សន្និសីទទូទៅ
ការបើក​ស្ថានសួគ៌​សូម​ជំនួយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ការបើក​ស្ថានសួគ៌​សូម​ជំនួយ

សូម​យើង​ដាក់​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​ទៅ​ជា​សកម្មភាព​ផង !

ឱនេះ​ជា​សម័យប្រជុំ​ដ៏​ពិសេស និង​អស្ចារ្យ​ដែល​ពុំធ្លាប់មាន ! អរគុណ Laudy និង Enzo ជាទីស្រឡាញ់ ។ បងប្អូន​តំណាង​ឲ្យ​យុវនារី និង​យុវជន​ដ៏​អស្ចារ្យ​នៃ​សាសនាចក្រ​នេះ​ផងដែរ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ យើង​បានស្ដាប់​ឮ​យ៉ាង​ច្រើន​នៅ​ថ្ងៃនេះ​អំពី​ការស្ដារឡើងវិញ​នៃ​សាសនាចក្រ— ជា​សាសនាចក្រ​ដែល​ព្រះអង្គសង្គ្រោះ​យើង ព្រះ​យេស៊ូវ គ្រីស្ទ បាន​ស្ថាបនា​ឡើង​អំឡុង​ពេល​ទ្រង់​បម្រើ​លើ​ផែនដី ។ ការស្ដារឡើងវិញ​នោះ បាន​ចាប់ផ្ដើម ២០០ ឆ្នាំ​កន្លង​ទៅ​ក្នុង​និសិរទរដូវ​នេះ នៅ​ពេល​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជបុត្រាទ្រង់ ព្រះ​យេស៊ូវ គ្រីស្ទ បាន​លេច​មក​ឯ​យុវជន​យ៉ូសែប ស្ម៊ីធ ។

រយៈពេល​ដប់​ឆ្នាំ​បន្ទាប់​ពី​ការ​និមិត្ត​នៃ​ការ​ចុះ​មក​ពី​ស្ថានសួគ៌​នេះ ព្យាការី យ៉ូសែប ស្ម៊ីធ និង​មនុស្សប្រាំ​នាក់​ទៀត ត្រូវ​បាន​ហៅ​ឲ្យ​បង្កើត​សមាជិក​នៃ​សាសនាចក្រ​ដែលបាន​ស្ដារឡើងវិញ​របស់​ព្រះអម្ចាស់ ។

ចេញ​ពី​ក្រុម​តូច​នោះ​ដែល​បាន​ជួបជុំគ្នា​នៅថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៨៣០ ឥឡូវ​នេះ​កើត​ជា​អង្គការ​ជា​សាកល​មួយ​ដែល​មាន​សមាជិក​ច្រើនជាង ១៦ លាន​នាក់ ។ សេចក្ដីល្អ​នៃ​សាសនាចក្រ​នេះ​សម្រេច​បាន​នៅ​ជុំវិញ​ពិភពលោក​ដើម្បី​សម្រាល​ការ​រងទុក្ខ​របស់​មនុស្ស​ជាតិ ហើយ​ផ្ដល់​ការ​លើក​តម្កើង​ដល់​មនុស្ស​លោក​ជា​ទូទៅ គឺ​ត្រូវ​បាន​គេ​ដឹង ។ ប៉ុន្តែ​គោលបំណង​សំខាន់​គឺ​ដើម្បី​ជួយ​បុរស ស្ត្រី និង​ក្រុមគ្រួសារ​ឲ្យ​ធ្វើ​តាម​ព្រះអម្ចាស់ ព្រះ​យេស៊ូវ គ្រីស្ទ រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​សក្ដិសម​ទទួល​ពរជ័យ​ដ៏​មហិមា​បំផុត​ទាំងអស់—ជា​ជីវិត​អស់កល្ប​ជាមួយ​នឹង​ព្រះ និង​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ។

ដូច​ដែល​យើង​រំឭក​ដល់​ព្រឹត្តិការណ៍​ដែល​បាន​ចាប់​ផ្តើម​នៅ​ឆ្នាំ ១៨២០ វា​សំខាន់​ណាស់​ដើម្បី​ចងចាំ​ថា ខណៈ​ដែល​យើង​គោរព​ដល់​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី​ម្នាក់​របស់​ព្រះ នេះ​គឺ​ពុំ​មែន​ជា​សាសនាចក្រ​របស់​យ៉ូសែប ស្ម៊ីធ​ក៏​មិន​មែន​ជា​សាសនាចក្រ​របស់​មរមន​នោះដែរ ។ នេះគឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់​បាន​ចេញ​ក្រឹត្យ​យ៉ាង​ច្បាស់​ថា​សាសនាចក្រ​របស់​ទ្រង់​គួរ​តែ​ត្រូវ​បាន​ហៅ​យ៉ាងណា ៖ « ត្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវ​បាន​ហៅ​ថា​ដូច្នោះហើយ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ គឺ​ជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ » ។

