ឆ្នាំ ២០១០-២០១៩
ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ព្រះអម្ចាស់

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ត្រូវ​បាន​ផ្ដល់​អំណាច និង​ការ​បង្គាប់​ដើម្បី​សម្រេច​ការរៀបចំ​ដែល​ចាំបាច់​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

នៅ​ពីរសប្ដាហ៍​ទៀត យើង​នឹង​ប្រារព្ធ​ពិធីបុណ្យ​អ៊ីស្ទើរ ។ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​បញ្ជាក់​ពី​ភាព​ជា​ព្រះ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ភាព​ពិត​ជាក់ស្តែងរបស់​ព្រះ​ជា​ព្រះវរបិតា ។ គំនិត​របស់​យើង​បង្វែរ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ហើយ​យើង​ពិចារណា​ពី​ « ព្រះជន្ម​ដែល​ពុំ​អាច​ប្រៀប​ស្មើ​បាន និង​គុណធម៌​ជា​និរន្តរ​នៃ​ពលិកម្ម​ធួន​ដ៏​ធំ​របស់​ទ្រង់ » ។ ខ្ញុំ​សង្ឃឹម​ថា យើង​ក៏​គិត​ពី​ការ​យាង​ត្រឡប់​មក​របស់​ទ្រង់​នា​ពេល​ខាង​មុខផង​ដែរ នៅពេល ​« ទ្រង់​នឹង​យាង​មកក្នុងនាម​ជា​សេ្តច​នៃ​អស់​ទាំង​ស្តេច និង​ជា​ព្រះ​នៃ​អស់​ទាំង​ព្រះ… » ។

កាល​ពី​ពេល​កន្លង​ទៅ នៅទីក្រុង ប៊ុយណូហ្សែ ប្រទេស​អាហ្សង់ទីន ខ្ញុំ​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​មួយ​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​មក​ពី​សាសនា​ខុសៗ​គ្នា​ដ៏​ច្រើន ។ សេចក្ដីស្រឡាញ់​របស់​ពួកគេ​ចំពោះ​មនុស្ស​ទូទៅ​គឺ​​វិសេស​វិសាល ។ ពួកគាត់​មាន​ចេតនា​សម្រាលការ​ឈឺចាប់ ហើយ​ជួយ​មនុស្ស​ទូទៅ​ឲ្យ​រួច​ផុត​ពី​ការ​គៀបសង្កត់ និង​ភាព​ក្រីក្រ ។ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​គម្រោង​មនុស្ស​ធម៌​ជា​ច្រើន​របស់​សាសនាចក្រ​នេះ រួម​ទាំង​គម្រោង​ដែល​សហការ​ជាមួយ​នឹង​ក្រុម​សាសនា​ជាច្រើន​ដែល​មាន​តំណាង​នៅ​ក្នុង​សន្និសីទ​នោះ​ផង​ដែរ ។ ខ្ញុំ​មាន​អំណរគុណ​យ៉ា​ង​ជ្រាល​ជ្រៅ​ចំពោះ​សេចក្ដី​សប្បុរស​របស់​នៃ​សាសនាចក្រ​​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ធ្វើឲ្យ​ការ​បម្រើ​បែប​​​ដូចជា​ព្រះគ្រីស្ទ​​នេះ​កើត​​ឡើង​បាន ។

នៅក្នុង​គ្រា​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​បានបញ្ជាក់​រឿង​ពីរ​យ៉ាង​ចំពោះ​ខ្ញុំ ។ ទីមួយ កិច្ចការ​នៃ​ការងារ​បម្រើ​ចំពោះ​តម្រូវការ​ខាង​សាច់ឈាម គឺ​សំខាន់ ហើយ​ត្រូវ​តែ​បន្ដ ។ ទីពីរ គឺជា​អ្វី​ដែល​ពុំ​បាន​រំពឹង​ទុក ប៉ុន្តែ​វា​មាន​អនុភាព ហើយ​ច្បាស់ ។ វាគឺដូចនេះ ៖ វា​លើស​ពី​ការ​បម្រើ​ពុំ​អាត្មា​និយម វា​មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ។

នៅពេល​ទ្រង់​យាង​មក ការ​គៀប​សង្កត់ និង​ភាព​អយុត្តិធម៌​ពុំ​គ្រាន់​តែ​រសាយ​បាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ឈប់​មាន​ទៀត​ហើយ ៖

« ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន​នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង សិង្ហ​ស្ទាវ ព្រម​ទាំង​សត្វ​បំប៉ន​​យ៉ាង​ធាត់​នឹង​នៅ​ជា​មួយ​គ្នា ហើយ​ក្មេង​តូចៗជា​អ្នក​គង្វាល​វា ។…

