សន្និសីទទូទៅ
សូមធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សូមធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ

ការធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ គឺ​ជា​ការខិតខំ​កែតម្រូវ​សកម្មភាព ទង្វើ និង​ជីវិត​របស់​យើង​ឲ្យ​ស្របតាម​ព្រះអង្គ​សង្គ្រោះ ។

នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ខ្ញុំ​បាន​ស្ញើច​សរសើរ​ដល់​ការប្រែចិត្ត​ជឿ​របស់ សុល ជា​អ្នក​ស្រុក​តើសុស ដែល​ក្រោយ​មក​ត្រូវគេ​ស្គាល់​ថា​ជា ប៉ុល ដូច​បាន​ពិពណ៌នា​ក្នុង​ព្រះគម្ពីរ​ប៊ីប ។

ប៉ុល គឺ​ជា​មនុស្ស​សកម្ម​ក្នុង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ដល់​សាសនាចក្រ និង​ពួក​គ្រីស្ទាន ។ ប៉ុន្ដែ​ដោយសារ​អំណាច​នៃ​ស្ថានសួគ៌ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​លោក​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង ហើយ​លោក​បាន​ក្លាយ​ជា​អ្នក​បម្រើ​ដ៏​អស្ចារ្យ​ម្នាក់​របស់​ព្រះ ។ ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​គំរូ​ក្នុង​ការរស់នៅ​របស់​លោក ។

នៅ​ក្នុង​ការបង្រៀន​មួយ​របស់​ប៉ុល​ទៅ​កាន់​ពួក​កូរិនថូស លោក​បាន​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើ​ជា​អ្នកត្រាប់​តាម​លោក ដូច​ដែល​លោក​ផ្ទាល់​បាន​ត្រាប់តាម​ព្រះគ្រីស្ទ​ដែរ ( សូមមើល កូរិនថូស ទី១ ១១:១ ) ។ នេះ​គឺជា​ការអញ្ជើញ​ដ៏ស្មោះសរ និង​មាន​សុពលភាព​មួយ តាំងពី​ជំនាន់​របស់​ប៉ុល​រហូត​ដល់​សព្វថ្ងៃ​នេះ ៖ ធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ ។

ខ្ញុំ​ចាប់ផ្ដើម​ពិចារណា​ពី​អត្ថន័យ​នៃ​ការធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ ។ ហើយ​អ្វី​ដែល​កាន់តែ​សំខាន់​ទៅទៀតនោះ​គឺ ខ្ញុំ​ចាប់ផ្ដើម​សួរ​ថា « តើ​ខ្ញុំ​គួរតែ​ត្រាប់តាម​ទ្រង់​ដោយ​របៀប​ណា ? »

ការធ្វើជា​អ្នកត្រាប់​តាម​ព្រះគ្រីស្ទ គឺ​ជា​ការខិតខំ​កែតម្រូវ​សកម្មភាព ទង្វើ និង​ជីវិត​របស់​យើង​ឲ្យ​ស្របតាម​ព្រះអង្គ​សង្គ្រោះ ។ វា​គឺជា​ការមាន​គុណធម៌ ។ វា​គឺជា​ការធ្វើជា​សិស្ស​ដ៏ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​បាន​សិក្សា​ផ្នែក​មួយ​ចំនួន​នៃ​ព្រះជន្ម​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ខ្ញុំ​បាន​រក្សា​ទុក ហើយធ្វើ​ជាផ្នែក​មួយ​នៃ​សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ គឺអំពី​គុណសម្បត្តិ​ទាំងបួន​របស់​ទ្រង់ ដែល​ខ្ញុំ​ព្យាយាម​ត្រាប់តាម ហើយ​ខ្ញុំ​នឹង​ចែកចាយ​ជាមួយ​បងប្អូន ។

គុណសម្បត្តិ​​ទីមួយ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ការបន្ទាប​ព្រះអង្គ ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់​បន្ទាប​ព្រះអង្គ​ខ្លាំងណាស់ នៅក្នុង​ព្រះជន្ម​មុន​ព្រះជន្ម​នៅលើ​ផែនដីនេះ ។ នៅឯ​ក្រុមប្រឹក្សា​ស្ថានសួគ៌ ទ្រង់​បាន​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ព្រះទ័យ​របស់​ព្រះ​ឈ្នះ នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​សម្រាប់​មនុស្ស​លោក ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ព្រះវរបិតា​អើយ សូម​ឲ្យ​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច ហើយ​សូម​ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ជា​របស់​ផង​ព្រះអង្គ​រហូត » ( ម៉ូសេ ៤:២ ) ។

