សន្និសីទទូទៅ
‏សេចក្ដី​ជំនឿ​ឲ្យប្រព្រឹត្ត និង​ប្រែក្លាយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


‏សេចក្ដី​ជំនឿ​ឲ្យប្រព្រឹត្ត និង​ប្រែក្លាយ

តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ និង​ធ្វើ​សកម្មភាព យើង​អាច​បើកសោ​ ពរជ័យ​នៃ​ស្ថានសួគ៌ ហើយ​ប្រែក្លាយ​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

មិន​យូរ​បន្ទាប់​ពី​ខ្ញុំ​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ពួក​ចិតសិប​នាក់ ខ្ញុំ​បាន​មាន​ឱកាស​ជួប​ជាមួយ​ប្រធាន រ័សុល អិម ណិលសុន ពីរបី​នាទី ។ វា​ជា​ការជួប​ដែល​មិន​បាន​ព្រាង​ទុក​នៅ​អាហារដ្ឋាន ហើយ​លោក​មាន​ចិត្ត​ល្អ​ណាស់​ដែល​បាន​អញ្ជើញ​អែលឌើរ អេស ម៉ាក ផលម័រ និង​ខ្ញុំ​ឲ្យ​អង្គុយ​ទទួលទាន​អាហារ​ជាមួយ​លោក ។

« តើ​យើង​និយាយ​អ្វី អំឡុង​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​ជាមួយ​ព្យាការី ? » ជា​គំនិត​ដែល​ខ្ញុំ​មាន​ក្នុង​ចិត្ត ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​សួរ​ប្រធាន​ណិលសុន ថា​តើ​លោក​មាន​ការប្រឹក្សា ឬ​ការណែនាំ​អ្វី​ដល់​ខ្ញុំដែរ​ឬ​​ទេ ព្រោះខ្ញុំ​ទើប​តែ​ចាប់ផ្ដើម​ការហៅបម្រើ​របស់​ខ្ញុំ ។ ចម្លើយ​របស់​លោក​គឺ​សាមញ្ញ ហើយ​ចំៗ លោក​បាន​មើល​មក​ខ្ញុំ ហើយ​មាន​ប្រសាសន៍​ថា « អែលឌើរ ឈឺម៉ែល ប្អូន​ត្រូវបាន​ហៅ​សម្រាប់​អ្វី​ដែល​ប្អូន​អាច​ប្រែក្លាយ » ។ ដោយសារ​បទពិសោធន៍​នោះ ខ្ញុំ​បាន​ពិចារណា​អំពីអ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ នៅពេល​ខ្ញុំ​បាន​គិត​អំពី​រឿង​នេះ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ប្រែក្លាយ​ជា​ស្វាមី ឪពុក និង​កូនប្រុស ព្រមទាំង​ជា​អ្នក​បម្រើ​ដែល​កាន់តែ​ប្រសើរ ។ បន្ទាប់​មកខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​សម្រេច​ការណ៍​ទាំងនេះ​បាន កាលដែល​ខ្ញុំ​ខិតខំ​ប្រែក្លាយ​ជា​សិស្ស​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ប្រសើរ​ឡើង ។

នៅ​សន្និសីទ​ទូទៅ​ចុងក្រោយ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « ដើម្បី​ធ្វើ​អ្វីៗ​បាន​ល្អ វា​តម្រូវ​ឲ្យមាន​ការខិតខំ ។ ការក្លាយជា​សិស្ស​ដ៏​ពិត​ម្នាក់​របស់​ព្រះយេស៊ូវ​គ្រីស្ទ តម្រូវ​ឲ្យ​មាន​ការខិតខំ » ។ ប្រធាន ណិលសុន កំពុង​អញ្ជើញ​យើង​ឲ្យ​ខិតខំ​​ដើម្បី​ប្រែ​ក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ។ លោក​បាន​ប្រាប់​ថា ដើម្បី​ប្រែក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គសង្គ្រោះ យើង​ត្រូវតែ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង ដោយ​ការទូល​សូម ការប្រព្រឹត្តិ និង​ការសិក្សា ក្នុង​ចំណោម​ការណ៍​ផ្សេងៗ​ទៀត ។

