សន្និសីទទូទៅ
ទ្រព្យសម្បត្តិ​ច្រើន​ណាស់
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ទ្រព្យសម្បត្តិ​ច្រើន​ណាស់

យើងម្នាក់ៗ​មក​រកព្រះគ្រីស្ទ ដោយ​ការប្តេជ្ញាចិត្ត​និង មិន​ប្រែ​ប្រួល​ចំពោះ​ដំណឹងល្អ​របស់​ទ្រង់ ។

ព្រះគម្ពីរ​បាន​ដំណាល​ពី​កំលោះ​អ្នក​មាន​ម្នាក់​ដែល​រត់​មក​រក​ព្រះយេស៊ូវ លុតជង្គង់​ចុះនៅ​ចំពោះទ្រង់ ទូល​សួរ​ដោយ​ស្មោះ​ថា លោក​គ្រូ​ល្អ​អើយ « តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ប្រយោជន៍​ឲ្យ​បាន គ្រង​ជីវិត​រស់​អស់​កល្បជានិច្ច ?» បន្ទាប់​ពី​ទត​មើល​បញ្ជីបទញ្ញត្តិ​ដ៏​វែង​អន្លាយ ដែល​បុរស​នោះ​បាន​គោរព​ដោយស្មោះ​រួចមក ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​បុរស​នោះ​ឲ្យ​លក់​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​មាន ចែក​ទាន​ដល់​អ្នកក្រ ផ្ទុក​ឈើ​ឆ្កាងទ្រង់ ហើយ​ដើរ​តាម​ទ្រង់ ។ សេចក្តី​បង្គាប់​ដ៏ក្លាហាន​នេះ​បាន​បណ្តាល​ឲ្យ​កំលោះ​រូប​នោះ—​ត្រូវ​ដោះ​ចោល​ស្បែក​ជើង​ដ៏​ថ្លៃ​គាត់​ចោល—ហើយ​ត្រូវ​ដើរ​ទៅ​ដោយ​ជើង​ទទេ​វិញ ហើយ​គាត់​ចេញ​ទៅ​ទាំង​ព្រួយចិត្ត ដោយសារ​ព្រះគម្ពីរ​បាន​សរសេរថា « គាត់​មាន​ទ្រព្យសម្បត្តិ​ច្រើន​ណាស់ » ។

ពិតប្រាកដណាស់ នោះ​គឺ​ជា​ដំណើររឿង​ដាស់តឿន​ដ៏សំខាន់​អំពី ការ​ប្រើប្រាស់​ទ្រព្យសម្បត្តិ និង​សេចក្តី​ត្រូវការ​នៃ​ជនទ័លក្រ ។ ប៉ុន្តែ​គោល​គំនិត​នៃ​ដំណើររឿង​នេះ​គឺ​និយាយ​អំពី​ការលះ​បង់​អស់​ពី​ចិត្ត​ដោយ​ស្មោះ ចំពោះ​ការ​ទទួល​ខុសត្រូវ​ដ៏ទេវភាព ។ ទោះជា​មាន ឬ​ក្រ យើងម្នាក់ៗ​ត្រូវ​មក​រកព្រះគ្រីស្ទ ដោយមាន​ការប្តេជ្ញាចិត្ត​មិន​ប្រែប្រួល​ក្នុង​បុព្វហេតុ​ដូចគ្នា​ ចំពោះ​ដំណឹងល្អ​របស់​ទ្រង់ ដែល​បាន​រំពឹងទុក​ពី​អ្នក​កំលោះ​រូប​នេះ ។ តាម​ភាសា​យុវវ័យ​ប្រើ​សព្វថ្ងៃនេះ យើងប្រកាស​ថាខ្លួន​យើង « គ្រប់មុខ » ។

