ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា


« មេរៀនទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ ៖ ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន ( ឆ្នាំ ២០២១ )

« មេរៀន​ទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់ » ការបង្រៀន និង​គោលលទ្ធិ​នៃ​ព្រះគម្ពីរ​មរមន ឯកសារ​គ្រូបង្រៀន

មេរៀនទី ២០ ឯកសារ​រៀបចំ​សម្រាប់​ថ្នាក់

ពរជ័យ​ទាំងឡាយ​នៃ​សេរីភាព​ខាង​សាសនា

រូបភាព
មេទ័ព​មរ៉ូណៃ​លើក​ទង់​ឥស្សរភាព ( មេទ័ព​មរ៉ូណៃ និង​ទង់​ឥស្សរភាព ) ដោយ អាណុល ហ្វ្រីបើក

តើ​សេរីភាព​ខាង​សាសនា​មាន​សារៈសំខាន់​ខ្លាំង​ប៉ុណ្ណា​ដែរ​ចំពោះ​អ្នក ? ដូច​ដែល​បាន​កត់ចំណាំ​នៅក្នុង​គេហទំព័រ​ព័ត៌មាន​ក្នុង​សាសនាចក្រ « សេរីភាព​ខាង​សាសនា​គឺជា​មូលដ្ឋាន​នៃ​សិទ្ធិ​មនុស្ស ដែល​ការពារ​ដល់​សតិសម្បជញ្ញៈ​របស់​មនុស្ស​ទាំងអស់ ។ វា​អនុញ្ញាត​ឲ្យ​យើង​គិត បង្ហាញ និង​ធ្វើ​សកម្មភាព​តាម​អ្វី​ដែល​យើង​ជឿ​យ៉ាង​ជ្រាលជ្រៅ ។ … [ វា ] ការពារ​ដល់​សិទ្ធិ​របស់​ក្រុម និង​បុគ្គល​ទាំងអស់ រួមទាំង​អ្នកដែល​ងាយ​រងគ្រោះ​បំផុត មិន​ថា​ពួកគេ​ជឿ​លើ​សាសនា​ឬ​អត់​នោះ​ទេ » ( « Religious Freedom » នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ) ។

ដោយ​ថ្លែង​អំពី​ជំនាន់​របស់​យើង នោះ​អែលឌើរ រ៉ូបឺត ឌី ហ៊ែល ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ធ្វើការ​ព្រមាន​ថា « [ សាតាំង ] កំពុង​បន្ទាប​បន្ថោក ប្រឆាំង និង​ផ្សព្វ​ផ្សាយ​ការភាន់​ច្រឡំ​យ៉ាង​ពេញ​ទំហឹង​អំពី​សេរីភាព​ខាង​សាសនា—ថា​វា​ជា​អ្វី និង​ហេតុអ្វី​បានជា​វា​សំខាន់​ចំពោះ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង និង​សេចក្តី​សង្គ្រោះ​របស់​យើង » ( « Preserving Agency, Protecting Religious Freedom » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៥ ទំព័រ ១១២ ) ។ នៅពេល​អ្នក​សិក្សា​រៀបចំ​សម្រាប់​ថ្នាក់រៀន សូម​ពិចារណា​ពី​អ្វី​ដែល​ព្រះគម្ពីរ​មរមន​អាច​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​សេរីភាព​ខាង​សាសនា ហើយ​ពិចារណា​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​លើកស្ទួយ ថែរក្សា និង​ការពារ​វា ។

ផ្នែក​ទី ១

តើ​សេរីភាព​ខាង​សាសនា​ការពារ​ជំនឿ​របស់​ខ្ញុំ និង​របៀប​ដែល​ខ្ញុំ​ជ្រើសរើស​រស់នៅ​តាម​ជំនឿ​នោះ​ដោយ​របៀប​ណា ?

