ព្រះគម្ពីរ
អាលម៉ា 12


ជំពូក​ទី ១២

អាលម៉ា​ជជែក​ដេញដោល​គ្នា​ជាមួយ​នឹង​ស៊ីអែសរ៉ុម — សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ អាច​ប្រទាន​ដល់​តែ​មនុស្ស​ស្មោះត្រង់ — មនុស្ស​លោក​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ​តាម​គំនិត ជំនឿ ពាក្យ​សម្ដី និង​កិច្ចការ​របស់​គេ — ពួក​ទុច្ចរិត​នឹង​រង​ទុក្ខ​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ — ជីវិត​ដែល​រមែង​ស្លាប់​នេះ គឺជា​ស្ថានភាព​នៃ​ការ​សាកល្បង — ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ និង​ការ​ផ្ដាច់​បាប តាម​រយៈ​សេចក្ដី​ជំនឿ — ពួក​ជន​ដែល​ប្រែចិត្ត​នឹង​ទទួល​នូវ​សេចក្ដី​មេត្តាករុណា តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​នៃ​ព្រះ។ ប្រមាណ​ជា​ឆ្នាំ ៨២ ម.គ.ស.។

ឥឡូវ​នេះ អាលម៉ា ដោយ​បាន​ឃើញ​ថា ពាក្យ​សម្ដី​របស់​អាមូលេក បាន​ធ្វើ​ឲ្យ​ស៊ីអែសរ៉ុម​បាត់​មាត់ ព្រោះ​លោក​ឃើញ​ថា អាមូលេក​បាន​ចាប់​គាត់​នៅ​ត្រង់​ចំណុច ដែល​គាត់​ភូត​កុហក ហើយ​បញ្ឆោត​ដើម្បី​បំផ្លាញ​អាមូលេក ហើយ​ដោយ​បាន​ឃើញ​ថា គាត់​បាន​ចាប់​ផ្ដើម​ញ័រ​រន្ធត់​ដោយ​ដឹង​នូវ​កំហុស​របស់​ខ្លួន ទើប​អាលម៉ា​បើក​មាត់​លោក ហើយ​បាន​ចាប់​ផ្ដើម​និយាយ​ទៅ​កាន់​គាត់ ហើយ​ដើម្បី​បញ្ជាក់​នូវ​ពាក្យ​សម្ដី​របស់​អាមូលេក ហើយ​ដើម្បី​ពន្យល់​រឿង​ទាំង​អស់​ឲ្យ​បាន​ជ្រៅជ្រះ​ត​ទៅ​ទៀត ឬ​ក៏​ដើម្បី​លាតត្រដាង​ត​ទៅ​ទៀត​នូវ​បទគម្ពីរ​ទាំង​ឡាយ ដែល​អាមូលេក​បាន​និយាយ​មក​ហើយ​នោះ។

ឥឡូវ​នេះ ពាក្យ​សម្ដី​ដែល​អាលម៉ា​បាន​និយាយ ទៅ​កាន់​ស៊ីអែសរ៉ុម នោះ​ប្រជាជន​នៅ​ជុំវិញ​បាន​ស្ដាប់​ឮ ត្បិត​មាន​ហ្វូង​មនុស្ស​ដ៏​មហិមា ហើយ​លោក​បាន​និយាយ​ដូច្នេះ​ថា ៖

ឥឡូវ​នេះ ស៊ីអែសរ៉ុម ដោយ​បាន​ឃើញ​ថា អ្នក​ត្រូវ​គេ​ចាប់​បាន​នូវ​ការ​កុហក និង​កលល្បិច​អ្នក​ហើយ ត្បិត​អ្នក​មិន​ត្រឹមតែ​កុហក​ដល់​មនុស្ស​លោក​តែប៉ុណ្ណោះ​ទេ តែ​អ្នក​ថែម​ទាំង​បាន​កុហក​ដល់​ព្រះ​ទៀត ត្បិត​មើល​ចុះ ព្រះ​អង្គ​ទ្រង់​ជ្រាប​នូវ​អស់​ទាំង​គំនិត​របស់​អ្នក ហើយ​អ្នក ក៏​ឃើញ​ថា ព្រះ​វិញ្ញាណ​របស់​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ដឹង​នូវ​គំនិត​របស់​អ្នក​ដែរ

