ជំពូកទី ២៧
ម៉ូសាយហាមមិនឲ្យមានការបៀតបៀន ហើយស្នើឲ្យមានភាពស្មើគ្នា — អាលម៉ា ជាកូន និងពួកបុត្រាបួននាក់នៃម៉ូសាយស្វែងរកបំផ្លាញសាសនាចក្រ — ទេវតាលេចមក ហើយបញ្ជាគេឲ្យឈប់ពីដំណើរអាក្រក់របស់គេ — អាលម៉ាក្លាយទៅជាគ — មនុស្សលោកទាំងអស់ត្រូវកើតម្ដងទៀត ដើម្បីទទួលសេចក្ដីសង្គ្រោះ — អាលម៉ា និងពួកបុត្រានៃម៉ូសាយប្រកាសប្រាប់ពីដំណឹងដ៏រីករាយ។ ប្រមាណជាឆ្នាំ ១០០–៩២ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ការបៀតបៀនទាំងឡាយដែលបានធ្វើទុក្ខមកលើសាសនាចក្រដោយពួកឥតជំនឿ នោះបានក្លាយទៅជាធំដ៏ក្រៃលែង រហូតដល់សាសនាចក្របានចាប់ផ្ដើមរអ៊ូរទាំ ហើយតវ៉ាដល់ពួកមេដឹកនាំរបស់គេអំពីរឿងនេះ ហើយពួកគេបានតវ៉ាដល់អាលម៉ា។ ហើយអាលម៉ាបានលាតត្រដាងរឿងនេះនៅចំពោះម៉ូសាយ ជាស្ដេចរបស់គេ។ ហើយម៉ូសាយបានប្រឹក្សាជាមួយនឹងពួកសង្ឃរបស់ទ្រង់។
២ហើយហេតុការណ៍បានកើតឡើងថា ស្ដេចម៉ូសាយបានផ្ញើសេចក្ដីប្រកាសមួយទូទៅទាំងដែនដីនៅព័ទ្ធជុំវិញថា ជនឥតជំនឿមិនត្រូវបៀតបៀនអស់អ្នកណា ដែលនៅក្នុងសាសនាចក្រនៃព្រះឡើយ។
៣ហើយមានបញ្ជាមួយយ៉ាងតឹងរឹងទូទៅអស់ទាំងសាសនាចក្រថា មិនត្រូវមានការបៀតបៀនទាំងឡាយនៅក្នុងចំណោមពួកគេឡើយ គឺត្រូវមានភាពស្មើគ្នានៅក្នុងចំណោមមនុស្សទាំងអស់វិញ
៤គឺពួកគេមិនត្រូវទុកឲ្យការឆ្មើងឆ្មៃ ឬការឡើងចាងរំខានដល់សេចក្ដីសុខសាន្តរបស់គេឡើយ គឺមនុស្សគ្រប់រូបត្រូវគោរពអ្នកជិតខាងខ្លួនដូចខ្លួនឯងផ្ទាល់ ដោយធ្វើការដោយដៃរបស់ខ្លួនផ្ទាល់ដើម្បីចិញ្ចឹមជីវិត។
៥មែនហើយ ហើយពួកសង្ឃ និងពួកគ្រូបង្រៀនទាំងអស់ ត្រូវធ្វើការដោយដៃរបស់គេផ្ទាល់ ដើម្បីចិញ្ចឹមជីវិតនៅក្នុងគ្រប់ករណីទាំងអស់ លើកលែងតែនៅក្នុងករណីឈឺ ឬទាល់ក្រខ្លាំង ហើយដោយធ្វើនូវការណ៍ទាំងនេះ នោះពួកគេបានបរិបូរទៅដោយព្រះគុណនៃព្រះ។
៦ហើយក៏ចាប់ផ្ដើមមានសេចក្ដីសុខសាន្តជាច្រើនទៀតនៅលើដែនដី ហើយប្រជាជនបានចាប់ផ្ដើមកើនឡើងជាខ្លាំង ហើយបានចាប់ផ្ដើមបែកចេញទៅពាសពេញលើផ្ទៃផែនដី មែនហើយ ទៅទិសខាងជើង និងទិសទាងត្បូង ទៅទិសខាងកើត និងទិសខាងលិច ដោយសង់ទីក្រុងធំៗ និងភូមិទាំងឡាយនៅគ្រប់ទិសទាំងបួននៃដែនដី។
