ព្រះគម្ពីរមរមន ផ្លាស់ប្តូរជីវិតមនុស្សជាច្រើន
អ្នកប្រែចិត្តជឿទាំងនេះបានអភិវឌ្ឍសេចក្តីជំនឿតាមរយៈការអានព្រះគម្ពីរមរមន ។
ព្រះគម្ពីរមរមនគឺពិតជាអំណោយមួយ ដែលមានបំណងនាំឲ្យយើងដែលជាបុត្រាបុត្រីរបស់ព្រះទៅកាន់ចំណេះដឹងអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដ៏ពិត ។ អ៊ិនរីហ្គ សើប៉ា ប៊ូស្តាមែនតេ សមាជិកមកពីទីក្រុង លីម៉ា ប្រទេស ប៉េរូ គិតថា ព្រះគម្ពីរមរមនគឺជាសំបុត្រមួយមកពីឪពុកម្តាយដ៏មានសេចក្តីស្រឡាញ់ ៖ « ព្រះវរបិតាសួគ៌យើងបានសរសេរ ‹ សំបុត្រ › តាមរយៈព្យាការី ប្រទានព្រះដំបូន្មាន ការលួងលោម និងការណែនាំសម្រាប់សេចក្តីល្អដល់យើង និងប្រទានពរដល់យើងគ្រប់ពេលវេលាទាំងអស់ ។ ទ្រង់មានប្រាជ្ញាឈ្លាសវៃនៅក្នុងផែនការរបស់ទ្រង់ ដែលទ្រង់ជ្រាបដឹងអំពីរបៀបដើម្បីប្រទានដល់យើងនូវសំបុត្រនៃសេចក្តីស្រឡាញ់ទាំងនោះត្រូវនឹងពេលយើងត្រៀមដួងចិត្តយើងជាស្រេចដើម្បីយល់ពីពរជ័យ និងដំណឹងល្អរបស់ទ្រង់ » ។
នេះគឺជាទីបន្ទាល់មួយចំនួនមកពីអ្នកប្រែចិត្តជឿជាច្រើននាក់នៅជុំវិញពិភពលោកស្តីពីព្រះគម្ពីរមរមន ដែលមានសារៈសំខាន់យ៉ាងពិសេសចំពោះពួកគេ នៅពេលពួកគេកំពុងរៀនអំពីសាសនាចក្រ ។
សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ
ខ្ញុំបានឃើញព្រះគម្ពីរមរមនមួយក្បាលនៅក្នុងផ្ទះរបស់ក្មួយស្រីខ្ញុំនៅទីក្រុងអ៊ីបាដាន ប្រទេសនីហ្សេរីយ៉ា ។ ដោយសារខ្ញុំជាអ្នកចង់ចេះចង់ដឹងក្នុងការអាន នោះខ្ញុំចង់ដឹងចង់យល់ពីមូលហេតុដែលគម្ពីរនោះថ្លែងថា « សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » ដូច្នោះខ្ញុំបានយកគម្ពីរនោះមកអាន ។
ចំណងជើងរង « សក្ខីបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ » បានបើកដួងចិត្តខ្ញុំទៅរកសក្តានុពលរបស់ព្រះអង្គសង្គ្រោះសាកលលោកមួយ ជាជាងគ្រាន់តែជាព្រះអង្គសង្គ្រោះនៃសាសន៍អ៊ីស្រាអែល ដែលគ្រានោះគឺជាកង្វល់ដ៏ធំមួយចំពោះខ្ញុំ ។ ការយាងរបស់ទ្រង់ទៅជួបសាសន៍នីហ្វៃ និងការបង្កើតក្រឹត្យវិន័យ និងពិធីបរិសុទ្ធរបស់ទ្រង់ក្នុងចំណោមប្រជាជនទាំងនោះ ធ្វើឲ្យខ្ញុំចង់ដឹងកាន់តែខ្លាំងអំពីការបម្រើរបស់ទ្រង់ ។
ចំណងជើងរងនោះបាននាំខ្ញុំឲ្យរៀនបន្ថែមទៀតអំពីសាសនាចក្រ ។ ខ្ញុំបានចាប់ផ្តើមទទួលអារម្មណ៍ពីព្រះវិញ្ញាណ ពេលខ្ញុំបានធ្វើតាមការដាស់តឿនដែលបានសរសេរនៅក្នុងព្រះគម្ពីរមរមន ដូចជាការអធិស្ឋានដើម្បីដឹងសេចក្តីពិតដោយខ្លួនឯងផ្ទាល់ ( សូមមើល មរ៉ូណៃ ១០:៤ ) ។ ឥឡូវនេះ ខ្ញុំដឹងថា ព្រះអង្គសង្គ្រោះមានព្រះជន្មរស់ ហើយស្រឡាញ់យើងទាំងអស់គ្នា ។
អេសេគាល អាខែ រដ្ឋអៃដាហូ ស.រ.អា.
