សន្និសីទទូទៅ
គេហដ្ឋាន​នៃ​របៀប​រៀបរយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


គេហដ្ឋាន​នៃ​របៀប​រៀបរយ

​« របៀប​រៀបរយ វ​គោលការណ៍​សំខាន់ៗ​ទាំងឡាយ ។

នៅក្នុងជីវិត​ការងារ​របស់ខ្ញុំ និង​នៅក្នុងការ​បម្រើ​ក្នុង​សាសនាចក្រ ខ្ញុំ​បាន​ធ្វើ​រឿង​នេះ​រាប់ពាន់ដងហើយ—ប៉ុន្តែ​​ក្រោយ​​​បុរសទាំង ១៥ រូបនេះ ដែល​អង្គុយនៅ​ពី​ខាងក្រោយខ្ញុំផ្ទាល់នេះ ។ ខ្ញុំ​ទទួល​អារម្មណ៍ដឹង​អំពី​ការ​អធិស្ឋាន​របស់​បងប្អូន និង​ពួកលោក ។

បងប្អូនប្រុសស្រី ខ្ញុំ​មាន​ដើម​កំណើត​មកពី​អាណាចក្រ​តុងហ្គា​នៅ​ប៉ាស៊ីហ្វិក​ខាងត្បូង ប៉ុន្តែ​បាន​ធំឡើង​នៅ​អាមេរិក​ខាងជើង ។ ជំងឺ​រាតត្បាត​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់រយនាក់ ដែលប្រហែល​ជា​មាន​អ្នកផ្សព្វផ្សាយ​សាសនា​តុងហ្គោ​វ័យក្មេង​រាប់ពាន់​នាក់​ដែល​កំពុង​បម្រើ​នៅជុំវិញ​ពិភពលោក​ ពុំ​បានឲ្យ​វិល​ត្រឡប់​មក​មាតុភូមិ​ជាទី​ស្រឡាញ់​វិញ​ដោយសារ​តែ​ការ​បិទព្រំដែន ។ មាន​អែលឌើរ​ជនជាតិ​តុងហ្គា​ខ្លះ​បាន​បម្រើ​បេសកកម្ម​​អស់រយៈពេល​បីឆ្នាំ ហើយ​ស៊ីស្ទើរ​ខ្លះ​បម្រើលើសពី​ពីរឆ្នាំ​ទៅទៀត ! ពួកគេ​រង់ចាំ​យ៉ាង​អត់ធ្មត់ដោយ​ជំនឿ​ ដូច​ដែល​យើងបានដឹង ។ នៅពេលនេះ សូម​កុំ​ភ័យ​ស្លន់ស្លោ​ ប្រសិនបើ​ឃើញ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ខ្លះ​បម្រើ​នៅ​វួដ និង​ស្តេក​របស់​បងប្អូន ​មើលទៅ​​មាន​រូបរាង​ដូចខ្ញុំ—ចាស់ ហើយ​សក់ស្កូវនោះ ។ យើង​មាន​អំណរគុណ​ចំពោះ​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​គ្រប់​ទីកន្លែង​សម្រាប់​ការបម្រើ​ដ៏​លះបង់​របស់​ពួកគេ ទោះបី​ការបម្រើ​នោះ​យូរ ឬ​ឆាប់​ជាង​អ្វី​ដែល​ពួកគេ​បាន​រំពឹងទុក​ដោយសារ​ជំងឺ​រាតត្បាត​ក៏​ដោយ ។

​ថ្ងៃ​អាទិត្យ​មួយ​ កាល​ខ្ញុំ​ជា​ឌីកុន ខ្ញុំ​បាន​នៅ​កន្លែង​ទទួល​ភ្ញៀវ ដោយមាន​កាន់​ថាស​ទឹក​សម្រាប់​ចែក​សាក្រាម៉ង់ ពេលនោះ​មាន​ស្ត្រីម្នាក់​​ដើរចូលមក​ក្នុង​អគារ ។ ខ្ញុំ​បាន​ទៅជិត ហើយ​ហុច​ថាស​ឲ្យ​ទៅ​គាត់តាម​​កាតព្វកិច្ច​ខ្ញុំ ។ គាត់​បាន​ងក់​ក្បាល ញញឹម ហើយ​បាន​ចាប់​យក​ពែង​ទឹក ។ គាត់​បាន​មក​យឺត​មិនទាន់ពេល​ទទួល​នំប៉័ង ។ មិនយូរប៉ុន្មាន​ក្រោយពី​បទពិសោធន៍​នេះ គ្រូ​បង្រៀន​តាម​ផ្ទះ​របស់ខ្ញុំ បងប្រុស ណេដ ប្រីមលី បាន​បង្រៀន​ខ្ញុំថា ទិដ្ឋភាព និង​ពរជ័យ​ជាច្រើន​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​ប្រទាន​ដល់​យើង​ទៅតាម​របៀប​រៀបរយ ។