ហើយ​អ្នក​ឃើញ​ថា​យើង​ដឹង​ថា ផែនការ​របស់​អ្នក​ជា​ផែនការ​មួយ​ដ៏​ល្អិត​ណាស់ ប្រៀប​បាន​ទៅ​នឹង​ភាព​ល្អិត​ល្អន់​នៃ​អារក្ស​សម្រាប់​កុហក ហើយ​បោក​បញ្ឆោត​ប្រជាជន​នេះ ដើម្បី​អ្នក​អាច​ចាក់​រុក​ឲ្យ​គេ​ទាស់​នឹង​យើង ដើម្បី​ឲ្យ​គេ​បណ្ដុះ​បង្អាប់​យើង ហើយ​បណ្ដេញ​យើង​ចេញ។

ឥឡូវ​នេះ នេះ​គឺជា​ផែនការ​នៃ​មារ​សត្រូវ​របស់​អ្នក ហើយ​វា​បាន​ប្រើ​ថាមពល​របស់​វា​នៅ​ក្នុង​អ្នក។ ឥឡូវ​នេះ ខ្ញុំ​ចង់​ឲ្យ​អ្នក​ចាំ​ថា អ្វី​ដែល​ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​មនុស្ស​ទាំង​អស់​ដែរ។

ហើយ​មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា នេះ​គឺជា​អន្ទាក់​មួយ​នៃ​មារ​សត្រូវ ដែល​វា​បាន​ដាក់​ដើម្បី​ចាប់​ប្រជាជន​នេះ ប្រយោជន៍​វា​អាច​នាំ​អ្នក​រាល់​គ្នា​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ត្រួតត្រា​របស់​វា ដើម្បី​វា​អាច​ចង​រុំ​អ្នក​នៅ​ក្នុង​ច្រវាក់​ទាំង​ឡាយ​របស់​វា ប្រយោជន៍​វា​អាច​ចង​អ្នក​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច ស្រប​តាម​អំណាច​នៃ​ការ​ជាប់​ឃុំឃាំង​របស់​វា។

ឥឡូវ​នេះ កាល​អាលម៉ា​បាន​ពោល​នូវ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ស៊ីអែសរ៉ុម​បាន​ចាប់​ផ្ដើម​ញ័រ​រន្ធត់​ថែម​ឡើង ត្បិត​គាត់​ត្រូវ​បាន​បរិវត្ត​កាន់តែ​ច្រើន​ឡើងៗ​អំពី​ព្រះ​ចេស្ដា​នៃ​ព្រះ ហើយ​គាត់​ក៏​ត្រូវ​បាន​បរិវត្ត​ថា អាលម៉ា និង​អាមូលេក​បាន​ដឹង​អំពី​គាត់ ត្បិត​គាត់​ត្រូវ​បាន​បរិវត្ត​ថា អ្នក​ទាំង​ពីរ​ដឹង​នូវ​គំនិត និង​បំណង​នៅ​ក្នុង​ចិត្ត​គាត់ ព្រោះ​អ្នក​ទាំង​ពីរ​បាន​ទទួល​នូវ​អានុភាព ដែល​គេ​អាច​ដឹង​នូវ​រឿង​ទាំង​នេះ ស្រប​តាម​វិញ្ញាណ​នៃ​ការ​ព្យាករណ៍។

ហើយ​ស៊ីអែសរ៉ុម​ក៏​ចាប់​ផ្ដើម​សួរ​គេ​ដោយ​ចិត្ត​ព្យាយាម ដើម្បី​គាត់​អាច​ដឹង​អំពី​នគរ​ព្រះ​ទៀត។ ហើយ​គាត់​បាន​និយាយ​ទៅ​អាលម៉ា​ថា ៖ តើ​កាល​អាមូលេក​បាន​និយាយ​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់ ហើយ​មនុស្ស​ទាំង​អស់​នឹង​ក្រោក​ពី​ស្លាប់​ឡើង​វិញ ទាំង​ពួក​សុចរិត និង​ពួក​ឥត​សុចរិត ហើយ​នឹង​ត្រូវ​បាន​នាំ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​មាន​ន័យ​យ៉ាង​ណា?