នីហ្វៃទី១ ៨ — ផ្លែឈើ « ជាងអ្វីៗទាំងអស់ដែលខ្ញុំធ្លាប់បានភ្លក់ពីមុន »
នៅក្នុង នីហ្វៃទី ១ ៨:១១–១២ លីហៃបានពិពណ៌នាអំពីផ្លែនៃដើមជីវិតថា « មានរសជាតិផ្អែមបំផុតគឺផ្អែមជាងអ្វីៗដែលខ្ញុំធ្លាប់បានភ្លក់ពីមុនមក ។ … នោះព្រលឹងវិញ្ញាណឪពុកក៏ពោរពេញទៅដោយសេចក្ដីអំណរជាអតិបរមា » ។ នៅពេលខ្ញុំអានខគម្ពីរទាំងនេះ ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថា ផ្លែឈើនេះគឺពិសេសណាស់ ហើយខ្ញុំមានបំណងចង់បានវា ។
ខ្ញុំទទួលអារម្មណ៍នៃការយល់ចិត្តយ៉ាងខ្លាំងចំពោះលីហៃ ។ ខ្ញុំបានគិតថា ចុះប្រសិនបើខ្ញុំគឺជាលីហៃ ហើយផ្លែឈើនេះនៅមាន នោះខ្ញុំនឹងទទួលអារម្មណ៍ដូចលោកដែរ ហើយខ្ញុំពិតជាចង់ឲ្យគ្រួសារខ្ញុំបរិភោគផ្លែឈើនោះផងដែរ ។ ការណ៍នេះធ្វើឲ្យខ្ញុំទទួលអារម្មណ៍ពិសេសដ៏ពិត ដោយសារឪពុកម្តាយខ្ញុំពុំមែនជាសមាជិកសាសនាចក្រ ដូច្នេះសូម្បីតែពេលនេះហើយក្ដី ពេលខ្ញុំអានខគម្ពីរទាំងនេះក្នុងពេលឥឡូវនេះ នោះខគម្ពីរទាំងនេះហាក់ដូចជាថ្លែងអំពីអ្វីដែលមាននៅក្នុងចិត្តខ្ញុំ ។
ខ្ញុំបានដឹងថា ផ្លែឈើនេះពិសេស ទោះបីពីមុនមកខ្ញុំបានដឹងថា ផ្លែឈើតំណាងឲ្យសេចក្តីស្រឡាញ់នៃព្រះ និងដំណឹងល្អរបស់ទ្រង់ក្តី ។ ក្រោយមក ពេលខ្ញុំបានយល់អំពីអត្ថន័យរបស់ផ្លែឈើ នោះខ្ញុំបានគិតអំពីអត្ថន័យយ៉ាងច្បាស់របស់វាដែលបានពិពណ៌នានៅក្នុងខគម្ពីរ ។
ព្រះគម្ពីរកត់ត្រានូវសេចក្តីពិតមកពីពួកព្យាការី ហើយមាននូវព្រះបន្ទូលព្រះប្រាកដមែន ។
អ៊ុន ជីន យឿម យ៉ាំងជី កូរ៉េខាងត្បូង
យ៉ាកុប ៥:៧៤ — បំណងប្រាថ្នាដើម្បីបម្រើព្រះ
កាលខ្ញុំកំពុងរៀនអំពីសាសនាចក្រ ខ្ញុំបានអាន យ៉ាកុប ៥:៧៤ ។ វាដក់ជាប់ក្នុងចិត្តខ្ញុំតាំងពីពេលដែលខ្ញុំបានអានវាមក ។ ខ្ញុំគឺជាសមាជិកដ៏សកម្មម្នាក់ពេញមួយជីវិតខ្ញុំ កាលពីនៅព្រះវិហារមុនរបស់ខ្ញុំ ហើយខ្ញុំបានមានចិត្តចង់បម្រើព្រះជានិច្ច ។ ខ្ញុំថែមទាំងមានសង្ឃឹមថា នៅថ្ងៃណាមួយខ្ញុំនឹងសិក្សាទស្សនវិទ្យា និងសាសនាវិទ្យាដើម្បីបម្រើទ្រង់ទៀតផង ។ ខ្ញុំក៏បានជាប់ការប្រឡងចូលរបស់ខ្ញុំដើម្បីរៀនទស្សនវិទ្យាផងដែរ ។
