មាន​កូនប្រុស ១២​នាក់ ហើយ​ពូជពង្ស​របស់​ពួកគេ​ត្រូវ​បាន​គេ​ស្គាល់​ជា វង្ស​អ៊ីស្រាអែល ឬ​សាសន៍​អ៊ីស្រាអែល ។ ( សូមមើល លោកុប្បត្តិ ២៦:២៤; ២៨:១០–១៥; សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អ៊ីស្រាអែល » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
យ៉ាកុប​ប្រសិទ្ធ​ពរជ័យ​ដល់់​កូនប្រុស​របស់​លោក ( យ៉ាកុប​ប្រសិទ្ធពរ​ដល់​យ៉ូសែប ) ដោយ ហារី អាន់ដើរសិន

វង្ស​អ៊ីស្រាអែល​គឺជា​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ ។ ដោយ​មាន​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ដ៏​បរិសុទ្ធ ពួកគេ​មាន​ការទទួល​ខុសត្រូវ​ដើម្បី​នាំ​យក​ដំណឹងល្អ​របស់​ព្រះអម្ចាស់​ទៅកាន់​មនុស្ស​ទាំងអស់​នៅលើ​ផែនដី ហើយ​ធ្វើឲ្យ​មាន​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ដ៏​សំខាន់ៗ​ដល់​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​មិន​ស្គាល់​ដំណឹងល្អ ។

នៅពេល​កូនចៅ​បង្កើត​របស់​អ៊ីស្រាអែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទទួល​យក​សេចក្ដី​សញ្ញា​អ័ប្រាហាំ នោះ​ពួកគេ​ត្រូវបាន​ប្រមូល​មក​ក្នុង​វង្ស​អ៊ីស្រាអែល ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។ អស់​អ្នក​ដែល​មិនមែន​ជា​កូនចៅ​បង្កើត​របស់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប អាច​ត្រូវបាន​សុំ​មក​ចិញ្ចឹម​នៅក្នុង​វង្ស​អ៊ីស្រាអែល តាមរយៈ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការទទួល​យក​ពិធីបរិសុទ្ធ ព្រមទាំង​សេចក្ដី​សញ្ញា​នៃ​ដំណឹងល្អ​របស់​ទ្រង់ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « យក​មក​ចិញ្ចឹម​ជា​កូន, ការ​យក​មក​ចិញ្ចឹម​ជា​កូន » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

រូបភាព
ផែនទី​ទ្វីប​បង្ហាញ​បុគ្គល​ជាច្រើន

ដោយ​ថ្លែង​ទៅកាន់​សមាជិក​នៃ​សាសនាចក្រ ប្រធាន ណិលសុន បាន​បង្រៀន ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

យើង​គឺ​ជា … បុត្រាបុត្រី​នៃ​សេចក្ដី​សញ្ញា ។ យើង​បាន​ទទួល​នូវ​បព្វជិតភាព​ដ៏​បរិសុទ្ធ និង​ដំណឹងល្អ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច ដូច​ពួកគេ​កាល​ពី​ជំនាន់​បុរាណ​បាន​ទទួល​ដែរ ។ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​គឺជា​បុព្វការីជន​របស់​យើង ។ យើង​ជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល ។ យើង​មាន​សិទ្ធិ​ទទួល​ដំណឹងល្អ ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ គ្រប់​ជាតិសាសន៍​នៅ​លើ​ផែនដី​នេះ​នឹង​មាន​ពរ តាមរយៈ​កិច្ចខិតខំ​របស់​បងប្អូន និង​តាមរយៈ​ការងារ​របស់​កូនចៅ​បងប្អូន ។ ពូជ​របស់​អ័ប្រាហាំ​ផ្ទាល់ និង​អស់​អ្នក​ដែល​ត្រូវបាន​ប្រមូល​ទៅក្នុង​គ្រួសារ​របស់​លោក តាមរយៈ​ការយក​មក​ចិញ្ចឹម ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ទាំងនេះ—ដែល​បាន​រៀបចំទុក​ជាមុន ពេល​ទទួលយក​ព្រះអម្ចាស់ និង​គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ។( « Children of the Covenant » Ensign ខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣៣ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​នឹង​ពន្យល់​ដល់​នរណា​ម្នាក់ ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ​ពី​អត្ថន័យ​នៃ​វង្ស​អ៊ីស្រាអែល​យ៉ាង​ដូច​ម្តេច ហើយ​ហេតុអ្វី​វា​មាន​សារៈសំខាន់ ?

ផ្នែក​ទី ២

ហេតុអ្វី​ខ្ញុំ​គួរតែ​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ?

