សន្និសីទទូទៅ
សូម​នឹក​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ​ព្រះ​របស់​ទូលបង្គំ​អើយ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សូម​នឹក​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ​ព្រះ​របស់​ទូលបង្គំ​អើយ

ការរក្សា​សេចក្តីសញ្ញា​ចាក់សោ​បើក​អំណាចនៃ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្តល់​កម្លាំង និង​អំណរ​ដល់​អស់អ្នក​ដែល​រងទុក្ខ ។

ផែនការ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌ រួមមាន​ទាំង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​ដែល​កូនចៅ​ទាំងអស់​របស់​ទ្រង់​នឹង​ត្រូវ​សាកល្បង ហើយ​ប្រឈមមុខ​នឹង​ការសាកល្បង ។ កាលពី​ប្រាំ​ឆ្នាំ​មុន ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក ។ ខ្ញុំ​ឈឺ ហើយ​នៅ​តែ​ឈឺ​ខាង​រាងកាយ​ក្រោយពី​ការវះកាត់ ការព្យាបាល​ដោយ​កាំរស្មី និង​ផលប៉ះពាល់​នៃ​ថ្នាំ​ទាំងឡាយ ។ ខ្ញុំ​បាន​មាន​បញ្ហា​សតិអារម្មណ៍ នៅក្នុង​អំឡុងពេល​គេង​មិនលក់​នៅពេល​យប់​ដ៏​សែន​វេទនា ។ ស្ថិតិ​វេជ្ជសាស្ត្រ​បង្ហាញថា​ ខ្ញុំ​ប្រហែលជា​នឹង​ស្លាប់លឿន​ជាង​ខ្ញុំ​បាន​រំពឹងទុក នៅថ្ងៃ​មួយខ្ញុំត្រូវ​ចាក​ចោល​គ្រួសារ​មួយ​ដែល​ជាអ្វីៗ​គ្រប់​យ៉ាង​ចំពោះខ្ញុំ ។

មិន​ថា​បងប្អូន​រស់នៅ​កន្លែង​ណា​ មានការរង​ទុក្ខ​ខាង​រាងកាយ ឬ​អារម្មណ៍​មកពី​ការសាកល្បង​ផ្សេងៗ និង​ភាពទន់​ខ្សោយ​ក្នុង​ជីវិត​រមែងស្លាប់​ពីមុន ពេល​នេះ ឬ​នៅ​ថ្ងៃ​ណាមួយនោះទេ វាជា​ផ្នែក​មួយ​នៃ​ជីវិត​របស់​បងប្អូន ។

ការរង​ទុក្ខ​ខាង​រាងកាយ​អាច​បណ្តាល​មកពី​ភាពចាស់ជរា ជំងឺ​ដែល​ពុំ​រំពឹងទុក និង​គ្រោះ​ថ្នាក់​ចៃដន្យ​ផ្សេងៗ ភាពអត់​ឃ្លាន ឬ​ភាពគ្មាន​ផ្ទះ​សម្បែង ឬ​ការរំលោភ​បំពាន អំពើហឹង្សា​នានា និង​សង្គ្រាម ។

អារម្មណ៍​ឈឺចាប់​អាច​កើត​មាន​មក​ពី​ការថប់​បារម្ភ ឬ​ការធ្លាក់​ទឹកចិត្ត ការក្បត់​របស់​ប្តី ឬ​ប្រពន្ធ ឪពុកម្តាយ ឬ​អ្នកដឹកនាំ​ដែល​ទុកចិត្ត, ការផ្លាស់​ប្តូរ​ការងារ ឬ​ការធ្លាក់ចុះ​ផ្នែក​ហិរញ្ញវត្ថុ, ការវិនិច្ឆ័យ​អយុត្តិធម៌​មកពី​អ្នកដទៃ,​ ការ​ជ្រើសរើស​របស់​មិត្តភក្តិ កូនចៅ ឬ​សមាជិក​គ្រួសារ​, ការរំលោភ​បំពានក្នុង​ទម្រង់​ជាច្រើន, ក្តី​សុបិន្តពុំ​បាន​សម្រេច​ក្នុង​អាពាហ៍ពិពាហ៍ ឬ​កូនចៅ, ជំងឺធ្ងន់ធ្ងរ ឬ​ការស្លាប់​របស់​មនុស្ស​ជាទី​ស្រឡាញ់ភ្លាមៗ ឬ​មកពី​ប្រភព​ផ្សេងៗ​ទៀត​ជាច្រើន ។

តើ​បងប្អូន​អាច​ស៊ូទ្រាំ​នឹង​ទុក្ខ​វេទនា ដែល​ធ្វើ​ឲ្យ​យើង​ពេលខ្លះ​មាន​ការឈឺចាប់ជាក់លាក់​ណាមួយ​បាន​យ៉ាងដូចម្តេច ?

