ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន


« មេរៀន​ទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២៦ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន

រូបភាព
យុវជន​ម្នាក់​កំពុង​មើល​តាម​បង្អួច

តើ​អ្នក​ធ្លាប់​ដែល​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​អព្ភូតហេតុ​កើតឡើង​ដែរ​ឬ​ទេ ? តើ​អ្នក​ស្វែងរក​សាក្សី​ខាងវិញ្ញាណ​ដ៏​ជ្រាលជ្រៅ​អំពី​ព្រះ​យេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់​ដែរ​ឬ​ទេ ? តើ​មាន​អ្វីមួយ​ដែល​អ្នក​សង្ឃឹម​ចង់​ទទួល​បាន​មក​ពី​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅពេល​នេះទេ ? សូមគិតពី​សេចក្ដីសង្ឃឹម និង​បំណង​ប្រាថ្នា​ទាំង​នេះ នៅពេល​អ្នក​សិក្សា​បន្ថែមទៀត​អំពី​សេចក្ដីជំនឿ និង​របៀប​ដែល​ព្រះគម្ពីរ​មរមន​បង្រៀន​យើង​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ ។

ផ្នែក​ទី ១

តើ​ការអនុវត្តសេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​ខ្ញុំឲ្យ​រៀនសូត្រ និង​រីកចម្រើន​យ៉ាង​ដូចម្ដេច នៅពេល​ខ្ញុំ​ប្រឈម​នឹង​ការសាកល្បង ?

នៅក្នុង​គម្ពីរ​អេធើរ មរ៉ូណៃ បាន​កត់ត្រា​ថា នៅពេល​សង្គ្រាម ការបះបោរ និង​អំពើ​ទុច្ចរិត​បាន​ហ៊ុមព័ទ្ធ​សង្គម​របស់​សាសន៍​យ៉ារេឌ នោះ​ព្រះអម្ចាស់​បាន​ចាត់​ព្យាការី អេធើរ ឲ្យ​ប្រកាស​ពី​សេចក្ដី​ជំនឿ ការប្រែចិត្ត និង​សេចក្ដី​សង្ឃឹម​ទៅ​កាន់​ប្រជាជន​នោះ ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អេធើរ ១២:៣–៧, ១២, ១៨ហើយ​ពិចារណា​ពី​មូលហេតុ​ដែល សេចក្ដី​ជំនឿ​លើ​ព្រះ គឺ​ជា​រឿង​ចាំបាច់​នៅ​ក្នុង​ការ​រីកចម្រើន​ខាង​វិញ្ញាណ​របស់​យើង ។

ដោយសារ​ព្រះអម្ចាស់​ស្រឡាញ់​យើង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​រីកចម្រើន នោះទ្រង់​ផ្ដល់​ឱកាស​ឲ្យ​យើង​សាកល្បង​សេចក្ដីជំនឿ​របស់​យើង​លើ​ទ្រង់ ។ អែលឌើរ រីឆាដ ជី ស្កត ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់​បានមាន​ប្រសាសន៍ ៖

រូបភាព
អែលឌើរ រីឆាដ ជី ស្កត

រាល់​ពេល​ដែល​បងប្អូន​សាកល្បង​សេចក្ដីជំនឿ​របស់​បងប្អូន—ដែល​ជា​ទង្វើ​នៅ​ក្នុង​ភាពស័ក្ដិសម​លើ​ចំណាប់​អារម្មណ៍​មួយ—នោះ​បងប្អូន​នឹង​ទទួល​បាន​ភស្ដុតាង​បញ្ជាក់​ពី​ព្រះវិញ្ញាណ ។ នៅពេល​បងប្អូន​ដើរ​ទៅ​ដល់​ព្រំប្រទល់​នៃ​ការ​យល់ដឹង​របស់​បងប្អូន ទៅ​ក្នុង​រាត្រី​នៃ​ភាព​មិន​ប្រាកដ​ប្រជា ដោយអនុវត្ត​សេចក្ដីជំនឿ នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​រកឃើញ​ដំណោះស្រាយ ដែល​បងប្អូន​នឹង​មិន​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ពី​នេះ​ឡើយ។​( « The Transforming Power of Faith and Character » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៤ )

