សន្និសីទទូទៅ
ពិចារណា​ពី​សេចក្ដី​ល្អ​សប្បុរស និង​ភាព​មហិមា​នៃ​ព្រះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ពិចារណា​ពី​សេចក្ដី​ល្អ​សប្បុរស និង​ភាព​មហិមា​នៃ​ព្រះ

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​ដល់​ភាពមហិមា​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បងប្អូន​រាល់​ថ្ងៃ ។

អស់​ពេល​ជាយូរ​ទោះបី​និង​ជាពិសេស​ក្នុង​អំឡុង​គ្រា​លំបាក​ទាំងឡាយ ព្យាការី​បាន​លើក​ទឹកចិត្ត​យើង​ឲ្យ​ចងចាំ​ដល់​ភាពមហិមា​នៃ​ព្រះ ហើយ​ពិចារណា​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង ជា​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ និង​ជា​រាស្ដ្រ​ទ្រង់ ។ ការដឹកនាំ​នេះ​មាន​ពេញ​ទាំង​ក្នុង​បទគម្ពីរ ប៉ុន្ដែ​លេចធ្លោ​យ៉ាង​ខ្លាំង​ក្នុង​ព្រះគម្ពីរ​មរមន ។ ទំព័រ​ចំណងជើង​ពន្យល់​ថា គោលបំណង​មួយ​នៃ​ព្រះគម្ពីរ​មរមន​គឺ « ដើម្បី​បង្ហាញ​ដល់​សំណល់​នៃ​វង្ស​អ៊ីស្រាអែល​អំពី​រឿង​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អយ្យកោ​គេ » ។ ព្រះគម្ពីរ​មរមន​បញ្ចប់​ដោយ​ការទទូចអង្វរ​របស់​មរ៉ូណៃ ៖ « មើល​ចុះ ខ្ញុំ​សូម​ទូន្មាន​ដល់​អ្នក​រាល់​គ្នា​ថា កាលណា​អ្នករាល់​គ្នា​បាន​អាន​ការណ៍​ទាំងនេះ … នោះ​សូម​ឲ្យ​អ្នក​រាល់​គ្នា​នឹក​ឃើញ​ថា តើ​ព្រះអម្ចាស់​ទ្រង់​មាន សេចក្តី​មេត្តា​ករុណា​យ៉ាង​ណា​ដល់​កូនចៅ​មនុស្ស … ហើយ​សូម​រំពឹង​គិត​នៅ​ក្នុង​ចិត្ត​អ្នក​ចុះ » ។

ការអង្វរ​ដ៏​ខ្ជាប់ខ្ជួន​របស់​ព្យាការី​ឲ្យ​គិត​ពី​សេចក្ដី​ល្អ​នៃ​ព្រះ​គឺ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ ព្រះវរបិតា​សួគ៌​របស់​យើង​ចង់​ឲ្យ​យើង​នឹកចាំ​ដល់​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ និង​របស់​ព្រះរាជ​បុត្រា​សំណព្វ​ទ្រង់ មិន​មែន​ដើម្បី​ឲ្យ​ពេញ​ព្រះទ័យ​ទ្រង់​ទេ ប៉ុន្ដែ​ដោយសារ​ឥទ្ធិពល​នៃ​ការចងចាំ​ដល់​សេចក្ដី​សប្បុរស​របស់​ទ្រង់​នោះ​មក​លើ​យើង ។ តាមរយៈ​ការពិចារណា​ពី​សេចក្ដី​ល្អ​របស់​ទ្រង់ នោះ​ទស្សនវិស័យ និង​ការយល់ដឹង​របស់​យើង​បាន​រីកធំ​ឡើង ។ តាមរយៈ​ការគិត​ដល់​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​យើង​កាន់តែ​មាន​ចិត្ត​រាបសា កាន់តែ​អធិស្ឋាន និង​ខ្ជាប់ខ្ជួន​ឡើង ។

