សន្និសីទទូទៅ
ប្រឈម​មុខនឹង​ខ្យល់ព្យុះកំបុតត្បូង​ខាង​វិញ្ញាណរបស់យើង ដោយ​ការជឿ​លើ​ព្រះគ្រីស្ទ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


ប្រឈម​មុខនឹង​ខ្យល់ព្យុះកំបុតត្បូង​ខាង​វិញ្ញាណរបស់យើង ដោយ​ការជឿ​លើ​ព្រះគ្រីស្ទ

យើង​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​វិញ្ញាណ​​បាន​ល្អ​បំផុត ដោយ​ការជឿលើ​ព្រះគ្រីស្ទ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លង​ទៅ ភរិយា​សំណព្វ​ចិត្ត​របស់​ខ្ញុំ អាន និង​ខ្ញុំ​បាន​រស់នៅ​ទីក្រុង​តិចសាស នៅ​ក្បែរ​ឈូង​សមុទ្រ​ដែល​ខ្យល់ព្យុះកំបុតត្បូង​ដ៏សាហាវ​មួយ​ចំនួន​បក់បោក​ឆ្លងកាត់​សហរដ្ឋ​អាមេរិក ធ្វើ​ឲ្យ​មានការបំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ និង​ការបាត់បង់​ជីវិត ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ហេតុការណ៍អាក្រក់​ដ៏​បំផ្លិច​បំផ្លាញ​នេះ​បាន​កើត​ឡើង​ជា​ច្រើន​ដង ។ សេចក្ដី​ស្រឡាញ់ និង​ការអធិស្ឋាន​របស់​យើង​បាន​ផ្ដល់​ទៅ​ឲ្យ​មនុស្ស​គ្រប់គ្នា ដែល​រងគ្រោះដោយ​ហេតុការណ៍​នេះ ។ នៅ​ឆ្នាំ ២០១៧ យើង​ផ្ទាល់​បាន​ជួប​នឹង​ខ្យល់ព្យុះ​កំបុតត្បូងហាវី ដែល​បាន​បង្អុរ​ភ្លៀង​​កម្ពស់​ទឹកភ្លៀង​រហូត​ដល់ ១៥០ សង់ទីម៉ែត្រ ( ៦០ អ៊ីនឆ៍ ) ។

ច្បាប់​ធម្មជាតិ​គ្រប់គ្រង​ការបង្កើត​ជា​ខ្យល់ព្យុះ​កំបុត​ត្បូង ។ សីតុណ្ហភាព​ទឹក​សមុទ្រ​ យ៉ាង​ហោច​ណាស់​គឺ ២៧ អង្សារ ( ៨០ ហ្វារិនហៃ ) ដែល​សន្ធឹង​ដល់ ៥០ ម៉ែត្រ ( ១៦៥ ហ្វីត ) នៅ​ក្រោម​ផ្ទៃ​មហាសមុទ្រ ។ នៅពេល​ខ្យល់​ប៉ះ​នឹង​ទឹក​សមុទ្រ​ក្តៅ វា​បណ្តាល​ឲ្យ​ទឹក​ក្លាយ​ជា​ចំហាយទឹក​ហួត​ឡើង​ទៅ​ក្នុង​បរិយាកាស​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ធាតុ​រាវ​វិញ ។ បន្ទាប់​មក វា​បង្កើត​បាន​ជា​ដុំ​ពពក ហើយ​ខ្យល់​ធ្វើ​ឲ្យ​វា​មាន​គន្លង​វិល​គួច​ឡើង​នៅ​លើ​ផ្ទៃ​មហាសមុទ្រ ។

