សន្និសីទទូទៅ
មើល​ផ្លូវ​ឲ្យឆ្ងាយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


មើល​ផ្លូវ​ឲ្យឆ្ងាយ

ការផ្តោត​ទៅលើ​អ្វីៗ​ដែល​សំខាន់​បំផុត—ជា​ពិសេស​អ្វីៗ « នៅពេល​ខាង​មុខ យ​ដ៏​អស់កល្ប—គឺ​ជា​គន្លឹះ​ក្នុង​ការនាំ​ផ្លូវ​ពេញ​មួយ​ជីវិត​នេះ ។

កាល​ខ្ញុំ​គ្រប់​អាយុ ១៥ ឆ្នាំ ខ្ញុំ​បាន​ទទួល​ប័ណ្ណ​បើកបរ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​បើក​ឡាន​ ប្រសិន​បើ​មាន​ឪពុក ឬ​ម្តាយ​នៅ​ក្នុង​ឡាន​ដែរ ។ ពេល​ឪពុក​ខ្ញុំ​សួរ​ថា តើ​ខ្ញុំ​ចង់​បើក​ឡាន​ឬ​អត់ ខ្ញុំ​មាន​ចិត្ត​រំភើប​ណាស់ ។

គាត់​បាន​បើក​ឡាន​ពីរ​បី​គីឡូម៉ែត្រ​ទៅ​កាន់តំបន់​ជាយ​ក្រុង​ដែល​មាន​ផ្លូវ​ត្រង់​វែង​​ ពុំ​សូវ​មាន​មនុស្ស​បើកបរ—ខ្ញុំ​គួរ​កត់សម្គាល់​ថា វាជា​កន្លែងតែមួយ​ដែល​គាត់ដឹង​ថា មាន​សុវត្ថិភាព ។ គាត់​បាន​អែបឈប់​នៅ​ចញ្ចើម​ផ្លូវ ហើយ​ពួកយើង​ប្តូរ​កៅអី​គ្នា ។ គាត់​បាន​ណែនាំ​ខ្ញុំខ្លះ​ៗ ហើយ​ប្រាប់​ខ្ញុំ​ថា « កូន​បើក​ទៅដោយ​ប្រុងប្រយ័ត្ន ពេល​ប៉ាប្រាប់ថា​ឈប់ចាំឈប់ » ។

ខ្ញុំ​ធ្វើ​តាមបង្គាប់គាត់ ។ ប៉ុន្តែ​បន្ទាប់​ពី​បើក​បាន​ប្រហែល ៦០ វិនាទី គាត់​បាន​និយាយ​ថា « កូន​ប្រុស អែបឈប់​ឡានសិន ។ ប៉ា​​ពុល​ឡាន​ហើយ​ ។ កូន​ឯង​បើក​ឡាន​រេ​ពេញ​ផ្លូវ » ។ គាត់បានសួរ​ថា « ហើយ​កូនឯង​កំពុង​មើលអ្វី ? »

ខ្ញុំ​រាងឆេវឆាវ​ដែរ ខ្ញុំ​បាន​តប​ថា « ខ្ញុំ​​មើល​ផ្លូវតើ​ប៉ា » ។

បន្ទាប់​មក គាត់​​ថា « ប៉ា​មើល​ភ្នែក​កូនឯង ឃើញកូនឯង​មើល​ផ្លូវ​តែត្រឹម​ខាងមុខ​ក្បាល​ឡាន​ហ្នឹង​ ។​ បើ​កូនឯង​មើល​ផ្លូវតែ​ត្រឹមហ្នឹង ​កូនឯងនឹង​បើក​ពុំ​ត្រង់​ផ្លូវទេ » ។ រួច​ហើយគាត់​​បញ្ជាក់​ថា « មើល​ផ្លូវ​ឲ្យ​ឆ្ងាយ » ។ វា​នឹង​ជួយ​កូន​ឲ្យ​បើក​ត្រង់​ផ្លូវ » ។