បទពិសោធន៍​ដ៏​ឈឺចាប់​មួយ​ជាមួយ​អតីត​អ្នកជំងឺ​ម្នាក់ បង្ហាញ​ពី​របៀប​ដែល​ការដឹង​គុណ​ដល់​សេចក្ដី​សប្បុរស និង​មេត្តា​ករុណា​អាច​ផ្លាស់ប្ដូរ​យើង​បាន ។ នៅ​ឆ្នាំ ១៩៨៧ ខ្ញុំ​បាន​ស្គាល់ ថូម៉ាស នៀលសិន ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ដែល​ត្រូវការ​ការប្ដូរ​បេះដូង ។ គាត់​មាន​អាយុ ៦៣ ឆ្នាំ ហើយ​រស់នៅ​ក្រុង​ឡូហ្គេន រដ្ឋ​យូថាហ៍ សហរដ្ឋ​អាមេរិក ។ បន្ទាប់ពី​ការបម្រើ​កងទ័ព​អំឡុង​សង្គ្រាម​លោក​លើក​ទី​ពីរ គាត់​បាន​រៀបការ​នឹង ដូណា វិលខេស នៅ​ព្រះវិហារ​បរិសុទ្ធ​ឡូហ្គេន យូថាហ៍ ។ គាត់​បាន​ក្លាយជា​ជាង​សំណង​ដ៏​ប្រសព្វ និង​ជោគជ័យ​ម្នាក់ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក គាត់​បាន​រីករាយ​ក្នុង​ការធ្វើការ​ជាមួយ​ចៅ​ច្បង​របស់​គាត់​ឈ្មោះ យ៉ូណាថាន់ ជាពិសេស​អំឡុង​ពេល​វិស្សមកាល ។ អ្នក​ទាំងពីរ​បាន​បង្កើត​ចំណង​ដ៏​ពិសេស​មួយ ដោយសារ​ថម​ឃើញ​ថា យ៉ូណាថាន់​មាន​ចរិត​ដូច​គាត់​ខ្លាំង ។

ថម​បាន​អន្ទះសា​ក្នុង​ការរង់ចាំ​អ្នកបរិច្ចាគ​បេះដូង ។ គាត់​មិន​សូវ​មាន​ចិត្ត​អត់ធ្មត់​ប៉ុន្មាន​ទេ ។ គាត់​តែងតែ​អាច​ដាក់​គោលដៅ ហើយ​សម្រេច​វា​បាន​តាមរយៈ​ការខំ​ធ្វើការ និង​ការប្ដេជ្ញា​ចិត្ត​ដ៏​ពេញលេញ ។ ការពុះពារ​នឹង​ជំងឺ​បេះដូង​ធ្វើឲ្យ​ជីវិត​គាត់​រអាក់​រអួល ពេលខ្លះ​ថម​បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ធ្វើ​អ្វីខ្លះ​ដើម្បី​ពន្លឿន​ដំណើរការ​នេះ ។ គាត់​បាន​និយាយ​លេង​សើច​ពី​របៀប ដែល​ខ្ញុំ​អាច​ធ្វើ​តាម ដើម្បី​មាន​អ្នកបរិច្ចាគ​បេះដូង​ឲ្យ​គាត់​បាន​លឿន ។

នៅ​ថ្ងៃ​ដ៏​រីករាយ និង​ភ័យខ្លាច​មួយ មាន​អ្នកបរិច្ចាគ​បេះដូង​ដ៏​ឥតខ្ចោះ​ម្នាក់​សម្រាប់​ថម ។ ទំហំ និង​ប្រភេទ​ឈាម​ត្រូវគ្នា​បេះដាក់ ហើយ​អ្នកបរិច្ចាគ​នោះ​នៅ​ក្មេង ទើប​អាយុ ១៦ ឆ្នាំ​ប៉ុណ្ណោះ ។ បេះដូង​បរិច្ចាគ​នោះ​គឺ​មកពី​យ៉ូណាថាន់ ជា​ចៅប្រុស​សំណព្វ​របស់​ថម ។ នៅ​ព្រលឹម​ថ្ងៃ​នោះ យ៉ូណាថាន់​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ឡាន​ដែល​គាត់​ជិះ​នោះ​ត្រូវបាន​បុក​ដោយ​រថភ្លើង ។

