សន្និសីទទូទៅ
សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សូម​យាង​ព្រះគ្រីស្ទ​ឲ្យ​និពន្ធ​ដំណើររឿង​របស់​បងប្អូន

សូម​អនុញ្ញាតឲ្យ​ដំណើររឿង​របស់​បងប្អូន​ជា​ដំណើររឿង​នៃ​សេចក្ដី​ជំនឿ ដោយ​ធ្វើតាម​អង្គ​គំរូ​របស់​បងប្អូន គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​សូម​ចាប់ផ្ដើម​ដោយ​ការសួរ​សំណួរ​មួយ​ចំនួន ដើម្បី​ទុកជា​ការត្រិះរិះ​អំពី​ខ្លួនយើង ៖

  • តើ​បងប្អូន​កំពុង​និពន្ធ​ដំណើររឿង​ផ្ទាល់ខ្លួន​ប្រភេទ​ណាសម្រាប់​ជីវិត​ ?

  • តើ​ផ្លូវ​ដែល​បងប្អូន​ពិពណ៌នា​នៅក្នុង​ដំណើររឿង​របស់​បងប្អូន​ត្រង់​ដែរ​ឬទេ ?

  • តើ​ដំណើររឿង​របស់​បងប្អូន​បញ្ចប់​ត្រង់​កន្លែង​ដែល​វា​បាន​ចាប់ផ្ដើម នៅឯ​ផ្ទះ​សួគ៌ា​របស់​បងប្អូន​ដែរ​ឬទេ ?

  • តើ​មាន​បុគ្គល​គំរូ​នៅក្នុង​ដំណើររឿង​របស់​ប្អូន​ដែរ​ឬទេ—តើ​បុគ្គល​នោះ​ជា​ព្រះអង្គ​សង្រ្គោះ​ព្រះយេស៊ូវ​គ្រីស្ទ​ឬ ?

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្រ្គោះ​គឺជា « មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​សេចក្តី​ជំនឿ​របស់​យើង » ។ តើ​បងប្អូន​នឹង​យាង​ទ្រង់​ឲ្យ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​បងប្អូន​ដែរ​ឬទេ ?

ទ្រង់​ជ្រាប​ពី​ដើមដំបូង​មក​ចុង​បំផុត ។ ទ្រង់​គឺជា​អង្គ​បង្ក​បង្កើត​នៃ​ស្ថានសួគ៌ និង​ផែនដី ។ ទ្រង់​សព្វព្រះទ័យ​ឲ្យ​យើង​ត្រឡប់​ទៅ​ផ្ទះ ទៅកាន់​ទ្រង់ និង​ព្រះបិតា​មាតា​សួគ៌ា​របស់​យើង​វិញ យើង ហើយ​ទ្រង់​ចង់ឲ្យ​យើង​ជោគជ័យ ។

តើ​បងប្អូន​គិត​ថា អ្វីទៅ​ដែល​រារាំង​យើង​មិនឲ្យ​ប្រគល់​ដំណើររឿង​របស់​យើង​ថ្វាយ​ទ្រង់ ?

ប្រហែលជា​ការបង្ហាញ​នេះ​នឹង​ជួយ​ឲ្យ​បងប្អូន​វាយតម្លៃ​ដោយខ្លួនឯង ។

មេធាវី​រឿងក្ដី​ដ៏ពូកែ​ម្នាក់​ដឹង​ថា នៅក្នុង​សវនាការ យើង​កម្រ​នឹង​សួរ​សាក្សី​នូវ​សំណួរ ដែល​យើង​មិន​ដឹងពី​ចម្លើយ​ណាស់ ។ ការសួរ​សំណួរ​បែបនោះ​គឺជា​ការអញ្ជើញ​ឲ្យ​សាក្សី​ប្រាប់​យើង—និង​ចៅក្រម ក៏ដូចជា​ក្រុមប្រឹក្សា​តុលាការ—អំពី​អ្វីមួយ​ដែល​យើង​មិន​ទាន់​បាន​ដឹង ។ យើង​អាច​ទទួល​បាន​ចម្លើយ ដែល​ធ្វើឲ្យ​យើង​ភ្ញាក់ផ្អើល ដែល​ផ្ទុយ​នឹង​ដំណើររឿង​ដែល​យើង​បាន​បង្កើត​សម្រាប់​ករណី​យើង​នេះ ។