វា​រាល់​គ្នា​នឹង​មិន​ធ្វើ​ទុក្ខ ឬ បំផ្លាញ​គ្នា​នៅ​គ្រប់​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ ដ្បិត​គ្រប់​ទាំង​អស់​នឹង​ស្គាល់​ព្រះយេហូវ៉ា​នៅ​ពេញពាស​លើ​ផែនដី ដូច​ជា​ទឹក​នៅ​ពេញពាស​ក្នុង​សមុទ្រ​ដែរ » ។

ភាព​ក្រីក្រ និង​ការ​ឈឺចាប់​នឹង​ពុំ​គ្រាន់​តែ​កាត់បន្ថយ​ប៉ុណ្ណោះទេ ប៉ុន្តែ​វា​នឹង​រលាយ​បាត់​ទៅ ៖

« គេ​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត ក៏​មិន​ត្រូវ​ថ្ងៃ​ចាំង​មក​លើ​គេ ឬ​ចំហាយ​ណា​ទៀត​ឡើយ ។

ពី​ព្រោះ​កូន​ចៀម​ដែល​នៅ​កណ្តាល​បល្ល័ង្ក​ទ្រង់​នឹង​ឃ្វាល ហើយ​នាំ​គេ​ទៅ​ដល់​រន្ធ​ទឹក​នៃ​ជីវិត ហើយ​ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ។

សូម្បី​តែ​ការ​ឈឺចាប់ និង​ភាព​សោកសៅ​នៃសេចក្ដី​ស្លាប់ក៏​លែង​មាន​ដែរ ៖

« នៅ​ថ្ងៃ​នោះ ទារក​នឹង​មិន​ស្លាប់​ឡើយ ទាល់​តែ​វា​មាន​អាយុ​ច្រើន ហើយ​ជីវិត​វា​នឹង​បាន​យឺនយូរ​ដូច​ជា​អាយុ​ដើម​ឈើ

ហើយ​កាល​វា​ស្លាប់​ទៅ នោះ​វា​នឹង​មិន​ដេកលក់ គឺ​នៅ​ក្នុង​ដី​ទេ ប៉ុន្តែ​នឹង​ផ្លាស់​ប្រែ​មួយ​ប៉ប្រិច​ភ្នែក ហើយ​នឹង​បាន​លើក​ឡើង ហើយ​សេចក្ដី​សម្រាក​របស់​វា​នឹង​បាន​ជាទី​រុងរឿង​ឧត្ដម » ។

ដូច្នេះ​ហើយ ចូរ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព​របស់យើង​ ដើម្បី​សម្រាលការ​ឈឺចាប់ និង​ភាព​សោក​សៅ​នៅ​ពេល​នេះ ហើយចូរ​យើងលះបង់​ខ្លួន​យើង​ដោយ​ឧស្សាហ៍​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ដែល​ការ​ឈឺចាប់ និង​អំពើ​អាក្រក់​ត្រូវបាន​បញ្ចប់​រួម​គ្នា នៅពេល « ព្រះគ្រីស្ទ ​[ នឹង ] ​សោយ​រាជ្យ​នៅ​លើ​ផែនដី​ផ្ទាល់ ហើយ …ផែនដី​នឹង​បាន​ផ្លាស់​ប្តូរ​សារ​ជា​ថ្មី ហើយ​នឹង​ទទួល​សិរី​ល្អ​ដ៏​ប្រកប​ដោយ​ភាព​បរមសុខ » ។​ វា​នឹង​ជា​ថ្ងៃ​នៃការ​ប្រោស​លោះ និង​ការ​កាត់​សេចក្ដី ។ អតីត​ប៊ីស្សព​នៃ​សាសនា​ពួក​អង់គ្លេស​តំបន់​ដួហេម​ វេជ្ជ. អិន ធី រ៉ាយ បាន​ពិពណ៌នា​យ៉ាង​សមរម្យ​ពី​សារៈសំខាន់​នៃ​ដង្វាយ​ធួន​ ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ និង​ការ​កាត់​សេចក្ដី​របស់​ព្រះគ្រីស្ទ ក្នុង​ការ​យក​ឈ្នះ​ភាព​អយុត្តិធម៌ ហើយបង្កើតឲ្យមាន​​យុត្តិធម៌ត្រឹមត្រូវ​គ្រប់បែបយ៉ាង ។