នៅ​ចុង​សប្តាហ៍​នោះ​ បងប្រុស​ណេដ និង​ដៃគូ​របស់​គាត់​បាន​មក​ផ្ទះ​របស់ពួកយើងបង្រៀន​មេរៀន​មួយ​ដែល​ពុំអាច​បំភ្លេច​បាន ។ បងប្រុស ណេដ​បាន​រំឭក​យើងថា ​ព្រះ​បាន​បង្កើត​ផែនដី​តាម​លំដាប់លំដោយ ។ ព្រះអម្ចាស់​បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំងពន្យល់ដល់​ម៉ូសេ​អំពី​លំដាប់លំដោយ​ដែល​ទ្រង់​បាន​បង្កើត​ផែនដី ។ ដំបូង ទ្រង់​បាន​ចាប់ផ្តើម​ដោយ​ញែក​ពន្លឺ​ពី​ងងឹត បន្ទាប់​មក​ញែក​ទឹក​ពី​ដីគោក ។ ទ្រង់​បាន​បន្ថែម​រុក្ខជាតិ​មាន​ជីវិត និង​សត្វ​ មុនពេល​ដាក់​ការបង្កើត​ដ៏​អស្ចារ្យ​បំផុត​របស់​ទ្រង់​នៅលើ​ភព​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ ៖ ​គឺជា​មនុស្សលោក​ ដែល​ចាប់ផ្តើម​ឡើង​ដោយ​អ័ដាម និង​នាង​អេវ៉ា ។

« ទ្រង់​ក៏​បង្កើត​មនុស្ស​ឲ្យ​ដូច​រូប​អង្គ​ទ្រង់ គឺ​បាន​បង្កើត​គេ​ឲ្យ​ចំ​នឹង​រូប​អង្គ​ទ្រង់​នោះ​ឯង ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី ។…

« រួច​ព្រះ​ទ្រង់​ទត​គ្រប់​ទាំង​របស់​ដែល​ទ្រង់​បាន​ធ្វើ​នោះ ក៏​ឃើញ​ថា ទាំង​អស់​ជា​ការ​ល្អ​ប្រពៃ » ​( លោកុប្បត្តិ ១:២៧, ៣១ ) ។

ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ណាស់ ។ ហើយ​ទ្រង់​ក៏​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំពីរ ។

របៀប​រៀបរយ​ដែល​ផែនដី​ត្រូវបាន​បង្កើត​ឡើង​ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​យើង​​ឃើញ​នូវ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ព្រះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដឹង​អំពី​មូលហេតុ ​ថាតើ​ទ្រង់​បង្កើត​ផែនដី​ឲ្យ​អ្នកណា ។