ទោះជា​ការសួរ​សាក្សី​នូវ​សំណួរ ដែល​យើង​មិន​ដឹង​ពី​ចម្លើយ ជាទូទៅ​គឺជា​រឿង​មិន​ឆ្លាតវៃ​សម្រាប់​មេធាវី​កាន់​ក្ដី ក៏​ការសួរ​ដូច្នេះ​គឺមាន​ពិត​ចំពោះ​ពួកយើង​ដែរ ។ យើង​អាច​សួរ​សំណួរ​ដល់​ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង​នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ​ដ៏មេត្តា​ករុណា​របស់​យើង ហើយសាក្សី​ដែល​ឆ្លើយនឹង​សំណួរ​របស់​យើង គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ​តែងតែ​ធ្វើ​ទីបន្ទាល់​អំពី​សេចក្ដីពិត​ជានិច្ច ។ ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​សាមគ្គីភាព​យ៉ាងល្អ​ឥតខ្ចោះ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ដឹង​ថា ការបើក​សម្ដែង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​អាច​ទុកចិត្ត​បាន ។ អញ្ចឹង ហេតុអ្វី​ពេលខ្លះ​យើង​រឹង​ទទឹង​មិនព្រម​ទូលសូម​ជំនួយ​សួគ៌ា​ប្រភេទ​នេះ ជា​សេចក្ដីពិត​ដែល​បើក​សម្ដែង​ដល់​យើង​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ តុអ្វី​យើង​ពន្យារពេល​សួរ​សំណួរ ដែល​យើង​មិន​ដឹង​ពី​ចម្លើយ ទោះ​សាក្សី​អង្គ​នេះ​មិន​ត្រឹមតែ​រួសរាយ​ ប៉ុន្ដែ​ថែមទាំង​ប្រាប់​យើងពី​សេចក្ដីពិត​គ្រប់​ពេលវេលា​ទៀតផងនោះ ?

​ប្រហែល​ដោយសារតែ​យើង​ពុំមាន​សេចក្ដី​ជំនឿ​ទទួល​យក​ចម្លើយ​ដែល​យើង​អាច​នឹង​ទទួល​បាននោះ ។ ​ប្រហែល​ដោយសារ​ធម្មជាតិ​ជា​បុរស​ឬ​ស្ត្រី​ដែល​នៅក្នុង​រូបកាយ​យើង រឹង​ទទឹង​មិន​ចង់​ប្រគល់​អ្វីៗ ទាំងអស់ ថ្វាយព្រះអម្ចាស់ ហើយ​ទុកចិត្ត​លើ​ទ្រង់ ទាំងស្រុង ។ ប្រហែល​នោះជា​មូលហេតុ​ដែល​យើង​ជ្រើសរើស​នៅជាប់​នឹង​ដំណើររឿង ដែល​យើង​បាន​និពន្ធ​សម្រាប់​ខ្លួនឯង ជា​កំណែ​ដែល​ងាយស្រួល​សម្រាប់​ដំណើររឿង​យើង ដែល​មិន​បាន​កែសម្រួល​ដោយ​លោកចៅហ្វាយ​ចាងហ្វាង​និពន្ធ​ ។ យើង​មិន​ចង់​សួរ​សំណួរ ហើយ​ទទួល​បាន​ចម្លើយ​ដែល​មិន​ត្រូវគ្នា​នឹង​ដំណើររឿង ដែល​យើង​កំពុង​និពន្ធ​សម្រាប់​ខ្លួនឯង​នេះ​ទេ ។

និយាយតាម​ត្រង់ទៅ ពួកយើង​មួយ​ចំនួន​តូច​ប្រហែលជា​និពន្ធ​ដំណើររឿង​ពី​ការសាកល្បង ដែល​នឹង​សម្រិត​សម្រាំង​យើង នៅក្នុង​ដំណើររឿង​របស់​យើង ។ ប៉ុន្ដែ តើ​យើង​មិន​ចូលចិត្ត​ចុងបញ្ចប់​រឿង​ ដែល​យើង​អាន​ហើយ តួឯក​យកឈ្នះ​លើ​ឧបសគ្គ​បាន​យ៉ាង​ល្អ​ទេ​ឬ​អី ? ការសាកល្បង​គឺជា​ធាតុផ្សំ​នៃ​សាច់រឿង ដែល​ធ្វើឲ្យ​ដំណើររឿង​ដែល​យើង​ចូលចិត្ត​នោះ គួរឲ្យ​ចាប់​អារម្មណ៍ មិន​ចេះចប់ លើក​តម្កើង​សេចក្ដី​ជំនឿ និង​មាន​តម្លៃ ។ ឧបសគ្គ​ដ៏ល្អ​ដែល​បញ្ចូល​ទៅក្នុង​ដំណើររឿង របស់​យើង គឺជា​អ្វី​ដែល​នាំ​យើង​ខិត​ទៅ​កាន់តែ​ជិត​ព្រះអង្គ​សង្គ្រោះ និង​សម្រាំង​យើង ធ្វើ​ឲ្យ​កាន់តែ​ដូចជា​ទ្រង់ ។

