សន្និសីទទូទៅ
រួបរួម​គ្នា​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


រួបរួម​គ្នា​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ

របៀប​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​គឺ ត្រូវ​ធ្វើការ​រួមគ្នា​ដោយ​ទទួល​ពរ​តាមរយៈ​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព ។

បងប្អូន​ប្រុសស្រី ដ៏​អស្ចារ្យ​ខ្ញុំ​រីករាយ​ណាស់​ដែល​មាន​វត្តមាន​ជាមួយ​បងប្អូន ។ កន្លែង​ណា​ដែល​បងប្អូន​កំពុង​ស្តាប់​ខ្ញុំ​សូម​ឱប​បងប្អូនស្រី​របស់​ខ្ញុំ​ហើយ​ចាប់​ដៃ​គ្នា​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​ទៅ​កាន់​បងប្អូន​របស់​ខ្ញុំ ។ យើង​ចូលរួម​ក្នុង​កិច្ចការ​នៃ​ព្រះ​អម្ចារ្យ ។

ពេល​យើង​គិត​ដល់​អ័ដាម និង​អេវ៉ា ជារឿយៗ​គំនិត​ដំបូង​របស់​យើង​គឺ​អំពី​ជីវិត​ដ៏​មាន​សុភមង្គល​របស់​ពួកគេ​ក្នុង​សួនច្បារ​អេដែន ។ ខ្ញុំ​ស្រមៃ​ថា អាកាសធាតុ​តែង​ល្អ​ឥតខ្ចោះ​ជានិច្ច—​មិន​ក្ដៅ​ពេក ហើយ​មិន​ត្រជាក់​ពេក​—​និង​ផ្លែឈើ​ដ៏​ច្រើន​យ៉ាង​ឆ្ងាញ់ ព្រមទាំង​បន្លែ​ដែល​ដុះ​ក្បែរ​ដៃ ដូច្នេះ​ពួកគេ​អាច​បរិភោគ​ពេលណា​ពួកគេ​ចង់ ។ ដោយសារ​នេះ​ជា​ពិភព​ថ្មី​មួយ​សម្រាប់​ពួកគេ នោះ​មាន​អ្វី​ជាច្រើន​ដែល​ត្រូវ​ដឹង ដូច្នេះ​រាល់ថ្ងៃ​គឺ​គួរឲ្យ​ចាប់​អារម្មណ៍​ណាស់ កាល​ពួកគេ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ជីវិត​សត្វ ហើយ​រុករក​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន​គេ​ដ៏​ស្រស់ស្អាត ។ ពួកគេ​ក៏​ទទួល​បាន​បទបញ្ញតិ្ត​ឲ្យ​គោរព​តាម ហើយ​មាន​របៀប​ខុសគ្នា​ដើម្បី​ធ្វើ​តាម​ការណែនាំ​ទាំងនោះ ដែល​បណ្ដាល​ឲ្យ​មាន​ការអន្ទះសា និង​ការភាន់​ច្រឡំ​ពី​ដើម​ដំបូង​ខ្លះៗ ។ ប៉ុន្ដែ​កាល​ពួកគេ​បាន​ធ្វើការ​សម្រេច​ចិត្ត ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ​ជារៀង​រហូត នោះ​ពួកគេ​បាន​រៀន​ធ្វើការ​ជាមួយ​គ្នា ហើយ​បាន​រួបរួម​គ្នា​ដើម្បី​សម្រេច​បាន​គោលបំណង ដែល​ព្រះ​បាន​មាន​សម្រាប់​ពួកគេ​—​និង​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់​ទាំងអស់ ។

ឥឡូវ​នេះ សូម​ស្រមៃ​គូ​ស្វាមី​ភរិយា​ដូចគ្នា​នេះ​ក្នុង​ជីវិត​រមែង​ស្លាប់ ។ ពួកគេ​ត្រូវ​ធ្វើការ​ដើម្បី​បាន​អាហារ សត្វ​មួយ​ចំនួន​គិត​ថា​ពួកគេ​ជា​អាហារ ហើយ​មាន​ឧបសគ្គ​ដ៏​ពិបាក​ជាច្រើន​ដែល​អាច​យកឈ្នះ​បាន តែ​នៅពេល​ពួកគេ​ប្រឹក្សា​គ្នា ហើយ​អធិស្ឋាន​រួមគ្នា​ប៉ុណ្ណោះ ។ ខ្ញុំ​ស្រមៃ​ថា យ៉ាង​ហោច​ណាស់​មាន​ពេល​ពីរ​បី​ដង ដែល​ពួកគេ​មាន​គំនិត​ខុសគ្នា​ស្ដីពី​របៀប​ដោះស្រាយ​ឧបសគ្គ​ទាំងនោះ ។ ប៉ុន្ដែ​តាមរយៈ​ការធ្លាក់ ពួកគេ​បាន​រៀន​ថា វា​ចាំបាច់​ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សាមគ្គីភាព និង​ក្ដី​ស្រឡាញ់ ។ នៅក្នុង​ការបង្រៀន​ដែល​ពួកគេ​បាន​ទទួល​មកពី​ប្រភព​ដ៏​ទេវភាព នោះ​ពួកគេ​បាន​រៀន​ពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​គោលការណ៍​នានា​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ផែនការ​នេះ​អនុវត្ត​បាន ។ ដោយសារ​ពួកគេ​បាន​យល់​ថា គោលបំណង​លើ​ផែនដី និង​គោលដៅ​ដ៏​អស់កល្ប​របស់​ពួកគេ​គឺ​ដូចគ្នា នោះ​ពួកគេ​ពេញចិត្ត និង​មាន​ជោគជ័យ​ក្នុង​ការរៀន​ធ្វើការ​ដោយ​ក្ដី​ស្រឡាញ់ និង​សុចរិតភាព​ជាមួយ​គ្នា ។

