សន្និសីទទូទៅ
សាមញ្ញ—ស្រស់ស្អាត
សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១


សាមញ្ញ—ស្រស់ស្អាត

សូម​យើង​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ភាព​សាមញ្ញ កាលដែល​យើង​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មកពី​ព្រះ ។

សេចក្ដីផ្ដើម

ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ដល់​បងប្អូន​ម្នាក់ៗ​ដែល​កំពុង​ចូលរួម​ក្នុង​សន្និសីទ​នេះ ។

នៅថ្ងៃ​នេះ ខ្ញុំចង់​រៀបរាប់​ពី​ធាតុ​ផ្សំ​ចំនួន​ពីរ​យ៉ាង​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ រួម​មាន​នូវ​ដំណើររឿង​ដ៏​រំជួល​ចិត្ត​ចំនួន​បួន មក​ពី​បងប្អូន​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បង្ហាញ​ពី​ការអនុវត្ត​គោលការណ៍​ទាំងនេះ ។ ធាតុផ្សំ​ទីមួយ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ—គឺ​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ—ផ្ដោត​លើ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មកពី​ព្រះ ។ ធាតុផ្សំ​ទីពីរ​រំឭក​យើង​ថា ដំណឹងល្អ​គឺ​ច្បាស់លាស់ មាន​តម្លៃ និង​សាមញ្ញ ។

ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មកពី​ព្រះ

ដើម្បី​ទទួលបាន​ជីវិត​ដ៏​នៅអស់កល្បជានិច្ច យើង​ត្រូវ​តែ « មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ » ។ នៅ​ពេល​យើង​មករក​ព្រះគ្រីស្ទ ហើយ​ជួយ​អ្នក​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា នោះ​យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាព​តម្កើងឡើង​របស់​ព្រះ ដែល​ផ្ដោត​លើ​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ ។ ការទទួលខុសត្រូវ​ដ៏​ទេវភាព​ទាំង​នេះ​បាន​តម្រង់​តាម​កូនសោ​បព្វជិតភាព​ដែល​បាន​ស្តារ​ឡើង​វិញ​ដោយ ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា ដែល​មាន​កត់ត្រា នៅក្នុង​កណ្ឌ័ទី ១១០ នៃ​គោលលទ្ធិ និង​សេចក្តីសញ្ញា, ហើយ​និង​បញ្ញត្តិ​ធំ​ទីពីរ​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រទាន​ដល់​យើង ឲ្យ​ស្រឡាញ់​អ្នក​ជិតខាង​របស់​យើង​ដូច​ជា​ខ្លួន​របស់​យើង ។ វា​មាន​នៅ​លើ​ទំព័រ​ពីរ​ដំបូង​នៃ ក្បួនខ្នាត​ទូទៅដែល​បាន​ធ្វើ​បច្ចុប្បន្នភាព ដាក់​ឲ្យ​សមាជិក​ទូទៅ​ប្រើប្រាស់ ។

ប្រសិន​បើ​ស្ដាប់​ឮ​ពាក្យ « ក្បួនខ្នាត​ទូទៅ » ឬ « ការទទួល​ខុស​ត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ » ធ្វើ​ឲ្យ​បងប្អូន​ភ័យ​ញ័រ ដោយសារ​តែ​ភាពស្មុគស្មាញ សូម​កុំ​គិត​ដូច្នោះ ឡើយ ការ​ទទួលខុសត្រូវ​ទាំង​នេះ​គឺ​សាមញ្ញ មាន​ការបំផុសគំនិត ការលើក​ទឹកចិត្ត និង​អាច​ធ្វើ​បាន ។ វា​មាន​ដូច​តទៅ​នេះ ៖

  1. ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

  2. ការ​មើល​ថែ​ដល់​អ្នក​ខ្វះខាត

  3. ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ

  4. ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប

បងប្អូន​អាច​មើល​ឃើញ​ដូច​ខ្ញុំ​ដែរ ថា ៖​ជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ដើម្បី​ត្រលប់​ទៅ​កាន់​ព្រះវរបិតាសួគ៌ា​ជា​ទីស្រឡាញ់​របស់​យើង​វិញ ។