នៅពេល​លីហៃ​បាន​សិក្សា​ផ្ទាំង​លង្ហិន លោក​បាន​រៀន​បន្ថែម​ទៀត​អំពី​ពង្សាវតា​របស់​លោក និង​ទីតាំង​របស់​លោក​ក្នុង​វង្ស​អ៊ីស្រាអែល ( សូមមើល នីហ្វៃ​ទី​១ ៥:១៤ ) ។ ដើម្បី​ជួយ​គ្រួសារ​របស់​លោក​ឲ្យ​យល់ពី​សារៈសំខាន់​នៃ​ការធ្វើជា​ផ្នែក​មួយ​នៃ​វង្ស​អ៊ីស្រាអែល លីហៃ​បាន​ប្រៀបធៀប​វង្ស​អ៊ីស្រាអែល​ទៅនឹង​ដើម​អូលីវ​មួយ ។ លោក​បាន​ពន្យល់​ថា គឺ​ដូចជា​មែក​មួយ​ដែល​អាច​បំបាក់​ចេញពី​ដើម​អូលីវ​ដែរ ដូច្នេះ​ពួកសាសន៍​អ៊ីស្រាអែល​អាច​បែក​ចេញ និង​ខ្ចាត់ខ្ចាយ​ទៅកាន់​ដែនដី​ឆ្ងាយៗ ។ ហើយ​ដូចជា​មែក​អូលីវ​មួយ​មែក​មកពី​ដើម​មួយ​ដែល​អាច​ផ្សាំ ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​ដើម​ផ្សេង​មួយ​ទៀត​ដែរ ដូច្នេះ​អ៊ីស្រាអែល​ដែល​ខ្ចាត់ព្រាត់​នឹង​ត្រូវបាន​ប្រមូល​ឲ្យ​ជុំគ្នា​នៅ​ទីបញ្ចប់ ហើយ​ក្លាយជា​ផ្នែក​មួយ​នៃ​រាស្ដ្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់ ។ ( សូមមើល នីហ្វៃទី ១ ១០:១២–១៤ ) ។

រូបភាព
មែក​មួយ​ដែល​ផ្សាំ​ទៅនឹង​ដើមឈើ​មួយ​ដើម

ការផ្សាំ​គឺជា​ដំណើរការ​មួយ​ដែល​យក​មែក​មួយ​ដែល​ត្រូវបាន​កាត់​ចេញពី​ដើមឈើ​មួយ​ដើម ហើយ​យក​ទៅដាក់ផ្សាំ​លើ​ដើមឈើ​មួយ​ដើម​ទៀត តាម​របៀប​មួយ​ដែល​មែក​នោះ​ក្លាយជា​ផ្នែក​មួយ​នៃ​ដើមឈើ​នោះ​ជារៀង​រហូត ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន នីហ្វៃ​ទី​១ ១០:១២–១៤ ហើយ​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត​អំពី​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។ (កំណត់​ចំណាំ ៖ នៅក្នុង​ព្រះគម្ពីរ​មរមន ពាក្យ ពួកសាសន៍​ដទៃ ជាទូទៅ​មាន​ន័យ​ថា « ជា​ពួកសាសន៍​ដែល​ឥតមាន​ដំណឹងល្អ ទោះជា​មាន​មនុស្ស​ខ្លះ​អាច​មាន​ឈាម​អ៊ីស្រាអែល​នៅក្នុង​ចំណោម​ប្រជាជន​ក៏​ដោយ » [ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ពួកសាសន៍​ដទៃ » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ] ) ។

មិន​យូរ​ប៉ុន្មាន​ក្រោយពី​ការបង្រៀន​របស់​លីហៃ​ស្ដីពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល នីហ្វៃ​បាន​ឃើញ​ថា បងប្រុស​របស់​លោក​បាន​ឈ្លោះ​គ្នា​អំពី​អ្វី​ដែល​ឪពុក​របស់​ពួកគេ​បាន​បង្រៀន ។ ពួកគេ​បាន​ប្រាប់​នីហ្វៃ​ថា ពួកគេ​មិន​អាច​យល់​ពី​ការបង្រៀន​របស់​លីហៃ​អំពី « មែក​កំណើត​ទាំងឡាយ​នៃ​ដើម​អូលីវ និង​ព្រម​ទាំង​អំពី​ពួកសាសន៍​ដទៃ​ផង​នោះ​បាន » ( នីហ្វៃ​ទី​១ ១៥:៧ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន​ការពន្យល់​របស់​នីហ្វៃ​នៅក្នុង នីហ្វៃ​ទី​១ ១៥:១២–១៥ ហើយ​ពិចារណា​គូស​ចំណាំ​សេចក្ដីពិត​នានា ដែល​ជួយ​អ្នក​ឲ្យ​យល់ពី​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​បាន​កាន់តែ​ប្រសើរ​ជាងមុន ។

ប្រធាន ណិលសុន ក៏​បាន​ថ្លែង​អំពី​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​ផងដែរ ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

នៅពេល​យើង​និយាយ​អំពី ការ​ប្រមូលផ្ដុំ យើង​និយាយ​សាមញ្ញ​អំពី​សេចក្ដីពិត​ជា​មូលដ្ឋាន​គ្រឹះ​នេះ ៖ គ្រប់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​យើង នៅ​ទាំង​សងខាង​នៃ​វាំងនន ស័ក្ដិសម​នឹង​ស្ដាប់​ឮ​សារលិខិត​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ( «Hope of Israel » ទំព័រ ៨ )