ប៉ុន្តែខ្ញុំនឹងមិនបំភ្លេច ពេលខ្ញុំបានអានខគម្ពីរនោះដំបូងឡើយ ។ ខ្ញុំចាំថា វាគឺជាយប់បន្ទាប់ពីខ្ញុំបានចូលរួមការប្រជុំនៅព្រះវិហារ អិល.ឌី.អេស. ជាលើកដំបូង ។ អំឡុងពេលម៉ោងសម្រាកនៃចន្លោះម៉ោងរៀន ខ្ញុំបានឃើញនៅលើក្តារខៀនបិទព័ត៌មាននូវវិវរណៈដែលប្រធាន ថូម៉ាស អេស ម៉នសុន បានទទួលទាក់ទងនឹងការបន្ថយអាយុរបស់ពួកអ្នកផ្សព្វផ្សាយសាសនា ។
ពេលខ្ញុំអាន យ៉ាកុប ៥:៧៤ នាយប់នោះ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែបម្រើព្រះ ។ ហើយមិនដឹងជាយ៉ាងម៉េចទេ ដោយសម្លឹងមើលទៅអ្នកផ្សព្វផ្សាយសាសនា — គឺយុវជនទាំងពីរនាក់នោះដែលមានអាយុស្របាលនឹងខ្ញុំ — បានលះបង់ជីវិតរបស់ពួកគេថ្វាយដល់ទ្រង់ នោះខ្ញុំបានដឹងថា នេះគឺជារបៀបដែលខ្ញុំអាចធ្វើដូច្នោះផងដែរ ។ នាយប់មួយពីមុនការប្រជុំនៅព្រះវិហារ ខ្ញុំបានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។ យប់ក្រោយពីបុណ្យជ្រមុជទឹក ខ្ញុំបានសម្រេចចិត្តបម្រើបេសកកម្ម ។ ឥឡូវនេះ ខ្ញុំបានត្រឡប់មកផ្ទះវិញដោយកិត្តិយស បន្ទាប់ពីបម្រើប្រជាជនដ៏អស្ចារ្យនៅបេសកកម្ម សេប៊ូ ភាគខាងកើត ប្រទេសហ្វីលីពីន ។
ចូសេហ្វ ហ្គូធីរែស ទីក្រុងប៉ាតាំងហ្គាស ប្រទេសហ្វីលីពីន
គម្ពីរអេណុស — ការអភ័យទោសពីអំពើបាប
ពេលខ្ញុំអានព្រះគម្ពីរមរមនលើកដំបូង ខ្ញុំពុំដឹងថាត្រូវចាប់ផ្តើមអានពីត្រង់ណាទៅទេ ។ ខ្ញុំមានការលំបាកជាមួយនឹងការអភ័យទោស ជាពិសេសគឺការអភ័យទោសដល់ខ្លួនឯង និងការដឹងថា តើខ្ញុំសក្តិសមនឹងទទួលបានការអភ័យទោសដែរឬអត់ ។ មានស៊ីស្ទើរដែលជាអ្នកផ្សព្វផ្សាយសាសនាម្នាក់បានប្រាប់ខ្ញុំថា ខ្ញុំនឹងទទួលចម្លើយនៅក្នុងព្រះគម្ពីរ ហើយថា ប្រសិនបើខ្ញុំពុំដឹងពីកន្លែងចាប់ផ្តើមអានទេនោះ ខ្ញុំគួរតែអធិស្ឋានឲ្យដឹងអំពីវា និងខគម្ពីរដែលខ្ញុំត្រូវអាននៅត្រង់កន្លែងនោះផងដែរ ។ ខ្ញុំបានសម្រេចចិត្តបើកព្រះគម្ពីរនោះដោយព្រាវ ហើយអាននៅកន្លែងដែលខ្ញុំឈប់ — នៅគម្ពីរអេណុស ខទី ៤–៦ ។ ខ្ញុំបានដឹងថា ព្រះគម្ពីរមរមនពិតនៅគ្រានោះតែម្តង បន្ទាប់ពីខ្ញុំបានអានវារួច ។
ជេនីហ្វើរ អែនឌ្រេស្គី រដ្ឋកាលីហ្វូញ៉ា ស.រ.អា
ម៉ូសាយ ២៧—ឱកាសដើម្បីផ្លាស់ប្តូរ
នៅពេលគ្រាដំបូងដែលខ្ញុំបានអានព្រះគម្ពីរមរមន វគ្គមួយនៃព្រះគម្ពីរមរមនដែលខ្ញុំចូលចិត្តខ្លាំងបំផុតនោះគឺនៅក្នុងម៉ូសាយ ពេលកូនប្រុសរបស់អាលម៉ា ប្រកែកពុំទទួលស្គាល់សាសនាចក្រ ហើយព្យាយាមបំផ្លាញសាសនាចក្រចោល ។ ប៉ុន្តែមានការផ្លាស់ប្តូរមួយដ៏ធំនៅក្នុងខ្លួនលោក — លោកបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយលោកបានផ្លាស់ប្រែទៅជាអ្នកជឿម្នាក់ ។ ខ្ញុំពិតជាចូលចិត្តដំណើររឿងនោះណាស់ ដោយសារឱកាសដើម្បីផ្លាស់ប្តូរគួរតែត្រូវបានប្រទានឲ្យដល់មនុស្សគ្រប់រូប ។