រូបភាព
ធាតុ​នៃ​កិច្ចការ​នៃ​សេចក្តី​សង្រ្គោះ និង​ភាពតម្កើងឡើង<nb/>។

ដំណឹងល្អ​គឺ​ច្បាស់លាស់ មាន​តម្លៃ និង​សាមញ្ញ

គេ​និយាយ​ថា ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ « សាមញ្ញ និង​ស្រស់ស្អាត » ។ ប៉ុន្តែ​ពិភពលោក​នេះ​មិន​ដូច្នោះ​ទេ ។ វា​កាន់តែ​ពិបាក ស្មុគស្មាញ និង​ពោរពេញ​ទៅ​ដោយ​ភាពច្របូក​ច្របល់ និង​ជម្លោះ ។ យើង​មាន​ពរ នៅពេល​យើង​រៀន​កុំ​ឲ្យ​ភាពស្មុគស្មាញ ដែល​វា​ជា​រឿង​ទូទៅ​ក្នុង​ពិភពលោក​នេះ ចូល​មកជ្រៀតជ្រែក​របៀប​ដែល​យើង​ទទួល និង​អនុវត្ត​ដំណឹងល្អ ។

ប្រធាន ដាល្លិន អេក អូក បាន​សង្កេត​ឃើញ​ថា « យើង​ត្រូវបាន​បង្រៀន​អំពី​កិច្ចការ​តូចតាច និង​ងាយ​ៗ​ជាច្រើន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​គួរតែ​ត្រូវ​បាន​រំឭក​ថា យូរៗ​ទៅ​កិច្ចការ​ដែល​ហាក់​ដូចជា​តូចតាច​ទាំង​នេះ​នឹង​នាំឲ្យ​កើត​មាន​កិច្ចការ​ធំៗ​បាន » ។ ព្រះយេស៊ូវ​គ្រីស្ទ ទ្រង់​ផ្ទាល់​រៀបរាប់​ថា នឹមទ្រង់ងាយ ហើយ​បន្ទុក​ទ្រង់​ស្រាល ។ យើង​ទាំងអស់​គ្នា​គួរតែ​ខិតខំ​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ភាពសាមញ្ញ—នៅក្នុង​ជីវិត ក្រុម​គ្រួសារ ថ្នាក់រៀន និង​កូរ៉ុម ព្រមទាំង​វួដ និង​ស្ដេក​របស់​យើង​ផងដែរ ។

នៅ​ពេល​បងប្អូន​ស្តាប់​រឿង​ខាង​ក្រោម​ដែល​ខ្ញុំ​នឹង​ចែក​រំលែក​ជា​មួយ​បងប្អូន នោះ​សូម​ទទួល​ស្គាល់​ថា​រឿង​ទាំងនោះ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​យក​ចិត្តទុក​ដាក់​ដើម្បី​បំផុសគំនិត​មួយ​ចំណែក និង​ផ្តល់​ជា ព័ត៌មាន​មួយ​ចំណែក​ទៀត ។ សកម្មភាព​របស់​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​ទាំងនេះ​ម្នាក់ៗ​ក្លាយ​ជា​គំរូ​សម្រាប់​យើង​នៅក្នុង​ការអនុវត្ត​ដំណឹងល្អ​តាម​របៀប​ដ៏​ច្បាស់លាស់ មាន​តម្លៃ និង​សាមញ្ញ ខណៈ​ពេល​បំពេញ​តាម​ការទទួល​ខុសត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ ដែល​ទើប​តែ​បាន​ណែនាំ​ខាងលើ​នេះ ។

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ

ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវគ្រីស្ទ យិនស៍ មកពី​ប្រទេស​ដាណឺម៉ាក អធិស្ឋាន​ជារៀងរាល់ថ្ងៃ​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ហើយ​កត់សម្គាល់​ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គាត់​បាន​រៀន​ធ្វើ​សកម្មភាព​ភ្លាមៗ នៅពេល​គាត់​ទទួល​អារម្មណ៍​ដឹកនាំ​ពី​ព្រះវិញ្ញាណ ។

