សន្និសីទទូទៅ
ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ

នៅ​ពេល​យើង​ស្ម័គ្រចិត្ត​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ដែល​តម្រូវឲ្យ​មាន​ភាពរាបទាប​និង​ការលះបង់ ជា​ពិសេស​ទោះជាវាផ្ទុយ​នឹង​ការគិត​ដំបូង​របស់​យើងក្ដី នោះ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង​ដោយ​មាន​នូវ​ថាមពល​ខាង​វិញ្ញាណ​បន្ថែម​ ។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « ដោយសារ​ព្រះអម្ចាស់​បាន​បំផុស​គំនិត​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះដែលទ្រង់​​បាន​បើក​សម្ដែង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ យើង​មាន​កិច្ចការ​នៅ​ចំពោះ​មុខ ដើម្បី​ដាក់ខ្លួន​យើងឲ្យស្របទៅតាម​ព្រះទ័យ​របស់​ទ្រង់ » ។

ពីរ​ថ្ងៃ​ក្រោយមក នៅ​ថ្ងៃទី ១៨ ខែ សីហា ខ្ញុំ​បាន​នៅ​ជាមួយ​នឹង​ប្រធាន ណិលសុន ក្នុង​ទីក្រុង​ម៉ុងត្រេអាល់ ប្រទេស​កាណាដា ។ បន្ទាប់ពី​ការប្រជុំ​សមាជិក​របស់​យើង​នៅក្នុង​វិមាន​ ផាឡាស ដឺ ខន់ហ្គ្រេ ដ៏អស្ចារ្យ នោះ​ប្រធាន ណិលសុន បាន​ឆ្លើយនឹង​សំណួរ​​អ្នកយក​ព័ត៌មាន ។ លោក​បាន​ទទួល​ស្គាល់​ថា វា « នឹង​ជា​ការលំបាកមួយ​ដើម្បី [ ស្ថាបនា​ឈ្មោះ​របស់​សាសនាចក្រ​ឡើងវិញ ហើយ​នាំ​​ប្រពៃណី​ជាង​មួយរយ​ឆ្នាំ​មក​នេះត្រឡប់ទៅធាតុដើមវិញ » ។ ប៉ុន្ដែ​លោក​បាន​បន្ថែម​ថា « ឈ្មោះ​របស់​សាសនាចក្រ​ពុំអាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ » ។

ប្រាំពីរ​សប្ដាហ៍​ក្រោយមក ប្រធាន ណិលសុន​បាន​និយាយ​នៅក្នុង​សន្និសីទ​ទូទៅ ៖ « ​ប្រកាស​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ … គឺ​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ដែល​មាន​បន្ទូល​ថា ‹ ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវបាន​ហៅ​ថា​ដូច្នោះ › » ។ បន្ទាប់មក ប្រធានណិលសុន​​បាន​បញ្ជាក់​ឡើងវិញ​ថា « ឈ្មោះ​របស់​សាសនាចក្រ​ពុំអាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ » ។

សំណួរ​ល្អ

សំណួរ​ដ៏ល្អ​មួយ​បាន​លេច​ឡើង ៖ ហេតុអ្វី​ឥឡូវ​នេះ កាលដែលយើង​បាន​ប្រើ​ឈ្មោះ​ហៅក្រៅ « មរមន » នេះ​អស់​រាប់​ទសវត្សរ៍​មកហើយ​នោះ ? ចុះ « ក្រុម​ចម្រៀង​រោងឧបោសថ​មរមន » វីដេអូ​ពាណិជ្ជកម្ម « ខ្ញុំ​ជា​ពួកមរមន » ចម្រៀង​អង្គការ​បឋមសិក្សា « I Am a Mormon Boy ( ខ្ញុំ​ជា​កុមារា​មរមន ) » នោះ ?