បុគ្គល​ទាំងឡាយ​នៅ​ទាំង​សងខាង​វាំងនន គឺ​មាន​អ្នក​ដែល​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់​ហើយ ។

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ចំណាយ​ពេល​មួយ​នាទី​កត់ត្រា​របៀប​ដែល​ជីវិត​របស់​អ្នក ឬ​ជីវិត​របស់​សមាជិក​គ្រួសារ​អ្នក​ទទួល​បាន​ពរជ័យ​តាមរយៈ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​នេះ ។ សូម​គិត​ដល់​មនុស្ស​ម្នាក់—នៅ​សង​ខាង​នៃ​​វាំងនន—ដែល​អាច​ត្រូវការ​ទទួល​បាន​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​កត់ត្រា​ឈ្មោះ​របស់​បុគ្គល​នេះ​ទុក និង​មូលហេតុ​ដែល​គាត់​សំខាន់​ចំពោះ​អ្នក ។ សូម​ពិចារណា​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​ទទួល​បាន​ពរជ័យ​ទាំងនេះ ។

ផ្នែក​ទី ៣

តើ​ខ្ញុំ​អាច​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​របៀប​ណា ?

យ៉ាកុប ដែល​ជា​ប្អូនប្រុស​របស់​នីហ្វៃ បាន​បង្រៀន​អំពី​ការខ្ចាត់ខ្ចាយ និង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ដោយ​បាន​ដកស្រង់​អំពី​រូបាធិដ្ឋាន​របស់​លោក​ស៊ីណូស​អំពី​ដើម​អូលីវ​ស្រុក និង​ដើម​អូលីវ​ព្រៃ ។ នៅក្នុង​រូបាធិដ្ឋាន​នេះ ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ហើយ​អ្នកបម្រើ​តំណាង​ឲ្យ​ព្យាការី​របស់​ទ្រង់ និង​សិស្ស​ដទៃ​ដែល​ត្រូវបាន​ហៅ​ឲ្យ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។ ដើម​អូលីវ​ជាច្រើន ដែល​បាន​ដាំ​នៅក្នុង​ចម្ការ​ទំពាំង​បាយជូរ តំណាង​ឲ្យ​ក្រុម​បុត្រា​បុត្រី​របស់​ព្រះ រួម​ទាំង​សមាជិក​នៃ​វង្ស​អ៊ីស្រាអែល​ផងដែរ ។ ( សូមមើល យ៉ាកុប ៥ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន យ៉ាកុប ៥:៦១–៦២, ៧០–៧២ ហើយ​រកមើល​អ្វី​ដែល​ព្រះអម្ចាស់​រំពឹង​ទុក​ពី​អស់​អ្នក​ដែល​ត្រូវបាន​ហៅ​ឲ្យ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។

ប្រធាន ណិលសុន បាន​ពន្យល់​ថា តើ​វា​អាច​សាមញ្ញ​យ៉ាងណា ដើម្បី​ជួយ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល ៖

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

រាល់​ពេល ដែល​ក្មួយៗ​ធ្វើ អ្វីមួយ ដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សង​ខាង​នៃ​វាំងនន—បោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ព្រះវិហារ​បរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ក្មួយៗ​កំពុង​ជួយ​ប្រមូល​វង្ស​អ៊ីស្រាអែល​ហើយ ។ ដូច្នោះ​វា​សាមញ្ញ ។( « Hope of Israel » ទំព័រ ១៥ )

រូបភាព
រូបតំណាង ការធ្វើ​សកម្មភាព

ដាក់​ផែនការ

សូម​គិត​អំពី​បុគ្គល​ម្នាក់—នៅ​សង​ខាងនៃ​វាំងនន—ដែល​អ្នក​បាន​សរសេរ​ទុក​នៅក្នុង ផ្នែក​ទី ២ ។ សូម​ដាក់​ផែនការ​សាមញ្ញ​មួយ​នូវ​អ្វី​ដែល​អ្នក​នឹង​ធ្វើ ដើម្បី​ជួយ​បុគ្គល​នេះ​ឲ្យ​បោះ​ជំហាន​ទៅមុខ​ទៅ​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។ ឧទាហរណ៍ អ្នក​អាច​អញ្ជើញ​នរណាម្នាក់​ឲ្យ​ចូលរួម​សកម្មភាព​ក្នុង​សាសនាចក្រ ឬ​ចែក​ចាយ​បទគម្ពីរ​មួយ​ជាមួយ​នរណាម្នាក់ ឬ​អ្នក​អាច​ទាញយក ហើយ​ចាប់ផ្ដើម​ប្រើ កម្មវិធី​ទូរសព្ទ​ដៃ​មែកធាង​គ្រួសារ​នៃ​កម្មវិធី​ស្រាវជ្រាវ​ក្រុមគ្រួសារ ។ សូម​កត់​សម្គាល់​ពី​ចំនួន​ឧបករណ៍​នៅក្នុង​កម្មវិធី​នេះ ដែល​អាច​ជួយ​អ្នក​ឲ្យ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល មិន​ថា​អ្នក​នៅ​កន្លែង​ណា​ទេ ។