សន្និសីទទូទៅ
បព្វជិតភាព​មិលគីស្សាដែក និង កូនសោ​ទាំងឡាយ
កំណត់ចំណាំ​នៅ​បាត
បាវចនា

បព្វជិតភាព​មិលគីស្សាដែក និង កូនសោ​ទាំងឡាយ

នៅក្នុង​សាសនាចក្រ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ត្រូវបាន​អនុវត្ត​នៅ​ក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នោះ ។

ខ្ញុំ​ជ្រើសរើស​និយាយ​បន្ថែម​ទៀត​អំពី​បព្វជិតភាព​នៃ​ព្រះ ជា​ប្រធានបទ​ដែល​បាន​លើកឡើង​ដោយ​អ្នកនិយាយ​មុន​បី​រូប​រួច​ហើយ ដែល​បាន​បង្រៀន​យើង​អំពី​របៀប​ដែល​បព្វជិតភាព​ផ្ដល់​ពរជ័យ​ដល់​ស្រ្តី​យុវនារី​និង យុវជន ។

បព្វជិតភាព​ជា​អំណាច និង​សិទ្ធិ​អំណាច​មកពី​ព្រះ ដែល​កាន់​ដោយ​ការទុកចិត្ត​ថា បាន​ប្រើប្រាស់​សម្រាប់​កិច្ចការ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ទាំងអស់ ។ បព្វជិតភាព​មិនមែន​ជា​អ្នក​ដែល​ត្រូវបាន​តែងតាំង​ក្នុង​តំណែង​បព្វជិតភាព ឬ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​អំណាច​នេះ​ទេ ។ បុរស​ដែល​កាន់​បព្វជិតភាព​គឺ​ពុំ​មែន​ជា​បព្វជិតភាព​នោះ​ទេ ។ ខណៈ​យើង​មិន​គួរ​ហៅ​បុរស​ដែល​បាន​តែងតែង​នោះ​ថា​ជា​បព្វជិតភាព នោះ​វា​សមរម្យ​ដើម្បី​ហៅ​ពួកគេ​ថា​ជា អ្នកកាន់​បព្វជិតភាព ។

អំណាច​បព្វជិតភាព​មាន​ទាំង​នៅក្នុង​សាសនាចក្រ និង​ក្នុង​អង្គភាព​ក្រុមគ្រួសារ ។ ប៉ុន្ដែ​អំណាច​បព្វជិតភាព និង​សិទ្ធិ​អំណាច​បព្វជិតភាព​មាន​មុខងារ​ខុសគ្នា​នៅក្នុង​សាសនាចក្រ ជាង​នៅក្នុង​ក្រុមគ្រួសារ ។ អ្វី​ទាំងអស់​នេះ​គឺ​ស្របតាម​គោលការណ៍ ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​ឡើង ។ គោលបំណង​នៃ​ផែនការ​របស់​ព្រះ​គឺ​ដើម្បី​ដឹកនាំ​បុត្រា​បុត្រី​របស់​ទ្រង់​ទៅកាន់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ក្រុមគ្រួសារ​ក្នុង​ជីវិត​រមែង​ស្លាប់​គឺជា​ចំណុច​សំខាន់​ចំពោះ​ផែនការ​នោះ ។ សាសនាចក្រ​មាន​វត្តមាន​ដើម្បី​ផ្ដល់​ជា​គោលលទ្ធិ សិទ្ធិ​អំណាច និង​ពិធីបរិសុទ្ធ​នានា​ដែល​ចាំបាច់​ដើម្បី​ធ្វើឲ្យ​ចំណងទាក់ទង​ក្រុម​គ្រួសារ​អាច​បន្ដ​មាន​ទៅ​ដល់​ភាពអស់កល្ប​ជានិច្ច ។ ហេតុដូច្នេះ អង្គភាព​ក្រុមគ្រួសារ និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ចំណង​ទាក់ទង​មួយ​ដែល​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ ពរជ័យ​ទាំងឡាយ​នៃ​បព្វជិតភាព​—ដូចជា​ភាពពេញលេញ​នៃ​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​ដូចជា​ពិធីបុណ​ជ្រមុជទឹក ពិធី​បញ្ជាក់ និង​ការទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច—គឺ​មាន​សម្រាប់​បុរស និង​ស្ត្រី​ដូចគ្នា ។

