ជំពូកទី ១៨
ព្រះយេស៊ូវតាំងបុណ្យសាក្រាម៉ង់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ — ពួកគេត្រូវបានបញ្ជាឲ្យអធិស្ឋានជានិច្ចដោយនូវព្រះនាមទ្រង់ — អស់អ្នកណាដែលទទួលទានព្រះកាយរបស់ទ្រង់ ហើយផឹកព្រះលោហិតរបស់ទ្រង់ ដោយមិនសក្ដិសមនឹងត្រូវជាប់ទោស — ពួកសិស្សត្រូវបានប្រទានអំណាចឲ្យប្រគល់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ព្រះយេស៊ូវទ្រង់បានបញ្ជាពួកសិស្សរបស់ទ្រង់ ឲ្យយកនំប៉័ង និងស្រាទំពាំងបាយជូរមកថ្វាយទ្រង់។
២ហើយនៅពេលពួកគេកំពុងតែទៅយកនំប៉័ង និងស្រាទំពាំងបាយជូរ នោះទ្រង់បានបញ្ជាឲ្យហ្វូងមនុស្សអង្គុយចុះទៅលើដី។
៣ហើយកាលពួកសិស្សបានយកនំប៉័ង និងស្រាទំពាំងបាយជូរមកដល់ហើយ នោះទ្រង់យកនំប៉័ងមកកាច់ជាដុំៗ ហើយប្រទានពរដល់នំប៉័ងនោះ ហើយទ្រង់បានប្រគល់ឲ្យទៅពួកសិស្ស ហើយក៏បញ្ជាឲ្យពួកគេបរិភោគ។
៤ហើយកាលពួកគេបានបរិភោគ ហើយបានឆ្អែត នោះទ្រង់បានបញ្ជាឲ្យពួកគេចែកនំប៉័ងដល់ហ្វូងមនុស្ស។
៥ហើយកាលហ្វូងមនុស្សបានបរិភោគ ហើយបានឆ្អែត នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា ៖ មើលចុះ នឹងមានមនុស្សម្នាក់ក្នុងចំណោមពួកអ្នកដែលនឹងបានតែងតាំងឡើង ហើយដល់អ្នកនោះហើយ ដែលយើងនឹងប្រទានអំណាចឲ្យដើម្បីឲ្យគាត់ អាចកាច់នំប៉័ង ហើយប្រទានពរដល់នំប៉័ង ហើយចែកដល់ប្រជាជននៅក្នុងសាសនាចក្ររបស់យើង គឺដល់អស់អ្នកណាដែលនឹងជឿ ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង។
៦ហើយការណ៍នេះ អ្នករាល់គ្នាត្រូវធ្វើជានិច្ច ដូចជាយើងបានធ្វើ គឺដូចដែលយើងបានកាច់ ហើយប្រទានពរនំប៉័ង ហើយចែកដល់អ្នករាល់គ្នាដូច្នោះ។
៧ហើយការណ៍នេះ អ្នករាល់គ្នាត្រូវធ្វើក្នុងការចងចាំដល់រូបកាយរបស់យើង ដែលយើងបានបង្ហាញដល់អ្នករាល់គ្នា។ ហើយការណ៍នេះ នឹងទៅជាទីបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាចងចាំដល់យើងជានិច្ច។ ហើយបើសិនជាអ្នករាល់គ្នាចងចាំដល់យើងជានិច្ច នោះអ្នករាល់គ្នានឹងមានព្រះវិញ្ញាណរបស់យើងនៅជាមួយនឹងអ្នក។
៨ហើយហេតុការណ៍បានកើតឡើងថា កាលទ្រង់មានព្រះបន្ទូលយ៉ាងនេះហើយ នោះទ្រង់បានបញ្ជាដល់ពួកសិស្សរបស់ទ្រង់ថា ពួកគេត្រូវយកស្រាទំពាំងបាយជូរ ដែលនៅក្នុងពែងមកផឹក ហើយថា ពួកគេត្រូវចែកដល់ហ្វូងមនុស្ស ដើម្បីឲ្យពួកគេបានផឹកផង។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើដូច្នោះមែន គឺបានផឹកស្រាទំពាំងបាយជូរ ហើយបានឆ្អែត ហើយពួកគេបានចែកដល់ហ្វូងមនុស្ស ហើយពួកគេបានផឹក ហើយពួកគេបានឆ្អែតផង។