សូមមើល​វីដេអូ « Preserving Religious Freedom » ( ៣:៥៩ ) ។

ក្នុង​ប្រវត្តិសាស្ដ្រ​ទាំងមូល សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​​ដើម្បី​ធ្វើ​សកម្មភាព​តាម​ជំនឿ​របស់​យើង ជាញឹកញាប់​ត្រូវបាន​គេ​សាកល្បង ហើយ​ថែម​ទាំង​ត្រូវបាន​គេ​បំបិទ​សិទ្ធិ​ទៀត​ផង ។ ឧទាហរណ៍ ក្នុង​អំឡុង​រជ្ជកាល​ស្ដេច​ម៉ូសាយ ការបៀតបៀន​ដល់​សមាជិក​សាសនាចក្រ​ពី​សំណាក់​ពួកអ្នក​ដែល​មិន​ជឿ​បាន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ( សូមមើល ម៉ូសាយ ២៧:១ ) ។

រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន​ដំណើររឿង​នេះ​នៅក្នុង ម៉ូសាយ ២៧:១–៤ ដោយ​រកមើល​របៀប​ដែល​ថ្នាក់ដឹកនាំ​សាសនាចក្រ និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​បាន​ធ្វើការ​រួមគ្នា​ដើម្បី​បង្កើត​ឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ជូន​ប្រជាជន ។

សេរីភាព​ខាង​សាសនា​មិន​ត្រឹមតែ​ការពារ​ដល់​សិទ្ធិ​បញ្ចេញ​មតិ​របស់​អ្នក​ដែល​ជឿ​លើ​សាសនា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​លើក​ស្ទួយ​ដល់​សិទ្ធិ​របស់​អ្នក​ដែល​មិន​ជឿ​លើ​សាសនា ឬ​អ្នក​មាន​ជំនឿ​ខុសគ្នា​ផងដែរ ។ គំរូ​មួយ​នៃ​ការណ៍​នេះ​គឺ​នៅក្នុង​ដំណើររឿង​របស់​កូរីហូរ ។ កូរីហូរ​បាន​រស់នៅ​អំឡុង​រជ្ជកាល​នៃ​ពួក​ចៅក្រម ជា​ប្រព័ន្ធ​រដ្ឋាភិបាល​មួយ​ដែល​ត្រូវបាន​រៀបចំ​ដើម្បី​រក្សា និង​ការពារ​សេរីភាព​របស់​ប្រជាជន​ពី​ពួកស្ដេច​មិន​សុចរិត ( សូមមើល ម៉ូសាយ ២៩ ) ។ កូរីហូរ​បាន​ផ្សព្វផ្សាយ « ថា គ្មាន​ព្រះគ្រីស្ទ​ទេ » ( អាលម៉ា ៣០:១២ ) ។ គាត់​បាន​អះអាង​ថា ពុំ​មាន​អំពើបាប​ទេ ហើយ​ថា​បុគ្គល​ម្នាក់ៗ​បាន​រីកចម្រើន​ឡើង ស្របតាម​ប្រាជ្ញា​ផ្ទាល់ខ្លួន​របស់​គេ ។ ការបង្រៀន​របស់​កូរីហូរ​បាន​ដឹកនាំ​មនុស្ស​ជាច្រើន​ឲ្យ​ចាកចេញ​ពី​ព្រះអម្ចាស់ ។ ( សូមមើល អាលម៉ា ៣០:៦, ១២–១៨ ) ។

រូបភាព
កូរីហូរ​ប្រឈម​មុខ​នឹង​អាលម៉ា ដោយ រ៉ូប៊ើត ធី បារែត
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន អាលម៉ា ៣០:៧–៩, ១១ ហើយ​រក​មូលហេតុ​ដែល​កូរីហូរ​មាន​សិទ្ធិ​ដើម្បី​បង្ហាញ​ពី​ជំនឿ​របស់​គាត់ ។