នៅពេល​ខ្ញុំ​បាន​ទៅ​ជួប​ថម និង​ដូណា​នៅ​មន្ទីរពេទ្យ ពួកគេ​ពិតជា​ពិបាក​ចិត្ត​ណាស់ ។ វា​ពិបាក​នឹង​ស្រមៃ​ពី​អ្វី​ដែល​ពួកគេ​បាន​ឆ្លងកាត់​ណាស់ ពេល​ដឹង​ថា​ជីវិត​របស់​ថម​អាច​បន្ដ​បាន ដោយ​ប្រើ​បេះដូង​របស់​ចៅប្រុស​គាត់ ។ ដំបូង ពួកគេ​មិន​ព្រម​ទទួល​បេះដូង​ដែល​ផ្ដល់​មកពី​ឪពុក​ម្ដាយ​ដ៏​ក្រៀមក្រំ​របស់​យ៉ូណាថាន់ ដែល​ជា​កូនស្រី និង​កូនប្រសា​ប្រុស​របស់​គេ​ឡើយ ។ ប៉ុន្ដែ​ថម និង​ដូណា​បាន​ដឹង​ថា ខួរក្បាល​របស់​យ៉ូណាថាន់​លែង​ដើរ ហើយ​បាន​ដឹង​ថា ការអធិស្ឋាន​របស់​ពួកគេ​សូម​បេះដូង​បរិច្ចាគ​មួយ​សម្រាប់​ថម​មិន​បាន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​យ៉ូណាថាន់​ឡើយ ។ ទេ បេះដូង​របស់​យ៉ូណាថាន់​ជា​អំណោយ​មួយ ដែល​អាច​ផ្ដល់​ពរ​ដល់​ថម​ក្នុង​ពេល​គាត់​ត្រូវការ ។ ពួកគេ​បាន​ដឹង​ថា អ្វីមួយ​ល្អ​អាច​កើត​ចេញ​ពី​សោកនាដកម្ម​នេះ ហើយ​សម្រេច​ចិត្ត​ប្ដូរ​បេះដូង ។

ដំណើការ​ប្ដូរ​បេះដូង​មាន​ភាពរលូន ។ ក្រោយ​មក ថម​គឺជា​បុរស​ខុស​ពី​មុន ។ ការផ្លាស់ប្ដូរ​បាន​កើតមាន​ហួស​ពី​សុខភាព​រឹងមាំ​ឡើងវិញ ឬ​ក៏​ការដឹងគុណ​ទៅ​ទៀត ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​បាន​គិត​ដល់​យ៉ូណាថាន់ កូនស្រី និង​កូនប្រសា​ប្រុស​គាត់​រាល់​ព្រឹក គិត​ដល់​អំណោយ​ដែល​គាត់​បាន​ទទួល និង​អ្វី​ដែល​អំណោយ​នោះ​បន្សល់​ទុក ។ ទោះបីជា​ការលេង​សើច​ល្អ និង​ចិត្ត​ក្លាហាន​ពី​ធម្មជាតិ​គាត់​នៅ​តែ​កើត​មាន​ក្ដី ក៏​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ថម​គឺ​កាន់តែ​មុតមាំ គិត​គូរ​វែងឆ្ងាយ និង​មាន​ចិត្ត​ល្អ​ជាងមុន ។

ថម​បាន​រស់នៅ ១៣ ឆ្នាំ​ទៀត​ក្រោយពី​ការប្ដូរ​បេះដូង ជា​ឆ្នាំ​ដែល​គាត់​មិន​អាច​រស់​បាន​បើ​គ្មាន​បេះដូង​ថ្មី​ទេ​នោះ ។ សំបុត្រ​មរណភាព​របស់​គាត់​បាន​និយាយ​ថា ប៉ុន្មាន​ឆ្នាំ​ទាំងនេះ​អនុញ្ញាត​ឲ្យ​គាត់​ជួយ​ជីវិត​គ្រួសារ​គាត់ និង​មនុស្ស​ដទៃ​ដោយ​ចិត្ត​សប្បុរស និង​ក្ដី​ស្រឡាញ់ ។ គាត់​ជា​អ្នកជួយ​ឧបត្ថម្ភ​ឯកជន​ម្នាក់ និង​ជា​គំរូ​នៃ​សុទិដ្ឋិនិយម និង​ការប្ដេជ្ញាចិត្ត ។

ដូចជា​ថម​ដែរ ពួកយើង​ម្នាក់ៗ​បាន​ទទួល​អំណោយ​ដែល​យើង​មិន​អាច​ផ្ដល់ឲ្យ​ខ្លួន​ឯង​បាន ជា​អំណោយ​មកពី​ព្រះវរបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ រួម​មាន​ការប្រោសលោះ​តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​បាន​ទទួល​ជីវិត​លើ​ពិភពលោក​នេះ យើង​នឹង​ទទួល​បាន​ជីវិត​ខាង​រូបកាយ​បន្ទាប់​ពី​នេះ​ទៅ ព្រមទាំង​សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង​ដ៏​អស់កល្ប—​ប្រសិន​បើ​យើង​ជ្រើសរើស​យក​វា—​អ្វី​ទាំងអស់​គឺ​ដោយសារតែ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