ខ្ញុំ​បាន​ថ្លែង​ពី​មុន​អំពី​ភាព​ចាំបាច់​ដើម្បី​កែ​របៀប​ដែល​យើង​ត្រូវ​ហៅ​ឈ្មោះ​នៃ​សាសនាចក្រ​នេះ ។ ចាប់តាំង​ពី​ពេលនោះមក មាន​អ្វីៗ​ជាច្រើន​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​សម្រេច​នូវ​ការ​កែប្រែ​នេះ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ប្រធាន អិម. រ័សុល បាឡឺត និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ទាំងអស់ ដែល​បាន​ធ្វើ​យ៉ាង​ច្រើន​ដើម្បី​ដឹកនាំ​កិច្ចខិតខំ​ទាំងនេះ ក៏ដូចជា​អ្នកទាំងឡាយ​ដែល​ទាក់ទង​ក្នុង​ការ​ផ្ដួចផ្ដើម​ផ្សេងៗទៀត ដែល​ខ្ញុំ​នឹង​ប្រកាស​នៅ​ល្ងាចនេះ ។

ថ្នាក់​ដឹកនាំ និង​ការិយាល័យ​សាសនាចក្រ ស្ថាបន​ទាក់ទង និង​សមាជិករាប់លាន​នាក់— និង​អ្នកផ្សេងៗ​ទៀត— ឥឡូវ​ប្រើ​ឈ្មោះ​សាសនាចក្រ​បាន​ត្រឹមត្រូវ ។ របៀប​ដឹកនាំ​ជាផ្លូវការ​របស់​សាសនាចក្រ​ត្រូវ​បាន​កែសម្រួល ។ គេហទំព័រ​ចម្បង​របស់​សាសនាចក្រ​ឥឡូវ​នេះ​គឺ ChurchofJesusChrist.org ។ អាសយដ្ឋាន​អ៊ីម៉ែល ឈ្មោះដូមេន និង​បណ្ដាញ​ប្រព័ន្ធ​សង្គម ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ។ ក្រុម​ចម្រៀង​ជា​ទី​ស្រឡាញ់​របស់​យើង​ឥឡូវ​នេះ គឺ « ក្រុមចម្រៀង​រោង​ឧបោសថ​នៅ​វិសាលនដ្ឋាន​ព្រះវិហារបរិសុទ្ធ » ។

យើង​បាន​ធ្វើ​ការ​ខិតខំ​យ៉ាង​ខ្លាំង​ទាំងនេះ ដោយសារ​តែ​នៅពេល​យើង​ដក​ព្រះនាម​ព្រះអម្ចាស់​ចេញ​ពី​ឈ្មោះ​នៃ​សាសនាចក្រ របស់​ទ្រង់ នោះ​យើង​បានដក ទ្រង់ ចេញ​ដោយ​ចៃដន្យ ពី​ការ​ផ្ដោត​សំខាន់​ក្នុងការ​ថ្វាយបង្គំ និង​ការរស់នៅ​របស់​យើង ។ នៅ​ពេល​យើង​ដាក់​ព្រះ​នាម​ព្រះអង្គ​សង្គ្រោះ​មក​លើ​ខ្លួន​យើង​នៅ​ពេល​ពិធីបុណ្យ​ជ្រមុជទឹក នោះ​យើង​តាំង​ចិត្ត​ធ្វើ ជា​សាក្សី ទាំង​គំនិត និង​ទង្វើ​របស់​យើង​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ ។

ពី​មុន ខ្ញុំ​បាន​សន្យា​ថា បើ​យើង​នឹង​« ខិតខំ​អស់​ពី​សមត្ថភាព​របស់​យើង​ដើម្បី​កែ​ឈ្មោះ​សាសនាចក្រ​របស់​ព្រះអម្ចាស់ » នោះ​ទ្រង់​នឹង « ចាក់​ស្រោច​ព្រះចេស្ដា​ទ្រង់ និង​ពរជ័យ​ទាំងឡាយ​មកលើ​ក្បាល​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ដែល​យើង​ពុំ​ធ្លាប់​បាន​ឃើញ​ពី​មុន​មកទេ » ។ ខ្ញុំ​សូម​រំឭក​ការ​សន្យា​នោះ​ជាថ្មីនៅ​ថ្ងៃនេះ ។