អរគុណ​ណាស់ ដែល​សេចក្តី​សង្ឃឹម​មាន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​សេចក្តី​សង្ឃឹម​ក៏​អាចជា​ផ្នែកមួយ​នៃ​ជីវិត​របស់​បងប្អូន​ផងដែរ។ ថ្ងៃនេះ​ខ្ញុំ​ចែកចាយ​នូវ​គោលការណ៍​នៃ​សេចក្តី​សង្ឃឹម​ចំនួន​បួន ដែល​ដកស្រង់​ចេញ​មកពី​ព្រះគម្ពីរ ការបង្រៀន​ដោយ​ការព្យាករ ការជួប​ផ្ដល់​ការងារ​បម្រើ​ជាច្រើន និង​ការ​សាកល្បង​ខាង​សុខភាព​ផ្ទាល់​របស់ខ្ញុំ​ ដែល​នៅ​តែ​មាន​នោះ ។ គោលការណ៍​ទាំងនេះ​ពុំ​ត្រឹមតែ​អាច​អនុវត្ត​បាន​យ៉ាង​ទូលំ​ទូលាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​លក្ខណៈ​ផ្ទាល់ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ។

ទីមួយ ការរង​ទុក្ខ​ពុំ​មាន​ន័យថា ព្រះ​មិន​ពេញចិត្ត​នឹង​ជីវិត​របស់​បងប្អូន​នោះទេ ។ កាលពី​ពីរពាន់​ឆ្នាំ​មុន ពួក​សិស្ស​របស់​ព្រះយេស៊ូវ​បាន​ឃើញ​បុរស​ពិការ​ភ្នែក​ម្នាក់​នៅឯ​ព្រះវិហារ ហើយ​សួរថា « ា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ ? »

សិស្ស​របស់​ទ្រង់​ហាក់​ដូចជា​ជឿ​ដោយ​មិន​ត្រឹមត្រូវ​ដូចជា​មនុស្ស​ជាច្រើន​នៅសព្វថ្ងៃ​នេះ​ជឿថា ការលំបាក និង​ការរងទុក្ខ​ទាំងអស់​នៅក្នុង​ជីវិត គឺជា​លទ្ធផល​នៃ​អំពើបាប ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លើយតប​ថា « មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បានសម្តែងមក​ក្នុង​ខ្លួន​គាត់​វិញ » ។

កិច្ចការ​របស់​ព្រះ​គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស ។ ប៉ុន្តែនៅទី​បំផុត តើ​ការសាកល្បង និង​ការរង​ទុក្ខ​—​ជាពិសេស​ការរង​ទុក្ខ​ដែល​បង្ក​ឡើង​ដោយ​ការប្រើ​សិទ្ធិ​ជ្រើសរើស​ប្រកប​ដោយ​អំពើបាប​របស់​មនុស្ស​ម្នាក់​ផ្សេងទៀត​ ​—​អាច​ជំរុញ​កិច្ចការ​របស់​ព្រះ​បាន​យ៉ាង​ដូចម្តេច ?

ព្រះអម្ចាស់​បាន​ប្រាប់​ប្រជាជន​នៃ​សេចក្តី​សញ្ញា​របស់​ទ្រង់​ថា « យើង​បាន​សម្រង​ឯង … គឺ​យើង​បាន​រើស​ឯង​នៅ​ឡ​នៃ​សេចក្តី​វេទនា​វិញ » ។ ​ មិន​ថា​ការរង​ទុក្ខ​របស់​បងប្អូន​ជា​អ្វី​នោះទេ ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​បងប្អូន​អាច​ដឹកនាំ​ទុក្ខលំបាក​ទាំងនោះ​ឲ្យ​សម្រង​ព្រលឹង​របស់​បងប្អូន​វិញ ។ ព្រលឹង​ដែល​ត្រូវបាន​សម្រង​អាច​ទទួល​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក​ដោយមាន​ការយល់ចិត្ត និង​ចិត្ត​មេត្តាករុណា​​ដ៏​ស្មោះត្រង់ ។ ព្រលឹង​ដែល​ត្រូវបាន​សម្រង​ជា​អ្នក « ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ​ដើម្បី​រស់នៅ​ដោយ​រីករាយ​នៅក្នុង​វត្តមាន​របស់​ព្រះ​ជារៀង​រហូត ហើយ ​« ព្រះ​ទ្រង់​នឹង​ជូត​អស់​ទាំង​ទឹក​ភ្នែក​ពី​ភ្នែក​គេ​ចេញ » ។