រូបភាព
យិនស៍​មកពី​ប្រទេស​ដាណឺម៉ាក

យិនស៍​បាន​ចែក​ចាយ​ដូច​ខាង​ក្រោម ៖

« យើង​រស់នៅ​ក្នុង​ផ្ទះឈើ​ប្រក់​ក្បឿង​នៅ​កណ្ដាល​ភូមិតូច​មួយ នៅ​ជិត​នឹងស្រះ​ទឹកក្នុង​ភូមិ ។

រូបភាព
ភូមិ អាយដាយលីក
រូបភាព
ស្រះ​ក្នុង​ភូមិ

« នៅ​យប់នេះ ដោយមាន​អាកាសធាតុ​ល្អនៅ​រដូវក្ដៅក្នុង​ប្រទេស​ដាណឺម៉ាក នោះ​យើង​បាន​បើក​ទ្វារ និង​បង្អួច​ ហើយ​អ្វីៗ​គ្រប់យ៉ាង​មាន​ភាព​សុខសាន្ត និង​ស្ងប់ស្ងាត់ ។ ដោយសារ​មេឃ​នៅ​រដូវ​ក្ដៅ​ភ្លឺ​បាន​យូរ និង​ស្រស់ស្អាត ទើប​ខ្ញុំ​មិន​ប្រញាប់​ប្រញាល់​ប្ដូរ​អំពូល​ភ្លើង​នៅ​ក្នុង​បន្ទប់​ភ្លើង​របស់​យើង ។

រូបភាព
អំពូលភ្លើង អគ្គីសនី

« រំពេច​នោះ​ខ្ញុំ​មាន​អារម្មណ៍​ខ្លាំង​ថា ខ្ញុំ​ត្រូវ​ទៅ​ប្ដូរវា​ភ្លាម ! ទន្ទឹមគ្នា​នោះ​ដែរ ខ្ញុំ​បាន​ឮ​ភរិយា​​ខ្ញុំ ម៉ារៀន បាន​ហៅខ្ញុំ និង​កូនៗ​ឲ្យទៅ​លាង​ដៃ ព្រោះ​អាហារ​ពេល​ល្ងាច​រួចរាល់​ហើយ !

« ខ្ញុំ​ដឹង​ចិត្ត​ភរិយា​​ខ្ញុំ​ច្បាស់​ណាស់ ថា នេះ​ជា​ពេល​ដែល​មិន​ត្រូវ​ធ្វើ​អ្វីផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ស្រែក​ប្រាប់​ទៅ​ម៉ារៀន​ថា ខ្ញុំ​នឹង​ទៅ​ផ្សារ​ទិញ​អំពូលភ្លើង​ថ្មី​មួយ​ភ្លែត​សិន រម្មណ៍​បន្ទាន់​ឲ្យ​ចេញ​ទៅ​ភ្លាមៗ ។

ហាង​លក់​ទំនិញ​នោះ​នៅ​មាត់​ស្រះ​ម្ខាង​ទៀត ។ ជា​ធម្មតា យើង​ដើរ​ទៅ​ហាង​នោះ ប៉ុន្តែ​ថ្ងៃនេះ​ខ្ញុំ​បាន​ជិះ​កង់​ទៅ ។ ពេល​កំពុង​ជិះកង់​កាត់​ស្រះ​នោះ ខ្ញុំ​បាន​ក្រឡេក​ឃើញ​ក្មេង​ប្រុស​តូច​ម្នាក់​អាយុ​ប្រហែល​ជា ពីរ ឆ្នាំ កំពុង​ដើរ​តែ​ឯង​ក្បែរ​មាត់​ស្រះ—រំពេច​នោះ គាត់​បាន​ធ្លាក់​ចូល​ក្នុង​ស្រះ ! ក្នុង​រយះ​ពេល​មួយ​នាទី​គាត់​នៅ​អណ្តែត​នៅ​ឡើយ—តែ​ក្រោយ​មក​ក៏​លិច​បាត់​ទៅ !