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ពុំអាច​ផ្លាស់ប្ដូរ​បាន​នោះ​ទេ ហើយ​វា​អស់កល្ប​អស់កាល​ជានិច្ច ។ ប៉ុន្ដែជំហាន​ដ៏ជាក់លាក់ និង​សារសំខាន់​នៃ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​បើក​សម្ដែង​នៅក្នុង​ពេល​ដ៏ត្រឹមត្រូវ​របស់​វា ។ នៅ​ព្រឹក​នេះ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការស្តារឡើងវិញ​គឺ​ជា​ដំណើរការ​មួយ​មិនមែន​ជា​ព្រឹត្តិការណ៍​មួយ​នោះ​ទេ » ។ ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « គ្រប់​ទាំងអស់​ត្រូវតែ​កើតឡើង​តាម​ពេល​របស់​វា » ។ ឥឡូវ​នេះ​គឺ​ជា​ពេលវេលា​របស់​យើង ហើយ​យើង​ត្រូវ​ស្ថាបនា​ឈ្មោះ​សាសនាចក្រ​ដែល​បាន​បើក​សម្ដែង​នេះ​ឡើងវិញ ។

អត្តសញ្ញាណ និង​ជោគវាសនា​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តម្រូវ​ឲ្យ​យើង​ហៅ​តាម​ព្រះនាម​របស់​ទ្រង់ ។ ខ្ញុំ​បាន​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ​នាពេល​ថ្មីៗ​នេះ ជា​កន្លែង​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ព្យាករ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ​តែ​ពីរបី​រូប​ប៉ុណ្ណោះ​ថា « សាសនាចក្រ​នេះ​នឹង​បំពេញ​នៅ​អាមេរិក​ខាងជើង និង​ខាងត្បូង—វា​នឹង​មាន​នៅ​ទូទាំង​ពិភពលោក » ។ ព្រះអម្ចាស់​បាន​ពិពណ៌នា​កិច្ចការ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ថា​ជា « ការណ៍​មួយ​យ៉ាង​អស្ចារ្យ ហើយ​ចម្លែក » ។ ទ្រង់​បាន​មាន​បន្ទូល​ពី « សេចក្ដី​សញ្ញា [ ដែល​នឹង ] ត្រូវបាន​បំពេញ​នៅ​គ្រា​ចុងក្រោយ » អនុញ្ញាត​ឲ្យ « គ្រប់​ទាំង … ផែនដី [ នឹង ] បាន​ពរ » ។

សម្ដី​ក្នុងសន្និសីទ​នេះ​ត្រូវបាន​បកប្រែ​ផ្ទាល់​ទៅជា​ ៥៥ ភាសា​ ។ នៅ​ទីបំផុត ពាក្យសម្ដី​ទាំងនេះ​នឹង​ត្រូវបាន​ស្ដាប់ និង​អាន​ជា​ភាសា​ចំនួន ៩៧ នៅក្នុង​ប្រទេស និង​ដែនដី​ជាង ២២០ ។

រូបភាព
ការយាងមក​ជា​លើក​ទីពីរ

នៅពេល​ព្រះអង្គ​សង្គ្រោះ​យាង​ត្រឡប់​មកវិញ​ដោយ​ព្រះចេស្ដា និង​សិរីរុងរឿង នោះ​សមាជិក​ដ៏ស្មោះត្រង់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នឹង​មាន​នៅក្នុង​ចំណោម​គ្រប់​ជាតិសាសន៍ គ្រប់​ប្រជាជន គ្រប់​ពូជសាសន៍ គ្រប់​ភាសា និង​គ្រប់​វប្បធម៌​ទាំងអស់​នៃ​ពិភពលោក​នេះ ។

