ថ្នាក់​វិទ្យាស្ថាន
មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ


« មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀន​ទី ១៤ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ការក្លាយ​ជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ

រូបភាព
យុវជន​ឲ្យ​ព្រះគម្ពីរ​មរមន

សូម​ពិចារណា​ថា​មាន​មនុស្ស​ចំនួន​ប៉ុន្មាន​នាក់​ដែល​អ្នក​ឃើញ​រាល់ថ្ងៃ ដែល​មិន​រីករាយ​នឹង​ពរជ័យ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នា​បច្ចុប្បន្ន​នេះ ។ តើ​ជីវិត​របស់​ពួកគេ​អាច​ផ្លាស់ប្ដូរ​យ៉ាង​ដូចម្ដេច​ទៅ ប្រសិនបើ​ពួកគេ​បាន​រៀន​បន្ថែម​ទៀត​អំពី​ផែនការ​របស់​ព្រះវរបិតាសួគ៌​សម្រាប់​សុភមង្គល​របស់​ពួកគេ​នោះ ? នៅពេល​អ្នក​សិក្សា​ពី​គំរូ​របស់​អ្នកផ្សព្វ​ផ្សាយ​សាសនា​នៅក្នុង​ព្រះគម្ពីរ​មរមន សូម​អធិស្ឋាន​គិត​ដល់​នរណាម្នាក់ ដែល​អ្នក​អាច​ចែកចាយ​ដំណឹងល្អ​ជាមួយ​បាន ។ សូម​ចាំ​ថា នៅពេល​អ្នក​ចែកចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ នោះ​អ្នក​កំពុង​តែ​ចូលរួម​ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល​ហើយ ។

ផ្នែក​ទី ១

តើ​ការពង្រឹង​ការប្រែចិត្ត​ជឿ​របស់​ខ្ញុំ អាច​បង្កើន​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ចែកចាយ​ដំណឹងល្អ​តាម​របៀបណា ?

បុត្រា​ទាំង​បួន​អង្គ​របស់​ស្ដេច​ម៉ូសាយ ( អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ) បាន​នៅ​ជាមួយ​នឹង​អាលម៉ា​ជាកូន នៅពេល​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះ​កាយ ហើយ​បាន​ហៅ​លោក​ឲ្យ​ប្រែចិត្ត ។ យុវជន​ទាំង​ប្រាំ​នាក់​បាន​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់​ពួកគេ បាន​ប្រែចិត្ត​ពី​អំពើបាប​របស់​ពួកគេ ហើយ​បាន​ប្រែចិត្ត​ជឿ​លើ​ព្រះអម្ចាស់ ។ ក្រោយពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ នោះ​ពួកគេ « បាន​ទៅជា​គ្រឿង​ឧបករណ៍​ទាំងឡាយ​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ​ក្នុង​ការនាំ​មនុស្ស​ជាច្រើន​ឲ្យ​ស្គាល់​សេចក្ដីពិត មែនហើយ ឲ្យ​ស្គាល់​ព្រះ​ដ៏ប្រោសលោះ​របស់​គេ » ( ម៉ូសាយ ២៧:៣៦ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន ម៉ូសាយ ២៨:១–៣ ដោយ​រកមើល​របៀប​ដែល​ការប្រែចិត្ត​ជឿ​នៃ​ពួកបុត្រា​របស់​ម៉ូសាយ​បាន​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់​ពួកទ្រង់​ដើម្បី​ចែកចាយ​ដំណឹងល្អ ហើយ​ធ្វើជា​ឧបករណ៍​ទាំងឡាយ​ក្នុង​ព្រះហស្ដ​នៃ​ព្រះ ។

បន្ទាប់ពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​អស់ជា​ច្រើន​ឆ្នាំ​នៅក្នុង​ចំណោម​ពួកសាសន៍​លេមិន នោះ​អាំម៉ូន​បាន​ថ្លែង​ដូច​តទៅ​នេះ​ទៅកាន់​បងប្អូនប្រុស​របស់​លោក ៖ « នេះ​ហើយ​គឺជា​ព្រះពរ ដែល​បាន​ប្រទាន​ដល់​យើង ដែល​ថា​យើង​បាន​ធ្វើ​ជា​គ្រឿង​ឧបករណ៍​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ ដើម្បី​នាំ​មក​នូវ​កិច្ចការ​ដ៏​មហិមា » នៃ​សេចក្ដី​សង្គ្រោះ​នេះ ( អាលម៉ា ២៦:៣ ) ។

