សន្និសីទទូទៅ
ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង

កិច្ចខិតខំ​តូចតាច​រួមគ្នា​បង្កើត​បាន​ជា​ឥទ្ធិពល​ដ៏​ធំ​មួយ​ក្នុងការពង្រីក​ដល់​កិច្ចការ​នីមួយៗ​ដែល​យើង​ធ្វើ​ជាច្រើន​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

នំ​ឃុកឃី​នេះ​ធ្វើ​ពី​ម្សៅ​ភីលឡូ និង​សណ្ដែក​ភីថាស្យូ ទុកជា​ការថ្លែង​អំណរគុណ ។ គ្រួសារ ខាដាដូ បាន​ដុត​វា ដែល​ពួកគេ​ជា​ម្ចាស់​ហាងនំ​ចំនួន​បី​កន្លែង​នៅក្នុង​ទីក្រុង​ដាម៉ាស ប្រទេស​ស៊ីរី រាប់​ទសវត្សរ៍​មក​ហើយ ។ ពេល​មានសង្គ្រាម ពុំ​មាន​ការផ្គត់ផ្គងម្ហូបអាហារក្នុង​ទីក្រុង​របស់​ពួកគេ​ទេ ដោយសារ​តែ​ការបិទ​ផ្លូវ​មិន​ឲ្យ​ចេញ​ចូល​ ។ គ្រួសារ ខាដាដូ ​ចាប់ផ្តើម​ស្រេកឃ្លាន​យ៉ាង​ខ្លាំង ។ ក្នុងស្ថានភាព​អស់​សង្ឃឹមដ៏​ខ្លាំង​នេះ ពួក​សប្បុរសធម៌​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​បុគ្គលិក​ដ៏​ក្លាហាន​មួយ​ចំនួន​នៅ​អង្គការ Rahma Worldwide បាន​ចាប់​ផ្ដើម​បម្រើ​អាហារ​ក្ដៅៗ​ជា​ប្រចាំ​ថ្ងៃ រួម​ជាមួយ​នឹង​ទឹកដោះគោ​សម្រាប់​ក្មេង​តូចៗ​ផងដែរ ។ បន្ទាប់​ពី​គ្រា​ដ៏​លំបាក​មួយ គ្រួសារ​នេះ​បាន​ចាប់ផ្ដើម​ជីវិត​របស់​ពួកគេ—ក៏​ដូច​ជា​ចាប់ផ្តើមបើក​ហាងនំ​របស់​ពួកគេ—ជា​ថ្មី​ម្ដង​ទៀត​នៅ​ក្នុង​ប្រទេស​ថ្មី​មួយ ។

ថ្មីៗ​នេះ​ប្រអប់​នំ​ឃុកឃី​មួយ​ប្រអប់​បាន​ផ្ញើ​មក​ដល់​ការិយាល័យ​សាសនាចក្រ​ដោយ​ភ្ជាប់​ជាមួយនូវ​សារ​ដូច​ខាង​ក្រោម ៖« អស់​រយៈ​ពេល​ជាង​ពីរ​ខែ យើង​បាន​ទទួល​អាហារ​ពី​អាហារដ្ឋាន​របស់​អង្គការ Rahma និង [ សប្បុរសធម៌ ] ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បើ​ពុំដូច្នោះ​ទេ យើង​ប្រាកដ​ [ ជា ] ដាច់​ពោះ​ស្លាប់បាត់ទៅ​ហើយ ។ សូម​ទទួល​យក … នំ​នេះ​ពី​ហាង​របស់​ខ្ញុំ​ទុក​ជា​​ការថ្លែង​អំណរគុណ​ដ៏​តូច​មួយ​ពី​ខ្ញុំ ។ ខ្ញុំ​សូម​ដល់​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ​ប្រទានពរ​ដល់​អ្នក … ក្នុង​គ្រប់​ការណ៍​ដែល​អ្នក​ធ្វើ » ។

ឃុកឃី​នៃ​ការដឹងគុណ និង​ការចងចាំ ។ វា​គឺ​សម្រាប់​បងប្អូន ។ សូមអរគុណដល់​បងប្អូន​ទាំងអស់​ដែល​បាន​អធិស្ឋាន​ឲ្យ បន្ទាប់​ពី​មើលឃើញ​នៅ​លើ​សារព័ត៌មាន អរគុណដល់​បងប្អូន​ទាំងអស់​ដែល​បាន​ស្ម័គ្រចិត្ត​ទោះ​ជា​ពុំ​ងាយស្រួល ឬ​ដែល​បាន​បរិច្ចាគ​ប្រាក់​ដោយ​សប្បុរស​ទៅ​កាន់​មូលនិធិ​សប្បុរសធម៌ ដែល​ទុកចិត្ត​ថា​ជួយ​ក្នុង​សេចក្ដីល្អ ។