កំណើន​ឥទ្ធិពល​​របស់​សាសនាចក្រ

ឥទ្ធិពល​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ នឹង​មានពុំត្រឹមតែ​ទៅលើ​អស់​អ្នក​ដែល​ជា​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ។ ដោយសារតែ​ការបើក​សម្ដែង​ពីសួគ៌ា​នៅ​ជំនាន់​របស់​យើង ដោយសារតែ​ព្រះគម្ពីរ​ដ៏ពិសិដ្ឋ​ដែល​បាន​ស្ដារ​មក​កាន់​ផែនដី និង​អំណោយទាន​ដ៏មាន​អានុភាព​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​នឹង​ក្លាយ​ជា​ពន្លឺ​ដ៏​ភ្លឺ​នៅលើ​កំពូល​ភ្នំ ពេលដែល​ភាពងងឹត​នៃ​ការអត់​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​កើន​ឡើង​នៅ​ក្នុង​ពិភពលោក​នេះនោះ ។ ទោះបី​មនុស្ស​ជាច្រើន​នឹង​អនុញ្ញាត​ឲ្យ​ពិភពលោក​នេះ ហ៊ុមព័ទ្ធ​ជិត​សេចក្ដី​ជំនឿ​លើ​ព្រះប្រោសលោះ​របស់​គេក្ដី ក៏​យើង​នឹង « មិន​ត្រូវ​បាន​រើ​ចេញ​ពី​កន្លែង [ របស់​យើង ] ឡើយ » ។ ១០ ពួកគ្រីស្ទាន​ដែល​មិន​នៅក្នុង​ចំណោម​សមាជិកភាព​របស់​យើង នឹង​ស្វាគមន៍​តួនាទី និង​សាក្សី​ដ៏ពិត​របស់​យើង​អំពី​ព្រះគ្រីស្ទ ។ សូម្បីតែ​ពួកគ្រីស្ទាន​ដែល​មើល​មក​យើង​ទាំង​មន្ទិល​សង្ស័យ​ក្ដី ក៏​នឹង​ទទួលយក​យើង​ជា​មិត្ត​ដែរ ។ នៅក្នុង​ថ្ងៃ​អនាគត យើង​នឹង​ត្រូវបាន​ហៅ​តាម​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​អរគុណ​ដល់​បងប្អូន​សម្រាប់​ការខិតខំ​ដ៏ប្រពៃ​របស់​បងប្អូន ដើម្បី​បង្កើន​ការប្រើ​ឈ្មោះ​ពិត​របស់​សាសនាចក្រ ។ នៅក្នុង​សន្និសីទ​បីឆ្នាំ​កន្លង​ទៅ ប្រធាន ណិលសុន បាន​សន្យា​នឹង​យើង ៖ « ថា ការយក​ចិត្ត​ទុកដាក់​ដ៏​ខ្លាំង​បំផុត​របស់​យើង ដើម្បី​ប្រើប្រាស់​ឈ្មោះ​សាសនាចក្រ​នៃ​ព្រះអង្គ​សង្គ្រោះ … ឲ្យ​ត្រឹមត្រូវ [ នឹង​នាំឲ្យ​យើង ] ចម្រើន​សេចក្ដី​ជំនឿ ហើយ​ទទួល​បាន​នូវ​អំណាច​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង » ។ ១១

ការសន្យា​នេះ​ក្លាយជា​ការពិត ដោយសារ​ពួកសិស្ស​ដ៏លះបង់​នៅ​ទូទាំង​ពិភពលោក ។ ១២

បងប្រុស ឡរី អាហូឡា មកពី​សហរដ្ឋ​អាមេរិក​ប៉ែក​ខាងកើត​បាន​សារភាព​ថា នៅពេល​ខ្លះ គាត់​គិត​ថា​វា​ចម្លែក ដើម្បី​ចែកចាយ​ឈ្មោះ​ពេញ​របស់​សាសនាចក្រ ។ ប៉ុន្ដែ​ដោយសារ​វាជា​ការទូន្មាន​របស់​ព្យាការី នោះ​គាត់​ខំ​ព្យាយាម ។ នៅពេល​មួយ គាត់​បាន​ទៅលេង​មិត្ត​ម្នាក់​នៅឯ​ព្រះវិហារ​ជំនឿ​ផ្សេង​មួយ ។ នេះ​គឺជា​ពាក្យ​សម្តី​របស់​លោក ៖

មាន​អ្នកស្គាល់​គ្នា​ម្នាក់​សួរគាត់​ថា « តើ​អ្នក​ជា​ពួកមរមន​ឬ ? »

« ខ្ញុំ​បាន​ឆ្លើយ​ថា ‹ បាទ ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ › ។ គាត់​ចាប់ផ្តើម​សួរខ្ញុំ​ជាច្រើន​សំណួរ សំណួរ​នីមួយៗ​ចាប់ផ្តើម​ជាមួយ ៖ ‹ តើ​សាសនាចក្រ​មរមន​ជឿ​លើ … ? › ហើយ​រាល់​ពេល ខ្ញុំ​ចាប់ផ្តើម​​ជាមួយ​ចម្លើយ​ដែល​មាន​ឃ្លាថា ‹ នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើងវិញ​របស់​ព្រះ [ យេស៊ូវ ] គ្រីស្ទ យើង​ជឿ … › ។

«… នៅពេល​​គាត់​បាន​ដឹង​ថា ខ្ញុំ​មិន​ទទួល​យក​ឈ្មោះ​ហៅថា ‹ មរមន › គាត់​បាន​សួរ​ខ្ញុំ​ចំៗ​ថា ‹ ចឹង អ្នក​មិនមែន​ជា​ពួកមរមន​ទេឬ ? ›