ទីពីរ ព្រះវរបិតាសួគ៌​ជ្រាបដឹងមុនយ៉ាង​​ច្បាស់​ពី​ទុក្ខលំបាក​របស់​បងប្អូន ។ ខណៈពេល​កំពុង​ស្ថិត​នៅក្នុង​ការសាកល្បង យើង​អាច​យល់​ច្រឡំ​ថា​ព្រះ​គង់នៅដ៏​សែនឆ្ងាយ ហើយ​មិន​ខ្វល់​ពី​ការឈឺចាប់​របស់​យើង​ទេ ។ សូម្បីតែ​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​មាន​អារម្មណ៍​នេះ នៅ​ពេល​មាន​ទុក្ខលំបាក​នៅក្នុង​ជីវិត​របស់​លោក ។ ពេល​ជាប់​នៅក្នុង​គុក​លិបើធី ខណៈ​ដែល​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​រាប់ពាន់​នាក់​ត្រូវបាន​បណ្តេញ​ចេញ​ពីផ្ទះ នោះយ៉ូសែប បាន​ស្វែងរក​ការយល់​ដឹង​តាមរយៈ​ការអធិស្ឋាន ៖ « ឱ ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង​ទី​បំពួន​ទ្រង់​នៅ​ទីណា ? » លោក​បាន​បញ្ចប់​ជាមួយ​ការអង្វរ​នេះ​ថា « សូម​នឹក​ដល់​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​លំបាក ឱ! ព្រះ​របស់​ទូលបង្គំ​អើយ » ។

ចម្លើយ​របស់ព្រះអម្ចាស់​បាន​អះអាង​នឹង​យ៉ូសែប និង​អស់អ្នក​ដែល​រងទុក្ខ​ ៖

« បុត្រ​យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ

« ហើយ​ខណៈ​នោះ បើ​សិន​ជា​អ្នក​ស៊ូទ្រាំ​ការណ៍​នោះ​ដោយ​ហ្មត់ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង​អ្នក​ឡើង​នៅ​ស្ថាន​ខ្ពស់ » ។ ១០

ពួក​បរិសុទ្ធ​ដែល​រងទុក្ខ​វេទនា​ជាច្រើន​បាន​ចែកចាយ​អារម្មណ៍​ដែល​ពួកគេ​មាន​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ​អំឡុងពេល​នៃ​ការសាកល្បង​នានា​របស់​ពួកគេ ។ ខ្ញុំចាំ​យ៉ាង​ច្បាស់​នូវ​បទពិសោធន៍​ផ្ទាល់​ខ្លួន​ខ្ញុំ ក្នុងពេល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក កាល​ដែល​គ្រូពេទ្យ​ពុំទាន់​ធ្វើ​រោគ​វិនិច្ឆ័យ​អំពី​មូលហេតុ​នៃ​ការឈឺចាប់​យ៉ាងខ្លាំង​ទាំងនោះ ។ ខ្ញុំ​បាន​អង្គុយ​ជាមួយ​ភរិយា​ខ្ញុំ បំណង​ចង់​អធិស្ឋាន​ប្រសិទ្ធពរ​ម្ហូប​អាហារ​ថ្ងៃត្រង់​របស់​យើងដូច​សព្វមួយដង ។ តែអ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​នោះ​គឺ​បានត្រឹម​តែយំ « ព្រះវរបិតាសួគ៌​អើយ​សូម​ជួយ​កូន​ផង ។ កូន​ឈឺ​ខ្លាំងណាស់ » ។ ក្នុង​រយៈពេល ២០ ទៅ ៣០ វិនាទី​បន្ទាប់ពី​នោះ ​ខ្ញុំ​ត្រូវ​បាន​ហ៊ុំព័ទ្ធ​ទៅដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ។ ខ្ញុំ​ពុំដឹងពី​មូលហេតុ​នៃ​ជំងឺ​របស់​ខ្ញុំ​ទេ គ្មាន​ការបង្ហាញ​ពីលទ្ធផល​ ហើយ​ក៏​គ្មាន​ការធូរស្បើយ​ពី​ការឈឺចាប់​ដែរ ។ ខ្ញុំ​គ្រាន់តែ​មានអារម្មណ៏​នៃ​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ​របស់​ទ្រង់ នោះ​គឺ​គ្រប់គ្រាន់​ហើយ ។