១. ទូលសូម

លោក​បាន​មាន​ប្រសាសន៍ ថា « ចូរទូល​សូម​ជំនួយ​ពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ដោយ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ។ ការទូល​សូម​តាម​រយៈ​ការអធិស្ឋាន​គឺ​ជា​គន្លឹះ​មួយ​ឆ្ពោះ​ទៅ​រក​ការដឹង​ពី​បៀប​ប្រែក្លាយ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់​តែ​ប្រសើរ​ឡើង ។

នៅ​ជិត​ចុង​បញ្ចប់​នៃ​ការងារ​បម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ​នៅក្នុង​ទ្វីប​អាមេរិក ទ្រង់​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌វិញ ។ ក្រោយមក ពួកសិស្ស​របស់​ទ្រង់​បាន​ជួបជុំ​គ្នា « បាន​រួម​គ្នា​អធិស្ឋាន​យ៉ាង​ខ្លាំង ហើយ​បាន​តម​អាហារ ។ ហើយ​ព្រះ​យេស៊ូវ ទ្រង់​បាន​បង្ហាញ​រូបអង្គ​ទ្រង់​ដល់​ពួក​គេ​ម្តង​ទៀត ត្បិត​ពួក​គេ​កំពុងតែ​អធិស្ឋាន​ដល់​ព្រះ​វរបិតា​ដោយ​នូវ​ព្រះ​នាម​ទ្រង់ » ។ ហេតុអ្វី​ព្រះយេស៊ូវ​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​ពួកសិស្ស​របស់​ទ្រង់​ម្ដង​ទៀត ? ដោយ​សារ​ពួកគេ​បាន​អធិស្ឋាន ពួកគេ​បាន​ទូលសូម ។

រួច​ទ្រង់​បាន​បន្ត​ថា ៖

« ឥឡូវ​នេះ យើង​យាង​ទៅ​ឯ​ព្រះវរបិតា​វិញ ។ ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​នឹង​សូម​ដល់​ព្រះវរបិតា ដោយ​នូវ​ឈ្មោះ​ខ្ញុំ នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ ។

« ដូច្នេះ ចូរសូម ហើយ​អ្នក​នឹង​ទទួល ចូរគោះ នោះ​តែង​នឹងបើក​ឲ្យ​អ្នក ដ្បិត​អ្នកណា​ដែល​សូម នោះ​នឹង​បានទទួល រីឯ​អ្នកណា​ដែល​គោះ នោះ​តែង​នឹង​បើក​ឲ្យ​អ្នក​នោះ » ។

យើង​ត្រូវ​ទូលសូម​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ដឹង​ពី​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់ ហើយ​ទទួល​ស្គាល់​ថា ព្រះអម្ចាស់​ដឹង​ថា​អ្វី​ដែល​ល្អ​ប្រសើរ​ជាង​សម្រាប់​យើង ។

២. ប្រព្រឹត្ត

ការប្រព្រឹត្តិ​គឺ​ក៏​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ទៀត​ចំពោះ​ការ​ប្រែក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​កាន់​​តែ​ប្រសើរឡើង ។ កាលដែល​យើង​ប្រព្រឹត្ត នោះ​ទ្រង់​នឹង​ដឹកនាំ ហើយ​ណែនាំ​នៅ​តាម​ផ្លូវ ។ ខ្ញុំ​ប្រាកដ​ថា នីហ្វៃ​បាន​ស្វែងរក​ការណែនាំ​ពី​ព្រះអម្ចាស់​ដើម្បី​ដឹង​ពី​របៀប​ទៅយក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ប៉ុន្តែ​លោក និង​បងប្រុស​លោក​បាន​ព្យាយាម​ពីរ​ដង​ដោយ​មិន​បាន​ជោគជ័យ ។ ប៉ុន្តែ ពួកគេ​បាន​ប្រព្រឹត្ត ហើយ​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ​នៅ​តាម​ផ្លូវ ។ ទីបំផុត នីហ្វៃ​បាន​ទទួល​ជោគជ័យ​នៅ​លើក​ទីបី ។ លោក​បាន​រំឭក​ថា « ហើយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ » ។