« ដូច្នេះ ខ្ញុំ​ក៏សួរ​គាត់ថា តើ​គាត់​ស្គាល់​មរមន​ជា​នរណា​ដែរឬ​ទេ—គាត់​មិន​ស្គាល់ទេ ។ ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា មរមន​គឺជា​ព្យាការី … [ ហើយ​ខ្ញុំ ] មាន​កិត្តិយស​ដែល​ជាប់​ទាក់ទង​នឹង [ លោក ] ។

« ខ្ញុំ​បាន​បន្តថា ‹ ប៉ុន្តែមរមន​មិន​បាន​ស្លាប់​ដើម្បី​លោះ​អំពើបាប​របស់​ខ្ញុំ​នោះទេ ។ មរមន​ពុំ … បាន​រងទុក្ខ​នៅក្នុង​សួន​គែតសេម៉ានី ឬ​ស្លាប់​នៅលើ​ឈើឆ្កាង [ សម្រាប់​ខ្ញុំ ] ទេ ។ … ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះ​របស់​ខ្ញុំ ហើយ​ជា​ព្រះអង្គ​សង្រ្គោះ​របស់​ខ្ញុំ ។ … ហើយ​តាម​ព្រះនាម​របស់​ទ្រង់ ដែល​ខ្ញុំ​ចង់ឲ្យ​គេ​ស្គាល់ … › ។

« … បន្ទាប់ពី​ស្ងាត់​អស់​ពីរបី​វិនាទី​មក [ អ្នកស្គាល់​គ្នា​បាន​និយាយ​ថា ] ‹ អញ្ចឹង អ្នក​គឺជា​គ្រីស្ទាន ! › » ១៣

រូបភាព
ប្រធាន​ណិលសុន​នៅក្នុង​សន្និសីទ​ទូទៅ

បងប្អូន​នៅចាំ​ពាក្យ​ពេចន៍​របស់​ប្រធាន ណិលសុន ដែរ​ឬទេ ? « ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ប្រសិនបើ​យើង​ខំធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ នោះ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពីមុន​មក​ឡើយ » ។ ១៤

ព្រះអម្ចាស់​តែងតែ​បើក​ផ្លូវ

ព្រះអម្ចាស់​រក្សា​ការសន្យា​របស់​ទ្រង់​ជានិច្ច ។ ទ្រង់​តែងតែ​បើក​ផ្លូវ​ឲ្យ​យើង​ជានិច្ច នៅពេល​យើង​ធ្វើ​កិច្ចការ​របស់​ទ្រង់ ។

អស់ជាច្រើន​ឆ្នាំមក​ហើយ ដែល​យើង​សង្ឃឹម​ចង់​ទិញ​ដូមែន​វេបសាយ​អ៊ីនធឺណិត​ដោយ​ប្រើ​ឈ្មោះ ChurchofJesusChrist.org និង ChurchofJesusChrist.com ។ គេ​ពុំមាន​ដូមែន​ឈ្មោះ​ទាំងពីរ​នេះ​លក់​ទេ ។ មុនពេល​ការប្រកាស​របស់​ប្រធាន ណិលសុន បន្ដិច ស្រាប់តែ​មាន​លក់ដូមែន​ឈ្មោះ​ទាំងពីរ​នេះ​​ភ្លាមៗ ។ វា​ជា​អព្ភូតហេតុ​មួយ ។ ១៥

ព្រះអម្ចាស់​ក៏​បាន​ពង្រីក​ដល់​ការខិតខំ​របស់​យើង ក្នុង​ការកែសម្រួល​ឈ្មោះ​ដែល​គេ​ហៅ​សាសនាចក្រ​ជា​យូរ​មកហើយ​នោះ ។

ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តីជំនឿ ឈ្មោះ​របស់​ក្រុមចម្រៀង​រោង​ឧបោសថ​មរមន បាន​ប្ដូរ​ទៅជា​ក្រុមចម្រៀង​រោង​ឧបោសថ​នៅ​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ។ គេហទំព័រ LDS.org ដែល​មាន​ការចូល​មើល​ជាង ២១ លានដង​រាល់ខែ បាន​ប្ដូរ​ទៅជា ChurchofJesusChrist.org ។ ១៦ ឈ្មោះ​មហាវិទ្យាល័យ LDS Business បាន​ប្ដូរ​ទៅជា​មហាវិទ្យាល័យ Ensign ។ គេហទំព័រ Mormon.org បាន​ប្ដូរ​បញ្ជូន​ទៅកាន់ ChurchofJesusChrist.org ។ ផលិតផល​ជាង​មួយ​ពាន់​មុខ ដែល​ដាក់​ឈ្មោះ​ថា « មរមន » ឬ « អិល.ឌី.អេស. » នៅលើ​វា ក៏​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដែរ ។ ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏ស្មោះត្រង់​បាន​កែតម្រូវ​គេហទំព័រ ផតខាស និង​គណនី Twitter របស់​ពួកគេ ។