រូបភាព
អ័ដាម និង អេវ៉ា កំពុង​បង្រៀន​កូនចៅ​របស់​ពួកគាត់

កាល​ពួកគេ​បាន​មាន​កូនចៅ នោះ​អ័ដាម និង​អេវ៉ា​បាន​បង្រៀន​គ្រួសារ​របស់​ពួកគេ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សារទូត​ទេវតា​ទាំងឡាយ ។ ពួកគេ​បាន​ផ្ដោតលើ​ការជួយ​កូនចៅ​របស់​ពួកគេ​ឲ្យ​យល់ និង​ឱប​ក្រសោប​យក​គោលការណ៍​ទាំងនោះ​ផងដែរ ដែល​ធ្វើឲ្យ​ពួកគេ​រីករាយ​ក្នុង​ជីវិត​នេះ ក៏ដូចជា​បាន​រៀបចំ​ខ្លួន​ត្រឡប់​ទៅរក​មាតា​បិតា​សួគ៌ា​របស់​ពួកគេ​វិញ ក្រោយពី​បាន​បង្កើន​សមត្ថភាព​របស់​គេ និង​បាន​បង្ហាញ​ការគោរព​ដល់​ព្រះ​របស់​ពួកគេ ។ ក្នុង​ដំណើរការ​នេះ អ័ដាម និង​អេវ៉ា​បាន​រៀន​កោត​សរសើរ​ដល់​ចំណុច​ខ្លាំង​ខុសៗគ្នា​របស់​ពួកគេ ហើយ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក​ក្នុង​កិច្ចការ​ដ៏​សំខាន់​ដ៏​អស់កល្ប​របស់​ពួកគេ ។

ជាច្រើន​សតវត្សរ៍ និង​សហស្សវត្សរ៍​បាន​កន្លង​ផុត​ទៅ ការរួម​ចំណែក​ដ៏​បំផុស​គំនិត និង​ការពឹង​ពាក់​គ្នា​រវាង​បុរស និង​ស្ដ្រី​លែង​មាន​ភាពច្បាស់​លាស់​ដោយសារ​ព័ត៌មាន​មិន​ត្រឹមត្រូវ និង​ការយល់​ខុស ។ អំឡុង​ពេល​រវាង​ការចាប់ផ្ដើម​ដ៏​អស្ចារ្យ​នៅ​សួនច្បារ​អេដែន និង​ពេលនេះ ពួកសត្រូវ​បាន​ទទួល​ជោគជ័យ​គួរសម​ក្នុង​គោលដៅ​របស់​វា ដើម្បី​បំបែក​បុរស និង​ស្ដ្រី​ជា​ការប៉ុនប៉ង​ដើម្បី​យកឈ្នះ​លើ​ព្រលឹង​របស់​យើង ។ លូស៊ីហ្វើរ​ដឹង​ថា បើ​វា​អាច​បំផ្លាញ​សាមគ្គី​ភាព​រវាង​បុរស និង​ស្ដ្រី បើ​វា​អាច​បំភាន់​យើង​ទាក់ទង​នឹង​គុណតម្លៃ​ដ៏​ទេវភាព និង​ការទទួល​ខុសត្រូវ​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​បាន នោះ​វា​នឹង​មាន​ជោគជ័យ​ក្នុង​ការបំផ្លាញ​ក្រុម​គ្រួសារ ដែល​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ភាពអស់កល្ប​ជានិច្ច ។

សាតាំង​ញុះញង់​ឲ្យ​មាន​ការប្រៀបធៀប ដែល​ជា​ឧបករណ៍​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​អារម្មណ៍​ខ្ពស់​ជាង ឬ​អន់​ជាង ដោយ​លាក់​សេចក្ដីពិត​ដ៏​អស់កល្ប​មួយ​ថា ភាពខុសគ្នា​ពី​ធម្មជាតិ​របស់​បុរស និង​ស្ដ្រី​គឺ​ត្រូវបាន​ប្រទាន​មក​ពី​ព្រះ ហើយ​មាន​តម្លៃ​ស្មើគ្នា ។ វា​បាន​ប៉ុនប៉ង​ដើម្បី​បន្ទាប​ការរួម​ចំណែក​របស់​ស្ដ្រី​ទាំង​នៅក្នុង​គ្រួសារ និង​ក្នុង​សង្គម​ស៊ីវិល ហេតុដូច្នេះ​បាន​បន្ថយ​ឥទ្ធិពល​លើក​ស្ទួយ​របស់​ពួកគេ​សម្រាប់​សេចក្ដី​ល្អ ។ គោលដៅ​របស់​វា​គឺ​ដើម្បី​បង្កើន​ការប្រជែង​យក​អំណាច ជាជាង​ការអបអរ​នឹង​ការរួម​ចំណែក​ដ៏​ពិសេស​មួយ​របស់​បុរស និង​ស្ដ្រី ក្នុង​ការបំពេញ​ឲ្យ​គ្នា​ទៅវិញ​ទៅមក ហើយ​រួម​ចំណែក​ដល់​សាមគ្គីភាព ។