នៅក្នុង​ឃ្លា​ដែល​មិន​អាច​បំភ្លេច​បាន​របស់​លោក ស៊ី. អេស. ល្វីស ស្រមៃថា​ព្រះអម្ចាស់​មាន​ព្រះ​បន្ទូល​មកកាន់លោក​ដូច្នេះ ៖ « ‹ យើងមិនចង់បាន…ពេលវេលា​របស់​ឯង… [ ឬ ] លុយ​របស់​ឯង…[ ឬ ] កិច្ចការ​របស់​ឯង [ ដូចជា ] យើង [ ចង់បាន ] ឯងនោះទេ ។ [ ដើមឈើ​នោះ​ដែល​ឯង​កំពុង​កាត់​មែក ] ។ យើង​មិន​ចង់​កាត់​មែក​ត្រង់​នេះ​បន្តិច ត្រង់​នោះ​បន្តិច​ទេ យើង​ចង់​កាប់ [ ដើម ] ទាំងមូល​តែម្តង ។ [ ហើយ​ឯ​ធ្មេញ​នោះ​វិញ ] ។ យើង​មិន​ចង់​ខួង [ វា ] ឬ​ស្រោប​វា ឬ [ ប៉ះ ] វា​នោះទេ ។ [ យើងចង់ ] ដក​វា​ចោល​តែម្តង ។ [ តាមពិតទៅ យើងចង់​ឲ្យ​ឯង​ប្រគល់​ខ្លួន​ឯង ] ខាងសាច់ឈាម​ទាំងមូល​ដល់​យើង ។ ​​ [ ហើយ ] យើងនឹង​ប្រទាន​ជីវិត​ថ្មី​ឲ្យ​វិញ ។ តាមពិតទៅ យើងនឹងប្រទាន​ជីវិត​យើង​ឲ្យ​ឯង ៖ ព្រះទ័យ​…យើង​នឹង [ ក្លាយ​ជា​ឆន្ទៈ​ឯង ] › »

អស់​អ្នក​ដែល​ថ្លែង​នៅ​ក្នុង​សន្និសីទទូទៅ​នេះ​នឹង​និយាយ​តាម​របៀប​មួយ​ឬ​ផ្សេង​មួយ​ទៀត​ពី​អ្វី​ដែល​ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ទៅ​កាន់​យុវជន​អ្នក​មាន​រូប​នេះ​ថា ៖ « ចូល​មក​រក​ព្រះអង្គ​សង្គ្រោះ​របស់​អ្នក ។ ចូល​មក​ទាំងមូល និង អស់​ពី​ចិត្ត ។ ចូរ​លី​ឈើ​ឆ្កាង​របស់​បងប្អូន ហើយ មក តាម ទ្រង់ ទោះ​ជា​ធ្ងន់​យ៉ាង​ណា​ក្តី ។» ហើយ​ពួកគេ​នឹង​ថ្លែង​អ្វី​ទាំងអស់​នេះ​ដោយ​ដឹង​ថា នៅ​ក្នុង​នរគ​របស់ព្រះ គឺ​គ្មាន​វិធាន​ការ​ដែល​មាន​តែ​ពាក់​កណ្តាល គ្មាន​ការចាប់​ផ្តើម និង​ការបញ្ចប់ ឬ​គ្មានការ​ងាក​ក្រោយ​ឡើយ ។ អស់ អ្នក​ដែល​សុំ​ការអនុញ្ញាត​បញ្ចុះ​សព​ឳពុក​ម្តាយ​ឬ ផ្តែផ្តាំ​លា​ចុងក្រោយ​ទៅ​កាន់​សមាជិក​គ្រួសារ ដទៃ​ទៀត ព្រះយេស៊ូវ បាន ឆ្លើយតប​ដោយ ចំៗ និង​ច្បាស់លាស់ ។ ទ្រង់​មាន​បន្ទូលថា « អ្នក ណា ដែល ដាក់ ដៃ កាន់ នង្គ័ល ហើយ ងាក បែរ ទៅ មើល ក្រោយ អ្នក នោះ មិន គួរ នឹង នគរ ព្រះ ទេ » ។ នៅពេល​ដែល​យើង​សុំ​ឲ្យ​ធ្វើការ​ពិបាក​គ្រប់យ៉ាង​វា​ផ្ទុយ​ស្រឡះ​ពី​អ្វី​ដែល​យើង​ចង់​បាន សូម​ចងចាំ​ថា​ភក្តីភាព​ដែល​យើង​សច្ចា​ចំពោះ​បព្វហេតុ​នៃ​ព្រះគ្រីស្ទ គឺ​ជា​ការលះ​បង់​ដ៏​មហិមា​នៃ​ជីវិត​របស់​យើង ។ ហើយ​សូម្បី​តែ អេសាយ ក៏​បាន​អះអាង​ថា​យើង​អាច « ឥតបង់​លុយ ឥតថ្លៃទេ » —ហើយ​នោះ—យើង​ត្រូវ​តែ​រៀបចំ​ខ្លួន ដោយ​ប្រើ​ពាក្យ ដកស្រង់​របស់ ធី អេស លីអូស​ដែល កំណត់​តម្លៃ​ឲ្យ​វា​ថា « តម្រូវ​ឲ្យ​យើង​លះបង់​អ្វី​គ្រប់យ៉ាង » ។

