ព្រះគម្ពីរ
នីហ្វៃ ទី ១ 13


ជំពូក​ទី ១៣

នីហ្វៃ​ឃើញ​នៅ​ក្នុង​ការ​និមិត្ត អំពី​សាសនាចក្រ​នៃ​អារក្ស​ដែល​កើតឡើង​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ, អំពី​ការ​រក​ឃើញ និង​ការ​ធ្វើ​និគម​កិច្ច​លើ​ទ្វីប​អាមេរិក, អំពី​ការ​បាត់បង់​នៃ​ផ្នែក​ច្បាស់ៗ និង​ពិសេស​ជាច្រើន​នៃ​ព្រះ​គម្ពីរ​ប៊ីប, អំពី​ផលវិបាក​ដោយ​សារ​សេចក្ដី​ក្បត់​សាសនា​របស់​ពួក​សាសន៍​ដទៃ, អំពី​ការ​សាង​ឡើងវិញ​នៃ​ដំណឹង​ល្អ, អំពី​ការ​នាំ​មក​នូវ​ព្រះ​គម្ពីរ​ថ្ងៃ​ចុង​ក្រោយ, និង​អំពី​ការ​កសាង​ក្រុង​ស៊ីយ៉ូន។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏! ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​សាសន៍ និង​នគរ​ជាច្រើន។

ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​ឃើញ​អ្វី? ហើយ​ខ្ញុំ​ទូល​ថា ៖ ខ្ញុំ​ឃើញ​សាសន៍ និង​នគរ​ជាច្រើន។

ហើយ​លោក​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ នេះ​គឺ​ជា​សាសន៍ និង​នគរ​ទាំង​ឡាយ​របស់​ពួក​សាសន៍​ដទៃ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សាសនាចក្រ​ធំ​មួយ​កើតឡើង​ក្នុង​ចំណោម​សាសន៍​ទាំង​ឡាយ នៃ​ពួក​សាសន៍​ដទៃ។

ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ ការ​បង្កើត​ឡើង​នៃ​សាសនាចក្រ​ដ៏​គួរ​ខ្ពើម​ឆ្អើម​បំផុត ជាង​សាសនាចក្រ​ណាៗ​ទាំង​អស់ ដែល​សម្លាប់​ពួក​បរិសុទ្ធ​នៃ​ព្រះ មែន​ហើយ ហើយ​ទាំង​ធ្វើ​ទុក្ខ​ពួក​គេ និង​ចង​ពួក​គេ និង​បំពាក់​នឹម​ដែក​លើ​ពួក​គេ ហើយ​នាំ​ពួក​គេ​ចុះ​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម ហើយ​ខ្ញុំ​បាន​ឃើញ​ថា អារក្ស​ជា​អ្នក​បង្កើត​សាសនាចក្រ​នេះ។

ហើយ​ខ្ញុំ​បាន​ឃើញ​ទាំង​មាស និង​ប្រាក់ និង​សំពត់​សូត្រ​ទាំង​ឡាយ និង​សំពត់​ពណ៌​ក្រហម​ទាំង​ឡាយ និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់ ព្រម​ទាំង​សំលៀកបំពាក់​ដ៏​មាន​តម្លៃៗ​គ្រប់​បែប​យ៉ាង ហើយ​ខ្ញុំ​ឃើញ​ពួក​ស្រី​ពេស្យា​ជាច្រើន។

ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ មាស និង​ប្រាក់ និង​សំពត់​សូត្រ​ទាំង​ឡាយ និង​សំពត់​ពណ៌​ក្រហម​ទាំង​ឡាយ និង​សំពត់​ត្បាញ​ដោយ​អំបោះ​ខ្លូត​ទេស​វេញ​យ៉ាង​ខ្មាញ់ និង​សំលៀកបំពាក់​ដ៏​មាន​តម្លៃ ហើយ​នឹង​ពួក​ស្រី​ពេស្យា​ទាំង​ឡាយ​នេះ គឺ​ជា​សេចក្ដី​ប្រាថ្នា នៃ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ។