ដូច្នេះ ជាច្រើន​ឆ្នាំ​មកនេះ និង​នៅ​ទូទាំង​ពិភពលោក ការយល់ដឹង​ដ៏​ពេញលេញ​អំពី​ការរួម​ចំណែក និង​ទំនួល​ខុសត្រូវ​ដ៏​ទេវភាព​ក្នុង​ការពឹង​ពាក់​ដល់​គ្នា ប៉ុន្ដែ​មាន​ភាពខុស​គ្នា​ពី​សំណាក់​ស្ដ្រី និង​បុរស​បាន​បាត់បង់​មួយ​ភាគ​ធំ ។ ស្ដ្រី​នៅក្នុង​សង្គម​ជាច្រើន​បាន​ចុះ​ញ៉ប​នឹង​ពួកបុរស ជាជាង​ធ្វើជា​ដៃគូ​ស្មើភាព​គ្នា ហើយ​សកម្មភាព​របស់​ពួកគេ​មាន​កម្រិត​តូច​ចង្អៀត ។ ការរីក​ចម្រើន​ខាង​វិញ្ញាណ​គឺ​យឺត​យ៉ាវ​យ៉ាង​ខ្លាំង អំឡុង​ពេល​ដ៏​ងងឹត​ទាំងនោះ ពិត​ណាស់ ពន្លឺ​ខាង​វិញ្ញាណ​ដ៏​តូច​មួយ​អាច​ទម្លុះ​គំនិត និង​ដួងចិត្ត​បាន​យ៉ាង​ជ្រៅ​ទៅក្នុង​ប្រពៃណី​ត្រួតត្រា​អំណាច​បែប​នោះ ។

រួចហើយ​ពន្លឺ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​បាន​រះ​ឡើង « មាន​រស្មី​ចែងចាំង​លើស​ជាង​សុរិយា​ទៅ​ទៀត » ពេល​ដែល​ព្រះ ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះកាយ​ដល់​ក្មេង​ប្រុស​យ៉ូសែប ស្ម៊ីធ នៅ​ដើម​រដូវ​ផ្ការីក​ក្នុង​ឆ្នាំ ១៨២០ នៅក្នុង​ព្រៃ​ដ៏​ស័ក្ដិសិទ្ធិ​នៅ​រដ្ឋ​នូវ យ៉ក​ភាគ​ខាង​ជើង ។ ព្រឹត្តិការណ៍​នោះ​បាន​ចាប់ផ្ដើម​ការចាក់​ស្រោក​វិវរណៈ​មកពី​ស្ថានសួគ៌​នៅ​សម័យ​ទំនើប​មួយ ។ ធាតុ​ដំបូង​មួយ​នៃ​សាសនាចក្រ​ដើម​របស់​ព្រះគ្រីស្ទ​ដែល​ត្រូវបាន​ស្ដារ​ឡើងវិញ​នោះ​គឺ សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ព្រះ ។ ពេល​ការស្ដារ​ឡើងវិញ​បាន​បន្ដ​បើក​សម្ដែង នោះ​បុរស និង​ស្ដ្រី​បាន​ចាប់ផ្ដើម​ដឹង​ជាថ្មី​អំពី​សារសំខាន់ និង​សក្ដានុពល​នៃ​ការធ្វើការ​ជា​ដៃគូ ដែល​ព្រះ​បាន​ប្រទាន​សិទ្ធិ​អំណាច​មក និង​បាន​ដឹកនាំ​ក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ ។

រូបភាព
អង្គការ​សមាគម​សង្គ្រោះ

នៅ​ឆ្នាំ ១៨៤២ ពេល​ស្ដ្រី​នៃ​សាសនាចក្រ​ដែល​មិន​សូវ​មាន​បទពិសោធន៍ បាន​ចង់​បង្កើត​ក្រុម​ជា​ផ្លូវការ​មួយ​ដើម្បី​ជួយ​ក្នុង​កិច្ចការ​នេះ នោះ​ប្រធាន យ៉ូសែប ស្ម៊ីធ​ទទួល​បាន​ការបំផុស​គំនិត​ឲ្យ​រៀបចំ​ពួកគេ « នៅក្រោម​បព្វជិតភាព​តាម​លំនាំ​នៃ​បព្វជិតភាព » ។ លោក​បាន​ថ្លែង​ថា « ឥឡូវ​នេះ ខ្ញុំ​ប្រគល់​កូនសោ​នេះ​ដល់​អ្នក​ក្នុង​ព្រះនាម​នៃ​ព្រះ​… —នេះ​គឺជា​ការចាប់ផ្ដើម​នៃ​ជំនាន់​ដ៏​ប្រសើរ​ឡើង » ។ ហើយ​តាំង​ពី​កូនសោ​នោះ​ត្រូវបាន​ប្រគល់​មក ឱកាស​ជាច្រើន​ក្នុង​វិស័យ​អប់រំ នយោបាយ និង​សេដ្ឋកិច្ច​សម្រាប់​ស្ដ្រី​បាន​ចាប់ផ្ដើម​ពង្រីក​ម្ដង​បន្ដិចៗ​នៅ​ទូទាំង​ពិភពលោក ។

អង្គភាព​សម្រាប់​ស្ដ្រី​ក្នុង​សាសនាចក្រ​ដ៏​ថ្មី​នេះ ដែល​មាន​ឈ្មោះ​ថា​សមាគម​សង្គ្រោះ គឺ​មិន​ដូច​ជា​សមាគម​សង្គម​ស្ដ្រី​ផ្សេងទៀត​នៃ​ជំនាន់​នោះ​ឡើយ ដោយសារ​វា​ត្រូវបាន​ស្ថាបនា​ដោយ​ព្យាការី​ម្នាក់ ដែល​បាន​ធ្វើ​សកម្មភាព​ដោយ​សិទ្ធិ​អំណាច​បព្វជិតភាព ដើម្បី​ផ្ដល់​សិទ្ធិ​អំណាច ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ និង​តំណែង​ផ្លូវការ​នានា​ដល់​ស្ដ្រី​នៅ​ក្នុង​រចនា​សម្ព័ន្ធ​សាសនាចក្រ មិនមែន​ដាច់​ចេញ​ពី​សាសនាចក្រ​នោះ​ទេ ។