៧ហើយព្រះអម្ចាស់ទ្រង់បានយាងមករកពួកគេ ហើយបានធ្វើឲ្យគេចម្រើនឡើង ហើយពួកគេបានក្លាយទៅជាប្រជាជនមួយដ៏ធំ ហើយមានទ្រព្យសម្បត្តិបរិបូរណ៍។
៨ឥឡូវនេះ ពួកបុត្រានៃម៉ូសាយត្រូវបានរាប់ក្នុងចំណោមពួកឥតជំនឿ ហើយកូនប្រុសម្នាក់របស់អាលម៉ា ក៏ត្រូវបានរាប់ក្នុងចំណោមពួកនោះដែរ គឺគាត់ត្រូវបានដាក់ឈ្មោះតាមឪពុកគាត់ថា អាលម៉ា ទោះជាយ៉ាងណាក៏ដោយ គង់តែគាត់បានក្លាយទៅជាមនុស្សម្នាក់ដ៏សែនអាក្រក់ ហើយថ្វាយបង្គំរូបព្រះ។ ហើយគាត់ជាមនុស្សពោលពាក្យច្រើន ហើយបាននិយាយបញ្ជោរជាច្រើនដល់ប្រជាជន ហេតុដូច្នេះហើយ គាត់បានដឹកនាំមនុស្សជាច្រើនឲ្យធ្វើតាមអំពើទុច្ចរិតទាំងឡាយដែលគាត់ធ្វើ។
៩ហើយគាត់បានក្លាយទៅជាការឧបសគ្គមួយដ៏ធំ ជំទាស់ការចម្រើនឡើងនៃសាសនាចក្រនៃព្រះ ដោយបានបង្វែរចិត្តមនុស្ស ដោយបានធ្វើឲ្យមានការបែកបាក់គ្នាជាច្រើននៅក្នុងចំណោមប្រជាជន ដោយបានបើកឱកាសឲ្យខ្មាំងសត្រូវរបស់ព្រះ អនុវត្តអំណាចរបស់វាទៅលើពួកគេ។
១០ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នៅពេលគាត់កំពុងតែចេញទៅកម្ទេចសាសនាចក្រនៃព្រះ ត្បិតគាត់បានទៅដោយសម្ងាត់ជាមួយនឹងពួកបុត្រានៃម៉ូសាយ ស្វែងរកកម្ទេចសាសនាចក្រចោល ហើយដឹកនាំប្រជាជននៃព្រះអម្ចាស់ឲ្យវង្វេងចេញ ផ្ទុយពីព្រះបញ្ញត្តិទាំងឡាយនៃព្រះ ឬនៃស្ដេច —
១១ហើយដូចជាខ្ញុំបានប្រាប់អ្នកមកហើយថា នៅពេលដែលពួកគេកំពុងតែចេញទៅបះបោរទាស់នឹងព្រះ មើលចុះ ទេវតានៃព្រះអម្ចាស់បានលេចខ្លួនដល់គេ ហើយទេវតានោះហាក់បីដូចជាចុះមកពីលើពពក ហើយលោកបាននិយាយ ហាក់បីដូចជាសូរផ្គរលាន់ ដែលធ្វើឲ្យផែនដីកក្រើកនៅត្រង់កន្លែងដែលពួកគេឈរ
១២ហើយពួកគេមានសេចក្ដីអស្ចារ្យជាខ្លាំង រហូតដល់គេដួលចុះទៅលើដី ហើយពុំយល់ពាក្យពេចន៍ ដែលលោកនិយាយមកកាន់គេសោះ។