នៅក្នុង អាលម៉ា ៣០:២៩–៥៨ យើង​អាន​ថា កូរីហូរ​ត្រូវបាន​នាំ​មក​កាន់​ព្យាការី​អាលម៉ា និង​មេ​ចៅក្រម​នៅ​ក្រុង​សារ៉ាហិមឡា ហើយ​អាលម៉ា​បាន​ពោលពាក្យ​ប្រឆាំង​នឹង​ការបង្រៀន​របស់​កូរីហូរ តាមរយៈ​ការថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ គឺ​ដូចជា​កូរីហូរ​ដែល​មាន​សិទ្ធិ​បង្ហាញ​ពី​ការឥត​មាន​ជំនឿ​លើ​ព្រះ​របស់​គាត់​ដែរ នោះ​អាលម៉ា​មាន​សេរីភាព​ដើម្បី​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ។ ដោយ​ជ្រើសរើស​មិន​ជឿ​លើ​អាលម៉ា កូរីហូរ​បាន​ទាមទារ​ឲ្យ​មាន​ទីសម្គាល់​មកពី​ព្រះ ហើយ​ត្រូវបាន​ធ្វើ​ឲ្យ​គ ។ ក្រោយពី​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ នោះ​អស់​អ្នក​ដែល​បាន​ជឿ​លើ​កូរីហូរ​បាន​ត្រឡប់​មក​ជឿ​ថា កូរីហូរ​ខុសឆ្គង ហើយ « ពួកគេ​ទាំងអស់​គ្នា​បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះអម្ចាស់​ទៀត » ( ខទី ៥៨ ) ។

ដោយ​ថ្លែង​ពី​សារៈសំខាន់​នៃ​ការការពារ​សេរីភាព​ខាង​សាសនា​សម្រាប់​មនុស្ស​ទាំងអស់ នោះ​ព្យាការី យ៉ូសែប ស្ម៊ីធ​បាន​ថ្លែង​ថា

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ស្លាប់​ក្នុង​ការការពារ​សិទ្ធិ​របស់​ពួក​ប្រែសប៊ីធារាន ពួក​បាទីស្ទ ឬ​មនុស្ស​ល្អ​នៃ​និកាយ​ផ្សេងៗ​ទៀត [ ដូច​អស់​អ្នក​ដែល​ជា​សមាជិក​សាសនាចក្រ​នេះ​ដែរ ]; ដោយសារ​ហេតុផល​ដូចគ្នា​នេះ​ដែល​គេ​អាច​នឹង​ជាន់ឈ្លី​សិទ្ធិ​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នោះ​វា​នឹង​ជាន់ឈ្លី​ដល់​សិទ្ធិ​របស់​ពួកកាតូលិក​រ៉ូម៉ាំង ឬ​និកាយ​ផ្សេងៗ​ទៀត​ដែល​មិន​សូវ​ល្បីល្បាញ ឬ​ទន់ខ្សោយ​ខ្លាំង​ដើម្បី​ការពារ​ខ្លួន​គេ​បាន​ដែរ ។ ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៣៤៥ )

យ៉ូសែប ស៊្មីធ ក៏​បាន​គូស​បញ្ជាក់​ផងដែរ​ថា សេរីភាព​ខាង​សាសនា​គឺជា​ការបង្រៀន​គ្រឹះ​របស់​សាសនាចក្រ ៖ « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការថ្វាយបង្គំ​ព្រះ​ដ៏​មាន​មហិទ្ធីឫទ្ធិ ស្របតាម​ការណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ដូចគ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា​នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:១១ ) ។

រូបភាព
លោក​នេន​អាន​អត្ថបទ​ធម៌​ព្រះពុទ្ធ​សាសនា​ដ៏​ពិសិដ្ឋ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចេញផ្សាយ​សេចក្ដី​ថ្លែងការណ៍​ដូច​ខាងក្រោម​នេះ អំពី​ការធ្វើការ​ដោយ​សន្ដិភាព​សម្រាប់​សេរីភាព​ខាង​សាសនា ៖

នៅ​កន្លែង​ណា​ដែល​ច្បាប់​រឹតបន្ដឹង​សេរីភាព​ខាង​សាសនា នោះ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជឿ​លើ​ការគោរព​តាម​ច្បាប់ ខណៈ​ពេល​ស្វែងរក​ការការពារ​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ តាមរយៈ​មធ្យោបាយ​ផ្លូវ​ច្បាប់​ទាំងឡាយ​ដែល​មាន​នៅក្នុង​ប្រព័ន្ធ​យុត្តាធិកា ឬ​ប្រទេស​នីមួយៗ ។ ( « Religious Freedom: The Basics » នៅលើ​គេហទំព័រ ChurchofJesusChrist.org )