« គ្មាន​នរណា​ម្នាក់​ឃើញ​ហេតុការណ៍​នោះ​ឡើយ ក្រៅ​ពី​ខ្ញុំ ។ ខ្ញុំ​បាន​ផ្ដួល​កង់​រត់​ហើយ​លោត​ចូល​ទៅ​ក្នុង​ស្រះ​នោះ ដែល​មាន​ទឹក​ត្រឹម​ចង្កេះ ។ ចក​នៅ​លើ​ផ្ទៃ​ទឹក​ទាំង​មូល​បាន​បាំង​ជិត ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​មើល​ទៅ​ក្នុង​ទឹក​ណាស់ ។ បន្ទាប់​មក ខ្ញុំ​បាន​ឃើញ​ចលនា​នៅ​កន្លែង​មួយ ។ ខ្ញុំ​បាន​លូកដៃ​ចូល​ទៅ​ក្នុង​ទឹក ចាប់​ចំ​អាវយឺត ហើយ​ក៏​ទាញ​ក្មេង​ប្រុស​តូច​នោះ​ឡើង​មក ។ គាត់​បាន​ដង្ហក់​រក​ខ្យល់ ក្អក ហើយ​យំ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក​ក្មេង​ប្រុស​នោះ​ក៏​បាន​ទៅ​ជួបជុំ​នឹង​ឪពុកម្ដាយ​របស់​គាត់​វិញ » ។

រូបភាព
យិនស៍ និង​គ្រួសារ

ពេល​ប្អូនប្រុស យិនស៍ អធិស្ឋាន​រាល់​ព្រឹក​សូម​ជំនួយ​ដើម្បី​ស្គាល់​​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ សូម្បី​តែ​ជា​រឿង​មិន​ប្រក្រតី​ឲ្យ​ប្ដូរ​អំពូល​ភ្លើង​ភ្លាមៗ​ក្ដី ក៏​គាត់​អធិស្ឋាន​សូម​ឲ្យ​ព្រះ​ប្រើ​គាត់​ជា​ឧបករណ៍ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ផង​ដែរ ្ដិសម បន្ទាប់​មក​ខំធ្វើ​ឲ្យ​អស់​ពីលទ្ធភាព​របស់​គាត់​ដើម្បី​ធ្វើ​តាម​ការ​ដឹកនាំ​នោះ ពេលវា​មក​ដល់ ។

ការ​មើល​ថែដល់​អ្នក​ខ្វះខាត

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ទៀត​មក​ពី​ការមើលថែ​ដល់​អ្នក​ខ្វះខាត ។ នៅ​ថ្ងៃ​មួយ ប្រធានស្តេក​នៅ​ស្ដេក​គុគុតា ប្រទេស​កូឡុំប៊ី បាន​ទៅ​ជា​មួយ​ប្រធាន​យុវនារី​ដើម្បី​សួរសុខទុក្ខ​យុវនារី​ពីរ​នាក់—និង​បងប្រុស​វ័យ​ជំទង់​របស់​ពួកគេ—ដែល​បាន​ឆ្លងកាត់​បញ្ហា​ដ៏​គួរ​ឲ្យ​ភ័យ​ខ្លាច​មួយ​ចំនួន ។ ថ្មីៗ​នេះ ឪពុក​របស់​ពួកគេ​បាន​ទទួល​មរណភាព ហើយ​ម្ដាយ​របស់​ពួកគេ​ទើប​ចែកឋាន​ទៅ​កាលពី​ឆ្នាំមុន ។ ឥឡូវ​បងប្អូន​បី​នាក់​នេះ​នៅ​ឯកោ​​ក្នុង​ផ្ទះ​តូច​ដ៏​កំសត់​របស់​ពួកគេ ។ ជញ្ជាំង​ផ្ទះ​ធ្វើ​ពី​ឈើ និង​ថង់ប្លាស្ទិក ហើយ​មាន​ដំបូល​ប្រក់​ស័ង្កសី តែ​ត្រង់​កន្លែង​ដែល​ពួកគេ​ដេក​ប៉ុណ្ណោះ ។