១៣ទោះជាយ៉ាងណាក៏ដោយ គង់តែលោកបានស្រែកទៀតថា ៖ អាលម៉ាអើយ ចូរក្រោកឈរឡើង ត្បិតតើហេតុអ្វីបានជាអ្នកបៀតបៀនដល់សាសនាចក្រនៃព្រះ? ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ នេះគឺជាសាសនាចក្ររបស់យើង ហើយយើងនឹងតាំងវាឡើង ហើយគ្មានអ្វីនឹងមករំលំសាសនាចក្រនេះបានទេ លើកលែងតែអំពើរំលងនៃរាស្ត្រយើងប៉ុណ្ណោះ។
១៤ហើយម្ដងទៀត ទេវតានិយាយថា ៖ មើលចុះ ព្រះអម្ចាស់ទ្រង់បានឮពាក្យអធិស្ឋានទាំងឡាយរបស់រាស្ត្រទ្រង់ និងព្រមទាំងពាក្យអធិស្ឋានទាំងឡាយរបស់អ្នកបម្រើទ្រង់ផង គឺអាលម៉ា ជាឪពុកអ្នក ត្បិតលោកបានអធិស្ឋានដោយសេចក្ដីជំនឿដ៏ជោកជាំអំពីអ្នក សូមឲ្យអ្នកអាចបាននាំមកឲ្យស្គាល់នូវសេចក្ដីពិត ហេតុដូច្នេះហើយ ដោយគោលបំណងនេះហើយដែលខ្ញុំបានមកបរិវត្តអ្នកអំពីព្រះចេស្ដា និងសិទ្ធិអំណាចនៃព្រះ ដើម្បីឲ្យពាក្យអធិស្ឋានទាំងឡាយរបស់ពួកអ្នកបម្រើរបស់ទ្រង់ អាចបានឆ្លើយតបស្របតាមសេចក្ដីជំនឿរបស់គេ។
១៥ហើយឥឡូវនេះ មើលចុះ តើអ្នកអាចប្រកែកនឹងព្រះចេស្ដានៃព្រះបានទេ? ត្បិតមើលចុះ តើសំឡេងរបស់ខ្ញុំមិនបានធ្វើឲ្យផែនដីកក្រើកទេឬអី? ហើយតើអ្នកមិនឃើញខ្ញុំនៅខាងមុខអ្នកទេឬ? ហើយខ្ញុំត្រូវបានចាត់មកពីព្រះ។
១៦ឥឡូវនេះ ខ្ញុំប្រាប់អ្នកថា ៖ ទៅចុះ ហើយចូរនឹកចាំពីការជាប់ឃុំឃាំងរបស់ពួកអយ្យកោអ្នកនៅលើដែនដីហេឡាម ហើយនៅលើដែនដីនីហ្វៃ ហើយចូរនឹកចាំពីការណ៍ដ៏មហិមាទាំងឡាយ ដែលទ្រង់បានធ្វើដល់ពួកគេ ត្បិតពួកគេបាននៅក្នុងសេវកភាព ហើយទ្រង់បានដោះពួកគេឲ្យរួចផុត។ ហើយឥឡូវនេះ អាលម៉ាអើយ ខ្ញុំប្រាប់អ្នកថា ចូរអ្នកទៅតាមផ្លូវរបស់អ្នកចុះ ហើយចូរកុំរកបំផ្លាញសាសនាចក្រទៀតឡើយ ដើម្បីឲ្យពាក្យអធិស្ឋានទាំងឡាយរបស់គេ អាចបានឆ្លើយតប ហើយនេះទោះជាខ្លួនអ្នកត្រូវបោះបង់ចោលក៏ដោយ។
១៧ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា នេះហើយជាពាក្យចុងក្រោយបង្អស់ ដែលទេវតាបាននិយាយទៅកាន់អាលម៉ា ហើយទេវតានោះក៏ចាកចេញទៅ។
១៨ហើយឥឡូវនេះ អាលម៉ា និងពួកអ្នកដែលនៅទីនោះជាមួយគាត់ ក៏ដួលទៅលើដីទៀត ព្រោះសេចក្ដីអស្ចារ្យរបស់គេមានបន្ទូលទំហំធំដ៏ក្រៃលែង ព្រោះគេបានឃើញទេវតានៃព្រះអម្ចាស់ដោយភ្នែកគេផ្ទាល់ ហើយសំឡេងរបស់ទេវតានោះ ប្រៀបដូចជាផ្គរលាន់ ដែលធ្វើឲ្យផែនដីកក្រើក ហើយពួកគេដឹងថា គ្មានអ្វីក្រៅពីព្រះចេស្ដានៃព្រះឡើយ ដែលអាចអង្រួនផែនដី ហើយធ្វើឲ្យផែនដីញ័រ ហាក់បីដូចចង់បែកចេញដូច្នោះ។
