ជំពូកទី ៣១
អាលម៉ាដឹកនាំក្រុមបេសកកម្មមួយទៅកែប្រែពួកសូរាំ ដែលក្បត់សាសនាមកវិញ — ពួកសាសន៍សូរាំមិនទទួលស្គាល់ព្រះគ្រីស្ទ, ជឿតាមការជ្រើសរើសដែលខុស, ហើយថ្វាយបង្គំដោយការអធិស្ឋានដែលតែងទុកជាមុន — សាសនទូតទាំងឡាយពោរពេញដោយព្រះវិញ្ញាណបរិសុទ្ធ — សេចក្ដីទុក្ខវេទនាទាំងឡាយរបស់គេ ត្រូវបានលេបទៅដោយសេចក្ដីអំណរនៅក្នុងព្រះគ្រីស្ទ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីកូរីហូរបានបាត់ទៅ នោះអាលម៉ាបានទទួលដំណឹងថា ពួកសាសន៍សូរាំកំពុងតែបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ ហើយសូរាំដែលជាអ្នកដឹកនាំរបស់គេ កំពុងតែដឹកនាំចិត្តប្រជាជនឲ្យក្រាបថ្វាយបង្គំដល់រូបព្រះដែលគទាំងឡាយ ចិត្តលោកក៏ចាប់ផ្ដើមចុកចាប់ទៀត ដោយព្រោះអំពើទុច្ចរិតរបស់ប្រជាជននេះ។
២ព្រោះនេះគឺជាហេតុដែលនាំឲ្យអាលម៉ាមានការសោកសៅយ៉ាងធំ ដោយដឹងពីអំពើទុច្ចរិតនៅក្នុងចំណោមប្រជាជននេះ ហេតុដូច្នេះហើយ ចិត្តលោកក្រៀមក្រំជាអតិបរមា ដោយព្រោះការបែកគ្នានៃពួកសាសន៍សូរាំពីពួកសាសន៍នីហ្វៃ។
៣ឥឡូវនេះ ពួកសាសន៍សូរាំបានប្រជុំគ្នាមកនៅដែនដីមួយ ដែលគេហៅថា អាន់ទីអូនុម គឺនៅខាងកើតដែនដីសារ៉ាហិមឡា គឺនៅជិតតាមមាត់សមុទ្រ គឺនៅខាងត្បូងដែនដីយើសុន ដែលនៅតាមទីរហោស្ថានខាងត្បូងដែរ គឺជាទីរហោស្ថានដែលមានពោរពេញទៅដោយពួកលេមិន។
៤ឥឡូវនេះ ពួកនីហ្វៃភិតភ័យជាខ្លាំង ខ្លាចក្រែងពួកសូរាំធ្វើការទាក់ទងជាមួយនឹងពួកលេមិន ហើយការណ៍នោះគឺជាហេតុដែលនឹងនាំឲ្យមានការខូចខាតយ៉ាងធំដល់ពួកនីហ្វៃ។
៥ហើយឥឡូវនេះ ដោយការផ្សាយព្រះបន្ទូលមានបណ្ដាការដ៏ធំក្នុងការដឹកនាំប្រជាជន ឲ្យធ្វើនូវអ្វីៗដែលត្រឹមត្រូវ — មែនហើយ វាមានប្រសិទ្ធភាពទៅលើគំនិតមនុស្សច្រើនជាងផ្លែដាវ ឬអ្វីផ្សេងៗទៀតដែលកើតឡើងដល់គេ — ហេតុដូច្នេះហើយ អាលម៉ាបានគិតថា ជាការចាំបាច់ ដែលគេត្រូវពិសោធគុណធម៌នៃព្រះបន្ទូលនៃព្រះ។
៦ហេតុដូច្នេះហើយ លោកបាននាំអាំម៉ូន និងអើរ៉ុន និងអោមណើរ រីឯហិមណៃវិញ លោកបានទុកឲ្យនៅក្នុងសាសនាចក្រនៅសារ៉ាហិមឡា ប៉ុន្តែឯអ្នកបីនាក់មុននោះ លោកបាននាំទៅជាមួយនឹងលោក ព្រមទាំងអាមូលេក និងស៊ីអែសរ៉ុម ដែលនៅឯមេលេក ហើយលោកក៏បាននាំកូនប្រុសរបស់លោកពីរនាក់ទៅផងដែរ។
៧ឥឡូវនេះ កូនប្រុសច្បងលោកមិនយកទៅជាមួយគេទេ ហើយគាត់មានឈ្មោះថា ហេលេមិន រីឯឈ្មោះនៃអ្នកទាំងពីរដែលលោកបានយកទៅជាមួយ គឺស៊ិបឡុន និងកូរីអានតុន ហើយនេះគឺជាឈ្មោះនៃអ្នកដែលទៅជាមួយនឹងលោកទៅក្នុងចំណោម ពួកសូរាំ ដើម្បីទៅផ្សាយព្រះបន្ទូលដល់គេ។