រូបភាព
​ខ្យល់ព្យុះ​កំបុត​ត្បូង

ខ្យល់ព្យុះ​កំបុត​ត្បូង​មាន​ទំហំ​ធំ​ខ្លាំង ដែល​មាន​កម្ពស់​រហូត​ដល់ ១៥.២៤០ ម៉ែត្រ ( ៥០.០០០ ហ្វីត ) ឬ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​បរិយាកាស ហើយ​លាត​សន្ធឹង​យ៉ាង​តិច ២០០ គីឡូម៉ែត្រ ( ១២៥ ម៉ែលស៍ ) ។ អ្វី​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​ពេល​ខ្យល់ព្យុះ​កំបុត​ត្បូង​មក​ប៉ះ​ដី វា​ចាប់ផ្ដើម​ចុះ​ខ្សោយ ព្រោះ​វា​លែង​នៅ​លើ​ទឹក​ក្ដៅ​ដែល​វា​ត្រូវការដើម្បី​បង្កើន​​កម្លាំង​បន្ថែម​ទៀត​ហើយ ។

បងប្អូន​អាច​មិន​ដែល​ជួប​នឹង​ខ្យល់ព្យុះកំបុតត្បូង​ដ៏​បំផ្លិច​បំផ្លាញ​ខាង​រូបកាយ​ទេ ។ ទោះយ៉ាងណា ពួកយើង​ម្នាក់ៗ​ធ្លាប់​ជួប ហើយ​នឹង​ជួប​ខ្យល់ព្យុះកំបុតត្បូង​ខាង​វិញ្ញាណ ដែល​គំរាម​ដល់​សេចក្ដី​សុខសាន្ដ​របស់​យើង និង​សាកល្បង​សេចក្ដី​ជំនឿ​របស់​យើង ។ ពិភពលោក​សព្វថ្ងៃ វា​ទំនង​ជា​កើនឡើង​ញឹកញាប់ និង​ខ្លាំងក្លា​ជាងមុន ។ សំណាងល្អ ព្រះអម្ចាស់​បាន​ប្រទាន​របៀប​ដ៏​ជាក់ច្បាស់​មួយ ដើម្បី​ឲ្យយើង​យកឈ្នះ​វា​បាន​ដោយ​សេចក្ដី​អំណរ ។ តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ទទួល​បាន​ការអះអាង​ថា « កាល​ពពក​ងងឹត​ទុក្ខ​ហ៊ុម​លើ​យើង ចង់​បំផ្លាញ​សេចក្ដី​សុខ​យើង​ចោល នោះ​មាន​សេចក្ដី​សង្ឃឹម​ញញឹម​ខាង​មុខ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​ពន្យល់ ៖

« ពួកបរិសុទ្ធ​អាច​សប្បាយ​រីករាយ​នៅ​គ្រប់​កាលៈទេសៈ » ។ យើង​អាច​មាន​អំណរ ទោះបី​យើង​មាន​ថ្ងៃ សប្តាហ៍ ឬ​ឆ្នាំ​ដ៏មិន​រីករាយ​ក្ដី !

« នឹង​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មានទំនាក់ទំនងខ្លាំង​ទៅ​នឹង​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅ​លើ ។

« ពេល​ជីវិត​របស់​យើង​ផ្តោត​លើ … ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិនថា​មាន​អ្វី​កំពុង​កើតឡើង—ឬ​មិន​កើតឡើង—នៅក្នុង​ជីវិត​យើង​នោះ​ទេ » ។

គឺ​ដូចជា​ច្បាប់​ធម្មជាតិ​គ្រប់គ្រង​ខ្យល់ព្យុះ​កំបុត​ត្បូង​​ដែរ នោះ​ក្រឹត្យវិន័យ​របស់​ព្រះ​គ្រប់គ្រង​លើ​របៀប​ដើម្បី​មាន​អំណរ អំឡុង​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​វិញ្ញាណ​របស់​យើង ។ អំណរ ឬ​ទុក្ខសោក​ដែល​យើង​មាន នៅពេល​យើង​ប្រឈម​មុខ​នឹង​ព្យុះ​ជីវិត វា​ទាក់ទង​នឹង​ក្រឹត្យវិន័យ​ទាំងឡាយ​ដែល​ព្រះ​បាន​ប្រទាន​មក ។ ប្រធាន ណិលសុន បាន​ចែក​ចាយ​ថា « ក្រឹត្យវិន័យ​ទាំងនេះ​ត្រូវបាន​ហៅថា ព្រះបញ្ញត្តិ ប៉ុន្ដែ​វា​មាន​ពិត​ដូចជា​ច្បាប់​ចលនា​ក្នុង​លំហអាកាស ច្បាប់​ទំនាញ​ផែនដី [ និង ] ច្បាប់​ដែល​គ្រប់គ្រង​ចង្វាក់​បេះដូង​ដែរ » ។

