សន្និសីទទូទៅ
បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ

តើ​យើង​ឆ្លើយតប​ចំពោះ​ទុក្ខវេទនា​របស់​យើង​ដោយ​របៀបណា ? តើ​យើង​មាន​អារម្មណ៍​មាន​អំណរគុណ​ជា​ពាក្យសម្តី គំនិត ទង្វើ ដោយសារតែ​យើង​ផ្តោតយកចិត្ត​ទុកដាក់​លើ​ពរជ័យ​របស់​យើង​ជាជាង​បញ្ហា​មែនដែរឬទេ ?

ជំងឺ​រាតត្បាត​កូវីដ-១៩ បានក្លាយ​ជា​ឧបសគ្គ និង​ការសាកល្បង​មួយ​ក្នុង​ចំណោម​ឧបសគ្គ និង​ការសាកល្បង​ជាច្រើន​ដែល​បុត្រាបុត្រី​របស់​ព្រះ​បាន​ប្រឈមមុខ​នៅក្នុង​ប្រវត្តិសាស្រ្ត​នៃ​ពិភពលោក​នេះ ។ នៅ​ដើម​ឆ្នាំ​នេះ ក្រុម​គ្រួសារ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ឆ្លងកាត់រឿង​អាក្រក់​ជាច្រើន ។ ជំងឺ​រាតត្បាត និង​បុព្វហេតុ​ផ្សេងៗទៀត​បាន​នាំមក​នូវ​សេចក្តីស្លាប់ និង​ការឈឺចាប់​ចំពោះ​ក្រុមគ្រួសារ​របស់​យើង ដោយសារ​មនុស្ស​ជាទី​ស្រឡាញ់ របស់ យើង​មួយចំនួន​បាន​ស្លាប់ ។ ទោះជា​មាន​ការព្យាបាល ការតមអាហារ និង​ការអធិស្ឋាន​អស់​រយៈពេល​ប្រាំសប្តាហ៍​ក្តី​ក៏បងប្រុស ឆាលី បងស្រី​ស៊ូស៊ី និង​បងថ្លៃ​របស់​ខ្ញុំ ជេមមី​បាន​ស្លាប់ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំងនន​ដែរ ។

ពេល​ខ្លះ​ខ្ញុំ​បាន​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​សង្រ្គោះ​ទ្រង់​ព្រះ​កន្សែង​នៅ​ពេល​ទ្រង់​ទត​ឃើញ មារ៉ា ឈឺចាប់​ដោយ​សារ​ប្អូនប្រុស​របស់​នាង ឡាសារ បាន​ស្លាប់ ទោះបី​ជា​ដឹង​ថា​ទ្រង់​មាន​ព្រះចេស្តា​ក្នុងការ​ប្រោស ឡាសារ ហើយ​មិន​យូរ​ប៉ុន្មាន​ទ្រង់​បាន​ប្រើ​ព្រះចេស្តា​ដើម្បី​សង្រ្គោះ​មិត្ត​របស់​ទ្រង់​ពី​សេចក្តី​ស្លាប់ ។ ខ្ញុំ​ស្ងប់ស្ងែង​ចំពោះ​សេចក្តី​មេត្តា និង ការអាណិតរបស់​ព្រះអង្គ​ចំពោះមារ៉ា ទ្រង់​យល់​ពី​ការឈឺចាប់​ដែល​មិនអាច​ពិពណ៌នា​បាន​នេះ ដែល​មារ៉ាជួបនៅពេល ឡាសារ ជាប្អូនប្រុស​របស់​នាង​បានស្លាប់ ។

យើង​មាន​អារម្មណ៍​ឈឺចាប់​យ៉ាងខ្លាំង​ដូចគ្នានេះ នៅពេល​យើង​ជួប​​នូវ​ការបែកគ្នា​បណ្តោះអាសន្ន​នេះ​ពី​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ។ ព្រះអង្គ​សង្រ្គោះ​មាន​សេចក្ដីមេត្តា​ដ៏ល្អ​ឥតខ្ចោះ​ចំពោះយើង ។ ទ្រង់​មិន​បាន​ស្តីបន្ទោស​យើង​ចំពោះ​ការគិតខ្លី​របស់​យើង ឬ​ការមើលឃើញ​មិន​បាន​វែងឆ្ងាយ​នៃ​ដំណើរ​ដ៏​នៅ​អស់កល្បជានិច្ច​របស់​យើង​ឡើយ ។ ផ្ទុយទៅវិញ ទ្រង់​មាន​សេចក្តី​មេត្តា​ចំពោះ​ទុក្ខសោក និង​ការឈឺចាប់​របស់​យើង ។