នេះ​ជា​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ កាល​ដែល​យើង​ដាក់​ការខិតខំ ហើយ​ប្រព្រឹត្ត សូម្បី​តែ​ពេល​ដែល​យើង​ពុំ​យល់​ច្បាស់​ពី​អ្វី​ដែល​ត្រូវធ្វើ​ក្តី ។ ព្រះអម្ចាស់​បាន​ប្រាប់​នីហ្វៃ​ពី អ្វី ដែល​ត្រូវ​ធ្វើ ៖ ទៅ​យក​ផ្ទាំង​ទាំងឡាយ ។ ប៉ុន្តែ​ទ្រង់​ពុំ​បាន​ប្រាប់​នីហ្វៃ​ពី របៀប ដើម្បី​ធ្វើ​វា​នោះ​ទេ ។ ទ្រង់​បាន​ទុក​ឲ្យ​នីហ្វៃ​ស្វែងយល់ ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់—ហើយ​ជា​ញឹកញាប់ នេះ​ជា​របៀប​ដែល​ព្រះអម្ចាស់​ធ្វើ​កិច្ចការ​នៅ​ក្នុង​ជីវិត​យើង ។ នៅ​ពេល​យើង​ប្រព្រឹត្ត​ដោយ​ជំនឿ នោះ​ព្រះ​អម្ចាស់​ណែនាំ និង​ដឹកនាំ​យើង ។​

៣. សិក្សា

នៅក្នុង​នីហ្វទី៣ ពួកសិស្ស​បាន​ទូល​ព្រះអង្គ​សង្គ្រោះ​ថា មាន​ការប្រកែក​គ្នា​ក្នុង​ចំណោម​មនុស្ស​ម្នា ទាក់ទង​នឹង​ឈ្មោះ​នៃ​សាសនាចក្រ ។ ជា​ការឆ្លើយ​តប ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​គោលការណ៍ដ៏​សំខាន់​មួយ ពេល​ដែល​ទ្រង់​បាន​សួរ​ថា « តើ​ពួក​គេ​ពុំ​បាន​អាន​បទគម្ពីរ​ទាំង​ឡាយ ? » ការសិក្សា​គឺ​ក៏​ជា​គន្លឹះ​ដ៏​សំខាន់​មួយ​ទៀត​ចំពោះ​ការ​ប្រែក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ ។ ការអធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ​ដើរ​ទន្ទឹម​គ្នា ។ វា​ធ្វើការ​រួមគ្នា​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​យើង ។ នេះ​ជា​ដំណើរការ ដែល​ព្រះអម្ចាស់​បាន​រៀបចំ ។ « សូម​ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំង​ឡាយ​នៃ​ព្រះគ្រីស្ទ ដ្បិត​មើល​ចុះ​ ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ ដែល​អ្នក​ត្រូវ​ធ្វើ » ។

ព្រះអង្គ​សង្គ្រោះ​ក៏​បាន​បង្រៀន​ថា យើង​មិន​គ្រាន់តែ​សិក្សា​ព្រះគម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បង្រៀន​ចេញ​ពី​វា​ផងដែរ កាលដែល​ទ្រង់​បាន​បង្ហាញ​ដល់​ពួក​សាសន៍​នីហ្វៃ ៖ « ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ព្រះ​យេស៊ូវ​ទ្រង់​បានពន្យល់​ប្រាប់​អស់​ទាំង​បទគម្ពីរ​តែមួយ ដែល​ពួក​គេ​បាន​សរសេរ​ទុក នោះ​ទ្រង់​បាន​បញ្ជា​ថា ពួក​គេ​ត្រូវ​បង្រៀន​ការណ៍​ទាំង​ឡាយ ដែល​ទ្រង់​បាន​ពន្យល់​ប្រាប់​ដល់​ពួក​គេ » ។