ហើយ​ក៏​ដើម្បី​សេចក្ដី​សរសើរ​តម្កើង​នៃ​មនុស្ស​លោក​ផង​ដែរ នោះ​ពួក​គេ​បំផ្លាញ​ពួក​បរិសុទ្ធ​នៃ​ព្រះ ហើយ​ចាប់​ពួក​គេ​ចុះ​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​មើល ហើយ​ឃើញ​ផ្ទៃ​ទឹក​ដ៏​ធំ ហើយ​ផ្ទៃ​ទឹក​នោះ បំបែក​ពួក​សាសន៍​ដទៃ​ចេញ​ពី​ពូជ​បងៗ​របស់​ខ្ញុំ។

១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ន៏ សេចក្ដី​ក្រោធ​នៃ​ព្រះ កំពុង​តែ​ធ្លាក់​មក​លើ​ពូជ​បងៗ​របស់​អ្នក។

១២ហើយ​ខ្ញុំ​ក៏​មើល ហើយ​បាន​ឃើញ​បុរស​ម្នាក់​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ដែល​ត្រូវ​ឃ្លាត​ចេញ​ពី​ពូជ​បងៗ​របស់​ខ្ញុំ​ដោយ​ផ្ទៃ​ទឹក​ដ៏​ធំ ហើយ​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​ចុះ​មក​សណ្ឋិត​លើ​បុរស​នោះ ហើយ​លោក​ចេញ​ដំណើរ​ឆ្លងកាត់​ផ្ទៃ​ទឹក​ដ៏​ធំ​នោះ គឺ​ទៅ​ឯ​ពូជ​បងៗ​របស់​ខ្ញុំ ដែល​នៅ​លើ​ដែនដី​សន្យា។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​យាង​មក​សណ្ឋិត​លើ​ពួក​សាសន៍​ដទៃ​ផ្សេង​ទៀត ហើយ​ពួក​គេ​បាន​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង​ដោយ​ឆ្លង​កាត់​លើ​ផ្ទៃ​ទឹក​ដ៏​ធំ​នោះ។

១៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​ពួក​សាសន៍​ដទៃ​ទាំង​ហ្វូងៗ​នៅ​លើ​ដែនដី​សន្យា​នោះ ហើយ​ខ្ញុំ​បាន​ឃើញ​ថា សេចក្ដី​ក្រោធ​នៃ​ព្រះ​ធ្លាក់​លើ​ពូជ​បងៗ​របស់​ខ្ញុំ ហើយ​ពួក​គេ​ត្រូវ​បែក​ខ្ចាត់ខ្ចាយ នៅ​ចំពោះ​ពួក​សាសន៍​ដទៃ ហើយ​ត្រូវ​វាយ​ដំ​កម្ទេច។

១៥ហើយ​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ យាង​មក​សណ្ឋិត​លើ​ពួក​សាសន៍​ដទៃ ហើយ​ពួក​គេ​ក៏​បាន​ចម្រើន​ឡើង ហើយ​បាន​ដែនដី​ទុក​ជា​កេរ្តិ៍​អាករ​ដល់​ពួក​គេ ហើយ​ខ្ញុំ​បាន​ឃើញ​ថា ពួក​គេ​មាន​សម្បុរ​ស ហើយ​ស្រស់​ល្អ ហើយ​ស្អាត​ដ៏​លើសលប់ ដូច​ជា សាសន៍​ខ្ញុំ មុន​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ស្លាប់​ទៅ។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា ពួក​សាសន៍​ដទៃ​ដែល​បាន​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង បាន​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ​អម្ចាស់ ហើយ​ព្រះ​ចេស្ដា​នៃ​ព្រះ​អម្ចាស់​បាន​ស្ថិត​នៅ​ជាមួយ​នឹង​ពួក​គេ។

១៧ហើយ​ខ្ញុំ​បាន​ឃើញ​ថា មាតា​នៃ​ពួក​សាសន៍​ដទៃ បាន​ប្រមូល​គ្នា​នៅ​លើ​ទឹក ហើយ​នៅ​លើ​ដី ដើម្បី​ទៅ​ច្បាំង​នឹង​ពួក​គេ។