ព្រះវរបិតាសួគ៌ និងព្រះ​រាជ​បុត្រា​របស់ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ចង់​ឲ្យ​យើង​មាន​អំណរ ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « អំណរ​ដែល​យើង​មាន​នោះ វា​មាន​ឥទ្ធិពល​តិចតួច​ចំពោះ​កាលៈទេសៈ​នៃ​ជីវិត​យើង ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​លើ​អ្វី​ដែល​ជីវិត​យើង​ផ្តោត​ទៅលើ ។ នៅ​ពេល​ជីវិត​របស់យើង​ផ្តោត​ទៅលើ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ​របស់​ព្រះ …​នោះ​យើង​អាច​មានអំណរ មិន​ថា​មាន​អ្វី​កំពុង​កើតឡើង—ឬ មិនកើតឡើង—នៅក្នុង​ជីវិត​យើង​នោះទេ » ។

កាល​ខ្ញុំ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យក្មេង ខ្ញុំចាំ​ពីគ្រា​ដែល​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ខ្ញុំ​មាន​ការកោតសរសើរ​បាន​ទទួល​ដំណឹង​អាក្រក់​ខ្លះៗ ។ ម្តាយ និង​ប្អូន​ប្រុស​របស់​គាត់​បាន​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ដ៏​សោកនាដកម្ម​មួយ ។ ប្រធាន​បេសកកម្ម​បាន​ផ្តល់​ជម្រើស​ដល់​អែលឌើរ​រូប​នេះ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដើម្បី​ចូលរួម​ពិធីបុណ្យសព ។ ទោះជាយ៉ាង​ណាក៏ដោយ បន្ទាប់ពី​បាន​និយាយ​ជាមួយ​ឪពុក​គាត់​តាម​ទូរសព្ទ អ្នក​ផ្សព្វ​ផ្សាយ​សាសនា​រូបនេះ​បាន​សម្រេចចិត្ត​បន្ត​នៅ ហើយ​បានបញ្ចប់​បេសកកម្ម​របស់​គាត់ ។

រូបភាព
ការសួរសុខទុក្ខ​អ្នកផ្សព្វផ្សាយ​សាសនាចក្រ​នៅ​មន្ទីរពេទ្យ

មួយរយៈ​ក្រោយមក ពេល​យើង​កំពុង​បម្រើ​នៅ​ហ្សូន​ដដែល​នោះ ដៃ​គូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​​ទូរសព្ទ​បន្ទាន់​មួយ ដែល​មាន​ក្រុមចោរ​បាន​លួច​កង់​​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នេះ ហើយ​គាត់ត្រូវ​របួស​ដោយសារ​កាំបិតចាក់ ។ គាត់ និងដៃ​គូ​របស់​គាត់​ត្រូវ​ដើរ​ទៅ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​បំផុត ជា​កន្លែង​ដែល​ដៃ​គូ​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ទៅជួប​ជាមួយ​ពួកគាត់ ។ នៅតាមផ្លូវ​ទៅមន្ទីរពេទ្យ ខ្ញុំ​មានចិត្ត​សោកសង្រេង​ចំពោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​រូប​នេះ​ណាស់ ។ ខ្ញុំ​បាន​ស្រមៃ​ថា គាត់​នឹង​បាក់ទឹកចិត្ត ហើយថា​បន្ទាប់ពី​បទពិសោធន៍​ប៉ះទង្គិច​ផ្លូវចិត្ត​របស់​គាត់ ឥឡូវនេះ​គាត់​ច្បាស់​ជា​ចង់​ត្រឡប់​ទៅ​ផ្ទះវិញ មិនខាន ។

ទោះជាយ៉ាងណា​នៅពេល​យើង​បាន​មកដល់​មន្ទីរពេទ្យ ខ្ញុំ​បានឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​រូបនេះ​​ដេក​​ទាំងញញឹមនៅលើ​គ្រែ​​រង់ចាំដើម្បី​—ចូលវះកាត់ ។ ខ្ញុំ​បាន​គិតថា « តើ​គាត់​អាចញញឹម​​ក្នុង​ស្ថានភាព​បែបនេះបាន​យ៉ាង​ដូចម្តេច​ទៅ ? » ខណៈពេល​ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គាត់​បាន​ជូន​កូន​សៀវភៅ និង​ព្រះគម្ពីរ​មរមន​ទៅ​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​អ្នក​ជំងឺ​ផ្សេងទៀត​យ៉ាងស្វាហាប់ ។ ទោះបីជា​មាន​ការសាកល្បង​ទាំងនេះ​ក្តី ក៏​គាត់​មិនចង់​ត្រឡប់​ទៅ​ផ្ទះវិញ​ដែរ ត់​បាន​បម្រើ​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​បេសកកម្ម​របស់​គាត់​ដោយ​សេចក្តីជំនឿ ថាមពល កម្លាំង និង ក្តីរំភើប ។