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ថា​ព្រះវរបិតាសួគ៌​របស់​យើង ទ្រង់​ដឹង​សូម្បីតែ​ចាប​ណា​មួយ​ធ្លាក់​ទៅ​ដី ទ្រង់ក៏​ដឹង​ពី​ការរងទុក្ខ​របស់​បងប្អូន​ផងដែរ ។ ១១

ទីបី ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​នូវ​ព្រះចេស្ដា​ដ៏​ជា​ជំនួយ​របស់​ទ្រង់​ដើម្បី​ជួយ​ដល់​បងប្អូន​ឲ្យ​មាន​កម្លាំង​ដើម្បី​ស៊ូទ្រាំ​នឹង​ការឈឺចាប់​របស់​បងប្អូន​បាន​យ៉ាង​ល្អ ។ ព្រះចេស្ដា​ដ៏​ជា​ជំនួយ​នេះ​ អាច​ធ្វើ​ទៅបាន​តាមរយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ។ ១២ ខ្ញុំ​បារម្ភ​ថា​មាន​សមាជិក​សាសនាចក្រ​ជាច្រើន​គិត​ថា ប្រសិនបើ​ពួកគេ​គ្រាន់តែ​រឹងមាំ​ជាងមុន​បន្តិច នោះ​ពួកគេ​អាច​ឆ្លង​កាត់​ការឈឺចាប់​នោះ​ដោយ​ខ្លួនឯង​បាន ។ នេះ​គឺជា​បទពិសោធន៏​ដ៏​ពិបាក​មួយ​ក្នុងការ​រស់នៅ ។ កម្លាំងជា​បណ្តោះ​អាសន្ន​របស់​បងប្អូន ​មិន​អាច​បៀបធៀប​ទៅនឹង​ការផ្គត់ផ្គង់​នៃ​ព្រះចេស្ដា​ដ៏​គ្មាន​ដែនកំណត់​របស់​ព្រះអង្គសង្គ្រោះ​ដើម្បី​ពង្រឹងដល់​ព្រលឹង​បងប្អូន​បាន​ឡើយ ។ ១៣

ព្រះគម្ពី​រមរមន​បង្រៀន​ថា ព្រះយេស៊ូវគ្រីស្ទ​នឹង « លើក​ដាក់​លើ​ខ្លួន​ទ្រង់ » នូវ​ការ​ឈឺ​ចាប់ ជំងឺ​ និង​ភាពទន់ខ្សោយ​របស់​យើង​ដើម្បី​ទ្រង់​អាច​ជួយ​យើង​បាន ។ ១៤ តើ​បងប្អូន​អាច​ទាញ​យក​អំណាច​ដែល​ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ឲ្យ​មក​ជួយ​ដល់​បងប្អូន និង​ពង្រឹង​បងប្អូន​នៅក្នុង​គ្រាលំបាក​បាន​យ៉ាង​ដូចម្តេច ? គន្លឹះដ៏​សំខាន់​នោះ​គឺ​ការចង​ភ្ជាប់​ខ្លួន​របស់​បងប្អូន​ទៅនឹង​ព្រះអង្គសង្គ្រោះ ​ដោយ​ការរក្សា​សេចក្តីសញ្ញា​ដែល​បងប្អូន​បាន​ធ្វើ​ជាមួយនឹង​ទ្រង់ ។ យើង​ធ្វើ​សេចក្ដី​សញ្ញា​ទាំង​នេះ នៅ​ពេល​​យើង​ទទួល​ពិធី​បរិសុទ្ធ​នៃ​បព្វជិតភាព ។ ១៥