ដើម្បី​ឲ្យ​ដាវីឌ​យកឈ្នះ​កូលីយ៉ាត​បាន ដាវីឌ​ត្រូវ​ឡើង​ជិះ​លើ​មនុស្ស​មាឌធំ​នោះ ។ ដំណើររឿង​ស្រួលៗ​សម្រាប់​ដាវីឌ គួរតែ​ជា​ការត្រឡប់​ទៅ​មើល​ចៀម ។ ប៉ុន្ដែ​ផ្ទុយ​ទៅ​វិញ លោក​បាន​ពិចារណា​ពី​បទពិសោធន៍​របស់​លោក​ក្នុង​ការសង្គ្រោះ​កូនចៀម​ពី​សត្វតោ និង​ខ្លា​ឃ្មុំ ។ ហើយ​ដោយ​បន្ថែម​ទៅលើ​ទង្វើ​ជា​វីរបុរស​ទាំង​នោះ លោក​បាន​ប្រមូល​សេចក្ដី​ជំនឿ និង​សេចក្ដី​ក្លាហាន ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះ​កំណត់ពី​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ជីវិត​របស់​លោក ដោយ​ការប្រកាស​ថា « ឯ​ព្រះយេហូវ៉ា ជា​ព្រះ​ដែល​បាន​ជួយ​ទូលបង្គំ ឲ្យ​រួច​ពី​ក្រចក​សិង្ហ និង​ខ្លាឃ្មុំ ទ្រង់​ក៏​នឹង​ជួយ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​សាសន៍​ភីលីស្ទីន​នោះ​ដែរ » ។ ដោយ​មាន​បំណង​ប្រាថ្នា​ទុកឲ្យ​ព្រះ​ឈ្នះ ដោយ​ការស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ និង​មាន​ឆន្ទៈ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​នៃ​ដំណើររឿង​របស់​លោក នោះ​កុមារា​ដាវីឌ​បាន​បង្រា្កប​កូលីយ៉ាត និង​បាន​សង្គ្រោះ​ប្រជាជន​លោក ។

ពិតណាស់ គោលការណ៍​ដ៏ពិសេស​នៃ​សិទ្ធិ​ជ្រើសរើស​អនុញ្ញាត​ឲ្យយើង​និពន្ធ​ដំណើររឿង​របស់​យើង ផ្ទាល់ បាន—ដាវីឌ​អាច​ទៅ​ផ្ទះ​វិញ ដើម្បី​ទៅមើល​ចៀម​បាន ។ ប៉ុន្ដែ​ព្រះយេស៊ូវ​គ្រីស្ទ​ត្រៀម​ព្រះកាយ ដើម្បី​ប្រើ​យើង​ជា​ឧបករណ៍​ដ៏ទេវភាព ជា​ខ្មៅដៃ​ដ៏ស្រួច​នៅក្នុង​ព្រះហស្ដ​ទ្រង់ ដើម្បី​និពន្ធ​រឿង​ស្នាដៃ​ឯក ! ទ្រង់​ស្ម័គ្រ​ព្រះទ័យ​ដោយ​សេចក្ដី​មេត្តា​ដើម្បី​ប្រើ​ខ្ញុំ ជា​ខ្មៅដៃ​ដ៏រិចរិល ឲ្យ​ធ្វើជា​ឧបករណ៍​នៅក្នុង​ព្រះហស្ដ​ទ្រង់ បើ​ខ្ញុំ​មាន​សេចក្ដី​ជំនឿ បើ​ខ្ញុំ​នឹង​អនុញ្ញាត​ឲ្យ​ទ្រង់​និពន្ធ​ដំណើររឿង​របស់​ខ្ញុំ​នោះ ។