រូបភាព
ណេត ​ប្រីមលី និងគ្រួសារ

បងប្រុស ណេដ ​ប្រីមលី បាន​វែកញែក​មេរៀន​ដ៏​បំផុស​គំនិត​របស់​គាត់​ដោយ​សេចក្តី​ថ្លែង​ការណ៍​ដ៏​សាមញ្ញ​មួយថា​ « វៃ ដំណាក់​របស់​ព្រះ​គឺ​ដំណាក់​នៃ​របៀប​រៀបរយ ។ ទ្រង់​រំពឹង​ចង់​ឲ្យ​ប្អូន​រស់នៅ​ក្នុង​ជីវិត​ដែលមាន​របៀប​រៀបរយ ។ ​តាមរបៀប​រៀបរយ​ត្រឹមត្រូវ ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​ប្អូន​បម្រើ​បេសកកម្ម​មុនពេល​ប្អូន​រៀបការ » ។ ត្រង់​ចំណុច​នេះ ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នាពេល​បច្ចុប្បន្ន​នេះ​បង្រៀន​ថា​ « ព្រះអម្ចាស់​រំពឹង​ថា​យុវជន​ដែល​មាន​សមត្ថភាព​ម្នាក់ៗ​ឲ្យ​ត្រៀមខ្លួន​ដើម្បី​បម្រើ ។ … យុវនារី … ដែល​មាន​បំណង​ចង់​បម្រើ​ក៏គួរតែ​រៀបចំខ្លួន​ផងដែរ » ។ ​( ក្បួនខ្នាតទូទៅ ៖ ការបម្រើនៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ, ២៤​.0 ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ បងប្រុស ប្រីមលី បាន​បន្តថា​ « ព្រះ​សព្វព្រះទ័យ​ចង់ឲ្យ​ប្អូន​រៀបការ​មុនពេល​ប្អូន​មានកូន ។ ហើយ​ទ្រង់​សព្វព្រះទ័យ​ចង់ឲ្យ​ប្អូន​បន្ត​អភិវឌ្ឍ​ទេពកោសល្យ​របស់​ប្អូន​នៅពេល​ប្អូន​ទទួល​បាន​ការអប់រំ » ។ ប្រសិនបើ​បងប្អូន​ជ្រើសរើស​របៀប​រស់នៅ​របស់​បងប្អូន​ពុំទៅតាម​របៀប​រៀបរយទេ នោះ​បងប្អូន​នឹងឃើញ​ថា​ជីវិត​កាន់តែ​ពិបាក និង​វឹកវរ ។

បងប្រុស​ប្រីមលី​ក៏​បាន​បង្រៀន​យើង​ថា​តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គសង្រ្គោះ​ជួយ​យើង​ស្តារ​សណ្តាប់ធ្នាប់​ក្នុង​ជីវិត​របស់​យើង ​ដែលវា​មាន​ភាពច្របូក​ច្របល់ ឬ​ពុំមានរបៀប​រៀបរយដោយសារតែជម្រើស​មិន​ល្អ​របស់​យើង ឬ​របស់​អ្នក​ដទៃនោះឡើងវិញ ។

ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ចាប់​អារម្មណ៍​​លើ​ពាក្យ « របៀប​រៀបរយ » ។ ខ្ញុំ​បាន​បង្កើត​ទម្លាប់​មួយ​នៃ​ការស្វែងរក​គំរូ​របៀប​រៀបរយ​ទាំង​នៅក្នុង​ជីវិត ​និង​នៅក្នុង​ដំណឹងល្អ ។

អែលឌើរ ដេវីឌ អេ​បែដណា បាន​បង្រៀន​គោលការណ៍​នេះ​ថា « នៅពេល​យើង​សិក្សា ​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ​ជាញឹកញាប់​របៀប​រៀបរយ​គឺជា​ការណែនាំ » ។ ឧទាហរណ៍ សូម​ពិចារណា​ពី​មេរៀន​ដែល​យើង​រៀន​អំពី​អាទិភាព​ខាង​វិញ្ញាណ ទៅតាម​លំដាប់​នៃ​ព្រឹត្តិការណ៍​សំខាន់ៗ​ដែល​បាន​កើតឡើង នៅពេល​ភាពពេញលេញ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ​ត្រូវបាន​ស្ដារ​ឡើងវិញ​នៅថ្ងៃ​ចុង​ក្រោយនេះ » ។

អែលឌើរ បែដណា បាន​រៀបរាប់​ពី​ការនិមិត្ត​ដំបូង និងការបង្ហាញ​កាយ​របស់មរ៉ូណៃ​ចំពោះ យ៉ូសែប ស្ម៊ីធ បង្រៀន​ដល់​យុវជន​ជា​ព្យាការី​ដំបូង​គេ​នោះ​អំពី​លក្ខណៈ និង​ចរិតលក្ខណៈ​របស់​ព្រះ បន្ទាប់​មក​បង្រៀនពី​តួនាទីរបស់​ព្រះគម្ពីរ​មរមន និង​ព្យាការី អេលីយ៉ា នៅ​ក្នុង​ការប្រមូល​វង្ស​អ៊ីស្រាអែល​នៅ​ទាំងសង​ខាង​នៃ​វាំងននក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុងក្រោយ​នេះ ។