១៨ហើយ​ខ្ញុំ​បាន​ឃើញ​ថា ព្រះ​ចេស្ដា​នៃ​ព្រះ​បាន​ស្ថិតនៅ​ជាមួយ​នឹង​ពួក​គេ ហើយ​ក៏​បាន​ឃើញ​ថា សេចក្ដី​ក្រោធ​នៃ​ព្រះ​បាន​ធ្លាក់​មក​លើ​អស់​អ្នក​ណា ដែល​ប្រមូល​គ្នា​មក​ច្បាំង​នឹង​ពួក​គេ។

១៩ហើយ​ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា ពួក​សាសន៍​ដទៃ​ដែល​បាន​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង​នោះ​ត្រូវ​បាន​ដោះលែង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​គ្រប់​អស់​ទាំង​សាសន៍​ផ្សេងៗ។

២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ នីហ្វៃ បាន​ឃើញ​ថា ពួក​គេ​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​ខ្ញុំ​បាន​ឃើញ​គម្ពីរ​មួយ ហើយ​គម្ពីរ​នោះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ។

២១ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ តើ​អ្នក​យល់​ន័យ​ពី​គម្ពីរ​នោះ​ឬ​ទេ?

២២ហើយ​ខ្ញុំ​បាន​ទូល​លោក​ថា ៖ ខ្ញុំ​មិន​យល់​ទេ។

២៣ហើយ​លោក​មាន​បន្ទូល​ថា ៖ មើល​ចុះ គម្ពីរ​នេះ​ចេញ​មក​ពី​មាត់​របស់​សាសន៍​យូដា​ម្នាក់។ ហើយ​ខ្ញុំ នីហ្វៃ បាន​ឃើញ​គម្ពីរ​នោះ ហើយ​លោក​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ គម្ពីរ​ដែល​អ្នក​ឃើញ​នោះ គឺ​ជា​បញ្ជី​មួយ​របស់​ពួក​សាសន៍​យូដា ដែល​មាន​សេចក្ដី​សញ្ញា​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ហើយ​គម្ពីរ​នោះ​ក៏​មាន​ពាក្យ​ព្យាករណ៍​ជាច្រើន​នៃ​ពួក​ព្យាការី​បរិសុទ្ធ​ទាំង​ឡាយ ហើយ​គឺ​ជា​បញ្ជី​ដូច​គ្នា​នឹង​បញ្ជី​ឆ្លាក់​ត្រា ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន គ្រាន់​តែ​មិន​សូវ​មាន​ច្រើន ដូច​នៅ​លើ​ផ្ទាំង​ទាំង​នោះ​ទេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​តែ​គម្ពីរ​នេះ​មាន​សេចក្ដី​សញ្ញា​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​ទ្រង់​បាន​ធ្វើ​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ម្ល៉ោះ​ហើយ គម្ពីរ​នេះ​មាន​ប្រយោជន៍​ដ៏​ធំ​ដល់​ពួក​សាសន៍​ដទៃ។

២៤ហើយ​ទេវតា​នៃ​ព្រះ​អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ អ្នក​បាន​ឃើញ​ហើយ​ថា គម្ពីរ​នេះ​ចេញ​មក​ពី​មាត់​របស់​សាសន៍​យូដា​ម្នាក់ ហើយ​កាល​គម្ពីរ​នេះ​បាន​ចេញ​មក​ពី​មាត់​សាសន៍​យូដា គម្ពីរ​នេះ​មាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​អម្ចាស់ ដែល​ពួក​សាវក ១២​នាក់ ធ្វើ​បន្ទាល់ ហើយ​ពួក​គេ​ធ្វើ​បន្ទាល់​ស្រប​តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​កូន​ចៀម​នៃ​ព្រះ។

២៥ហេតុ​ដូច្នោះ​ហើយ ការណ៍​ទាំង​នេះ​ចេញ​មក​ពី​ពួក​សាសន៍​យូដា ទៅ​ឯ​ពួក​សាសន៍​ដទៃ​ក្នុង​សេចក្ដី​បរិសុទ្ធ ស្រប​តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ។