បន្ទាប់ពី​ការ​ចុះ​សួរសុខទុក្ខ ថ្នាក់ដឹកនាំ​ទាំងពីរ​រូបនេះ​បាន​ដឹងថា ពួកគាត់​ត្រូវ​តែ​ជួយ ។ តាមរយៈក្រុម​ប្រឹក្សា​វួដ នោះ​ផែនការ​ជួយដល់​ពួកគេ​បាន​ចាប់ផ្ដើម​ឡើង ។ ថ្នាក់ដឹកនាំ​វួដ និង​ស្ដេក—សមាគមសង្គ្រោះ កូរ៉ុម​អែលឌើរ យុវជន យុវនារី—និង​ក្រុម​គ្រួសារ​ជា​ច្រើន​បាន​ទទួលខ្លួន​ធ្វើកិច្ចការ​ជួយ​ផ្ដល់​ពរជ័យ​ដល់​គ្រួសារ​នេះ ។

រូបភាព
ផ្ទះ​ចាប់ផ្តើម​សាងសង់
រូបភាព
ផ្ទះ​ចាប់ផ្តើម​សាងសង់

អង្គការ​នានា​នៅ​ក្នុង​វួដ​បាន​ទាក់ទង​សមាជិក​វួដ​មួយ​ចំនួន ដែល​ធ្វើការ​ផ្នែក​សំណង់ ​ខ្លះ​ទៀត​បាន​បរិច្ចាគ​សម្ភារ​ដែល​ចាំបាច់ ។

រូបភាព
ផ្ទះ​បាន​សាងសង់​រួចរាល់

ពេល​ផ្ទះ​តូច​នេះ​សាងសង់​រួចរាល វា​គឺ​ជា​ថ្ងៃ​ដ៏​រីករាយ​មួយ​សម្រាប់​អ្នក​ដែល​បាន​ជួយ និង​សមាជិក​វួដ​វ័យក្មេង​ទាំង​បីនាក់​នោះ ។ ក្មេង​កំព្រា​ទាំង​នេះ​បាន​ទទួល​ភាពកក់ក្ដៅ និង​ការអះអាង​ជា​ថ្មី​ពី​ចំណង​គ្រួសារ​របស់​ពួកគេ​នៅ​ក្នុង​វួដ ដោយ​ដឹង​ថា ពួកគេ​មិន​នៅ​ឯកោ​ទេ ហើយ​ថា​ព្រះ​តែង​តែ​គង់​នៅ​ជាមួយ​នឹង​ពួកគេ​ជានិច្ច ។ អ្នក​ទៅ​ជួយ ទទួល​អារម្មណ៍​នៃសេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​គ្រួសារ​នេះ ហើយ​បាន​ធ្វើ​ជា​ព្រះហស្ដ​របស់​ទ្រង់​នៅ​ក្នុង​ការបម្រើ​ដល់​ពួកគេ ។

ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួលយក​ដំណឹងល្អ

ខ្ញុំ​គិត​ថា​បងប្អុន​នឹង​ចូលចិត្ត​ពី​ឧទាហរណ៍​នៃ​ការអញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អ ។ នៅ​ថ្ងៃ​មួយ មាន​យុវជន​ម្នាក់​អាយុដប់ប្រាំពីរ​ឆ្នាំ​ឈ្មោះ​ គ្លីតុន នៅ​ប្រទេស​កាប់វែរ បានដើរ​ចូលទៅ​ក្នុង​ថ្នាក់សិក្ខាសាលា​ក្នុង​វួដ​របស់​គាត់ ដោយ​មិន​បានដឹង​ថា នឹង​មាន​អ្វី​កើតឡើង​នោះ​ឡើយ ។ ប៉ុន្តែ​ជីវិត​របស់​គាត់ និង​ជីវិត​នៃមនុស្ស​ផ្សេង​ទៀត​បាន​ផ្លាស់ប្ដូរ​ជារៀងរហូត ដោយសារ​តែ​អ្វី​ដែល​គាត់​បាន​ធ្វើ ។

គ្លីតុន ព្រមទាំង​ម្ដាយ និង​បងប្រុស​របស់​គាត់ បាន​ជ្រមុជទឹក​ចូល​ក្នុង​សាសនាចក្រ ប៉ុន្តែ​គ្រួសារ​របស់​គាត់​បាន​ឈប់​មក​ព្រះវិហារ​ ។ ការចូលរៀន​ថ្នាក់​សិក្ខាសាលា​របស់​គាត់​តែម្យាំង ​បង្ហាញថាវាជា​ចំណុច​សំខាន់​មួយ​សម្រាប់​គ្រួសារ​គាត់ ។

