បុព្វកថា
ព្រះគម្ពីរមរមន គឺជាគម្ពីរពិសិដ្ឋមួយប្រៀបបានទៅនឹងព្រះគម្ពីរប៊ីប។ ព្រះគម្ពីរនេះ គឺជាបញ្ជីប្រវត្តិអំពីការទំនាក់ទំនងនៃព្រះចំពោះមនុស្សជំនាន់ដើមនៃទ្វីបអាមេរិក ហើយវាមាននូវភាពពោរពេញ នៃដំណឹងល្អដ៏អស់កល្បជានិច្ច។
ព្រះគម្ពីរនេះបានសរសេរដោយពួកព្យាការីបុរាណជាច្រើន ដោយវិញ្ញាណនៃការព្យាករណ៍ និងវិវរណៈ។ ពាក្យពេចន៍របស់ពួកគេបានឆ្លាក់នៅលើផ្ទាំងមាសទាំងឡាយ ដែលបានដកស្រង់ ហើយសង្ខេបដោយព្យាការី-ជាប្រវត្តិសាស្ត្រម្នាក់មាននាមថា មរមន។ បញ្ជីប្រវត្តិនេះរៀបរាប់អំពីដំណើររឿងនៃអារ្យធម៌ដ៏ធំពីរ។ អារ្យធម៌មួយបានចេញមកពីក្រុងយេរូសាឡិម នៅឆ្នាំ៦០០ មុន គ.ស., ហើយក្រោយមកបានបំបែកចេញជាពីរសាសន៍ ហៅថាពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន។ អារ្យធម៌មួយទៀត បានចេញមកមុនជាយូរហើយ គឺនៅក្នុងជំនាន់ដែលព្រះអម្ចាស់ទ្រង់បានបំភាន់ភាសាទាំងឡាយនៅឯប៉មនៃក្រុងបាបិល។ ក្រុមនេះមានឈ្មោះថា ពួកសាសន៍យ៉ារេឌ។ ច្រើនពាន់ឆ្នាំកន្លងមក សាសន៍ទាំងអស់ត្រូវបានបំផ្លាញចោល លើកលែងតែពួកសាសន៍លេមិន ហើយពួកគេគឺជាពួកដូនតាសំខាន់របស់ពួកឥណ្ឌាសាសន៍អាមេរិកកាំងដើម។
ព្រឹត្តិការណ៍ដ៏សំខាន់បំផុត ដែលមានកត់ត្រាទុកក្នុងព្រះគម្ពីរមរមន គឺជាការងារបម្រើនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ។ ព្រះគម្ពីរនេះ នាំមកនូវគោលលទ្ធិទាំងឡាយនៃដំណឹងល្អ ផ្ដល់នូវចំណុចសំខាន់អំពីផែនការនៃសេចក្ដីសង្គ្រោះ ហើយប្រាប់ដល់មនុស្សទាំងឡាយអំពីអ្វីដែលគេត្រូវធ្វើ ដើម្បីឲ្យបានទទួលសេចក្ដីសុខសាន្ត នៅក្នុងជីវិតនេះ និងសេចក្ដីសង្គ្រោះដ៏នៅអស់កល្បជានិច្ចនៅក្នុងជីវិតខាងមុខ។
ក្រោយពីមរមនបានសរសេរចប់ហើយ លោកក៏បានប្រគល់ដំណើររឿងនេះទៅកូនប្រុសលោកឈ្មោះ មរ៉ូណៃ គឺជាអ្នកដែលបានបន្ថែមពាក្យផ្ទាល់របស់លោកខ្លះ ហើយបានលាក់ផ្ទាំងទាំងនេះនៅក្នុងកូនភ្នំគូម៉ូរ៉ា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៨២៣ គឺមរ៉ូណៃដដែលនេះ ដែលជាអ្នកបានរស់ឡើងវិញ ព្រមទាំងបានទទួលសិរីល្អហើយនោះ បានលេចមកឲ្យព្យាការី យ៉ូសែប ស៊្មីធ ឃើញ ហើយបានបង្គាប់លោក អំពីបញ្ជីប្រវត្តិបុរាណ ហើយនិងការបកប្រែនៅពេលខាងមុខទៅជាភាសាអង់គ្លេស។
លុះដល់ពេលកំណត់ហើយ ផ្ទាំងទាំងឡាយក៏ត្រូវបានប្រគល់ទៅយ៉ូសែប ស៊្មីធ ដែលជាអ្នកបកប្រែផ្ទាំងទាំងនេះដោយអំណោយទាន និងព្រះចេស្ដានៃព្រះ។ ឥឡូវនេះ បញ្ជីប្រវត្តិត្រូវបានបោះពុម្ពទៅជាភាសាជាច្រើន ដែលជាសាក្សីបន្ថែមដ៏ថ្មីមួយទៀតថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់នៅ ហើយអស់អ្នកណាដែលមករកព្រះអង្គ ហើយធ្វើតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អរបស់ទ្រង់ នោះនឹងបានសង្គ្រោះ។