១៩ហើយឥឡូវនេះ សេចក្ដីអស្ចារ្យរបស់អាលម៉ាមានទំហំធំដ៏ក្រៃលែង រហូតដល់គាត់បានក្លាយទៅជាគ ហើយគាត់មិនអាចហើបមាត់គាត់បានឡើយ មែនហើយ គាត់បានក្លាយទៅជាអស់កម្លាំង គឺគាត់មិនអាចកម្រើកដៃរបស់គាត់បានឡើយ ហេតុដូច្នេះហើយ គាត់ត្រូវពួកជនដែលនៅជាមួយនឹងគាត់នោះ សែងគាត់ទៅដោយឥតកម្រើក រហូតដល់គេដាក់គាត់ចុះ នៅខាងមុខឪពុកគាត់។
២០ហើយពួកគេបានរៀបរាប់ប្រាប់ឪពុកគាត់អំពីអ្វីៗទាំងអស់ដែលបានកើតឡើងដល់ពួកគេ ហើយឪពុកគាត់បានអររីករាយ ព្រោះលោកដឹងថា នោះគឺជាព្រះចេស្ដានៃព្រះ។
២១ហើយលោកបានចាត់ឲ្យពួកបណ្ដាជនប្រមូលគ្នាមក ដើម្បីគេអាចធ្វើជាសាក្សីចំពោះអ្វីៗ ដែលព្រះអម្ចាស់ទ្រង់បានធ្វើដល់កូនប្រុសលោក ហើយព្រមទាំងធ្វើដល់ពួកជន ដែលនៅជាមួយនឹងកូនលោកផង។
២២ហើយលោកបានចាត់ឲ្យពួកសង្ឃប្រជុំគ្នា ហើយពួកគេបានចាប់ផ្ដើមតមអាហារ ហើយអធិស្ឋានទៅព្រះអម្ចាស់ជាព្រះរបស់គេ សូមឲ្យទ្រង់បើកមាត់អាលម៉ា ដើម្បីឲ្យគាត់អាចនិយាយបានវិញ ហើយក៏សូមឲ្យដៃជើងរបស់គាត់ អាចបានកម្លាំងឡើងវិញផង — ដើម្បីឲ្យភ្នែករបស់មនុស្សអាចបានបើកឃើញ ហើយដឹងនូវសេចក្ដីល្អសប្បុរស និងសិរីល្អនៃព្រះ។
២៣ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេបានតមអាហារ ហើយបានអធិស្ឋានអស់រយៈពេលពីរថ្ងៃ និងពីរយប់មកហើយ នោះស្រាប់តែដៃជើងរបស់អាលម៉ា ក៏មានកម្លាំងឡើងវិញ ហើយគាត់បានក្រោកឈរឡើង ហើយបានចាប់ផ្ដើមនិយាយទៅកាន់ពួកគេ សូមឲ្យពួកគេបានក្សាន្តចិត្តទៅ ៖
២៤ត្បិតគាត់បាននិយាយថា ខ្ញុំបានប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្ញុំហើយ ហើយព្រះអម្ចាស់ទ្រង់បានប្រោសលោះខ្ញុំហើយ មើលចុះ ខ្ញុំបានកើតមកពីព្រះវិញ្ញាណ។
