សន្និសីទទូទៅ
អំណាច​នៃ​ព្រះគម្ពីរ​មរមន​ក្នុង​ការប្រែ​ចិត្ត​ជឿ
កំណត់ចំណាំ​នៅ​បាត
បាវចនា

អំណាច​នៃ​ព្រះគម្ពីរ​មរមន​ក្នុង​ការប្រែ​ចិត្ត​ជឿ

ព្រះគម្ពីរ​មរមន​ផ្ដល់​អាហារ​បំប៉ន​ខាង​វិញ្ញាណ ចេញ​វេជ្ជបញ្ជា​ឲ្យ​មាន​ផែនការ​សកម្មភាព ហើយ​ភ្ជាប់​យើង​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ក្រោយពី​ពិនិត្យ​មើល​របាយការណ៍​ការពិនិត្យ​សុខភាព​ផ្លូវ​កាយ​ថ្មី​មួយ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើការ​កែតម្រូវ​របៀប​រស់នៅ​ខ្លះៗ ។ ដើម្បី​ជួយ​ខ្ញុំ វេជ្ជបណ្ឌិត​របស់​ខ្ញុំ​បាន​ឲ្យ​អាហារ​បំប៉ន និង​ផែនការ​ហាត់ប្រាណ ដែល​នឹង​ធ្វើឲ្យ​ខ្ញុំ​មាន​សុខភាព​ល្អ​ជាង​នេះ បើ​ខ្ញុំ​ជ្រើសរើស​ធ្វើតាម​នោះ ។

ប្រសិនបើ​យើង​ម្នាក់ៗ​ឆ្លងកាត់​ការពិនិត្យ​ខាង​វិញ្ញាណ តើ​យើង​នឹង​ដឹង​អ្វីខ្លះ​អំពី​ខ្លួន​យើង ? តើ​ការផ្លាស់ប្ដូរ​អ្វីខ្លះ​ដែល​គ្រូពេទ្យ​ខាង​វិញ្ញាណ​របស់​យើង​បង្គាប់​ឲ្យ​ធ្វើ ? ដើម្បី​ឲ្យ​យើង​ក្លាយជា​មនុស្ស​ដែល​យើង​ត្រូវ​ក្លាយជា វា​ចាំបាច់​ថា យើង​ត្រូវ​ដឹង​អ្វី​ដែល​ត្រូវ​ធ្វើ និង​ធ្វើ​អ្វី​ដែល​យើង​ដឹង ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​លោក​ចៅហ្វាយ​គ្រូពេទ្យ ។ តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ទ្រង់​រុំ​របួស​របស់​យើង លើក​ដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​ជំងឺ​របស់​យើង ហើយ​ព្យាបាល​ដួងចិត្ត​ប្រេះស្រាំ​របស់​យើង ។ តាមរយៈ​ព្រះគុណ​របស់​ទ្រង់​នោះ ចំណុច​ខ្សោយ​របស់​យើង​អាច​ប្រែ​ទៅ​ជា​កម្លាំងខ្លាំង​បាន ។ ទ្រង់​អញ្ជើញ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ តាមរយៈ​ការរៀន​អំពី​ទ្រង់ ស្ដាប់​តាម​បន្ទូល​ទ្រង់ ហើយ​ដើរ​ដោយ​រាបសា​តាម​ព្រះវិញ្ញាណ​របស់​ទ្រង់ ។ ទ្រង់​បាន​សន្យា​នឹង​ជួយ​យើង ក្នុង​ដំណើរ​ប្រែចិត្ត​ជឿ​ពេញ​មួយ​ជីវិត​នេះ ដែល​នឹង​ផ្លាស់ប្ដូរ​យើង ហើយ​នាំ​មក​នូវ​សេចក្តី​អំណរ​ដ៏​អស់កល្ប​ជានិច្ច ។