នៅខាងដើម​នៃ​ព្រះគម្ពីរ​មរមន នីហ្វៃ បាន​ថ្លែងថា៖ « ដោយ​បាន​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​ខ្ញុំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​បាន​ប្រោសប្រណី​ជា​ខ្លាំង​ពី​ព្រះ​អម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ​ដែរ » ។

ខ្ញុំ​គិត​អំពី​ការសាកល្បង​ជាច្រើន​ដែល ​នីហ្វៃបាន​ឆ្លងកាត់ ដែល​ការសាកល្បង​ទាំងនោះ​មាន​នៅក្នុង​សំណេរ​របស់​លោក ។ ការសាកល្បង​របស់​លោក​ជួយ​យើង​ឲ្យ​យល់​ថា​ យើង​ទាំង​អស់គ្នាជួប​នូវរឿង​អាក្រក់ ។ ការសាកល្បង​មួយ​ក្នុង​ចំណោម​ការសាកល្បង​ទាំងនេះ​បាន​កើតឡើង​នៅពេល​នីហ្វៃ ត្រូវបាន​បង្គាប់​ឲ្យ​ត្រឡប់​ទៅកាន់​ក្រុងយេរូសាឡិម​ដើម្បី​ទៅ​យក​ផ្ទាំងលង្ហិន​ដែល​ឡាបាន់ មាន​នៅក្នុង​កណ្តាប់ដៃ​របស់​គាត់ ។ បងៗរបស់​នីហ្វៃ មួយចំនួន​ជាមនុស្ស​ដែល​មាន​ជំនឿតិច ហើយ​ពួកគេ​ថែមទាំង​វាយ​នីហ្វៃ​ដោយ​ដំបង​ទៀតផង ។ នីហ្វៃ បាន​ឆ្លងកាត់​ការសាកល្បង​ផ្សេងទៀត​នៅពេល​លោក​ធ្វើ​ឲ្យ​ធ្នូ​របស់​លោក​បាក់ ហើយ​មិនអាច​រក​អាហារ​ឲ្យ​ក្រុមគ្រួសារ​របស់​លោកបាន ។ ក្រោយមក នៅ​ពេល​នីហ្វៃ​ត្រូវ​បាន​បង្គាប់​ឲ្យ​សង់​សំពៅ​មួយ បងៗ​របស់លោក​បាន​សើចចំអក​ឲ្យ​លោក ហើយ​បាន​បដិសេធ​មិន​ជួយ​លោកឡើយ ។ ទោះបីជា​មាន​ការសាកល្បង​ទាំងនេះ និង​ជាច្រើន​ទៀត​នៅក្នុង​ដំណើរ​នៃ​ជីវិត​របស់​លោក​ក្តី ក៏​នីហ្វៃ​តែងតែ​ស្គាល់​សេចក្តីល្អ​របស់​ព្រះ​ជានិច្ច ។