យើង​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​ពី​ការបន្ទាប​ខ្លួន ហើយ​បាន​បន្ទាប​ព្រះអង្គ​ទ្រង់ ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះវរបិតា​ទ្រង់ ។

ចូរ​យើង​រស់នៅ​ដោយ​ការបន្ទាប​ខ្លួន ព្រោះ​វា​នាំមក​នូវ​សេចក្ដី​សុខសាន្ដ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៩:២៣ ) ។ ការបន្ទាប​ខ្លួន​នាំមុខ​សិរីល្អ ហើយ​វា​នាំឲ្យ​ព្រះ​សព្វ​ព្រះទ័យ​ចំពោះ​យើង ៖ « ​មាន​ចិត្ត​សុភាព​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ពី​ព្រោះ​ទ្រង់​តែង​តតាំង​នឹង​មនុស្ស​អួត​អាង តែ​ផ្តល់​ព្រះគុណ​ដល់​ពួក​រាបសា​វិញ » ( ពេត្រុស ទី១ ៥:៥ ) ។ ការបន្ទាប​ខ្លួន​នាំមក​នូវ​ចម្លើយ​ដ៏រាបសា ។ វា​គឺជា​ប្រភព​នៃ​បុគ្គលិក​លក្ខណៈ​ដ៏សុចរិត ។

អែលឌើរ ឌេល ជី រេនឡាន់ បាន​បង្រៀន ៖

« បុគ្គល​ដែល​ដើរ​ជាមួយ​ព្រះ​ដោយ​រាបសារ ចងចាំ​នូវ​អ្វី​ដែល​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​សម្រាប់​ពួកគេ » ។

« យើង​ប្រព្រឹត្ត​ដោយ​ស្មោះត្រង់​ចំពោះ​ព្រះ​ដោយ​ការដើរ​ជាមួយ​នឹង​ទ្រង់​ដោយ​ចិត្ត​រាបសា » ( « Do Justly, Love Mercy, and Walk Humbly with God » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ១១១, ១០៩ ) ។

​គុណសម្បត្តិ​​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​សេចក្តីក្លាហាន ពេល​ខ្ញុំ​គិត​ដល់​ព្រះយេស៊ូវ​គ្រីស្ទ​កាលនៅ​ព្រះជន្ម ១២ ព្រះវស្សា ដែល​គង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ​ក្នុង​ចំណោម​ពួកបណ្ឌិត​ច្បាប់ ហើយ​បង្រៀន​ពួកគេ​ពី​ការណ៍​ដ៏ទេវភាព នោះ​ខ្ញុំ​កត់​ចំណាំ​ថា តាំងពី​វ័យក្មេង​មកម្ល៉េះ ទ្រង់​បាន​មាន​សេចក្ដី​ក្លាហាន​ជាស្រេច ជា​សេចក្ដី​ក្លាហាន​ដ៏ពិសេស​មួយ ។ ខណៈ​មនុស្ស​ភាគច្រើន​រំពឹង​ចង់​ឃើញ​កុមារាត្រូវ​ទទួល​ការបង្រៀន​ពី​ពួកបណ្ឌិត​ច្បាប់ តែ​ទ្រង់​បែរជា​បង្រៀនដល់​ពួកគេវិញកាល « ពួក​អាចារ្យ​កំពុងតែ​ស្ដាប់​ទ្រង់ ហើយ​សួរ​ទ្រង់​នូវ​សំនួរ​ទាំងឡាយ » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ, លូកា ២:៤៦ [ នៅ​ក្នុង លូកា ២:៤៦លេខ​យោង  ] ) .