លោក​បាន​ពោល ៖ « ព្រះ​បាន​ចាត់​ថ្ងៃ​មួយ​ដែល​ទ្រង់​នឹង​កាត់​សេចក្ដី​ពិភពលោក​នេះ​ឲ្យ​ត្រឹមត្រូវ ដោយ​បុរស​ម្នាក់​ដែល​ទ្រង់​បាន​ចាត់—ហើយ​ទ្រង់​បាន​ប្រទាន​ការ​អះអាង​ដល់​មនុស្ស​ទាំងអស់​ពី​ការណ៍​នេះ​ដោយ​​ធ្វើ​ឲ្យ​បុរស​នេះ​រស់​ពី​ស្លាប់ ។ ធាតុ​ពិត​អំពី​ព្រះយស៊ូវ​នៃ​​​ណាសារ៉ែត ហើយ​ជា​ពិសេស​អំពី​ការ​មាន​ព្រះជន្ម​​រស់​ពី​សេចក្ដី​ស្លាប់​របស់​ទ្រង់ គឺជា​គ្រឹះ​នៃ​ការ​អះអាង​នោះថា ពិភព​លោក​នេះ​មិន​មែន​ចៃដន្យ​នោះ​ឡើយ ។ នៅទី​បំផុត​ វា​ពុំមាន​ភាព​ចលាចល​នោះទេ ថា​នៅ​ពេល​យើង​ធ្វើ​រឿង​ត្រឹម​ត្រូវ​នៅ​បច្ចុប្បន្ន​នេះ យើង​នឹង​ពុំ​ខ្ជះ​ខ្ជាយ​ពេល​របស់យើង ដោយ​ព្យាយាម​គាំទ្រ​អគារ​មួយ​ដែល​ដួល​រលំ​នៅ​ពេលក្រោយ ឬ​ដើម្បី​ជួស​ជុល​រថយន្ត​មួយ​ដែល​នឹង​ឈប់​ដំណើរ​ការ​នោះ​ឡើយ ។ នៅពេល​ព្រះ​ប្រោស​ព្រះយេស៊ូវ​ឲ្យ​រួច​ពី​សុគត នោះ​គឺជា​ព្រឹត្តិការណ៍​ដ៏​តូច​ដែលមាន​នូវ​សកម្មភាព​ដ៏​ធំ​នៅ​ទីបំផុត និយាយ​ខ្លី​គឺ​ជាគ្រាប់​ពូជ​នៃ​សេចក្ដី​សង្ឃឹម​នៅ​ទីបំផុត ។ ព្រះ​បាន​ប្រកាស​​នៅក្នុង​របៀប​ដ៏​មាន​អនុភាព​បំផុត​ដែល​ពុំ​អាច​នឹក​ស្រមៃ​ដល់​ថា ព្រះយេស៊ូវ​នៃ​ណាសារ៉ែត​គឺ​ពិត​ជា​ព្រះ​មែស៊ី ។… នៅ​ក្នុងប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​បំផុត [ ព្រះយេស៊ូវ ]​ ផ្ទាល់បាន​រង​នូវ​ការ​ឈឺចាប់ និង​ការ​កាត់​សេចក្ដី​អយុត្តិធម៌ ដោយ​យាង​មក​កាន់​កន្លែង​ដែល​ជា​និមិត្ត​រូប ហើយ​បាន​ប្រមូល​ផ្តុំ​រាល់​ការឈឺចាប់​ជាច្រើន និង​ភាព​អយុត្តិធម៌​​នៃ​ប្រវត្តិ​សាស្ត្រ ដើម្បី​ទ្រាំទ្រ​នឹង​ភាព​ចលាចល​ ភាព​ងងឹត ការ​ឈឺចាប់ ភាព​អយុត្តិធម៌​នោះ​ដោយ​ខ្លួន​ទ្រង់​ផ្ទាល់ ហើយ​បំផ្លាញ​អនុភាព​របស់​វា » ។​​​