ប្រធាន ណិលសុន បានបន្ដ​ថា « វា​ក្លាយជា​រូបមន្ដ​សាមញ្ញ​មួយ ៖ ប្រសិនបើ​បងប្អូន​ចង់​មាន​សុភមង្គល សូម​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ » ។

ការសង្ស័យ​គឺជា​សត្រូវ​នៃ​សេចក្ដី​ជំនឿ និង​សេចក្តីអំណរ ។ ក៏​ដូចជា​ទឹក​សមុទ្រ​ដែល​ក្ដៅ គឺជា​គ្រឹះ​បង្កាត់​ឲ្យមាន​ខ្យល់ព្យុះ​កំបុត​ត្បូង​ដែរ នោះ​ការសង្ស័យ​គឺជា​គ្រឹះ​បង្កាត់​ឲ្យមាន​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​វិញ្ញាណ ។ ក៏​ដូចជា​ជំនឿ​គឺជា​ជម្រើស​មួយ នោះ​ការសង្ស័យ​ក៏ជា​ជម្រើស​ដែរ ។ ពេល​យើង​ជ្រើស​យក​ការសង្ស័យ នោះ​យើង​ជ្រើសរើស​ដើម្បី​ទទួល​សកម្មភាព ព្រម​ចាញ់​តាម​អំណាច​របស់​ពួកសត្រូវ ហើយ​វា​ធ្វើឲ្យ​យើង​ចុះខ្សោយ និង​ងាយ​រងគ្រោះ ។

សាតាំង​ព្យាយាម​ដឹកនាំ​យើង​ទៅរក​គ្រឹះ​បង្កាត់​ឲ្យមាន​ការសង្ស័យ ។ វា​ព្យាយាម​ពង្រឹង​ដួងចិត្ត​យើង ដើម្បី​កុំឲ្យ​យើង​ជឿ ។ គ្រឹះ​ដែល​បង្កាត់​ឲ្យមាន​ការសង្ស័យ អាច​មើលទៅ​ទំនង​ណាស់ ព្រោះ​វា​ហាក់​ដូចជា​មាន​សេចក្ដី​សុខសាន្ដ ទឹក​ក្ដៅ​មិន​តម្រូវ​ឲ្យយើង​រស់នៅ​តាម « គ្រប់​ទាំង​ព្រះបន្ទូល​ដែល​ចេញពី​ព្រះឱស្ឋ​ព្រះ​មក » នោះទេ ។ នៅក្នុង​ទឹក​បែប​នោះ សាតាំង​ល្បួងយើង​ឲ្យ​បន្ធូរ​បន្ថយ​ការប្រុង​ប្រយ័ត្ន​ខាង​វិញ្ញាណ​របស់​យើង ។ ការមិន​យកចិត្ត​ទុកដាក់​នោះ​អាច​នាំឲ្យ​ខ្វះ​ការជឿស៊ប់​ខាង​វិញ្ញាណ ជា​កន្លែង​ដែល​យើង « មិន​​ត្រជាក់ ក៏​មិន​ក្តៅ​ » ។ ប្រសិនបើ​យើង​មិន​បាន​បោះ​យុថ្កា​លើ​ព្រះគ្រីស្ទ​ទេ នោះ​ការសង្ស័យ និង​ការទាក់ទាញ​របស់​វា​នឹង​ដឹកនាំ​យើង​ទៅរក​ភាពសោះ​អង្គើយ ជា​កន្លែង​ដែល​យើង​រក​មិន​ឃើញ​អព្ភូតហេតុ សុភមង្គល​ដ៏យូរ​អង្វែង ឬ « សេចក្តី​សម្រាក​ដល់​ព្រលឹង [ របស់​យើង ] » នោះ​ទេ ។