អំពីបញ្ជីនេះ ព្យាការីយ៉ូសែប ស៊្មីធមានប្រសាសន៍ថា « ខ្ញុំបានប្រាប់បងប្អូនទាំងឡាយថា ព្រះគម្ពីរមរមន គឺជាគម្ពីរដ៏ត្រឹមត្រូវបំផុត ជាងគម្ពីរនានាទាំងអស់នៅលើផែនដីនេះ ហើយជាមូលដ្ឋាននៃសាសនារបស់យើង ហើយបុគ្គលម្នាក់ៗអាចចូលទៅជិតព្រះបាន ដោយសារធ្វើតាមសិក្ខាបទទាំងឡាយនៃគម្ពីរនេះជាជាងគម្ពីរដទៃទាំងអស់ »។
ក្រៅពី យ៉ូសែប ស៊្មីធ ព្រះអម្ចាស់ទ្រង់ប្រទានដល់មនុស្ស១១នាក់ទៀត ឲ្យឃើញផ្ទាំងមាសទាំងនេះ ដោយខ្លួនគេផ្ទាល់ ហើយដើម្បីធ្វើជាសាក្សីដ៏ពិសេសអំពីសេចក្ដីពិត និងទេវភាពនៃព្រះគម្ពីរមរមន។ សេចក្ដីបន្ទាល់របស់ពួកគេមានចុះក្នុងគម្ពីរនេះក្នុងចំណោមនៃ « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » និង « ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់ »។
យើងសូមអញ្ជើញមនុស្សទាំងអស់នៅគ្រប់ទិសទី សូមឲ្យអានព្រះគម្ពីរមរមន សូមឲ្យពិចារណាមើលនៅក្នុងចិត្តនូវពាក្យពេចន៍នៅក្នុងគម្ពីរនេះ ហើយបន្ទាប់មក សូមឲ្យសួរដល់ព្រះជាព្រះវរបិតាដ៏នៅអស់កល្បជានិច្ចដោយនូវព្រះនាមនៃព្រះគ្រីស្ទ ថាតើគម្ពីរនេះពិតឬទេ។ អស់អ្នកណាដែលធ្វើតាមបែបបទនេះ ហើយសូមសួរដោយសេចក្ដីជំនឿ នោះនឹងបានទទួលទីបន្ទាល់អំពីសេចក្ដីពិត និងទេវភាពរបស់គម្ពីរនេះ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ (សូមមើលគម្ពីរមរ៉ូណៃ ១០:៣–៥)។
អស់អ្នកណាដែលបានទទួលទីបន្ទាល់ដ៏ប្រសើរពីព្រះវិញ្ញាណបរិសុទ្ធ ក៏នឹងបានដឹងដោយសារព្រះចេស្ដាដដែលថា ព្រះយេស៊ូវគ្រីស្ទ គឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ថាយ៉ូសែប ស៊្មីធ គឺជាអ្នកទទួលវិវរណៈ និងជាព្យាការីរបស់ទ្រង់នៅជាន់ចុងក្រោយបង្អស់ ហើយថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជានគរនៃព្រះអម្ចាស់ ដែលបានស្ដារឡើងវិញម្ដងទៀតនៅលើផែនដី ដើម្បីរៀបចំសម្រាប់ការយាងមកលើកទីពីរនៃព្រះមែស៊ី៕
ទីបន្ទាល់នៃពួកសាក្សីបីនាក់
សូមឲ្យបានដឹងដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនឹងគ្រប់ទាំងប្រជាជន ដែលកិច្ចការនេះមកដល់គេថា ៖ យើង ដោយសារព្រះគុណនៃព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង បានឃើញផ្ទាំងទាំងឡាយ ដែលមានបញ្ជីនេះ គឺជាបញ្ជីអំពីប្រជាជននីហ្វៃ និងអំពីពួកសាសន៍លេមិន ជាបងប្អូនរបស់ពួកគេ ហើយព្រមទាំងអំពីប្រជាជនយ៉ារេឌ ដែលបានចេញមកពីប៉ម ដូចដែលបានពោលមកហើយនោះ។ ហើយយើងដឹងផងដែរថា