ហើយ​ឥឡូវ​នេះ អាលម៉ា​បាន​ចាប់​ផ្ដើម​អធិប្បាយ​រឿង​ទាំង​នេះ​ដល់​គាត់​ថា ៖ មាន​មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រទាន​ឲ្យ​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​គេ​បាន​ទទួល​បញ្ជា​យ៉ាង​តឹង​រឹង​ថា គេ​ពុំ​ត្រូវ​ប្រាប់​នរណា​ឲ្យ​សោះ លើកលែង​តែមួយ​ភាគ​នៃ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ ដែល​ព្រះ​អង្គ​បាន​ប្រទាន​ដល់​កូន​ចៅ​មនុស្ស ស្រប​តាម​ការ​យក​ចិត្ត​ទុកដាក់ និង​ការ​ព្យាយាម​របស់​គេ​ចំពោះ​ព្រះ​អង្គ​ប៉ុណ្ណោះ

១០ហេតុ​ដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច​ប៉ុណ្ណោះ ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្ដី។

១១ហើយ​ពួក​អ្នក​ណា​ដែល​ធ្វើ​ចិត្ត​រឹងរូស ពួក​គេ​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច រហូត​ដល់​ពួក​គេ​ពុំ​អាច​ដឹង​អ្វី​អំពី​ការ​អាថ៌កំបាំង​ទាំង​ឡាយ​របស់​ព្រះ​អង្គ​បាន​ឡើយ ហើយ​ខណៈ​នោះ ពួក​គេ​នឹង​ត្រូវ​អារក្ស​ចាប់​ឃុំឃាំង ហើយ​ដឹកនាំ​តាម​អំពើ​ចិត្ត​របស់​វា​ទៅ​កាន់​សេចក្ដី​បំផ្លិចបំផ្លាញ។ ឥឡូវ​នេះ នេះ​ហើយ​ជា​ន័យ​នៃ​ពាក្យ​ថា ច្រវាក់​ទាំង​ឡាយ​នៃ​ស្ថាន​នរក។

១២ហើយ​អាមូលេក​បាន​និយាយ​យ៉ាង​ជាក់​ច្បាស់ អំពី​សេចក្ដី​ស្លាប់ និង​អំពី​ការ​ក្រោក​ឡើង​ពី​ភាព​រមែង​ស្លាប់​ទៅ​រក​អមតភាព ហើយ​អំពី​ការ​នាំ​ទៅ​មុខ​វេទិកា​នៃ​ព្រះ ដើម្បី​នឹង​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​ដែល​យើង​បាន​ប្រព្រឹត្ត។

១៣ខណៈ​នោះ បើ​សិន​ជា​យើង​បាន​ធ្វើ​ចិត្ត​រឹងរូស មែន​ហើយ បើ​សិន​ជា​យើង​បាន​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​បន្ទូល ដរាប​ដល់​ពុំ​អាច​រក​ឃើញ​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​នៅ​ក្នុង​យើង​ទេ ខណៈ​នោះ ស្ថានភាព​របស់​យើង​គឺ​គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រោះ​គ្រា​នោះ​ហើយ​ដែល​យើង​នឹង​ត្រូវ​ជាប់​ទោស។