ខណៈ​ខ្ញុំ​នៅ​ក្នុង​សន្និសីទ​នៅ​ទីក្រុង ប៊ុយណូហ្សែ ដែលខ្ញុំ​​បាន​លើក​ឡើង​ពី​ខាង​ដើម ព្រះវិញ្ញាណ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ខ្ញុំ​ថា សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយទទួល​បាន​សិទ្ធិ​អំណាច ​និង​ការអនុញ្ញាត​យ៉ាង​វិសេស​វិសាល​ដើម្បី​សម្រេច​ការ​ត្រៀម​ខ្លួន​ដ៏​ចាំបាច់​សម្រាប់​ការ​យាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ពិតណាស់ វា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​សម្រាប់​គោលបំណង​នោះ ។ តើ​បងប្អូន​អាច​រកឃើញ​​មនុស្ស​ណា​ម្នាក់​នៅ​កន្លែង​ណា​ផ្សេង​ទៀត ​ដែល​ឱប​ក្រសោប​យុគ​សម័យបច្ចុប្បន្ន​នេះដូច​បាន​ព្យាករ​ថា « ប្រមូល​របស់​ទាំងអស់​មក​តែ​មួយ​នៅ​ក្នុង​ព្រះគ្រីស្ទ » ? បើ​បងប្អូន​មិន​ឃើញ​ថា​មាន​សហគមន៍​មួយ​នៅ​ទីនេះ​ដែល​មាន​បំណង​សម្រេច​អ្វី​ដែល​ចាំបាច់​ត្រូវ​សម្រេច​ទាំង​សម្រាប់​អ្នក​នៅ​រស់ និង​អ្នក​ស្លាប់​ដើម្បី​រៀបចំ​សម្រាប់​ថ្ងៃ​នោះទេ បើ​បងប្អូន​មិន​ឃើញ​មាន​អង្គការ​មួយ​នៅ​ទីនេះ​ដែល​មាន​ឆន្ទៈ​ប្ដេជ្ញាចិត្ត​ចំណាយពេល និង​មូលនិធិ​យ៉ាង​ច្រើន​ដើម្បី​ប្រមូល​ផ្ដុំ និង​រៀបចំ​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​ឲ្យ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ទទួល​ព្រះអម្ចាស់​ទេ នោះ​បងប្អូន​នឹង​រក​មិន​ឃើញ​នៅ​កន្លែង​ណា​ទៀត​ទេ ។

ដោយ​មាន​បន្ទូល​ទៅកាន់​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣១​ ព្រះអម្ចាស់​បាន​ប្រកាស​ថា

« កូន​សោ​ទាំង​ឡាយ​នៃ​នគរ​ព្រះ ត្រូវ​បាន​ផ្ទុក​ផ្ដាក់​ដល់​មនុស្ស​នៅ​លើ​ផែនដី ហើយ​ពី​ពេល​នេះ​ត​ទៅ ដំណឹង​ល្អ​នឹង​ត្រូវ​រមៀល​ចេញ​ទៅ​ដល់​ទី​បំផុត​ផែនដី ។​…

ចូរទូលដល់ព្រះអម្ចាស់ ប្រយោជន៍​ឲ្យ​នគរ​របស់​ទ្រង់​អាចបានចេញទៅ​លើ​ផែនដី ប្រយោជន៍​ឲ្យ​បណ្ដាជន​នៅ​លើ​ទីនោះ​អាចបាន​ទទួល​នគរ​របស់​ទ្រង់​ផង ហើយ​ចូរ​ប្រុង​ប្រៀប​ជាស្រេច រង់​ចាំ​ឲ្យ​ថ្ងៃ​នោះ​មក​ដល់​ក្នុង​កាល​កូន​មនុស្ស​នឹង​ចុះ​មក​ពី​ស្ថានសួគ៌​បំពាក់​ដោយ​សិរី​ល្អ​របស់ទ្រង់​ក្នុង​ភាពភ្លឺ​ថ្លា ដើម្បី​ទៅ​ជួប​នគរ​ព្រះ​ដែល​តាំង​នៅលើ​ផែនដី » ។

តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បីត្រៀម​ខ្លួន​ឥឡូវ​នេះ​សម្រាប់​ថ្ងៃ​នោះ ? យើង​អាច​រៀបចំខ្លួន​យើង​ក្នុង​នាមជា​រាស្ត្រ​មួយ យើង​អាច​ប្រមូល​រាស្ត្រ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ ហើយ​យើង​អាច​ជួយ​លោះ​ការសន្យា​នៃ​សេចក្ដីសង្គ្រោះ « ដែលបាន​ធ្វើ​ជាមួយ​នឹង​ពួក​ឪពុក » ជា​ជីដូនជីតា​របស់​យើង​នោះ ។១០ គ្រប់​ការណ៍​ទាំង​នេះ​ត្រូវ​តែ​កើត​ឡើង​នៅ​ក្នុង​កម្រិត​ដ៏​ធំ​មួយចំនួន ពី​មុន​ព្រះអម្ចាស់​យាងមក​ម្ដង​ទៀត ។