ផ្ទាំងទាំងឡាយនេះបានបកប្រែឡើង ដោយសារអំណោយទាន និងព្រះចេស្ដានៃព្រះ ត្បិតសំឡេងនៃព្រះបានថ្លែងប្រាប់យើងថាដូច្នោះ ហេតុដូច្នេះហើយ យើងដឹងជាពិតប្រាកដថា ការបកប្រែនេះត្រឹមត្រូវពិតមែន។ ហើយយើង សូមធ្វើបន្ទាល់ថា យើងបានឃើញការឆ្លាក់ត្រាដែលនៅលើផ្ទាំងទាំងឡាយ ហើយការឆ្លាក់ត្រានោះបានបង្ហាញឲ្យយើងឃើញ ដោយព្រះចេស្ដានៃព្រះ ពុំមែនដោយចេស្ដានៃមនុស្សទេ។ ហើយយើងសូមថ្លែងដោយម៉ឺងម៉ាត់ថា មានទេវតានៃព្រះបានចុះមកពីស្ថានសួគ៌ ហើយនាំយកផ្ទាំងទាំងឡាយមកបង្ហាញនៅចំពោះភ្នែកយើង ដែលយើងបានទាំងមើល ហើយឃើញផ្ទាំងទាំងឡាយ ព្រមទាំងការឆ្លាក់ត្រានៅលើនោះផង ហើយយើងដឹងថា ដោយសារព្រះគុណនៃព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើង យើងបានមើលឃើញ ហើយធ្វើបន្ទាល់ថា អ្វីៗទាំងអស់មានជាការពិតមែន។ ហើយគឺជារឿងដ៏ចម្លែកអស្ចារ្យដែលភ្នែកយើងបានឃើញ។ មិនតែប៉ុណ្ណោះសោត សំឡេងនៃព្រះអម្ចាស់បានបញ្ជាយើងថា យើងគួរធ្វើបន្ទាល់អំពីរឿងនេះ ហេតុដូច្នេះហើយ ទុកជាទីគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ យើងសូមថ្លែងទីបន្ទាល់អំពីរឿងទាំងអស់នេះ។ ហើយយើងដឹងថា បើយើងស្មោះត្រង់នឹងព្រះគ្រីស្ទ នោះយើងនឹងអាចកម្ចាត់សំលៀកបំពាក់របស់យើង ពីលោហិតនៃមនុស្សទាំងអស់បាន ហើយឲ្យបានឃើញថាគ្មានទោសនៅចំពោះវេទិកានៃជំនុំជំរះនៃព្រះគ្រីស្ទ ព្រមទាំងបានស្នាក់នៅជាមួយនឹងទ្រង់ នៅលើស្ថានសួគ៌ដ៏នៅអស់កល្បជានិច្ច។ ហើយយើងសូមថ្វាយកិត្តិយសនេះដល់ព្រះវរបិតា និងព្រះរាជបុត្រា ហើយនិងព្រះវិញ្ញាណបរិសុទ្ធ ដែលជាព្រះតែមួយ។ អាម៉ែន៕
អូលីវើរ ខៅឌើរី
ដាវីឌ វិតមើរ
ម៉ាទិន ហារីស
ទីបន្ទាល់នៃពួកសាក្សីប្រាំបីនាក់
សូមឲ្យបានដឹងដល់គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនឹងគ្រប់ទាំងប្រជាជន ដែលកិច្ចការនេះមកដល់គេថា ៖ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបកប្រែរឿងនេះ បានបង្ហាញយើងនូវផ្ទាំងទាំងឡាយ ដូចដែលបានពោលមកហើយនោះ ដែលមានរូបរាងជាមាស ហើយនូវសន្លឹកទាំងប៉ុន្មាន ដែលលោកស៊្មីធបានបកប្រែមកនោះ យើងបានកាន់ដោយដៃយើងផ្ទាល់ យើងថែមទាំងបានឃើញការឆ្លាក់ត្រានៅលើនោះផង របស់ទាំងអស់នោះមានរូបរាងដូចជាវត្ថុស្នាដៃបុរាណមួយយ៉ាងចំណាន។ ហើយរឿងនេះ យើងសូមធ្វើបន្ទាល់ដោយម៉ឺងម៉ាត់ថា លោកស៊្មីធ បានបង្ហាញផ្ទាំងទាំងឡាយដល់យើង ត្បិតយើងបានទាំងឃើញ និងលើក ហើយដឹងជាប្រាកដថា លោកស៊្មីធមានផ្ទាំងទាំងឡាយ ដែលយើងបាននិយាយនោះពិត។ ហើយយើងទាំងអស់គ្នាសូមប្រគល់នាមយើងដល់មនុស្សលោក ដើម្បីធ្វើជាសាក្សីដល់មនុស្សលោកចំពោះអ្វីៗដែលយើងបានឃើញ ហើយយើងមិនបានពោលពាក្យកុហកសោះ ត្បិតព្រះទ្រង់ជាសាក្សីក្នុងរឿងនេះ៕