នាង​អេសធើរ​គឺជា​គំរូ​ដ៏ប្រពៃ​មួយ​ទៀត នៃ​ការទុកឲ្យ​ព្រះ​ឈ្នះ ។ ជាជាង​ប្រកាន់​ខ្ជាប់​នឹង​ដំណើររឿង​ដ៏ប្រុង​ប្រយ័ត្ន​ដើម្បី​ការពារ​ខ្លួនឯង នាង​បាន​អនុវត្ត​សេចក្ដី​ជំនឿ ដោយ​ទុកចិត្ត​លើ​ព្រះអម្ចាស់​ទាំងស្រុង ចំពោះ​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ជីវិត​នាង ។​ ហាម៉ាន បាន​គ្រោង​បំផ្លាញ​ពួកសាសន៍​យូដា​នៅ​ស្រុក​ពើស៊ី​ចោល​ទាំងអស់ ។ ម៉ាដេកាយ ដែលជា​សាច់ញាតិ​របស់​នាង​អេសធើរ បាន​ដឹង​ពី​គម្រោងការ​នេះ ហើយ​បាន​សរសេរ​សំបុត្រ​ប្រាប់​នាង ដោយ​ទទូច​សុំ​ឲ្យ​នាង​ទៅទូល​ស្ដេច​ជំនួសឲ្យ​ប្រជាជន​របស់​នាង ។ នាង​បាន​រ៉ាយរ៉ាប់​ទៅ ម៉ាដេកាយ​ថា អ្នកដែល​ទៅគាល់​ស្ដេច​ដោយ​គ្មាន​ការអញ្ជើញ​នឹង​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ។ ប៉ុន្ដែ​ដោយ​ទង្វើ​នៃ​សេចក្ដី​ជំនឿ​ដ៏អស្ចារ្យ នាង​បានសូម​ឲ្យ ម៉ាដេកាយ​ប្រមូល​ពួកសាសន៍​យូដា ហើយ​តម​អាហារ​សម្រាប់​នាង ។ នាង​បាន​ពោល​ថា « ឯ​ខ្ញុំ និង​ពួកស្រី​បម្រើ​របស់​ខ្ញុំ ក៏​នឹង​តម​ដូច្នោះ​ដែរ យ៉ាង​នោះ ខ្ញុំ​នឹង​ចូល​ទៅ​គាល់​ស្តេច ដែល​ជា​ការខុស​ច្បាប់​ហើយ​បើ​ខ្ញុំ​ត្រូវ​ស្លាប់ ក៏​ស្លាប់​ទៅ​ចុះ » ។

នាង​អេសធើរ​បាន​ស្ម័គ្រចិត្ត​អនុញ្ញាត​ឲ្យ​ព្រះអង្គ​សង្គ្រោះ​និពន្ធ​ដំណើររឿង​របស់​នាង ទោះជា​តាម​ទស្សនវិស័យ​ជីវិត​រមែង​ស្លាប់ ទីបញ្ចប់​រឿង​អាច​នឹង​យំសោក​ក្ដី ។ ដោយ​មាន​ពរជ័យ ស្ដេច​បាន​ទទួល​នាង​អេសធើរ នោះ​ពួកសាសន៍​យូដា​នៅ​ស្រុក​ពើស៊ី​ត្រូវបាន​សង្គ្រោះ ។

ពិតណាស់ យើង​កម្រ​នឹង​ត្រូវគេ​សុំឲ្យ​មាន​កម្រិត​សេចក្ដី​ក្លាហាន​ដូច​នាង​អេសធើរ​ណាស់ ។ ប៉ុន្ដែ​ការទុក​ឲ្យ​ព្រះ​ឈ្នះ ការអនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​យើង ពិតជា​តម្រូវ​ឲ្យយើង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​សេចក្ដី​សញ្ញា​ដែល​យើង​បានចុះ ។ គឺ​តាមរយៈ​ការរក្សា​ព្រះបញ្ញត្តិ និង​សេចក្ដី​សញ្ញា​របស់​យើង ទើប​បើក​ឲ្យមាន​ការប្រាស្រ័យ​ទាក់ទង​មួយ ដើម្បី​ឲ្យយើង​ទទួល​បាន​វិវរណៈ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ហើយ​តាមរយៈ​ការបើក​សម្ដែង​នៃ​ព្រះវិញ្ញាណ ទើប​យើង​ស្គាល់​ព្រះហស្ដ​របស់​លោក​ចៅហ្វាយ ដែល​កំពុង​និពន្ធ​ដំណើររឿង​របស់​យើង​ជាមួយ​យើង ។