ក៏​ដូចជា​ខ្យល់ព្យុះ​កំបុត​ត្បូង​ចុះខ្សោយ​ពេលមក​ប៉ះ​ដី​ដែរ នោះ​ការសង្ស័យ​ត្រូវបាន​ជំនួស​ដោយ​សេចក្ដី​ជំនឿ នៅពេល​យើង​សង់​គ្រឹះ​នៅលើ​ព្រះគ្រីស្ទ ។ ក្រោយមក យើង​អាច​មើលឃើញ​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​វិញ្ញាណ​តាម​ទស្សនវិស័យ​ដ៏ត្រឹមត្រូវ ហើយ​សមត្ថភាព​របស់​យើង​ដើម្បី​យកឈ្នះ​វា​នឹង​កើនឡើង ។ បន្ទាប់មក « ្នុង​ខ្យល់​កួច … នោះ​វា​នឹង​គ្មាន​អំណាច … ដើម្បី​ទាញ [ យើង ] ចុះ​ទៅ​ក្នុង​ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ពី​ព្រោះ​មក​ពី​សិលា​ដែល [ យើង ] បាន​សង់​នៅ​លើ​នោះ ដែល​ជា​គ្រឹះ​ដ៏​ខ្ជាប់​ខ្ជួន​មួយ » ។ ១០

ប្រធាន ណិលសុន បាន​បង្រៀន ៖

« សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​គ្រឹះ​នៃ​ជំនឿ​ទាំងអស់ និង​ជា​របៀប​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះ ។ …

« ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ឥតខ្ចោះ ដើម្បី​ឲ្យយើង​មាន​អំណាច ឥតខ្ចោះ របស់​ទ្រង់​នោះទេ ។ ប៉ុន្តែ​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​ជឿ » ។ ១១

តាំងពី​សន្និសីទ​ទូទៅ​ខែ​មេសា​មក គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ខិតខំ​ពង្រឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ដើម្បី​ជួយ​យើង​ឲ្យ « បង្វែរ​ឧបសគ្គ [ របស់​យើង ] ទៅជា​ការរីកចម្រើន និង​ឱកាស​ដ៏មិន​អាច​ប្រៀបផ្ទឹម​បាន​វិញ » ។ ១២

ចៅស្រី​របស់​យើង​ឈ្មោះ រូប៊ី បាន​ទទួល​ពរជ័យ​ឲ្យ​មាន​ឆន្ទៈ​រឹងមាំ និង​ចេះ​ទទួល​ខុសត្រូវ ។ ពេល​នាង​កើតមក បំពង់​អាហារ​របស់​នាង​មិន​បាន​ជាប់​នឹង​ក្រពះ​របស់​នាង​ទេ ។ ទោះ​នៅជា​ទារក​ក៏ដោយ ក៏​រូប៊ី​បាន​ជួប​នឹង​ការសាកល្បង​ដែល​មាន​ការតាំងចិត្ត​មិន​ប្រក្រតី​ដែរ ប៉ុន្ដែ​នាង​មាន​ជំនួយ​ពី​ឪពុក​ម្ដាយ​របស់​នាង ។ ឥឡូវនេះ រូប៊ី​មាន​អាយុ​ប្រាំ​ឆ្នាំ​ហើយ នភាព​របស់​នាង​កំណត់​​សុភមង្គល​របស់​នាង​ដែរ ។ នាង​តែងតែ​រីករាយ​ជានិច្ច ។