១៤ត្បិត​ពាក្យ​សម្ដី​របស់​យើង​នឹង​កាត់ទោស​យើង មែន​ហើយ កិច្ចការ​របស់​យើង​ទាំង​អស់​នឹង​កាត់ទោស​យើង យើង​នឹង​ពុំ​អាច​បាន​ឃើញ​ថា​ឥត​ទោស​ឡើយ ឯ​គំនិត​របស់​យើង ក៏​នឹង​កាត់ទោស​យើង​ដែរ ហើយ​នៅ​ក្នុង​ស្ថានភាព​ដ៏​គួរ​ស្ញែង​ខ្លាច​នេះ យើង​ពុំ​ហ៊ាន​ងើប​មើល​ទៅ​ព្រះ​ទេ តែ​យើង​នឹង​មាន​សេចក្ដី​រីករាយ បើ​សិន​ជា​យើង​អាច​បញ្ជា​ឲ្យ​ថ្ម និង​ភ្នំ​ទាំង​ឡាយ​រលំ​មក​លើ​យើង ដើម្បី​បិទបាំង​យើង​ពី​វត្ត​មាន​របស់​ទ្រង់​វិញ។

១៥ប៉ុន្តែ​ការណ៍​នេះ ពុំ​អាច​កើត​ឡើង​បាន​ទេ យើង​ត្រូវ​តែ​មក​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ​នៅ​ក្នុង​សិរី​ល្អ​របស់​ទ្រង់ និង​ក្នុង​ព្រះ​ចេស្ដា​របស់​ទ្រង់ និង​ក្នុង​ឥទ្ធិ​ឫទ្ធិ​ឫទ្ធានុភាព និង​អំណាច​របស់​ទ្រង់ ហើយ​ទទួល​ស្គាល់​ចំពោះ​សេចក្ដី​ខ្មាសអៀន​របស់​យើង​ដ៏​អស់​កល្ប​ជានិច្ច​ថា សេចក្ដី​ជំនុំ​ជំរះ​ទាំង​អស់​របស់​ទ្រង់ គឺ​សុទ្ធ​តែ​ត្រឹម​ត្រូវ ថា​ព្រះ​អង្គ​មាន​សេចក្ដី​យុត្តិធម៌ ក្នុង​ការងារ​ទាំង​អស់​របស់​ព្រះ​អង្គ ហើយ​ថា ព្រះ​អង្គ​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ដល់​កូន​ចៅ​មនុស្ស ហើយ​ថា ព្រះ​អង្គ​មាន​គ្រប់​ព្រះ​ចេស្ដា ដើម្បី​ជួយសង្គ្រោះ​មនុស្ស​គ្រប់​រូប ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​នាំ​មក​នូវ​ផល​ដែល​សម​នឹង​សេចក្ដី​ប្រែចិត្ត។

១៦ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ខណៈ​នោះ សេចក្ដី​ស្លាប់​នឹង​មក​ដល់ គឺជា​សេចក្ដី​ស្លាប់​ទី​ពីរ ដែល​ជា​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ ខណៈ​នោះ​ហើយ​គឺជា​ពេល​វេលា ដែល​អស់​អ្នក​ណា​ដែល​ស្លាប់​ក្នុង​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្លួន ដែល​ជា​សេចក្ដី​ស្លាប់​ខាង សាច់ឈាម នោះ​នឹង​ស្លាប់​ផ្នែក​សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ​ផង​ដែរ មែន​ហើយ អ្នក​នោះ​និង​ស្លាប់​ចំពោះ​អ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត។

១៧ខណៈ​នោះ​ហើយ​គឺជា​ពេល​វេលា ដែល​សេចក្ដី​ទុក្ខ​វេទនា​របស់​ពួក​គេ​នឹង​ទៅ​ដូច​ជា​បឹង​ភ្លើង និង​ស្ពាន់ធ័រ ដែល​មាន​អណ្ដាត​ភ្លើង​ឆេះ​ឡើង​ជា​រៀង​ដរាប​ត​ទៅ ហើយ​ខណៈ​នោះ​ហើយ​គឺជា​ពេល​វេលា ដែល​ពួក​គេ​នឹង​ត្រូវ​ចង​ជាប់​ដោយ​ច្រវាក់​ទៅ​ក្នុង​សេចក្ដី​បំផ្លិច​បំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច ស្រប​តាម​ថាមពល​នៃ​ការ​ជាប់​ឃុំឃាំង​របស់​អារក្ស​សាតាំង គឺ​វា​នេះ​ហើយ​ដែល​បាន​ធ្វើ​អ្វី​ទៅ​លើ​ពួក​គេ តាម​តែ​អំពើ​ចិត្ត​របស់​វា។