គ្រប់​ពេល​ដែល​យើង​ប្រើ ទទួល​ប្រយោជន៍ ឬ​សូម្បីតែ​គិត​ពី​អំណោយ​ទាំងនេះ យើង​គួរតែ​ពិចារណា​ពី​ពលិកម្ម សេចក្ដី​សប្បុរស និង​ក្ដី​មេត្តា​ករុណា​របស់​អ្នកផ្ដល់​ឲ្យ ។ គារវភាព​ចំពោះ​អ្នកផ្ដល់​ឲ្យ​ធ្វើឲ្យ​យើង​មាន​អំណរ​គុណ​កាន់តែ​ខ្លាំង ។ ការគិត​ដល់​អំណោយ​របស់​ទ្រង់​អាច និង​គួរតែ​ផ្លាស់ប្ដូរ​យើង ។

ការផ្លាស់ប្ដូរ​ដ៏​ខ្លាំង​មួយ​បាន​កើតឡើង​ដល់​អាលម៉ា​ជាកូន ។ កាល​អាលម៉ា​បាន « ចេញទៅ​បះបោរ​ទាស់នឹង​ព្រះ »នោះ​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ ។ ដោយ​មាន​បន្ទូល « ដូចជា​សូរ​ផ្គរលាន់ »នោះ​ទេវតា​បាន​ផ្ចាញ់ផ្ចាល​អាលម៉ា ដែល​បាន​បៀតបៀន​សាសនាចក្រ ហើយ « បាន​បង្វែរ​ចិត្ត​មនុស្ស » ។ ទេវតា​បាន​បន្ថែម​ការក្រើន​រំឭក​នេះ​ថា « ទៅ​ចុះ ហើយ​ចូរ​នឹកចាំ​ពី​ការជាប់​ឃុំឃាំង​របស់​ពួក​អយ្យកោ​អ្នក​… ហើយ​ចូរ​នឹកចាំ​ពី​ការណ៍​ដ៏​មហិមា​ទាំង​ឡាយ ដែល [ ព្រះ ] បាន​ធ្វើ​ដល់​ពួកគេ » ។ ក្នុង​ចំណោម​ការដាស់តឿន​ដែល​អាច​មាន​ទាំងអស់ នោះ​គឺជា​អ្វី​ដែល​ទេវតា​បាន​សង្កត់​ធ្ងន់ ។

អាលម៉ា​បាន​ប្រែចិត្ត ហើយ​បាន​ចង់ចាំ ។ ក្រោយមក​លោក​បាន​ចែកចាយ​ការក្រើន​រំឭក​របស់​ទេវតា​នោះ​ជាមួយ​ហេលេមិន​ជា​កូន​ប្រុស​លោក ។ អាលម៉ា​បាន​ទូន្មាន​ថា « ឪពុក​ចង់​ឲ្យ​កូន​ធ្វើ​ដូច​ដែល​ឪពុក​បាន​ធ្វើ​ក្នុង​ការចងចាំ​ដល់​ការជាប់​ឃុំឃាំង នៃ​ពួក​អយ្យកោ​របស់​យើង ព្រោះ​ពួក​អយ្យកោ​យើង​បាន​នៅ​ជាប់​ក្នុង​សេវកភាព ហើយ​គ្មាន​អ្នក​ណា​អាច​ដោះ​លែង​គេ​បាន​ឡើយ លើកលែងតែ​ព្រះ​នៃ​អ័ប្រាហាំ … អ៊ីសាក និង … យ៉ាកុប ហើយ​ទ្រង់​បាន​ដោះ​លែង​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​វេទនា​ជា​ពិតប្រាកដ » ។១០ អាលម៉ា​បាន​ថ្លែង​យ៉ាង​សាមញ្ញ​ថា « ឪពុក​ដាក់​ទី​ទុក​ចិត្ត​របស់​ឪពុក​ទៅ​លើ​ទ្រង់ » ។១១ អាលម៉ា​បាន​យល់​ថា តាមរយៈ​ការចងចាំ​ដល់​ការដោះលែង​ចេញពី​សេវកភាព និង​ការគាំទ្រ​អំឡុង « ការ​សាកល្បង និង​វិបត្តិ​គ្រប់​ប្រការ » នោះ​យើង​នឹង​ស្គាល់​ព្រះ និង​ភាពប្រាកដ​ប្រជា​នៃ​ការសន្យា​របស់​ទ្រង់ ។១២