៨ឥឡូវនេះ ពួកសូរាំ គឺជាអ្នកដែលបែកចេញពីពួកសាសន៍នីហ្វៃ ហេតុដូច្នេះហើយ ពួកគេធ្លាប់បានទទួលព្រះបន្ទូលនៃព្រះ ដែលបានផ្សាយដល់គេពីមុនដែរ។
៩ប៉ុន្តែ ពួកគេបានធ្លាក់ទៅក្នុងកំហុសយ៉ាងធំ ព្រោះគេពុំប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ និងក្រឹត្យក្រមទាំងឡាយរបស់ទ្រង់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេទេ។
១០ហើយពួកគេក៏មិនគោរពតាមការប្រព្រឹត្តទាំងឡាយនៃសាសនាចក្រ ដើម្បីបន្តការអធិស្ឋាន និងការទូលអង្វរដល់ព្រះជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យគេត្រូវធ្លាក់ទៅក្នុងការល្បួងនោះឡើយ។
១១មែនហើយ សរុបសេចក្ដីមក ពួកគេបានបង្ខូចផ្លូវទាំងឡាយនៃព្រះអម្ចាស់ជាច្រើនលើកច្រើនគ្រាណាស់ ហេតុដូច្នេះហើយ ដោយហេតុនេះ អាលម៉ា និងបងប្អូនលោក បានចូលទៅក្នុងដែនដីនោះ ដើម្បីទៅផ្សាយព្រះបន្ទូលដល់ពួកគេ។
១២ឥឡូវនេះ កាលដែលពួកគេបានមកដល់ដែនដីនោះហើយ មើលចុះ គេមានសេចក្ដីអស្ចារ្យជាខ្លាំង ដោយបានឃើញថា ពួកសាសន៍សូរាំ បានសង់សាលាជំនុំទាំងឡាយ ហើយពួកគេបានជួបជុំគ្នានៅថ្ងៃមួយក្នុងមួយសប្ដាហ៍ គឺជាថ្ងៃដែលគេបានហៅថា ថ្ងៃនៃព្រះអម្ចាស់ ហើយពួកគេបានថ្វាយបង្គំតាមរបៀបម្យ៉ាង ដែលអាលម៉ា និងបងប្អូនលោកមិនដែលបានឃើញពីមុនសោះ
១៣ព្រោះពួកគេមានកន្លែងមួយដែលសង់ឡើង នៅកណ្ដាលសាលាជំនុំរបស់គេ ជាកន្លែងមួយសម្រាប់ឈរដែលនៅខ្ពស់ជាងក្បាល ហើយលើនោះ មានកន្លែងសម្រាប់តែមនុស្សម្នាក់ប៉ុណ្ណោះ។
១៤ហេតុដូច្នេះហើយ អ្នកណាចង់ថ្វាយបង្គំ នោះត្រូវទៅឈរនៅលើនោះ ហើយលើកដៃតម្រង់ទៅស្ថានសួគ៌ ហើយស្រែកដោយសំឡេងយ៉ាងខ្លាំងថា ៖
១៥បរិសុទ្ធ ឱព្រះដ៏បរិសុទ្ធអើយ យើងខ្ញុំជឿថា ព្រះអង្គគឺជាព្រះ ហើយយើងខ្ញុំជឿថា ព្រះអង្គបរិសុទ្ធ ហើយថាព្រះអង្គជាព្រះវិញ្ញាណពីមុន ហើយថា ព្រះអង្គជាព្រះវិញ្ញាណនៅសព្វថ្ងៃនេះ ហើយថាព្រះអង្គជាព្រះវិញ្ញាណរហូតតទៅ។
១៦ឱព្រះដ៏បរិសុទ្ធអើយ យើងខ្ញុំជឿថា ព្រះអង្គបានបំបែកយើងចេញពីបងប្អូនយើង ហើយយើងខ្ញុំមិនជឿតាមសណ្ដាប់នៃបងប្អូនយើងខ្ញុំដែលបានឲ្យបន្តមកដល់គេ ដោយសារការរវើរវាយនៃពួកអយ្យកោរបស់គេទេ ប៉ុន្តែយើងខ្ញុំជឿថា ព្រះអង្គបានរើសតាំងយើងខ្ញុំទុកជាកូនចៅដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយព្រះអង្គក៏បានធ្វើឲ្យយើងខ្ញុំដឹងដែរថា នឹងពុំមានព្រះគ្រីស្ទទេ។