គ្រីស្ទាន វិតមើរ
យ៉ាកុប វិតមើរ
ពេត្រុស វិតមើរ
យ៉ូហាន វិតមើរ
ហៃរាំ ភេជ
យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ
ជុញ្ញ័រហៃរុម ស៊្មីធ
សាំយូអែល អេច ស៊្មីធ
ទីបន្ទាល់នៃព្យាការីយ៉ូសែបស៊្មីធ
ពាក្យផ្ទាល់របស់ព្យាការីយ៉ូសែបស៊្មីធ អំពីការលេចមកនៃព្រះគម្ពីរមរមន គឺមានដូចតទៅនេះ ៖
« នៅវេលារាត្រីនៃ … ថ្ងៃទី២១ ខែកញ្ញា (១៨២៣) … ខ្ញុំបានចាប់ផ្ដើមអធិស្ឋាន ហើយទូលអង្វរដល់ព្រះដ៏មានមហិទ្ធិឫទ្ធិ …។
« នៅពេលដែលខ្ញុំកំពុងតែអំពាវនាវដល់ព្រះ នោះស្រាប់តែខ្ញុំប្រទះឃើញមានពន្លឺមួយរះឡើងនៅក្នុងបន្ទប់ខ្ញុំ ឯពន្លឺនោះចេះតែភ្លឺខ្លាំងឡើងៗ រហូតដល់បន្ទប់ទាំងមូលភ្លឺជាងពន្លឺថ្ងៃត្រង់ទៅទៀត នៅមួយរំពេចនោះ មានរូបមនុស្សមួយ បានលេចមកនៅក្បែរគ្រែខ្ញុំ ឈរនៅលើអាកាស ពីព្រោះជើងលោកពុំបានប៉ះក្ដារសោះ។
« លោកពាក់អាវរលុង ដែលមានពណ៌ដ៏សអស្ចារ្យ។ គឺមានភាពសជាងអ្វីៗនៅលើលោកិយ ដែលខ្ញុំធ្លាប់ប្រទះឃើញមក ហើយខ្ញុំថែមទាំងមិនជឿថា មានអ្វីមួយនៅក្នុងលោកិយនេះ នឹងត្រូវធ្វើឲ្យឃើញសក្រៃលែង ហើយចែងចាំងដូច្នោះឡើយ។ ដៃរបស់លោកនៅទទេ ត្រឹមខាងលើកដៃបន្តិច ក៏ដូចជាជើងលោកនៅទទេ ត្រឹមខាងលើកជើងបន្តិច។ ឯក្បាល និងកលោកក៏នៅទទេដែរ។ ខ្ញុំបានឃើញថា លោកមិនបានស្លៀកពាក់អ្វីក្រៅពីអាវវែងនោះឡើយ នៅពេលអាវនោះចំហ ធ្វើឲ្យខ្ញុំឃើញទ្រូងលោក។
« មិនត្រឹមតែអាវវែងលោកមានពណ៌សក្រៃលែងប៉ុណ្ណោះឡើយ តែថែមទាំងរូបកាយលោក ក៏ឧត្ដមរុងរឿងជាងដែលអាចអធិប្បាយបានដែរ ឯមុខរបស់លោក នោះពិតជាដូចផ្លេកបន្ទោរ។ បន្ទប់ខ្ញុំភ្លឺក្រៃលែង តែភ្លឺមិនជាប៉ុន្មានដូចជានៅជុំវិញរាងកាយលោកទេ។ កាលខ្ញុំបានមើលឃើញលោកមុនដំបូងបង្អស់នោះ ខ្ញុំខ្លាច ប៉ុន្តែមិនយូរប៉ុន្មាន សេចក្ដីខ្លាចក៏បាត់ពីខ្ញុំទៅ។
« លោកបានហៅខ្ញុំដោយឈ្មោះ ហើយពោលមកកាន់ខ្ញុំថា លោកជាទូត ដែលបានចាត់មកពីវត្តមាននៃព្រះ ឲ្យមករកខ្ញុំ ហើយថា ឈ្មោះលោក គឺមរ៉ូណៃ ថាព្រះទ្រង់មានកិច្ចការឲ្យខ្ញុំធ្វើ ហើយថាឈ្មោះរបស់ខ្ញុំ នឹងមានដើម្បីសេចក្ដីល្អ និងសេចក្ដីអាក្រក់ នៅក្នុងចំណោមគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស ហើយគ្រប់ទាំងភាសា ឬថាឈ្មោះខ្ញុំនឹងត្រូវនិយាយដល់ទាំងសេចក្ដីល្អ និងសេចក្ដីអាក្រក់ នៅក្នុងចំណោមប្រជាជនទាំងអស់។
« លោកមានប្រសាសន៍ថា មានគម្ពីរមួយកប់ទុក ដែលឆ្លាក់នៅលើផ្ទាំងមាស ដែលចែងអំពីប្រវត្តិរបស់ប្រជាជន ដែលបានរស់នៅលើទ្វីបនេះ កាលពីជំនាន់ដើម ហើយអំពីទីកំណើត ដែលពួកគេលេចមក។ លោកមានប្រសាសន៍ទៀតថា ភាពពោរពេញនៃដំណឹងល្អដ៏អស់កល្បជានិច្ច មាននៅក្នុងគម្ពីរនេះ ដូចជាព្រះអង្គសង្គ្រោះទ្រង់បានប្រទានឲ្យប្រជាជនជំនាន់ដើម