២៥ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ចូរកុំស្ញប់ស្ញែងថា មនុស្សលោកទាំងអស់ មែនហើយ ទាំងប្រុសទាំងស្រី គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន ត្រូវតែកើតម្ដងទៀតឡើយ មែនហើយ គឺកើតមកពីព្រះ ផ្លាស់ប្រែពីស្ថានភាពខាងរូបកាយ និងខាងការធ្លាក់ទៅកាន់ស្ថានភាពនៃសេចក្ដីសុចរិតវិញ ដោយបានព្រះទ្រង់ប្រោសលោះ នោះនឹងក្លាយទៅជាបុត្រាបុត្រីរបស់ទ្រង់
២៦ម្ល៉ោះហើយ ពួកគេក្លាយទៅជាសត្វលោកថ្មី ហើយលើកលែងតែពួកគេធ្វើយ៉ាងនេះ នោះពួកគេពុំអាចគ្រងនគរព្រះទុកជាមរតកបានឡើយ។
២៧ខ្ញុំសូមប្រាប់អ្នកថា លើកលែងតែដោយករណីយនេះហើយ បើពុំនោះសោតទេ ពួកគេនឹងត្រូវបោះបង់ចោល ហើយការណ៍នេះខ្ញុំដឹង ពីព្រោះខ្ញុំហៀបនឹងត្រូវបោះបង់ចោល។
២៨ទោះជាយ៉ាងណាក៏ដោយ គឺបន្ទាប់ពីបានឆ្លងកាត់ការវេទនាជាច្រើន បានប្រែចិត្តនៅពេលជិតស្លាប់ នោះនៅក្នុងសេចក្ដីមេត្តាករុណា ព្រះអម្ចាស់ទ្រង់បានទតឃើញថា ល្មមទាញយកខ្ញុំចេញពីការឆេះដ៏អស់កល្បជានិច្ច ហើយខ្ញុំបានកើតមកពីព្រះ។
២៩ព្រលឹងខ្ញុំត្រូវបានប្រោសលោះចេញពីប្រម៉ាត់ល្វីងជូរចត់ និងចំណងទាំងឡាយនៃអំពើទុច្ចរិត។ ខ្ញុំបាននៅក្នុងជ្រោះជ្រៅងងឹត ប៉ុន្តែឥឡូវនេះ ខ្ញុំឃើញពន្លឺដ៏អស្ចារ្យនៃព្រះហើយ។ ព្រលឹងខ្ញុំត្រូវបានញាំញីដោយសេចក្ដីទុក្ខវេទនាដ៏អស់កល្បជានិច្ច ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវបានទាញចេញមកហើយ ហើយព្រលឹងខ្ញុំពុំឈឺចាប់ទៀតទេ។
៣០ខ្ញុំមិនបានទទួលស្គាល់ព្រះប្រោសលោះរបស់ខ្ញុំទេ ហើយបានបដិសេធនូវអ្វីៗ ដែលពួកអយ្យកោខ្ញុំបាននិយាយ ប៉ុន្តែឥឡូវនេះ ដើម្បីឲ្យពួកគេអាចឃើញជាមុនថា ទ្រង់នឹងយាងមក ហើយថា ទ្រង់នៅនឹកចាំដល់គ្រប់សត្វលោក ដែលទ្រង់បានបង្កើតមក នោះទ្រង់នឹងសម្ដែងរូបអង្គទ្រង់ដល់មនុស្សទាំងអស់។
៣១មែនហើយ គ្រប់ជង្គង់នឹងលុតចុះ ហើយគ្រប់អណ្ដាតនឹងទទួលថ្លែងប្រាប់នៅចំពោះទ្រង់។ មែនហើយ គឺនៅថ្ងៃចុងក្រោយបង្អស់ ក្នុងកាលមនុស្សទាំងអស់នឹងឈរដើម្បីទទួលការជំនុំជំរះពីទ្រង់ ពេលនោះពួកគេនឹងទទួលស្គាល់ថា ទ្រង់គឺជាព្រះ ពេលនោះពួកគេនឹងទទួលស្គាល់ គឺពួកអ្នកដែលរស់ដោយគ្មានព្រះក្នុងលោកិយនេះថា ការជំនុំជំរះនៃទោសដ៏អស់កល្បជានិច្ច គឺត្រឹមត្រូវចំពោះគេហើយ ហើយពួកគេនឹងញាក់ ហើយញ័រ ហើយរួញនៅក្រោមព្រះនេត្ររបស់ទ្រង់ ដែលទតឃើញរបស់សព្វសារពើ។