កាលពី​ខែ​ឧសភា​ឆ្នាំមុន រូប៊ី​បាន​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​កំបុត​ត្បូង​ថែម​ទៀត​នៅក្នុង​ជីវិត​របស់​នាង​ដោយ​សេចក្ដី​ជំនឿ ។ នាង​ក៏បាន​កើតមក​ដោយ​មិនមាន​ដៃ​អភិវឌ្ឍ​ពេញលេញ​ដែរ ដែល​ត្រូវ​វះកាត់​កែសម្រួល ។ មុន​ការវះកាត់​ដ៏សាំញ៉ាំ​នេះ យើង​បាន​ទៅលេង​នាង និង​ឲ្យ​រូបគំនូរ​មួយ​ដល់​នាង ដែល​បង្ហាញពី​ដៃ​ដ៏ស្រស់ស្អាត​របស់​កុមារ​ម្នាក់ ដែល​កំពុង​កាន់​ព្រះហស្ដ​របស់​ព្រះអង្គ​សង្គ្រោះ​យ៉ាង​កក់ក្ដៅ ។ ពេល​យើង​សួរ​នាង​ថា តើ​ចៅ​ភ័យ​ទេ នោះ​នាង​បាន​ឆ្លើយ​ថា « អត់ទេ ចៅ​សប្បាយ​ចិត្ត ! »

រូបភាព
រូប៊ី​ជាមួយ​នឹង​គំនូរ​ព្រះហស្ត​របស់ព្រះអង្គសង្គ្រោះ

បន្ទាប់​មក ពួកយើង​បាន​សួរ​នាង​ថា « រូប៊ី យ៉ាងម៉េច​បានចៅ​សប្បាយចិត្ត ? »

រូប៊ី​បាន​បន្ថែម​ដោយ​ជឿជាក់​ថា « ដោយសារ​ចៅ​ដឹង​ថា ព្រះយេស៊ូវ​នឹង​កាន់ដៃ​របស់​ចៅ » ។

រូប៊ី​បាន​ជាសះស្បើយ​ប្រកប​ដោយ​អព្ភូតហេតុ ហើយ​នាង​បន្ដ​មាន​ចិត្ត​រីករាយ ។ មើល​ចុះ សេចក្ដី​ជំនឿ​ដ៏បរិសុទ្ធ​របស់​ក្មេង​ម្នាក់ ផ្ទុយពី​ភាពល្ងីល្ងើ​នៃ​ការសង្ស័យ​ដែល​អាច​ល្បួង​យើង​ជាញឹកញាប់ នៅពេល​យើង​ចាស់​ទៅ ! ១៣ ប៉ុន្ដែ​យើង​ទាំងអស់គ្នា​អាច​ក្លាយ​ដូចជា​កូន​ក្មេង​តូចៗ​បាន ហើយ​ជ្រើសរើស​ដើម្បី​ដាក់​ការ​មិនជឿ​របស់​យើង​មួយ​អន្លើ ។ វា​គឺជា​ជម្រើស​ដ៏សាមញ្ញ ។

ឪពុក​ដ៏​ខ្វល់ខ្វាយ​ម្នាក់​បាន​ខិតខំ​អង្វរ​ដល់​ព្រះអង្គ​សង្គ្រោះ​ថា « បើ​លោក​អាច​នឹង​ជួយ​បាន នោះ​សូម … ជួយ​យើង​ខ្ញុំ​ផង » ។ ១៤

បន្ទាប់​មក ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅ​លោក ៖

« បើ​អាច​នឹង​ជឿ​បាន នោះ​ការណ៍​ទាំង​អស់​នឹង​សម្រេច​បានដល់​អ្នក​ណា​ដែល​ជឿ ។

« ស្រាប់តែ​ឪពុក … ក៏​បន្លឺ​វាចា​ឡើង​ទាំង​ទឹកភ្នែក​ថា ខ្ញុំ​ជឿ​ហើយ លោកម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។ ១៥