ប្រធាន ដាល្លិន អេក អូក នៃ​គណៈប្រធាន​ទីមួយ​បាន​បង្រៀន​ដូច​ខាងក្រោម​នេះ អំពី​របៀប​ដែល​ការប្រែចិត្ត​ជឿ​របស់​យើង​មាន​ឥទ្ធិពល​លើ​បំណង​ប្រាថ្នា​របស់យើង​ដើម្បី​ចែកចាយ​ដំណឹងល្អ ៖

រូបភាព
ប្រធាន ដាល្លិន អេក អូក

ការចែកចាយ​ដំណឹងល្អ​ពុំមែន​ជាបន្ទុក​ឡើយ ប៉ុន្តែ​ជា​អំណរ​វិញ ។ អ្វីដែល​យើង​ហៅថា « កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​សមាជិក » នោះ​គឺ​ពុំមែន​ជា​កម្មវិធី​ឡើយ ប៉ុន្តែ​វាជា​ឥរិយាបថ​នៃ​សេចក្តី​ស្រឡាញ់ និង​ឈោង​ទៅជួយ​អ្នក​នៅជុំវិញ​យើង​ទៅវិញ​ទេ ។ វា​ក៏ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ទីបន្ទាល់ អំពី​របៀប​ដែល​យើង​ទទួល​អារម្មណ៍​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​យើង​ផងដែរ ។ ដូច​អែលឌើរ បាឡឺដ បាន​បង្រៀន​ថា « ភស្តុតាង​ដ៏​សំខាន់​បំផុត​នៃ​ការប្រែចិត្ត​ជឿ​របស់​យើង និង​របៀប​ដែល​យើង​ទទួល​អារម្មណ៍​អំពី​ដំណឹងល្អ​នៅក្នុង​ជីវិត​យើង​ផ្ទាល់ គឺជា​ឆន្ទៈ​របស់​យើង​ដើម្បី​ចែកចាយ​វាជាមួយ​អ្នកដទៃ » [ អិម រ័សុល បាឡឺដ « Now Is the Time » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៨៩ ] ។ ( «Sharing the Restored Gospel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៦០ )

រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​រក​ឧទាហរណ៍​មួយ​ចេញពី​ព្រះគម្ពីរ ឬ​ប្រវត្តិ​សាសនាចក្រ​ស្ដីពី​របៀប​ដែល​ការប្រែចិត្ត​ជឿ​បាន​បង្កើន​បំណង​ប្រាថ្នា និង​ឆន្ទៈ​របស់​នរណាម្នាក់​ឲ្យ​ធ្វើជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​ចែកចាយ​ដំណឹងល្អ ។ សូម​មក​រៀន​ដោយ​មាន​ការរៀបចំ​ដើម្បី​ចែកចាយ​ឧទាហរណ៍​របស់​អ្នក ។

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​របៀប​ណា ?

ពួកបុត្រា​របស់​ម៉ូសាយ និង​អស់​អ្នក​ដែល​បាន​ទៅ​ជាមួយ​ពួកទ្រង់​បាន​ប្រឈម​នឹង « ប្រជាជន​មួយ​ដែល​ព្រៃផ្សៃ រឹងរូស និង​សាហាវ » នៅពេល​ពួកគេ​បាន​ទៅ​បង្រៀន​ពួកសាសន៍​លេមិន ( អាលម៉ា ១៧:៨, ១៤ ) ។ នៅពេល​ពួកគេ​បាន​ធ្វើការ​នៅក្នុង​ចំណោម​សាសន៍​លេមិន ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ « បាន​រងទុក្ខ​ជាច្រើន ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដូចជា​ការអត់ឃ្លាន ការស្រេក និង​ការនឿយហត់ ព្រមទាំង​ការនឿយហត់​ខាង​ផ្លូវ​វិញ្ញាណ​ផង » ( អាលម៉ា ១៧:៥ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ១៧:២–៣, ៩–១១ ដោយ​រកមើល​អ្វី​ដែល​ពួកបុត្រា​របស់​ម៉ូសាយ​បាន​ធ្វើ​ដើម្បី​ទទួលបាន​វិញ្ញាណ​នៃ​វិវរណៈ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ក្លាយជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ព្រះហស្ដ​នៃ​ព្រះ ។ សូម​គិត​ពី​ការគូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

រូបភាព
អាំម៉ូន​អធិស្ឋាន​ជាមួយ​នឹង​បងប្អូន​ប្រុស​របស់​លោក
រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​មាន​សកម្មភាព​អ្វីខ្លះ ដែល​បាន​ជួយ​អ្នក​ខ្លាំង​បំផុត​ដើម្បី​មាន​ភាពស័ក្ដិសម​នឹង​ព្រះវិញ្ញាណ ដើម្បី​ក្លាយជា​ឧបករណ៍​ដែល​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ព្រះហស្ដ​នៃ​ព្រះ ?