៣២ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា អាលម៉ាបានចាប់ផ្ដើមបង្រៀនប្រជាជន ចាប់ពីពេលនេះតទៅ ព្រមទាំងពួកអ្នកដែលនៅជាមួយនឹងអាលម៉ា កាលទេវតាបានលេចខ្លួនឲ្យគេឃើញនោះផង បានធ្វើដំណើរពាសពេញដែនដី បានប្រកាសប្រាប់ដល់ប្រជាជនទាំងអស់នូវរឿងទាំងឡាយ ដែលគេបានឮ ហើយបានឃើញមក ហើយបានផ្សាយអំពីព្រះបន្ទូលនៃព្រះ ដោយសេចក្ដីវេទនាជាធ្ងន់ ត្រូវបានបៀតបៀនយ៉ាងខ្លាំងពីពួកអ្នកដែលមិនជឿ គឺត្រូវបានវាយដំដោយពួកនោះជាច្រើននាក់។
៣៣ប៉ុន្តែទោះជាមានការណ៍អស់ទាំងនេះក្ដី គង់តែពួកគេបាននាំមកនូវការលួងលោមចិត្តយ៉ាងច្រើនដល់សាសនាចក្រដែរ ដោយបានបញ្ជាក់នូវសេចក្ដីជំនឿរបស់គេ ហើយបានទូន្មានពួកគេដោយការអត់ធ្មត់ និងការឈឺចាប់ដ៏ច្រើនឲ្យកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ។
៣៤ហើយពួកគេបួននាក់ គឺជាពួកបុត្រានៃម៉ូសាយ ហើយគេមាននាមថា អាំម៉ូន និងអើរ៉ុន និងអោមណើរ និងហិមណៃ នេះហើយគឺជានាមរបស់ពួកបុត្រានៃម៉ូសាយ។
៣៥ហើយពួកគេបានធ្វើដំណើរទូទៅអស់ទាំងដែនដីសារ៉ាហិមឡា និងនៅក្នុងចំណោមប្រជាជនទាំងអស់ ដែលនៅក្រោមរាជ្យនៃស្ដេចម៉ូសាយ បានខំប្រឹងយ៉ាងអស់ពីចិត្ត ដើម្បីជួសជុលនូវការខូចខាតទាំងអស់ ដែលពួកគេបានធ្វើដល់សាសនាចក្រ បានសារភាពនូវអំពើបាបទាំងអស់របស់គេ ហើយបានផ្សាយប្រាប់អំពីរឿងទាំងអស់ដែលគេបានឃើញ ហើយបានពន្យល់ពាក្យព្យាករណ៍ និងបទគម្ពីរទាំងឡាយដល់អស់អ្នកណាដែលមានបំណងចង់ស្ដាប់តាមគេ។
៣៦ម្ល៉ោះហើយ ពួកគេបានទៅជាគ្រឿងឧបករណ៍ទាំងឡាយនៅក្នុងព្រះហស្តនៃព្រះក្នុងការនាំមនុស្សជាច្រើនឲ្យស្គាល់សេចក្ដីពិត មែនហើយ ឲ្យស្គាល់ព្រះដ៏ប្រោសលោះរបស់គេ។
៣៧ហើយពួកគេពិតជាបានពរណាស់ហ្ន៎! ព្រោះពួកគេបានផ្សាយសេចក្ដីសុខសាន្ត ពួកគេបានផ្សាយដំណឹងល្អនៃសេចក្ដីល្អ ហើយពួកគេបានប្រកាសប្រាប់ប្រជាជនថា ព្រះអម្ចាស់ទ្រង់សោយរាជ្យ៕