ការទទួល​ខុសត្រូវ​ដ៏​ទេវភាព​ដើម្បី​មើល​ថែដល់​ជន​ក្រីក្រ

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ​ស្ថិត​នៅក្រោម​បទបញ្ជា​ដ៏​ទេវភាព​ដើម្បី​មើលថែ​ជន​ក្រីក្រ ។ វា​គឺជា​សរសរបង្គោល​មួយ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ និង​ការ​លើក​តម្កើង ។ អ្វី​ដែល​ជា​ការពិត​នៅ​សម័យ​អាលម៉ា​គឺ​ពិត​សម្រាប់​យើង ៖« ម្ល៉ោះ​ហើយ នៅ​ក្នុង​កាលៈទេសៈដ៏​ចម្រុង​ចម្រើន​របស់​គេ ពួក​គេ​ពុំ​បាន​ដេញ​ជន​ណា​ចេញ​ដែល​អាក្រាត ឬ​ជន​ណា​ដែល​អត់ឃ្លាន ឬ​ជន​ណា​ដែល​ស្រេក ឬ​ជន​ណា​ដែល​ឈឺ ឬ​ជន​ណា​ដែល​ខ្វះ​ការ​ចិញ្ចឹម​បីបាច់​ឡើយ ហើយ​ពួក​គេ​មិន​បាន​ភ្ជាប់​ចិត្ត​គេ​ទៅ​លើ​ទ្រព្យ សម្បត្តិ​ដែរ ហេតុ​ដូច្នេះ​ហើយ ទើប​ពួក​គេ​មាន​ចិត្ត​ទូលំទូលាយ​ទៅ​លើ​មនុស្ស​គ្រប់​រូប ទាំង​ចាស់​ទាំង​ក្មេង ទាំង​បាវ​គេ​ទាំង​អ្នក​សេរី ទាំង​ប្រុស ទាំង​ស្រី ទោះ​ជា​នៅ​ក្រៅ​សាសនាចក្រ ឬ​នៅ​ក្នុង​សាសនាចក្រ​នោះ​ក្ដី ដោយ​មិន​រើសមុខ​អ្នក​ណា​សោះ ឲ្យ​តែ​មាន​ការ​ខ្វះ​ខាត » ។

សាសនាចក្រ​ឆ្លើយតប​ចំពោះ​បទបញ្ជា​ដ៏​ទេវភាព​នេះ​តាម​របៀប​ផ្សេងៗ​គ្នា​ជា​ច្រើន រួមមាន ៖

  • ការងារ​បម្រើ​ដែល​យើង​ធ្វើ​តាមរយៈ​សមាគម​សង្គ្រោះ កូរ៉ុម​បព្វជិតភាព និង​ថ្នាក់​ទាំងឡាយ ។

  • ការតមអាហារ និង​ការប្រើប្រាស់​ដង្វាយ​តមអាហារ ។

  • កសិដ្ឋាន និង​រោងចក្រ​ធ្វើ​ម្ហូប​កំប៉ុង​សម្រាប់​សុខុមាលភាព ។

  • មជ្ឈមណ្ឌល​ស្វាគមន៍​សម្រាប់​ជនអន្តោប្រវេសន៍ ។

  • កម្មវិធី​គាំទ្រ​ដល់​ទណ្ឌិត ។

  • កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ ។

  • និង​កម្មវិធី JustServe ​ដែល​មាន​សម្រាប់​ផ្គូផ្គង​អ្នក​ស្ម័គ្រ​ចិត្ត​ទៅ​នឹង​ឱកាស​បម្រើ​នានា ។

នេះ​ជា​របៀប​ទាំងអស់ ដែល​​រៀបចំ​តាមរយៈ​បព្វជិតភាព ដែល​កិច្ចខិតខំ​តូចៗ​រួមគ្នា​បង្កើត​បាន​ជា​ឥទ្ធិពល​ដ៏​ធំ​មួយ ដែល​ពង្រីក​ដល់​កិច្ចការ​នីមួយៗ​ដែល​យើង​ធ្វើយ៉ាង​ច្រើន​ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្យាការី​មាន​ភារកិច្ច​មើលចំពោះផែនដី​ទាំងមូល