ព្រះអង្គ​សង្គ្រោះ​បាន​ប្រទាន​ព្រះគម្ពីរ​មរមន​ដល់​យើង ជា​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ​ដើម្បី​ជួយ​ក្នុង​ការប្រែចិត្ត​ជឿ ។ ព្រះគម្ពីរ​មរមន​ផ្ដល់​អាហារ​បំប៉ន​ខាង​វិញ្ញាណ ចេញ​វេជ្ជបញ្ជា​ឲ្យ​មាន​ផែនការ​សកម្មភាព ហើយ​ភ្ជាប់​យើង​ជាមួយ​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ដោយ​បាន​សរសេរ​មក​សម្រាប់​យើង គម្ពីរ​នេះ​មាន​នូវ​បន្ទូល​របស់​ព្រះ ហើយ​ប្រាប់​យើង​ពី​អត្តសញ្ញាណ គោលបំណង និង​ជោគវាសនា​របស់​យើង ។១០ រួម​ជាមួយ​ព្រះគម្ពីរ​ប៊ីប ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ១១ ហើយ​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ដឹង​ពី​សេចក្ដីពិត ហើយ​ក្លាយ​ដូចជា​ទ្រង់ ។

Saw Polo

បងប្រុស សរ ប៉ូឡូ មាន​អាយុ ៥៨ ឆ្នាំ ពេល​គាត់​ស្គាល់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ នៅពេល​ខ្ញុំ​បាន​ជួប​គាត់ គាត់​បាន​កំពុង​បម្រើ​ជា​ប្រធាន​សាខា​រយៈពេល​បី​បួន​ឆ្នាំ​ហើយ ប៉ុន្ដែ​ខ្ញុំ​ដឹង​ថា គាត់​មិន​ដែល​អាន​ព្រះគម្ពីរ​មរមន​ឡើយ ដោយសារ​វា​មិន​ទាន់​មាន​ជា​ភាសា​ដើម​ភូមា​របស់​គាត់​នៅ​ឡើយ ។ ពេល​ខ្ញុំ​សួរ​គាត់​ពី​របៀប​ដែល​គាត់​ដឹង​ថា គម្ពីរ​នេះ​គឺ​ពិត​ដោយ​មិន​បាន​អាន​វា នោះ​គាត់​បាន​ឆ្លើយ​ថា គាត់​បាន​សិក្សា​សៀវភៅ​រូបភាព​ដំណើររឿង​ព្រះគម្ពីរ​មរមន​ រាល់ថ្ងៃ ដោយ​ការមើល​រូបភាព ការប្រើ​វចនានុក្រម​បកប្រែ​ពាក្យ​ភាសា​អស់គ្លេស និង​កត់​ចំណាំ​អ្វី​ដែល​គាត់​បាន​រៀន​ដោយ​យក​ចិត្ត​ទុកដាក់ ។ គាត់​បាន​ពន្យល់​ថា « គ្រប់​ពេល​ដែល​ខ្ញុំ​សិក្សា ខ្ញុំ​បាន​អធិស្ឋាន​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន ហើយ​ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ដ និង​មាន​អំណរ គំនិត​ខ្ញុំ​បាន​ជាក់ច្បាស់ ហើយ​ដួងចិត្ត​ខ្ញុំ​បាន​ទន់ភ្លន់ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ថ្លែង​ទីបន្ទាល់​មក​ខ្ញុំ​ថា វា​គឺជា​ការពិត ។ ខ្ញុំ​ដឹង​ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​នៃ​ព្រះ » ។