រូបភាព
នីហ្វៃ​ត្រូវ​ចង​ជាប់​នៅ​លើ​សំពៅ

នៅពេល​ក្រុមគ្រួសារ​របស់​លោក​កំពុង​ឆ្លងកាត់​មហាសមុទ្រ​នៅ​តាម​ផ្លូវ​ទៅ​កាន់​ដែនដី​សន្យា នោះ​ក្រុមគ្រួសារ​របស់​លោក​មួយ​ចំនួន​បាន​« ចាប់ផ្តើម​មានការ​​ភ្លើតភ្លើន » និយាយ​ពាក្យ​ទ្រគោះ ហើយ​បាន​ភ្លេច​ថា ព្រះចេស្តា​របស់​ព្រះអម្ចាស់​បាន​សង្រ្គោះ​ពួកគេ ។ នៅពេល​នីហ្វៃ បាន​ស្តីបន្ទោស​ដល់​ពួកគេ ពួកគេ​បាន​អាក់អន់ចិត្ត ហើយ​បានចាប់​ចងលោក​នឹង​ខ្សែពួរ​ដើម្បី​កុំ​ឲ្យ​លោក​ទៅណា ។ ព្រះគម្ពីរមរមន​បញ្ជាក់ថា បងៗរបស់លោក « បាន​ធ្វើបាប​[ លោក ]​យ៉ាង​ព្រៃផ្សៃ » ក-ដៃ និង​ក-ជើង​របស់​លោក « ហើម​ជា​ខ្លាំង​ដែរ ហើយ​ឈឺ​ចុកចាប់​ឥតឧបមា » ។ នីហ្វៃ​បានកើតទុក​ដោយសារតែ​ភាពរឹងរូស​នៃ​ចិត្ត​របស់​បងៗ​លោក ហើយ​នៅពេល​ខ្លះ​សោកសៅ​ជា​ខ្លាំង ។ លោកបានពោលថា « ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​បាន​សម្លឹង​ឆ្ពោះ​ទៅ​រក​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​សរសើរ​តម្កើង​ទ្រង់​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង ហើយ​ខ្ញុំ​មិន​បាន​រអ៊ូរទាំ​ទាស់​នឹង​ព្រះ​អម្ចាស់ ពី​ព្រោះ​តែ​សេចក្ដី​វេទនា​របស់​ខ្ញុំ​ឡើយ » ។

បងប្អូនប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ តើ​យើង​ឆ្លើយតប​ចំពោះ​ទុក្ខវេទនា​របស់​យើង​ដោយ​របៀបណា ? តើ​យើងត្រូវ​រអ៊ូរទាំ​នៅចំពោះ​ព្រះភ័ក្រ្ត​របស់​ព្រះអម្ចាស់​ដោយសារតែ​ទុក្ខវេទនា​ទាំង​នោះមែន​ដែរទេ ? ឬ​ក៏​ដូចជា​នីហ្វៃ និង​អតីត​មិត្តភក្តិ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ តើ​យើង​មាន​អារម្មណ៍​មាន​អំណរគុណ​ជា​ពាក្យសម្តី គំនិត ទង្វើ ដោយសារតែ​យើង​ផ្តោតយកចិត្ត​ទុកដាក់​លើ​ពរជ័យ​របស់​យើង​ជាជាង​បញ្ហា​មែនដែរទេ ?

ព្រះអង្គសង្គ្រោះ​ព្រះយេស៊ូវ គ្រីស្ទ​របស់​យើង​បាន​ប្រទាន​គំរូដល់យើង​នៅអំឡុង​ការងារបម្រើ​នៅលើ​ផែនដី​របស់​ទ្រង់ ។ នៅគ្រាលំបាក និង​ការសាកល្បង មាន​រឿង​មួយចំនួន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្តី​សុខសាន្ត ការស្ងប់ចិត្ត​កាន់តែខ្លាំង​ជាង​ការបម្រើ​បងប្អូន​របស់​យើង ។ គម្ពីរ​ម៉ាថាយ បាន​រៀបរាប់​សារជា​ថ្មី​ពី​អ្វី​ដែល​បាន​កើតឡើង​នៅពេល​ព្រះអង្គ​សង្រ្គោះ​បាន​ដឹងថា​បងជីដូន​មួយ​របស់​ទ្រង់គឺ យ៉ូហាន បាទីស្ទ ត្រូវបាន​ស្តេច ហេរ៉ូឌ កាត់ក្បាល​ដើម្បី​ផ្គាប់ចិត្ត​បុត្រី​របស់ ហេរ៉ូឌាស ។

« នោះ​ពួក​សិស្ស​យ៉ូហាន​ក៏​មក​យក​សព​ទៅ​កប់​រួច​ទៅ​ទូល​ព្រះយេស៊ូវ ។

« កាល​ព្រះយេស៊ូវ​បាន​ឮ​ហើយ​នោះ ទ្រង់​យាង​ចុះ​ទូក​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ទី​រហោស្ថាន​ដោយឡែក រីឯ​ពួក​បណ្តាជន​ក៏​បាន​ដឹង ហើយ​គេ​ចេញ​ពី​ក្រុង​ទាំង​អស់​ដើរ​តាម​ទ្រង់​ទៅ ។