ព្យាការី​មាន​ទំនួល​ខុសត្រូវមើល​ថែ​ដល់​ផែនដី​ទាំងមូល មិន​ត្រឹម​តែ​សមាជិក​សាសនាចក្រ​ប៉ុណ្ណោះ​ទេ ។ ខ្ញុំ​អាច​រាយការណ៍​ចេញ​ពី​បទពិសោធន៍​ផ្ទាល់​របស់​ខ្ញុំថា តើ​គណៈប្រធាន​ទីមួយ​ទទួល​យក​ទំនួល​ខុសត្រូវ​នោះ​ដោយ​ផ្ទាល់ និង​លះបង់​យ៉ាងណាខ្លះ ។ តាមដែលតម្រូវការ​កើនឡើង នោះ​គណៈប្រធាន​ទីមួយ​បាន​ជំរុញ​យើង​ឲ្យ​បង្កើន​ការគាំទ្រ​ផ្នែក​មនុស្សធម៌​​ឲ្យ​​កាន់តែខ្លាំង ។ ពួកលោក​ចាប់​អារម្មណ៍​ទាំងរឿង​ធំ​បំផុត និងកិច្ចការ​លម្អិត​​តូចៗបំផុតផងដែរ ។

ថ្មីៗ​នេះ យើង​បាន​នាំ​យក​រ៉ូប​ការពារ​ខាង​វេជ្ជសាស្ត្រ​ដែល​ក្រុម Beehive Clothing បាន​ដេរ​សម្រាប់​មន្ទីរពេទ្យ​យក​ទៅ​ប្រើប្រាស់​អំឡុង​ពេល​រោគរាតត្បាត ។ ក្នុង​នាម​ជា​វេជ្ជបណ្ឌិត​មួយ​រូប ប្រធាន ​រ័សុល​អិម ណិលសុន មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។ លោក​មិន​ត្រឹម​តែ​ចង់​ឃើញ​វា​ប៉ុណ្ណោះ​ទេ ។ លោក​ចង់​សាក​ពាក់​វា—ពិនិត្យ​មើល​កដៃ​អាវ និង​សម្រុង និង​របៀប​ដែល​វា​ចង​ទៅ​ខាង​ក្រោយយ៉ាងណាផងដែរ ។ ក្រោយមក​លោក​បាន​ប្រាប់​យើង ទាំង​​សំឡេងក្ដុកក្ដួល​​ថា « នៅពេល​ដែល​ប្អូន​ជួប​ពួកគេ ពេល​ប្អូនចុះ​បំពេញ​ការចាត់តាំង​របស់​ប្អូន សូម​អរគុណ​ពួកគេ​សម្រាប់​ការតមអាហារ​របស់​ពួកគេ ដង្វាយ​របស់​ពួកគេ និង​ការងារ​បម្រើ​របស់​ពួកគេ​នៅក្នុង​ព្រះនាម​ព្រះអម្ចាស់ផង » ។

របាយការណ៍​មនុស្សធម៌

ក្រោមការ​ដឹកនាំ​របស់​ប្រធាន ណិលសុន ខ្ញុំ​សូម​រាយការណ៍​ត្រឡប់​ទៅ​បងប្អូន​អំពី​របៀប​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ កំពុង​ឆ្លើយតប​ទៅនឹង​ព្យុះសង្ឃរា ការរញ្ជួយដី ការផ្លាស់​ទីលំនៅ​របស់​ជនភៀសខ្លួន—ថែមទាំង​រោគរាតត្បាត​ផងដែរ—សូម​អរគុណ​ដល់​ចិត្ត​សប្បុរស​របស់​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ និង​មិត្តភក្ដិ​ជា​ច្រើន​ផ្សេងទៀត​ផងដែរ ។ ខណៈ​ដែល​គម្រោង​ទាក់ទង​ទៅនឹង​កូវីដ-១៩ មានចំនួនជាង ១៥០០ គម្រោង ផ្ដោត​ខ្លាំងបំផុតដល់​ការជួយសង្គ្រោះ​របស់​សាសនាចក្រ​នៅ​ក្នុង​រយៈ​ពេល ១៨ ខែ​ចុងក្រោយ​នេះ នោះសាសនាចក្រ​ក៏​បាន​ឆ្លើយតប​ទៅ​នឹង​គ្រោះ​ធម្មជាតិ​ចំនួន ៩៣៣ និង​វិបត្តិ​ជន​ភៀស​ខ្លួន​ក្នុង ១០៨ ប្រទេស ។ ប៉ុន្តែ​ស្ថិតិ​មិន​បាន​ប្រាប់​ពី​សាច់រឿង​ទាំងមូល​នោះ​ទេ ង្ហាញ​នូវ​របៀប​ដ៏​តូច​បំផុត​នៃ​អ្វី​ដែល​យើង​កំពុង​ធ្វើ ។