« រូចប្រាប់ទៀតថា មានត្បូងពីរដុំនៅក្នុងស៊ុមប្រាក់ — ហើយត្បូងទាំងពីរនេះភ្ជាប់ជាមួយនឹងប្រដាប់បាំងទ្រូង ជារបស់ដែលហៅថា យូរីម និងធូមីម — បានបង្កប់នៅជាមួយនឹងផ្ទាំងទាំងឡាយ ហើយការធ្វើជាម្ចាស់ និងការប្រើត្បូងទាំងនេះ គឺការដែលធ្វើឲ្យអ្នកនោះជាអ្នកមើលឆុត នៅជំនាន់បុរាណ ឬជំនាន់ដើម ហើយថាព្រះទ្រង់បានរៀបត្បូងនោះទុក ដើម្បីជាប្រយោជន៍នៃការបកប្រែគម្ពីរនេះឯង។
· · · · · · ·
« ម្ដងទៀត លោកបានប្រាប់ខ្ញុំថា កាលណាខ្ញុំបានទទួលយកផ្ទាំងទាំងឡាយ ដែលលោកបានថ្លែងដល់នោះ — ត្បិតមិនទាន់ដល់ពេលដែលខ្ញុំត្រូវទទួលផ្ទាំងទាំងនោះទេ — នោះខ្ញុំមិនត្រូវបង្ហាញដល់អ្នកណាឲ្យសោះ សូម្បីតែប្រដាប់បាំងទ្រូង ព្រមទាំងយូរីម និងធូមីមផង ខ្ញុំអាចបង្ហាញតែត្រឹមជនណា ដែលព្រះទ្រង់បញ្ជាឲ្យបង្ហាញដល់ប៉ុណ្ណោះ បើខ្ញុំបង្ហាញឲ្យអ្នកផ្សេងឃើញ នោះខ្ញុំនឹងត្រូវបំផ្លាញចោល។ នៅពេលដែលលោកកំពុងតែសន្ទនាជាមួយនឹងខ្ញុំអំពីផ្ទាំងចារិកនោះ ការនិមិត្តបានបើកសម្ដែងនៅក្នុងគំនិតខ្ញុំ លុះត្រាខ្ញុំបានមើលឃើញទីកន្លែង ដែលមានផ្ទាំងទាំងនោះកប់ទុក ហើយការនិមិត្តនោះច្បាស់លាស់ រហូតដល់ខ្ញុំស្គាល់កន្លែងនោះបាន នៅពេលដែលខ្ញុំទៅកាន់កន្លែងនោះក្រោយមក។
« ក្រោយពីការសន្ទនានេះហើយ ខ្ញុំឃើញថាពន្លឺនៅក្នុងបន្ទប់ចាប់ផ្ដើមប្រមូលរួមជុំវិញកាយ លោកដែលមានប្រសាសន៍មកកាន់ខ្ញុំ ហើយនៅដូច្នោះតទៅ លុះត្រាបន្ទប់ត្រឡប់ទៅជាងងឹតម្ដងទៀត លើកលែងតែនៅជុំវិញលោកប៉ុណ្ណោះ មួយរំពេចនោះ ខ្ញុំឃើញហាក់ដូចជា មានផ្លូវមួយចំហត្រង់ឡើងទៅដល់ស្ថានសួគ៌ ហើយលោកក៏ត្រឡប់ឡើងទៅ រហូតដល់មើលលែងឃើញ ក្រោយមក បន្ទប់ខ្ញុំក៏ត្រឡប់ទៅក្នុងសភាពដើមវិញ ដូចកាលមុនដែលពន្លឺនៃស្ថានសួគ៌នេះបានលេចមក។
« ខ្ញុំដេកសញ្ជឹងគិតដល់សេចក្ដីប្លែកនៃហេតុការណ៍ ហើយនឹកឆ្ងល់ជាខ្លាំងដល់រឿងដែលទូតដ៏ពិសេសនេះបានប្រាប់ខ្ញុំ នៅពេលដែលកំពុងតែគិតនោះ ខ្ញុំក៏ឃើញថាបន្ទប់ខ្ញុំចាប់ផ្ដើមភ្លឺឡើងម្ដងទៀត ហើយនៅមួយរំពេចនោះ ទូតស្ថានសួគ៌ដដែលនោះក៏មកឈរនៅក្បែរគ្រែខ្ញុំម្ដងទៀត។
« លោកក៏ចាប់ផ្ដើម ហើយនិយាយពីរឿងដដែលដែលលោកបានប្រាប់ហើយ កាលលោកបានមកមុនដំបូង ដោយមិនប្រែប្រួលឡើយ នៅពេលចប់ហើយ នោះលោកបានប្រាប់ខ្ញុំអំពីសេចក្ដីជំនុំជំរះដ៏មហិមា ដែលនឹងកើតឡើងនៅលើផែនដីនេះ ព្រមទាំងសេចក្ដីហិនវិនាសដ៏ខ្លាំង ដោយអំណត់អត់ ដាវ និងជំងឺអាសន្នរោគ ហើយថាសេចក្ដីជំនុំជំរះដ៏ធ្ងន់ធ្ងរទាំងឡាយនេះ នឹងកើតមាននៅលើផែនដីក្នុងជំនាន់នេះឯង។ កាលបានថ្លែងពីរឿងទាំងអស់នេះហើយ នោះលោកក៏ត្រឡប់ឡើងទៅវិញម្ដងទៀត ដូចដែលលោកបានធ្វើពេលមុនដែរ។