ដើម្បី​ជួយ​យើង​ចងចាំ​ទ្រង់ និង​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា សាសនាចក្រ​របស់​ព្រះអម្ចាស់ពួក​យើង​រីករាយ​នឹង​ណែនាំ​និមិត្តរូប​មួយ​ដែល​នឹង​ប្រាប់​ជា​សញ្ញា​អំពី​ចំណុច​សំខាន់​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​សាសនាចក្រ​ទ្រង់ ។

និមិត្តសញ្ញា​នេះ រួមមាន​ឈ្មោះ​សាសនាចក្រ​មាន​នៅក្នុង​ថ្មជ្រុង ។ ព្រះ​យេស៊ូវ គ្រីស្ទ​គឺ​ជា​ថ្ម​ជ្រុង​យ៉ាងឯង ។

រូបភាព
សញ្ញាសម្គាល់​នឹង​ថ្មជ្រុងយ៉ាងឯង

នៅ​កណ្ដាល​នៃ​និមិត្តរូប​នោះ គឺ​ជា​តំណាង​មួយ​នៃ​រូប​សំណាក​ ព្រះគ្រីស្ទ ពី​ថ្ម​កែវ Thorvaldsen ។ វា​រំលេច​ជា​រូប​របស់​ព្រះអម្ចាស់ ដ៏​មាន​ព្រះជន្មរស់ ដែល​បាន​រស់​ឡើងវិញ កំពុង​លាត​ព្រះហស្ដ​ទៅ​ឱបក្រសោប​អ្នកទាំងអស់​ដែល​មករក​ទ្រង់ ។

ជា​និមិត្តរូប ព្រះ​យេស៊ូវ គ្រីស្ទ​កំពុង​គង់​នៅ​ក្រោម​ក្លោង​ទ្វា​មួយ ។ ក្លោងទ្វា​នោះ​រំឭក​យើង​អំពី​ព្រះអង្គសង្គ្រោះ​ដែល​បាន​រស់ឡើងវិញ ចេញមកពី​ផ្នូរ​នៅ​ថ្ងៃ​ទីបី​បន្ទាប់ពី​ការ​ឆ្កាង​របស់​ទ្រង់ ។

រូបភាព
និមិត្ត​រូប​ថ្មី​សាសនាចក្រ

និមិត្តរូបនេះ គួរ​តែ​មាន​អារម្មណ៍​ស្រដៀងគ្នា​ទៅនឹង​អ្វីៗ​ជាច្រើន នៅពេល​យើង​បាន​ស្គាល់​ជាយូរ​នូវ​ដំណឹងល្អ​ដែលបាន​ស្ដារឡើងវិញ ដែល​មាន​ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ ដែល​បាន​រស់ឡើងវិញ​នេះ ៕

ឥឡូវ​និមិត្តរូប ត្រូវ​បាន​ប្រើ​ជា​ការ​សម្គាល់​មើល​ឃើញ​មួយ​ក្នុង​អក្សរសាស្ត្រ ព័ត៌មាន និង​ព្រឹត្តការណ៍​នានា​របស់​សាសនាចក្រ ។ វា​នឹង​រំឭក​យើង​ទាំងអស់​ថា នេះ​គឺ ជា​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ ហើយ ថា​យើង​ទាំងអស់​គ្នា ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ ផ្ដោត​សំខាន់​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ ។

ឥឡូវ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ថ្ងៃស្អែក គឺជា​ថ្ងៃ​អាទិត្យ​ធាង​ចាក ដូច​ដែល​អែលឌើរ ហ្គង​បាន​បង្រៀន​យ៉ាង​រាក់​ទាក់ ។ ហើយ​បន្ទាប់​មក​យើង​ចូល​ក្នុង​សប្ដាហ៍​ពិសេស​ដែល​ចំ​នឹង​បុណ្យអ៊ីស្ទើរ ។ ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ កំពុង​រស់នៅ​ក្នុង​ជំនាន់​មួយ​ដែល​មាន​ការរាតត្បាត​វីរុស កូវីដ-១៩ បាន​ដាក់​ពិភពលោក​ក្នុង​ភាពរំជួល​ខ្លាំង សូម​យើង​មិន​គ្រាន់តែ​និយាយ​អំពី​ព្រះគ្រីស្ទ ឬ​ផ្សាយពី​ព្រះគ្រីស្ទ ឬ​ធ្វើការ​ជា​និមិត្តរូប​តំណាង​ឲ្យ​ព្រះគ្រីស្ទ​តែ​ប៉ុណ្ណោះ​ឡើយ ។

សូម​យើង​ដាក់​សេចក្ដីជំនឿ​របស់​យើង​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ​ទៅ​ជា​សកម្មភាព​ផង !