ជំនួយសង្គ្រោះ កូវីដ នៅ អាហ្វ្រិកខាងត្បូង

ឌីកេ ម៉ហ្វូទី អាយុ ដប់ប្រាំមួយ ឆ្នាំ​នៃ​ទីក្រុង វេលខុម ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​បាត់បង់​ឪពុក​ម្ដាយ​របស់​នាង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​ទុក​ឲ្យ​នាង​ថែរក្សា​ប្អូនៗ​បីនាក់​ដោយ​ខ្លួនឯង ។ វា​តែងតែ​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច​សម្រាប់​នាង​ក្នុង​ការស្វែងរក​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់ ប៉ុន្តែ​កង្វះ​ការផ្គត់ផ្គង់​ដោយសារ​កូវីដ និង​ការធ្វើ​ចត្តាឡីស័ក​បាន​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​រក​អាហារបរិភោគពុំ​បាន ។ ជា​ញឹកញាប់​ពួកគេ​ឃ្លាន ពួកគេរស់​បាន ​ដោយសារតែ​ចិត្ត​សប្បុរស​របស់​អ្នក​ជិតខាង​ប៉ុណ្ណោះ ។

រូបភាព
ឌីកេ ម៉ហ្វូទី

នៅ​ថ្ងៃ​ដ៏​ក្ដៅ​មួយ​ក្នុង​ខែ សីហា ឆ្នាំ ២០២០ ឌីកេ មាន​ការភ្ញាក់​ផ្អើល​ដោយ​មាន​គេ​គោះទ្វារ​ផ្ទះ​របស់​នាង ។ នាង​បាន​បើក​ទ្វារ​ឃើញ​មនុស្ស​មិន​ស្គាល់​ពីរ​នាក់—ម្នាក់​ជា​អ្នក​តំណាង​របស់​សាសនាចក្រ​មក​ពី​ការិយាល័យ​តំបន់​ក្នុង​ក្រុង ​ចូហានណេសប៊ឺក និង​មន្ត្រី​ម្នាក់​ទៀត​មក​ពី​នាយកដ្ឋាន​អភិវឌ្ឍ​សង្គម​អាហ្វ្រិក​ខាងត្បូង ។

អង្គការ​ទាំងពីរ​បាន​សហការ​គ្នា​ដើម្បី​នាំយក​ស្បៀង​អាហារ​ទៅដល់​គ្រួសារ​ដែល​មាន​ហានិភ័យ ។ ឌីកេ បាន​ធូរស្បើយ​ក្នុង​​ចិត្ត​ណាស់ ពេល​នាង​បាន​សម្លឹង​មើល​គំនរ​អាហារ​ពោត និង​អាហារ​ចាំបាច់​ផ្សេងៗ​ទៀត ដែល​បាន​ទិញ​ដោយ​មូលនិធិ​មនុស្សធម៌​របស់​សាសនាចក្រ ាភិបាល​អាច​ចាប់ផ្ដើម​មាន​សម្រាប់​នាង ។

សូម​អរគុណ​ដល់​ការបរិច្ចាគ​ដ៏​លះបង់​របស់​បងប្អូន ហើយ​រឿង​របស់ ឌីកេ គឺ​ជា​បទពិសោធន៍​មួយ​ក្នុង​ចំណោម​បទពិសោធន៍​រាប់​ពាន់ ដែល​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​អំឡុងពេល​រោគរាតត្បាត​កូវីដនេះ ។

