សន្និសីទទូទៅ
ទ្រង់​យាង​ទៅ​មុន​យើង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ទ្រង់​យាង​ទៅ​មុន​យើង

ព្រះអម្ចាស់​កំពុង​រៀប​ចំ​ផ្លូវ​សម្រាប់​ការ​ស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​ដឹង​ពី​អនាគត​យ៉ាង​ល្អ​ឥតខ្ចោះ ។ ទ្រង់​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ការ ។

បងប្អូន​ប្រុស​ស្រី​ជាទីស្រឡាញ់ ខ្ញុំ​មាន​អំណរគុណ​ដើម្បី​ជួបជុំ​នឹង​បងប្អូន​ក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅ​ក្នុង​ការ​អញ្ជើញ​របស់​លោក​ឲ្យ​នឹកគិត​អំពី​របៀប​ដែល​ការ​ស្ដារឡើងវិញនៃ​សាសនាចក្រ​របស់​ព្រះអម្ចាស់​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​របស់ទ្រង់​បាន​ប្រទានពរ​ដល់​យើង និង​មនុស្ស​ជាទីស្រឡាញ់​របស់​យើង ​ប្រធាន រ័សុល អិម ណិលសុន បាន​សន្យា​ថា បទពិសោធន៍​របស់​យើង​នឹង​មិន​គ្រាន់តែ​គួរ​ឲ្យ​ចង់ចាំ​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​មិន​អាច​បំភ្លេច​បាន​ផងដែរ ។

បទពិសោធន៍​របស់​ខ្ញុំគឺ​គួរ​ឲ្យ​ចងចាំ ខ្ញុំ​ដឹង​ច្បាស់​ថា​បងប្អូន​ក៏មាន​ដូចគ្នា​ដែរ។ ថា​តើ​វានឹង​មិន​អាច​បំភ្លេច​បាន​ឬ​អត់ នោះ​វា​អាស្រ័យ​លើ​ពួក​យើង​ម្នាក់ៗ ។ នោះ​ជា​រឿង​សំខាន់​ចំពោះ​ខ្ញុំ ដោយសារ​បទពិសោធន៍​នៃ​ការ​រៀបចំ​សម្រាប់​សន្និសីទ​នេះ បាន​ផ្លាស់ប្ដូរ​ខ្ញុំ​តាម​របៀប​មួយ​ដែល​ខ្ញុំ​ចង់​បាន​យូរ​អង្វែង ។ ខ្ញុំសូមពន្យល់អំពីរឿងនេះ ។

ការរៀបចំ​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំចំណាយ​ពេល​កត់ត្រា​អំពី​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​ការ​ស្ដារឡើងវិញ ។ ខ្ញុំ​បាន​អាន​អំពី​វា​ជា​ច្រើន​ដង ប៉ុន្តែ​ចំពោះ​ខ្ញុំ វា​តែងតែ​រាយការណ៍​អំពី​ការប្រជុំ​សំខាន់​មួយ​ដែល​មាន​យ៉ូសែប ស្ម៊ីធ ជា​ព្យាការី នៃ ការ​ស្ដារឡើងវិញ​បាន​ចូលរួម ។ ប៉ុន្តែ​គ្រា​នេះ ខ្ញុំ​បាន​មើល​ឃើញ​នៅ​ក្នុង​ដំណើររឿង​អំពី​របៀប​ដែល​ព្រះអម្ចាស់​ដឹកនាំ​យើង ពួក​សិស្ស​របស់​ទ្រង់ នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ខ្ញុំ​បាន​ឃើញ​ថា​វា​មានន័យ​ចំពោះ​យើង​ខាង​ជីវិត​រមែង​ស្លាប់​ដើម្បី​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក ជា​អង្គបង្កបង្កើត—ដែល​ដឹង​រឿង​គ្រប់យ៉ាង តាំង​ពី​អតីតកា បច្ចុប្បន្នកាល និង​អនាគតកាល ។ ទ្រង់​បង្រៀន​យើង​មួយ​ជំហាន​ម្ដងៗ ហើយ​ដឹកនាំ​យើង ពុំ​ដែល​បង្ខំ​ឡើយ ។