រូបភាព
រូបតំណាង​ការពិភាក្សា

ពិភាក្សា​ក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​ពិចារណា​ធ្វើការ​សន្ទនា​ជាមួយ​នឹង​មនុស្ស​ម្នាក់ ឬ​ច្រើន​នាក់​ដែល​មាន​សេចក្ដី​ជំនឿ​ផ្សេង ហើយ​សូម​សួរ​ពួកគេ​ថា ហេតុអ្វី​សាសនា​របស់​ពួកគេ​សំខាន់​ចំពោះ​ពួកគេ និង​សួរ​ថា​តើ​ពួកគេ​ធ្លាប់​ជួប​នឹង​ការបៀតបៀន​ខាង​សាសនា​ដែរ​ឬទេ ។ សូម​មក​កាន់​ថ្នាក់រៀន​ដោយ​បាន​ត្រៀម​ខ្លួន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​រៀន ។

រូបភាព
បុរសៗ​កំពុង​អធិស្ឋាន​នៅ​ជញ្ជាំង​ភាគ​ខាង​លិច​នៅ​ទីក្រុង​យេរូសាឡិម

ផ្នែក​ទី ២

តើ​ខ្ញុំ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​លើក​ស្ទួយ ឬ​ថែរក្សា​សេរីភាព​ខាង​សាសនា ?

វា​អាច​មាន​អត្ថប្រយោជន៍​ដើម្បី​ពិចារណា​ពី​ឧទាហរណ៍​មួយ​ចំនួន​អំពី​សភាព​ជីវិត​នេះ បើ​គ្មាន​សេរីភាព​ខាង​សាសនា​ទេ​នោះ ។ សូម​ស្រមៃ​ថា អ្នក​កំពុង​ប្រឈម​នឹង​ស្ថានភាព​ខាងក្រោម​នេះ​មួយ ឬ​ច្រើន ដែល​សេរីភាព​ខាង​សាសនា​ត្រូវបាន​ដាក់​កំហិត ៖

  • អ្នក​អាច​បាត់បង់​ការងារ ឬ​តំណែង​ថ្នាក់​ដឹកនាំ​របស់​អ្នក​ដោយសារ​ការបង្ហាញ​ជំនឿ​ខាង​សាសនា—ទោះបីជា​នៅ​ក្រៅ​កន្លែង​ធ្វើការ​ក្ដី ។ …

  • អ្នក​អាច​តម្រូវ​ឲ្យ​លាក់បាំង​សាសនា​របស់​អ្នក ឬ​ធ្វើ​កិច្ចការ​នៅ​កន្លែង​ធ្វើការ​ដែល​ប្រឆាំង​នឹង​ជំនឿ​របស់​អ្នក ។ …

  • អ្នក​អាច​តម្រូវ​ឲ្យ​ធ្វើការ​នៅ​ថ្ងៃ​ឈប់​សម្រាក ឬ​ថ្ងៃ​បុណ្យ​សាសនា ទោះបី​មាន​មនុស្ស​ដទៃ​ទៀត​ស្ម័គ្រចិត្ត​ប្ដូរ​វេណ​ជាមួយ​អ្នក​ក្ដី ។ …

  • កូនៗ​របស់​អ្នក​នៅ​សាលា​រដ្ឋ​អាច​តម្រូវ​ឲ្យ​រៀន​អំពី​ទ្រឹស្ដី​ខាង​ភេទ និង​យេនឌ័រ ដែល​ផ្ទុយ​ពី​ការបង្រៀន​​ជាមូលដ្ឋានគ្រឹះ​ក្នុង​សាសនាចក្រ ។ …

  • អ្នក​មិន​អាច​សុំ​កូន​មក​ចិញ្ចឹម ឬ​ក្លាយជា​ឪពុក ឬ​ម្ដាយ​ចិញ្ចឹម​បាន​ដោយសារតែ​ជំនឿ ឬ​ទស្សនៈ​ខាង​សាសនា​របស់​អ្នក​ស្ដីពី​ក្រុមគ្រួសារ ។