១៨ហើយ​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ពួក​គេ​នឹង​ស្ថិតនៅ​ក្នុង​ស្ថានភាព​មួយ ដែល​ហាក់​ដូច​ជា​ពុំ​ដែល​មាន​ការ​ប្រោស​លោះ​កើត​ឡើង​ឡើយ ព្រោះ​ពួក​គេ​នឹង​ពុំ​អាច​បាន​ប្រោស​លោះ ស្រប​តាម​សេចក្ដី​យុត្តិធម៌​នៃ​ព្រះ​ឡើយ ហើយ​ពួក​គេ​ពុំ​អាច​ស្លាប់ ដោយ​ឃើញ​ថា ពុំ​មាន​ការ​ពុក រលួយ​កើត​ឡើង​ទៀត​ឡើយ។

១៩ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាលម៉ា​បាន​បញ្ចប់​នូវ​ការ​និយាយ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ប្រជាជន​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ​ដ៏​លើសលែង​ទៅ​ទៀត

២០ប៉ុន្តែ មាន​មនុស្ស​ម្នាក់​ឈ្មោះ អាន់​ទី​អូ​ណា ដែល​ជា​មេ​ត្រួតត្រា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ បាន​ចេញ​មក ហើយ​និយាយ​ទៅ​កាន់​លោក​ថា ៖ តើ​អ្វី​ទៅ​ដែល​អ្នក​បាន​និយាយ​នេះ​ថា មនុស្ស​នឹង​ក្រោក​ពី​សេចក្ដី​ស្លាប់​ឡើង​វិញ ហើយ​ប្រែ​ពី​ភាព​រមែង​ស្លាប់​ទៅ​ជា​អមតភាព ដើម្បី​ឲ្យ​ព្រលឹង​ពុំ​អាច​ស្លាប់​ទៅ​បាន​នោះ?

២១តើ​បទគម្ពីរ​មាន​ន័យ​យ៉ាង​ណា​ដែល​ថា ព្រះ​ទ្រង់​បាន​ដាក់​រូប​ចេរូប៊ីន និង​ដាវ​ដែល​មាន​អណ្ដាត​ភ្លើង​មួយ​នៅ​ទិស​ខាង​កើត​នៃ​សួនច្បារ​អេដែន ក្រែង​ឪពុក​ម្ដាយ​ដើម​របស់​យើង ចូល​ទៅ​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត ហើយ​រស់នៅ​រហូត? ដោយ​ហេតុ​នេះ​ហើយ ទើប​យើង​ឃើញ​ថា ឪពុក​ម្ដាយ​យើង​គ្មាន​លទ្ធ​ភាព​ដើម្បី​អាច​រស់នៅ​រហូត​បាន​ឡើយ។

២២ឥឡូវ​នេះ អាលម៉ា​បាន​និយាយ​ទៅ​គាត់​ថា ៖ នេះ​គឺជា​រឿង​ដែល​ខ្ញុំ​បាន​បម្រុង​នឹង​ពន្យល់​ប្រាប់។ ឥឡូវ​នេះ យើង​ឃើញ​ថា លោក​អ័ដាម​បាន​ធ្លាក់​ដោយ​ទទួល​ទាន​នូវ​ផ្លែ​ដែល​ហាមឃាត់ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ដោយ​ហេតុ​នេះ​ហើយ បាន​ជា​យើង​ឃើញ​ថា ដោយ​ការ​ធ្លាក់​របស់​លោក​អ័ដាម​នេះ​ហើយ ទើប​មនុស្ស​លោក​ទាំង​អស់​ក្លាយ​ទៅ​ជា​មនុស្ស​វង្វេង ហើយ​ធ្លាក់។