ពួកយើង​តិច​តួច​ណាស់​មាន​បទពិសោធន៍​ពិបាក​ខ្លាំង​ដូចជា​អាលម៉ា ប៉ុន្ដែ​ការផ្លាស់ប្ដូរ​របស់​យើង​អាច​មាន​ជម្រៅ​ស្មើគ្នា ។ ព្រះអង្គ​សង្គ្រោះ​បាន​សុំអង្វរ​កាល​ពី​បុរាណ​ថា ៖

« យើង​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម …​ចេញ រួច​នឹង​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ ។

អញ​នឹង​ដាក់​វិញ្ញាណ​របស់​អញ​នៅ​ក្នុង​ឯង​រាល់​គ្នា ។ …

« …​នោះ​ឯង​រាល់​គ្នា​នឹង​ធ្វើ​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​បាន​ជា​ព្រះ​ដល់​ឯង » ។១៣

ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រស់​ឡើង​វិញ​បាន​មាន​បន្ទូល​ទៅ​ពួកសាសន៍​នីហ្វៃ ពី​របៀប​ដែល​ការផ្លាស់ប្ដូរ​នេះ​ចាប់ផ្ដើម ។ ទ្រង់​បាន​ថ្លែង​ពី​មុខងារ​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​របស់​ព្រះវរបិតាសួគ៌ នៅពេល​ទ្រង់​មាន​បន្ទូល ៖

« ហើយ​ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើក​ឡើង​លើ​ឈើឆ្កាង ហើយ​បន្ទាប់ពី​យើង​ត្រូវ​បាន​លើកឡើង​លើ​ឈើឆ្កាង គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង ។ …

« ហើយ​ដោយ​ហេតុនេះ ទើប​យើង​ត្រូវបាន​លើកឡើង ហេតុដូច្នេះ​ហើយ ស្របតាម​ព្រះចេស្ដា​នៃ​ព្រះវរបិតា នោះ​យើង​នឹង​ទាញ​នាំគ្រប់​មនុស្ស​ទាំង​អស់​ឲ្យ​មក​រក​យើង » ។១៤

តើ​បងប្អូន​ត្រូវ​ធ្វើ​អ្វីខ្លះ​ដើម្បី​ត្រូវបាន​ទាញ​នាំ​ទៅរក​ព្រះអង្គ​សង្គ្រោះ ? សូម​ពិចារណា​ពី​ការសម្រប​របស់​ព្រះយេស៊ូវ​គ្រីស្ទ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា​ទ្រង់ ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់ ការលើក​ដាក់​មក​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើបាប និង​កំហុស​របស់​បងប្អូន ការទទួល​បាន​ព្រះចេស្ដា​របស់​ព្រះវរបិតា​ទ្រង់​ដើម្បី​អង្វរ​ជំនួស​បងប្អូន និង​ការប្រោសលោះ​ដ៏​ថ្កុំថ្កើង​របស់​ទ្រង់​ដល់​បងប្អូន ។១៥ តើ​ការណ៍​ទាំងនេះ​មិន​គ្រប់គ្រាន់​ដើម្បី​ទាញ​នាំ​បងប្អូន​មករក​ទ្រង់​ទេ​ឬ ? វា​គ្រប់គ្រាន់​ចំពោះ​ខ្ញុំ ។ ព្រះយេស៊ូវ​គ្រីស្ទ « គង់​ចាំ​ទាំង​ព្រះហស្ត​លាតលា​ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើ​ឲ្យ​បរិសុទ្ធ និង​ញែក [ បងប្អូន និង​ខ្ញុំ ] ជា​បរិសុទ្ធ » ។១៦