បព្វជិតភាព​ដែល​យើង​និយាយ​ត្រង់​នេះ គឺជា​បព្វជិតភាព​មិលគីស្សាដែក ដែល​បាន​ស្ដារ​ឡើងវិញ​នៅ​ដើម​ដំបូង​នៃ​ការស្ដារ​ដំណឹងល្អ​ឡើង​វិញ ។ យ៉ូសែប ស្ម៊ីធ និង អូលីវើរ ខៅឌើរី ត្រូវបាន​តែងតាំង​ដោយ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ដែល​បាន​ប្រកាស​ខ្លួន​ពួកលោក​ថា​ជា « អ្នក​មាន​កូនសោ​ទាំងឡាយ​នៃ​នគរ ហើយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៨:២០ ) ។ ពួកសាវក​រៀមច្បង​ទាំងនេះ​បាន​ទទួល​សិទ្ធិ​អំណាច​នោះ​មកពី​ព្រះអង្គ​សង្គ្រោះ​ផ្ទាល់ ។ សិទ្ធិ​អំណាច ឬ​តំណែង​ផ្សេងទៀត​ទាំងអស់​ក្នុង​បព្វជិតភាព​គឺជា​ការ​បន្តោង​បញ្ជាប់​ទៅ​នឹង​បព្វជិតភាព​មិលគីស្សាដែក ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៥ ) ដោយសារ​វា « មាន​សិទ្ធិ​ខាង​គណៈប្រធាន ហើយ​មាន​អំណាច និង​សិទ្ធិ​អំណាច​លើ​អស់​ទាំង​តំណែង​នៅក្នុង​សាសនាចក្រ នៅ​គ្រប់​សម័យ​នានា​ក្នុងពិភពលោក » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៨ ) ។

នៅក្នុង​សាសនាចក្រ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ដែល​ជា​បព្វជិតភាព​មិលគីស្សាដែក និង​បព្វជិតភាព​តូចជាង ឬ​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​អនុវត្ត​នៅ​ក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព​ម្នាក់​ដូចជា​ប៊ីស្សព ឬ​ប្រធាន​ម្នាក់ ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​នោះ ។ ដើម្បី​យល់ពី​ការអនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​សាសនាចក្រ យើង​ត្រូវតែ​យល់​ពី​គោលការណ៍​នៃ​កូនសោ​បព្វជិតភាព ។

កូនសោ​បព្វជិតភាព​មិលគីស្សាដែក​នៃ​នគរ​ត្រូវបាន​ប្រគល់​ដោយ​ពេត្រុស យ៉ាកុប និង​យ៉ូហាន ប៉ុន្ដែ​ការណ៍​នោះ​មិន​បាន​បញ្ចប់​ការស្ដារ​ឡើងវិញ​នៃ​កូនសោ​បព្វជិតភាព​ឡើយ ។ កូនសោ​ខ្លះ​នៃ​បព្វជិតភាព​បាន​មក​តាម​ក្រោយ ។ បន្ទាប់ពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដំបូង​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ មាន​ព្យាការី​បី​រូប​ទៀត—គឺ​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា—ដែល​បាន​ស្ដារ​ឡើងវិញ​នូវ « កូនសោ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ » រួម​ទាំង​កូនសោ​ដែល​ទាក់ទង​ទៅនឹង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​កិច្ចការ​នៃ​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ផងដែរ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១១០ )ដូច​ប្រធាន​អាវរិង​ទើប​តែ​បាន​ពិពណ៌នា​យ៉ាង​ក្បោះក្បាយ ។

គំរូ​ស្រដៀង​គ្នា​ខ្លាំង​មួយ​នៃ​មុខងារ​នៃ​កូនសោ​ទាំងឡាយ​គឺ​នៅក្នុង​ការធ្វើ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។ ពិធីបរិសុទ្ធ​គឺជា​ទង្វើ​មួយ​ដ៏​មុតមាំ ដែល​ជា​ការចុះ​សេចក្ដី​សញ្ញា និង​ការសន្យា​នៃ​ពរជ័យ​ទាំងឡាយ ។ នៅក្នុង​សាសនាចក្រ ពិធីបរិសុទ្ធ​ទាំងអស់​ត្រូវបាន​ធ្វើ​ឡើង​នៅក្រោម​ការអនុញ្ញាត​សិទ្ធិ​អំណាច​ពី​អ្នកដឹកនាំ​បព្វជិតភាព ដែល​កាន់​កូនសោ​ទាំងឡាយ​សម្រាប់​ពិធីបរិសុទ្ធ​នោះ ។