យុវជន​ផ្សេង​ទៀត​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា​ស្វាគមន៍​គាត់​យ៉ាង​កក់ក្ដៅ ។ ពួកគេ​បាន​ធ្វើ​ឲ្យ គ្លីតុន មាន​អារម្មណ៍​កក់ក្ដៅ ហើយ​បាន​លើក​ទឹក​ចិត្ត​គាត់ឲ្យ​ចូលរួម​សកម្មភាព​ផ្សេង​ទៀត ។ គាត់​បាន​ចូលរួម ហើយ​មិន​យូរ​ប៉ុន្មាន​ក៏​ចាប់ផ្ដើម​ចូលរួម​ការ​ប្រជុំ​ផ្សេងៗ​ទៀត​ក្នុង​សាសនាចក្រ ។ ប៊ីស្សព​ដ៏​ឆ្លាតវៃ​ម្នាក់​បាន​ឃើញពី​សក្ដានុពល​ខាង​វិញ្ញាណ​របស់​ គ្លីតុន ហើយ​បាន​អញ្ជើញ​គាត់ឲ្យ​ធ្វើ​ជា​ជំនួយ​ការ​ ។ ប៊ីស្សព គ្រីស បាន​និយាយ​ថា « តាំង​ពី​ពេល​នោះ​មក គ្លីតុន បាន​ក្លាយ​ជា​គំរូ ហើយ​ជះឥទ្ធិពល​ដល់​យុវវ័យ​ផ្សេង​ទៀត » ។

មនុស្ស​ដំបូង​ដែល គ្លីតុន បាន​អញ្ជើញ​ឲ្យ​ត្រឡប់​មក​ព្រះវិហារ​វិញ​គឺ ​ម្ដាយ​របស់​គាត់ បន្ទាប់មក​បងប្រុស​របស់​គាត់ ។ ក្រោយមក គាត់បាន​ឈោង​ទៅអញ្ជើញ​មិត្ត​របស់​គាត់ ។ ក្នុង​ចំណោម​មិត្ត​ទាំងនោះ មាន​យុវជន​ម្នាក់​ដែល​មាន​អាយុ​ដំណាល​គាត់​ឈ្មោះ វិលសុន ។ នៅពេល​ជួប​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជា​លើក​ដំបូង វិលសុន​បាន​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​គាត់​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។ ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងចំពោះអ្វីៗ​ជាច្រើន​ដែល ​គ្លីតុន បាន​ចែកចាយ​នឹង វិលសុន ។

រូបភាព
យុវជន នៅ កាប់វែរ
រូបភាព
អញ្ជើញ​មនុស្ស​ដទៃ​ទៀត​ឲ្យ​មក​កាន់​ព្រះវិហារ<nb/>។
រូបភាព
ក្រុម​យុវជន​សកម្ម​កំពុង​រីកចម្រើន​ឡើង

ការខិតខំ​របស់ ​គ្លីតុន មិន​បាន​បញ្ឈប់​ត្រឹម​នោះ​ទេ ។ គាត់​បាន​ជួយ​សមាជិក​មិន​សូវ​សកម្ម​ដទៃ​ទៀត​ឲ្យ​ត្រឡប់​មក​វិញ បន្ថែមពីលើ​ការចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្ដិ ដែល​មាន​ជំនឿ​ផ្សេង​នោះ ។ សព្វថ្ងៃ​នេះ វួដនោះ​មាន​យុវវ័យ​សកម្ម​ចំនួន ៣៥ នាក់ មានកម្មវិធី​ថ្នាក់​សិក្ខាសាលា​ដ៏​ធំ​មួយ ដោយសារតែ​ការ​ខិតខំ​មួយ​ផ្នែក​ធំ​របស់​ គ្លីតុន ​ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ ។ គ្លីតុន និង​បងប្រុស​គាត់ ក្លេប៊ែរ អ្នក​ទាំងពីរ កំពុង​រៀបចំ​ខ្លួន​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប

ជាចុងក្រោយនេះ ខ្ញុំ​សូម​ចែកចាយ​ពី​គំរូ​ដ៏​អស្ចារ្យ​មួយ​នៃ​ការបង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប ។ លីឌា មក​ពីទីក្រុង​ខាគិវ ប្រទេស​អ៊ុយក្រែន ដំបូង​ឡើយ​បាន​រៀន​អំពី​ព្រះវិហារ​បរិសុទ្ធ​មក​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ រំពេច​នោះ លីឌា បានមាន​បំណង​ប្រាថ្នា​ក៏​ក្លៀវក្លា​ដើម្បី​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​ពី​នាង​ជ្រមុជទឹក ​នាង​បាន​ចាប់ផ្ដើម​រៀបចំខ្លួន​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។

លីឌា បាន​ចូល​រួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហ្រ្វាយប៊ែក អាល្លឺម៉ង់ ដើម្បី​ទទួល​អំណោយទាន​ពិសិដ្ឋ រួច​ហើយ​បាន​ចំណាយ​ពេល​ពីរ​បីថ្ងៃ​ធ្វើ​កិច្ចការ​ជំនួស​នៅ​ទីនោះ ។ បន្ទាប់​ពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ កៀវ អ៊ុយក្រែន នោះ លីឌា ​បាន​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​​កាន់តែ​ញឹក​ញាប់​ជាងមុន ។ នាង និង​ស្វាមី​​នាង អាណាតូលី បាន​ផ្សារភ្ជាប់​​នៅ​ទីនោះដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​ក្រោយ​មក​បាន​ហៅ​ឲ្យ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ទ្ធ​ដល់​ពួកគាត់ ។

រូបភាព
គូស្វាមី​ភរិយា​ជនជាតិ អ៊ុយក្រែន​នៅ​ឯ​ព្រះវិហារបរិសុទ្ធ

នៅពេល​មាន​គេ​សាកសួរ​ពី​អារម្មណ៍​របស់​នាង​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ នោះ​លីឌា បាន​ថ្លែង​ថា « តើ​ខ្ញុំ​បាន​ទទួល​អ្វី​ខ្លះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ? ខ្ញុំ​បាន​ចុះ​សេចក្ដីសញ្ញា​ថ្មី​ជា​មួយ​នឹង​ព្រះ ។ ទីបន្ទាល់​ខ្ញុំ​បាន​រឹងមាំ​ ។ ខ្ញុំ​បាន​រៀន​ទទួល​វិវរណៈ​ផ្ទាល់ខ្លួន ។ ខ្ញុំ​អាច​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការ​សង្គ្រោះ​សម្រាប់​បុព្វការីជន​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ ។ ហើយ​ខ្ញុំ​អាច​ស្រឡាញ់ និង​បម្រើ​មនុស្ស​ដទៃ​បាន » ។ នាង​បា​នបញ្ចប់​ជាមួយ​នឹង​ពាក្យពេចន៍​ដ៏​ពិត​នេះ​ថា « ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​ឃើញ​យើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ញឹកញាប់ » ។

សេចក្ដី​បញ្ចប់

ខ្ញុំ​មាន​ការបំផុស​គំនិត​តាមរយៈ​សេចក្ដីល្អ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទាំង​នេះ ពួកគេ​ម្នាក់ៗ​មាន​ប្រវត្តិខុស​ប្លែក​ពី​គ្នា​នៅ​ក្នុង​ដំណើររឿង​ទាំង​បួន​នេះ ។ មាន​រឿង​ជាច្រើន​ដែលយើង​អាច​រៀន​មក​ពី​លទ្ធផល​ដ៏​អស្ចារ្យ​ដែល​កើតមាន​ឡើង តាមរយៈ​ការអនុវត្ត​សាមញ្ញៗ​នូវ​គោលការណ៍​ដ៏​សាមញ្ញ​ទាំងឡាយ​នៃ​ដំណឹងល្អ ។ អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ គឺ​យើង​ក៏​អាច​ធ្វើ​បាន​ដូច​គ្នា​ដែរ ។