ផ្នែក​ទី ៣

តើ​ព្រះវិញ្ញាណ​អាច​ជួយ​ខ្ញុំ​ឲ្យ​បម្រើ​មនុស្ស​ដទៃ និង​ចែកចាយ​ដំណឹងល្អ​កាន់តែ​ប្រសើរ​ឡើង​តាម​របៀបណា ?

ពួកបុត្រា​របស់​ម៉ូសាយ​បាន​ក្លាយ​ទៅជា​គ្រឿង​ឧបករណ៍​ទាំងឡាយ​នៅក្នុង​ព្រះហស្ត​នៃ​ព្រះ ក្នុង​ការជួយ​នាំ​ពួកសាសន៍​លេមិន​ជាច្រើន​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ ។ អាំម៉ូន​បាន​ធ្វើ​ដំណើរ​តែឯង​ទៅកាន់​ដែនដី​អ៊ីសម៉ាអែល ហើយ​លោក​ត្រូវបាន​គេ​ចង ហើយ​នាំ​យក​ទៅ​គាល​ស្ដេច​ឡាម៉ូណៃ ។ ស្ដេច​បាន​សួរ​អាំម៉ូន​អំពី​គោលបំណង​របស់​លោក ហើយ​អាំម៉ូន​បាន​ទូល​ថា លោក​ចង់​រស់នៅ​ក្នុង​ចំណោម​ពួកសាសន៍​លេមិន ប្រហែល​អស់​មួយ​ជីវិត​របស់​លោក ។ ការណ៍​នេះ​បាន​ធ្វើឲ្យ​ស្ដេច​សព្វ​ព្រះទ័យ ហើយ​អាំម៉ូន​បាន​ក្លាយជា​អ្នកបម្រើ​ម្នាក់​របស់​ទ្រង់ ។ ( សូមមើល អាលម៉ា ១៧:១៩–២៥ ) ។

អាំម៉ូន​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​មើល​ហ្វូងចៀម​របស់​ស្ដេច ។ នៅពេល​ពួកចោរ​បាន​ព្យាយាម​ដេញ​បង្អើល​ចៀម នោះ​អាំម៉ូន​បាន​បង្អាក់​កិច្ចការ​របស់​ចោរ​ដោយ​ប្រើ​ខ្សែ​ដង្ហក់ និង​ដាវ​របស់​លោក ។ ពួកចោរ​បាន​ភាំង​នឹង​កម្លាំង​របស់​អាំម៉ូន ហើយ​បាន​រត់​គេច​ខ្លួន ។ ( សូមមើល អាលម៉ា ១៧:២៥, ៣៣–៣៨ ) ។

រូបភាព
អាំម៉ូន​ការពារ​ហ្វូងចៀម​របស់​ស្ដេច​ឡាម៉ូណៃ

នៅពេល​ស្ដេច​ឡាម៉ូណៃ​បាន​ជ្រាប​ពី​ជោគជ័យ​របស់​អាំម៉ូន​ក្នុង​ការការពារ​ហ្វូងចៀម​របស់​ទ្រង់ នោះ​ទ្រង់​មាន​សេចក្ដី​អស្ចារ្យ និង​ងឿងឆ្ងល់​ថា តើ​អាំម៉ូន​ជា « ព្រះវិញ្ញាណ​ដ៏​មហិមា ដែល​ដាក់​ទោស​ដ៏​ធំ​មក​លើ​ប្រជាជន​នេះ » ឬ​យ៉ាង​ណា ( អាលម៉ា ១៨:២ ) ។ « អាំម៉ូន​បាន​ពោរពេញ​ទៅ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ » ( ខទី ១៦ ) អាច​ដឹង​ពី​ព្រះទ័យ​របស់​ស្ដេច ថ្លែង​ពី​ក្ដីកង្វល់​របស់​ទ្រង់ ហើយ​ចាប់ផ្ដើម​បង្រៀន​ទ្រង់​អំពី ដំណឹងល្អ ( សូមមើល អាលម៉ា ១៨:១៥–២៤ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​រៀបចំ​សម្រាប់​ថ្នាក់រៀន