ជំនួយ​សង្គ្រោះ​ នៅ​បន្ទាយ​រ៉ាមស្ទីន ប្រទេសអាហ្វហ្គានីស្ថាន ​

យើង​ទាំងអស់​គ្នា​បាន​ឃើញ​ពី​រូបភាព​ថ្មីៗ​នេះ​ក្នុង​សារព័ត៌មាន ៖​មាន​ជនភៀស​ខ្លួន​រាប់​ពាន់​នាក់​ត្រូវ​បាន​ហោះ​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ។ មនុស្ស​ជា​ច្រើន​បាន​មកដល់​បន្ទាយ​ទ័ព​អាកាស ឬ​នៅ​ទីតាំង​បណ្ដោះអាសន្ន​ផ្សេងៗ​ទៀត​ក្នុង​ប្រទេសកាតា សហរដ្ឋអាមេរិក ប្រទេសអាល្លឺម៉ង់ និងប្រទេស​អេស្បាញ មុន​នឹង​បន្ត​ដំណើរ​ទៅ​ទិសដៅ​ចុងក្រោយ​របស់​ពួកគេ ។ តម្រូវការ​របស់​ពួកគេ​គឺ​ភ្លាមៗ ហើយ​សាសនាចក្រ​បាន​ឆ្លើយ​តប​ជាមួយ​នឹង​សម្ភារ និង​អ្នកស្ម័គ្រចិត្ត ។ នៅ​ឯ​បន្ទាយ​ទ័ព​អាកាស​រ៉ាមស្ទីន ក្នុង​ប្រទេស​អាល្លឺម៉ង់ សាសនាចក្រ​បាន​ផ្ដល់​ការបរិច្ចាគ​ដ៏​ធំ​មាន​ដូចជា កន្ទបទឹកនោម ម្ស៉ៅ​ទឹកគោ​សម្រាប់​ទារក អាហារ និង​ស្បែកជើង ។

រូបភាព
អំណោយ​មនុស្សធម៌​ដល់​ជន​ភៀសខ្លួន
រូបភាព
ស្ត្រី​កំពុងដេរ​សម្លៀកបំពាក់​សម្រាប់​ជនភៀសខ្លួន ​អាហ្វហ្គានីស្ថាន

បងប្អូន​ស្ត្រី​សមាគម​សង្គ្រោះ​មួយ​ចំនួន​បាន​កត់សម្គាល់ឃើញ​ថា ស្ត្រី​អាហ្វហ្គានីស្ថាន​ជា​ច្រើន​បាន​ប្រើប្រាស់​អាវ​របស់​ស្វាមី​ពួកគេ​ដើម្បី​គ្រប​ក្បាល​ពួកគេ ដោយសារ​តែ​ក្រណាត់​គ្រប​ក្បាល​ជា​ប្រពៃណី​របស់​ពួកគេ​ត្រូវបាន​រហែកនៅក្នុង​ភាពវឹកវរ​នៅឯ​អាកាសយានដ្ឋាន​កាប៊ុល ។ នៅក្នុង​ទង្វើ​នៃ​មិត្តភាព ដោយ​ពុំគិតពី​ភាព​ខុសគ្នា​ផ្នែក​សាសនា ឬ​វប្បធម៌​ នោះ​បងប្អូន​ស្ត្រី​នៃ​វួដ​រ៉ាមស្ទីន​ទីមួយ បាន​ប្រមូល​ផ្តុំ​គ្នា​ដេរ​សម្លៀកបំពាក់​ប្រពៃណី​ម៉ូស្លីម​សម្រាប់​ស្ត្រី​អាហ្វហ្គានីស្ថាន ។ ស៊ីស្ទើរ ប៊េថានី ហលស៍ បាន​និយាយ​ថា « យើង​បាន​ឮ​ថា ស្ត្រី​ទាំងនោះ​ត្រូវការ​សម្លៀកបំពាក់​សម្រាប់​ការបួងសួង ហើយ​យើង​ក៏​ដេរ​ដើម្បី​ឲ្យ​ពួកគេ​អាច​មាន [ ភាពងាយស្រួល ] ក្នុង​ការបួងសួង » ។