រូបភាព
យុវនារី​កំពុង​មើល​ថ្ងៃ​លិច

សូម​គិត​អំពី​គ្រា​ទាំងឡាយ​នៅ​ក្នុង​ជីវិត​របស់​អ្នក នៅ​ពេល​ដែល​អ្នក​បាន​ប្រព្រឹត្តិ​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ហើយ​បន្ទាប់មក​បាន​ទទួល​សាក្សី​ខាង​វិញ្ញាណ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ធ្លាប់បាន​ពន្យល់​ពី​របៀប​ដែល​ការ​បន្ត​ស្មោះត្រង់​នៅ​ក្នុង​ពេល​មាន​ការ​សាកល្បង បាន​ជួយ​លោក​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

ទោះជា​នៅពេល​នោះ​ខ្ញុំ​បាន​រងទុក្ខ​ក្ដី តែ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​ក្រោយ​វិញ​នៅ​ពេល​នេះ ខ្ញុំ​មាន​អំណរគុណ​ដែល​វា​ពុំ​មាន​ដំណោះស្រាយ​ភ្លាមៗ​ចំពោះ​បញ្ហា​របស់​ខ្ញុំ ។ តាម​ពិត​ទៅ កាល​ដែល​ខ្ញុំ​ត្រូវ​បាន​បង្ខំ​ឲ្យ​ងាក​ទៅ​សូម​ជំនួយ​ពី​ព្រះ​ស្ទើរ​តែ​រាល់ថ្ងៃ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បាន​បង្រៀន​ខ្ញុំ​ពី​របៀប​អធិស្ឋាន និង​ទទួល​បាន​ចម្លើយ​ពី​ការអធិស្ឋាន ហើយ​បង្រៀន​ខ្ញុំ​តាម​របៀប​ជាក់លាក់​មួយ​ដើម្បី​មាន​សេចក្ដី​ជំនឿ​លើ​ព្រះ ។ ខ្ញុំ​បាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ និង​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ​តាម​របៀប​មួយ និង​ទៅ​ដល់​កម្រិត​មួយ​ដែល​មិន​អាច​កើត​ឡើង​បាន​តាម​របៀប​ផ្សេង​ ឬ​ថា ខ្ញុំ​អាច​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បី​សម្រេច​បាន​ឡើយ ។ … ខ្ញុំ​បាន​រៀន​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់​ពី​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ដើរ​ជាមួយ​នឹង​ទ្រង់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​( « Look to God Each Day » New Era ខែ មេសា ឆ្នាំ ២០១៥ ទំព័រ ៤ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​រៀនមេរៀន​អ្វីខ្លះ ឬ​តើ​អ្នក​បាន​ទទួល​ពរជ័យ​អ្វីខ្លះ នៅពេល​អ្នក​បាន​បន្ត​ស្មោះត្រង់​នៅ​គ្រា​ដ៏​ស្មុគស្មាញ ? តើ​បទពិសោធន៍​បែបនេះ​អាចជួយ​អ្នក​ឲ្យ​ខិតទៅ​កាន់តែ​ជិត​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​មាន​ពរជ័យ និង​ទទួល​បាន​អំណាច​យ៉ាង​ដូចម្ដេច​តាម​រយៈ​ការអនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ?