ដូច​បងប្អូន​បាន​ដឹងហើយ សមាជិក​ទាំងឡាយ​នៃ​សាសនាចក្រ​គោរព​តាម​ក្រឹត្យវិន័យ​នៃ​ការ​តមអាហារ​មួយ​ថ្ងៃ​ម្ដង​រាល់ខែ ។

គោលលទ្ធិ​នៃ​ការ​តមអាហារ​គឺ​មានពី​បុរាណមក ។ វា​ត្រូវ​បាន​វិរបុរស​ក្នុង​គម្ពីរ​ប៊ីប​អនុវត្ត​តាម​ចាប់តាំង​ពី​ជំនាន់​ដើម​បំផុត ។ ម៉ូសេ ដេវីត អេសរ៉ា នេហូមា អេសធើ អេសាយ ដានីយ៉ែល យ៉ូអែល និង​មនុស្ស​ដទៃទៀត​ជាច្រើន​បាន​តមអាហារ និង​បាន​ផ្សាយ​អំពី​ការតមអាហារ ។ តាមរយៈ​ការ​សរសេរ​របស់​អេសាយ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ៖ « តើ​មិន​មែន​ជា​ការ​តមអត់​យ៉ាង​នេះ​វិញ ដែល​អញ​ពេញ​ចិត្ត​ទេ​ឬ​អី ? គឺ​ឲ្យ​ដោះ​ច្រវាក់​ដែល​ឯង​ដាក់​គេ​ដោយ​អំពើ​អាក្រក់ ឲ្យ​ស្រាយ​ចំណង​ដែល​ឯង​បាន​ចង​គេ ហើយ​ឲ្យ​អ្នក​ដែល​ឯង​បាន​សង្កត់សង្កិន​បាន​រួច​ចេញ​ទទេ ? »​

សាវក​ប៉ុល​បាន​ព្រមាន​ដល់​ពួកបរិសុទ្ធ​នៅកូរិនថូស​ឲ្យ « ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​តមអាហារ និងអធិស្ឋាន » ។១០ ព្រះអង្គសង្គ្រោះ​ផ្ទាល់​បាន​ប្រកាស​ថា រឿង​ជាក់លាក់ « ពុំ​បាច់​ចេញ »​ទៅ​ទេ ប៉ុន្តែ ដោយ​ការ​អធិស្ឋាន និង​តមអាហារ » ។១១

ខ្ញុំ​បាន​និយាយ​ថ្មីៗ​នេះ​នៅ​ក្នុង​វីដេអូ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា « ក្នុង​នាម​ជា​គ្រូពេទ្យ និង​វេជ្ជបណ្ឌិត​ផ្នែក​វះកាត់ ខ្ញុំ​សូម​កោត​សរសើរ​ជា​អនេក​ចំពោះ​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ អ្នកវិទ្យាសាស្ត្រ និង​មនុស្ស​ទាំងអស់​ដែល​កំពុង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ កូវីដ-១៩ » ។១២

ឥឡូវ ក្នុង​នាមជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ខ្ញុំ ដឹងថា​ព្រះ « មាន​គ្រប់​ព្រះចេស្ដា គ្រប់​ប្រាជ្ញា និង​គ្រប់​ការ​យល់ដឹង ទ្រង់​យល់​គ្រប់​រឿង ហើយ​ទ្រង់​ជា​អង្គ​ប្រកប​ដោយ​ក្ដីមេត្តាករុណា ចំពោះ​សេចក្ដីសង្គ្រោះ ចំពោះអស់​អ្នក​ដែល​នឹង​ប្រែចិត្ត ហើយ​ជឿ​ទៅលើ​ព្រះនាម​ទ្រង់ » ។១៣

ដូច្នេះ អំឡុង​គ្រា​ដ៏​ទុក្ខ​ព្រួយ​ខ្លាំងនេះ កាល​ដែល​ជំងឺ​មាន​សមាមាត្រ​រីករាតត្បាត នោះ​រឿង​ធម្មតា​បំផុត​ដែល​យើង​ធ្វើ គឺ​ទូលទៅកាន់ ព្រះវរបិតា​សួគ៌របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់— ជា​អង្គ​ព្យាបាល​ដ៏​កំពូល— ដើម្បី​បង្ហាញ​នូវ​ព្រះចេស្ដា​ដ៏​មហិមា​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​នៅលើ​ផែនដី ។