សូម​អាន អាលម៉ា ១៨:៣៣–៣៥ ហើយ​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​អាច​រៀន​មក​អាំម៉ូន អំពី​ការធ្វើ​ជា​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ។

រូបភាព
អាំម៉ូន​ឈរនៅ​ចំពោះ​ព្រះភ័ក្រ្ត​ស្ដេច​ឡាម៉ូណៃ

ស្ដេច​ឡាម៉ូណៃ​បាន​ជឿ​ពាក្យ​ពេចន៍​របស់​អាំម៉ូន ហើយ​បាន​ប្រែចិត្ត​ជឿ​លើ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ អាំម៉ូន​ក៏​អាច​បង្រៀន​មហេសី​របស់​ឡាម៉ូណៃ និង​អ្នកបម្រើ​របស់​ស្ដេច​ផងដែរ ។ ពួកគេ​ជាច្រើន​នាក់​បាន​ជឿ​លើ​ការបង្រៀន​របស់​អាំម៉ូន ហើយ​បាន​ថ្លែង​ទីបន្ទាល់​ថា « ចិត្ត​គេ​បាន​ផ្លាស់​ប្ដូរ » ( អាលម៉ា ១៩:៣៣ ) ។ ដោយសារ​អាំម៉ូន​បាន​ក្លាយជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​របស់​ព្រះ នោះ « កិច្ចការ​នៃ​ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ឡើង​នៅក្នុង​ចំណោម​ពួកសាសន៍​លេមិន [ នៅក្នុង​ផ្នែក​នោះ ] » ( អាលម៉ា ១៩:៣៦ ) ។

ខណៈ​បទពិសោធន៍​របស់​យើង​មិន​អាច​អស្ចារ្យ​ខ្លាំង​ដូចជា​បទពិសោធន៍​របស់​អាំម៉ូន ក៏​យើង​អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​មនុស្ស​ដទៃ​បាន​ដែរ នៅពេល​យើង​រៀបចំ​ខ្លួន​យើង​ដើម្បី​ក្លាយជា​ឧបករណ៍​ទាំងឡាយ​នៅក្នុង​ព្រះហស្ដ​នៃ​ព្រះ ។

រូបភាព
ស្ដ្រី​ពីរនាក់​កំពុង​សន្ទនា​គ្នា

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ពី​របៀប​ដែល​យើង​អាច​ចែកចាយ​ដំណឹងល្អ​ដល់​អ្នកដទៃ ៖

រូបភាព
អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ

មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​លើ​ផែនដី​នេះ​ទេ មាន​ឱកាស​ច្រើន​រាប់​មិន​អស់​ដើម្បី​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​មនុស្ស​ដែល​បងប្អូន​ជួប សិក្សា​ជាមួយ រស់នៅ ឬ​ធ្វើការ​ជាមួយ និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ ។ …

តាម​វិធីណា​ក៏ដោយ​ដែល​វា​ងាយស្រួល​សម្រាប់​បងប្អូន សូម​ចែកចាយ​ជាមួយ​នឹង​មនុស្សម្នា​អំពី​មូលហេតុ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​សំខាន់​ចំពោះ​បងប្អូន ។ …

មិន​អធិស្ឋាន​សម្រាប់​តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដើម្បី​ស្វែងរក​មនុស្ស​ជម្រើស​ប៉ុណ្ណោះ​នោះទេ ។ សូម​អធិស្ឋាន​ជា​ប្រចាំ​ថ្ងៃ​ដោយ​អស់​ពី​ដួងចិត្ត​បងប្អូន ដើម្បី​បងប្អូន​នឹង​រកឃើញ​អ្នក​ទាំងឡាយ​ដែល​នឹង មក​ហើយ​មើល មក​ហើយជួយ និង មក​ហើយ​នៅ ។ ( «Missionary Work: Sharing What Is in Your Heart » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១៥, ១៧ )

រូបភាព
រូបតំណាង​ការសញ្ជឹង​គិត

សញ្ជឹង​គិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់រៀន

តើ​អ្នក​បាន​ធ្វើ​ការណ៍​អ្វីខ្លះ ដើម្បី​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ដែល « ងាយស្រួល » ? នៅពេល​អ្នក​គិត​អំពី​ការអញ្ជើញ​នរណាម្នាក់​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ តើ​អ្នក​គិត​ដល់​នរណា ? តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ជា​ឧបករណ៍​មួយ​នៅក្នុង​ព្រះហស្ដ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ដល់​អស់​អ្នក​ដែល​អ្នក​គិត​ដល់​នោះ ?