ដូច​បាន​កត់ត្រា​នៅក្នុង អេធើរ ១២:៧–២២​មរ៉ូណៃ បាន​ផ្ដល់គំរូ​អំពី​ប្រជាជន​ដែល​បាន​អនុវត្ត​សេចក្ដីជំនឿ និង​ប្រទាន​ពរ​ជា​អព្ភូតហេតុ វិវរណៈ ការ​ដោះលែង ការ​ប្រែចិត្តជឿ និង​ការ​សន្យា​នានា ។ ដោយអធិប្បាយ​អំពី​បងប្រុស​យ៉ារេឌ ដែល​បាន​រើ​ភ្នំ​ស៊ីរិន​ដោយសារ​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ នោះ មរ៉ូណៃ បាន​សន្និដ្ឋាន​ថា « ហើយ​បើ​សិន​ជា​លោក​ពុំ​មាន​សេចក្ដី​ជំនឿ​ទេ នោះ​ភ្នំ​ពុំ​រើ​ចេញ​ឡើយ ហេតុ​ដូច្នោះ​ហើយ [ ព្រះអម្ចាស់ ] ធ្វើ​ការ​ក្រោយ​ពី​មនុស្ស​មាន​សេចក្ដី​ជំនឿ​សិន » ( អេធើរ ១២:៣០ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បំផុស​យើង​ឲ្យ​ធ្វើ​កិច្ចការ​ដែល​យើង​មិន​អាច​ធ្វើ​បាន ។ សេចក្ដីជំនឿ​ដែល​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​សកម្មភាព ផ្ដល់​សិទ្ធិ​ឲ្យ​យើង​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់​កាន់​តែច្រើន។​( « Drawing the Power of Jesus Christ into Our Lives » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ )

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​ស្វែងរក​វគ្គ​បទគម្ពីរ ឬ​ដំណើររឿង​មួយនៅក្នុង​ព្រះគម្ពីរ​មរមន ដែល​បង្ហាញ​ពី​ប្រជាជន​ដែល​ទទួលជំនួយ​ដ៏ទេវភាព បន្ទាប់ពី​ការអនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។ ប្រសិនបើ​អ្នក​ចង់បាន​ឧទាហរណ៍​មួយចំនួន សូម​ពិចារណា​អាន​បទគម្ពីរ​ខាងក្រោម​នេះ ៖

បន្ទាប់ពី​អ្នក​បាន​សិក្សា​វគ្គ​បទគម្ពីរ​នេះ​មួយ ឬ​សិក្សា​វគ្គបទ​គម្ពីរ​មួយ​ដែល​អ្នក​បាន​គិត​ដល់​រួចហើយ សូម​ពិចារណា​ពី​សំណួរ​ដូច​តទៅ​នេះ ហើយ​កត់ត្រា​ចម្លើយ​របស់​អ្នក ។ សូម​ត្រៀម​ខ្លួន​ចែកចាយ​គំនិត​របស់​អ្នក​នៅក្នុង​ថ្នាក់រៀន ។

  1. តើ​បុគ្គល​ម្នាក់ៗ ឬ​មនុស្ស​ទូទៅ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ដោយ​របៀបណា ? តើ​ពរជ័យ និង​ឥទ្ធិពល​ដ៏ទេវភាព​អ្វីខ្លះ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ បន្ទាប់ពី​ពួកគេ​បាន​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ ?

  2. តើ​គោលការណ៍ ឬ​ការអនុវត្ត​អ្វីខ្លះ ដែល​អ្នក​អាច​រៀន​ពី​ដំណើររឿង​នេះ ? តើ​អ្នក​អាច​អនុវត្ត​ដំណើររឿង​នេះ​នៅក្នុង​ជីវិត​អ្នក​ដោយ​របៀបណា ?

រូបភាព
ភេត្រា​របស់​សាសន៍​យ៉ារេឌ ដោយ ហ្គែរី អ៊ី ស្ម៊ីធ

អែលឌើរ អិល វិតនី ក្លេតុន នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ បាន​បង្រៀន​អំពី​ការរស់នៅ​ដោយ​សេចក្តីជំនឿ​ដូច​ខាងក្រោម​នេះ ៖