យើង​បាន​បម្រើ​បេសកកម្ម​ពេញម៉ោង​នៅក្នុង​បេកកម្ម អិមប៊ូជី‑ម៉ាយី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ ពី​ឆ្នាំ ២០១៦ ដល់ ២០១៩ ។ ការធ្វើ​ដំណើរ​នៅ​ក្នុង​បេសកកម្ម​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត គឺ​តាម​ផ្លូវលំ ។ មានហេតុការណ៍​មួយ​បាន​កើតឡើង​នៅ​លើ​ផ្លូវលំនៅ​តំបន់​នោះ ដោយពួក​ចោរប្លន់​មានកាំបិត​ជាអាវុធ​មកស្ទាក់ផ្លូវ ហើយធ្វើឲ្យ​រំខាន​ដល់​ចរាចរណ៍​របស់​អ្នកធ្វើ​ដំណើរទាំងឡាយ ។

ពួកអ្នកផ្សព្វផ្សាយ​សាសនា​ប្រាំរូប ដែលប្តូរតំបន់​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់នោះ​ទៅ​តំបន់​មួយទៀត បានរងគ្រោះ​ក្នុង​ហេតុការណ៍នោះ ។ ​ធ្លាប់ជា​ជនរងគ្រោះដោយ​ផ្ទាល់ពីមុន​នៃ​ហេតុការណ៍នេះ​ នោះ​យើង​ចាប់ផ្ដើម​ខ្លាច​បាត់បង់​ជីវិត និង​សុវត្ថិភាព​របស់​ពួកយើង​ទាំងអស់​គ្នា ថែមទាំង​ស្ទាក់ស្ទើរ​មិន​ចង់​ធ្វើ​ដំណើរ​លើ​ផ្លូវ​ទាំងនេះ ដើម្បី​ទៅជួប​អ្នកផ្សព្វផ្សាយ​សាសនា និង​ធ្វើ​សន្និសីទ​តំបន់​ឡើយ ។ យើង​មិន​ដឹង​ថា តើ​វា​នឹង​ត្រូវ​បញ្ចប់នៅពេលណា​នោះទេ ។ ខ្ញុំ​បាន​សរសេរ​របាយការណ៍មួយ​ផ្ញើ​ទៅកាន់​គណៈប្រធាន​តំបន់ ហើយ​ខ្ញុំ​បាន​បង្ហាញ​អារម្មណ៍​ភ័យខ្លាច​របស់​យើង​អំពី​ការបន្ដ​ធ្វើ​ដំណើរ ព្រោះ​ផ្លូវ​នេះ​គឺជា​ផ្លូវ​តែមួយ​គត់ ដើម្បី​ទៅជួប​នឹង​ពួកអ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង ។

អែលឌើរ ខេវីន ហាមីលថុន ដែល​ជា​ប្រធាន​តំបន់​អាហ្វ្រិក​ភាគ​អាគ្នេយ៍​របស់​យើង បាន​សរសេរ​តប​មកខ្ញុំ​វិញ ៖ « ដំបូន្មាន​របស់​ខ្ញុំ​គឺថា ត្រូវ​ធ្វើឲ្យ​អស់ពី​លទ្ធភាព​របស់​ប្រធាន ។ ប៉ុន្តែ​ ចូរ​ឈ្លាសវៃ និង​ពេញ​ដោយ​ការអធិស្ឋាន ះ សូម​ឆ្ពោះ​ទៅមុខ​ដោយ​សេចក្ដី​ជំនឿ ។ ‹ ដ្បិត​ព្រះទ្រង់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ ដែល​តែង​តែ​ខ្លាច​ឡើយ គឺ​ឲ្យ​មាន​វិញ្ញាណ​ដ៏​មាន​អំណាច សេចក្តី​ស្រឡាញ់ និង​ប្រាជ្ញា​នឹងធឹង​វិញ › ( ធីម៉ូថេ ទី២ ១:៧ ) ។

ការដាស់តឿន​នេះ​បាន​ពង្រឹងដល់យើង​យ៉ាងខ្លាំង ហើយ​អនុញ្ញាត​ឲ្យយើង​បន្ដ​ធ្វើ​ដំណើរ និង​បម្រើ​ដោយ​សេចក្ដី​ក្លាហាន រហូត​ដល់​ចប់​បេសកកម្ម​របស់​យើង ដោយសារ​យើង​បាន​ស្ដាប់តាម​ការដឹកនាំ​មកពី​ព្រះវរបិតា​របស់​យើង ដែល​គង់​នៅ​ស្ថានសួគ៌​តាមរយៈ​បទគម្ពីរ​នោះ ។