រូបភាព
និមិត្ត​រូប​ថ្មី​សាសនាចក្រ

យើង​ចាប់​ប្រើប្រាស់​និមិត្តសញ្ញា​ថ្មី​មួយ ដែល​ផ្ដោតលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

« នៅ​កណ្ដាល​នៃ​និមិត្តរូប​នោះ គឺ​ជា​តំណាង​មួយ​នៃ​រូប​សំណាក ព្រះគ្រីស្ទ របស់ Thorvaldsen ធ្វើពី​ថ្ម​កែវ ។ វា​រំលេច​ជា​រូប​របស់​ព្រះអម្ចាស់ ដ៏​មាន​ព្រះជន្មរស់ ដែល​បាន​រស់​ឡើងវិញ កំពុង​លាត​ព្រះហស្ដ​ទៅ​ឱបក្រសោប​អ្នកទាំងអស់​ដែល​មករក​ទ្រង់ ។

« ជា​និមិត្តរូប ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​គង់​នៅ​ក្រោម​ក្លោង​ទ្វារ​មួយ [ ដែល ] រំឭក​យើង​អំពី​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើងវិញ ចេញ​មកពី​ផ្នូរ » ។ ១៧

រូបភាព
ឈ្មោះ​របស់​សាសនាចក្រ​ជា​ភាសា​ជាច្រើន
រូបភាព
ឈ្មោះ​របស់​សាសនាចក្រ​ជា​ភាសា​ជាច្រើនបន្ថែម​ទៀត

ពុម្ព​អក្សរ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​សម្រប​សម្រួល​ជា​ភាសា​ជាង ៥០ ភាសា ។ យើង​បាន​ជាវ​ឈ្មោះ​ដូមែន​ថ្មីៗ​នៅ​ទូទាំង​ពិភពលោក ។

អំណរគុណ​ចំពោះ​ជំនួយ​របស់​អ្នកដទៃ

យើង​ថ្លែង​អំណរគុណ​ដល់​មនុស្ស​ដ៏ល្អៗ​ជាច្រើន​នាក់ ដែល​បាន​គោរព​តាម​បំណង​ប្រាថ្នា​របស់​យើង ដើម្បី​ហៅ​តាម​ឈ្មោះ​ត្រឹមត្រូវ​របស់​យើង ។ ខ្ញុំ​បាន​អាន​អត្ថបទ​មួយ​នាពេល​ថ្មីៗ​នេះ ដែល​បាន​ដកស្រង់​សម្ដី​របស់​សង្ឃ​ខាឌីណាល​កាតូលិក​ម្នាក់ ដែល​បាន​ហៅ​យើង​ថា « ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » ។ ១៨ ពេល​ខ្ញុំ​ទៅជួប​នឹង​អ្នកដឹកនាំ​ព្រះវិហារ​គ្រីស្ទាន​មួយ​កាលពី​ខែ​មុន នៅ​សហរដ្ឋ​អាមេរិក​ប៉ែក​ខាងកើត គាត់​បាន​ហៅ​សាសនាចក្រ​ទៅ​តាម​ការយោង​ដំបូង​របស់​គាត់​ជា​មួយ​នឹង​ឈ្មោះ​ពេញ​របស់​យើង​ហើយ​បាន​និយាយ​ច្រើន​ជាង​មួយ​ដង​ថា « សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។

យើង​ដឹង​ថា ការបន្ថែម​ពាក្យ​ប្រាំមួយ​ម៉ាត់​ទៅលើ​ឈ្មោះ​របស់​យើង នឹង​មិនល្អ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ប៉ុន្ដែ​ដូច​ដែល​ប្រធាន ណិលសុន បាន​ព្យាករ​ « ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ទំនួល​ខុសត្រូវ​នឹង​មាន​ចិត្ត​អាណិត​អាសូរ ក្នុង​ការឆ្លើយតប​តាម​សំណើ​របស់​យើង » ។ ១៩ សូម​អរគុណ​ដែល​បាន​ផ្ដល់​ការគិតគូរ​ដូចគ្នា​ចំពោះ​ពួកយើង តាមរយៈ​អង្គការ​វប្បធម៌ អត្តពលកម្ម នយោបាយ ឬ​សហគមន៍ ដោយ​ការប្រើ​ឈ្មោះ​ដែល​យើង​ចង់​បាន ។