រូបភាព
អែលឌើរ អិល វិតនី ក្លេតុន

ព្រះ​បង្គាប់​យើង​ឲ្យ​ទ្រាំ​នឹង​ទ្រង់—គឺ​ទុក​ចិត្ត​លើ​ទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ។ ទ្រង់​អង្វរ​យើង​ថា « ចូរ​កុំ​ជំទាស់ ដោយ​ព្រោះ​អ្នករាល់​គ្នា​មើល​មិន​ឃើញ​ឡើយ » ។ ទ្រង់​ព្រមាន​យើង​ថា យើង​មិន​គួរ​រំពឹង​ទទួល​បាន​ចម្លើយ​ងាយៗ​ភ្លាមៗ និង​ដំណោះស្រាយ​មួយ​រំពេច​ពី​ស្ថានសួគ៌​ឡើយ ។ អ្វីៗ​ដំណើរការ​បានល្អ នៅពេល​យើង​ឈរ​យ៉ាង​រឹងមាំ​នៅអំឡុង​ពេល​នៃ « ការល្បង​នៃ​សេចក្តីជំនឿ [ របស់​យើង ] » មិន​ថា​ការសាកល្បង​នោះ​ពិបាក​នឹង​ទ្រាំ​ប៉ុណ្ណា​នោះ​ទេ ឬ​ថា​វា​ពន្យារពេល​ដើម្បី​ទទួល​បាន​ចម្លើយ​យ៉ាង​ណា​ក្ដី [ សូមមើល អេធើរ ១២:៦ ] ។ ខ្ញុំ​មិន​និយាយ​អំពី « ការគោរពប្រតិបត្តិ​ទាំង​ងងឹត​ងងុល​ឡើយ » [ សូមមើល ប៊យ ឃេ ផាកកឺ « Agency and Control » Ensign ខែ ឧសភា ឆ្នាំ ១៩៨៣ ទំព័រ ៦៦–៦៨ ] ប៉ុន្តែ​ខ្ញុំ​និយាយ​ពី​ទំនុកចិត្ត ដែល​មាន​ការគិតគូរ​នៅក្នុង​សេចក្តីស្រឡាញ់​ដ៏​ឥតខ្ចោះ និង​ពេលវេលា​ដ៏​ឥតខ្ចោះ​នៃ​ព្រះអម្ចាស់ ។ ( « Whatsoever He Saith unto You, Do It » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៩ )

រូបភាព
រូបតំណាង​ការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​ព្រះអម្ចាស់​អាច​បង្គាប់​អ្នក​ឲ្យ​ធ្វើ​អ្វីខ្លះ​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រព្រឹត្តិ​ដោយ​សេចក្ដី​ជំនឿ ? តើ​អ្នក​អាច​បង្ហាញ​ទំនុកចិត្ត​របស់​អ្នក​នៅលើ​ទ្រង់​យ៉ាង​ដូចម្តេច កាល​ដែល​អ្នក​បន្តទៅមុខ​នោះ ?

ផ្នែក​ទី ៣

តើ​ខ្ញុំ​ត្រូវ​ធ្វើអ្វី​ខ្លះ​ដើម្បី​ទទួលបាន ឬ​ពង្រឹង​សាក្សី​ផ្ទាល់ខ្លួន​របស់​ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន ?

បន្ទាប់ពី​ការ​បំផ្លិច​បំផ្លាញ​អារ្យធម៌​របស់​សាសន៍​នីហ្វៃ មក មរ៉ូណៃ ត្រូវបាន​ទុក​ឲ្យ​នៅ​ម្នាក់​ឯង​ដើម្បី​បង្ហើយ​ព្រះគម្ពីរ​មរមន ។ ពីមុន​បិទ​កំណត់ត្រា លោក​បាន​ផ្តល់​នូវ​ពាក្យណែនាំ និង​ការលើក​ទឹកចិត្ត​ពីរបីម៉ាត់ ។ លោកបាន​ជំរុញ​ចិត្ត​ដល់​ពួកអ្នក​អាន​នៅពេល​ខាងមុខ ឲ្យ​អាន​ព្រះគម្ពីរ​មរមន​ដោយ​សេចក្តីជំនឿ ដើម្បី​ពួកគេ​អាច​ទទួលបាន​សាក្សី​ផ្ទាល់ខ្លួន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ការពិត ។

រូបភាព
មរ៉ូណៃ​កំពុង​សរសេរ​នៅលើ​ផ្ទាំង​ចំណារមាស
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន​ការអញ្ជើញ​របស់ មរ៉ូណៃ នៅក្នុង មរ៉ូណៃ ១០:៣–៥​ហើយ​ពិចារណា​ធ្វើការ​គូសចំណាំ​ពី​របៀប​ដែល​យើង​អាច​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវគ្រីស្ទ​បាន និង​របៀប​ដែល​យើង​ដឹង​ថា ព្រះគម្ពីរមរមន​គឺជា​ព្រះគម្ពីរ​ពិត ។