តាំង​ពី​ជំនាន់​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ មក​ដល់​ជំនាន់​យើង ការស្ដារ​ឡើងវិញ​នៃ​ការណ៍​ទាំងអស់​ដែល​កំពុង​បន្ដ​នេះ បាន​នាំ​មក​នូវ​ការយល់​ច្បាស់​អំពី​ភាពចាំបាច់​នៃ​សិទ្ធិ​អំណាច និង​អំណាច​នៃ​បព្វជិតភាព​ក្នុង​ការជួយ​ដល់​បុរស និង​ស្ដ្រី​ឲ្យ​សម្រេច​បាន​ការទទួល​ខុសត្រូវ​របស់​ពួកគេ​ដែល​បាន​តែងតាំង​មកពី​ព្រះ ។ ថ្មីៗ​នេះ យើង​ត្រូវបាន​បង្រៀន​ថា ស្ដ្រី​ដែល​ត្រូវបាន​ញែក​ចេញ​នៅក្រោម​ការដឹកនាំ​របស់​បុគ្គល​ម្នាក់​ដែល​កាន់​កូនសោ​បព្វជិតភាព អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​ការហៅ​បម្រើ​របស់​ពួកគេ ។

នៅ​ខែ តុលា ឆ្នាំ ២០១៩ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ស្ដ្រី​ដែល​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​មាន​អំណាច​បព្វជិតភាព​នៅក្នុង​ជីវិត​របស់​ពួកគេ និង​ក្នុង​គេហដ្ឋាន​របស់​គេ ពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំងនោះ ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​នឹង​ព្រះ ។ លោក​បាន​ពន្យល់​ថា « ស្ថានសួគ៌​គឺ​បើក​ចំពោះ​ស្ត្រី​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​នូវ​ព្រះចេស្ដា​របស់​ព្រះ​តាមរយៈ​សេចក្ដី​សញ្ញា​បព្វជិតភាព​របស់​ពួកគេ ដូចជា​បុរស​ដែល​កាន់​បព្វជិតភាព​ផងដែរ » ។ ហើយ​លោក​បាន​លើក​ទឹកចិត្ត​បងប្អូន​ស្ត្រី​គ្រប់​រូប​ឲ្យ « ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ជួយ​គ្រួសារ​បងប្អូន និង​អ្នកដទៃ​ដែល​បងប្អូន​ស្រឡាញ់ » ។ ១០

ដូច្នេះ តើ​នោះ​មាន​ន័យ​យ៉ាងណា​ចំពោះ​បងប្អូន និង​រូប​ខ្ញុំ ? តើ​ការយល់ដឹង​ពី​សិទ្ធិ​អំណាច និង​អំណាច​បព្វជិតភាព​ផ្លាស់ប្ដូរ​ជីវិត​របស់​យើង​យ៉ាង​ដូចម្ដេច ? គន្លឹះ​មួយ​គឺ​ត្រូវ​យល់​ថា នៅ ពេល​ស្ដ្រី និង​បុរស​ធ្វើការ​រួមគ្នានោះ​យើង​សម្រេច​បាន​កិច្ចការ​ដ៏​អស្ចារ្យ​មួយ ល្អ​ជាង​ពេល​យើង​ធ្វើ​កិច្ចការ​នោះ​តែ​ម្នាក់ឯង ។ ១១ តួនាទី​របស់​យើង​បំពេញ​ឲ្យ​គ្នា ជា ជាង​ប្រជែង​គ្នា ។ ទោះជា​ស្ដ្រី​មិន​ត្រូវបាន​តែងតាំង​ឲ្យ​មាន​តំណែង​បព្វជិតភាព ដូច​បាន​កត់​សម្គាល់​ពី មុន​មក​ក្ដី ក៏​ស្រ្ដី​មាន​ពរជ័យ​ដោយសារ​អំណាច​បព្វជិតភាព​ផងដែរ ពេល​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ហើយ​ពួកគេ​អនុវត្ត​ដោយ​មាន​សិទ្ធិ​អំណាច​បព្វជិតភាព កាល​ពួកគេ​ត្រូវបាន​ញែក​ចេញ​ចំពោះ​ការហៅ​មួយ ។

នៅ​ថ្ងៃ​ដ៏​ល្អ​មួយ​ក្នុង​ខែ​សីហា ខ្ញុំ​មាន​ឯកសិទ្ធិ​ដើម្បី​អង្គុយ​ជាមួយ​ប្រធាន រ័សុល អិម ណិលសុន ក្នុង​ផ្ទះ​របស់​យ៉ូសែប និង​អិមម៉ា ស្ម៊ីធ ដែល​បាន​សាងសង់​ឡើងវិញ​នៅ​ភូមិ​ហាម៉ូនី រដ្ឋ​ផែនស៊ីលវេញ៉ា នៅក្បែរ​កន្លែង​ដែល​បព្វជិតភាព​អើរ៉ុន​ត្រូវបាន​ស្ដារ​ឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។ នៅក្នុង​ការសន្ទានា​របស់​យើង ប្រធាន ណិលសុន បាន​និយាយ​អំពី​តួនាទី​ដ៏​សំខាន់​របស់​ស្ដ្រី​នៅក្នុង​ការស្ដារ​ឡើងវិញ ។

ប្រធាន ណិលសុន ៖« ផ្នែក​ដ៏​សំខាន់​បំផុត​មួយ ដែល​ខ្ញុំ​ចងចាំ ពេល​ខ្ញុំ​មក​ដល់​ទីតាំង​ការស្ដារ​បព្វជិតភាព​ឡើង​វិញ​នេះ​គឺ តួនាទី​ដ៏​សំខាន់​ដែល​ស្ដ្រី​បាន​ធ្វើ​ក្នុង​ការស្ដារ​ឡើង​វិញ​នេះ ។

« ពេល​យ៉ូសែប​បាន​ចាប់ផ្ដើម​បកប្រែ​ព្រះគម្ពីរ​មរមន​ដំបូង តើ​នរណា​ជា​អ្នកសរសេរ ? មែនហើយ គាត់​បាន​សរសេរ​បន្ដិច ប៉ុន្ដែ​មិន​ច្រើន​ទេ ។ អិមម៉ា​បាន​ចូល​មក​ជួយ ។