នៅក្នុង​សារវីដេអូ​របស់​ខ្ញុំ ខ្ញុំ​បាន​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ចូលរួម​នៅក្នុង​ការ​តមអាហារ​នៅថ្ងៃអាទិត្យ ទី ២៩ ខែ​មីនា ឆ្នាំ ២០២០ ។ បងប្អូនជាច្រើន​អាច​នឹង​មើល​ឃើញ​វីដេអូ និង​ចូលរួម​តមអាហារ​រួចហើយ ។ អ្នក​ខ្លះ​អាច​នឹង​មិន​បាន​ចូលរួម ។ ឥឡូវ​នេះ យើង​នៅ​តែ​ត្រូវការ​ជំនួយ​ពី​ស្ថានសួគ៌ ។

ដូច្នេះ​នៅយប់​នេះ បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់​ខ្ញុំ​អើយ នៅក្នុង​ស្មារតី​នៃ​ពួកបុត្រា​របស់​ម៉ូសាយ ដែល​បាន​លះបង់​ខ្លួន​ដើម្បី​តមអាហារ និង​អធិស្ឋាន​យ៉ាងច្រើន ១៤ហើយ​ជា​ចំណែក​នៃ​សន្និសីទ​ខែមេសា ឆ្នាំ ២០២០ របស់​យើង ខ្ញុំ​សូម​កោះហៅ​ឲ្យ​មាន​ការ​តមអាហារ​ទូទាំង​ពិភពលោក​ម្ដងទៀត ។ សម្រាប់​អ្នកដែល​មាន​សុខភាព​ល្អ សូម​តមអាហារ អធិស្ឋាន និង​រួបរួម​ជំនឿ​របស់​យើង​ម្ដងទៀត ។ ចូរយើង​ទូលអង្វរ​ប្រកប​ដោយការ​អធិស្ឋាន​សូម​ការ​សង្គ្រោះ​ពី​ការរាតត្បាលជំងឺ​ជាសាកលនេះ ។

ខ្ញុំ​សូម​អញ្ជើញ យើង​ទាំងអស់រួម​ទាំង​បងប្អូន​ដែល​ពុំ​មាន​ជំនឿ​ដូច​យើង ឲ្យ​តមអាហារ និង អធិស្ឋាន​ទៅរក​ព្រះ នៅថ្ងៃ សុក្រ ទី ១០ ខែ​មេសា ដើម្បី​ឲ្យ​ការរាតត្បាត​ជំងឺ​បច្ចុប្បន្ន​នេះ​អាច​ត្រូវ​បាន​គ្រប់គ្រង​បាន ហើយ​គ្រូពេទ្យ​ត្រូវបាន​ការពារ សេដ្ឋកិច្ច​ត្រូវ​បាន​ពង្រឹង និង​ជីវិត​មក​មាន​លក្ខណៈ​ធម្មតាវិញ ។

តើ​យើង​តមអាហារ​តាម​របៀប​ណា ? តាមទម្លាប់ គឺ​តមអាហារ​អាហារពីរពេល ឬ​រយៈពេល ២៤ ម៉ោង ។ ប៉ុន្តែ​បងប្អូន​គួរ​សម្រេច​ចិត្ត​នូវ​អ្វី​ដែល​នឹង​បង្កើត​ការលះបង់​មួយ​សម្រាប់​បងប្អូន នៅ​ពេល​បងប្អូន​ចងចាំ​អំពី​ការលះបង់​ដ៏​មហិមា​នៃ​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​សម្រាប់​បងប្អូន ។ ចូរយើង​រួបរួម​គ្នា​ទូលអង្វរ​សូម​ការ​ព្យាបាល​នៅ​ទូទាំង​ពិភពលោក ។

ថ្ងៃសុក្រល្អ ជាថ្ងៃល្អឥតខ្ចោះ ដើម្បី​ឲ្យ​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់​ស្ដាប់​ឮ យើង !

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ចំពោះ​បងប្អូន ព្រមជាមួយ​នឹង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ភាពជាព្រះ​នៃ​កិច្ចការ​ដែល​យើង​ចូលរួម​ចំណែក ។ នេះ​គឺជា សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ ទ្រង់​គង់​ជា​សិរិសារ ហើយ​ដឹកនាំ​គ្រប់កិច្ចការ​ដែល​យើង​ធ្វើ ។ ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​ការ​ទូលអង្វរ​នៃ​រាស្ត្រ​របស់ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។