នេះ​ជា​មូលហេតុ​មួយនៃ​មូលហេតុ​នានា ដែល​វា​សំខាន់​ណាស់​សម្រាប់​នីហ្វៃ ដើម្បី​ត្រឡប់​ទៅ​យក​ផ្ទាំង​លង្ហិន​វិញ ៖ គ្រួសារ​លោក​ត្រូវការ​ព្រះគម្ពីរ មិន​ត្រឹម​តែ​ដើម្បី​ជួយ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​ដែនដី​សន្យា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពួកគេ​បង្រៀន​កូនចៅ​របស់​ពួកគេ​ផងដែរ ។ យើង​ក៏​ត្រូវតែ​ស្វែងរក​ការណែនាំ​ពី​ព្រះគម្ពីរ​ផងដែរ​សម្រាប់​ការធ្វើ​ដំណើរ​របស់​យើង ហើយ​យើង​ត្រូវតែ​បង្រៀន​ចេញ​ពី​ព្រះគម្ពីរ​នៅក្នុង​គេហដ្ឋាន និង​នៅក្នុង​ការហៅ​បម្រើ​នៅ​សាសនាចក្រ​របស់​យើង ។

៤. ប្រព្រឹត្ត​ឲ្យ​ប្រែ​ក្លាយ

ជា​ច្រើន​ដង ចម្លើយ​ចំពោះ​ការអធិស្ឋាន​នឹង​មិន​មក​ភ្លាមៗ​នោះទេ ។ ប៉ុន្តែ​យើង​ត្រូវតែ​មាន​សេចក្ដី​ជំនឿ​ដើម្បី​បន្ត ប្រព្រឹត្ត​ក្នុង​សុចរិតភាព និង​មាន​ភាព​ខ្ជាប់ខ្ជួន​ដូច​ជា​នីហ្វៃ ពេល​ដែល​លោក​បានព្យាយាម​ទៅយក​ផ្ទាំង​លង្ហិន ត និង​ដើម្បី​ព្យាយាម​ម្ដង​ទៀត ។ អែលឌើរ រីឆាដ ជី ស្កត បាន​មាន​ប្រសាសន៍​ថា « ចូរ​មាន​អំណរគុណ​ដែល​ពេល​ខ្លះ​ព្រះ​ឲ្យ​យើង​មាន​ការលំបាក​ជា​យូរ​មុន​នឹង​ចម្លើយ​មក​ដល់ ។ ការណ៍​នោះ​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​បងប្អូន​កើនឡើង ហើយ​ធ្វើ​ឲ្យ​លក្ខណៈ​សម្បត្តិ​របស់​បងប្អូន​លូតលាស់​ឡើង » ។

តាមរយៈ​ការអធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ ព្រះអម្ចាស់​តែងតែ​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​ប្រព្រឹត្ត និង​ស៊ូទ្រាំ​មួយ​ថ្ងៃ​ទៀត មួយ​សប្ដាហ៍​ទៀត ហើយ​ព្យាយាម​ម្ដង​ទៀត ។ ជា​ច្រើន​ដង ចម្លើយ​មិន​មក​ភ្លាមៗ​នោះទេ ។ ខ្ញុំ​មាន​សំណួរ ដែល​មិន​បាន​ទទួល​ចម្លើយ​នៅ​ឡើយ ប៉ុន្តែ​ខ្ញុំ​នៅបន្ត​ទូល​សូម និង​សិក្សា ហើយ​ខ្ញុំ​រីករាយ​ដែល​ព្រះអម្ចាស់​បន្ត​ប្រទាន​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​ប្រព្រឹត្ត កាលដែល​ខ្ញុំ​រង់ចាំ​ចម្លើយ ។