« របៀប​ដែល​យ៉ូសែប​បាន​ចូល​ទៅក្នុង​ព្រៃ​ដើម្បី​អធិស្ឋាន​នៅក្បែរ​ផ្ទះ​របស់​ពួកលោក​នៅ​ភូមិ​ប៉ាល់ម៉ៃរ៉ា រដ្ឋ​នូវ​យ៉ក ។ តើ​លោក​បាន​ទៅ​កន្លែង​ណា ? លោក​បាន​ទៅ​ព្រៃ​ពិសិដ្ឋ ។ ហេតុអ្វី​លោក​ទៅ​ទីនោះ ? ដោយសារ​នោះ​ជា​កន្លែង​ដែល​ម្ដាយ​បាន​ទៅ ពេល​គាត់​ចង់​អធិស្ឋាន ។

« នោះ​គ្រាន់​តែ​ជា​ស្ដ្រី​ពីរ​រូប ដែល​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការស្ដារ​ឡើងវិញ​នៃ​បព្វជិតភាព និង​ការស្តារឡើងវិញ​នៃ​សាសនាចក្រ ។ ដោយ​គ្មាន​មន្ទិល យើង​អាច​និយាយ​បាន​ថា ភរិយា​របស់​យើង​គឺ​សំខាន់​នៅ​ថ្ងៃនេះ ដូច​ពួកគាត់​ធ្លាប់​បាន​សំខាន់​ថ្ងៃមុន​ដែរ ។ មែន​ហើយ ពួកគាត់​សំខាន់​មែន » ។

ដូចជា​អិមម៉ា និង​លូស៊ី និង​យ៉ូសែប​ដែរ យើង​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត នៅពេល​យើង​ស្ម័គ្រចិត្ត​រៀន​ពី​គ្នា​ទៅវិញ​ទៅមក ហើយ​រួបរួម​គ្នា​ក្នុង​គោលដៅ​របស់​យើង ដើម្បី​ក្លាយជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជួយ​មនុស្ស​ដទៃ​នៅតាម​ផ្លូវ​នោះ ។

យើង​ត្រូវបាន​បង្រៀន​ថា « បព្វជិតភាព​ផ្ដល់​ពរជ័យ​ដល់​ជីវិត​បុត្រា​បុត្រី​របស់​ព្រះ​តាម​របៀប​ជាច្រើន ។​… នៅក្នុង​ការហៅ [ ក្នុង​សាសនាចក្រ ] ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ ចំណង​ទាក់​ទង​គ្រួសារ និង​ការងារ​បម្រើ​ដោយ​ស្ងប់​ស្ងាត់​ជា​បុគ្គល នោះ​ស្ត្រី និង​បុរស​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ឆ្ពោះ​ទៅមុខ​ជាមួយ​នឹង​អំណាច និង​សិទ្ធិ​អំណាច​បព្វជិតភាព ។ ការពឹងពាក់​គ្នា​រវាង​បុរស និង​ស្ត្រី​នេះ​ដើម្បី​សម្រេច​កិច្ចការ​របស់​ព្រះ​តាមរយៈ​ព្រះចេស្ដា​របស់​ទ្រង់ គឺ​ជា​ស្នូល​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប​ស្ម៊ីធ » ។ ១២

សាមគ្គីភាព​គឺ​ចាំបាច់​ចំពោះ​កិច្ចការ​របស់​ព្រះ ដែល​យើង​មាន​ឯកសិទ្ធិ និង​បាន​ហៅ​ឲ្យ​ធ្វើ​នេះ ប៉ុន្ដែ​វា​មិនមែន​កើតឡើង​ដោយ​ឯកឯង​ឡើយ ។ វា​ត្រូវការ​កិច្ច​ខិតខំ និង​ពេលវេលា​ដើម្បី​ប្រឹក្សា​រួមគ្នា​ពិតមែន—ដើម្បី​ស្ដាប់​គ្នា​ទៅវិញ​ទៅមក យល់​ពី​ទស្សនៈ​របស់​អ្នកដទៃ ហើយ​ចែកចាយ​បទពិសោធន៍—ប៉ុន្ដែ​ដំណើរការ​នេះ​នឹង​ផ្ដល់​នូវ​ការសម្រេច​ចិត្ត​ដ៏​បំផុស​គំនិត​ជាច្រើន ។ មិន​ថា​ទំនួល​ខុសត្រូវ​នៅ​ផ្ទះ ឬ​នៅ​ក្នុង​សាសនាចក្រ​របស់​យើង​នោះ​ទេ របៀប​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​គឺ ត្រូវ​ធ្វើការ​រួមគ្នា​ដោយ​ទទួល​ពរ​តាមរយៈ​អំណាច និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​របស់​ទ្រង់​ក្នុង​តួនាទី​ខុសៗ​គ្នា ប៉ុន្ដែ​បំពេញ​ឲ្យ​គ្នា​របស់​យើង​នេះ ។

តើ​ភាពជា​ដៃគូ​នោះ​មាន​សភាព​ដូចម្ដេច​នៅក្នុង​ជីវិត​របស់​ស្ដ្រី​ក្នុង​សេចក្ដី​សញ្ញា​នា​សព្វ​ថ្ងៃ​នេះ ? ខ្ញុំ​សូម​ចែកចាយ​ឧទាហរណ៍​មួយ ។