ក្នុង​អាយុ ១៥ ឆ្នាំ ខ្ញុំ​គិត​ថា នោះ​គឺ​ជា​មេរៀន​បើកបរ​ដ៏​ល្អ ឹង​ថា វាគឺជា​មេរៀន​ជីវិត​មួយ​ដ៏​ល្អ​អស្ចារ្យ​ផង​ដែរ ។ ការផ្តោត​ទៅលើ​អ្វីៗ​ដែល​សំខាន់​បំផុត—ជា​ពិសេស​អ្វីៗ « នៅពេល​ខាង​មុខ » ជា​រឿងទាំងឡាយ​ដ៏​អស់កល្ប—គឺ​ជា​គន្លឹះ​ក្នុង​ការនាំ​ផ្លូវ​ពេញ​មួយ​ជីវិត​នេះ ។

នៅ​គ្រា​មួយ​ក្នុងជីវិត​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​ចង់​គង់តែ​ឯង ដូច្នេះ « ទ្រង់​យាង​ឡើង​លើ​ភ្នំ​ដោយ​ឡែក ដើម្បី​នឹង​អធិស្ឋាន » ។ ទ្រង់​បានណែនាំ​ពួកសិស្ស​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​សមុទ្រ ។ នៅ​យប់​ងងឹត​នោះ ទូក​ពួកសិស្ស​បាន​ជួប​នឹង​ព្យុះ​កំណាច​មួយ ។ ព្រះយេស៊ូវ​បាន​យាង​ទៅ​ជួយ​ពួកគេ ប៉ុន្តែ​តាម​របៀប​ដ៏​មហស្ចារ្យ ។ ដំណើររឿង​ព្រះគម្ពីរ​អាន​ថា « ដល់​យាម ​៤ ​យប់ នោះ​ទ្រង់​យាង​កាត់​លើ​ទឹក​សមុទ្រ​ទៅ​ឯ​ពួក​សិស្ស » ។ កាល​ពួកគេ​ឃើញ​ទ្រង់ ពួកគេ​ក៏​ចាប់​ភ័យវល់ ដ្បិត​ពួកគេ​គិត​ថា រូប​ដែល​បាន​ដើរ​មក​រក​ពួកគេ​នោះ​គឺ​ដូច​ជា​ខ្មោច​លង ។ ដោយ​ញាណ​ដឹង​ពី​ការភ័យ​ខ្លាច​របស់​ពួកគេ ហើយ​ចង់​ជួយ​ឲ្យ​ដួងចិត្ត និង​បេះដូង​ពួកគេ​ឈប់​ភ័យ នោះ​ព្រះយេស៊ូវ​បាន​មាន​ព្រះបន្ទូល​ថា « ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ » ។

ពេត្រុស ពុំ​ត្រឹមតែ​ឈប់ភ័យ​នោះ​ទេ ប៉ុន្តែ​ក៏​ពេញ​ដោយ​ភាពក្លាហាន​ផង​ដែរ ។ ពេត្រុស​ទូល​តប ព្រះយេស៊ូវ​ដោយ​ក្លាហាន និង​តក់ក្រហល់ថា « ព្រះអម្ចាស់​អើយ បើ​ជា​ទ្រង់​មែន នោះ​សូម​ឲ្យ​ទូលបង្គំ​ដើរ​លើ​ទឹក​ទៅ​ឯ​ទ្រង់​ផង » ។ ព្រះ​យេស៊ូវ​បាន​​តប​ដោយ​ការអញ្ជើញ​ដែល​ធ្លាប់​ស្គាល់ និង​មិន​ចេះចប់​របស់​ទ្រង់ថា « ចូល​មក​ចុះ » ។