ដូច​បងប្រុស ស បូឡូ យើង​ម្នាក់ៗ​អាច​សិក្សា​ព្រះគម្ពីរ​មរមន​ស្របតាម​កាលៈទេសៈ​របស់​យើង ។ នៅ​ពេល​យើង​សម្រេចចិត្ត​ដើម្បី​ជឿ​និង​ពិចារណា​អំពី​ការបង្រៀន​នោះ​ក្នុង​ដួងចិត្ត​របស់​យើង នោះ​យើង​អាច​ទូល​សុំ​ដល់​ព្រះ​ដោយ​ជំនឿ​បើ​ការបង្រៀន​នោះ​ពិត ។១២ បើ សិន យើង​ស្មោះត្រង់​ក្នុង​ការចង់ដឹង​និង​មាន​ចេតនា​ពិត​ក្នុង​ការធ្វើសកម្មភាព​នោះ​ទ្រង់​នឹង​ឆ្លើយតប​យើង​នៅ​ក្នុង​ដួងចិត្ត​របស់​យើង​តាម​រយៈ​ព្រះវិញ្ញាណបរិសុទ្ធ ។ ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណបរិសុទ្ធ នោះ យើង នឹង​ស្គាល់​សេចក្តីពិត​នៃ​គ្រប់​ការណ៍ទាំងអស់ ។១៣ នៅពេល​យើង​បាន​ទទួល​ទីបន្ទាល់​ដ៏​ប្រសើរ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​ក៏​ដឹង​ដោយ​ព្រះចេស្ដា​ដដែល​ថា ព្រះយេស៊ូវ​គ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ទ្រង់ នៅ​ជាន់​ចុង​ក្រោយ​បង្អស់ ហើយ​ថា​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​សាសនាចក្រ​ដែល​បាន​សាង​ឡើង​វិញ​របស់​ទ្រង់ ។​១៤

ក្នុង​នាម​ជា​យុវជន​ម្នាក់​ដែល​ចាប់ផ្ដើម​ការបម្រើ​បេសកកម្ម​របស់​ខ្ញុំ នោះ​ខ្ញុំ​បាន​ជិះ​យន្ដហោះ​ទៅ​ប្រទេស​អូស្ដ្រាលី ។ ដោយ​មាន​អារម្មណ៍​ឯកោ​ខ្លាំង អន្ទះសា និងខ្វះ​សមត្ថភាព ប៉ុន្ដែ​បាន​តាំងចិត្ត​ថា​នឹង​បម្រើ នោះ​ខ្ញុំ​ត្រូវការ​ការបញ្ជាក់​ជា​ថ្មី​យ៉ាង​ខ្លាំង​ថា អ្វី​ដែល​ខ្ញុំ​ជឿ​គឺជា​ការពិត ។ ខ្ញុំ​បាន​អធិស្ឋាន និង​អាន​ព្រះគម្ពីរ​ខ្ញុំ​ដោយ​ចិត្ត​ស្មោះសរ ប៉ុន្ដែ​កាល​យន្ដហោះ​ចេះ​តែ​ហោះ​ទៅមុខ នោះ​មន្ទិល​លើ​ខ្លួន​ខ្ញុំ​កាន់តែ​ពុះកញ្ជ្រោល​​ឡើង ហើយ​ស្ថានភាព​ផ្លូវកាយ​របស់​ខ្ញុំ​បាន​ចុះ​យ៉ាប់យ៉ឺន ។ ក្រោយពី​ខ្ញុំ​បាន​ពុះពារ​អស់​ពេល​បី​បួន​ម៉ោង អ្នកបម្រើ​លើ​យន្ដហោះ​បាន​ដើរ​មក ហើយ​ឈប់​ក្បែរ​កៅអី​ខ្ញុំ ។ គាត់​បាន​យក​ព្រះគម្ពីរ​មរមន ដែល​ខ្ញុំ​កំពុង​អាន​នោះ​ពី​ដៃ​ខ្ញុំ ។ គាត់​បាន​មើល​គម្រប ហើយ​និយាយ​ថា « នេះ​ជា​សៀវភៅ​ដ៏​អស្ចារ្យ​មួយ ! » រួច​បាន​ហុច​គម្ពីរ​នោះ​ឲ្យ​ខ្ញុំ​វិញ ហើយ​បន្ដ​ដើរ​ទៀត ។ ខ្ញុំ​មិន​ដែល​បាន​ឃើញ​គាត់​ម្តង​ទៀត​ទេ ។