ប្រាកដណាស់​យើង ទាំងអស់ គ្នា​មាន​ទម្លាប់ គុណវិបត្តិ ឬ​ប្រវត្តិផ្ទាល់ខ្លួន​មួយ​ចំនួន ដែល​រារាំង​យើង​មិន​ឲ្យ​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​កិច្ចការ​ខាង​វិញ្ញាណ​ទាំងស្រុង​បាន ។ ប៉ុន្តែព្រះ​ជា​ព្រះ​វរបិតា​របស់​យើង ហើយ​មាន​លក្ខណៈ យ៉ាងពិសេស​ក្នុង​ការអភ័យទោស​និងបំភ្លេច​អំពើ​បាប​ដែល​យើង​មិន​អើពើ ទ្រង់​មាន​លក្ខណៈទាំងនេះ ប្រហែល​ដោយសារ​យើង​ធ្វើ​ឲ្យ​ទ្រង់​អនុវត្ត​​បែបនេះ​ច្រើន​ពេក ។ នៅក្នុង​ករណី​ខ្លះ គឺ​មាន​ជំនួយ​ដ៏​ទេវភាព​សម្រាប់​យើង​គ្រប់​គ្នា រាល់​ពេល​ដែល​យើង​មាន​អារម្មណ៍​ចង់​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​យើង ។ ព្រះ​បាន​ប្រទាន​ដល់ សូល នូវ​ការ « បំផ្លាស់​បំប្រែ​ចិត្ត​គាត់ » ។ អេសេគាល បានអំពាវនាវ​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ឲ្យ​បោះបង់ចោល​អតីតកាល​ហើយ « ឲ្យ … មាន​ចិត្ត​ថ្មី និង​វិញ្ញាណ​ថ្មី​ចុះ » ។ អាលម៉ា បាន​អំពាវនាវ​ឲ្យ​មាន « ការផ្លាស់ប្តូរ​ដ៏​ធំ​នេះ » ១០ ដែល​បណ្តាល​ឲ្យ​ពង្រីក​ព្រលឹង ហើយ​ព្រះយេស៊ូវ​ទ្រង់​ផ្ទាល់ បាន​បង្រៀន​ថា « បាន​កើត​ជា​ថ្មី នោះ​គ្មាន​នរណា​អាច​នឹង​ឃើញ​នគរ​ព្រះ​បាន​ទេ » ។ ១១ ច្បាស់ណាស់​លទ្ធភាព​នៃ​ការផ្លាស់ប្តូរ និង​ការលើក​កម្ពស់​កម្រិត​នៃ​ការរស់​នៅ​តែ​ជា​អំណោយទាន​មួយ​របស់​ព្រះ​ដល់​អ្នក​ដែល​ស្វែងរក​វា​ជានិច្ច ។