២៣ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា ប្រសិនបើ​អាច​មាន​លទ្ធ​ភាព​ឲ្យ​លោក​អ័ដាម​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត​ក្នុង​ពេល​នោះ នោះ​នឹង​ពុំ​មាន​សេចក្ដី​ស្លាប់​ឡើយ ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ​ក៏​ត្រូវ​លុប​ចោល​ដែរ ធ្វើ​ឲ្យ​ព្រះ​ទៅ​ជា​អ្នក​កុហក​វិញ ត្បិត​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា ៖ បើ​សិន​ជា​អ្នក​បរិភោគ នោះ​អ្នក​នឹង​ត្រូវ​ស្លាប់​ជា​ពិតប្រាកដ។

២៤ហើយ​យើង​ឃើញ​ថា សេចក្ដី​ស្លាប់​កើត​មាន​ឡើង​ដល់​មនុស្ស​លោក មែន​ហើយ សេចក្ដី​ស្លាប់​ដែល​អាមូលេក​បាន​និយាយ​នោះ ហើយ​ដែល​ជា​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​រយៈ​ពេល​មួយ​ទុក​សម្រាប់​ឲ្យ​មនុស្ស​ប្រែចិត្ត​ដែរ ហេតុ​ដូច្នេះ​ហើយ ជីវិត​នេះ​ក្លាយ​ទៅ​ជា​ស្ថានភាព​ពិសោធន៍​មួយ គឺជា​ពេល​វេលា​សម្រាប់​ប្រុងប្រៀប​ទៅ​ជួប​ព្រះ ជា​ពេល​វេលា​សម្រាប់​ប្រុងប្រៀប​ទៅ​កាន់​ស្ថានភាព​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​យើង​បាន​និយាយ គឺ​បន្ទាប់​ពី​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់។

២៥ឥឡូវ​នេះ ប្រសិនបើ​គ្មាន​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ដែល​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ទេ នោះ​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់​ក៏​គ្មាន​ដែរ ប៉ុន្តែ​មាន​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​មួយ​បាន​រៀបចំ​ឡើង ដែល​នឹង​បណ្ដា​ល​ឲ្យ​មាន​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ដែល​បាន​និយាយ​មក​នោះ។

២៦ហើយ​ឥឡូវ​នេះ មើល​ចុះ ប្រសិនបើ​ឪពុក​ម្ដាយ​ដើម​របស់​យើង មាន​លទ្ធ​ភាព​អាច​ចេញ​ទៅ ហើយ​ទទួល​ទាន​នូវ​ផ្លែ​នៃ​ដើម​ជីវិត នោះ​ពួក​គេ​នឹង​ត្រូវ​វេទនា​រហូត ដោយ​ពុំ​មាន​ស្ថានភាព​រៀបចំ​ឡើយ ដោយ​ហេតុ​នេះ​ហើយ ទើប​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ក៏​នឹង​ពុំ​បាន​សម្រេច ហើយ​ព្រះ​បន្ទូល​នៃ​ព្រះ ក៏​នឹង​ត្រូវ​លុប​ចោល​ដោយ​ពុំ​មាន​ប្រសិទ្ធិ​ភាព​អ្វី​ឡើយ។

២៧ប៉ុន្តែ​មើល​ចុះ វា​ពុំ​មាន​ការណ៍​ដូច្នោះ​ឡើយ ប៉ុន្តែ​ត្រូវ​បាន​កំណត់​ដល់​មនុស្ស​លោក​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បន្ទាប់​ពី​ការ​ស្លាប់ នោះ​ពួក​គេ​ត្រូវ​ទទួល​សេចក្ដី​ជំនុំ​ជំរះ គឺជា​សេចក្ដី​ជំនុំ​ជំរះ ដែល​យើង​ទើប​បាន​និយាយ​គឺជា​ទី​ចុង​បំផុត។