២៦ហើយ​បន្ទាប់ពី​ការណ៍​ទាំង​នេះ​ចេញ​ពី​ពួក​សាសន៍​យូដា ទៅ​ឯ​ពួក​សាសន៍​ដទៃ ដោយ​សារ​ស្នាដៃ​របស់​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម​ហើយ នោះ​អ្នក​នឹង​ឃើញ​ការ​បង្កើត​ឡើង​នៃ​សាសនាចក្រដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម គឺ​គួរ​ខ្ពើម​ឆ្អើម​ជាង​សាសនាចក្រ​ឯ​ណាៗ​ទាំង​អស់ ត្បិត​មើល​ចុះ ពួក​គេ​បាន​ដក​យក​ភាគ​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន​ចេញ​ពី​ដំណឹង​ល្អ​នៃ​កូន​ចៀម ហើយ​ថែម​ទាំង​ដក​យក​សេចក្ដី​សញ្ញា​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់​ជា​ច្រើន​ចេញ​ដែរ។

២៧ហើយ​គ្រប់​ការណ៍​អស់​ទាំង​នេះ​ហើយ​ដែល​ពួក​គេ​បាន​ធ្វើ ដើម្បី​ពួក​គេ​អាច​បង្ខូច​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដើម្បី​ពួក​គេ​អាច​ធ្វើ​ឲ្យ​ភ្នែក​ទាំង​ឡាយ​ខ្វាក់ ហើយ​ធ្វើ​ឲ្យ​ចិត្ត​ទាំង​ឡាយ​នៃ​កូន​ចៅ​មនុស្ស​រឹងរូស។

២៨ហេតុ​ដូច្នោះ​ហើយ អ្នក​ឃើញ​ហើយ​ថា បន្ទាប់ពី​ពេល​ដែល​គម្ពីរ​នោះ ធ្លាក់​ទៅ​ដល់​ដៃ​នៃ​សាសនាចក្រ​ដ៏​ធំ ហើយ​គួរ​ខ្ពើម​ឆ្អើម​នោះ​ហើយ នោះ​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន ត្រូវ​បាន​ដក​យក​ពី​គម្ពីរ​នោះ​ចេញ គឺ​ជា​គម្ពីរ​របស់​កូន​ចៀម​នៃ​ព្រះ។

២៩ហើយ​បន្ទាប់ពី​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំង​ប៉ុន្មាន ត្រូវ​បាន​ដក​យក​ចេញ​ហើយ​នោះ គម្ពីរ​នេះ​នឹង​ត្រូវ​បាន​ផ្សាយ​ទៅ​គ្រប់​ទាំង​សាសន៍​នៃ​ពួក​សាសន៍​ដទៃ ហើយ​បន្ទាប់​ពី​គម្ពីរ​នេះ ត្រូវ​បាន​ផ្សាយ​ទៅ​គ្រប់​ទាំង​សាសន៍​នៃ​ពួក​សាសន៍​ដទៃ​ហើយ មែន​ហើយ គឺ​នឹង​ឆ្លងកាត់​ផ្ទៃ​ទឹក​ដ៏​ធំ ដែល​អ្នក​បាន​ឃើញ​ទៅ​ជាមួយ​នឹង​ពួក​សាសន៍​ដទៃ ដែល​បាន​ចេញ​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង​នោះ​ហើយ នោះ​អ្នក​បាន​ឃើញ — ពី​ព្រោះ​មក​ពី​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ​ជាច្រើន ដែល​បាន​ដក​យក​ពី​គម្ពីរ​នេះ​ចេញ គឺ​ជា​សេចក្ដី​ដ៏​ច្បាស់​ចំពោះ​ការ​យល់​ដល់​កូន​ចៅ​មនុស្ស តាម​សេចក្ដី​ច្បាស់លាស់ ដែល​នៅ​ក្នុង​កូន​ចៀម​នៃ​ព្រះ — ពី​ព្រោះ​មក​ពី​សេចក្ដី​ទាំង​នេះ​ត្រូវ​បាន​ដក​យក​ចេញ​ពី​ដំណឹង​ល្អ​នៃ​កូន​ចៀម បាន​ជា​មនុស្ស​ជាច្រើន​លើសលប់ ត្រូវ​ជំពប់​ដួល មែន​ហើយ រហូតដល់​អារក្ស​សាតាំង​មាន​អំណាច​ដ៏​ធំ​ទៅ​លើ​ពួក​គេ។