ពិធីបរិសុទ្ធ​ត្រូវបាន​ធ្វើឡើង​ជាទូទៅ​បំផុត​ដោយ​បុគ្គល ដែល​ត្រូវបាន​តែងតាំង​ឲ្យ​មាន​តំណែង​មួយ​ក្នុង​ការអនុវត្ត​បព្វជិតភាព នៅក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព ។ ឧទាហរណ៍ អ្នកកាន់​តំណែង​ផ្សេងៗ​នៃ​បព្វជិតភាព​អើរ៉ុន​បម្រើ​ក្នុង​ពិធីបរិសុទ្ធ​នៃ​ពិធី​សាក្រាម៉ង់​នៅក្រោម​កូនសោ​ទាំងឡាយ និង​ការដឹកនាំ​របស់​ប៊ីស្សព ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន ។ គោលការណ៍​ដូចគ្នា​នេះ​ក៏​អនុវត្ត​ចំពោះ​ពិធីបរិសុទ្ធ​បព្វជិតភាព ដែល​ស្ដ្រី​បម្រើ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ទោះបីជា​ស្ដ្រី​មិន​កាន់​តំណែង​មួយ​ក្នុង​បព្វជិតភាព​ក្ដី ក៏​ពួកគេ​ធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​នៅក្រោម​ការអនុញ្ញាត​សិទ្ធិ​អំណាច​របស់​ប្រធាន​ព្រះវិហារ​បរិសុទ្ធ ដែល​កាន់​កូនសោ​ទាំងឡាយ​សម្រាប់​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែរ ។

ឧទាហរណ៍​មួយ​ទៀត​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​ទាំងឡាយ​នោះ គឺជា​ការបង្រៀន​របស់​បុរស និង​ស្ដ្រី​ដែល​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​ដំណឹងល្អ មិន​ថា​នៅក្នុង​ថ្នាក់រៀន នៅ​ផ្ទះ​របស់​ពួកគេ នៅ​ក្នុង​វួដ ឬ​ក្នុង​បេសកកម្ម​នោះ​ទេ ។ ឧទាហរណ៍​ផ្សេងទៀត​គឺជា​អ្នក​ដែល​កាន់​តំណែង​ថ្នាក់ដឹកនាំ​ក្នុង​វួដ ហើយ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​ភាព​ដឹកនាំ​របស់​ពួកគេ តាមរយៈ​ការហៅ​របស់​ពួកគេ និង​ការញែក​ចេញ ក៏​ដូចជា​នៅ​ក្រោម​ការដឹកនាំ​របស់​អ្នកដឹកនាំ​បព្វជិតភាព ដែល​កាន់​កូនសោ​ទាំងឡាយ​នៅក្នុង​វួដ ឬ​ស្ដេក​នោះ ។ នេះ​គឺជា​របៀប​ដែល​សិទ្ធិ​អំណាច និង​អំណាច​នៃ​បព្វជិតភាព​ត្រូវបាន​អនុវត្ត និង​រីករាយ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

សិទ្ធិ​អំណាច​បព្វជិតភាព​ក៏​ត្រូវបាន​អនុវត្ត ហើយ​ពរជ័យ​នៃ​សិទ្ធិ​អំណាច​បព្វជិតភាព​នេះ​ក៏​កើត​មាន​នៅក្នុង​ក្រុមគ្រួសារ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ផងដែរ ។ និយាយ​ពី​ក្រុមគ្រួសារ ខ្ញុំ​មាន​ន័យ​ថា បុរស​ដែល​កាន់​បព្វជិតភាព​ម្នាក់ និង​ស្ដ្រី​ម្នាក់​ដែល​បាន​រៀបការ ព្រមទាំង​កូនៗ​របស់​ពួកគេ ។ ខ្ញុំ​ក៏​រួម​បញ្ចូល​ចំណងទាក់ទង​ដ៏​ល្អ​ផ្សេងៗ​ផងដែរ ដូចជា​ចំណងទាក់ទង​ដែល​បណ្ដាល​មកពី​ការស្លាប់ ឬ​ការលែងលះ ។