​នៅតែ​មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​ចង់​រិះគន់ ឬ​បន្ទ​​ច់​បង្អាក់បេសកកម្ម​របស់​យើង ដែល​នឹង​បន្ដ​ហៅ​យើង​ថា « ពួក​មរមន » ឬ « សាសនាចក្រ​មរមន » ។ ដោយ​ក្ដីគោរព យើង​សំណូមពរ​ជាថ្មី​ម្ដងទៀត​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​មនសិការ​ត្រឹមត្រូវ ឲ្យ​គោរព​តាម​បំណង​ប្រាថ្នា​របស់​យើង ដើម្បី​​ហៅ​តាម​ឈ្មោះ​របស់​យើង ដែល​មាន​ជិត ២០០ ឆ្នាំ​មក​ហើយនោះ ។

ភាព​ក្លាហាន​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​រយ​ម៉ឺន​នាក់ ដែល​បាន​ប្រកាស​ដោយ​សេចក្ដី​ក្លាហាន​ពី​ឈ្មោះ​របស់​សាសនាចក្រ ។ នៅពេល​យើង​ធ្វើ​ចំណែក​របស់​យើង នោះ​អ្នកដទៃ​នឹង​ធ្វើតាម ។ ខ្ញុំ​ស្រឡាញ់​ដំណើររឿង​នេះ​មកពី​កោះ​តាហ៊ីទី ។

អ៊ីរីយូរ៉ា ជិន ដែល​មាន​អាយុ​ដប់​ឆ្នាំ បាន​ប្ដេជ្ញា​ចិត្ត​ធ្វើតាម​ការទូន្មាន​របស់​ប្រធាន ណិលសុន ។

« នៅក្នុង​ថ្នាក់រៀន​របស់​នាង ពួកគេ​បាន​ពិភាក្សា​អំពី​ថ្ងៃ​ចុងសប្ដាហ៍​របស់​ពួកគេ … ហើយ​អ៊ីរីយូរ៉ា បាន​និយាយ​អំពី … សាសនាចក្រ ។

« គ្រូបង្រៀន​របស់​នាង​ឈ្មោះ វេធ ផាយហ្វូ បាន​និយាយ​ថា ‹ អូ៎ អញ្ចឹង​កូន​គឺជា​ពួកមរមន​ឬ ? ›

« អ៊ីរីយូរ៉ា បាន​និយាយ​ដោយ​ម៉ឺងម៉ាត់​ថា ‹ អត់ទេ … ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ! ›

« គ្រូបង្រៀន​របស់​នាង​បាន​ឆ្លើយ​ថា ‹ ហ្នឹងហើយ … កូន​គឺជា​ពួកមរមន › ។

« អ៊ីរីយូរ៉ា បាន​ទទូច​ថា ‹ អត់ទេ អ្នកគ្រូ ខ្ញុំ​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ! ›

« អ្នកគ្រូ ផាយហ្វូ មាន​ភាពអស្ចារ្យ​នឹង​ការជឿស៊ប់​របស់ អ៊ីរីយូរ៉ា ហើយ​ឆ្ងល់​ថា​ហេតុអ្វី​នាង​ទទូច​ ឲ្យ​ប្រើ​ឈ្មោះ [ ដ៏ ងនេះ ។ [ គាត់​បាន​សម្រេច​ចិត្ត​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ ] ។

« [ ក្រោយមក កាល​បងស្រី ] វេធ ផាយហ្វូ បាន​ជ្រមុជ​ទឹក [ គាត់​បាន​បង្ហាញ​ការដឹងគុណ ] ដែល​អ៊ីរីយូរ៉ា បាន​គោរព​តាម​ការទូន្មានរបស់​ប្រធាន ណិលសុន » ។ ២០