១៧ប៉ុន្តែ ព្រះអង្គនៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និងរហូតតទៅ ហើយព្រះអង្គបានរើសតាំងយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានសង្គ្រោះ នៅពេលអ្នកឯទៀតនៅជុំវិញយើងខ្ញុំ ត្រូវបានរើសតាំងឡើង ដើម្បីបោះចោលទៅក្នុងស្ថាននរក ឱព្រះអង្គអើយ ដោយសារបរិសុទ្ធភាពនេះ យើងខ្ញុំសូមអរព្រះគុណដល់ព្រះអង្គ ហើយយើងខ្ញុំក៏សូមអរព្រះគុណដល់ព្រះអង្គ ដែលបានរើសតាំងយើងខ្ញុំ ដើម្បីកុំឲ្យយើងខ្ញុំត្រូវបានដឹកនាំឲ្យវង្វេងទៅតាមសណ្ដាប់ដ៏ឆ្កួតលីលារបស់បងប្អូនយើងខ្ញុំ ដែលចងគេចុះទៅនឹងជំនឿជឿដល់ព្រះគ្រីស្ទ ដែលដឹកនាំចិត្តគេឲ្យខ្ចាត់ព្រាត់ចេញឆ្ងាយពីព្រះអង្គ ដែលជាព្រះរបស់យើងខ្ញុំ។
១៨ហើយមួយទៀត យើងខ្ញុំសូមអរព្រះគុណដល់ព្រះអង្គ ឱព្រះអង្គអើយ ដែលយើងខ្ញុំជាប្រជារាស្ត្រដ៏ជម្រើស និងបរិសុទ្ធមួយ។ អាម៉ែន។
១៩ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអាលម៉ា និងបងប្អូនលោក និងកូនប្រុសលោក បានឮពាក្យអធិស្ឋានទាំងនេះហើយ នោះពួកគេមានសេចក្ដីអស្ចារ្យដ៏ហួសកម្រិត។
២០ត្បិតមើលចុះ មនុស្សគ្រប់រូបបានឡើងទៅសូត្រនូវពាក្យអធិស្ឋានដូចៗគ្នា។
២១ឥឡូវនេះ ពួកគេបានហៅទីនោះថា រ៉ាមីអុមតុម ដែលបកប្រែមកថា កន្លែងឈរដ៏បរិសុទ្ធ។
២២ឥឡូវនេះ នៅកន្លែងឈរនោះពួកគេបានអធិស្ឋាន គឺមនុស្សគ្រប់រូបនូវពាក្យដដែលៗទៅដល់ព្រះ ដោយអរព្រះគុណដល់ព្រះរបស់គេ ដែលទ្រង់បានរើសពួកគេ ហើយដែលទ្រង់មិនបាននាំពួកគេឲ្យដើរវង្វេងតាមសណ្ដាប់របស់បងប្អូនគេ ហើយដែលចិត្តគេមិនបាននាំឲ្យជឿដល់ការណ៍ទាំងឡាយ ដែលនឹងកើតឡើងនៅពេលខាងមុខ ដែលពួកគេពុំដឹងអ្វីទាល់តែសោះ។
២៣ឥឡូវនេះ បន្ទាប់ពីប្រជាជនទាំងអស់គ្នាបានថ្លែងអំណរគុណតាមរបៀបនេះហើយ នោះពួកគេក៏ត្រឡប់ទៅផ្ទះគេវិញ ដោយមិននិយាយអំពីព្រះរបស់គេទៀតឡើយ រហូតដល់ពួកគេបានជួបជុំគ្នាទៀតនៅកន្លែងឈរដ៏បរិសុទ្ធនោះ ដើម្បីថ្លែងអំណរគុណតាមរបៀបនោះ។
២៤ឥឡូវនេះ កាលអាលម៉ាបានឃើញការណ៍នេះ នោះចិត្តលោកព្រួយបារម្ភ ព្រោះលោកបានឃើញថា ពួកគេជាប្រជាជនមួយដ៏ទុច្ចរិត និងខូច មែនហើយ លោកបានឃើញថា ចិត្តពួកគេត្រូវបានភ្ជាប់ទៅលើមាស និងទៅលើប្រាក់ និងទៅលើរបស់របរដ៏មានតម្លៃគ្រប់យ៉ាង។
២៥មែនហើយ ហើយលោកបានឃើញថា ចិត្តពួកគេត្រូវបានលើកឡើងដល់ការអួតអាងយ៉ាងធំនៅក្នុងសេចក្ដីឆ្មើងឆ្មៃរបស់គេ។
២៦ហើយលោកបានបន្លឺសំឡេងទៅលើមេឃ ហើយស្រែកថា ៖ ឱព្រះអម្ចាស់អើយ តើដល់ពេលណាទៅ ដែលទ្រង់ទុកឲ្យអ្នកបម្រើរបស់ទ្រង់ទាំងឡាយរស់នៅស្ថានក្រោមនេះក្នុងសាច់ឈាម ដើម្បីមើលអំពើទុច្ចរិតដ៏អាក្រក់បែបនេះនៅក្នុងចំណោមកូនចៅមនុស្ស?