គោលការណ៍​ដែល​ថា​សិទ្ធិ​អំណាច​បព្វជិតភាព​អាច​អនុវត្ត​បាន​តែ​នៅ​ក្រោម​ការដឹកនាំ​នៃ​បុគ្គល​ម្នាក់ ដែល​កាន់​កូនសោ​ទាំងឡាយ​សម្រាប់​តួនាទី​នោះ​ប៉ុណ្ណោះ​គឺជា​រឿង​ដ៏​សំខាន់​នៅក្នុង​សាសនាចក្រ ប៉ុន្តែ​វា​មិន​អនុវត្ត​ចំពោះ​ការអនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅ​ក្នុង​គ្រួសារ​ទេ ។ ឧទាហរណ៍ ឪពុក​ម្នាក់​ធ្វើ​ជា​អធិបតី និង​អនុវត្ត​បព្វជិតភាព​ក្នុង​គ្រួសារ​របស់​គាត់ តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព​ដែល​គាត់​កាន់ ។ គាត់​មិន​ចាំបាច់​មាន​ការដឹកនាំ ឬ​ការអនុម័ត​ពី​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព ដើម្បី​បំពេញ​មុខងារ​គ្រួសារ​ផ្សេងៗ​របស់​គាត់​នោះ​ទេ ។ ការណ៍​ទាំងនេះ​រួមមាន​ការទូន្មាន​សមាជិក​គ្រួសារ​របស់​គាត់ ការប្រជុំ​ជា​គ្រួសារ ការផ្ដល់​ការប្រសិទ្ធិពរ​បព្វជិតភាព​ដល់​ភរិយា និង​កូនចៅ​របស់​គាត់ ឬ​ការផ្ដល់​ពរជ័យ​នៃ​ការព្យាបាល​ដល់​សមាជិក​គ្រួសារ ឬ​មនុស្ស​ដទៃ ។ អ្នកមាន​សិទ្ធិ​អំណាច​ក្នុង​សាសនាចក្រ​បង្រៀន​សមាជិក​គ្រួសារ ប៉ុន្ដែ​មិន​ដឹកនាំ​ការអនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​គ្រួសារ​នោះ​ទេ ។

គោលការណ៍​ដូចគ្នា​នេះ​ក៏​អនុវត្ត​បាន នៅពេល​ឪពុក​ម្នាក់​អវត្តមាន ហើយ​ម្ដាយ​គឺជា​មេដឹកនាំ​គ្រួសារ ។ គាត់​ធ្វើជា​អធិបតី​នៅក្នុង​ផ្ទះ​របស់​គាត់ ហើយ​ជា​ឧបករណ៍​ដើម្បី​នាំ​មក​នូវ​អំណាច និង​ពរជ័យ​នានា​នៃ​បព្វជិតភាព​ទៅក្នុង​គ្រួសារ​របស់​គាត់ តាមរយៈ​អំណោយទាន​ពិសិដ្ឋ និង​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​គាត់ ។ ខណៈ​គាត់​មិន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដើម្បី​ផ្ដល់​ពរជ័យ​បព្វជិតភាព ដែល​អាច​ផ្ដល់​បាន​តែ​តាមរយៈ​បុគ្គល​ម្នាក់ ដែល​កាន់​តំណែង​ជាក់លាក់​មួយ​ក្នុង​បព្វជិតភាព​ប៉ុណ្ណោះ គាត់​អាច​បំពេញ​មុខងារ​ផ្សេងទៀត​ទាំងអស់​ក្នុង​ភាពដឹកនាំ​នៃ​គ្រួសារ​គាត់ ។ ក្នុង​ការធ្វើ​ដូច្នោះ គាត់​អនុវត្ត​អំណាច​បព្វជិតភាព​ដើម្បី​ជា​ប្រយោជន៍​ដល់​កូនៗ​ដែល​គាត់​ធ្វើជា​អធិបតី​លើ ក្នុង​តំណែង​ភាពដឹកនាំ​របស់​គាត់​ក្នុង​គ្រួសារ ។