ការ​ប្រជុំ​ដែល​ខ្ញុំ​កំពុង​ពិពណ៌នា​គឺ​ជា​គ្រា​ដ៏​សំខាន់​មួយ​នៅ ក្នុង​ការ​ស្ដារឡើងវិញ ។ វា​គឺ​ជា​ការ​ប្រជុំ​នៅ​ថ្ងៃ​ឈប់​សម្រាក ដែលធ្វើ​ឡើង​នៅថ្ងៃទី ៣ ខែ​មេសា ឆ្នាំ ១៨៣៦ នៅ ក្នុង​ព្រះវិហាបរិសុទ្ធ​ខឺតឡង់ នៅ​ក្នុង​រដ្ឋ អូហៃអូ រយៈពេល​ប្រាំ​ពីរ​ថ្ងៃ​បន្ទាប់​ពី​ត្រូវ​បាន​ឧទ្ទិសឆ្លង ។ យ៉ូសែប ស្ម៊ីធ បាន​ពិពណ៌នា​អំពី​គ្រា​ដ៏​អស្ចារ្យនេះ​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​តាម​របៀប​ដ៏​សាមញ្ញ​មួយ ។ ដំណើរ​រឿង​របស់​លោក​ភាគ​ច្រើន ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១១០ ៖

« នៅពេល​រសៀល​ខ្ញុំ​បាន​ជួយ​ពួក​ប្រធាន​ឯទៀត ក្នុង​ការចែក​អាហារ​របស់​ព្រះអម្ចាស់​ដល់​សាសនាចក្រ ដោយ​បាន​ទទួល​អាហារ​ពីពួក​ដប់​ពីរនាក់ ដែល​មាន​ឯកសិទ្ធិ​ធ្វើ​ការ​នៅ ឯ​តុ​ដ៏​ពិសិដ្ឋ​ថ្ងៃនេះ ។ បន្ទាប់​ពី​បាន​ប្រតិបត្តិ​កិច្ច​ការនេះ​ដល់​ពួក​បងប្អូន​ប្រុស របស់​ខ្ញុំ​​រួច​ហើយ នោះ​ខ្ញុំ​បាន​ទៅ​ឯ​វេទិកា ដោយ​មាន​វាំនន​បិទ ហើយ​ក្រាប​ចុះ​ជាមួយ​អូលីវើរ ខៅឌើរី​ក្នុង​ការអធិស្ឋាន​ដ៏​មុតមាំ និង​ស្ងាត់ ។ បន្ទាប់​ពី​បាន​ក្រោក​ពី​អធិស្ឋាន នោះ​ស្រាប់​តែ​មាន​ការនិមិត្ត​មួយ បើក​ឲ្យ​យើង​ទាំង​ពីរនាក់​ឃើញ » ។

« ស្បៃ​ត្រូវ​បាន​បើក​ពី​គំនិត​របស់​ពួក​យើង ហើយ​ភ្នែក​នៃ​យោបល់​របស់​ពួកយើង​ត្រូវបាន​បើក​ឡើង ។

« យើង​បាន​ឃើញ​ព្រះអម្ចាស់ ទ្រង់​ឈរ​នៅ​លើ​របា​បង្អែក​វេទិកា នៅ​ចំពោះ​យើង ហើយ​នៅ​ក្រោម​ព្រះ​បាទ​របស់​ទ្រង់ មាន​កម្រាល​ធ្វើ​ពី​មាស​សុទ្ធ មាន​ពណ៌​ដូច​ជា​ត្បូង​ឃ្មុំ ។