២៨ហើយ​បន្ទាប់​ពី​ព្រះ​ទ្រង់​បាន​កំណត់​នូវ​ការណ៍​ទាំង​នេះ ដែល​នឹង​កើត​ឡើង​ដល់​មនុស្ស​លោក មើល​ចុះ ខណៈ​នោះ ទ្រង់​បាន​ទត​ឃើញ​ថា មនុស្ស​លោក​ត្រូវ​ការ​ដឹង​ជាបន្ទាន់​នូវ​អ្វីៗ​ដែល​ទ្រង់​បាន​កំណត់​ដល់​គេ

២៩ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​បញ្ជា​ឲ្យ​ពួក​ទេវតា មក​សន្ទនា​ជាមួយ​នឹង​ពួក​គេ ធ្វើ​ឲ្យ​មនុស្ស​មើល​ឃើញ​នូវ​សិរី​ល្អ​របស់​ទ្រង់។

៣០ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​បាន​ចាប់​ផ្ដើម​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ព្រះ​ទ្រង់​បាន​សន្ទនា​ជាមួយ​នឹង​មនុស្ស​លោក ហើយ​បាន​ធ្វើ​ឲ្យ​មនុស្ស​ដឹង​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ដែល​បាន​រៀបចំ​ឡើង​ចាប់​តាំង​ពី​កំណើត​លោកិយ​មក​ម្ល៉េះ ហើយ​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដឹង​នូវ​រឿង​នេះ ស្រប​តាម​សេចក្ដី​ជំនឿ និង​ការ​ប្រែចិត្ត​របស់​គេ និង​កិច្ចការ​បរិសុទ្ធ​ទាំង​ឡាយ​របស់​គេ។

៣១ហេតុ​ដូច្នោះ​ហើយ ទើប​ទ្រង់​ប្រទាន​នូវ​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​ដល់​មនុស្ស ហើយ​ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​ជា​ដំបូង​នូវ​បញ្ញត្តិ​ដើម​ទាំង​ឡាយ ដែល​ទាក់​ទង​ទៅ​នឹង​ផ្នែក​ខាង​សាច់ឈាម ហើយ​ក៏​បាន​ទៅ​ដូច​ជា​ព្រះ ដោយ​ដឹង​ខុស និង​ត្រូវ ដោយ​តាំង​ខ្លួន​នៅ​ក្នុង​ស្ថានភាព ដើម្បី​រើស ឬ​តាំង​ខ្លួន​នៅ​ក្នុង​ស្ថានភាព​ដើម្បី​រើស ស្រប​តាម​ចំណង់ និង​ការ​គាប់​ចិត្ត​របស់​គេ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ល្អ ឬ​ប្រព្រឹត្ត​អំពើ​អាក្រក់ —

៣២ហេតុ​ដូច្នេះ​ហើយ ទើប​ព្រះ​ទ្រង់​ប្រទាន​បញ្ញត្តិ​ទាំង​ឡាយ​ដល់​គេ បន្ទាប់​ពី​បាន​ប្រាប់​ឲ្យ​គេ​ដឹង​នូវ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​អាក្រក់​ឡើយ បើ​ពុំ​នោះ​សោត​ទេ នឹង​ទទួល​ទោស​ជា​សេចក្ដី​ស្លាប់​ទី​ពីរ គឺជា​សេចក្ដី​ស្លាប់​ដ៏​អស់​កល្ប​ជានិច្ច ចំពោះ​អ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត ព្រោះ​ថា ចំពោះ​ស្ថានភាព​បែប​នេះ ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​នឹង​ពុំ​មាន​អំណាច​ជួយ​បាន​ឡើយ ព្រោះ​កិច្ចការ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌​ពុំ​អាច​បំផ្លាញ​ចោល​បាន ស្រប​តាម​សេចក្ដី​ល្អ​សប្បុរស​ដ៏​ឧត្ដម​នៃ​ព្រះ​ទេ។