១០ហើយកាលពួកសិស្សបានធ្វើដូច្នោះហើយ នោះព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ មានពរហើយអ្នករាល់គ្នាចំពោះការទាំងនេះ ដែលអ្នកបានធ្វើ ត្បិតនេះគឺជាការបំពេញបញ្ញត្តិទាំងឡាយរបស់យើង ហើយនេះជាទីបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាព្រមធ្វើនូវអ្វីៗដែលយើងបានបញ្ជាដល់អ្នក។
១១ហើយការណ៍នេះ អ្នកត្រូវធ្វើជានិច្ចដល់អស់អ្នកណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ហើយអ្នករាល់គ្នាត្រូវធ្វើការនេះ ក្នុងការចងចាំដល់លោហិតរបស់យើង ដែលយើងបានច្រួចជំនួសអ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចធ្វើបន្ទាល់ដល់ព្រះវរបិតាថា អ្នករាល់គ្នាចងចាំដល់យើងជានិច្ច។ ហើយបើសិនជាអ្នករាល់គ្នាចងចាំដល់យើងជានិច្ច នោះអ្នករាល់គ្នានឹងមានព្រះវិញ្ញាណរបស់យើងនៅជាមួយនឹងអ្នក។
១២ហើយយើងប្រទានដល់អ្នករាល់គ្នានូវបញ្ញត្តិមួយថា អ្នកត្រូវធ្វើការទាំងនេះ ហើយបើសិនជាអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នាមានពរហើយ ត្បិតអ្នករាល់គ្នាបានសង់នៅលើថ្មរបស់យើង។
១៣ប៉ុន្តែអស់អ្នកណានៅក្នុងចំណោមអ្នកដែលនឹងធ្វើច្រើន ឬតិចជាងនេះ គឺពុំបានសង់នៅលើថ្មរបស់យើងទេ ប៉ុន្តែសង់នៅលើគ្រឹះធ្វើពីខ្សាច់វិញ ហើយកាលភ្លៀងធ្លាក់មក ទឹកក៏ជន់ឡើង ខ្យល់បក់ប៉ះពួកគេ នោះពួកគេនឹងរលំ ហើយទ្វារទាំងឡាយនៃស្ថាននរកនឹងបើកចំហជាស្រេច ដើម្បីទទួលយកពួកគេ។
១៤ដូច្នេះមានពរហើយអ្នករាល់គ្នា បើសិនជាអ្នករាល់គ្នានឹងកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ដែលព្រះវរបិតា ទ្រង់បានបញ្ជាឲ្យយើងប្រទានដល់អ្នក។
១៥ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាត្រូវចាំយាម ហើយអធិស្ឋានជានិច្ច ខ្លាចក្រែងអារក្សល្បួងអ្នក ហើយអ្នករាល់គ្នានឹងត្រូវវាចាប់នាំយកទៅឃុំឃាំង។
១៦ហើយដូចដែលយើងបានអធិស្ឋាននៅក្នុងចំណោមអ្នករាល់គ្នា នោះអ្នករាល់គ្នាក៏ត្រូវអធិស្ឋាននៅក្នុងសាសនាចក្ររបស់យើងយ៉ាងនោះដែរ គឺនៅក្នុងចំណោមរាស្ត្រយើងដែលបានប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង។ មើលចុះ យើងជាពន្លឺ យើងបានធ្វើជាគំរូដល់អ្នករាល់គ្នា។
១៧ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់មានព្រះបន្ទូលទៅពួកសិស្ស របស់ទ្រង់យ៉ាងនេះរួចហើយ នោះទ្រង់បែរមកខាងហ្វូងមនុស្សវិញ ហើយមានព្រះបន្ទូលថា ៖
១៨មើលចុះ ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាត្រូវចាំយាម ហើយអធិស្ឋានជានិច្ច ខ្លាចក្រែងអ្នកធ្លាក់ទៅក្នុងសេចក្ដីល្បួង ត្បិតអារក្សសាតាំងមានបំណងចង់បានអ្នករាល់គ្នា ដើម្បីវាអាចរែងអ្នករាល់គ្នាដូចជាស្រូវអញ្ចឹង។
១៩ដូច្នេះអ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតាដោយនូវនាមយើងជានិច្ច