« លុះ​ទ្រង់​យាង​ឡើង​ពី​ទូក​វិញ​ស្រាប់​តែ​ឃើញ​មាន​មនុស្ស​មីរ​ដេរដាស ទ្រង់​ក៏​មាន​ព្រះហឫទ័យ​ក្តួល​អាណិត​ដល់​គេ ហើយ​ទ្រង់​ប្រោស​មនុស្ស​ឈឺ​ទាំង​ប៉ុន្មាន​ក្នុង​ចំណោមពួក​គេ​ឲ្យ​បាន​ជា ។

« ដល់​ពេល​ល្ងាច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​ថា​ទីនេះ​ស្ងាត់​ណាស់​ម៉ោង​ក៏​ជ្រុល​ហើយ​សូម​ឲ្យ​ហ្វូង​មនុស្ស​ត្រឡប់​ទៅ​វិញ​ទៅ​ដើម្បី​ឲ្យ​បាន​ទិញ​ស្បៀង​អាហារ​នៅ​ក្នុង​ភូមិ​ជុំវិញ ។

« តែ​ព្រះយេស៊ូវ​ទ្រង់​ឆ្លើយ​ថា​មិន​ចាំ​បាច់​ឲ្យ​គេ​ទៅ​ទេ ចូរ​អ្នក​រាល់​គ្នា​ឲ្យ​គេ​បរិភោគ​ទៅ » ។

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​យើង​ថា​ក្នុង​អំឡុងពេល​នៃ ការសាកល្បង និង​ជួប​ទុក្ខលំបាក​យើង​អាច​យល់​ពី​ទុក្ខលំបាក​របស់​អ្នក​ដទៃ ទៅជួយ និង​លើកស្ទួយ​ពួកគេ​បាន ។ ហើយ​នៅពេល​យើង​ធ្វើ​ដូច្នេះ យើង​ក៏​លើកស្ទួយ​ដោយការបម្រើ​ដូចជា​ព្រះគ្រីស្ទ​របស់​យើង​ដែរ ។ ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ថ្លែង ៖ « ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​ខ្ញុំ​ដឹង​គឺ​ការ​ធ្វើ​ការ ។ ថ្នាំ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​អស់សង្ឃឹម​គឺ​ការ​បម្រើ ។ ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ព្រួយ​បារម្ភ​គឺ​ការ​ខិតខំ​ជួយ​ដល់​នរណា​ម្នាក់​ដែល​នឿយហត់​ជាង​យើង​ទៅទៀត » ។

នៅក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ​នេះ ខ្ញុំ​បាន​មាន​ឱកាស​ជាច្រើន​ដើម្បី​ធ្វើ​ការងារបម្រើ និងបម្រើ​ដល់​មនុស្សទូទៅ ។ វា​នៅគ្រា​នោះហើយ ដែល​ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះវរបិតាសួគ៌​បាន​ជួយ​សម្រាល​បន្ទុក​របស់​ខ្ញុំ ។ ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ព្រះ​នៅលើ​ផែនដី​នេះ លោក​គឺជាគំរូដ៏​អស្ចារ្យ​ពី​របៀប​ដែល​យើង​គួរតែ​ធ្វើការងារបម្រើ​ដល់​អ្នក​ដទៃ​នៅអំឡុង​ពេល​ការសាកល្បង​ដ៏​លំបាកៗ ។ ខ្ញុំ​សូម​សរុបនូវ​ការថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​ពួកបរិសុទ្ធ​ជាច្រើន​ទៀត​ថា ព្រះ​គឺជា​ព្រះវរបិតា​សួគ៌​ដែល​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​របស់​យើង ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​ដ៏​និរន្តរ​របស់​ទ្រង់​នៅអំឡុងពេលថ្ងៃ​អាក្រក់​ទាំងឡាយរបស់​ខ្ញុំ ។ ព្រះអង្គសង្គ្រោះ​ព្រះ​យេស៊ូវគ្រីស្ទ​របស់​យើង​ជ្រាប​ដឹង​ពី​ការឈឺចាប់ និង​ទុក្ខលំបាក​របស់​យើង ។ ទ្រង់​មាន​ព្រះទ័យ​ចង់​បញ្ឈប់​បន្ទុក​របស់​យើង ហើយ​លួងលោម​យើង ។ យើង​ត្រូវតែ​ធ្វើតាម​គំរូ​របស់​ទ្រង់ តាមរយៈ​ការបម្រើ និង​ការធ្វើ​ការងារបម្រើ​ដល់​អស់អ្នក​ដែល​មាន​បន្ទុក​ធ្ងន់​ជាង​យើង​ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