ឪពុក​ដ៏រាបសា​រូបនេះ​បាន​ជ្រើសរើស​ដោយ​វាងវៃ ដើម្បី​ទុកចិត្ត​លើ​ជំនឿ​របស់​គាត់​ទៅលើ​ព្រះគ្រីស្ទ ជាជាង​លើ​ការសង្ស័យ​របស់​គាត់ ។ ប្រធាន ណិលសុន បាន​ចែកចាយ​ថា « មានតែ​ការឥតជំនឿ របស់​បងប្អូន ទេ ដែល​នឹង​រារាំង​មិន​ឲ្យ​ព្រះ​ប្រទានពរ​ដល់​បងប្អូន ឲ្យ​មាន​អព្ភូតហេតុ​រើ​ភ្នំ​ក្នុង​ជីវិត របស់​បងប្អូន នោះ » ។ ១៦

ឱ ព្រះនៃយើង​​មាន​សេចក្ដី​មេត្តា​ករុណា​ណាស់ ដែល​ដាក់​កម្រិត​ឲ្យ​យើង​ត្រឹម​តែ​ការជឿ មិនមែន​ដល់​ការដឹង​នោះ​ឡើយ !

អាលម៉ា​បង្រៀន​ថា ៖

« មាន​ពរ​ហើយ​ដល់​អ្នកណា​ដែល​ជឿ​ដល់​ព្រះបន្ទូល​នៃ​ព្រះ » ។ ១៧

« [ដោយសារ ] ព្រះ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​អ្នក​ណា ដែល​ជឿ​ដល់​ព្រះ​នាម​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទ្រង់​មាន​ព្រះ​ហឫទ័យ​ជា​ដំបូង​បំផុត​ថា អ្នក​រាល់​គ្នា​គួរតែ​ជឿ » ។ ១៨

មែនហើយ ជា​ដំបូង​បំផុត ព្រះ​មាន​ព្រះ​ហឫទ័យ​ថា យើង​គួរតែ​ជឿលើ​ទ្រង់ ។

យើង​ប្រឈម​មុខ​នឹង​ខ្យល់ព្យុះ​កំបុត​ត្បូង​ខាង​វិញ្ញាណ​របស់​យើង​បាន​ល្អ​បំផុត ដោយ​ការជឿលើ​ព្រះគ្រីស្ទ និង​ការកាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ជំនឿ និង​ការគោរព​ប្រតិបត្តិ​របស់​យើង ភ្ជាប់​យើង​ទៅ​អំណាច ដែល​មាន​ហួសពី​សមត្ថភាព​របស់​យើង ដើម្បី​យកឈ្នះ « [ អ្វី​ក៏ដោយ​ដែល ] កំពុង​កើត​ឡើង—ឬ​មិន​កើត​ឡើង—នៅក្នុង​ជីវិត​យើង » ។ ១៩ មែនហើយ ព្រះ « នឹង​ប្រទានពរ​ដល់ [ យើង ] ភ្លាម » ដោយសារ​ការជឿ និង​គោរព​តាម ។ ២០ តាមពិត កាល​ពេលវេលា​កន្លងទៅ សណ្ឋាន​របស់​យើង​ប្ដូរ​ទៅជា​មាន​សុភមង្គល ហើយ « យើង​ត្រូវបាន​ធ្វើឲ្យ​រស់​ឡើងវិញ​នៅក្នុង​ព្រះគ្រីស្ទ » នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​​លើ​ទ្រង់ និង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ២១

បងប្អូន​ប្រុស​ស្រី សូម​យើង​ជ្រើសរើស​នៅ​ថ្ងៃនេះ​ដើម្បី « កុំ​សង្ស័យ​ឡើយ តែ​ចូរ​ជឿ » វិញ ។ ២២ « ផ្លូវ​ត្រឹមត្រូវ​គឺ​ជឿ​ដល់​ព្រះគ្រីស្ទ » ។ ២៣ យើង​ត្រូវ « បាន​ចារិក … ទុក​នៅ​ផ្ទៃ​បាតដៃ​របស់ [ ទ្រង់ ] » ។ ២៤ ទ្រង់​គឺជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង ដែល​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​យើង​ម្នាក់ៗ ហើយ​បាន​គោះ ។ ២៥ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។