ពេត្រុស បានត្រៀម​ខ្លួន​ទាំង​រំភើប ​ចុះចេញ​ពី​ទូក ពុំ​មែន​ទៅ​ក្នុង​ទឹក​ទេ ប៉ុន្តែ​ទៅ​លើ​ទឹក ។ កាល​ដែល​លោក​បាន​ផ្តោត​ទៅលើ​ព្រះអង្គ​សង្គ្រោះ នោះ​លោក​អាច​ធ្វើ​នូវ​រឿង​ដែលពុំអាចធ្វើបាន សូម្បី​តែ​ការដើរ​លើ​ទឹក ។ ពី​ដំបូង ពេត្រុស​ពុំ​បាន​បង្អាក់​ដោយសារ​ព្យុះ​នោះ​ទេ ។ ប៉ុន្តែ « ខ្យល់​បក់​ជា​ខ្លាំង » បាន​រំខាន​ដល់​លោក ហើយ​លោក​ក៏​បាត់​បង់​ការផ្តោត​អារម្មណ៍​ ។ ភាពភ័យ​ខ្លាច​បាន​ត្រឡប់​មក​វិញ ។ ជា​លទ្ធផល សេចក្តី​ជំនឿ​របស់​លោក​បាន​ថយចុះ ហើយ​លោក​ចាប់​ផ្ដើម​លិច​ទៅ​ក្នុង​ទឹក ។ « គាត់​ស្រែក​ឡើង​ថា ព្រះអម្ចាស់​អើយ សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ។ ព្រះអង្គ​សង្គ្រោះ​ដែល​តែងតែ​ចង់​ជួយ​សង្គ្រោះ បាន​ឈោង​ទៅ​​លើក​លោក​ឡើង​មក​ទី​សុវត្ថិភាព ។

មាន​មេរៀន​ជាច្រើន​​ត្រូវ​រៀនអំ​ពី​ដំណើររឿង​ដ៏​អព្ភូតហេតុ​នេះ ប៉ុន្តែ​ខ្ញុំ​នឹង​លើក​យក​មក​តែ​បី​ទេ ។

ផ្តោត​ទៅលើ​ព្រះគ្រីស្ទ

មេរៀន​ទីមួយ ៖ ផ្តោត​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ កាល​ដែល ពេត្រុស ​មើល​ផ្ដោតទៅ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​លោក​អាច​ដើរ​លើ​ទឹក​បាន ។ ព្យុះ រលក និង​ខ្យល់​ពុំ​អាច​បង្អាក់​លោក​បាន​ទេ ដរាប​ណា​លោក​​បន្តមើល​ផ្ដោតទៅ​ព្រះយេស៊ូវ​គ្រីស្ទ ។

ការយល់អំ​ពី​គោលបំណង​ចុងបំផុត​របស់​យើង វាជួយ​យើងឲ្យ​កំណត់​នូវ​អ្វីៗ​ដែល​គួរ​តែ​ជា​ការផ្តោត​របស់​យើង ។ យើង​មិន​អាច​លេង​ហ្គេម​ដោយ​ជោគជ័យ​ ដោយ​ពុំ​ស្គាល់​គោលដៅ​នោះ​ទេ ហើយ​យើង​ក៏​មិន​អាច​រស់​នៅ​ជីវិតដ៏​មាន​អត្ថន័យ ដោយ​ពុំ​ស្គាល់​​ពី​គោលបំណង​ជីវិត​នោះ​ដែរ ។ ពរជ័យ​ដ៏​អស្ចារ្យ​បំផុត​មួយ​នៃ​ដំណឹងល្អ ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ថា វា​ឆ្លើយ​តប​សំណួរ​ជាច្រើន ដែល​ក្នុង​នោះ​មាន​សំណួរ « តើ​អ្វី​ទៅ​គឺ​ជា​គោលបំណង​នៃ​ជីវិត ? » « គោលបំណង​របស់​យើង​នៅ​ក្នុង​ជីវិត​នេះ​គឺ​ដើម្បី​មាន​អំណរ និង​រៀបចំ​ខ្លួន​ដើម្បី​ត្រឡប់​ទៅ​វត្តមាន​របស់​ព្រះ​វិញ » ។ ការចងចាំ​ថា យើង​មក​លើ​ផែនដី​នេះ​ដើម្បី​រៀបចំ​ខ្លួន​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​នឹង​ព្រះ​វិញ ជួយ​យើង​ឲ្យផ្តោត​ទៅលើ​អ្វីៗ​ដែល​ដឹកនាំ​យើង​ទៅ​កាន់​ព្រះគ្រីស្ទ ។