ទីមួយ ហើយ​ជា​រឿង​ដ៏​សំខាន់​សម្រាប់​ការ​យាង​ត្រឡប់មក​របស់​ព្រះអម្ចាស់​គឺជា​វត្តមាន​នៃ​មនុស្ស​ដែល​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ទ្រង់នៅ​ឯ​ការ​យាង​មក​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ទ្រង់​បាន​ថ្លែង​ថា អស់អ្នក​ដែល​នៅ​សេស​សល់​លើ​ផែនដី​នៅ​ថ្ងៃ​នោះ « ចាប់​តាំង​ពី​មនុស្ស​តូច​ទៅ​ដល់​មនុស្ស​ធំ …​នឹង​ត្រូវ​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​ចេះ​ដឹង​ពី​ព្រះ​អម្ចាស់ ហើយ​នឹង​បាន​ឃើញ​ដោយ​ភ្នែក​ផ្ទាល់ ហើយ​នឹង​បន្លឺ​សំឡេង​ឡើង និង​ដោយ​សំឡេង​ច្រៀង​ព្រម​គ្នា​នូវ​ចម្រៀង​ថ្មី​នេះ​ថា ៖ ព្រះ​អម្ចាស់​ទ្រង់​បាន​នាំ​ក្រុង​ស៊ីយ៉ូន​ចេញ​មក​ម្ដង​ទៀត ។… ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រមូល​របស់​ទាំង​អស់​មក​តែ​មួយ ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ទម្លាក់​ក្រុង​ស៊ីយ៉ូន​មក​ពី​ស្ថាន​លើ ។ ព្រះ​អម្ចាស់​ទ្រង់​បាន​ដំ​ឡើង​ក្រុង​ស៊ីយ៉ូន​មក​ពី​ស្ថាន​ខាង​ក្រោម » ។១១

កាល​ពី​បុរាណ ព្រះ​បាន​នាំ​យក​ទីក្រុង​សុចរិត​នៃស៊ីយ៉ូន​ទៅ​ឯ​ទ្រង់ ។១២ ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ ក្រុង​ស៊ីយ៉ូន​ថ្មី​មួយ​នឹង​ទទួល​ព្រះអម្ចាស់ នៅ​ពេល​ទ្រង់​យាង​ត្រឡប់​មក​វិញ ។១៣ ក្រុង​ស៊ីយ៉ូន​​មាន​ដួង​ចិត្ត​បរិសុទ្ធ ជា​ក្រុម​មនុស្ស​ដែល​មាន​ចិត្ត និង​គំនិត​តែមួយ ដោយ​រស់នៅ​ក្នុង​សេចក្ដី​សុចរិត​ដោយ​គ្មាន​​អ្នក​ក្រីក្រ​ក្នុង​ចំណោម​ពួកគេ​ឡើយ ។១៤ ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា « យើង​គួរ​តែមាន​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន​ជា​គោលដៅ​ដ៏​ធំ​បំផុត​របស់​​យើង » ។​១៥ យើង​បង្កើត​ក្រុង​ស៊ីយ៉ូន​នៅ​ក្នុង​គេហដ្ឋាន​ វួដ សាខា និង​ស្តេក​របស់​យើង​តាមរយៈ​សាមគ្គីភាព ភាពបរិសុទ្ធ និង​សេចក្ដីស​ប្បុរស ។១៦

យើង​ត្រូវ​ទទួល​ស្គាល់​ថា ការ​បង្កើត​ក្រុង​ស៊ីយ៉ូន​កើត​ឡើង​នៅ​ក្នុង​គ្រា​ដ៏​ច្របូក​ច្របល់—« គឺជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ ជា​ថ្ងៃ​នៃ​ការ​ឆេះ​ឆាប ជា​ថ្ងៃ​នៃ​សេចក្ដី​ហិនហោច នៃ​ការ​យំ​ នៃ​ការ​ទួញ​សោក និង​នៃ​ទំនួញ ហើយ​ដូច​ជា​ព្យុះសង្ឃរា​នឹង​មក​លើ​ផ្ទៃ​ផែនដី​ទាំង​អស់ ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ »​ ។១៧ ដូច្នេះហើយ ការ​ប្រមូល​ផ្ដុំ​ចូល​ទៅ​ក្នុង​​ស្តេក​មាន​គោលបំណង​ដើម្បី​ធ្វើ​ជា « ទី​ការពារ និង​ជាទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ពី​សេចក្ដី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែនដី​ទាំង​មូល » ។១៨

ដូចជា​កាល​ពី​ដើម​ដែរ យើង « ​ជួបជុំ​គ្នា​ជា​ញឹកញាប់ ដើម្បី​តម​អាហារ ហើយ​អធិស្ឋាន ហើយ​ពិគ្រោះ​គ្នា​ទៅ​វិញ​ទៅ​មក អំពី​សុខុមាល​ភាព​ដល់​ព្រលឹង [ របស់​យើង ] ។ ហើយ​…ដើម្បី​ទទួល​ទាន​នំប៉័ង និង [ ទឹក ] ដើម្បី​រំឭក​ពី​ព្រះ​អម្ចាស់​យេស៊ូវ » ។១៩ ដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន​ បាន​ពន្យល់​នៅក្នុង​សន្និសីទ​ទូទៅ​កាល​ពី​ខែ​តុលា​​មុន​ថា « គោល​បំណង​របស់​សាសនាចក្រ​ជា​យូរ​មក គឺ​ដើម្បី​ជួយ​ដល់​សមាជិក​ទាំងអស់ឲ្យ​បង្កើន​សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​នៅ​ក្នុង​ការ​ចុះ និង​ការ​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ ហើយ​ពង្រឹង និង​ផ្សារភ្ជាប់​ក្រុមគ្រួសារ​របស់​ពួកគេ » ។២០ ដូច្នេះហើយ លោក​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ថ្ងៃ​ឈប់​សម្រាក និង​ការ​សិក្សា​ដំណឹងល្អ​ជា​ប្រចាំ ដែល​ផ្ដោត​លើ​គេហដ្ឋាន និង​គាំទ្រ​ពី​កម្មវិធី​សិក្សា​នៅ​ព្រះវិហារ ។ យើង​ចង់​ដឹង​ពី​ព្រះអម្ចាស់ ហើយ​យើង​ចង់​ស្គាល់​ព្រះអម្ចាស់ ។២១