ប្រជាជន​របស់​អាលម៉ា​បាន​ចូល​ក្នុង​សេចក្តីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។ ក្រោយ​មក​ពួកគេ​បាន​រងទុក្ខ​វេទនា​នៅក្នុង​សេវកភាព និង​ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ថ្វាយបង្គំ​ជា​សាធារណៈ ឬ​អធិស្ឋាន​ឮៗ​ឡើយ ។ ប៉ុន្តែ​ពួកគេ​បាន​រក្សា​សេចក្តី​សញ្ញា​របស់​ពួកគេ​តាម​ដែល​ពួកគេ​អាច​ធ្វើទៅ​បាន ដោយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​នៅក្នុង​ដួង​ចិត្ត​របស់​ពួកគេ ។ ជា​លទ្ធផល អំណាច​ដ៏​ទេវភាព​បាន​កើត​មាន​មក ។ « ​ទ្រ​បន្ទុក​ទាំង​ឡាយ​របស់​គេ​បាន​ដោយ​ងាយ » ។ ១៦

នៅក្នុង​សម័យ​របស់​យើង ព្រះអង្គសង្រ្គោះ​អញ្ជើញថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ។ ១៧ នៅពេល​យើង​រក្សា​សេចក្តី​សញ្ញា​នៃ​ពិធី​សាក្រាម៉ង់​របស់​យើង​ដើម្បី​ចងចាំ​ទ្រង់​ជានិច្ច នោះ​ទ្រង់​សន្យាថា​ព្រះវិញ្ញាណ​របស់​ទ្រង់​នឹង​គង់នៅ​ជាមួយ​នឹង​យើង ។ ព្រះវិញ្ញាណ​ប្រទាន​កម្លាំង​ដល់​យើង​ដើម្បី​ស៊ូទ្រាំ​នឹង​ការសាកល្បង ហើយ​ធ្វើអ្វី​ដែល​យើង​មិន​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង ។ ព្រះវិញ្ញាណ​អាច​ប្រោស​យើង​បាន​ដូច​ប្រធាន ជេមស៍ អ៊ី ហ្វោស្ដ៍ បាន​បង្រៀន​ថា « ការព្យាបាល​ខ្លះ​អាច​នឹង​កើតឡើង​នៅក្នុង​ពិភព​មួយ​ផ្សេងទៀត » ។ ១៨

យើង​ក៏ត្រូវ​បាន​ប្រទាន​ពរ​ដោយ​សេចក្តី​សញ្ញា និង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​ដែល « អំណាច​នៃ​ព្រះ​ត្រូវ​បាន​សម្ដែង​ឲ្យ​ឃើញ » ផងដែរ ។ ១៩ ខ្ញុំ​បាន​ទៅជួប​ស្ត្រី​ម្នាក់​ដែល​បាន​បាត់បង់​កូនស្រី​វ័យ​ជំទង់​ម្នាក់​ក្នុង​គ្រោះថ្នាក់​ដ៏គួរ​ឲ្យ​រន្ធត់​មួយ ក្រោយ​មកទៀត​បាន​បាត់បង់​ប្តី​របស់​នាង​ដោយសារ​ជំងឺ​មហារីក ។ ខ្ញុំ​បាន​សួរ​ថា​តើ​គាត់​អាច​ស៊ូទ្រាំ​នឹង​ការបាត់បង់ និង​ការឈឺចាប់​បាន​យ៉ាង​ម៉េច ។ គាត់​បាន​តប​មកវិញថា កម្លាំង​ទទួលបាន​មកពី​ការធានា​ខាង​វិញ្ញាណ​អំពី​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​អំឡុងពេល​ថ្វាយ​បង្គំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ជាទៀងទាត់ ។ ដូច​ដែល​បាន​សន្យា ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​បាន​បំពាក់​លើ​គាត់​ដោយ​អំណាច​នៃព្រះ ។ ២០

ទីបួន ជ្រើសរើស​ស្វែងរក​អំណរ​ជារៀង​រាល់ថ្ងៃ ។ អស់អ្នក​ដែល​រងទុក្ខ​ ដែល​ជាញឹកញាប់​មាន​អារម្មណ៍​ថា យប់​កាន់តែ​យូរទៅៗ ហើយ​ពុំឃើញ​មានពន្លឺ​ថ្ងៃ​ទាល់តែ​សោះ ។ វា​មិន​អីទេ បើយើង​យំ ។ ២១ ប្រសិនបើ​បងប្អូន​ឃើញថា​ខ្លួនឯង​រងទុក្ខ​នៅ​ក្នុង​រាត្រី​ដ៏​សែន​ងងឹត តែ​ដោយបាន​ជ្រើសរើស​យក​សេចក្ដី​ជំនឿ នោះ​បងប្អូន​អាច​ភ្ញាក់​ឡើង​នៅពេល​ព្រឹកដ៏​រីករាយ ។ ២២