« នៅវេលានេះ ហេតុការណ៍ដែលបានយល់នៅក្នុងចិត្តរបស់ខ្ញុំ គឺជ្រាលជ្រៅណាស់ ដែលពុំអាចដេកបាន ហើយខ្ញុំដេកភ្លឹកភ្លាំងនៅក្នុងការណ៍អស្ចារ្យ ដែលខ្ញុំបានទាំងឃើញ ហើយបានឮមកនោះ។ ប៉ុន្តែជាសេចក្ដីប្លែកចិត្តរបស់ខ្ញុំអ្វីម្ល៉េះ កាលឃើញទូតដដែលនៅក្បែរគ្រែខ្ញុំម្ដងទៀត ហើយបានឮទូតរៀបរាប់ ឬថ្លែងមកខ្ញុំម្ដងទៀតពីរឿងដដែលដូចពេលមុននោះ ហើយព្រមទាំងឲ្យពាក្យដាស់តឿនដល់ខ្ញុំ ដោយប្រាប់ខ្ញុំថាអារក្សសាតាំងនឹងព្យាយាមល្បួងខ្ញុំ (ពីព្រោះមកពីសភាពក្រខ្សត់របស់គ្រួសារឪពុកខ្ញុំ) ឲ្យទៅយកផ្ទាំងទាំងឡាយ ដើម្បីនឹងកសាងខ្លួនជាអ្នកមាន។ រឿងនេះលោកឃាត់ខ្ញុំ ដោយមានប្រសាសន៍ថា ខ្ញុំមិនត្រូវមានគោលបំណងផ្សេងទៀតក្នុងសេចក្ដីនឹកគិតក្នុងការបានផ្ទាំងទាំងឡាយមក ក្រៅពីដើម្បីសរសើរតម្កើងព្រះ ហើយមិនត្រូវធ្លាក់ទៅក្នុងឥទ្ធិពលនៃមូលហេតុអ្វីផ្សេងទៀតឡើយ ក្រៅពីការកសាងនគរនៃព្រះប៉ុណ្ណោះ បើមិនដូច្នោះសោតទេ ខ្ញុំមិនអាចនឹងយកផ្ទាំងទាំងឡាយមកបានឡើយ។
« ក្រោយពីបានមកជួបខ្ញុំជាលើកទីបី នោះលោកក៏ត្រឡប់ឡើងទៅស្ថានសួគ៌វិញ ដូចលើកមុន ហើយខ្ញុំត្រូវទុកឲ្យរំពឹងគិតទៀតចំពោះសេចក្ដីប្លែកនៃហេតុការណ៍ ដែលខ្ញុំទើបតែបានជួបប្រទះ នៅមួយរំពេចក្រោយមក ទូតស្ថានសួគ៌បានត្រឡប់ឡើងចេញពីខ្ញុំទៅជាលើកទីបី នោះមាន់ក៏រងាវ ហើយខ្ញុំក៏ដឹងថា ជិតភ្លឺហើយ ដូច្នោះការសន្ទនារបស់យើងច្បាស់ជាបានប្រព្រឹត្តទៅអស់ពេលពេញមួយយប់តែម្ដង។
« មួយសន្ទុះក្រោយមក ខ្ញុំក្រោកពីដំណេក ហើយទៅធ្វើការដូចដែលត្រូវធ្វើតាមធម្មតារាល់ៗថ្ងៃ ប៉ុន្តែក្នុងពេលព្យាយាមធ្វើការដូចពេលផ្សេងៗ ខ្ញុំហាក់បីដូចជាអស់កម្លាំងជាខ្លាំង រហូតដល់ធ្វើអ្វីលែងកើត។ ឪពុកខ្ញុំដែលកំពុងតែធ្វើការនៅក្បែរខ្ញុំនោះ ឃើញថាមានអ្វីខុសពីធម្មតាចំពោះខ្ញុំ ហើយបានប្រាប់ឲ្យខ្ញុំត្រឡប់ទៅផ្ទះវិញ។ ខ្ញុំចេញទៅដោយសេចក្ដីតាំងចិត្តថា នឹងត្រឡប់ទៅផ្ទះ ប៉ុន្តែពេលព្យាយាមឆ្លងរបងចេញពីចម្ការ នោះខ្ញុំអស់កម្លាំងរលីងពីខ្លួន ហើយខ្ញុំដួលស្ដូកស្ដឹងនៅលើដី ហើយសន្លប់អស់មួយសន្ទុះទៅ។
« រឿងដំបូងដែលខ្ញុំចាំបាន គឺសំឡេងមួយនិយាយមកកាន់ខ្ញុំ ហៅខ្ញុំដោយឈ្មោះ។ ខ្ញុំមើលទៅលើ ហើយឃើញទូតដដែលឈរនៅលើក្បាលខ្ញុំ ហ៊ុមព័ទ្ធជុំវិញដោយរស្មីដូចពីលើកមុនដែរ។ ខណៈនោះ លោកក៏ថ្លែងពីរឿងទាំងអស់មកខ្ញុំម្ដងទៀត ដែលលោកបានប្រាប់ខ្ញុំកាលពីយប់មិញ ហើយលោកបញ្ជាខ្ញុំឲ្យទៅរកឪពុកខ្ញុំ ហើយប្រាប់គាត់ពីការនិមិត្ត និងបញ្ញត្តិទាំងឡាយដែលខ្ញុំបានទទួល។