គោលដៅ​ដ៏​សំខាន់​នៃ​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន​គឺជា​ការ​ប្រមូល​ផ្ដុំ​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​រ​បស់​ព្រះអម្ចាស់ ។២២ « យើង​ខ្ញុំ​ជឿ​ចំពោះ​ការ​ប្រមូល​ដ៏​ពិតប្រាកដ​នៃ​សាសន៍​អ៊ីស្រាអែល និង​ចំពោះ​ការ​សាង​ឡើង​វិញ​នូវ​ពូជ​ទាំង​១០ អំបូរ » ។២៣ អ្នក​ដែល​យើង​ប្រែ​ចិត្ត ជឿ​លើ​ព្រះគ្រីស្ទ ហើយ​បាន​ជ្រមុជទឹកគឺជា​រាស្ត្រ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។២៤ ព្រះអម្ចាស់​ផ្ទាល់​បាន​ព្យាករ​ថា ពីមុន​ទ្រង់​យាង​ត្រឡប់​មកវិញ ដំណឹងល្អ​នឹង​ត្រូវ​បាន​ផ្សាយ​ពេញ​ពិភពលោក​នេះ២៥ដើម្បី « ​ប្រមូល​រាស្ត្រ [​របស់​ទ្រង់ ]​ មក​វិញ ដែល​ត្រូវ​ជា​វង្ស​អ៊ីស្រាអែល »២៦ ហើយ​នៅ​គ្រា​នោះ ទើប​ចុង​បំផុត​មក​ដល់ » ។២៧ ការ​ព្យាករ​របស់​យេរេមា​កំពុង​ត្រូវ​បាន​បំពេញ ៖

« ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ដូច្នេះ​មើល នឹង​មាន​គ្រា​មក​ដល់​ដែល​ [ ពួកគេ ] ​នឹង​លែង [ និយាយ ] ​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់ ជា​ព្រះ​ដែល​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​រួច​ពី​ស្រុក​អេស៊ីព្ទ​មក

គឺ​គេ​នឹង​ស្បថ​យ៉ាង​នេះ​វិញ​ថា ដូច​ជា​ព្រះយេហូវ៉ា​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល ឡើង​រួច​ពី​ស្រុក​ខាង​ជើង​មក ហើយ​ពី​អស់​ទាំង​ប្រទេស ដែល​ទ្រង់​បាន​បណ្តេញ​គេ​នោះ​ផង អញ​នឹង​នាំ​គេ​ឲ្យ​វិល​មក​ក្នុង​ស្រុក​របស់​គេ ជា​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​ពួក​ព្ធយុកោ​គេ » ។២៨

ប្រធាន ណិលសុន បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា « ការប្រមូល​ផ្ដុំ [ នៃអ៊ីស្រាអែល ] ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​កំពុង​តែ​កើត​ឡើង​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ ពុំ​មានអ្វី​ផ្សេងទៀត​អាច​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឬទ្ធិ​ជាង​កិច្ចការ​នេះ​នោះទេ ។ ហើយ​បើ​បងប្អូន​ជ្រើសរើស…បងប្អូន​អាច​ធ្វើ​ជា​ចំណែក​ដ៏​សំខាន់​ក្នុង​កិច្ចការ​នេះ » ។២៩ ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គឺជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ជានិច្ច ។ មាន​សមាជិក​រាប់​ម៉ឺន​នាក់​បាន​ឆ្លើយតប​ចំពោះ​ការ​ហៅ​ឲ្យ​បម្រើ​បេសកកម្ម ចាប់តាំង​ពីដើម​នៃ​ការ​ស្ដារ​ឡើង​វិញ ហើយ​ឥឡូវ​នេះ​មាន​ចំនួន​រាប់ម៉ឺន​នាក់​កំពុង​បម្រើ ។ ហើយដូច​អែលឌើរ ឃ្វីនថិន អិល ឃុក ទើប​តែ​បា​ន​បង្រៀន​ថា យើង​ទាំងអស់​គ្នាអាច​ចូល​រួម​តាម​វិធី​ដ៏​សាមញ្ញ​តាម​ធម្មជាតិ​ក្នុង​សេចក្ដី​ស្រឡាញ់ ដោយ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​ចូល​រួម​នឹង​យើង​នៅ​ឯ​ព្រះវិហារ មក​លេង​ផ្ទះ​របស់​យើង ក្លាយ​ជា​មិត្ត​របស់​យើង ។ ការ​បោះពុម្ព​ព្រះគម្ពីរ​មរមន​គឺជា​សញ្ញា​ថា ការ​ប្រមូល​ផ្ដុំ​បាន​ចាប់ផ្ដើម​ហើយ ។៣០ ព្រះគម្ពីរ​មរមន​ផ្ទាល់គឺជា​ឧបករណ៍​នៃ​ការ​ប្រមូល​ផ្ដុំ និង​ការ​ប្រែ​ចិត្ត​ជឿ ។