មិត្ត​ជា​ទីស្រឡាញ់ កាលៈ​ទេសៈ​បច្ចប្បន្ន​មាន​គ្រប់​រូប​ភាព​ទាំងអស់ ការបែង​ចែក​បក្ស ពួក និយម ក្រុម​តូច​ក្រុម​ធំ​កុលសម្ព័ន្ធ​ឌីជីថល អត្ត​សញ្ញាណ នយោបាយ​និង​មាន​ភាព​ប្រទូស្ត​រាយ​ជាច្រើន​ដែល​គ្មាន​ពេល​ជួយ​គ្នា​គ្រប់​គ្រាន់ ។ សូម​យើង សួរ​ខ្លួន​ឯង ថា តើ​យើង​រស់នៅ​ក្នុង​ជីវិត​ដែល « ខ្ពស់​ជាង និង​បរិសុទ្ធ​ជាង » ១២ ដើម្បី​អនុវត្តតាម​ប្រសាសន៍​របស់​ប្រធាន ណិលសុន អាច​ជា​អ្វី​មួយ​ដែល​យើង​គួរតែ​ស្វែងរក​ដែរ​ឬ​ទេ ? នៅពេល​ធ្វើ​ដូច្នេះ យើង​នឹង​ចងចាំ​បាន​ល្អ​អំឡុងពេល​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​ព្រះគម្ពីរមរមន ដែល​ប្រជាជន​ទាំងនោះ​បាន​ទូល​សួរ និង​បាន​ចម្លើយ​យ៉ាង​ច្បាស់​ថា ៖

« ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា គ្មាន​ការ​ទាស់​ទែង​គ្នានៅ​ក្នុង​ចំណោម​អស់​ទាំង​ប្រជាជន​នៅ​អស់​ទាំង​ដែន​ដី​ឡើយ​…​ដោយ​ព្រោះ​មកពី​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស ។

« ហើយ​ពុំ​មាន​ការឈ្នានីស ការទាស់ទែងគ្នា …ឬ​ក៏​អំពើ​អាសអាភាស​ណា​មួយ​ឡើយ ហើយ​ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ ។

« គ្មាន​ចោរប្លន់ គ្មាន​ឃាតករ ហើយ​ក៏​គ្មាន​បែងចែក​ទៅ​ជា​ពួក​លេមិន ឬ​ពួក​ណា​ផ្សេង​ទៀត​ឡើយ តែ​គេ​ទាំង​អស់​គ្នា​ទៅ​ជា​រូប​តែ​មួយ គឺ​ជា​កូន​ចៅ​នៃ​ព្រះគ្រីស្ទ និង​ជា​អ្នក​គ្រង​នគរ​ព្រះ​ទុក​ជា​មរតក​របស់​ព្រះ ។

ពួកគេ​បាន​ពរ ហើយ​ចម្រើនឡើង ! ១៣

តើ​អ្វី​ជា​គន្លឺះ​នៃ​ការ​រកឃើញ​ការរស់​នៅ​ប្រកប​ដោយ​ភាព​សប្បាយ​រីករាយ និង​មាន​សុភមង្គល​នេះ ? វា​បាន​បង្កប់​អត្ថន័យ​ក្នុង​អត្ថបទ​នៅ​ឃ្លា​មួយ​គឺ ៖ « សេចក្ដី​ស្រឡាញ់​នៃ​ព្រះ …​ដែល​បាន​ស្ថិត​នៅ​ក្នុង​ចិត្ត​របស់​មនុស្ស » ។ ១៤ នៅ​ពេល​ដែល​សេចក្តីស្រឡាញ់​របស់​ព្រះ​រៀបចំ​ស្ថានភាព​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង ទំនាក់ទំនង​របស់​យើង​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​ជា​ចុងក្រោយ​អារម្មណ៍​របស់​យើង​ចំពោះ​មនុស្ស​ជាតិ​ទាំងអស់ បន្ទាប់​មក​ភាពខុសគ្នា​កាលពីមុន ការបែងចែក​ក្រុម និង​ផ្នែក​ក្លែងក្លាយ​ក៏​ចាប់ផ្តើម​រសាត់បាត់​ទៅ ហើយ​សេចក្តីសុខសាន្ត​នឹង​កើនឡើង ។ នោះជា​អ្វី​ដែល​បាន​កើតឡើង​យ៉ាងពិតប្រាកដ​នៅ​ក្នុង​ឧទាហរណ៍​នៃ​ព្រះ​គម្ពីរ​មរមន​របស់​យើង ។ លែង​មាន​សាសន៍​លេមិន ឬ​សាសន៍​យ៉ាកុប ឬ​សាសន៍​យ៉ូសែប ឬ​សាសន៍​សូរាំ​ទៀតឡើយ ។ លែង​មាន « ពាក្យ​ថា​សាសន៍ » ទៀត​ហើយ ។ ប្រជាជន​បាន​ចាត់​ទុក​ថា​ពួកគេ​មាន​អត្តសញ្ញាណ​តែ​មួយ ។ ពួកគេ​ទាំងអស់​គ្នា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា « កូន​ចៅ​នៃ​ព្រះ​គ្រីស្ទ » ។ ១៥