  • ក្នុង​នាម​ជា​ម្ចាស់​អាជីវកម្ម ឬ​អ្នកមាន​វិជ្ជាជីវៈ​ម្នាក់ អ្នក​អាច​បាត់បង់​អាជ្ញាប័ណ្ណ​របស់​អ្នក ឬ​ត្រូវបាន​គេ​ផាក​ពិន័យ ប្រសិនបើ​អ្នក​បដិសេធ​មិន​ផ្ដល់​សេវាកម្ម​ដែល​ផ្ទុយ​ពី​ជំនឿ​សាសនា​របស់​អ្នក ។ ( « Religious Freedom Matters: What’s at Risk » Ensign ខែ កក្កដា ឆ្នាំ ២០១៧ ទំព័រ ៣៧ )

ព្រះគម្ពីរ​មរមន​កត់ត្រា​ថា នៅក្នុង​ឆ្នាំ​ទី ១៩ នៃ​រជ្ជកាល​ពួក​ចៅក្រម នោះ​មាន​បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ អាម៉ាលិកាយ បាន​សម​គំនិត​ចង់​ធ្វើ​ជា​ស្ដេច​លើ​ពួកសាសន៍​នីហ្វៃ ។ គាត់​បាន​ព្យាយាម​រក​ល្បិចកល​ដើម្បី​បំផ្លាញ​សាសនាចក្រ​របស់​ព្រះអម្ចាស់ និង « មូលដ្ឋាន​នៃ​ឥស្សរភាព ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ពួកគេ » ( អាលម៉ា ៤៦:១០ ) ។ អាម៉ាលិកាយ​បាន​បញ្ជោរ​ពួកសាសន៍​នីហ្វៃ​ជាច្រើន​នាក់ ហើយ​ពួកសាសន៍​នីហ្វៃ​ទាំងនេះ​បាន​ចាកចេញ​ពី​សាសនាចក្រ​ដើម្បី​ដើរតាម​គាត់ ។ ( សូមមើល អាលម៉ា ៤៦:១–១០ ) ។

នៅពេល​មរ៉ូណៃ ដែល​ជា​មេទ័ព​នៃ​កងពល​សាសន៍​នីហ្វៃ បាន​ដឹង​ពី​ផែនការ​របស់​អាម៉ាលិកាយ នោះ​លោក​បាន​ខឹង​សម្បារ ហើយ​ដើរ​កេណ្ឌ​ប្រជាជន​ឲ្យ​ការពារ​សិទ្ធិ​របស់​ពួកគេ រួម​ទាំង​សេរីភាព​ខាង​សាសនា​របស់​ពួកគេ​ផងដែរ ( សូមមើល អាលម៉ា ៤៦:១១–១៣, ១៩–២០ ) ។

រូបភាព
លើក​ទង់​ឡើង ( ទង់​ឥស្សរភាព ) ដោយ វ៉លធើរ រេន
រូបភាព
រូបតំណាង​ការសិក្សា

ការសិក្សា​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

សូម​អាន អាលម៉ា ៤៦:១១–១៣, ១៩–២០ ហើយ​រកមើល​អ្វី​ដែល​មេទ័ព​មរ៉ូណៃ​បាន​ធ្វើ ដើម្បី​ការពារ​ប្រជាជន​ពី​ការគំរាម​កំហែង​ដល់​សេរីភាព​របស់​ពួកគេ ។

ប្រជាជន​បាន​ចូលរួម​បុព្វហេតុ​ជាមួយ​នឹង​មរ៉ូណៃ ហើយ​បាន​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ប្រឆាំង​នឹង​ការគំរាម​កំហែង​ដល់​សេរីភាព​របស់​ពួកគេ ( សូមមើល អាលម៉ា ៤៦:២១–២២ ) ។ ដោយ​ពោល​ពី​កាតព្វកិច្ច​របស់​យើង​ដើម្បី​គាំទ្រ​ដល់​សេរីភាព​ខាង​សាសនា នោះ​អែលឌើរ ហែល បាន​បង្រៀន ៖