អ្វី​ដែល​​សំខាន់ផង​ដែរ​ចំពោះ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​យាង​មក​ជាលើក​ទីពីរ​គឺ​ការ​ខិតខំ​ជួយ​សង្គ្រោះ​ដ៏​ធំដល់​បុព្វការីជន​របស់​យើង ។ ព្រះអម្ចាស់​បាន​សន្យាចាត់​អេលីយ៉ា​ជា​ព្យាការី​ឲ្យមក​មុន​ការ​យាង​មក​ជា​លើក​ទីពីរ ជា « ​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែងខ្លាច​នៃ​ព្រះ​អម្ចាស់ »​៣១ដើម្បី​ « ​បើក​សម្ដែង…​បព្វជិត​ភាព » ហើយ « ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូន​ចៅ​នូវ​សេចក្ដី​សន្យា ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូន​ចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួក​គេ​វិញ » ។៣២ អេលីយ៉ា​ពិត​ជា​បាន​មក ដូច​ដែល​បាន​សន្យា ។ កាល​បរិច្ឆេទ​នោះ​គឺ​នៅ​ថ្ងៃ​ទី ៣ ខែ​ មេសា ឆ្នាំ ១៨៣៦ ទីកន្លែង​គឺ​នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ អូហៃអូ ។ នៅ​កន្លែង​នោះ និង​នៅគ្រានោះ លោក​បាន​ប្រគល់​បព្វជិតភាព​ដែល​បាន​សន្យា កូនសោ​សម្រាប់​ការ​ប្រោស​លោះ​នៃ​មនុស្ស​ស្លាប់ និង​ការ​រួបរួម​នៃ​ស្វាមី ភរិយា និង​ក្រុម​គ្រួសារ​នៅ​គ្រប់​ជំនាន់ និង​ក្នុង​ភាព​អស់​កល្ប​ជានិច្ច ។៣៣ បើគ្មាន​ការណ៍​នេះទេ គោលបំណង​នៃ​ការ​បង្ក​បង្កើត​នឹងពុំ​បាន​បំពេញ​ឡើយ ហើយ​នៅ​ក្នុង​ន័យ​នោះ ផែនដី​នឹង​ត្រូវ ​« បណ្ដាសា » ឬ​ « វិនាស​ទាំង​ស្រុង » ។៣៤

នៅ​ឯ​ការ​ប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ​ពី​មុន​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​រ៉ូម ​អ៊ីតាលី យុវវ័យ​រាប់​រយ​នាក់​ចូល​រួម​ ហើយ​បង្ហាញដល់​ប្រធាន​ណិលសុននូវ​​ប័ណ្ណដែល​មាន​ឈ្មោះ​បុព្វការីជន​របស់​ពួកគេ ​​ដែល​ពួកគេ​បាន​រៀបចំ ។ ពួកគេ​បាន​ត្រៀម​ខ្លួន​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​ឲ្យ​បុព្វការីជន​ទាំងនោះ នៅពេល​ព្រះវិហារ​បរិសុទ្ធ​នោះ​បើក​ភ្លាម ។ វា​គឺជា​គ្រា​ដ៏​អស្ចារ្យ​មួយ ជា​គំរូ​មួយ​នៃ​ការ​ខិតខំ​ដ៏​រហ័ស​រហួន​ដើម្បី​បង្កើត​ក្រុង​ស៊ីយ៉ូន​សម្រាប់​ជំនាន់​ដែល​បាន​ចែក​ឋាន​ទៅ ។