បើ​ឪពុក​ទាំងអស់​តម្កើង​បព្វជិតភាព​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ នោះ​វា​នឹង​ពន្លឿន​បេសកកម្ម​របស់​សាសនាចក្រ ដូចគ្នា​នឹង​រឿង​ផ្សេង​ទៀត​ដែល​ពួកគេ​អាច​នឹង​ធ្វើ​ផង​ដែរ ។ ឪពុក​ទាំងឡាយ​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក គួរតែ​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ពួកគេ « ដោយ​ការលួង​លោម ដោយ​ការអត់ធ្មត់ ដោយ​ការទន់ភ្លន់ និង​ការស្លូតបូត និង​ដោយ​ការស្រឡាញ់​ស្មោះត្រង់ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៤១ ) ។ បទដ្ឋាន​ដ៏​ខ្ពស់​សម្រាប់​ការអនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​ទាំងអស់​នោះ​គឺ​សំខាន់​បំផុត​នៅ​ក្នុង​គ្រួសារ ។ អ្នកកាន់​បព្វជិតភាព​ក៏​គួរ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ដើម្បី​ពួកគេ​នឹង​មាន​អំណាច​បព្វជិតភាព​ប្រសិទ្ធពរ​ដល់​សមាជិក​គ្រួសារ​របស់​ពួកគេ​ផងដែរ ។ ពួកគេ​គួរ​អភិវឌ្ឍ​ចំណងទាក់ទង​ល្អ​ជាមួយ​គ្រួសារ ដើម្បី​ឲ្យ​សមាជិក​គ្រួសារ​នឹង​ចង់​សុំ​ការប្រសិទ្ធពរ​ពី​ឪពុក​របស់​ពួកគេ ។ ហើយ​ឪពុក​ម្ដាយ​គួរ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការប្រសិទ្ធពរ​បព្វជិតភាព​ឲ្យ​បាន​កាន់តែ​ច្រើន​នៅ​ក្នុង​គ្រួសារ ។

នៅក្នុង​ការប្រជុំ​សន្និសីទ​ទាំងនេះ កាល​យើង​ស្វែងរក​ជម្រក​បណ្ដោះ​អាសន្ន​ពី​កង្វល់​ខាង​សាច់ឈាម​របស់​យើង​ជាមួយ​នឹង​ជំងឺ​រាលដាល​ពេញ​ពិភពលោក​ដ៏​អន្ដរាយ​នេះ យើង​ត្រូវបាន​បង្រៀន​ពី​គោលការណ៍​នៃ​ភាពអស់កល្ប​ដ៏​អស្ចារ្យ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ពួកយើង​ម្នាក់ៗ​ឲ្យ​ដាក់​ភ្នែក​យើង « ស្មោះស្ម័គ្រ​ទាំង​ស្រុង » ដើម្បី​ទទួល​បាន​សេចក្ដីពិត​នៃ​ភាពអស់​កល្ប​ទាំងនេះ ដើម្បី​ឲ្យ​រូបកាយ​យើង « នឹង​បាន​ពោរពេញ​ដោយ​ពន្លឺ » ( នីហ្វៃ ទី​៣ ១៣:២២ ) ។