២៧មើលចុះ ឱព្រះអង្គអើយ ពួកគេអំពាវនាវដល់ព្រះអង្គ តែចិត្តរបស់គេត្រូវបានលេបទៅក្នុងសេចក្ដីឆ្មើងឆ្មៃរបស់គេ។ មើលចុះ ឱព្រះអង្គអើយ ពួកគេអំពាវនាវដល់ព្រះអង្គតែបបូរមាត់ កាលគេកំពុងតែអួតខ្លួនដល់កម្រិតខ្ពស់ទៅលើវត្ថុទាំងឡាយដែលឥតប្រយោជន៍ នៃលោកិយ។
២៨មើលចុះ ឱព្រះរបស់ទូលបង្គំអើយ ប្រដាប់ស្លៀកពាក់ដ៏មានតម្លៃរបស់គេ និងកងរបស់គេ និងខ្សែដៃរបស់គេ និងគ្រឿងអលង្ការរបស់គេដែលធ្វើពីមាស និងវត្ថុមានតម្លៃទាំងអស់របស់គេ ដែលតុបតែងខ្លួនគេ ហើយមើលចុះ ចិត្តគេត្រូវបានភ្ជាប់ទៅលើវត្ថុទាំងនោះ តែគេបែរទៅជាអំពាវនាវដល់ព្រះអង្គ ហើយទូលថា — យើងខ្ញុំសូមអរព្រះគុណដល់ព្រះអង្គ ឱព្រះអង្គអើយ ព្រោះយើងខ្ញុំជារាស្ត្រដ៏ជម្រើសដល់ទ្រង់ នៅពេលអ្នកផ្សេងទៀតត្រូវវិនាស។
២៩ព្រះពរ ហើយពួកគេទូលថា ព្រះអង្គបានធ្វើឲ្យពួកគេដឹងថា នឹងពុំមានព្រះគ្រីស្ទទេ។
៣០ឱព្រះអម្ចាស់ដ៏ជាព្រះអើយ តើព្រះអង្គស៊ូទ្រាំដល់ណាទៅ ឲ្យអំពើទុច្ចរិត និងអំពើមិនស្មោះត្រង់បែបនេះមាននៅក្នុងចំណោមរាស្ត្រនេះ? ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទានកម្លាំងដល់ទូលបង្គំផង ដើម្បីទូលបង្គំអាចស៊ូទ្រាំដោយសេចក្ដីទន់ខ្សោយរបស់ទូលបង្គំ។ ព្រោះទូលបង្គំទន់ខ្សោយ ហើយអំពើទុច្ចរិតបែបនេះ ដែលនៅក្នុងចំណោមប្រជាជននេះ ធ្វើឲ្យឈឺចាប់ក្នុងព្រលឹងទូលបង្គំ។
៣១ឱព្រះអម្ចាស់អើយ ចិត្តទូលបង្គំសោកសៅជាខ្លាំង សូមព្រះអង្គធ្វើឲ្យព្រលឹងទូលបង្គំបានក្សាន្តនៅក្នុងព្រះគ្រីស្ទផងចុះ។ ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទានដល់ទូលបង្គំ ឲ្យទូលបង្គំមានកម្លាំង ដើម្បីទូលបង្គំអាចស៊ូទ្រាំដោយការអត់ធន់នូវសេចក្ដីទុក្ខវេទនាទាំងនេះ ដែលនឹងធ្លាក់មកលើទូលបង្គំ ដោយព្រោះអំពើទុច្ចរិតនៃប្រជាជននេះ។