ការផ្តោត​លើ​ព្រះគ្រីស្ទ​តម្រូវ​ឲ្យ​មាន​វិន័យ ជា​ពិសេស​ទម្លាប់​ខាង​វិញ្ញាណតូចៗ និង​ងាយៗ​ ដើម្បី​ជួយ​យើងឲ្យ​ក្លាយជា​សិស្ស​កាន់​តែ​ល្អ​ប្រសើរ ។ ពុំ​មាន​ភាព​ជា​សិស្ស​ដោយ​គ្មាន​វិន័យ​នោះ​ទេ ។

យើងផ្តោតទៅ​លើ​ព្រះគ្រីស្ទ​​កាន់តែ​ច្បាស់ នៅ​ពេល​យើង​​មើល​ផ្លូវ​ឲ្យ​បានឆ្ងាយ ឆ្ពោះ​ទៅ​ទី​ដែល​យើង​ចង់​ទៅ និង​បុគ្គល​ដែល​យើង​ចង់​ក្លាយ​ ហើយ​រៀបចំ​ពេល​វេលា​រាល់​ថ្ងៃ​ដើម្បី​ធ្វើ​កិច្ចការ​ ដែល​នឹង​ជួយ​យើងឲ្យ​ទៅ​ដល់​គោលដៅ ។ ការផ្តោត​ទៅលើ​ព្រះគ្រីស្ទ​អាច​ធ្វើ​ឲ្យ​ការសម្រេច​ចិត្ត​របស់​យើង​មាន​ការងាយស្រួល និង​ផ្តល់​ការណែនាំ​អំពី​របៀប​ដែល​យើង​អាច​ចំណាយ​ពេល​វេលា និង​ធនធាន​របស់​យើង​បាន​ល្អ​បំផុត ។

កាល​ដែល​មានអ្វីៗ​ជាច្រើនចង់ឲ្យ​យើងផ្តោតចិត្ត ចូរយើង​រៀន​ពី​គំរូ​របស់​ពេត្រុស អំពី​សារៈសំខាន់​នៃ​ការរក្សាផ្ដោតទៅលើ​ព្រះយេស៊ូវ​គ្រីស្ទជាចម្បង ។ មាន​តែ​តាមរយៈព្រះ​គ្រីស្ទ​ទេ ទើប​យើង​អាច​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ព្រះ​វិញ​បាន ។ យើង​ពឹង​ផ្អែក​ទៅលើ​ព្រះគុណ​នៃ​ព្រះគ្រីស្ទ ពេល​យើង​ព្យាយាម​ប្រែ​ក្លាយដូចជា​ទ្រង់ និង​ស្វែងរក​ការអភ័យ​ទោស និង​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​ពង្រឹង​ដល់​យើង នៅ​ពេល​យើង​ធ្លាកើចុះ ។

ចូរប្រយ័ត្ន​ចំពោះ​ការរំខាន​នានា

មេរៀន​ទី​ពីរ ៖ ចូរប្រយ័ត្ន​ចំពោះ​ការរំខាន​នានា កាលពេត្រុស បែរ​ចេញ​ពី​ព្រះ​គ្រីស្ទ ទៅ​ផ្ដោតលើ​ខ្យល់​ព្យុះ និង​ទឹករលក​ដែល​បក់បោក​នៅ​ក្រោម​ជើង​របស់​លោក នោះ​លោក​បាន​ចាប់​ផ្តើម​លិច​ចុះ ។

មាន​អ្វីៗ​ជាច្រើន​នៅ « ខាងមុខ​ក្បាល​ឡាន » ដែល​អាច​រំខាន​​យើងមិន​ឲ្យផ្តោតទៅ​លើ​ព្រះគ្រីស្ទ និង​រឿងដ៏​អស់កល្ប​ដែលត្រូវ « មើលផ្លូវ​ឲ្យ​ឆ្ងាយ » ។ អារក្ស​គឺ​ជា​អ្នក​រំខាន​ដ៏​ខ្លាំង​មួយ ។ យើង​រៀន​មក​ពី​សុបិន​របស់​លីហៃ​ថា សំឡេង​មក​ពី​អគារ​ដ៏​ធំ​ ហើយ​ទូលាយ​នោះ ព្យាយាម​បញ្ឆោត​យើង​ឲ្យ​ទៅ​រក​អ្វីៗ ដែល​នឹង​នាំ​យើង​ចេញ​ពី​ផ្លូវ​នៃ​ការរៀបចំ​ខ្លួន ដើម្បី​ត្រឡប់​ទៅ​រស់​នៅ​ជាមួយ​ព្រះ​វិញ ។