រូបភាព
អែលឌើរ រ៉ូបឺត ឌី ហែល

ក្នុង​នាម​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​មាន​ទំនួល​ខុសត្រូវ​មួយ​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ​នឹង​ពួក​អ្នកជឿ​ដែល​មាន​ចិត្ត​ដូចគ្នា ដើម្បី​បន្លឺ​សំឡេង​របស់​យើង​ចំពោះ​អ្វី​ដែល​ត្រូវ ។ …

… យើង​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការថែរក្សា​សេរីភាព និង​សិទ្ធិ​ដ៏​ពិសិដ្ឋ​ទាំងនេះ​សម្រាប់​ខ្លួន​យើង និង​កូនចៅ​សណ្ដាន​ក្រោយ​យើង ។ តើ​អ្នក និង​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ ?

ទីមួយ យើង​អាច​ទទួល​ដឹង​ឮ ។ សូម​ដឹង​ពី​បញ្ហា​នៅក្នុង​សហគមន៍​របស់​អ្នក ដែល​អាច​មាន​ឥទ្ធិពល​លើ​ឥស្សរភាព​ខាង​សាសនា ។

ទីពីរ នៅក្នុង​សមត្ថភាព​ជា​បុគ្គល​របស់​អ្នក សូម​ចូលរួម​ជាមួយ​នឹង​មនុស្ស​ដទៃ​ដែល​មាន​ការប្ដេជ្ញា​ចិត្ត​ចំពោះ​សេរីភាព​ខាង​សាសនា​ដូចជា​យើង​ដែរ ។ សូម​ធ្វើការ​កៀក​ស្មា​គ្នា​ដើម្បី​ការពារ​សេរីភាព​ខាង​សាសនា ។

ទីបី រស់នៅ​ជីវិត​របស់​អ្នក​ដើម្បី​ធ្វើ​ជា​គំរូ​ល្អ​មួយ​ចំពោះ​អ្វី​ដែល​អ្នក​ជឿ—ទាំង​ពាក្យ​សម្ដី និង​ទង្វើ ។ របៀប​ដែល​យើង​រស់នៅ​តាម​សាសនា​យើង មាន​សារៈសំខាន់​ខ្លាំង​ជាង​អ្វី​ដែល​យើង​ថ្លែង​អំពី​សាសនា​យើង​ទៅ​ទៀត ។

ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​ខិត​កាន់តែ​ជិត​មក​ដល់​ហើយ ។ សូម​យើង​កុំ​ពន្យារពេល​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​នេះ​អី ។ សូម​ចងចាំ​ដល់​មេទ័ព​មរ៉ូណៃ ដែល​បាន​លើក​ទង់​ឥស្សរភាព​ឡើង [ សូមមើល អាលម៉ា ៤៦:១២ ] ។ … សូម​យើង​ចងចាំ​ដល់​ការឆ្លើយតប​របស់​ប្រជាជន ៖ ដោយ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ នោះ​ពួកគេ « បាន​នាំ​គ្នា​រត់​មក » ជាមួយ​នឹង​សេចក្ដី​សញ្ញា​ដើម្បី​ធ្វើ​សកម្មភាព [ អាលម៉ា ៤៦:២១ ] ។ ( « Preserving Agency, Protecting Religious Freedom » ទំព័រ ១១២, ១១៣ )

រូបភាព
រូបតំណាងការសញ្ជឹងគិត

សញ្ជឹងគិត​នៅក្នុង​ការរៀបចំ​សម្រាប់​ថ្នាក់

តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ជួយ​លើក​ស្ទួយ និង​ថែរក្សា​សេរីភាព​ខាង​សាសនា​នៅ​កន្លែង​ដែល​អ្នក​រស់នៅ ?

រូបភាព
ប្រធាន រ័សុល អិម ណិលសុន ចាប់​ដៃ​ជាមួយ​នឹង សម្តេច​ប៉ាប ហ្វ្រង់ស៊ីស