នៅ​ខែ មេសា ឆ្នាំ ២០២១ ព្យាការី​របស់​យើង​ប្រធាន រ័សុល អិម ណិលសុន បាន​សុំឲ្យ​យើង​ពិចារណា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នោះ ។ ការមាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ យើង​អាច​សួរ​សំណួរ​ដែល​យើង​មិន​ដឹងពី​ចម្លើយ​បាន—ទូលសួរ​ព្រះវរបិតា​យើង​ដែល​គង់នៅ​ស្ថានសួគ៌ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​បញ្ជូន​ចម្លើយ​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីពិត ។ ប្រសិនបើ​យើង​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង នោះ​យើង​នឹង​សួរ​សំណួរ​នេះ រួចហើយ​ស្ម័គ្រចិត្ត​ទទួល​យក​ចម្លើយ ដែល​យើង​ទទួល​បាន ទោះបី​វា​មិន​ត្រូវនឹង​ដំណើររឿង​ងាយៗ​របស់​យើង​ក្ដី ។ ហើយ​ពរជ័យ​ដែល​បាន​សន្យា ដែល​នឹង​កើតមាន​ដោយសារ​ការធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ការកើនឡើង​នៃ​សេចក្ដី​ជំនឿ​លើ​ទ្រង់ ដែល​ជា​មេផ្ដើម និង​ជា​មេសម្រេច​របស់​យើង ។ ប្រធាន ណិលសុន បាន​ប្រកាស​ថា យើង​នឹង « ទទួល​ជំនឿ​បន្ថែមទៀត តាមរយៈ​ការធ្វើ​អ្វីមួយ​ដែល តម្រូវ​ឲ្យមាន​ជំនឿ​បន្ថែម » ។

ដូច្នេះ ប្ដីប្រពន្ធ​ដែល​គ្មាន​លទ្ធភាព​មាន​កូន​បាន អាច​សូម​ដោយ​សេចក្ដី​ជំនឿ​ថា តើ​ពួកគេ​គួរតែ​សុំកូន​មក​ចិញ្ចឹម ហើយ​ស្ម័គ្រចិត្ត​ទទួល​យក​ចម្លើយ​នោះ​ដែរ​ឬទេ ទោះជា​ដំណើររឿង​ដែល​ពួកគេ​បាន​និពន្ធ​សម្រាប់​ខ្លួនឯង គឺជា​ការបង្កើត​កូន​ដោយ​អព្ភូតហេតុ​ក្ដី ។

ប្ដីប្រពន្ធ​រៀមច្បង​អាច​ទូលសូម​ថា តើ​វាជា​ពេល​ដែល​ពួកគេ​ត្រូវ​បម្រើ​បេសកកម្ម ហើយ​ស្ម័គ្រចិត្ត​ទៅ​ឬអត់ ទោះជា​ដំណើររឿង​ដែល​ពួកគេ​បាន​សរសេរ​សម្រាប់​ខ្លួន គឺជា​ការមាន​ពេលវេលា​ធ្វើការ​បន្ថែម​ទៀត​ក្ដី ។ ឬ​ចម្លើយ​អាច​នឹង​ជា « មិន​ទាន់​ទេ » ហើយ​ពួកគេ​នឹង​ដឹង​ពីក្នុង​ជំពូក​ក្រោយៗ​នៃ​ដំណើររឿង​របស់​ពួកគេ ពី​មូលហេតុ​ដែល​ពួកគេ​ត្រូវ​នៅផ្ទះ​បន្ដិច​ទៀត​សិន ។

យុវជន ឬ​យុវនារី​វ័យ​ជំទង់​អាច​សួរ​ដោយ​សេចក្ដី​ជំនឿ​ថា តើ​ការខិតខំ​ខាង​កីឡា ឬ​ការអប់រំ ឬ​តន្ដ្រី​មាន​តម្លៃ​ខ្លាំង​បំផុត​ឬ​ក៏​អត់ ហើយ​ស្ម័គ្រចិត្ត​ធ្វើតាម​ការបំផុស​គំនិត​នៃ​សាក្សី​ដ៏ល្អ​ឥតខ្ចោះ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ហេតុអ្វី​យើង​ចង់ឲ្យ​ព្រះអង្គ​សង្គ្រោះ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​យើង ? ដោយសារ​ទ្រង់​ជ្រាបពី​សក្ដានុពល​របស់​យើង​យ៉ាងល្អ​ឥតខ្ចោះ ទ្រង់​នឹង​នាំយើង​ទៅ​កន្លែង ដែល​យើង​មិន​អាច​ស្រមៃ​ចេញ​ដោយ​ខ្លួនឯង ។ ទ្រង់​អាច​ធ្វើឲ្យ​យើង​ក្លាយជា​ដាវីឌ ឬ​នាង​អេសធើរ ។ ទ្រង់​នឹង​លុតដំ​យើង ហើយ​សម្រិត​សម្រាំង​យើង ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ អ្វីៗ​ដែល​យើង​នឹង​សម្រេច​បាន នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​មាន​សេចក្ដី​ជំនឿ​កាន់តែ​ខ្លាំង នឹង​បង្កើន​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។