រូបភាព
គូស្វាមី​ភរិយា​ជិះ​កង់

អាលីសិន និង​ចន​មាន​ភាព​ជា​ដៃគូ​ដ៏​ពិសេស​មួយ ។ ពួកគេ​ជិះ​កង់​សម្រាប់​មនុស្ស​ច្រើន​នាក់​ក្នុង​ការប្រណាំង​ទាំងផ្លូវជិត និង​ឆ្ងាយ ។ ដើម្បី​ប្រកួត​ឲ្យ​បាន​ជោគជ័យ​នៅលើ​យាន​ជំនិះ​នោះ អ្នកជិះ​ទាំងពីរ​នាក់​ត្រូវតែ​ស៊ី​ចង្វាក់​គ្នា ។ ពួកគេ​ត្រូវ​ធាក់​ទៅ​ទិសដៅ​តែមួយ​ក្នុង​ពេល​តែមួយ ។ បុគ្គល​ម្នាក់​មិន​អាច​គាប​សង្កប់​បុគ្គល​ម្នាក់​ទៀត​បាន​ទេ ប៉ុន្ដែ​ពួកគេ​ត្រូវ​និយាយ​គ្នា​ឲ្យ​បាន​ច្បាស់ ហើយ​ម្នាក់ៗ​ធ្វើ​ចំណែក​របស់​គាត់ ត្រូវ​ជាន់​ហ្វ្រាំង និង​ពេល​ត្រូវ​ឈរ ។ អ្នក​ជិះ​ខាង​ក្រោយ​ត្រូវ​យកចិត្ត​ទុកដាក់​នឹង​អ្វី​ដែល​កំពុង​កើតឡើង ហើយ​ត្រៀម​ខ្លួន​ដើម្បី​ផ្ដល់​កម្លាំង​បន្ថែម បើ​ពួកគេ​រាង​យឺត​បន្ដិច ឬ​ត្រូវ​បន្ថយ​ល្បឿន បើ​ពួកគេ​ទៅ​កៀក​នឹង​អ្នកជិះ​កង់​ផ្សេងទៀត​ខ្លាំង​ពេក ។ ពួកគេ​ត្រូវតែ​គាំទ្រ​ដល់​គ្នា​ដើម្បី​ចម្រើន​ឡើង ហើយ​សម្រេច​បាន​គោលដៅ​របស់​គេ ។

អាលីសិន​បាន​ពន្យល់ ៖ « ពេល​ចាប់ផ្ដើម​ដំបូង​បន្ដិច បុគ្គល​ក្នុង​តំណែង​មេដឹកនាំ​នឹង​និយាយ​ថា ‹ ឈរ › ពេល​យើង​ត្រូវ​ឈរ ហើយ ‹ ចាប់​ហ្វ្រាំង › ពេល​យើង​ត្រូវ​ឈប់​ធាក់ ។ មួយ​សន្ទុះ​ក្រោយមក បុគ្គល​ដែល​ជិះ​ខាង​ក្រោយ​ចាប់ផ្ដើម​ដឹង ពេល​មេដឹកនាំ​ហៀប​នឹង​ឈរ ឬ​ចាប់​ហ្វ្រាំង ហើយ​មិន​ចាំបាច់​និយាយ​អ្វី​ទៀត​ឡើយ ។ យើង​រៀន​ដើម្បី​អាច​ដឹង​ពី​របៀប​ដែល​យើង​ម្នាក់ៗ​ធ្វើការ ហើយ​អាច​ប្រាប់​ថា ពេល​ណា​មាន​ម្នាក់​ពិបាក [ រួច ] ហើយ​ម្នាក់​ទៀត​ខំ​ប្រឹង​បន្ថែម ។ ទាំងអស់​នេះ​គឺ​ពិតជា​អំពី​ការទុក​ចិត្ត និង​ការធ្វើការ​រួមគ្នា » ។ ១៣

ចន និង​អាលីសុន​មិន​ត្រឹម​តែ​រួបរួម​គ្នា​ពេល​ពួកគេ​ធាក់​កង់​របស់​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគេ​ក៏​សាមគ្គី​គ្នា​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ផងដែរ ។ ម្នាក់ៗ​ចង់​ឲ្យ​ម្នាក់ទៀត​មាន​សុភមង្គល​ខ្លាំង​ជាង​ខ្លួនឯង ហើយ​ម្នាក់ៗ​រកមើល​សេចក្ដី​ល្អ​ក្នុង​គ្នា​ទៅវិញ​ទៅមក ហើយ​ខំ​យក​ឈ្នះ​លើ​ចំណុច​ខ្សោយ​របស់​ខ្លួន ។ ពួកគេ​ប្ដូរ​វេណ​គ្នា​ដឹកនាំ ហើយ​ប្ដូរ​វេណ​គ្នា​ខំ​ប្រឹង​បន្ថែម ពេល​ដៃគូ​ម្នាក់​ចុះខ្សោយ យ​ដ៏​ប្រសើរ​ចំពោះ​ឧបសគ្គ​របស់​ពួកគេ កាល​ពួកគេ​បាន​ផ្គួប​ផ្សំ​ទេពកោសល្យ និង​ធនធាន​របស់​ពួកគេ ។ ពួកគេ​ពិតជា​ដៃគូ​នឹង​គ្នា​តាមរយៈ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​មែន ។