រូបភាព
យុវមជ្ឈិមវ័យ​ពីរ​នាក់​កំពុង​អាន​ព្រះគម្ពីរ​មរមន

ពេល​បម្រើ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់ អែលឌើរ ជីន អ័រ ឃុក បាន​ពន្យល់​ពីរបៀប​ដែល​ការ​ទទួល​យក​ការអញ្ជើញ​របស់ មរ៉ូណៃ គឺជា​ការប្រព្រឹត្ត​ដោយ​សេចក្តីជំនឿ ៖

រូបភាព
អែលឌើរ ជីន អ័រ ឃុក

សូម​កត់សម្គាល់​នូវ​លក្ខណៈ​ពិសេស​ដែល​យើង​ទទួល​ចម្លើយ​ពីព្រះ ៖ យើង​ត្រូវ « សូម​សួរ​ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » [ មរ៉ូណៃ ១០:៤ ] ។ សូម​ពិចារណា​ភាសា​នេះ​ម្តងទៀត​ថា « មាន​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​គ្រីស្ទ » ។ ការណ៍​នេះ​បញ្ជាក់​ប្រាប់​ពី​សភាព​ដ៏សំខាន់​នៃ​ចិត្ត​គំនិត ។ ការ​មាន​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ មាន​ន័យ​ថា យើង​ទទួលយក​ថា មាន​ព្រះ​មួយ​អង្គ​ពិត​មែន ទទួល​យក​ថា តាមរយៈ​ព្រះចេស្តា​នៃ​ព្រះរាជបុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ នោះ​ព្រះអាច​ឆ្លើយការអធិស្ឋាន​របស់​យើង និង​ជឿថា ព្រះ​អាច​បើក​បង្ហាញ​សេចក្តីពិត​ដល់​យើង ។ យើង​ដក​ខ្លួន​យើង​ចេញពី​ការមាន​តែ​សេចក្ដី​ជំនឿ​អកម្ម តាមរយៈ​ការ​អនុវត្ត​សេចក្តី​ជំនឿលើ​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។ យើង​ធ្វើ​សកម្មភាព ! ទោះបីជា​សេចក្តីជំនឿ​របស់​យើង​ហាក់​ដូចជា​តូចតាច​ក្តី ក៏​យើង​ធ្វើ​ដូចជា អាលម៉ា បាន​បង្រៀន​ដែរ ៖ យើង « អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើ​សិន​ជា [ យើង ] ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការ​ចង់​ជឿ [ នោះ​ព្រះ​អាច​ជួយ​យើង​បាន ] សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន [ យើង ] » ( អាលម៉ា ៣២:២៧ ) ។ ( « Moroni’s Promise » Ensign ខែ មេសា ឆ្នាំ ១៩៩៤ ទំព័រ ១៤ )

រូបភាព
រូបតំណាង​កំណត់ត្រា

កត់ត្រា​គំនិត​របស់​អ្នក

សូម​ពិចារណា​ពី​របៀប​ដែល​ការអញ្ជើញ និង​សេចក្ដី​សន្យា​របស់ មរ៉ូណៃ បង្ហាញ​ពីគន្លង​មួយ គឺ​ការទទួល​សាក្សី​មួយ​បន្ទាប់ពី​ការអនុវត្ត​សេចក្តីជំនឿ ( សូមមើល អេធើរ ១២:៦ ) ។ តើ​អ្នក​មាន​បទពិសោធន៍​អ្វីខ្លះ ជាមួយនឹង​ការទទួល​សាក្សី​មួយ​នៃ​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួល​បាន​ទីបន្ទាល់​របស់​អ្នកផ្ទាល់​ពី​ព្រះ​គម្ពីរ​មរមន ឬ​ក៏​ធ្វើ​ឲ្យ​ទីបន្ទាល់​ដែល​អ្នក​មាន​រួច​ហើយ​នោះ​កាន់តែ​ជ្រាលជ្រៅ ?