សេចក្តីពិត​ទាំងនេះ​គួរតែ​ផ្ដល់​បេះដូង​ថ្មី​មួយ​ឲ្យ​យើង ហើយ​បំផុស​គំនិត​យើង​ឲ្យ​ជ្រើសរើស​ធ្វើតាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ប៉ុន្ដែ​សូម្បីតែ​បេះដូង​ថ្មី​ក៏​អាច « ឆាប់​វង្វេង … ឆាប់​ចាកចេញ​ពី​ព្រះ [ យើង ] ស្រឡាញ់ » ដែរ ។១៧ ដើម្បី​ប្រឆាំង​នឹង​និន្នាការ​នេះ យើង​ត្រូវ​គិត​ដល់​អំណោយ​ដែល​យើង​បាន​ទទួល និង​ទៅលើ​អ្វី​ដែល​វា​បន្សល់​ទុក​រាល់​ថ្ងៃ ។ ស្ដេច​បេនយ៉ាមីន​បាន​ទូន្មាន​ថា « ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ចងចាំ ហើយ​ចងចាំ​ជានិច្ច​នូវ​ភាព​មហិមា​នៃ​ព្រះ … និង​សេចក្ដី​ល្អ​សប្បុរស និង​សេចក្ដី​អត់ធ្មត់​របស់​ទ្រង់​ចំពោះ​អ្នក​រាល់​គ្នា » ។១៨ បើ​យើង​ធ្វើ​ដូច្នេះ​នោះ​យើង​មាន​លក្ខណៈគ្រប់គ្រាន់​ដើម្បី​ទទួលពរ​ពី​ស្ថានសួគ៌ ។

ការពិចារណា​ដល់​សេចក្ដី​ល្អ​សប្បុរស និង​ក្ដី​មេត្តា​របស់​ព្រះ​ជួយ​យើង​ឲ្យ​កាន់តែ​ឆាប់​ទទួល​បាន​អ្វី​ខាង​វិញ្ញាណ ។ ជា​ថ្នូរ​មកវិញ ការឆាប់​ដឹង​អ្វី​ខាង​វិញ្ញាណ​កាន់តែ​ខ្លាំង​អនុញ្ញាត​ឲ្យ​យើង​ដឹង​ពី​សេចក្ដីពិត​នៃ​អ្វីៗ​ទាំងអស់ តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។១៩ ការណ៍​នេះ​រួមមាន​ទីបន្ទាល់​នៃ​សេចក្ដីពិត​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ការដឹង​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​ផ្ទាល់ខ្លួន​យើង ព្រមទាំង​ការទទួល​ស្គាល់​ថា ដំណឹងល្អ​របស់​ទ្រង់​ត្រូវបាន​ស្ដារ​ឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។២០

ពេល​យើង​ចងចាំ​ពី​ភាពមហិមា​នៃ​ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ ព្រមទាំង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះ​យើង​នឹង​មិន​ភ្លេច​គុណ​បំណាច់​របស់​ទ្រង់​ឡើយ គឺ​ដូចជា​ថម​មិន​បាន​មើល​រំលង​បេះដូង​របស់​យ៉ូណាថាន់​ដែរ ។ តាម​របៀប​ដ៏​មាន​អំណរ និង​គារវភាព​មួយ ថម​បាន​ចងចាំ​ដល់​សោកនាដកម្ម​ដែល​បាន​ធ្វើឲ្យ​គាត់​មាន​អាយុ​វែង​នោះ​រាល់ថ្ងៃ ។ ក្នុង​អារម្មណ៍​ដ៏​រីករាយ​នៃ​ការដឹង​ថា យើង​អាច​បាន​សង្គ្រោះ និង​លើក​តម្កើង នោះ​យើង​ត្រូវ​ចងចាំ​ថា សេចក្ដី​សង្គ្រោះ និង​ការលើក​តម្កើង​កើតឡើង​ក្នុង​តម្លៃ​ដ៏​អស្ចារ្យ​មួយ ។២១ យើង​អាច​មាន​អំណរ​ប្រកប​ដោយ​គារវភាព នៅពេល​យើង​ដឹង​ថា បើ​គ្មាន​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​យើង​នឹង​វិនាស ប៉ុន្ដែ​ដោយ​មាន​ទ្រង់ នោះ​យើង​អាច​ទទួល​បាន​អំណោយ​ដ៏​មហិមា​បំផុត ដែល​ព្រះវរបិតាសួគ៌​អាច​ប្រទាន​បាន ។២២ តាមពិត​ទៅ គារវភាព​នេះ​អនុញ្ញាត​ឲ្យ​យើង​រីករាយ​នឹង​ការសន្យា « អំពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅនា​លោកិយ​នេះ » ហើយ​ទីបញ្ចប់​ទទួល​បាន « ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច …​គឺជា​សិរីល្អ​ដ៏​នៅ​អមត » នៅ​ឯ​នា​បរលោក ។២៣