ការកាន់តែ​ស៊ី​ចង្វាក់​នឹង​លំនាំ​ដ៏​ទេវភាព​ក្នុង​ការធ្វើការ​រួមគ្នា​ក្នុង​សាមគ្គីភាព​គឺ​សំខាន់​នៅ​ជំនាន់​នេះ កាល​សារលិខិត « ខ្ញុំ​មុន​គេ » ស្ថិត​ជុំវិញ​យើង​ដូច្នេះ ។ ស្ដ្រី​ពិត​ជា​មាន​អំណោយទាន​ដ៏​ប្លែក និង​ដ៏​ទេវភាព ១៤ ហើយ​មាន​ការទទួល​ខុសត្រូវ​ដ៏​ពិសេស ប៉ុន្ដែ​វា​មិន​មែន​សំខាន់​ខ្លាំង​ជាង​—​ឬ​តិច​ជាង—​អំណោយទាន និង​ការទទួល​ខុសត្រូវ​របស់​បុរស​ឡើយ ។ មនុស្ស​ទាំងអស់​ត្រូវបាន​បង្កើត​ឡើង និង​មាន​ភាពចាំបាច់​ដើម្បី​នាំ​ឲ្យ​ផែនការ​ដ៏​ទេវភាព​របស់​ព្រះវរបិតាសួគ៌​កើត​ឡើង​បាន ដើម្បី​ផ្ដល់​ឱកាស​ដ៏​ល្អ​បំផុត​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ម្នាក់ៗ​ឲ្យ​បំពេញ​សក្ដានុពល​ដ៏​ទេវភាព​របស់​ខ្លួន ។

សព្វថ្ងៃ​នេះ « យើង​ត្រូវការ​ស្ត្រី​ដែល​មាន​ភាព​ក្លាហាន និង​ទស្សនវិស័យ​របស់​មាតា​អេវ៉ា​របស់​យើង » ១៥ ដើម្បី​រួបរួម​នឹង​បងប្អូន​ប្រុស​របស់​ពួកគេ​ក្នុង​ការនាំ​ព្រលឹង​មកកាន់​ព្រះគ្រីស្ទ ។ ១៦ បុរស​ត្រូវ​ក្លាយជា​ដៃគូ​ដ៏​ពិត ជាជាង​ស្មាន​ថា ពួកគេ​ទទួល​ខុសត្រូវ​តែ​លើ ឬ​ធ្វើជា​ដៃគូ « ធ្វើពុត » ខណៈ​ស្ដ្រី​ធ្វើ​កិច្ចការ​ជាច្រើន ។ ស្រ្ដី​ត្រូវ​តែ​ស្ម័គ្រចិត្ត « បោះ​ជំហាន​ទៅ​មុខ [ ហើយ ] ទទួល​យក​កន្លែង​ត្រឹមត្រូវ និង​ដែល​តម្រូវ [ របស់​ពួកគេ ] » ១៧ ក្នុង​នាម​ជា​ដៃគូ ជាជាង​ការគិត​ថា ពួកគេ​ត្រូវ​ធ្វើ​វា​ទាំងអស់​ដោយ​ខ្លួន​គេ ឬ​រង់ចាំ​ឲ្យ​គេ​ប្រាប់​អ្វី​ដែល​ត្រូវ​ធ្វើ ។ ១៨

ការមើល​ឃើញ​ស្ដ្រី​ជា​អ្នកចូលរួម​ដ៏​សំខាន់​មិនមែន​តែ​អំពី​ការបង្កើត ភាពស្មើគ្នា នោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​អំពី​ការយល់​ពី​សេចក្ដីពិត​ខាង​គោលលទ្ធិ​ផងដែរ ។ ជាជាង​ការបង្កើត​កម្មវិធី​មួយ​ដើម្បី​ជម្រុញ​ការណ៍​នោះ យើង​អាច​ធ្វើការ​យ៉ាង​សកម្ម​ដើម្បី​ឲ្យ​តម្លៃ​ទៅលើ​ស្ដ្រី​ដូចជា​ព្រះ​ឲ្យ​តម្លៃ​ដែរ ៖ ថា​ជា​ដៃគូ​ដ៏​ចាំបាច់​នៅក្នុង​កិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការតម្កើង​ឡើង ។

តើ​យើង​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ ? តើ​យើង​នឹង​ខិតខំ​យកឈ្នះ​លើ​ភាព​លំអៀង​នៃ​វប្បធម៌ ហើយ​ផ្ទុយ​ទៅ​វិញ​ឱប​ក្រសោប​លំនាំ និង​ការអនុវត្ត​ដ៏​ទេវភាព​ដោយ​ផ្អែក​លើ​គោលលទ្ធិ​គ្រឹះ​ដែរ​ឬ​ទេ ? ប្រធាន រ័សុល អិម ណិលសុន អញ្ជើញ​យើង​ឲ្យ « ដើរ​គៀក​ដៃគ្នា​នៅក្នុង​កិច្ចការ​ពិសិដ្ឋ​នេះ … [ ដើម្បី ] ជួយ​រៀបចំ​ពិភពលោក​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ » ។ ១៩ កាល​យើង​ធ្វើ​ដូច្នោះ យើង​នឹង​រៀន​ឲ្យ​តម្លៃ​ដល់​ការរួម​ចំណែក​របស់​បុគ្គល​ម្នាក់ៗ ហើយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការបំពេញ​តួនាទី​ដ៏​ទេវភាព​របស់​យើង ។ យើង​នឹង​មាន​អំណរ​កាន់តែ​ខ្លាំង​ឡើង ដែល​យើង​មិន​ធ្លាប់​បាន​ដក​ពិសោធន៍​ពីមុន​មក ។

សូម​ឲ្យ​យើង​ម្នាក់ៗ​ជ្រើសរើស​ដើម្បី​រួបរួម​គ្នា​លើ​ផ្លូវ​ដ៏​បំផុស​គំនិត​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​កិច្ចការ​របស់​ទ្រង់​ឲ្យ​ឆ្ពោះ​ទៅមុខ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ​ជាទី​ស្រឡាញ់​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល លោកុប្បត្តិ ៣:១–១៨; ម៉ូសេ ៤:១–១៩ ។