« ព្រះ​នេត្រ​របស់​ទ្រង់​ដូច​ជា​អណ្តាត​ភ្លើង ព្រះកេសា​របស់​ទ្រង់​ស ដូចជា​ហិមៈ​សុទ្ធ ព្រះភ័ក្រ្ត​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ ហើយ​សំឡេង​របស់​ទ្រង់ ដូច​ជា​សូរ​នៃ​ទឹក​ច្រើន គឺ​ជា​សំឡេង​នៃ​ព្រះយេហូវ៉ា មាន​ព្រះបន្ទូល​ថា

« យើង​ជា​ដើម​ហើយ​ជា​ចុង យើង​ជា​អង្គ​ដែល​មាន​ព្រះ​ជន្ម​រស់​នៅ យើង​ជា​អង្គ​ដែល​ត្រូវបាន​ស្លាប់ យើង​ជា​ព្រះ​គាំទ្រ របស់​អ្នក​ជា​មួយ​ព្រះ​វរបិតា ។

« មើល​ចុះ អំពើ​បាប​ទាំងឡាយ​របស់​អ្នក​ត្រូវ​បាន​អត់ទោស​ឲ្យ​ហើយ អ្នកត្រូវ​បាន​ជ្រះ​ស្អាត​នៅ​ចំពោះ​យើង ហេតុដូច្នេះ​ហើយ​ចូរ​ងើប​មុខ​ឡើង ហើយ​អរសប្បាយ​រីករាយ​ចុះ ។

« ចូរ​ឲ្យ​ចិត្ត​នៃ​បងប្អូន​អ្នក​ក្នុង​សាសនា​បាន​អរ​សប្បាយ​រីករាយ​ចុះ ហើយ​ចូរ​ឲ្យ​ចិត្ត​នៃ​អស់​ទាំង​រាស្ត្រ​របស់​យើង​បាន​អរ​សប្បាយ​រីករាយ ដែល​បាន​សង់​ដំណាក់​នេះ​ថ្វាយ​ដល់​ព្រះ​នាម​របស់​យើង​ដោយ​អស់​ពី​កម្លាំង​របស់​ពួកគេ ។

« ដ្បិត​មើល​ចុះ យើង​បាន​ទទួល​ដំណាក់​នេះ ហើយ​ព្រះនាម​របស់​យើង​នឹង​ស្ថិត​នៅ​ទី​នេះ ហើយ​យើង​នឹង​សម្ដែង​កាយ​យើង​ដល់​រាស្ត្រ​របស់​យើង​នៅ​ក្នុង​ដំណាក់​នេះ​ដោយ​សេចក្ដី​មេត្តា​ករុណា ។

« មែន​ហើយ យើង​នឹង​លេច​មក​ឯ​ពួក​អ្នក​បម្រើ​របស់​យើង​ហើយ​មាន​បន្ទូល​ទៅកាន់​ពួកគេ​ដោយ​សំឡេង​របស់​យើង​ផ្ទាល់​បើសិន​ជា​រាស្ត្រ​យើង​នឹង​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​យើង ហើយ​មិន​បង្ខូច​ដំណាក់​ដ៏​បរិសុទ្ធ​នេះ ។

« មែន​ហើយ គឺ​ចិត្ត​នៃ​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់ នឹង​បាន​អរសប្បាយ​រីករាយ ដោយ​ព្រោះ​តែ​ព្រះ​ពរ​ទាំងឡាយ ដែល​នឹង​បាន​ចាក់​ចេញ​មក ព្រមទាំង​អំណោយ​ទាន​ពិសិដ្ឋ ដែល​ពួក​អ្នក​បម្រើ​របស់​យើង​បាន​ទទួល​នៅក្នុង​ដំណាក់​នេះ ។