អែលឌើរ បែដណា​ បញ្ចប់ថា​ « របៀប​រៀបរយ​ដ៏​បំផុស​គំនិត​នេះ គឺជា​ការណែនាំ ​អំពី​បញ្ហា​ខាង​វិញ្ញាណ​ដែលមាន​អាទិភាព​ខ្ពស់​ចំពោះ​ព្រះ » ( « The Hearts of the Children Shall Turn » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ) ។

ខ្ញុំ​សង្កេតឃើញថា ​« របៀប​រៀបរយ » ​គឺជា​វិធី​ដ៏សាមញ្ញ ធម្មតា និង​មាន​ប្រសិទ្ធភាពមួយ​ដើម្បី​ព្រះអម្ចាស់​​បង្រៀន​យើង ​ដែល​ជា​បុត្រាបុត្រី​របស់​ទ្រង់​នូវ​គោលការណ៍​សំខាន់ៗ​ទាំងឡាយ ។

យើង​មក​ផែនដី​ដើម្បី​រៀន និង​ទទួល​បាន​បទពិសោធន៍​ដែល​យើង​ពុំ​អាច​មាន ​បើពុំ​មកកាន់​ផែនដី​នេះ ។ ការរីក​ចម្រើន​របស់​យើង​គឺ​មាន​លក្ខណៈ​ពិសេស​ចំពោះ​យើង​ម្នាក់ៗ ហើយ​វា​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ការលូតលាស់​ខាង​រាងកាយ និង​ខាង​វិញ្ញាណ​របស់​យើង​ចាប់ផ្តើម​ជា​ដំណាក់កាល ហើយ​វិវត្ត​បន្តិចម្តងៗ នៅពេល​យើង​ទទួល​បាន​បទពិសោធន៍​តាមរបៀប​រៀបរយ ។

អាលម៉ា​ថ្លែង​ទេសនកថា​ដ៏​មាន​ឥទ្ធិពល​អំពី​ជំនឿ—ដោយ​លើក​យក​ការបៀបធៀប​នៃ​គ្រាប់ពូជ​ថា ​ប្រសិនបើ​មើល​ថែទាំ និង​បំប៉ន​ឲ្យ​បាន​ត្រឹមត្រូវ នោះ​វា​នឹង​ដុះ​ពន្លក​ពី​ដើមតូច​មួយ​ទៅជា​ដើម​ដ៏ធំ ​ហើយ​បង្កើត​បាន​ផ្លែ​ដ៏ឆ្ងាញ់ ​( សូមមើល​អាលម៉ា ៣២:២៨–៤៣ ) ។ មេរៀន​នេះ​គឺថា​ ជំនឿ​របស់​បងប្អូន​នឹង​រីកចម្រើន​ឡើង ​នៅពេល​បងប្អូន​ទុក​កន្លែង​មួយ និង​បំប៉ន​គ្រាប់ពូជ—ឬ ​ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ចិត្ត​បងប្អូន ។ ​ជំនឿ​របស់​បងប្អូន​នឹង​រីកចម្រើន​​ នៅពេល​​ព្រះបន្ទូល​របស់​ព្រះ​ចាប់ផ្តើម​ « រីក​ឡើង​នៅ​ក្នុង​ទ្រូង​របស់​បងប្អូន » ​( ខទី ២៨ ) ។ ថា ​« នៅ​ពេល​គ្រាប់​ពូជ​នោះ​រីក និង​ពន្លក ហើយ​ចាប់​ផ្ដើម​ដុះ » ​( ខទី ៣០ ) នោះវាមានទាំងការមើលឃើញ និង​ការណែនាំ ។ វា​ក៏​មាន​លក្ខណៈ​តាម​របៀប​រៀបរយ​ដែរ ។

ព្រះអម្ចាស់​បង្រៀន​យើង​ម្នាក់ៗ​ទៅតាម​សមត្ថភាព និង​​របៀប​ដែល​យើង​រៀន ។ ការរីក​ចម្រើន​របស់​យើង​គឺ​ពឹងផ្អែក​​ទៅលើ​ឆន្ទៈ ការចង់​ដឹង​ចេញពី​ចិត្ត កម្រិត​នៃ​ជំនឿ និង​ការយល់​ដឹង​របស់​យើង ។