ម៉ារៀ ហ្គ្រេសៀ ហិនរីហ្គីក ហ្គុងស្សាលែស ទីក្រុង ម៉ៅលេ ប្រទេស ឈីលី ។
ម៉ូសាយ ២៧:២៨ — ២៩សុភមង្គល និងការប្រោសលោះ
ក្នុងនាមជាសមាជិកថ្មី ខ្ញុំមានការណ៍អស្ចារ្យក្នុងចិត្តដោយសារបទគម្ពីរ ម៉ូសាយ ២៧:២៨–២៩ ។ ខ្ញុំបាន — ហើយខ្ញុំនៅតែ — មានអំណរគុណដែលព្រះអម្ចាស់មានសេចក្តីមេត្តាកុរណាដល់ខ្ញុំ ហើយប្រោសលោះខ្ញុំពីជីវិតនៃអំពើបាបនេះ ។ ពីមុនបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានគិតថា ខ្ញុំមានភាពរីករាយ ប៉ុន្តែគ្មានអ្វីអាចយកមកប្រៀបផ្ទឹមនឹងសុភមង្គល ដែលខ្ញុំបានទទួលអារម្មណ៍ នៅពេលខ្ញុំបានទទួលយកដំណឹងល្អដែលបានស្តារឡើងវិញឡើយ ។ ខ្ញុំពុំធ្លាប់បានមានទំនុកចិត្ត និងប្រាកដប្រាជាដូចនេះឡើយថា អនាគតដ៏ភ្លឺស្វាងបាននៅរង់ចាំខ្ញុំនោះ ។
បន្ទាប់ពីការទទួលយកការអញ្ជើញរបស់អាលម៉ាឲ្យ « ចូរមក ហើយទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្តចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានទៅជាពួកអ្នកទទួលទាននូវផ្លែនៃដើមជីវិតដែរ » ( អាលម៉ា ៥:៦២ ) ខ្ញុំបានដកបទពិសោធន៍នៃការលួងលោមស្រដៀងគ្នានោះ និងការរំដោះដ៏សុខសាន្តដូចដែលអាលម៉ាជាកូនបានមាន កាលលោកបានសរសេរថា ៖ « ខ្ញុំបាននៅក្នុងជ្រោះជ្រៅងងឹត ប៉ុន្តែឥឡូវនេះ ខ្ញុំឃើញពន្លឺដ៏អស្ចារ្យនៃព្រះហើយ ។ ព្រលឹងខ្ញុំត្រូវបានញាំញីដោយសេចក្ដីទុក្ខវេទនាដ៏អស់កល្បជានិច្ច ប៉ុន្តែឥឡូវនេះ ខ្ញុំត្រូវបានទាញចេញមកហើយ ហើយព្រលឹងខ្ញុំពុំឈឺចាប់ទៀតទេ » ( ម៉ូសាយ ២៧:២៩ ) ។ វគ្គបទគម្ពីរនេះបានជួយខ្ញុំឲ្យយល់ថា ការចាប់ផ្តើមជីវិតថ្មីរបស់ខ្ញុំ និងសុភមង្គលដែលទើបតែរកឃើញនោះត្រូវបានបង្កើតឡើងនៅលើការទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គសង្គ្រោះ និងព្រះប្រោសលោះរបស់ខ្ញុំ ។ ឥឡូវនេះ ខ្ញុំមានអំណរគុណជានិរន្តរថា ព្រះអង្គសង្គ្រោះរបស់ខ្ញុំបានបង់ថ្លៃនៃភាពយុត្តិធម៌ ហើយអនុញ្ញាតឲ្យខ្ញុំទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់ដ៏ប្រោសលោះដដែលនោះម្តងហើយម្តងទៀតគ្រប់ពេលដែលខ្ញុំបានប្រែចិត្ត ។