សូម​យើង​ធ្វើ​ឲ្យ​ដំណឹងល្អ​មាន​ភាព​សាមញ្ញ នៅ​ពេល​យើង​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ការ​ទទួល​ខុស​ត្រូវ​ដែល​បាន​តែងតាំង​មក​ពី​ព្រះ ៖ ដើម្បី រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ងាយ​នឹង​ធ្វើ​តាម​ការ​បំផុស​គំនិត ដូចជា យិនស៍ នៅ​ប្រទេស​ដាណឺម៉ាក​បាន​ធ្វើ​ដែរ ។ ដើម្បី មើល​ថែ​ដល់​អ្នក​ខ្វះខាតដូច​ដែល​បាន​បង្ហាញ​ដោយ​សមាជិក​នៅ​ស្តេក​គុគុតា ប្រទេស​កូឡុំប៊ី ដើម្បី​ផ្ដល់​កន្លែង​ស្នាក់​នៅ​ដល់​សមាជិក​វួដ​ដែល​កំព្រា ។ ដើម្បី អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មក​ទទួល​យក​ដំណឹងល្អដូច​ដែល គ្លីតុន មក​ពី​កោះ​នៅ​ទ្វីបអាហ្វ្រិក ប្រទេស​កាប់វែរ បាន​ធ្វើ​ជាមួយ​នឹង​មិត្តភក្ដិ និង​គ្រួសារ​របស់​គាត់​ដែរ ។ ជាចុងក្រោយ ដើម្បី បង្រួបបង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្បដូចដែល​ស៊ីស្ទើរ លីឌា មកពី​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ជា​គំរូ គឺតាមរយៈ​ពិធី​បរិសុទ្ធ​របស់​នាង​ផ្ទាល់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ការខិតខំ​ធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ និង​ការបម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ការធ្វើ​ដូច្នោះ​នឹង​នាំមក​នូវ​អំណរ និង​ភាព​សុខសាន្ត​យ៉ាង​ពិត​ប្រាកដ ។ ខ្ញុំ​សូម​សន្យា និង​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ—និង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់យើង—នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. មរ៉ូណៃ ១០:៣២ ។

  2. សូមមើល ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ១.២ ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  3. សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១១០:១៣–១៦ ។ សូមមើល​ផងដែរ ដាល្លិន អេក អូក « The Melchizedek Priesthood and the Keys » Liahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៧០ ៖ « បន្ទាប់ពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដំបូង​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ មាន​ព្យាការី​បី​រូប​ទៀត—គឺ​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា—ដែល​បាន​ស្ដារ​ឡើងវិញ​នូវ ‹ កូនសោ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ › រួម​ទាំង​កូនសោ​ដែល​ទាក់ទង​ទៅនឹង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​កិច្ចការ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ផងដែរ » ។ សូមមើល​ផងដែរ ឃ្វីនថិន អិល ឃុក « Prepare to Meet God » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៤ ៖ « ពួកព្យាការី​បុរាណ​បាន​ស្តារ​កូនសោ​បព្វជិតភាព​សម្រាប់​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​អស់កល្ប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូ ។… « កូនសោ​ទាំង​នេះ​ផ្តល់ ‹ ព្រះ​ចេស្ដា​មក​ពី​ស្ថាន​លើ › [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨:៣៨ ] សម្រាប់​ការទទួល​ខុសត្រូវ​ដែល​ព្រះ​បាន​ចាត់​មក ដែល​តាំង​ពីមុន​រហូត​ដល់​ពេល​ឥឡូវ​នេះ​បង្កើត​ជា​គោលបំណង​ចម្បង​នៃ​សាសនាចក្រ 

  4. សូមមើល ម៉ាថាយ ២២:៣៦–៤០ ។

  5. នៅក្នុង Matthew Cowley Speaks: Discourses of Elder Matthew Cowley of the Quorum of the Twelve of The Church of Jesus Christ of Latter-day Saints ( ឆ្នាំ ១៩៥៤ ) ទំព័រ xii ។

  6. ដាល្លិន អេក អូក « Small and Simple Things » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៩ ។

  7. សូមមើល ម៉ាថាយ ១១:៣០ ។