នីហ្វៃ​ត្រូវ​បាន​បង្រៀន​ពីអ្វី​ដែល យ៉ូសែប ស៊្មីធ នឹង​រៀន​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ជាង ២.៣០០ ឆ្នាំ​ក្រោយ​មកថា ​« ដ្បិត​មើល​ចុះ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ យើង​នឹង​ប្រទាន​ដល់​កូន​ចៅ​មនុស្ស​មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច នេះ​មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ដ្បិត​ពួក​គេ​នឹង​មាន​ប្រាជ្ញា »​ ( នីហ្វៃ ទី ២ ២៨:៣០ ) ។

​យើង​រៀន​ « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច » ​​នេះ​គឺជា​របៀប​រៀបរយម្ដងទៀតហើយ ។

សូម​ពិចារណា​នូវ​សេចក្តី​ថ្លែង​ការណ៍​ខាង​ក្រោមនេះ​ដែល​យើង​បាន​ឮ​ស្ទើរតែ​អស់​មួយ​ជីវិត​របស់យើង ៖ ​« អ្វី​ដែល​សំខាន់ ត្រូវ​ធ្វើ​មុនគេ » ឬ​ « ឲ្យ​ទឹកដោះគោ​ពួកគេ​ផឹក មុន​ឲ្យ​សាច់​ពួកគេ​បរិភោគ » ។ និង ​« សន្សឹម​កុំ​បំបោល​ក្រែង​ពុំ​ដល់​ដូច​ប្រាថ្នា » ? ពាក្យសម្តី​នីមួយៗ​ទាំងនេះ​សុទ្ធតែ​ពិពណ៌នា​អំពី​អ្វីមួយ​ដែល​មាន​របៀប​រៀបរយ ។

អព្ភូតហេតុ​ដំណើរការ​ទៅតាម​របៀប​រៀបរយ ។ អព្ភូតហេតុ​កើតឡើង ​នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​ជាមុន ។ ជំនឿ​កើតមុន​អព្ភូតហេតុ ។

យុវជនគឺទទួល​តែងតាំង​តំណែង​នៃ​បព្វជិតភាព​អើរ៉ុន​តាម​របៀបរៀបរយ ស្របតាម​អាយុ​នៃ​បុគ្គលម្នាក់ៗ​​ដែលត្រូវ​តែងតាំងនោះផងដែរ​ដូចជា ៖ ឌីកុន, គ្រូ, និង​សង្ឃ ។

ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​លើកតម្កើង​គឺមាន​របៀប​រៀបរយ​របស់វា ។ យើង​ទទួល​បុណ្យ​ជ្រមុជ​ពីមុន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពិធី​បរិសុទ្ធ​នានា​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​របៀប​រៀបរយ​ដូចគ្នា ។ ជាការពិត​ណាស់ ដូច​ដែល​មិត្ត​ខ្ញុំ​ឈ្មោះ ណេដ ប្រីមលី បាន​បង្រៀន​ខ្ញុំ​យ៉ាង​ប៉ិនប្រសព្វថា ពិធី​សាក្រាម៉ង់ គឺ​ធ្វើ​ឡើង​តាម​របៀប​រៀបរយ—ពិធីនេះ​ចាប់ផ្តើម​ឡើង​ដោយ​ការអភិសេក​នំបុ័ង បន្ទាប់​មក​អភិសេក​ទឹក ។

« គ្រា​ដែល​កំពុង​តែ​បរិភោគ នោះ​ព្រះយេស៊ូវ​ទ្រង់​យក​នំបុ័ង ហើយ​កាល​ទ្រង់​បាន​ប្រទាន​ពរ នោះ​ក៏​កាច់​ប្រទាន​ទៅ​ពួក​សិស្ស ដោយ​ព្រះបន្ទូល​ថា ចូរ​យក​បរិភោគ​ចុះ នេះ​ហើយ​ជា​រូបកាយ​ខ្ញុំ ។