រូបភាព
បង​ស្រី​​ដែល​រៀន​អំពី​សាសនាចក្រ​ដោយសារ​តែ​សិស្ស​របស់​គាត់

« ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារផ្លាស់ប្ដូរ​បាន​ទេ » ។ ចូរ​យើង​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ ។ នៅ​ពេល​យើង​ស្ម័គ្រចិត្ត​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ដែល​តម្រូវឲ្យ​មាន​ភាពរាបទាប​និង​ការលះបង់ ជា​ពិសេស​ទោះជាវាផ្ទុយ​នឹង​ការគិត​ដំបូង​របស់​យើងក្ដី នោះ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង​ដោយ​មាន​នូវ​ថាមពល​ខាង​វិញ្ញាណ​បន្ថែម​​ហើយ​បញ្ជូន​ទេវតា​របស់​ទ្រង់​មក​គាំទ្រ​យើង​ និង​ឈរ​នៅ​ក្បែរ​យើង ។ ២១ យើង​ទទួល​បាន​ការបញ្ជាក់​ពី​ព្រះអម្ចាស់ និង​ការយល់ព្រម​ពី​ទ្រង់ ។

ខ្ញុំ​គឺជា​សាក្សី​ផ្ទាល់​ភ្នែក​ម្នាក់​ចំពោះ​អំណាច​នៃ​ស្ថានសួគ៌ ដែល​មាន​មកលើ​ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ។ បំណងប្រាថ្នា​ដ៏ស្មោះត្រង់​តែមួយ​គត់​របស់​លោក គឺ​​ធ្វើឲ្យ​ព្រះអម្ចាស់​សព្វព្រះទ័យ និង​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតា​សួគ៌​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​សម្រាប់​លោក ចេញពី​បទពិសោធន៍ដ៏ពិសិដ្ឋ​ផ្ទាល់ខ្លួន​ខ្ញុំ ។ លោក​គឺជា​ព្យាការី​របស់​ព្រះ ។

ខ្ញុំ​សូម​ធ្វើ​សាក្សី​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល នីហ្វៃទី​៣ ២៧:៧–៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១១៥:៤ ។

  2. រ័សុល​អិម​ណិលសុន នៅ​ក្នុង​« The Name of the Church »​Newsroom, ថ្ងៃ​ទី ១៦ ខែ សីហា ឆ្នាំ ២០១៨,គេហទំព័រ newsroom.ChurchofJesusChrist.org ។

  3. « President Nelson Discusses the Name of the Church » នៅ​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ https://newsroom.churchofjesuschrist.org/article/president-nelson-discusses-church-name-canada ។

  4. សូមមើល រ័សុល អិម ណិលសុន « The Correct Name of the Church » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧ ។

  5. រ័សុល អិម ណិលសុន, « The Temple and Your Spiritual FoundationLiahona, ខែវិច្ឆិកា ឆ្នាំ ២០២១, ៩៤ ។

  6. គោលលទ្ធិ និង សេចក្តី​សញ្ញា ៦៤:៣២ ។

  7. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ឆ្នាំ ២០០៧ ) ទំព័រ ១៣៧ ។

  8. នីហ្វៃ​ទី​២ ២៧:២៦ ។

  9. នីហ្វៃ​ទី​១ ១៥:១៨ ។

  10. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០១:១៧ ។

  11. រ័សុល អិម ណិលសុន « Becoming Exemplary Latter-day Saints» Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១១៤ ។

  12. សូមមើល ហិនរី ប៊ី អាវរិង « Thus Shall My Church Be Called» Liahonaខែ តុលា ឆ្នាំ ២០២១ ទំព័រ ៦–៩ ។

  13. ឡរី អាហូឡា « Using the Full Name of the Church Was Awkward but Worth It» (អត្ថបទ​មានតែ​ជា​ឌីជីថល​ប៉ុណ្ណោះ ) Liahonaខែ មេសា ឆ្នាំ ២០២០ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  14. រ័សុល អិម ណិលសុន « The Correct Name of the Church» ទំព័រ ៨៩ ។

  15. ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​របស់​សាសនាចក្រ បាន​តាមដាន​មើល​ឈ្មោះ​ដូមែន ChurchofJesusChrist.org តាំងពី​ឆ្នាំ ២០០៦ មក​ម្ល៉េះ តែ​វា​មិន​មាន​នោះទេ ។ វា​អស្ចារ្យ​ណាស់ ដែល​វា​មាន​លក់​ចំពេល​គ្នា​នឹង​ពេល​ដែល​ប្រធាន ណិលសុន បាន​ប្រកាស ហើយ​សាសនាចក្រ​បាន​ទិញ​ឈ្មោះ​ដូមែន​នោះ ក្នុង​​តម្លៃ​យ៉ាង​សមរម្យ​មួយ ។