៣៣ប៉ុន្តែ ព្រះ​ទ្រង់​បាន​ហៅ​ដល់​មនុស្ស​លោក ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ (នេះ​គឺ​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ ដែល​បាន​គ្រោងទុក) ថា ៖ បើ​សិន​ជា​អ្នក​រាល់​គ្នា​ប្រែចិត្ត ហើយ​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ ខណៈ​នោះ យើង​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​អ្នក តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​យើង។

៣៤ហេតុ​ដូច្នេះ​ហើយ អស់​អ្នក​ណា​ដែល​ប្រែចិត្ត ហើយ​ពុំ​មាន​ធ្វើ​ចិត្ត​រឹងរូស​ទេ នោះ​នឹង​បាន​ទទួល​សេចក្ដី​មេត្តាករុណា តាម​រយៈ​ព្រះ​រាជ​បុត្រា​បង្កើត​តែមួយ​របស់​យើង ចំពោះ​ការ​ផ្ដាច់​បាប​ទាំង​ឡាយ​របស់​ខ្លួន ហើយ​ពួក​គេ​ទាំង​នោះ​នឹង​បាន​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង។

៣៥រីឯ​អស់​អ្នក​ណា​ដែល​ធ្វើ​ចិត្ត​រឹងរូស ហើយ​ធ្វើ​អំពើ​ទុច្ចរិត មើល​ចុះ យើង​សច្ចា​នៅ​ក្នុង​ការ​ពិរោធ​របស់​យើង​ថា អ្នក​នោះ​នឹង​ពុំ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​របស់​យើង​បាន​ឡើយ។

៣៦ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ មើល​ចុះ ខ្ញុំ​សូម​ប្រាប់​អ្នក​ថា បើ​សិន​ជា​អ្នក​ធ្វើ​ចិត្ត​រឹងរូស នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​អាច​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ​អម្ចាស់​បាន​ដែរ ហេតុ​ដូច្នេះ​ហើយ អំពើ​ទុច្ចរិត​របស់​អ្នក​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់ ហើយ​ទ្រង់​នឹង​ទម្លាក់​ទៅ​លើ អ្នក​រាល់​គ្នា នូវ​សេចក្ដី​ពិរោធ​របស់​ទ្រង់ ដូច​ជា​ការ​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់​ជា​លើក​ដំបូង​ដូច្នោះ មែន​ហើយ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ក្នុង​ការ​ធ្វើ​ឲ្យ​ទ្រង់​ខ្ញាល់​លើក​ក្រោយ ក៏​ដូច​ជា​លើកដំបូង​ដែរ នឹង​នាំ​មក​នូវ​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់​កល្ប​ជានិច្ច​ដល់​ព្រលឹង​របស់​អ្នក ហេតុ​ដូច្នេះ​ហើយ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ គឺ​នឹង​នាំ​មក​នូវ​សេចក្ដី​ស្លាប់​ចុង​ក្រោយ​បង្អស់ ដូច​ជា​សេចក្ដី​ស្លាប់​ដំបូង​ដែរ។

៣៧ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ដោយ​ឃើញ​ថា យើង​ដឹង​នូវ​ការណ៍​ទាំង​នេះ​អស់​ហើយ ហើយ​ការណ៍​ទាំង​នេះ​ពិត នោះ​ចូរ​យើង​ប្រែចិត្ត​ចុះ ហើយ​ចូរ​កុំ​ធ្វើ​ចិត្ត​រឹងរូស ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញាល់ កុំ​ឲ្យ​ទ្រង់​ចាក់​ព្រះ​ពិរោធ​របស់​ទ្រង់​មក​លើ​យើង នៅ​ក្នុង​ព្រះ​បញ្ជា​ជា​លើក​ទី​ពីរ​របស់​ព្រះ​អង្គ ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង​ឡើយ ប៉ុន្តែ​ចូរ​យើង​ចូល​ទៅ​ក្នុង​សេចក្ដី​សម្រាក​នៃ​ព្រះ ដែល​បាន​រៀបចំ​ឡើងស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់​ចុះ៕