« រួច​ទ្រង់​យក​ពែង​មក​ប្រទាន​ពរ ក៏​ហុច​ទៅ​ឲ្យ​គេ ដោយ​ព្រះបន្ទូល​ថា ចូរ​បរិភោគ​ពី​ពែង​នេះ​ទាំង​អស់​គ្នា​ចុះ ។

« ដ្បិត​នេះ​ជា​ឈាម​ខ្ញុំ គឺ​ជា​ឈាម​នៃ​សញ្ញា​ថ្មី ដែល​បាន​ច្រួច​ចេញ សម្រាប់​មនុស្ស​ជា​ច្រើន​ប្រយោជន៍​នឹង​ផ្តាច់​បាប » ​( ម៉ាថាយ ២៦:២៦–២៨ ) ។

​ព្រះអង្គសង្គ្រោះ​បាន​រៀបចំ​ពិធី​សាក្រាម៉ង់​តាម​របៀប​រៀបរយ​ដូចគ្នា ទាំងនៅ​យេរូសាឡឹម និង​នៅ​ទ្វីប​អាមេរិក ។

« មើល​ចុះ ដំណាក់​យើង គឺជា​ដំណាក់​នៃ​របៀប​រៀបរយ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ ហើយ​ពុំ​មែន​ជា​ដំណាក់​នៃ​ចលាចល​ឡើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៨ ) ។

ការ​ប្រែចិត្ត​គឺ​មាន​របៀប​រៀបរយ ។ ការប្រែចិត្ត​ចាប់ផ្តើម​ឡើង​ដោយ​ការមាន​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ទោះបី​សេចក្តីជំនឿ​នោះ​មានតែ​មួយ​ភាគ​តូចក្តី ។ ជំនឿ​តម្រូវ​ឲ្យ​មាន​ការបន្ទាប​ខ្លួន​ដែលជា​ធាតុ​សំខាន់​នៃ​ការមាន « ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប » (នីហ្វៃទី ២ ២:៧) ។

ជាការពិត​ណាស់ គោលការណ៍​បួន​ដំបូង​នៃ​ដំណឹងល្អ​គឺជា​ការ​មាន​របៀប​រៀបរយ ។ « យើង​ខ្ញុំ​ជឿ​ថា​គោលការណ៍​ទីមួយ និង​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​គឺ ៖ ទីមួយ សេចក្តីជំនឿ ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ទីពីរ​ការប្រែចិត្ត ទីបី បុណ្យជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្តាច់បាប ទីបួន ការដាក់ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះវិញ្ញាណបរិសុទ្ធ » ( មាត្រានៃសេចក្តីជំនឿ ១:៤ ) ។

ស្តេច​បេនយ៉ាមីន​បាន​បង្រៀន​ប្រជាជន​របស់​ទ្រង់​នូវ​សេចក្តី​ពិត​ដ៏សំខាន់​នេះថា « ហើយ​ចូរ​ឲ្យ​ឃើញ​ថា គ្រប់​ការណ៍​ទាំង​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀប​រៀបរយ ដ្បិត​មិន​ត្រូវ​ឲ្យ​អ្នក​ណា​រត់​លឿន​ជាង​កម្លាំង ដែល​គេ​មាន​នោះ​ឡើយ ។ ហើយ​មួយ​ទៀត ជា​ការ​ចាំ​បាច់​ឲ្យ​អ្នក​នោះ​ត្រូវ​ព្យាយាម​ដើម្បី​គេ​អាច​បាន​រង្វាន់ ហេតុ​ដូច្នេះ​ហើយ គ្រប់​ការណ៍​ទាំង​អស់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង តាម​របៀប​រៀបរយ » ​( ម៉ូសាយ ៤:២៧ ) ។

សូម​ឲ្យ​ជីវិត​របស់​យើង​រស់នៅ​ដោយ​មាន​របៀប​រៀបរយ ហើយ​ព្យាយាម​ធ្វើតាម​របៀប​រៀបរយ​ដែល​ព្រះអម្ចាស់​បានរៀបចំ​ទុក​សម្រាប់​យើង ។ យើង​នឹង​ទទួល​ពរជ័យ​ នៅពេល​យើង​ស្វែងរក និង​ធ្វើ​តាម​គំរូ និង​របៀប​រៀបរយ​ដែល​ព្រះអម្ចាស់​បង្រៀនថាអ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ទ្រង់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