៣០ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អ្នក​បាន​ឃើញ​ថា ពួក​សាសន៍​ដទៃ​ដែល​បាន​រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង​នោះ ត្រូវ​បាន​លើក​ឡើង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ ឲ្យ​ខ្ពស់​ជាង​សាសន៍​នានា​ទាំង​អស់​នៅ​លើ​ដែនដី ដែល​ជា​ជម្រើស​លើ​ដែនដី​ឯ​ទៀត​ទាំង​អស់ គឺ​ជា​ដែនដី​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ឪពុក​អ្នក​ថា ពូជ​លោក​នឹង​បាន​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​គេ ហេតុ​ដូច្នោះ​ហើយ អ្នក​បាន​ឃើញ​ថា ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មិន​ព្រម​ឲ្យ​ពួក​សាសន៍​ដទៃ បំផ្លាញ​ពូជ​អ្នក​ដែល​នៅ​ក្នុង​ចំណោម​ពួក​បងប្អូន​របស់​អ្នក​ឲ្យ​សាប​សូន្យ​អស់​ឡើយ។

៣១ហើយ​ទ្រង់​ក៏​មិន​ព្រម​ឲ្យ​ពួក​សាសន៍​ដទៃ​បំផ្លាញ​ពូជ​បងៗ​របស់​អ្នក​ដែរ។

៣២ហើយ​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​ក៏​មិន​ព្រម​ឲ្យ​ពួក​សាសន៍​ដទៃ ស្ថិតនៅ​ក្នុង​សភាព​ល្ងឹត​ល្ងង់​ត​ទៅ​ទៀត​ឡើយ ដែល​អ្នក​បាន​ឃើញ​ហើយ​ថា ពួក​គេ​កំពុងតែ​នៅ​ក្នុង​សភាព​បែប​នេះ ដោយ​មក​ពី​ភាគ​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំង​ប៉ុន្មាន​នៃ​ដំណឹង​ល្អ​របស់​កូន​ចៀម ត្រូវ​បាន​យក​ចេញ​ដោយ​សាសនាចក្រ​ដ៏​គួរ​ខ្ពើម​ឆ្អើម ឯ​ការ​បង្កើត​សាសនាចក្រ​នោះ​អ្នក​បាន​ឃើញ​ហើយ។

៣៣ហេតុ​ដូច្នោះ​ហើយ កូន​ចៀម​នៃ​ព្រះ​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​មេត្តា​ដល់​ពួក​សាសន៍​ដទៃ រហូត​ដល់​មក​ធ្វើ​ទោស​ដល់​សំណល់​នៃ​វង្ស​អ៊ីស្រាអែល ដោយ​ការ​ជំនុំ​ជំរះ​ដ៏​ធំ។

៣៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទេវតា​នៃ​ព្រះ​អម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ មើល​ចុះ កូន​ចៀម​នៃ​ព្រះ​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា បន្ទាប់ពី​យើង​មក​ពិនិត្យពិច័យ​សំណល់​នៃ​វង្ស​អ៊ីស្រាអែល — ហើយ​សំណល់​ដែល​យើង​ពោល​ដល់​នេះ គឺជា​ពូជ​ឪពុក​របស់​អ្នក — ហេតុ​ដូច្នោះ​ហើយ បន្ទាប់ពី​យើង​មក​ពិនិត្យពិច័យ​ពួក​គេ​ដោយ​ការ​ជំនុំ​ជំរះ ហើយ​វាយ​ពួក​គេ​ដោយ​ដៃ​របស់​ពួក​សាសន៍​ដទៃ ហើយ​បន្ទាប់ពី​ពួក​សាសន៍​ដទៃ​ជំពប់​ដួល​ជា​ខ្លាំង ដោយ​មក​ពី​ភាគ​ដ៏​ច្បាស់ និង​ពិសេសៗ​ទាំង​ប៉ុន្មាន​នៃ​ដំណឹង​ល្អ​របស់​កូន​ចៀម​ត្រូវ​បាន​យក​ចេញ ដោយ​សាសនាចក្រ​ដ៏​គួរ​ខ្ពើម​ឆ្អើម​នោះ ដែល​ជា​មាតា​នៃ​ពួក​ស្រី​ពេស្យា នោះ​កូន​ចៀម​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ — យើង​នឹង​មេត្តា​ដល់​ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​នោះ គឺ​ដរាប​ដល់​យើង​នឹង​នាំ​ចេញ​មក​ដល់​ពួក​គេ​ដោយ​អំណាច​យើង​ផ្ទាល់ នូវ​ភាគច្រើន​នៃ​ដំណឹង​ល្អ​របស់​យើង ដែល​នឹង​ទៅ​ជា​សេចក្ដី​ច្បាស់ និង​ពិសេសៗ កូន​ចៀម​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ។