ជំនួយ​សង្គ្រោះ​ដល់​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ហៃទី

ឧទាហរណ៍​បន្ទាប់​នេះ​បង្ហាញ​បងប្អូន​ថា បងប្អូន​មិន​ចាំបាច់​តែ​ជា​អ្នក​មាន ឬ​ទាល់​តែជា​មនុស្ស​ចាស់​ ទើបធ្វើ​ជា​ឧបករណ៍​ក្នុងការ​ធ្វើ​ការល្អបាននោះទេ ។ ម៉ារី « ចាដជូ » ចាកគីស៍ អាយុ ១៨ ឆ្នាំ មក​ពី​សាខា​ខាវៀលូន ក្នុង​ប្រទេស​ហៃទី ។ ពេលការរញ្ជួយដី​ដ៏​សាហាវ​បាន​វាយ​ប្រហារ​នៅជិត​ទីក្រុង​របស់​នាង​កាល​ពី​ខែ​សីហា នោះផ្ទះរបស់​នាងគឺ​ជា​ផ្ទះមួយ​នៅក្នុង​ចំណោម​អគារ​រាប់​ពាន់​ដែល​បាន​ដួល​រលំ ។ ស្រមៃ​​ពី​ភាពអស់​សង្ឃឹម​នៃ​ការបាត់បង់​ផ្ទះ​របស់​បងប្អូនគឺ​លើសលប់ណាស់ ។ ប៉ុន្តែ​ជាជាង​ការចុះចាញ់​ក្នុងភាពអស់​សង្ឃឹម​នោះ ចាដជូ—គួរ​ឲ្យ​អស្ចារ្យ​ណាស់—បាន​គិត​ពី​ផលប៉ះពាល់​របស់​ការរញ្ជួយ​ដី​ចំពោះ​អ្នក​ដទៃ ហើយ​ទៅជួយ​ពួកគេ​វិញ ។

រូបភាព
មើរី សាហ្គ
រូបភាព
ការរញ្ជួយដី​នៅ​ប្រទេស​ហៃទី

សារព័ត៌មាន ពាក់ព័ន្ធ

នាង​បានឃើញ​អ្នកជិតខាង​វ័យចំណាស់​កំពុង​ពិបាក ហើយ​បាន​ចាប់ផ្ដើម​ថែទាំ​គាត់ ។ នាង​បាន​ជួយ​អ្នក​ដទៃ​ទៀត​សម្អាត​កម្ទេច​កំទី ។ ថ្វី​បើ​នាង​អស់កម្លាំង នាង​បាន​ចូលរួម​នឹង​សមាជិក​សាសនាចក្រ​ផ្សេង​ទៀត ដើម្បី​ចែក​អាហារ និង​ចែកកញ្ចប់​អនាម័យ​ដល់​អ្នក​ដទៃ​ទៀត ។ រឿង​របស់ ចាដជូ គ្រាន់តែ​ជា​គំរូ​មួយ​ក្នុង​ចំណោម​គំរូ​ដ៏​មាន​ឥទ្ធិពល​ផ្សេងៗ​ទៀត អំពី​ការបម្រើ​ដែល​​យុវវ័យ និង​យុវមជ្ឈិមវ័យបានធ្វើ កាលដែល​ពួកគេ​ព្យាយាម​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ជំនួយ​សង្គ្រោះ​ទឹកជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់

នៅ​ប៉ុន្មាន​សប្ដាហ៍​ពីមុន​ការរញ្ជួយដី ក្រុម​យុវមជ្ឈិមវ័យ​មួយ​ក្រុម​ទៀត បាន​ផ្ដល់​ការបម្រើ​ស្រដៀង​គ្នា​នេះ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​មហាសុទ្រ​អាត្លង់ទិក ។ ទឹក​ជំនន់​ដែល​ជន់លិច​ទូទាំង​អ៊ឺរ៉ុប​ខាង​លិច​ក្នុង​ខែ​កក្កដា ជា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ ។