កាល​យើង​ខិតខំ​ដោយ​ឧស្សាហ៍​នៅ​ក្នុង​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន រួម​ទាំង​ផ្នែក​របស់​យើង​ដើម្បី​ប្រមូល​ផ្ដុំ​រាស្ត្រ​ជម្រើស​របស់​ព្រះអម្ចាស់ និង​ការ​ប្រោសលោះ​មនុស្ស​ស្លាប់ នោះ​យើង​គួរ​ឈប់​ដើម្បី​ចងចាំថា វា​គឺជាកិច្ចការ​របស់​ព្រះអម្ចាស់ ហើយ​ទ្រង់​កំពុង​ធ្វើ​កិច្ចការ​នេះ ។ ទ្រង់​គឺជា​ព្រះអម្ចាស់​នៃ​ចម្ការ​ទំពាំង​បាយ​ជូរ ហើយ​យើង​គឺជា​ពួក​អ្នក​បម្រើ​របស់​ទ្រង់ ។ ទ្រង់​សុំ​ឲ្យ​យើង​ធ្វើ​ការ​នៅ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​នោះ​ឲ្យ​អស់​ពី​កម្លាំង​របស់​យើង​ជា​ « លើក​ចុង​ក្រោយ​បង្អស់ » ​នេះ ហើយ​ទ្រង់​ធ្វើ​ការ​ជាមួយ​នឹង​យើង ។៣៥ វា​ប្រហែល​ជា​កាន់​តែ​ត្រឹមត្រូវ​ដើម្បី​និយាយ​ថា ទ្រង់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជាមួយ​នឹង​ទ្រង់ ។ ដូច​ប៉ុល​បាន​ថ្លែង​ថា « ​​ខ្ញុំ​បាន​សាបព្រោះ អ័ប៉ុឡូស ជា​អ្នក​ស្រោច តែ​ដែល​បាន​ដុះ​ឡើង​នោះ​គឺ​ព្រះ​បាន​ធ្វើ​វិញ » ។៣៦ ទ្រង់​គឺជា​អង្គ​ដែល​កំពុង​ពន្លឿន​កិច្ចការ​របស់​ទ្រង់​នៅ​គ្រានេះ ។៣៧ ដោយ​ប្រើ​នូវ​ការ​ខិតខំ​ដែល​ពុំ​ល្អ​ឥត​ខ្ចោះរបស់​យើង —« មធ្យោបាយ​ដ៏​តូចតាច​ »​ របស់​យើង —នោះ​ព្រះអម្ចាស់នាំ​ឲ្យ​កើត​កិច្ចការ​ដ៏​ធំ ។៣៨

គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​ដ៏ធំ​នេះកំពុង​រីកចម្រើន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ទីបញ្ចប់—ជា​ក្រុង​ស៊ីយ៉ូន​នៅ​លើ​ផែនដី ដោយ​ចូល​រួម​ដោយ​ក្រុង​ស៊ីយ៉ូន​ពី​ស្ថានសួគ៌​នៅ​ឯ​ការ​យាង​ត្រឡប់​មកវិញ​ដ៏​រុង​រឿង​របស់​ព្រះអង្គ​សង្គ្រោះ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​ហៅ​ឲ្យ​រៀបចំ​—​ហើយ​កំពុង​រៀបចំ​—​ពិភពលោក​នេះ​សម្រាប់​ថ្ងៃ​នោះ ។ ហេតុដូច្នេះ​ហើយ នៅ​បុណ្យ​អ៊ីស្ទើរ​នេះ ចូរ​យើង​ប្រារព្ធ​ការរស់​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​​​ឲ្យ​​ស្មោះពិត​ ហើយ​អ្វីទាំងអស់​ដែល​នឹង​កើតឡើង ៖ ការយាង​មក​របស់​ទ្រង់​វិញ​ដើម្បី​សោយរាជ្យ​ក្នុង​សេចក្ដី​សុខសាន្ដ​​រយៈ​កាល​មួយ​ពាន់​ឆ្នាំ ការកាត់​សេចក្ដី​ដ៏​សុចរិត និង​យុត្តិធម៌​ដ៏​ឥតខ្ចោះ​សម្រាប់​មនុស្ស​ទាំងអស់ អមតភាព​នៃ​មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ​លើ​ផែនដី​នេះ និង​ការសន្យា​នៃ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។ ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ​​​គឺជា​ការ​អះអាង​ជា​និរន្តរ​ថា រឿង​ទាំងឡាយ​នឹង​បា​នដាក់ឲ្យ​ត្រឹមត្រូវ ។ ចូរ​យើង​ខិតខំ​ឆ្ពោះ​ទៅរក​ការ​បង្កើត​ក្រុង​ស៊ីយ៉ូន​ដើម្បី​ពន្លឿន​ដល់​ថ្ងៃ​នោះ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។