៣៥ត្បិត​មើល​ចុះ កូន​ចៀម​មាន​ព្រះ​បន្ទូល​ថា ៖ យើង​នឹង​សម្ដែង​ខ្លួន​ឲ្យ​ពូជ​អ្នក​ឃើញ ដើម្បី​ឲ្យ​ពួក​គេ​សរសេរ​អំពី​អ្វីៗ​ជាច្រើន ដែល​យើង​នឹង​ធ្វើ​ការងារ​បម្រើ​ដល់​ពួក​គេ ដែល​នឹង​ទៅ​ជា​សេចក្ដី​ច្បាស់ និង​ពិសេស ហើយ​បន្ទាប់ពី​ពូជ​អ្នក​ត្រូវ​បាន​បំផ្លាញ​ចោល ហើយ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ ហើយ​ពូជ​បងៗ​របស់​អ្នក​ផង​នោះ មើល​ចុះ សេចក្ដី​ទាំង​នេះ​នឹង​ត្រូវ​បាន​លាក់​ទុក ដើម្បី​ឲ្យ​បាន​ចេញ​មក​ដល់​ពួក​សាសន៍​ដទៃ ដោយ​អំណោយទាន និង​ព្រះ​ចេស្ដា​នៃ​កូន​ចៀម។

៣៦កូន​ចៀម​មាន​ព្រះ​បន្ទូល​ថា ទាំង​ដំណឹង​ល្អ និង​ថ្ម ហើយ​នឹង​សេចក្ដី​សង្គ្រោះ​របស់​យើង នឹង​ត្រូវ​បាន​សរសេរ​ទុក​នៅ​ក្នុង​គម្ពីរ​ទាំង​នេះ។

៣៧នោះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា ដែល​នឹង​ព្យាយាម​ខំ​នាំ​ក្រុង​ស៊ីយ៉ូន​របស់​យើង​ចេញ​មក​នៅ​ថ្ងៃ​នោះ ត្បិត​ពួក​គេ​នឹង​បាន​ទទួល​អំណោយទាន និង​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​បើ​ពួក​គេ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​ពួក​គេ​នឹង​ត្រូវ​បាន​លើក​ឡើង នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​នឹង​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​ដ៏​អស់​កល្ប​ជានិច្ច​នៃ​កូន​ចៀម ហើយ​អស់​អ្នក​ណា​ប្រកាសប្រាប់​ពី​សេចក្ដី​សុខសាន្ត មែន​ហើយ គឺ​ដំណឹង​ពី​សេចក្ដី​អំណរ​ដ៏​អស្ចារ្យ នោះ​ល្អ​ណាស់​ហ្ន៎ គឺ​ពួក​អ្នក​ដែល​ដើរ​លើ​ភ្នំ។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឃើញ​សំណល់​នៃ​ពូជ​បងៗ​របស់​ខ្ញុំ និង​ព្រម​ទាំង​គម្ពីរ​របស់​កូន​ចៀម​នៃ​ព្រះ​ដែរ ដែល​បាន​ចេញ​មក​ពី​មាត់​របស់​សាសន៍​យូដា ថា​គម្ពីរ​នោះ​បាន​ចេញ​មក​ពី​ពួក​សាសន៍​ដទៃ ដល់​សំណល់​នៃ​ពូជ​បងៗ​របស់​ខ្ញុំ។