ពេល​យើង​ពិចារណា​ពី​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះវរបិតាសួគ៌​យើង និង​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ការទុកចិត្ត​របស់​យើង​លើ​ទ្រង់​នឹង​កើនឡើង ។ ការអធិស្ឋាន​របស់​យើង​ផ្លាស់ប្ដូរ ដោយសារ​យើង​ដឹង​ថា ព្រះ​គឺជា​ព្រះបិតា​យើង ហើយ​យើង​ជា​បុត្រ​របស់​ទ្រង់ ។ យើង​មិន​ព្យាយាម​ផ្លាស់ប្ដូរ​ព្រះទ័យ​របស់​ទ្រង់​ទេ ប៉ុន្ដែ​ដាក់​ឲ្យ​ត្រូវ​នឹង​ឆន្ទៈ​យើង​វិញ ហើយ​ធានា​សម្រាប់​ខ្លួន​យើង​នូវ​ពរជ័យ ដែល​ទ្រង់​ចង់​ប្រទាន​ឲ្យ ដោយ​មាន​លក្ខខណ្ឌ​ពេល​យើង​ទូល​សូម ។២៤ យើង​ចង់​កាន់តែ​មាន​ចិត្ត​រាបទាប បរិសុទ្ធ ខ្ជាប់ខ្ជួន និង​ដូចជា​ព្រះគ្រីស្ទ​កាន់តែ​ខ្លាំង ។២៥ ការផ្លាស់ប្ដូរ​ទាំងនេះ​ធ្វើឲ្យ​យើង​ស័ក្ដិសម​នឹង​ពរជ័យ​ពី​ស្ថានសួគ៌​បន្ថែម​ទៀត ។

តាមរយៈ​ការទទួល​ស្គាល់​ថា គ្រប់​ការណ៍​ល្អ​កើត​ចេញពី​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​បង្ហាញ​សេចក្ដី​ជំនឿ​យើង​ទៅកាន់​មនុស្ស​ដទៃ​កាន់តែ​មាន​ប្រសិទ្ធិភាព ។២៦ យើង​នឹង​មាន​ចិត្ត​ក្លាហាន​ពេល​ប្រឈម​នឹង​កិច្ចការ ក៏​ដូចជា​កាលៈទេសៈ​ដែល​ហាក់​មិន​អាច​ទៅរួច ។២៧ យើង​នឹង​ពង្រឹង​ការតាំងចិត្ត​យើង​ដើម្បី​រក្សា​សេចក្ដី​សញ្ញា ដែល​យើង​បានចុះ​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ។២៩ យើង​នឹង​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ចង់​ជួយ​អស់​អ្នក​ដែល​ទ័លក្រ​ដោយ​មិន​កាត់​សេចក្ដី ស្រឡាញ់​កូនៗ​របស់​យើង ហើយ​ចិញ្ចឹម​ពួកគេ​ក្នុង​សុចរិតភាព រក្សា​ការផ្ដាច់​បាប​របស់​យើង ហើយ​អររីករាយ​ជានិច្ច ។២៩ ទាំងនេះ​ជា​ផលផ្លែ​ដ៏​អស្ចារ្យ​នៃ​ការចងចាំ​ដល់​សេចក្ដី​ល្អ​សប្បុរស និង​មេត្តា​របស់​ព្រះ ។