ប៉ុន្តែ​ក៏​មាន​ការរំខានដែល​ពុំសូវ​ឃើញ​ស្ដែងជាច្រើន​ទៀត ដែល​អាច​មាន​គ្រោះថ្នាក់​ផង​ដែរ ។ ដូច​សុភាសិត​មួយ​ថា « រឿង​ចាំបាច់​តែ​មួយ​គត់​ដែល​​អារក្ស​មាន​ជ័យ​ជម្នះ គឺ​កុំ​ឲ្យ​មនុស្ស​ល្អ​ធ្វើ​អ្វី​សោះ » ។ ពួក​មារសត្រូវ​ហាក់​ដូចជា​ប្តេជ្ញា​ចិត្តដើម្បី​នាំ​មនុស្ស​ល្អ​មិន​ឲ្យ​ធ្វើ​អ្វី​សោះ ឬ​យ៉ាង​ហោច​ណាស់​ឲ្យ​ខ្ជះខ្ជាយ​ពេល​វេលា​របស់​ពួកគេទៅ​លើ​អ្វីៗ ដែល​នឹង​ទាញ​ពួកគេ​ចេញ​ពី​គោលបំណង និង​គោលដៅ​ដ៏​ខ្ពង់ខ្ពស់​របស់​ពួកគេ ញ បើ​គ្មាន​វិន័យ ។ មារសត្រូវ​យល់ដឹងថា ការរំខាន​មិនចាំ​បាច់​ទាល់តែ​អាក្រក់ ឬ​គ្មាន​សីលធម៌ ទើប​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ ។

យើង​អាច​ត្រូវ​បាន​សង្គ្រោះ

មេរៀន​ទី​បី ៖ យើង​អាចត្រូវ​បាន​សង្គ្រោះ កាល​ពេត្រុស​​លិច​ទៅក្នុង​ទឹក លោក​បាន​ស្រែក​ឡើង​ថា « ព្រះអម្ចាស់​អើយ​សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ផង » ។ ស្រាប់​តែ​ព្រះយេស៊ូវ​ទ្រង់​លូក​ព្រះហស្ត​ទៅ​ចាប់​គាត់​ភ្លាម » ។ ១០ នៅ​ពេល​យើង​ឃើញ​ថា ខ្លួន​យើង​កំពុង​តែ​លិច​ចុះ ពេល​យើង​ជួប​ទុក្ខ​វេទនា ឬ​ភាពទន់​ខ្សោយ យើង​ក៏​អាច​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទ្រង់​ផង​ដែរ ។

ក្នុង​ពេល​ប្រឈម​នឹង​ទុក្ខ​វេទនា ឬ​ការសាកល្បង បងប្អូន​អាច​ដូច​ជា​ខ្ញុំ​ដែរ ​សង្ឃឹម​ថា​នឹងមានការសង្គ្រោះ​​ភ្លាមៗ ។ ប៉ុន្តែ​សូម​ចាំ​ថា ព្រះអង្គ​សង្គ្រោះ​បាន​មក​ជួយ​ពួកសាវក​នៅ​យាម​៤​យប់—គឺ​បន្ទាប់​ពី​ពួកលោក​បាន​ចំណាយ​ពេល​ស្ទើរ​តែ​មួយ​យប់​នៅ​ក្នុង​ព្យុះ​នោះ ។ ១១ យើង​អាច​នឹង​អធិស្ឋាន​ថា ប្រសិន​បើ​ជំនួយពុំមក​ភ្លាមៗទេ យ៉ាង​ហោច​ណាស់​ក៏​​មក​ដល់​នៅ​យាម​ទី​ពីរ ឬ​ក៏​យាម​ទី​បី​នៃ​យប់​ដ៏យូរ និង​វេទនា​នោះ​ដែរ ។ នៅ​ពេល​យើង​ត្រូវ​​រង់ចាំ សូម​រង់ចាំ​ដោយ​ជឿជាក់​ថា ព្រះអង្គ​សង្គ្រោះ​​តាម​មើលថែ​យើង​ជានិច្ច ដោយអះអាង​ថា យើង​នឹង​មិន​ត្រូវ​ស៊ូទ្រាំ​លើស​ពី​កម្លាំង​យើង​នោះ​ទេ ។ ១២ ចំពោះ​អ្នក​ដែល​នៅ​ចាំ​ដល់​យាម​ទី​បួន​នៃ​យប់​នោះ ប្រហែលជា​កំពុង​ឈឺចាប់​ សូម​កុំ​អស់​សង្ឃឹម​ឡើយ ។ សេចក្តី​សង្គ្រោះ​តែងតែ​កើត​មាន​ចំពោះ​ពួក​ស្មោះត្រង់ មិន​ថា​អំឡុង​ពេល​នៅ​លើ​ផែនដី ឬ​ភាពអស់កល្ប​នោះ​ទេ ។