ម៉ារី ចាន់ថល ហុង ទីក្រុង អនតារីយ៉ូ ប្រទេសកាណាដា
សៀវភៅពណ៌ខៀវតូចនោះ
ខ្ញុំបានធំឡើងនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលខ្ញុំបានជួបពួកអ្នកផ្សព្វផ្សាយសាសនា ហើយបានចូលរួមសាសនាចក្រ ។ នៅថ្ងៃអាទិត្យនោះវាគាប់ជួនជាថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរ ។ ដោយសារកាលវិភាគការងាររបស់ខ្ញុំ នោះខ្ញុំបានទៅព្រះវិហារយឺត ហើយបានចូលរួមថ្នាក់សាលាថ្ងៃអាទិត្យរបស់ពួកយុវវ័យ ជាកន្លែងដែលអ្នកផ្សព្វផ្សាយម្នាក់បានបង្រៀនមេរៀន ។ គាត់បានដកស្រង់ខគម្ពីរមួយចំនួនមកពីសៀវភៅពណ៌ខៀវដែលខ្ញុំពុំធ្លាប់បានឃើញពីមុនឡើយ ប៉ុន្តែវាដូចជាព្រះគម្ពីរបរិសុទ្ធ ។ នៅពេលគាត់កំពុងបង្រៀន ខ្ញុំទទួលអារម្មណ៍យ៉ាងខ្លាំងក្នុងចិត្តរបស់ខ្ញុំ ហើយបានដឹងថា ខ្ញុំក៏គួរតែមានសៀវភៅនោះផងដែរ ។
ខ្ញុំបានទៅជួបគាត់ដោយផ្ទាល់បន្ទាប់ពីចប់ថ្នាក់រៀន ហើយបានប្រាប់គាត់ថា « ខ្ញុំត្រូវការសៀវភៅនោះ » ។ ដោយសារតែសៀវភៅនោះគឺជាព្រះគម្ពីរមួយឈុតរបស់គាត់ផ្ទាល់ នោះគាត់ពុំអាចឲ្យវាមកខ្ញុំឡើយ ប៉ុន្តែគាត់បានឲ្យខ្ញុំមើលវា ហើយទទួលអារម្មណ៍ពីវា ។ ខ្ញុំបានឃើញអក្សរដែលមានពណ៌ទឹកមាសដែលមានក្បាច់ក្បូរនៅលើក្របខាងមុខសរសេរថា ៖ « ព្រះគម្ពីរមរមន » ។ ខ្ញុំបានទទួលអារម្មណ៍ដូចគ្នានោះម្តងទៀតថា ខ្ញុំត្រូវការព្រះគម្ពីរនោះសម្រាប់ខ្លួនខ្ញុំផ្ទាល់ ។ អ្នកផ្សព្វផ្សាយសាសនាបានយកអាសយដ្ឋានរបស់ខ្ញុំ ហើយបានសន្យាថានឹងយកព្រះគម្ពីរនេះមួយក្បាលឲ្យខ្ញុំ ។ ប្រាកដណាស់ មិនយូរប៉ុន្មានក្រោយមក ពួកអ្នកផ្សព្វផ្សាយសាសនាបានមកដល់ផ្ទះខ្ញុំ ហើយបានបង្ហាញខ្ញុំនូវព្រះគម្ពីរមរមនដែលជាព្រះគម្ពីរផ្ទាល់របស់ខ្ញុំ ។ បន្ទាប់មក ពួកគេបានបង្រៀនការពិភាក្សាដល់ខ្ញុំ ។
នៅឆ្នាំនោះ បុណ្យអ៊ីស្ទើរបាននាំមកនូវពរជ័យដ៏មិនគួរឲ្យជឿមកក្នុងជីវិតខ្ញុំ ៖ គឺព្រះគម្ពីរមរមន ។ សៀវភៅពណ៌ខៀវតូចនោះបាននាំមកនូវវិញ្ញាណនៃជីវិតមកកាន់ជីវិតរបស់ខ្ញុំ ហើយខ្ញុំមានអំណរគុណដែលខ្ញុំមានឯកសិទ្ធិដើម្បីរៀនពីព្រះគម្ពីរនេះ ។
វែនុ បាស្កា ណាក់កា រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.