នៅក្នុង​ព្រះគម្ពីរ​សម័យ​ទំនើប យើង​អាន​ពាក្យ​សម្ដី​ដ៏បំផុស​គំនិត​របស់​ព្យាការី យ៉ូសែប ស៊្មីធ ដែល​ឆ្លុះបញ្ចាំង​ពី​ការលើក​ទឹកចិត្ត​របស់​ព្រះអម្ចាស់​ដល់​យើង ៖ « បងប្អូន​អើយ តើ​យើង​នឹង​មិន​ទៅមុខ ដោយសារ​ចលនា​ដ៏ធំ​មហិមា​នេះ​ឬ ? ចូរ​ទៅ​មុខ ហើយ​កុំ​ថយ​ក្រោយ​ឡើយ ។ បងប្អូន​អើយ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ ហើយ​ចូរ​ទៅ ចូរ​ទៅ ទៅ​រក​ជ័យ​ជម្នះ ! » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២២ ) ។

ចូរ​យើង​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ទោះជា​វា​មិន​ល្បីល្បាញ​ក្ដី—តែ​វាជា​សេចក្ដី​ក្លាហាន​ដើម្បី​ការពារ​សេចក្ដី​ជំនឿ​របស់​យើង និង​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ។ ចូរ​យើង​មាន​សេចក្ដី​ក្លាហាន​ដើម្បី​ប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ជា​សេចក្ដី​ក្លាហាន​ដើម្បី​ទទួល​យក​ព្រះទ័យ​របស់​ព្រះ និង​គោរពតាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ង​ការទទួល​ខុសត្រូវ និង​តំណែង​ផ្សេងៗ​របស់​យើង ។

គុណសម្បត្តិ​ទីបី​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ការអភ័យទោស អំឡុង​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​រារាំង​មិនឲ្យ​គេ​ចោលថ្ម​លើ​ស្ដ្រី​ម្នាក់ ដែល​បាន​ប្រព្រឹត្ត​កំផិត ។ ទ្រង់​បាន​មាន​បន្ទូល​ទៅនាង​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​នាង​ឆ្ពោះ​ទៅរក​ការប្រែចិត្ត និង​ចុង​បញ្ចប់ ការអភ័យទោស ដូច​ដែល​ព្រះគម្ពីរ​បាន​កត់ត្រា​ថា « ស្ត្រី​នោះ​បាន​សរសើរ​ដល់​ព្រះ និង​ជឿ​លើ​ព្រះនាម​ទ្រង់​តាំង​ពី​ពេល​នោះ​មក » ( ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ យ៉ូហាន ៨:១១ [ នៅ​ក្នុង យ៉ូហាន ៨:១១លេខ​យោង  ] ) ។

នៅក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស​នៅ​ខែ ធ្នូ ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន ជាទី​ស្រឡាញ់​របស់​យើង​បាន​ថ្លែង​អំពី​អំណោយទាន​ទាំងបួន ដែល​យើង​ទទួល​បាន​ពី​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​ថ្លែង​ថា អំណោយទាន​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​ប្រទាន​មក​គឺ លទ្ធភាព​ដើម្បី អភ័យទោស

« តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រម​ទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ភាពឃោរឃៅ ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។

« ជាធម្មតា វា​ងាយស្រួល​ដើម្បី​អភ័យ​ទោស​ដល់​មនុស្ស​ដែល​ស្វែងរក​ការអភ័យ​ទោស​ពី​បងប្អូន​ដោយ​ស្មោះ និង​ដោយ​រាបសា យ​បងប្អូន​នូវ​សមត្ថភាព​ក្នុង​ការអភ័យទោស​ដល់​អស់​អ្នក​ដែល​បាន​ធ្វើ​បាប​ដល់​បងប្អូន​តាម​វិធី​ណា​ក៏​ដោយ » ( « Four Gifts That Jesus Christ Offers to You » [ ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈ​ប្រធាន​ទី​មួយ ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ] នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ) ។