ពេល​ខ្លះ ការលិចចុះ​របស់​យើង​កើត​ឡើង​ដោយ​សារ​តែ​កំហុស និង​អំពើ​បាប​របស់​យើង ។ ប្រសិន​បើ​បងប្អូន​ឃើញ​ថា ខ្លួន​ឯង​កំពុង​តែ​លិច​ចុះ​ដោយ​សារ​តែ​ហេតុ​ផល​ទាំងនោះ សូម​ជ្រើសយក​ការប្រែចិត្ត​ដោយ​អំណរ ។ ១៣ ខ្ញុំ​ជឿ​ថា កិច្ចការ​ពីរ​បី​នោះ​ធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​កាន់តែ​មាន​អំណរ ខ្លាំងជាង​ការសង្គ្រោះ​អ្នក​ដែល​បែរ ឬ​ត្រឡប់​មក​កាន់​ទ្រង់ទៅទៀត ។ ១៤ ព្រះគម្ពីរមានពេញ​ទៅ​ដោយ​ដំណើរ​រឿង​នៃ​មនុស្ស​ដែល​ធ្លាប់​ប្រព្រឹត្ត​អំពើ​បាប និង​កំហុស ប៉ុន្តែ​បាន​ប្រែចិត្ត ហើយ​បែរមក​មាន​សេចក្ដី​ជំនឿរឹងមាំ​លើ​ព្រះគ្រីស្ទ ។ ខ្ញុំ​គិត​ថា ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ​​គឺដើម្បី​រំឭក​យើង​ពី សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ហើយ​ព្រះចេស្តា​របស់​ទ្រង់​ដើម្បី​ប្រោសលោះ​យើង គឺ​មាន​ពិត ។ ពុំមែន​តែ​ព្រះអង្គ​សង្គ្រោះ​ទេ ដែល​មាន​អំណរ​ពេល​យើង​ប្រែចិត្ត​នោះ ប៉ុន្តែ​យើង​ខ្លួនឯង​ក៏​ទទួល​អំណរ​ដ៏អស្ចារ្យ​ផង​ដែរ ។

សេចក្ដី​បញ្ចប់

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មាន​ចេតនា « មើល​ផ្លូវ​ឲ្យឆ្ងាយ » ហើយ​បង្កើន​ការផ្តោត​ចិត្តរបស់​បងប្អូន​ទៅលើ​អ្វីៗ​ដែល​​សំខាន់ពិត ។ ចូរ​យើង​រក្សាការ​ផ្ដោតចិត្តយើងទៅលើ​ទ្រង់ជាចម្បង​ ។ នៅ​កណ្តាល​នៃ​ការរំខាន​ទាំងអស់ ជា​អ្វីៗ​ដែល​នៅ « ខាងមុខ​ក្បាល​ឡាន » និង​ខ្យល់​ព្យុះ​ដែល​ព័ទ្ធ​ជុំវិញ​យើង ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​យើង ហើយ​ជា​ព្រះប្រោសលោះ​យើង និង​ព្រះ​ជួយ​សង្គ្រោះ​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