នៅក្នុង​ទេសនកថា​របស់​ទ្រង់​ដល់​បណ្ដា​ជន ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប និង​ព្រះគម្ពីរ​មរមន ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា រូបកាយ​រមែង​ស្លាប់​អាច​បាន​ពោរពេញ​ដោយ​ពន្លឺ ឬ​ពេញ​ដោយ​ភាពងងឹត ។ ពិតណាស់ យើង​ចង់​បាន​ពោរពេញ​ដោយ​ពន្លឺ ហើយ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​បង្រៀន​យើង​ពី​របៀប ដែល​យើង​អាច​ធ្វើ​ឲ្យ​ការណ៍​នេះ​កើតឡើង​បាន ។ យើង​គួរ​តែ​ស្ដាប់​សារលិខិត​អំពី​សេចក្ដីពិត​នៃ​ភាពអស់កល្ប ។ ទ្រង់​បាន​ប្រើ​ឧទាហរណ៍​អំពី​ភ្នែក​យើង ព្រោះ​យើង​អាច​យក​ពន្លឺ​ទៅក្នុង​រូបកាយ​យើង​បាន​តាមរយៈ​ភ្នែក​យើង ។ ប្រសិន​បើ​« ភ្នែក​យើង ស្មោះស្ម័គ្រ​ទាំង​ស្រុង »—និយាយ​ម្យ៉ាង​ទៀត​ថា ប្រសិនបើ​យើង​ផ្ដោត​លើ​ការទទួល​បាន​ពន្លឺ​ដ៏​អស់កល្ប និង​ការយល់ដឹង—នោះ​ទ្រង់​បាន​ពន្យល់​ថា « រូបកាយ​អ្នក​ទាំងមូល​នឹង​បាន​ពោរពេញ​ដោយ​ពន្លឺ » ( ម៉ាថាយ ៦:២២; នីហ្វៃ ទី​៣ ១៣:២២ ) ។ តែ​បើ​ភ្នែក​យើង « អាក្រក់​វិញ »​—​នោះ​គឺ ប្រសិនបើ​យើង​រកមើល​ការអាក្រក់ ហើយ​យក​ការណ៍​នោះ​ដាក់​ក្នុង​រូបកាយ​យើង—​នោះ​ទ្រង់​បាន​ព្រមាន​ថា « រូបកាយ​អ្នក​ទាំងមូល នឹង​បាន​ពោរពេញ​ដោយ​ភាព​ងងឹត​សូន្យ » ( ខទី ២៣ ) ។ និយាយ​ម្យ៉ាង​ទៀត​គឺ​ថា ពន្លឺ ឬ​ភាពងងឹត​នៅក្នុង​រូបកាយ​យើង​អាស្រ័យ​លើ​របៀប​ដែល​យើង​មើល​—​ឬ​ទទួល—​សេចក្ដីពិត​ដ៏​អស់កល្ប​ដែល​យើង​ត្រូវបាន​បង្រៀន ។

យើង​គួរតែ​ធ្វើ​តាម​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ស្វែងរក និង​ទូលសូម​ដើម្បី​យល់​ពី​សេចក្ដីពិត​នៃ​ភាពអស់កល្ប។ ទ្រង់​សន្យា​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​មាន​ព្រះទ័យ​ចង់​បង្រៀន​មនុស្ស​គ្រប់គ្នា​អំពី​សេចក្ដីពិត ដែល​យើង​ស្វែងរក​នោះ ( សូមមើល នីហ្វៃ ទី​៣ ១៤:៨ ) ។ ប្រសិនបើ​យើង​ប្រាថ្នា​ចង់​បាន​ការណ៍​នេះ ហើយ​ដាក់​ភ្នែក​យើង​ស្មោះស្ម័គ្រ​ទាំង​ស្រុង​ដើម្បី​ទទួល យក​វា​នោះ​ព្រះអង្គ​សង្គ្រោះ​សន្យា​ថា សេចក្ដីពិត​នៃ​ភាពអស់​កល្ប « នឹង​បើក » ឲ្យ​យើង ( នីហ្វៃ ទី​៣ ១៤:៧–៨ ) ។

ផ្ទុយ​ទៅវិញ សាតាំង​អន្ទះសា​ចង់​បំភាន់​ការគិត​របស់​យើង ឬ​ដឹកនាំ​យើង​ឲ្យ​វង្វេង​អំពី​បញ្ហា​ដ៏​សំខាន់​ដូចជា​ការអនុវត្ត​បព្វជិតភាព​នៃ​ព្រះ​ជាដើម ។ ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​អំពី « ពួក​ព្យាការី​ក្លែងក្លាយ ដែល​គេ​មក​រក​អ្នក​រាល់​គ្នា​ដោយ​ពាក់​រោមចៀម​បំប្លែង​ខ្លួន តែ​ខាង​ក្នុង​របស់​គេ​ជា​ឆ្កែចចក​ដែល​ឆ្មក់​ស៊ី​វិញ » ( នីហ្វៃ ទី​៣ ១៤:១៥ ) ។ ទ្រង់​បាន​ប្រទាន​ការសាកល្បង​នេះ​ដល់​យើង ដើម្បី​ជួយ​យើង​ឲ្យ​ជ្រើសរើស​សេចក្ដីពិត​ពី​ក្នុង​ចំណោម​ការបង្រៀន​ខុសៗ​គ្នា​ជាច្រើន ដែល​អាច​បំភាន់​យើង ៖ ទ្រង់​បាន​បង្រៀន​ថា « អ្នក​រាល់​គ្នា​នឹង​ស្គាល់​គេ​បាន ដោយ​សារ​ផល​គេ​បង្កើត » ( នីហ្វៃ ទី​៣ ១៤:១៦ ) ។ « ធម្មតា ដើម​ឈើ​ល្អ​មិន​ដែល​បញ្ចេញ​ផល​អាក្រក់​បាន​ទេ ហើយ​ដើម​ដែល​អាក្រក់​ក៏​ពុំ​អាច​នឹង​បញ្ចេញ​ផល​ល្អ​បាន​ដែរ » ( ខទី ១៨ ) ។ ហេតុ​ដូច្នេះ​ហើយ យើង​គួរតែ​មើល​ទៅ​លទ្ធផល—« ផលផ្លែ »—នៃ​គោលការណ៍​ដែល​បាន​បង្រៀន និង​ព្យាការី​ដែល​បង្រៀន​គោលការណ៍​នោះ ។ នោះ​គឺជា​ចម្លើយ​ដ៏​ល្អ​បំផុត​ចំពោះ​ការជំទាស់​ជាច្រើន ដែល​យើង​បាន​ឮ​ទាស់​នឹង​សាសនាចក្រ និង​គោលលទ្ធិ ព្រមទាំង​គោលនយោបាយ និង​ភាពដឹកនាំ​នៃ​សាសនាចក្រ ។ សូម​ធ្វើតាម​ការសាកល្បង ដែល​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន ។ សូម​មើល​ទៅ​ផលផ្លែ—​គឺ​លទ្ធផល ។