ចូរ​យើង​អភ័យទោស​ឲ្យគ្នា​ទៅវិញ​ទៅមក​ដោយ​ស្មោះសរ ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​ព្រះវរបិតា​ដែរ ។ ការអភ័យទោស​រំដោះ​យើង​ឲ្យមាន​សេរីភាព និង​ធ្វើឲ្យ​យើង​ស័ក្ដិសម​នឹង​ទទួល​ទាន​សាក្រាម៉ង់​រាល់​ថ្ងៃ​អាទិត្យ ។ ការអភ័យទោស​តម្រូវ​ឲ្យ​យើង​ធ្វើ​ជា​សិស្ស​ដ៏​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

គុណសម្បត្តិ​ទីបួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ពលិកម្ម វា​គឺជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បានធ្វើ​ពលិកម្ម​ដ៏មហិមា ជា​ការប្រទាន​ព្រះជន្ម​របស់​ទ្រង់​ឲ្យយើង ដើម្បី​យើង​អាច​បាន​ប្រោសលោះ ។ ដោយ​រង​ការឈឺចាប់​នៃ​ពលិកម្ម នោះ​ទ្រង់​បាន​ទូលសូម​ព្រះវរបិតា​ទ្រង់​ឲ្យ​ដក​ពែង​នេះ​ចេញទៅ ប៉ុន្ដែ​ទ្រង់​បាន​បន្ដ​ដល់​ចុងបញ្ចប់​នៃ​ពលិកម្ម​ដ៏អស់កល្ប​នេះ ។ នេះ​គឺជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន​ដូច្នេះ ៖ « ពលិកម្ម​គឺ​ជា​ការបង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​ដ៏សុទ្ធសាធ ។ កម្រិត​នៃ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ចំពោះ​ដំណឹងល្អ និង​ចំពោះ​មនុស្ស​ជាតិ​យើង អាច​វាស់វែង​បាន​ដោយ​អ្វី​ដែល​យើង​ស្ម័គ្រចិត្ត​លះបង់​សម្រាប់​ពួកគេ » ( « The Blessings of Sacrifice » Ensignខែ ឧសភា ឆ្នាំ ១៩៩២ ទំព័រ​៧៦) ។

យើង​អាច​លះបង់​ពេលវេលា​របស់​យើង​ដើម្បី​ធ្វើ​ការងារ​បម្រើ បម្រើ​ដល់​អ្នកដទៃ ធ្វើ​ការណ៍​ល្អ ធ្វើ​កិច្ចការ​ពង្សប្រវត្តិ និង​តម្កើង​ការហៅ​ក្នុង​សាសនាចក្រ​របស់​យើង ។

យើង​អាច​ថ្វាយ​ផ្នែក​ហិរញ្ញវត្ថុ​របស់​យើង តាមរយៈ​ការបង់​ដង្វាយ​មួយ​ភាគក្នុង​ដប់ ដង្វាយ​តម​អាហារ និង​ការបង់​ដង្វាយ​ផ្សេង​ទៀត ដើម្បី​ស្ថាបនា​នគរ​ព្រះ​នៅលើ​ផែនដី ។ យើង​ត្រូវ​លះបង់​ដើម្បី​រក្សា​សេចក្ដី​សញ្ញា ដែល​យើង​បាន​ចុះ​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ ។

ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា តាមរយៈ​ការធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ និង​ការទាញ​យក​ពរជ័យ​នៃ​ដង្វាយធួន​របស់​ទ្រង់ នោះ​យើង​នឹង​កាន់តែ​មាន​ការបន្ទាប​ខ្លួន​ខ្លាំងឡើង យើង​កាន់តែ​មាន​សេចក្តី​ក្លាហាន យើង​កាន់តែ​ចេះ​អភ័យទោស ហើយ​យើង​លះបង់​កាន់តែ​ច្រើន​សម្រាប់​នគ​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះវរបិតាសួគ៌​យើង​មាន​ព្រះជន្មរស់ ហើយ​ថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​សព្វថ្ងៃ​នេះ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​នគររបស់​ព្រះនៅ​លើ​ផែនដី​នេះ ​ហើយ​ថាព្រះគម្ពីរ​មរមនពិត ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះប្រោសលោះ​របស់​យើង អាម៉ែន ៕