    តាម​របៀប​ដូចគ្នា​នេះ សាសនាចក្រ​បាន​ចាប់ផ្ដើម​តាមដាន​ឈ្មោះ​ដូមែន ChurchofJesusChrist.com តាំងពី​ឆ្នាំ ២០១១ មក ថា​វា​មាន​ស្ថានភាព​យ៉ាងណា និង​មាន​លក់​ឬអត់ ។ គួរឲ្យ​ភ្ញាក់ផ្អើល វា​ក៏មាន​លក់​នៅខែ សីហា ឆ្នាំ ២០១៨ ដែរ ហើយ​យើង​ក៏បាន​ទិញវា ។

  16. នៅ​សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០១៨ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ ៖

    « រី មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជាច្រើន​ខាង​លោកិយ​ទាស់​នឹង​ការ​ស្ដារ​ឡើង​វិញ​នូវ​ឈ្មោះ​ត្រឹមត្រូវ​របស់​សាសនាចក្រ​នេះ ។ ដោយ​សារ​យើង​រស់នៅ​ក្នុង​ពិភព​ឌីជីថល ហើយ​មាន​នូវ​ម៉ាស៊ីន​ស្រាវជ្រាវ​ដ៏​ប្រសើរ​ដែល​ជួយ​យើង​ទាំងអស់​គ្នា​ស្វែងរក​ព័ត៌មាន​ដែល​យើង​ត្រូវការ​តែ​មួយ​ពព្រិច​ភ្នែក—រួម​ទាំង​ព័ត៌មាន​អំពី​សាសនាចក្រ​របស់​ព្រះអម្ចាស់​ផង​ដែរ—នោះ​ពួក​អ្នក​រិះ​គន់​និយាយ​ថា ការ​កែ​តម្រូវ​មួយ​នៅ​ពេល​នេះ​គឺ​ពុំមែន​ជា​រឿង​ឆ្លាត​វៃ​ឡើយ ។ …

    « … ខ្ញុំ​សូម​សន្យា​ដល់​បងប្អូន​ថា ប្រសិនបើ​យើង​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្ដារ​ឈ្មោះ​ត្រឹមត្រូវ​នៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ឡើង​វិញ នោះ​ទ្រង់​ដែល​ជា​សិរសា​នៃ​សាសនាចក្រ​នេះ នឹង​ចាក់​ស្រោច​ព្រះចេស្ដា និង​ពរជ័យ​របស់​ទ្រង់​មក​លើ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ( « The Correct Name of the Church » ទំព័រ ៨៨, ៨៩ ) ។

    តាំងពី​ការប្ដូរ​គេហទំព័រ LDS.org ទៅជា ChurchofJesusChrist.org មក សិទ្ធិ​អំណាច​ដូមែន ( សមត្ថភាព និង​អំណាច​លើ​គេហទំព័រ​មួយ​ដើម្បី​មាន​ចំណាត់ថ្នាក់​នៅក្នុង​ម៉ាស៊ីន​ស្រាវជ្រាវ ) គឺ​មាន​ខ្លាំង​ជាងមុន ។ ឧទាហរណ៍ ឥឡូវ​នេះ និង​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ គេហទំព័រ​ដើម ChurchofJesusChrist.org គឺជា​លទ្ធផល​ស្រាវជ្រាវ​លេចធ្លោ​ដំបូង​គេ​នៅ​សហរដ្ឋ​អាមេរិក​នៅលើ Google នៅពេល​នរណាម្នាក់​ស្រាវជ្រាវ​រក​ពាក្យ « church » ដែល​ពីមុន​មក វា​មិន​អាច​មាន​ភាពល្អ​ឯក​ដូច្នេះ​នោះទេ ។

  17. រ័សុល អិម ណិលសុន « Opening the Heavens for Help» Liahonaខែ ឧសភា ឆ្នាំ​២០២០ ទំព័រ ៧៣ ។

  18. សូមមើល​Tad Walch « ‘If we can’t get along, it’s downright sinful’: The partnership between Catholics and Latter-day Saints » Deseret Newsថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១ នៅលើ​គេហទំព័រ deseret.com ។

  19. រ័សុល អិម ណិលសុន « The Correct Name of the Church» ទំព័រ ៨៩ ។

  20. « The Correct Name of The Church: A Tahitian Story» Pacific Newsroom ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩ នៅលើ​គេហទំព័រ news-nz.ChurchofJesusChrist.org ។

  21. សូម​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៨ ។