បង​ប្អូន​ប្រុស​ស្រី ទើបតែ​មួយ​ឆ្នាំ​កន្លង​ទៅ ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង​បាន​សួរ ៖ « តើ បងប្អូន ស្ម័គ្រចិត្ត​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដែរ​ឬទេ ? … តើបងប្អូន ស្ម័គ្រចិត្ត ទុកឲ្យ​អ្វី​ក៏​ដោយ​ដែល​ទ្រង់​ចង់ឲ្យ​បងប្អូន​ធ្វើ មាន​អាទិភាព​ជាង​មហិច្ឆិតា​ផ្សេងទៀត​ទាំងអស់​ដែរ​ឬ​ទេ ? » ខ្ញុំ​សូម​បន្ថែម​លើ​សំណួរ​ទាំងនោះ​របស់​ព្យាការី​ដោយ​រាបសា​ថា « តើ​បងប្អូន​នឹង​អនុញ្ញាត​ឲ្យ​ព្រះ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​បងប្អូន​ដែរ​ឬទេ ? »

នៅក្នុង​គម្ពីរ​វិវរណៈ យើង​រៀន​ថា យើង​នឹង​ឈរ​នៅចំពោះ​មុខ​ព្រះ ហើយ​ទទួល​ការជំនុំ​ជម្រះ​ចេញពី​បញ្ជី​ជីវិត ស្របតាម​កិច្ចការ​របស់​យើង ។

យើង​គួរតែ​ត្រូវ​ជំនុំ​ជម្រះ​តាម​បញ្ជី​ជីវិត​របស់​យើង ។ យើង​អាច​ជ្រើសរើស​ដើម្បី​សរសេរ​ដំណើររឿង​ងាយៗ​សម្រាប់​ខ្លួនយើង​បាន ។ ឬ​យើង​អាច​អនុញ្ញាត​ឲ្យ​លោកចៅហ្វាយ​មេផ្ដើម និង​មេបញ្ចប់ និពន្ធ​ដំណើររឿង​របស់​យើង​ជាមួយ​យើង ដោយ​អនុញ្ញាត​ឲ្យ​តួ​ដែល​ទ្រង់​តម្រូវឲ្យ​យើងសម្ដែង​នោះ មាន​អាទិភាព​លើ​មហិច្ឆិតា​ផ្សេងទៀត ។

សូម​អនុញ្ញាតឲ្យ​ព្រះគ្រីស្ទ​ធ្វើជា​មេ​ផ្តើម ហើយ​ជា​មេ​សម្រេច​ដំណើររឿង​របស់​បងប្អូន !

សូម​អនុញ្ញាតឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​សាក្សី​របស់​បងប្អូន !

សូម​និពន្ធ​ដំណើររឿង ដែល​មាន​ផ្លូវ​ត្រង់​ឲ្យ​បងប្អូន​ដើរ ជា​ផ្លូវ​មួយ​ដែល​នាំ​បងប្អូន​ត្រឡប់​ទៅ​ផ្ទះ​សួគ៌ា​វិញ ដើម្បី​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ ។

​សូមឲ្យ​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើររឿង​ដ៏ល្អ​ទាំងអស់ ក្លាយជា​មធ្យោបាយ​ដែល​បងប្អូន​នឹង​ខិតទៅ​កាន់តែ​ជិត និង​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ប្រាប់ពី​ដំណើររឿង​ដែល​បងប្អូន​ដឹង​ថា ស្ថានសួគ៌​បើក​ចំហ ។ សូម​សួរ​សំណួរ​ដែល​បងប្អូន​មិន​ដឹង​ពី​ចម្លើយ ដោយ​ដឹង​ថា ព្រះ​ស្ម័គ្រ​ព្រះទ័យ​ប្រាប់​បងប្អូន​ពី​ព្រះហឫទ័យ​របស់​ទ្រង់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូមឲ្យ​ដំណើររឿង​របស់​បងប្អូន​ជា​ដំណើររឿង​នៃ​សេចក្ដី​ជំនឿ ដោយ​ធ្វើតាម​អង្គ​គំរូ​របស់​បងប្អូន គឺ​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