២០ហើយសូម្បីជាអ្វីដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវនាមយើង ដែលត្រឹមត្រូវ និងដោយជឿថា អ្នកនឹងបានទទួល មើលចុះ នឹងបានប្រទានដល់អ្នក។
២១ចូរអធិស្ឋាននៅក្នុងក្រុមគ្រួសារអ្នកដល់ព្រះវរបិតាដោយនូវនាមយើងជានិច្ច ដើម្បីឲ្យប្រពន្ធរបស់អ្នក និងកូនចៅរបស់អ្នកអាចបានពរ។
២២ហើយមើលចុះ អ្នករាល់គ្នាត្រូវរួមគ្នាប្រជុំជាញឹកញាប់ ហើយអ្នករាល់គ្នាមិនត្រូវហាមឃាត់នរណាមួយ មិនឲ្យគេមករកអ្នកក្នុងកាលអ្នករាល់គ្នារួមគ្នាប្រជុំនោះឡើយ តែទុកឲ្យគេអាចមករកអ្នក ហើយចូរកុំហាមឃាត់គេឡើយ
២៣ប៉ុន្តែ អ្នករាល់គ្នាត្រូវអធិស្ឋានឲ្យពួកគេ ហើយមិនត្រូវបណ្ដេញគេចេញឡើយ ហើយប្រសិនបើគេមករកអ្នកជាញឹកញាប់ នោះអ្នករាល់គ្នាត្រូវអធិស្ឋានដល់ព្រះវរបិតាឲ្យគេដោយនូវនាមយើង។
២៤ដូច្នេះចូរលើកពន្លឺរបស់អ្នករាល់គ្នាឡើង ប្រយោជន៍ឲ្យបានភ្លឺដល់មនុស្សលោក។ មើលចុះ យើងជាពន្លឺដែលអ្នករាល់គ្នានឹងលើកឡើង — គឺនូវអ្វីៗដែលអ្នករាល់គ្នាបានឃើញយើងធ្វើ។ មើលចុះ អ្នករាល់គ្នាឃើញថា យើងបានអធិស្ឋានដល់ព្រះវរបិតា ហើយអ្នកទាំងអស់គ្នាបានធ្វើបន្ទាល់ទុក។
២៥ហើយអ្នករាល់គ្នាឃើញថា យើងមិនបានបញ្ជានរណាមួយក្នុងពួកអ្នកឲ្យចេញទៅឡើយ ប៉ុន្តែបានបញ្ជាអ្នករាល់គ្នាឲ្យមករកយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចស្ទាប ហើយឃើញយើង ម្ល៉ោះហើយ អ្នករាល់គ្នាក៏ត្រូវធ្វើយ៉ាងនោះដល់មនុស្សលោកដែរ ហើយអស់អ្នកណាដែលបំបាក់បញ្ញត្តិនេះ គឺបណ្ដោយខ្លួនឲ្យត្រូវដឹកនាំទៅក្នុងការល្បួងវិញ។
២៦ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវមានព្រះបន្ទូលទាំងនេះហើយ នោះទ្រង់បែរមករកពួកសិស្សរបស់ទ្រង់ដែលទ្រង់បានរើស ហើយក៏មានព្រះបន្ទូលទៅពួកគេថា ៖
២៧មើលចុះ ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា យើងប្រទានដល់អ្នករាល់គ្នា នូវបញ្ញត្តិមួយទៀត រួចហើយ យើងនឹងត្រូវទៅជួបព្រះវរបិតានៃយើងវិញ ដើម្បីយើងអាចបំពេញនូវព្រះបញ្ញត្តិផ្សេងៗទៀត ដែលទ្រង់បានប្រទានដល់យើង។
២៨ហើយឥឡូវនេះ មើលចុះ នេះគឺជាបញ្ញត្តិដែលយើងប្រទានដល់អ្នករាល់គ្នាថា អ្នករាល់គ្នាមិនត្រូវបណ្ដោយដោយចេតនាឲ្យអ្នកណាមួយមកទទួលទានសាច់ និងលោហិតរបស់យើងដោយពុំសក្ដិសម ក្នុងកាលអ្នករាល់គ្នាធ្វើការបម្រើនោះឡើយ។
២៩ព្រោះអស់អ្នកណាដែលទទួលទានសាច់ ហើយផឹកលោហិតរបស់យើងដោយពុំសក្ដិសម នោះគឺទទួលទាន ហើយផឹកនូវសេចក្ដីជាប់ទោសចំពោះព្រលឹងរបស់គេហើយ ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាដឹងថា មនុស្សណាមួយពុំសក្ដិសមនឹងទទួលទានសាច់ ហើយផឹកលោហិតរបស់យើង នោះអ្នករាល់គ្នាត្រូវតែហាមឃាត់គេ។