ខណៈ​សម្ដី​របស់​គាត់​បាន​បន្លឺ​ក្នុង​ត្រចៀក​ខ្ញុំ តែ​ខ្ញុំ​បាន​ឮ​ច្បាស់ និង​មាន​អារម្មណ៍​ក្នុង​ចិត្ត​ថា « យើង​នៅ​ទីនេះ ហើយ​យើង​ដឹង​ថា បុត្រ​នៅ​ទីណា ។ គ្រាន់តែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​បុត្រ​ទៅ ព្រោះ​យើង​នឹង​បំពេញ​ការណ៍​ទាំង​ប៉ុន្មាន​ទៀត » ។ នៅលើ​យន្ដហោះ​នោះ​កាត់​មហាសមុទ្រ​ប៉ាស៊ីភិច ខ្ញុំ​បាន​ទទួល​សាក្សី​ផ្ទាល់ខ្លួន​មួយ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន​របស់​ខ្ញុំ និង​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ​បាន​ជ្រាប​ថា ខ្ញុំ​ជា​នរណា ហើយ​ថា​ដំណឹងល្អ​គឺ​ពិត ។

អែលឌើរ ដេវីឌ អេ បែដណា បាន​បង្រៀន ៖ « ការដឹង​ថា​ដំណឹងល្អ​ជា​ការពិត គឺជា​ចំណុច​​សំខាន់​ដើម្បី​មាន​ទីបន្ទាល់ ។ ការនៅ​ពិត​ដ៏​ខ្ជាប់ខ្ជួន​ចំពោះ​ដំណឹងល្អ​គឺជា​ការសំខាន់​សម្រាប់​ការប្រែចិត្ត​ជឿ » ។​១៥ ការប្រែចិត្ត​ជឿ​តម្រូវ​ឲ្យ​យើង​ធ្វើជា « អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ទៅ កុំ​ឲ្យ​គ្រាន់​តែ​ស្តាប់​ប៉ុណ្ណោះ » ។១៦ ផែនការ​សកម្មភាព​របស់​ព្រះអម្ចាស់​សម្រាប់​យើង—​គឺ​គោលលទ្ធិ​របស់​ព្រះគ្រីស្ទ—​ត្រូវ​បាន​បង្រៀន​យ៉ាង​ច្បាស់​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ។១៧ ការណ៍​នេះ​រួម​មាន ៖

  • ទីមួយ ការអនុវត្ត សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​ ការទុកចិត្ត ​លើ​ទ្រង់ ការកាន់តាម​បទបញ្ញត្តិ​របស់​ទ្រង់ និង​ការដឹង ថា ទ្រង់​នឹង​ជួយ​យើង ។១៨

  • ទីពីរ ការប្រែចិត្ត រាល់ថ្ងៃ​ពី​កំហុស​របស់​យើង ហើយ​ដក​ពិសោធន៍​ អំណរ និង​ភាពសុខសាន្ដ ពេល​ទ្រង់​អភ័យទោស​ឲ្យ​យើង ។១៩ ការប្រែចិត្ត​តម្រូវ​ឲ្យ​យើង​អភ័យទោស​ ឲ្យ​មនុស្ស​ដទៃ២០ ហើយ​ជួយ​យើង​ឲ្យ​ឈាន​ទៅមុខ​ទៀត ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​អភ័យទោស​ឲ្យ​យើង​ឲ្យ​បាន​ញឹកញាប់ នៅពេល​យើង​ប្រែចិត្ត ។២១

  • ទីបី ការចុះ និង​ការរក្សា ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ព្រះ​តាមរយៈ​ពិធីបរិសុទ្ធ​ដូចជា​ពិធីបុណ្យ​ជ្រមុជ​ទឹក ។ ការណ៍​នេះ​នឹង​រក្សា​យើង​ឲ្យ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ដែល​នាំ​ទៅរក​ទ្រង់ ។២២

  • ទីបួន ការទទួល​បាន ​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ អំណោយទាន​នេះ​អនុញ្ញាត​ឲ្យ​មាន​ដៃគូ​ជាប់លាប់​ជាមួយ​នឹង​អង្គ​ដែល​បន្សុទ្ធ លួងលោម និង​ណែនាំ​យើង ។២៣