« ខ្ញុំធ្វើតាម ខ្ញុំត្រឡប់ទៅរកឪពុកខ្ញុំនៅក្នុងចម្ការ ហើយបានរៀបរាប់រឿងសព្វគ្រប់ជម្រាបគាត់។ គាត់ឆ្លើយតបមកខ្ញុំថា ជារឿងរបស់ព្រះ ហើយគាត់បានប្រាប់ឲ្យខ្ញុំទៅ ហើយធ្វើដូចដែលទូតបានបញ្ជា។ ខ្ញុំបានចេញពីចម្ការ ហើយទៅកាន់ទីកន្លែង ដែលទូតបានប្រាប់ខ្ញុំថាមានផ្ទាំងទាំងឡាយកប់ទុក ហើយមកពីសេចក្ដីច្បាស់លាស់នៃការនិមិត្តដែលខ្ញុំបានឃើញមក នោះខ្ញុំស្គាល់កន្លែងនោះភ្លាម នៅពេលខ្ញុំទៅដល់ទីនោះ។
« នៅជិតភូមិម៉ែនឆែស្ទើរ ស្រុកអុនតារីយ៉ូ រដ្ឋញូវយ៉ក មានភ្នំមួយធំ ហើយខ្ពស់បំផុតនៅក្នុងតំបន់។ នៅប៉ែកខាងលិចភ្នំនេះ មិនជាឆ្ងាយប៉ុន្មានពីកំពូល ហើយនៅក្រោមដុំថ្មមួយដ៏ធំ មានផ្ទាំងទាំងឡាយដាក់ទុកនៅក្នុងហិបថ្ម។ ដុំថ្មនេះក្រាស់ ហើយនៅចំកណ្ដាល ផ្នែកខាងលើមានរាងមូល ហើយគែមៗមានរាងស្ដើងបន្តិច ហើយនៅចំផ្នែកកណ្ដាលវាផុសពីដី ប៉ុន្តែគែមជុំវិញត្រូវដីកប់ជិតអស់។
« កាលបានកាយដីចេញហើយ ខ្ញុំយកដងគំនាស់មួយ ដែលខ្ញុំដាក់ទៅក្រោមគែមថ្ម ហើយដោយប្រើកម្លាំងបន្តិចបន្តួច ក៏គាស់ថ្មនោះរបើកឡើងបាន។ ខ្ញុំមើលទៅខាងក្នុង ហើយពិតជាទីនោះមែន ខ្ញុំឃើញផ្ទាំងទាំងឡាយ យូរីម និងធូមីម ហើយព្រមទាំងប្រដាប់បាំងទ្រូង ដូចដែលទូតមានប្រសាសន៍មក។ ហិបដែលដាក់របស់ទាំងនេះ បានធ្វើឡើងដោយការដាក់ថ្មភ្ជាប់គ្នាពីជាតិស៊ីម៉ងត៍ម្យ៉ាង។ នៅបាតហិប មានថ្មពីរដុំ ដាក់ទុកទទឹងហិប ហើយនៅពីលើថ្មពីរដុំនេះ មានផ្ទាំងទាំងឡាយ ព្រមទាំងវត្ថុផ្សេងៗដាក់ទុកជាមួយគ្នាផង។
« ខ្ញុំព្យាយាមយករបស់ទាំងនោះចេញមក ប៉ុន្តែត្រូវទូតហាមឃាត់ ហើយប្រាប់ម្ដងទៀតថា ពេលដែលត្រូវយករបស់ទាំងនោះចេញមក ពុំទាន់ដល់នៅឡើយ គឺមិនទាន់ដល់វេលាទេ។ លុះត្រាគម្រប់បួនឆ្នាំចាប់ពីឆ្នាំនេះទៅ ប៉ុន្តែលោកមានប្រសាសន៍ប្រាប់ខ្ញុំថា ចាប់ពីថ្ងៃនេះទៅរហូតដល់កំណត់មួយឆ្នាំ ខ្ញុំត្រូវត្រឡប់មកកាន់កន្លែងនេះវិញ ហើយលោកនឹងមកជួបខ្ញុំនៅទីនោះ ហើយថា ខ្ញុំត្រូវធ្វើដូច្នោះតទៅ លុះត្រាដល់ពេលដែលនឹងបានទទួលផ្ទាំងទាំងឡាយនោះមក។
« ម្ល៉ោះហើយ ដូចដែលខ្ញុំត្រូវបានបញ្ជាមក ខ្ញុំក៏ទៅនៅពេលគ្រប់កំណត់មួយឆ្នាំម្ដងៗ ហើយជារៀងរាល់ដង ខ្ញុំបានជួបទូតដដែលនៅទីនោះ ហើយបានទទួលការបង្គាប់ និងប្រាជ្ញាពីលោកគ្រប់ពេលដែលយើងសន្ទនាគ្នា អំពីរឿងដែលព្រះអម្ចាស់ទ្រង់នឹងធ្វើ ហើយតើដោយរបៀបណា និងដោយនូវអ្វីដែលនគរព្រះ នឹងត្រូវចាត់ចែងនៅគ្រាក្រោយបង្អស់។
· · · · · · ·