៣០ទោះជាយ៉ាងណាក៏ដោយ ក៏អ្នករាល់គ្នាមិនត្រូវបណ្ដេញអ្នកនោះចេញពីចំណោមអ្នកដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវធ្វើការងារបម្រើអ្នកនោះ ហើយអធិស្ឋានដល់ព្រះវរបីតាឲ្យគេដោយនូវនាមយើងវិញ ហើយប្រសិនបើអ្នកនោះប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង ពេលនោះអ្នករាល់គ្នាត្រូវទទួលគេ ហើយចែកដល់គេនូវសាច់ និងលោហិតរបស់យើងបាន។
៣១ប៉ុន្តែបើសិនជាគេមិនប្រែចិត្តទេ អ្នកនោះពុំត្រូវរាប់ក្នុងចំណោមរាស្ត្រយើងឡើយ ដើម្បីកុំឲ្យគេបំផ្លាញរាស្ត្រយើង ត្បិតមើលចុះ យើងស្គាល់ចៀមរបស់យើង ហើយចៀមទាំងនោះ ត្រូវបានរាប់ចំនួនរួចហើយ។
៣២ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវបណ្ដេញគេចេញពីសាលាប្រជុំរបស់អ្នក ឬពីកន្លែងថ្វាយបង្គំរបស់អ្នកដែរ ត្បិតចំពោះអ្នកនោះហើយដែលអ្នកត្រូវធ្វើការងារបម្រើ ត្បិតអ្នករាល់គ្នាពុំដឹងថាដល់ពេលណាទេ ដែលអ្នកនោះនឹងត្រឡប់មកវិញ ហើយប្រែចិត្ត ហើយមករកយើងដោយអស់ពីដួងចិត្ត ហើយយើងនឹងប្រោសឲ្យគេបានជា ហើយអ្នករាល់គ្នានឹងទៅជាមធ្យោបាយក្នុងការនាំមកនូវសេចក្ដីសង្គ្រោះដល់គេ។
៣៣ដូច្នេះ ចូរអ្នករាល់គ្នាកាន់តាមពាក្យទាំងនេះ ដែលយើងបានបញ្ជាដល់អ្នក ដើម្បីកុំឲ្យអ្នករាល់គ្នានៅក្រោមការកាត់ទោស ត្បិតអី វេទនាដល់អ្នកណា ដែលព្រះវរបិតាទ្រង់កាត់ទោស។
៣៤ហើយយើងប្រទានដល់អ្នកនូវបញ្ញត្តិទាំងនេះ ពីព្រោះមកពីការទាស់ទែងគ្នានៅក្នុងចំណោមពួកអ្នក។ មានពរហើយ អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាគ្មានការទាស់ទែង នៅក្នុងចំណោមពួកអ្នក។
៣៥ហើយឥឡូវនេះ យើងទៅឯព្រះវរបិតាវិញ ពីព្រោះជាការចាំបាច់ដែលយើងត្រូវទៅឯព្រះវរបិតា ដើម្បីអ្នករាល់គ្នា។
៣៦ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានបញ្ចប់នូវពាក្យទាំងនេះហើយ នោះទ្រង់ពាល់ពួកសិស្សដែលទ្រង់បានរើសម្ដងម្នាក់ៗ រហូតដល់ទ្រង់បានពាល់គេគ្រប់គ្នា ហើយទ្រង់ក៏មានព្រះបន្ទូលទៅពួកគេ នៅពេលទ្រង់ពាល់ពួកគេ។
៣៧ហើយហ្វូងមនុស្សមិនបានឮនូវពាក្យទាំងឡាយដែលទ្រង់មានព្រះបន្ទូលនោះទេ ដូច្នេះ ពួកគេមិនបានធ្វើបន្ទាល់ឡើយ តែពួកសិស្សបានធ្វើបន្ទាល់ថា ទ្រង់បានប្រទានពួកគេនូវអំណាចដើម្បីប្រគល់ព្រះវិញ្ញាណបរិសុទ្ធ។ ហើយខ្ញុំនឹងបង្ហាញដល់អ្នករាល់គ្នា នៅពេលក្រោយថា ទីបន្ទាល់នេះគឺពិត។
៣៨ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានពាល់ពួកគេគ្រប់គ្នាហើយ នោះក៏មានពពកមួយបានមកគ្របដណ្ដប់ហ្វូងមនុស្ស ដែលធ្វើឲ្យគេមិនអាចមើលឃើញព្រះយេស៊ូវឡើយ។
៣៩ហើយនៅពេលពពកគ្របដណ្ដប់ពួកគេ នោះទ្រង់យាងចេញពីពួកគេទៅ ហើយបានយាងឡើងទៅស្ថានសួគ៌។ ហើយពួកសិស្សបានឃើញ ហើយបានធ្វើបន្ទាល់ថា ទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ៕