អែលឌើរ ស្កត បាន​មាន​ប្រសាសន៍ ផងដែរ​ថា « នៅពេល​បងប្អូន​ដើរ​ទៅ​ដល់​ព្រំប្រទល់​នៃ​ការ​យល់ដឹង​របស់​បងប្អូន ទៅ​ក្នុង​រាត្រី​នៃ​ភាព​មិន​ប្រាកដ​ប្រជា ដោយអនុវត្ត​សេចក្ដីជំនឿ នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ឲ្យ​រកឃើញ​ដំណោះស្រាយ ដែល​បងប្អូន​នឹង​មិន​អាច​ទទួល​បាន​តាម​របៀប​ផ្សេង​ពី​នេះ​ឡើយ » ។ ១០

ដើម្បី​ប្រែក្លាយ​ជា​អ្នកដើរតាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ គឺ​ជា​ដំណើរ​អស់​មួយ​ជីវិត ហើយ​យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ផ្សេងៗ​គ្នា ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ខុសៗ​គ្នា ។ យើង​ត្រូវតែ​ចងចាំ​ថា នេះ​មិនមែន​ជា​ការប្រកួត​ប្រជែង​ទេ ហើយ​យើង​នៅ​ទីនេះ​ដើម្បី​ស្រឡាញ់ និង​ជួយ​គ្នា​ទៅវិញ​ទៅមក ។ យើង​ត្រូវ​ការប្រព្រឹត្តិ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ធ្វើ​កិច្ចការ​ជាមួយ​យើង​នៅក្នុង​ជីវិត​យើង ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ដល់ ស៊ីឌនី រិកដុន ដូច​តទៅ​នេះ ៖ « យើង​បាន​ទត​មើល​មក​លើ​អ្នក និង​កិច្ចការ​របស់​អ្នក ។ យើង​បាន​ឮ​ពាក្យ​អធិស្ឋាន​ទាំង​ប៉ុន្មាន​របស់​អ្នក ហើយ​បាន​រៀបចំ​អ្នក​សម្រាប់​កិច្ចការ​ដ៏​លើសលែង​ទៅ​ទៀត » ។ ១១ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​ទ្រង់ឮ ហើយ​ឆ្លើយ​តប​ការ​អធិស្ឋាន​របស់​យើង ទ្រង់​ស្គាល់​យើង ទ្រង់​មាន​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​យើង​ម្នាក់ៗ ។ តាមរយៈ​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ និង​ធ្វើ​សកម្មភាព យើង​អាច​បើកសោ​ ពរជ័យ​នៃ​ស្ថានសួគ៌ ហើយ​ប្រែក្លាយ​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « ការជំនុំ​ជម្រះ​ចុងក្រោយ គឺ​ពុំ​គ្រាន់តែ​ជា​ការវាយតម្លៃ​មួយ​នៃ​ការបូក​សរុប​នៃ​សកម្មភាព​ល្អ និង​សកម្មភាព​អាក្រក់—ដែល​យើង បានធ្វើ ប៉ុណ្ណោះ​នោះទេ ។ វា​ជា​ការទទួល​ស្គាល់​មួយ​អំពី​ឥទ្ធិពល​នៃ​ទង្វើ និង​គំនិត​របស់​យើង​នៅចុង​ក្រោយ—ជា​អ្វី​ដែល​យើង​បាន ប្រែក្លាយ » ។ ១២

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ព្យាការី អ្នកមើលឆុត និង​អ្នក​ទទួល​វិវរណៈ ពួកលោក​ជា​អ្នក​ចាំយាម​នៅលើ​ប៉ម ។ ពួកលោក​មើល​ឃើញ​អ្វី​ដែល​យើង​មើល​មិន​ឃើញ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ថា តាមរយៈ​ប្រសាសន៍​របស់​ពួកលោក យើង​អាច​ប្រែក្លាយ​ជា​អ្នក​ដើរតាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ​កាន់តែ​ប្រសើរ ហើយ​សម្រេច​សក្ដានុពល​របស់​យើង​បាន ។ ខ្ញុំ​សូម​ធ្វើ​ជា​សាក្សី​ថា​ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះជន្ម​រស់ ហើយ​ស្គាល់​យើង​ម្នាក់ៗ​រៀងៗ​ខ្លួន ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