ប្រាកដណាស់ អ្វី​ដែល​យើង​កំពុង​និយាយ​ទីនេះ គឺ​ថ្លែង​ពី​បញ្ញត្តិ​យ៉ាង​សំខាន់​ទីមួយ​ដែល​បាន​ប្រទាន​ឲ្យ​គ្រួសារ​មនុស្ស​លោក—គឺ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះ​ដោយ​មិន​សំចៃ ឬ​ដោះសារ​ឡើយ ត្រូវ​មាន​ស្វាមី​ភក្តិ​ចំពោះទ្រង់ មិន​ត្រូវ​មាន​ព្រះ​អាទិទេព ឬ​ករណីកិច្ច​ណា​ធំ​ជាង​ទ្រង់​នោះ​ឡើយ ។ ១៦ គឺមាន​ន័យ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​គឺជា បញ្ញត្តិ យ៉ាង​សំខាន់​ទីមួយ​នៅក្នុង​សាកលោក​នេះ ។ ប៉ុន្តែ សេចក្ដីពិត ដ៏​ធំ​ទីមួយ​នៅក្នុង​សាក លោក​នេះ​គឺ​ព្រះ​ស្រឡាញ់​យើង យ៉ាងពិត ប្រាកដ—អស់ពី​ព្រះទ័យ ដោយ​មិនលាក់លាម​ឬ ដោះសារ​ឡើយ ទ្រង់​ស្រឡាញ់​ដោយ​អស់​ពី​ពលំ អស់​ពី​គំនិត ហើយ​អស់​ពី​កម្លាំង របស់​ទ្រង់ ។ ហើយនៅពេល​ដែល​កម្លាំង​ដ៏មហិមា​នៃ​ព្រះទ័យ​ទ្រង់ និង​បេះដូង​យើង​វេញ​ចូលគ្នា​ជា​ធ្លុង​មួយ នោះ​នឹង​មាន​នូវ​អំណាច​ខាង​ព្រះវិញ្ញាណ និង សីលធម៌​ពិតប្រាកដ ។ បន្ទាប់​មក ដូច​អ្វី​ដែល​លោក Teilhard de Chardin បាន​សរសេរ​ថា « នេះ​ជា​លើក​ទីពីរ [ ហើយ ] នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នៃ​ពិភលោក​នេះ ដែល​មនុស្ស​រកឃើញ​ភ្លើង » ។ ១៧

នោះហើយ​ជាពេល​ដែល​យើង​អាច​រក្សា​បាន​នូវ​បញ្ញត្តិ​យ៉ាង​សំខាន់​ទីពីរ​ដោយ​មាន​ប្រសិទ្ធភាព​ដែល​មិនមែន​ជារឿង​ស្ទាក់ស្ទើរ ឬ​មិន​សំខាន់​ឡើយ ។ ប្រសិនបើ​យើងស្រឡាញ់​ព្រះគ្រប់គ្រាន់​ ហើយព្យាយាម​មាន​សេចក្តីស្មោះត្រង់​ទាំងស្រុង​លើទ្រង់ នោះទ្រង់​នឹង​ប្រទាន​ដល់​យើង​នូវ​សមត្ថភាព លទ្ធភាព ឆន្ទៈ និង​របៀប​ដើម្បី​ស្រឡាញ់​អ្នកជិតខាង និង​ខ្លួនយើង ។ ប្រហែល​ពេល​នោះ​យើង​អាច​និយាយ​ជា​ថ្មី​ម្តង​ទៀត​ថា « ពិត​ជា​គ្មាន​ប្រជាជន​ណា ដែល​រីករាយ​សប្បាយ​ជាង​ប្រជាជន​ដែល​បាន​ត្រូវ​បង្កើត​ដោយ​ព្រះហស្ត​នៃ​ព្រះ​ឡើយ » ។ ១៨