« នៅទីបញ្ចប់ ក៏ដល់ពេលដែលនឹងបានទទួលទាំងផ្ទាំងទាំងឡាយ យូរីម និងធូមីម ហើយព្រមទាំងប្រដាប់បាំងទ្រូងផង។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៨២៧ ខ្ញុំបានត្រឡប់ទៅកាន់កន្លែងដែលមានវត្ថុទាំងនេះ កប់ទុកតាមធម្មតា នៅពេលគ្រប់កំណត់មួយឆ្នាំទៀត ទូតស្ថានសួគ៌ដដែលក៏បានប្រគល់វត្ថុទាំងនោះដល់ខ្ញុំ ៖ ថាខ្ញុំត្រូវទទួលការខុសត្រូវចំពោះវត្ថុទាំងនោះ ហើយថាបើខ្ញុំបណ្ដោយឲ្យរបស់ទាំងនោះខូចខាតទៅដោយមិនយកចិត្តទុកដាក់ ឬក៏ដោយការធ្វេសប្រហែសណាមួយរបស់ខ្ញុំ នោះខ្ញុំនឹងត្រូវកាត់ចេញ ប៉ុន្តែបើខ្ញុំខំប្រើសេចក្ដីព្យាយាមដ៏អស់ពីចិត្តខ្ញុំថានឹងរក្សាវត្ថុទាំងនោះទុក លុះត្រាដល់លោកជាទូតនឹងហៅយករបស់ទាំងនោះវិញ នោះវត្ថុទាំងនោះនឹងបានទទួលការពារឲ្យគង់វង់នៅ។
« នៅមិនយូរប៉ុន្មាន ខ្ញុំក៏ដឹងហេតុផលដែលខ្ញុំត្រូវបានទទួលបម្រាមយ៉ាងតឹងរឹងដូច្នោះ ដើម្បីឲ្យថែរក្សារបស់ទាំងនោះទុកឲ្យផុតអន្តរាយ ហើយហេតុដែលទូតបានពោលទុកថា កាលណាខ្ញុំបានសម្រេចនូវអ្វីដែលត្រូវការពីដៃរបស់ខ្ញុំហើយ នោះលោកនឹងហៅយករបស់ផងនោះវិញ។ ត្បិតនៅមិនយូរប៉ុន្មាន ដែលអ្នកផ្សេងទាំងពួងដឹងថា ខ្ញុំមានរបស់ទាំងនោះ នោះគេបានខិតខំព្យាយាមធ្វើអំពើអាស្រូវបំផុត ដើម្បីនឹងដណ្ដើមយករបស់ទាំងនោះពីខ្ញុំទៅ។ មធ្យោបាយគ្រប់បែបដែលអាចគិតឃើញបានមក ក៏ធ្វើដើម្បីប្រយោជន៍នោះ។ សេចក្ដីបៀតបៀនមកលើរូបខ្ញុំ មានទម្ងន់ធ្ងន់ល្វីងជូរចត់ជាងពេលណាៗទាំងអស់ ហើយមនុស្សទាំងហ្វូងយាមចាំគ្រប់ពេលវេលា ដើម្បីនឹងដណ្ដើមយករបស់ទាំងនោះពីខ្ញុំទៅ ប្រសិនបើធ្វើបាន។ ប៉ុន្តែដោយសារប្រាជ្ញារបស់ព្រះ របស់ទាំងនោះបាននៅក្នុងកណ្ដាប់ដៃរបស់ខ្ញុំ ដោយផុតអន្តរាយ លុះត្រាខ្ញុំបានសម្រេចភារកិច្ចដោយវត្ថុនោះ ដែលត្រូវធ្វើពីដៃរបស់ខ្ញុំ។ នៅពេលដែលទូតតម្រូវយកវត្ថុទាំងនោះវិញ ដូចដែលបានគ្រោងទុក នោះខ្ញុំបានប្រគល់វត្ថុទាំងនោះទៅលោកវិញ ហើយលោកមានវត្ថុទាំងនោះ នៅក្នុងការថែរក្សានៃលោករហូតដល់ថ្ងៃនេះ គឺថ្ងៃទី២ ខែឧសភា ឆ្នាំ១៨៣៨ »។
សំរាប់រឿងទាំងមូល សូមមើល យ៉ូសែបស៊្មីធ — ប្រវត្តិ នៅក្នុងមុក្ដាដ៏មានតម្លៃមហិមា History of the Church of Jesus Christ of Latter-day Saints (ប្រវត្តិពីសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ) ភាគទី១ ជំពូកទី១ដល់ជំពូកទី៦។
បញ្ជីប្រវត្តិបុរាណដែលបាននាំចេញមកពីដី ដូចជាសំឡេងរបស់ប្រជាជនមួយ ដែលនិយាយចេញពីធូលីដីមក ហើយបានបកប្រែចេញជាភាសាបច្ចុប្បន្ន ដោយសារអំណោយទាន និងព្រះចេស្ដានៃព្រះ ដូចបានពិសោធដោយសេចក្ដីបញ្ជាក់ពីព្រះ បានត្រូវបោះពុម្ពផ្សាយដល់ពិភពលោកជាលើកដំបូងបង្អស់ នៅក្នុងឆ្នាំ១៨៣០ ជា The Book of Mormon ។