នៅពេល​យើង​គិត​អំពី​ផលផ្លែ​នៃ​ដំណឹងល្អ និង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ក្នុង​មួយ​ជីវិត​របស់​សមាជិក​ដែល​នៅ​រស់​ទាំងឡាយ នោះ​យើង​អរ​រីករាយ​នឹង​របៀប​ដែល​សាសនាចក្រ​បាន​ពង្រីក​ពី​ក្រុម​ជំនុំ​ក្នុង​ស្រុក​នៅ​អ៊ិនធើរ​មោនធេន វេហ្វ ទៅ​កាន់​ជាតិសាសន៍​ផ្សេងៗ ជា​កន្លែង​ដែល​សមាជិក​ច្រើន​ជាង​ចំនួន ១៦ លាន​នាក់​រស់នៅ ក្រៅពី​សហរដ្ឋ​អាមេរិក ។ ជាមួយ​នឹង​ការរីកចម្រើន​នោះ យើង​មាន​អារម្មណ៍​ថា សមត្ថភាព​របស់​សាសនាចក្រ​នឹង​កើនឡើង​ដើម្បី​ជួយ​ដល់​សមាជិក​របស់​ខ្លួន ។ យើង​ជួយ​ក្នុង​ការកាន់តាម​បទបញ្ញត្តិ ក្នុង​ការបំពេញ​តាម​ការទទួល​ខុសត្រូវ​ដើម្បី​ផ្សាយ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ ក្នុង​ការប្រមូល​ផ្ដុំ​អ៊ីស្រាអែល និង​ក្នុង​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ទូទាំង​ពិភពលោក ។

យើង​ត្រូវបាន​ដឹកនាំ​ដោយ​ព្យាការី​ម្នាក់ គឺ​ប្រធាន រ័សុល អិម ណិលសុន ដែល​ព្រះអម្ចាស់​បាន​ប្រើ​ភាពដឹកនាំ​របស់​លោក​ដើម្បី​សម្រេច​បាន​ការរីក​ចម្រើន ដែល​យើង​បាន​ដឹង​អំឡុង​ពេល​ច្រើន​ជាង​ពីរ​ឆ្នាំ​នៃ​ភាពដឹកនាំ​របស់​លោក​នេះ ។ ឥឡូវ​នេះ យើង​នឹង​មាន​ពរ​ស្ដាប់​ប្រធាន​ណិលសុន ដែល​នឹង​បង្រៀន​យើង​ពី​របៀប​ដើម្បី​បង្កើន​ការរីកចម្រើន​របស់​យើង​នៅ​ក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នេះ នៅក្នុង​ពេល​ដ៏​ពិបាក​ទាំងនេះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ការណ៍​ទាំងនេះ ហើយ​ចូលរួម​នឹង​បងប្អូន​ក្នុង​ការអធិស្ឋាន​សម្រាប់​ព្យាការី​របស់​យើង ដែល​យើង​នឹង​ស្ដាប់​ក្នុង​ពេល​បន្ដិច​ទៀត នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