ផ្ទុយ​ទៅវិញ ព្រះអង្គ​សង្គ្រោះ​បាន​ព្រមាន​ថា « ហើយ​មនុស្ស​មិន​ដែល​ជំទាស់​ព្រះ​ក្នុង​ការណ៍​ណាមួយ​ឡើយ ឬ​ក៏​សេចក្ដី​ក្រោធ​របស់​ទ្រង់​មិន​ទាស់​នឹង​នរណា​មួយ​ទេ លើក​លែង​តែ​អស់​អ្នក​ណា​ដែល​មិន​ទទួល​ស្គាល់​ព្រះហស្ត​របស់​ទ្រង់​ក្នុង​គ្រប់​ទាំង​អស់ » ។៣០ ខ្ញុំ​គិត​ថា ព្រះ​មិន​ខឹង​ទេ ពេល​យើង​ភ្លេច​ទ្រង់​នោះ ។ ប៉ុន្ដែ ខ្ញុំ​គិត​ថា ទ្រង់​អន់​ព្រះទ័យ​យ៉ាង​ខ្លាំង ។ ទ្រង់​ជ្រាប​ថា យើង​មិន​បាន​ខិតខំ​រក​ឱកាស​ដើម្បី​ខិត​ទៅ​កាន់តែ​ជិត​ទ្រង់​ តាមរយៈ​ការចងចាំ​ដល់​ទ្រង់ និង​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់​ទេ ។ ពេល​នោះ យើង​ខក​ខាន​លែង​បាន​ខិត​ទៅ​ជិត​ទ្រង់ និង​ពរជ័យ​ពិសេសៗ​ដែល​ទ្រង់​បាន​សន្យា ។៣១

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចងចាំ​ដល់​ភាពមហិមា​នៃ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បងប្អូន​រាល់​ថ្ងៃ ។ សូម​ឲ្យ​ការពិចារណា​របស់​បងប្អូន​អំពី​សេចក្ដី​ល្អ​សប្បុរស​ទ្រង់​ចងភ្ជាប់​ដួងចិត្ត​វង្វេង​របស់​បងប្អូន​ទៅនឹង​ទ្រង់​កាន់តែ​ជាប់​មាំ​ឡើង ។៣២ សូម​សញ្ជឹងគិត​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ទ្រង់ ហើយ​បងប្អូន​នឹង​មាន​ពរ​ឲ្យ​ដឹង​ពី​រឿង​ខាង​វិញ្ញាណ​បន្ថែម​ទៀត និង​ក្លាយ​កាន់តែ​ដូចជា​ព្រះគ្រីស្ទ ។ ការថ្លឹងថ្លែង​ពី​ការប្រណី​របស់​ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យ « រក្សា​ការស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត » រហូតដល់​បងប្អូន « ត្រូវបាន​ទទួល​នៅ​ស្ថានសួគ៌ » ឲ្យ « រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។៣៣

ដោយ​បាន​ចង្អុល​ទៅ​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់ ព្រះវរបិតាសួគ៌​របស់​យើង​បាន​មាន​បន្ទូល​ថា « ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ ! »៣៤ នៅពេល​បងប្អូន​ធ្វើ​សកម្មភាព​តាម​បន្ទូល​ទាំងនោះ ហើយ​ស្ដាប់​តាម​ទ្រង់ សូម​ចងចាំ​ដោយ​អំណរ និង​គារវភាព​ថា ព្រះអង្គ​សង្គ្រោះ​ពេញ​ចិត្ត​នឹង​ស្ដារ​អ្វី​ដែល​បងប្អូន​មិន​អាច​ស្ដារ​ឡើង​វិញ​បាន ទ្រង់​ពេញចិត្ត​នឹង​ព្យាបាល​របួស​ដែល​បងប្អូន​មិន​អាច​ព្យាបាល​បាន ទ្រង់​ពេញចិត្ត​នឹង​ជួសជុល​អ្វី​ដែល​បាន​បែកបាក់ ហើយ​មិន​អាច​ជួសជុល​បាន៣៥ទ្រង់​បង់​សង​ភាពអយុត្តិធម៌​នានា​ដែល​ធ្វើឲ្យ​បងប្អូន​រងទុក្ខ៣៧ហើយ​ទ្រង់​ពេញចិត្ត​នឹង​ព្យាបាល​ដួងចិត្ត​ដែល​ប្រេះស្រាំ​អចិន្រ្ដៃយ៍ ។៣៨

កាល​ខ្ញុំ​ពិចារណា​ពី​អំណោយ​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​របស់​យើង ខ្ញុំ​បាន​ដឹង​ពី​សេចក្ដី​ស្រឡាញ់​ដ៏​និរន្ដរ៍​របស់​ទ្រង់ ព្រមទាំង​សេចក្ដី​មេត្តា​ករុណា​ដ៏​មិន​អាច​យល់​បាន​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់ ។៣៨ ចំណេះដឹង​នេះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ ហើយ​វា​នឹង​ផ្លាស់ប្ដូរ​បងប្អូន​ផងដែរ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