  • ទីប្រាំ ការស៊ូទ្រាំ ដល់​ទី​បញ្ចប់ តាមរយៈ​ ការឈាន​ទៅមុខ​ដោយ​ខ្ជាប់ខ្ជួន ខណៈ​ ទទួលទាន បន្ទូល​របស់​ព្រះគ្រីស្ទ​ប្រចាំ​ថ្ងៃ ។២៤ តាមរយៈ​ការទទួល​ទាន​ពី​ព្រះគម្ពីរ​មរមន និង​ការកាន់​ខ្ជាប់​តាម​ការបង្រៀន​ក្នុង​គម្ពីរ​នេះ យើង​អាច​យកឈ្នះ​លើ​ការល្បួង ហើយ​ទទួល​បាន​ការដឹកនាំ និង​ការការពារ​ពេញ​មួយ​ជីវិត​យើង ។២៥

តាមរយៈ​ការអនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដោយ​ខ្ជាប់ខ្ជួន​ក្នុង​ជីវិត​របស់​យើង នោះ​យើង​នឹង​យកឈ្នះ​ភាពល្ហិតល្ហៃ ដែល​បង្អាក់​​ការផ្លាស់ប្ដូរ និង​ការភ័យ​ខ្លាច​ដែល​រារាំង​សកម្មភាព ។ យើង​នឹង​ទទួល​បាន​វិវរណៈ​ផ្ទាល់ខ្លួន ដោយសារ​ព្រះវិញ្ញាណ​បរិសុទ្ធ « នឹង​បង្ហាញ ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ »២៦ ហើយ « ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង​ប្រាប់ ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំងអស់​ដែល​អ្នក​ត្រូវ​ធ្វើ » ។២៧

អស់​រយៈពេល ២០ ឆ្នាំ បងប្រុស ហួង យុនកុង បាន​ពុះពារ​នឹង​គ្រឿង​ស្រវឹង បារី និង​ល្បែង​អត់​មិន​បាន ។ ពេល​ដែល​ត្រូវបាន​នាំឲ្យ​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ នោះ​បងប្រុស​ហួង​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​ដើម្បី​គ្រួសារ​ដ៏​ក្មេងខ្ចី​របស់​គាត់ ។ ឧបសគ្គ​ដ៏​ធំ​បំផុត​របស់​គាត់​គឺ​ការជក់​បារី ។ ជា​អ្នកជក់​បារី​ញៀន​ខ្លាំង គាត់​បាន​ព្យាយាម​ឈប់​ជាច្រើន​ដង តែ​មិន​បាន​ជោគជ័យ ។ ថ្ងៃ​មួយ បន្ទូល​ចេញពី​ព្រះគម្ពីរ​មរមន​ទាំង​នេះ​បាក​ដក់​ក្នុង​ចិត្ត​គាត់ ៖ « ដោយ​ចិត្ត​ស្មោះសរ គឺ​ដោយ​ស្មោះ​អស់ពី​ចិត្ត » ។២៨ ទោះជា​ការប៉ុនប៉ង​ពីមុន​បាន​បរាជ័យ​ក្ដី ក៏​គាត់​មាន​អារម្មណ៍​ថា ប្រហែល​គាត់​អាច​ផ្លាស់ប្ដូរ​បាន​ដោយ​មាន​ជំនួយ​មកពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​បាន​រួម​សាមគ្គី​សេចក្ដី​ជំនឿ​របស់​ពួកគេ​ជាមួយ​សេចក្ដី​ជំនឿ​គាត់ ហើយ​បាន​ផ្ដល់​ផែនការ​សកម្មភាព​ទប់ស្កាត់​មួយ​ដែល​អនុវត្ត​បាន រួម​ជាមួយ​ការអធិស្ឋាន និង​ការសិក្សា​ព្រះបន្ទូល​របស់​ព្រះ​យ៉ាង​ខ្លាំង ។ ដោយ​មាន​ចិត្ត​ស្មោះសរ និង​បំណង​ស្មោះ​អស់​ពី​ចិត្ត បងប្រុស​ហួស​បានអនុវត្ត​ដោយ​ការប្ដេជ្ញា​ចិត្ត​ដ៏​ស្មោះត្រង់ ហើយ​បាន​ឃើញ​ថា កាល​គាត់​ផ្ដោត​កាន់តែ​ខ្លាំង​លើ​ទម្លាប់​ថ្មី​ដែល​គាត់​ចង់​បង្កើត ដូចជា​ការសិក្សា​ព្រះគម្ពីរ​មរមន នោះ​គាត់​លែង​ផ្ដោត​លើ​ទម្លាប់​ដែល​គាត់​ចង់​បោះបង់​ចោល ។