បង​ប្អូន​ប្រុស​ស្រី​ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​យើង​អាច​ឈ្នះ លើ​ចំណុច​ខ្វះ​ខាត​ដែល​កំលោះ​អ្នក​មាន​នោះ​បរាជ័យ​ថា​យើង​នឹង​លី​ឈើ​ឆ្កាង​នៃ​ព្រះគ្រីស្ទ ទោះ​ជា​​តម្រូវ​ការ​អ្វី​ក៏ដោយ វាប្រហែល​ជា​មិន​ត្រូវ​គិត​ពីបញ្ហា និង តម្លៃ​ផ្សេងៗ​នោះ ឡើយ ។ ខ្ញុំ​សូម​ថ្លែង​ជាសាក្សីថា យើង​ប្តេជ្ញា​ដើរ​តាមទ្រង់ តាម​មាគ៌ា​ផ្សេងៗ​ដែល​អាច​ជួយ​យក​ឈ្នះ​មកុដ​បន្លា និង​ឈើ​ឆ្កាង​គួរ​ឲ្យ​ខ្លាច​នៃ​សាសន៍ រ៉ូម ។ មិន​ថា​កំលោះ​អ្នក​មាន​រូប​នោះ​មាន​ទ្រព្យសម្បត្តិ​ច្រើន​ប៉ុណ្ណា​នោះ​ទេ ក៏​គាត់​មិន​មាន​ទ្រព្យ​សម្បត្តិ​គ្រប់គ្រាន់​ល្មម​ដើម្បី​អាច​ទិញ​មធ្យោបាយ​ដើម្បី​ជៀសវាង​ពីសារៈ​សំខាន់​នៃ​ការទទួល​យក​ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ​ឡើយ ហើយ​យើង​ក៏​មិន​អាច​ធ្វើ​បាន​ដែរ ។ ពរ​ជ័យ​ដ៏មហិមា​ជាង​អស់​ទាំង​ទ្រព្យសម្បត្តិ​ដែល​យើង​ទទួល​បាន គឺ—អំណោយទាន​នៃ​ជីវិត​ដ៏អស់កល្បជានិច្ច—វា​ជា​ការណ៍​តិច​តួច​ប៉ុណ្ណោះ​ដែល​សុំ​ឲ្យ​យើង​បន្ត​នៅ​ក្នុង​បព្វហេតុ ក្នុង​ការ​ដើរ​តាម​សង្ឃ ជាន់​ខ្ពស់ ជា​ផ្កាយ ជា​អង្គ​គាំទ្រ និង​ជា​ស្តេច​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ជា​មួយ​នឹង អាម៉ាលេកៃ ជា​ព្យាការី​ពីបុរាណ​ថា យើង​ម្នាក់ៗ​ត្រូវ « [ ថ្វាយ ] ព្រលឹង​ទាំងមូល​ជា​ដង្វាយ​ដល់​ទ្រង់ » ។ ១៩ ជាមួយ​ការប្តេជ្ញា និង​ការលះបង់​ដ៏​ខ្ជាប់​ខ្ជួន យើង​ច្រៀង​ថា

តម្កើង​ភ្នំ​ខ្ញុំ​ចាក់​គ្រឹះ​ទីនោះ ៖

ភ្នំ​នៃ​ក្តី​ស្រឡាញ់​ដ៏​ប្រោសលោះ​ទ្រង់ ។…

បេះ​ដូង​ខ្ញុំ​ផ្សារ​ភ្ជាប់​ទៅ​ទី​នោះ

ភ្ជាប់​នឹង​ដំណាក់​នៃ​ស្ថាន​សួគ៌ា​ទ្រង់ ។ ២០

ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