៣៩ហើយ​បន្ទាប់ពី​គម្ពីរ​នោះ​បាន​មក​ដល់​ពួក​គេ​ហើយ នោះ​ខ្ញុំ​ឃើញ​គម្ពីរ​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​នាំ​ចេញ​មក​ដោយ​ព្រះ​ចេស្ដា នៃ​កូន​ចៀម គឺ​ចេញ​មក​ពី​ពួក​សាសន៍​ដទៃ​ដល់​ពួក​គេ ដើម្បី​ជា​ការ​បរិវត្តន៍​ដល់​ពួក​សាសន៍​ដទៃ និង​សំណល់​នៃ​ពូជ​បងៗ​របស់​ខ្ញុំ និង​ពួក​សាសន៍​យូដា ដែល​បាន​ខ្ចាត់ខ្ចាយ​ពាសពេញ​លើ​ផ្ទៃ​ផែនដី​ផង​ថា បញ្ជី​ទាំង​ឡាយ​នៃ​ពួក​ព្យាការី និង​នៃ​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម គឺ​ជា​សេចក្ដី​ពិត។

៤០ហើយ​ទេវតា​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ បញ្ជី​ចុង​ក្រោយ​ទាំង​ឡាយ​នេះ ដែល​អ្នក​បាន​ឃើញ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ​នោះ នឹង​តាំង​នូវ​សេចក្ដី​ពិត​អំពី​បញ្ជី​មុន ដែល​ជា​បញ្ជី​នៃ​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម ហើយ​នឹង​បង្ហាញ​ឲ្យ​ដឹង​សេចក្ដី​ដ៏​ច្បាស់ និង​ពិសេសៗ ដែល​បាន​ដក​យក​ពី​បញ្ជី​ទាំង​នោះ ហើយ​នឹង​បង្ហាញ​ដល់​គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ភាសា និង​គ្រប់​ទាំង​ប្រជាជន​ឲ្យ​ដឹង​ថា កូន​ចៀម​នៃ​ព្រះ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ​ថា មនុស្ស​ទាំង​អស់​ត្រូវ​តែ​មក​រ​ក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ។

៤១ហើយ​ពួក​គេ​ត្រូវ​តែ​មក ស្រប​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ ដែល​នឹង​ត្រូវ​បាន​តាំង​ឡើង​ដោយ​ព្រះ​ឱស្ឋ​នៃ​កូន​ចៀម ហើយ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​កូន​ចៀម នឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​ដឹង​នៅ​ក្នុង​បញ្ជី​នៃ​ពូជ​អ្នក ក៏​ដូច​ជា​នៅ​ក្នុង​បញ្ជី​នៃ​ពួក​សាវក​១២​នាក់​នៃ​កូន​ចៀម​ដែរ ហេតុ​ដូច្នោះ​ហើយ បញ្ជី​ទាំង​ពីរ​នេះ នឹង​ត្រូវ​បាន​តាំង​ឡើង​ជា​របស់​តែ​មួយ ត្បិត​មាន​ព្រះ​តែ​មួយ និង​អ្នក​គង្វាល​មួយ​ប៉ុណ្ណោះ នៅ​លើ​ផែនដី​ទាំង​មូល។

៤២ហើយ​ពេល​នឹង​មក​ដល់ ដែល​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ពួក​សាសន៍​យូដា និង​ពួក​សាសន៍​ដទៃ​ផង ហើយ​បន្ទាប់​ពី​ទ្រង់​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​សាសន៍​យូដា និង​ព្រម​ទាំង​ដល់​ពួក​សាសន៍​ដទៃ​ផង ខណៈ​នោះ​ទ្រង់​នឹង​សម្ដែង​រូបអង្គ​ទ្រង់​ដល់​ពួក​សាសន៍​ដទៃ និង​ព្រម​ទាំង​ដល់​ពួក​សាសន៍​យូដា​ផង ហើយ​មនុស្ស​ក្រោយ​ទៅ​ជា​មុន រីឯ​មនុស្ស​មុន​ទៅ​ជា​ក្រោយ​វិញ៕