៣២ឱព្រះអម្ចាស់អើយ សូមព្រះអង្គធ្វើឲ្យព្រលឹងទូលបង្គំបានក្សាន្តផង ហើយសូមប្រទានដល់ទូលបង្គំនូវការជោគជ័យ ព្រមទាំងអ្នកធ្វើការជាមួយនឹងទូលបង្គំទាំងនេះផងចុះ — ព្រះពរ គឺអាំម៉ូន និងអើរ៉ុន និងអោមណើរ ព្រមទាំងអាមូលេក និងស៊ីអែសរ៉ុម និងកូនប្រុស ទូលបង្គំទាំងពីរនាក់នេះផងចុះ — ព្រះពរ ឱព្រះអម្ចាស់អើយ សូមព្រះអង្គធ្វើឲ្យអស់អ្នកទាំងនេះបានក្សេមក្សាន្ត។ ព្រះពរ សូមព្រះអង្គធ្វើឲ្យព្រលឹងគេបានក្សេមក្សាន្តនៅក្នុងព្រះគ្រីស្ទផងចុះ។
៣៣សូមព្រះអង្គប្រទានឲ្យពួកគេមានកម្លាំង ដើម្បីពួកគេអាចស៊ូទ្រាំនឹងសេចក្ដីទុក្ខវេទនា ដែលនឹងកើតឡើងដល់គេ ដោយព្រោះអំពើទុច្ចរិតនៃប្រជាជននេះ។
៣៤ឱព្រះអម្ចាស់អើយ សូមព្រះអង្គប្រទានដល់យើងខ្ញុំ ឲ្យយើងខ្ញុំមានជ័យជម្នះ ក្នុងការដឹកនាំពួកគេមករកព្រះអង្គនៅក្នុងព្រះគ្រីស្ទវិញចុះ។
៣៥មើលចុះ ឱព្រះអម្ចាស់អើយ ព្រលឹងរបស់គេមានតម្លៃ ហើយពួកគេជាច្រើន គឺជាបងប្អូនយើងខ្ញុំ ហេតុដូច្នេះហើយ ឱព្រះអម្ចាស់អើយ សូមប្រទានដល់យើងខ្ញុំនូវអានុភាព និងប្រាជ្ញា ដើម្បីយើងខ្ញុំអាចនាំបងប្អូនយើងទាំងនេះមករកព្រះអង្គវិញ។
៣៦ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលអាលម៉ាបានទូលពាក្យទាំងនេះហើយ នោះលោកបានទះដៃទៅលើអ្នកទាំងឡាយដែលនៅជាមួយនឹងលោក។ ហើយមើលចុះ នៅពេលលោកទះដៃទៅលើពួកគេ នោះពួកគេបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ។
៣៧ហើយបន្ទាប់ពីនោះមក ពួកគេបានបំបែកគ្នារៀងៗខ្លួនដោយពុំគិតថា តើគេនឹងមានអ្វីបរិភោគ ឬមានអ្វីផឹក ឬមានអ្វីមកស្លៀកពាក់ឡើយ។
៣៨ហើយព្រះអម្ចាស់ទ្រង់បានផ្គត់ផ្គង់ឲ្យពួកគេ ដើម្បីមិនឲ្យគេឃ្លាន ហើយមិនឲ្យគេស្រេកឡើយ មែនហើយ ទ្រង់បានប្រទានកម្លាំងដល់គេ ដើម្បីកុំឲ្យគេរងទុក្ខនូវសេចក្ដីទុក្ខវេទនា ដោយប្រការណាមួយឡើយ លើកលែងតែការណ៍នោះត្រូវបានលេបទៅក្នុងសេចក្ដីអំណរ នៃព្រះគ្រីស្ទប៉ុណ្ណោះ។ ឥឡូវនេះ ការណ៍នេះគឺស្របតាមការអធិស្ឋានរបស់អាលម៉ា ហើយនេះគឺពីព្រោះលោកបានអធិស្ឋានដោយនូវសេចក្ដីជំនឿ៕