ពេល​រំឭក​ដល់​បទពិសោធន៍​គាត់​ជាង ១៥ ឆ្នាំ​កន្លង​ទៅ គាត់​បាន​សម្គាល់​ថា « ខ្ញុំ​មិន​ចាំ​ពី​ពេល​ដែល​ខ្ញុំ​ឈប់​ជក់​បារី​ឲ្យ​ប្រាកដ​ទេ ប៉ុន្ដែ​កាល​ខ្ញុំ​ខំ​ព្យាយាម​រាល់ថ្ងៃ​ដើម្បី​ធ្វើ​រឿង​ដែល​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​ដើម្បី​យាង​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​មក​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​បន្ដ​ធ្វើ​វា នោះ​ខ្ញុំ​លែង​ចង់​ជក់​បារី​ទៀត ហើយ​បាន​ឈប់​តាំង​ពី​នោះ​មក » ។ តាមរយៈ​ការអនុវត្ត​តាម​ការបង្រៀន​នៃ​ព្រះគម្ពីរ​មរមន ជីវិត​របស់​បងប្រុស​ហួង​បាន​ផ្លាស់ប្ដូរ ហើយ​គាត់​បាន​ក្លាយជា​ស្វាមី និង​ឪពុក​ដ៏​ប្រសើរ​ម្នាក់ ។

Huang Juncong Family

ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា « ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​ រាល់​ថ្ងៃ ​ប្រកប​ដោយ​ការអធិស្ឋាន នោះ​បងប្អូន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ដែល​ប្រសើរ—រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សញ្ជឹង​គិត​នូវ​អ្វី​ដែល​បងប្អូន​សិក្សា នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់​ខ្លួន និង​ការ​ដឹកនាំ​សម្រាប់​ជីវិត​បងប្អូន​ផ្ទាល់ ។ ខ្ញុំ​សូម​សន្យា​ថា ពេល​បងប្អូន​សិក្សា​ព្រះគម្ពីរ​មរមន​រាល់​ថ្ងៃ បងប្អូន​អាច​ត្រូវ​បាន​ការពារ​ឲ្យ​ផុត​ពី​អំពើ​អាក្រក់​នៃ​ថ្ងៃ​នោះ ជំងឺ​រូប​អាសគ្រាម​ដែល​តោង​យ៉ាង​ជាប់ និង​ការញៀន​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​គំនិត​ស្ពឹក » ។២៩

មិត្ត​ជាទី​ស្រឡាញ់​អើយ ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ហើយ​យើង​នឹង​ខិត​ទៅ​កាន់តែ​ជិត​ទ្រង់ ប្រសិនបើ​យើង​សិក្សា​វា ។៣០ កាល​យើង​ដក​ពិសោធន៍​បន្ទូល​ក្នុង​គម្ពីរ​នេះ ៣១ យើង​នឹង​ទទួល​បាន​សាក្សី​មួយ​នៃ​សេចក្ដីពិត​ពេញលេញ​វា ។ កាល​យើង​រស់នៅ​តាម​ការបង្រៀន​ក្នុង​គម្ពីរ​នេះ​ដោយ​ខ្ជាប់ខ្ជួន៣១នោះ​យើង​នឹង​លែង​មាន​បំណង​ធ្វើ​អាក្រក់​ទៀត​ហើយ » ។ ៣២ ដួងចិត្ត ទឹកមុខ និង​និស្ស័យ​របស់​យើង​នឹង​បាន​ផ្លាស់ប្ដូរ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ។៣៣ ខ្ញុំ​ចែកចាយ​សាក្សី​ដ៏​ប្រាកដ​ប្រជា​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ព្រះប្រោស​លោះ និង​ជា​មិត្ត​របស់​យើង។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