ឧទាហរណ៍​ខ្ញុំ​បាន​ទៅ​ជួប​ម្តាយ​វ័យក្មេង​ម្នាក់​ដែល​កំពុង​ព្យាបាល​ជំងឺ​មហារីក ដែល​អង្គុយ​នៅលើ​កៅអី​របស់​គាត់​ដោយ​មាន​ស្នាម​ញញឹម​យ៉ាង​ស្រស់ថ្លា ទោះបី​ជា​គាត់មាន​ការឈឺចាប់ និង​ជ្រុះ​សក់​ក៏ដោយ ។ ខ្ញុំ​បាន​ជួប​គូស្វាមី​ភរិយា​វ័យ​កណ្តាល​ម្នាក់​ដែល​រីករាយ​នៅក្នុង​ការធ្វើ​ជាអ្នក​ដឹកនាំ​យុវជន បើទោះ​បីជា​ពួកគេ​មិន​អាច​មាន​កូន​ក្ដី ។ ខ្ញុំ​បាន​អង្គុយ​ជាមួយ​ស្ត្រី​ជាទីស្រឡាញ់​ម្នាក់​—​ជាជីដូន​វ័យក្មេង​ម្នាក់ ជាម្តាយ និង​ជា​ភរិយា​—​​ដែល​នឹង​ចែកឋាន​ក្នុង​ពេល​ប៉ុន្មានថ្ងៃ​ទៀត ប៉ុន្តែ​បែរជា​ឃើញ​មាន​ការសើច និង​ការចងចាំ​ពីពេល​ដ៏​អំណរ​នានា​នៅក្នុង​គ្រា​ដែល​មាន​ទុក្ខនេះ​ទៅវិញ ។

ពួកបរិសុទ្ធ​ដែល​រងទុក្ខ​ទាំងនេះ​ជាឧទាហរណ៍​នូវអ្វី​ដែល​ប្រធាន រ័សុលអិម ណិលសុន បាន​បង្រៀន ៖

« អំណរ​ដែល​យើង​មាន​នោះ មិនសូវ​ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ជីវិត​យើងទេ ប៉ុន្តែ​វាទាក់ទង​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​យើង​ផ្តោត​ទៅលើ​នៅក្នុង​ជីវិត​យើង ។

« ង្គ្រោះ​របស់​ព្រះ … និង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ » ។ ២៣

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ ២៤ ថា​ព្រះវរបិតាសួគ៌​របស់​យើង​ចងចាំ​ពួក​បរិសុទ្ធ​ដែល​រងទុក្ខ​វេទនា ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ជ្រាប​ដឹងជាមុន​យ៉ាង​ច្បាស់​អំពី​បងប្អូន ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​ត្រាស់​ដឹង​ថា បងប្អូន​មាន​អារម្មណ៍​យ៉ាង​ណា ។ « ទ្រង់​បាន​ទ្រាំទ្រ​រង​អស់ទាំង​សេចក្ដី​ឈឺចាប់​របស់​យើង ហើយ​បាន​ទទួលផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខព្រួយ​របស់​យើង​ជា​ពិត » ។ ២៥ ខ្ញុំដឹង—ក្នុង​នាមជា​អ្នក​ទទួល​ប្រចាំថ្ងៃ​ ២៦ —ការរក្សា​សេចក្តី​សញ្ញា​បើកសោ​អំណាច​នៃ​ពលិកម្ម​ដ៏ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្តល់​កម្លាំង និង​អំណរ​ចំពោះ​បងប្អូន​ដែល​រងទុក្ខ ។

ចំពោះ​បងប្អូន​ដែល​រងទុក្ខ​ទាំងអស់ ខ្ញុំ​សូម​អធិស្ឋាន « សូម​ព្រះ​ទ្រង់​សម្រាល​បន្ទុក​របស់​បងប្អូន តាម​រយៈ​អំណរ​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ » ។ ២៧ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។