រូបភាព
ទឹកជំនន់​នៅ​ប្រទេស​អាល្លឺម៉ង់

នៅ​ទីបំផុត ពេល​ទឹក​បាន​ស្រក​ទៅ​វិញ នោះម្ចាស់​ហាង​ម្នាក់​នៅ​ស្តេក​ជាប់​មាត់ទន្លេ អាវៃឡឺ ប្រទេស​អាល្លឺម៉ង់ បាន​ធ្វើ​ការស្ទង់​មើល​ពី​ការខូចខាត ហើយ​មាន​ចិត្ត​តក់ស្លុត​យ៉ាងខ្លាំង ។ បុរស​ដ៏​រាបទាប​នេះ ជា​អ្នក​កាន់​សាសនា​កាតូលិក​ដ៏​ស្មោះត្រង់​ម្នាក់ បាន​អធិស្ឋាន​ខ្សឹបៗ​ថា សូម​ឲ្យ​ព្រះ​បញ្ជូន​នរណា​ម្នាក់​មក​ជួយ​គាត់ផង ។ ព្រឹក​បន្ទាប់​នោះ ប្រធាន ឌេន ហាមម៉ុន នៃ​បេសកកម្ម ហ្វ្រែងហ្វើត អាល្លឺម៉ង់ បាន​មកដល់​ច្រក​ផ្លូវ​នោះ ជាមួយ​នឹង​ក្រុម​អ្នក​ផ្សព្វផ្សាយ​សាសនា​ពាក់​អាវ​ដៃ​ជំនួយ​ពណ៌លឿង លើ​ជញ្ជាំងហាង​របស់​ម្ចាស់​ហាងនោះ ដែល​មានជាប់​ភក់​យ៉ាង​ក្រាស ។ ពួក​អ្នក​ស្ម័គ្រ​ចិត្ត​បាន​ចូក​ភក់​ចេញ យក​កម្រាល​ព្រំ និង​ជញ្ជាំង​ចេញ ហើយ​បាន​គរ​អ្វី​គ្រប់​យ៉ាង​នៅលើ​ផ្លូវ​ដើម្បី​គេ​យក​ទៅ​ចោល ។ ម្ចាស់ហាង​មាន​អំណរ​ក្រៃលែង បាន​ធ្វើការ​ជាមួយ​ពួកគេ​អស់​ជា​ច្រើន​ម៉ោង ទាំង​មាន​ចិត្ត​ស្ញប់ស្ញែង​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ក្រុម​ពួក​អ្នក​បម្រើ​របស់​ទ្រង់​ឲ្យ​ឆ្លើយ​តប​ការអធិស្ឋាន​របស់​គាត់—ក្នុង​រយៈពេល ២៤ ម៉ោង !

« មែនហើយ ខ្ញុំអធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង » ។

និយាយ​ដល់​កិច្ចខិតខំ​ខាង​មនុស្សធម៌​របស់​សាសនាចក្រ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ធ្លាប់​បាន​ថ្លែង​ថា « ការអធិស្ឋាន​ត្រូវបាន​ឆ្លើយ​តប … ភាគ​ច្រើន​បំផុត … ដោយ​ព្រះ​ប្រើប្រាស់​មនុស្ស​ផ្សេងទៀត ។ មែនហើយ ខ្ញុំអធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង ។ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​មនុស្ស​ទាំងឡាយ » ។

បងប្អូន​ប្រុសស្រី តាមរយៈ​ការងារ​បម្រើ ដង្វាយ ពេលវេលា និង​សេចក្ដី​ស្រឡាញ់​របស់​បងប្អូន បងប្អូន​គឺ​ជា​ចម្លើយ​ដល់​ការអធិស្ឋាន​ជា​ច្រើន ។ ប៉ុន្តែ​នៅ​តែ​មាន​កិច្ចការ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើបន្តទៀត ។ ក្នុង​នាមជា​សមាជិក​ដែល​បាន​ជ្រមុជ​ទឹក​រូចហើយ​នៃ​សាសនាចក្រ យើង​ស្ថិត​នៅក្រោម​សេចក្ដី​សញ្ញា​ដើម្បីមើល​ថែ​អ្នក​ដែល​ត្រូវការ​ជំនួយ ។ កិច្ចខិតខំ​នីមួយៗ​របស់​យើង ពុំ​ចាំបាច់​តែ​មាន​ប្រាក់ ឬ​ក៏​នៅ​ទីតាំង​ដ៏​ឆ្ងាយ​នោះ​ទេ តែ​វា​ពិត​ជា​តម្រូវ​ឲ្យ​មាន​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ដួងចិត្ត​ដែល​មាន​ឆន្ទៈ​ដើម្បី​ទូល​ទៅកាន់​ព្រះអម្ចាស់​ថា « ទូលបង្គំ​នៅ​ឯ​ណេះ​ហើយ សូម​ចាត់​ទូលបង្គំ​ចុះ » ។

ឆ្នាំ​ដែល​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ

លូកា ៤កត់ត្រា​ថា ព្រះយេស៊ូវ​បាន​យាង​មក​ភូមិ​ណាសារ៉ែត ជា​កន្លែង​ដែល​ទ្រង់​បាន​ចិញ្ចឹម​បីបាច់ ហើយ​ទ្រង់​បាន​ឈរ​នៅក្នុង​សាលា​ប្រជុំ​ដើម្បី​អាន ។ នេះ​គឺ​នៅ​កៀក​នឹង​ពេល​នៃ​ការចាប់ផ្ដើម​ការងារ​បម្រើ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ហើយ​ទ្រង់​បាន​ដកស្រង់​វគ្គ​បទគម្ពីរ​មួយ​ចេញ​ពី​គម្ពីរ​អេសាយ ៖

« ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពី​ព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង​ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើង​វិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច

« ព្រម​ទាំង​ប្រកាស​ប្រាប់​ពី​ឆ្នាំ​ដែល​ព្រះអម្ចាស់​កំណត់​ទុក ។ …

« … នៅ​ថ្ងៃ​នេះ បទ​គម្ពីរ​នេះ​បាន​សម្រេច​នៅ​ត្រចៀក​អ្នក​រាល់​គ្នា​ហើយ » ។ ១០

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បទគម្ពីរ​នេះ​កំពុង​ត្រូវបាន​បំពេញ​នៅក្នុង​ជំនាន់​របស់​យើង​ផ្ទាល់​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវបាន​យាង​មក​ដើម្បី​ប្រោស​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​សង្រេង ​​ធ្វើ​ឲ្យ​ភ្នែក​មើល​ឃើញ​ឡើង​វិញ ។ សាសនាចក្រ​របស់​ទ្រង់​​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ជាប់សេវកភាព ហើយ​ពួក​សិស្ស​របស់​ទ្រង់​នៅ​ទូទាំង​ពិភពលោក​កំពុងព្យាយាមរំ​ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះ​ជាន់​ឲ្យ​រួច ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ការសួរ​សំណួរ​ដដែល ដែល​ព្រះយេស៊ូវ​បាន​សួរ​ដល់​សាវក​របស់ទ្រង់ ស៊ីម៉ូន-ពេត្រុស ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ » ទេ ? ១១ ​ ខ្លឹមសារ​នៃ​ដំណឹងល្អ​មាន​នៅក្នុង​របៀប​ដែល​យើង​ឆ្លើយ​សំណួរ​នោះ​សម្រាប់​ខ្លួន​យើង ហើយ « ឲ្យ​ចំណី​ដល់​កូន​ចៀម [ របស់​ទ្រង់ ] » ។ ១២ ជាមួយ​នឹង​គារវភាព និង​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ចៅហ្វាយនៃ​យើង ខ្ញុំ​សូម​អញ្ជើញបងប្អូន​ម្នាក់ៗ​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ការងារ​បម្រើ​ដ៏​អស្ចារ្យ​របស់​ទ្រង់ ហើយ « ខ្ញុំ​អធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង » ។ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អាប់ឌុល រ៉ាហ្សាក សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់​ខ្លួន នៅ​ខែ ឧសភា ឆ្នាំ ២០២១ ។

  2. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១០៤:១១–១៨ ។

  3. សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ១.២.២នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  4. អាលម៉ា ១:៣០ ។

  5. ប៊េថានី ហលស៍ ការដកស្រង់​នៅក្នុង « Aiding Afghan Evacuees » ព្រឹត្តិប័ត្រ ព័ត៌មាន​សុខុមាលភាព​តំបន់​អឺរ៉ុប និង​ភាពខ្លួន​ទីពឹង​ខ្លួន ខែ សីហា ឆ្នាំ ២០២១ ។

  6. មកពី​ឌេន ហាមម៉ុន ( បេសកកម្ម ហ្វ្រែងហ្វើត អាល្លឺម៉ង់ ) អ៊ីម៉ែល​ជូន​ចំពោះ ថៃ ចនសុន ឆ្នាំ ២០២១ ។

  7. អែលឌើរ ជែហ្វ្រី អ័រ ហូឡិន « Neonatal Resuscitation with Elder Holland » ( វីដេអូ )​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ នៅថ្ងៃ​ទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ youtube.com ។

  8. សូមមើល សារ៉ុន អូប៊ែង « 16 Things You Can Do to Be a Humanitarian » ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២១ ChurchofJesusChrist.org ។

  9. អេសាយ ៦:៨សូមមើល​ផងដែរ​អ័ប្រាហាំ ៣:២៧ ។

  10. លូកា ៤:១៨–១៩, ២១ ។

  11. សូមមើល យ៉ូហាន ២១:១៥–១៧ ។

  12. យ៉ូហាន ២១:១៥–១៧ ។