  2. សូមមើល ម៉ូសេ ៥:១–១២ ។ ខគម្ពីរ​ទាំងនេះ​បង្រៀន​អំពី​ភាពជា​ដៃគូ​ដ៏​ពិត​របស់​អ័ដាម និង​អេវ៉ា ៖ ពួកគេ​មាន​កូន​ជាមួយ​គ្នា ( ខទី ២ ) ពួកគេ​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ចិញ្ចឹម​ខ្លួន​គេ និង​គ្រួសារ​របស់​ពួកគេ ( ខទី​១ ); ពួកគេ​បាន​អធិស្ឋាន​រួមគ្នា ( ខទី ៤ );ពួកគេ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ហើយ​ធ្វើ​ពលិកម្ម​ជាមួយ​គ្នា ( ខទី​៥ ); ពួកគេ​រៀន ( ខទី ៤, ៦–១១) និង​បង្រៀន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​កូនៗ​របស់​ពួកគេ​ជាមួយ​គ្នា ( ខទី​១២ ) ។

  3. យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៦ ។

  4. យ៉ូសែប ស្ម៊ីធ, នៅក្នុង Sarah M. Kimball, « Auto-Biography » Woman’s Exponent, ថ្ងៃ ទី១ ខែ កញ្ញា ឆ្នាំ ១៨៨៣ ទំព័រ ៥១ សូមមើល​ផងដែរ Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ )​ទំព័រ ៤៥១ ។

  5. យ៉ូសែប ស្ម៊ីធ នៅក្នុង « Nauvoo Relief Society Minute Book » ទំព័រ ៤០, josephsmithpapers.org ។

  6. សូមមើល George Albert Smith « Address to the Members of the Relief Society » Relief Society Magazine ខែ ធ្នូ ឆ្នាំ ១៩៤៥ ទំព័រ ៧១៧ ។

  7. សូមមើល John Taylor នៅក្នុង Nauvoo Relief Society Minutes ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ មាន​នៅលើ​គេហទំព័រ churchhistorianspress.org ។ យោង​តាម អេលីហ្សា អ័រ ស្នូ នោះ​យ៉ូសែប ស្ម៊ីធ ក៏​បាន​បង្រៀន​ថា ស្ដ្រី​ត្រូវបាន​រៀបចំ​ជា​ផ្លូវការ​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ពីមុន​ផងដែរ ( សូមមើល Eliza R. Snow « Female Relief Society » Deseret Newsថ្ងៃទី ២២ ខែ មេសា ឆ្នាំ ១៨៦៨ ទំព័រ ១; និង Daughters in My Kingdom: The History and Work of Relief Society ​ឆ្នាំ ២០១១ ] ទំព័រ ១–៧ ) ។

  8. សូមមើល ដាល្លិន អេក អូក « The Keys and Authority of the Priesthood » Liahonaខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៤៩–៥២ ។

  9. សូមមើល រ័សុល អិម ណិលសុន « Spiritual Treasures » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ទំព័រ ៧៩ ។

  10. រ័សុល អិម ណិលសុន « Spiritual Treasures » ទំព័រ ៧៧ ។

  11. « ប៉ុន្ដែ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​បង្រៀន​គំនិត​ដ៏​អស់កល្ប​ថា ស្វាមី និង​ភរិយា​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក ។ ពួកគេ​ស្មើភាព​គ្នា ។ ពួកគេ​គឺជា​ដៃគូ » ( Bruce R. Hafen and Marie K. Hafen « Crossing Thresholds and Becoming Equal Partners » Liahona,ខែ សីហា ឆ្នាំ ២០០៧ ទំព័រ ២៨ ) ។

  12. Gospel Topics « Joseph Smith’s Teachings about Priesthood, Temple, and Women » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ។

  13. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  14. សូមមើល រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៥ ទំព័រ ៩៥–៩៧ ។

  15. រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំទំព័រ ៩៧ ។

  16. សូមមើល General Handbook: Serving in The Church of Jesus Christ of Latter-day Saints,​ចំណុច ១.៤ នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  17. រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំទំព័រ ៩៧ ។

  18. « បងប្អូន​ស្រី​ជាទី​ស្រឡាញ់ មិន​ថា​ការហៅ​បម្រើ​របស់​បងប្អូន​ជា​អ្វី ស្ថានភាព​បងប្អូន​យ៉ាងណា​ទេ យើង​ត្រូវការ​ចំណាប់​អារម្មណ៍ គំនិត និង​ការបំផុស​គំនិត​ពី​បងប្អូន ។ យើង​ត្រូវការ​បងប្អូន​ឲ្យ​ចែកចាយ​ដោយ​ម៉ឺងម៉ាត់​នៅក្នុង​ក្រុមប្រឹក្សា​ស្ដេក និង​វួដ​របស់​បងប្អូន ។ យើង​ត្រូវការ​បងស្រី​ដែល​បាន​រៀបការ​រួច​ម្នាក់ៗ​ឲ្យ​ថ្លែង​ជា ‹ ការរួម​ចំណែក និង​ជា​ដៃគូ​ពេញលេញ › នៅពេល​បងប្អូន​រួបរួម​គ្នា​នឹង​ស្វាមី​បងប្អូន​នៅក្នុង​ការគ្រប់​គ្រង​គ្រួសារ​បងប្អូន ។ ទាំង​អ្នក​រៀបការ ឬ​នៅ​លីវ បងប្អូន​មាន​សមត្ថភាព​ដាច់​ដោយ​ឡែក និង​គំនិត​ពិសេស​ដែល​បងប្អូន​បាន​ទទួល ជា​អំណោយទាន​មកពី​ព្រះ ។ យើង​ជា​បងប្អូន​ប្រុស ពុំ​អាច​ចម្លង​ឥទ្ធិពល​ពិសេស​របស់​បងប្អូន​បាន​ទេ ។ …

    « …​យើង​ត្រូវការ​កម្លាំង​របស់​បងប្អូន ! » រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំ »ទំព័រ ៩៧ ។

  19. រ័សុល អិម ណិលសុន « ការអង្វរ​ដល់​បងប្អូន​ស្រី​របស់​ខ្ញុំទំព័រ ៩៧ ។