« ហើយ​ការល្បី​ល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាល​ដាល​ទៅ​ដល់​ដែន​ដី​ឆ្ងាយៗ ហើយ​នេះ​គឺ​ជា​ការចាប់​ផ្តើម​នូវ​ព្រះ​ពរ ដែល​នឹង​បាន​ចាក់​មក​លើ​ក្បាល​នៃ​រាស្រ្ត​របស់​យើង ។ គឺ​ដូច្នោះ​មែន ។ អាម៉ែន ។

« បន្ទាប់ពី​ការនិមិត្ត​នេះ​បិទ​ទៅ នោះ​ស្រាប់​តែ​ផ្ទៃ​មេឃ​បាន​បើក​ដល់​យើង​ម្តងទៀត ហើយ​លោក​ម៉ូសេ បាន​លេច​មក​ចំពោះ​យើង ហើយ​បាន​ប្រគល់​ដល់​យើង​នូវ​កូនសោ​ទាំងឡាយ នៃ​ការ​ប្រមូល​សាសន៏​អ៊ីស្រាអ៊ែល ពី​ទិស​ទាំងបួន​នៃផែន​ដី ហើយ​នឹង​ការ​នាំ​ពូជ​​អំបូរ​ទាំងដប់ចេញ​ពី​ដែនដី​ភាគ​ខាង​ជើងមក ។

« បន្ទាប់មក លោក​អេលីយ៉ាស​បាន​លេច​មក ហើយ​បាន​ប្រគល់​គ្រាកាន់​កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​របស់​លោក​អ័ប្រាហាំ​ដោយ​ប្រាប់​ថា នៅ​ក្នុង​យើង និង​ពូជ​របស់​យើង នោះ​អស់​ទាំង​តំណ​មនុស្ស​បន្ទាប់​ពី​យើង​មក​នឹង​បាន​ពរ ។

« បន្ទាប់ពី​ការនិមិត្ត​បាន​បិទ​ទៅ នោះ​មាន​ការ​និមិត្ដ​ដ៏​ធំ និង រុងរឿង​មួយ​ទៀត​បាន​បើក​មក​លើ​យើង ព្រោះ​លោក​អេលីយ៉ា​ជា​ព្យាការី ដែល​បាន​យក​ទៅ​ស្ថានសួគ៌ ដោយ​មិន​បាន​ភ្លក់​សេចក្ដី​ស្លាប់ បាន​ឈរ​នៅ​ចំពោះ​យើង ហើយ​បាន​និយាយ​ថា ៖

« មើល​ចុះពេល​វេលា​បាន​មក​ដល់​ពេញ​លេញ​ហើយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​ម៉ាឡាគី—ដោយ​ធ្វើ​ទីបន្ទាល់​ថា លោក [ អេលីយ៉ា ] នឹង​ត្រូវ​បាន​ចាត់​ឲ្យ​មក​មុន​ថ្ងៃ​ដ៏ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះអម្ចាស់​នឹងមក​ដល់—

« ដើម្បី​បង្វែរ​ចិត្ត​ពួកឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំងមូល​នឹង​ត្រូវ​បាន​វាយ​ដោយ​សេចក្តី​បណ្តាសា—

« ហេតុដូច្នេះ​ហើយ កូនសោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួត​ត្រា​នេះ ត្រូវបាន​ប្រគល់​ទៅក្នុង​ដៃ​របស់អ្នក ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា ថ្ងៃ​ដ៏​ធំ និង​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​ជិត​មក​ដល់​ហើយ គឺ​នៅ​មាត់​ទ្វារ » ។

ឥឡូវ ខ្ញុំ​បាន​អាន​ដំណើររឿង​នោះ​ជាច្រើន​ដង ។ ព្រះវិញ្ញាណបរិសុទ្ធ បានបញ្ជាក់ដល់ខ្ញុំថា ដំណើរ​រឿង​នេះ គឺជាការពិត ។ ប៉ុន្តែ​កាលខ្ញុំ​បាន​សិក្សា និង​អធិស្ឋាន​ដើម្បី​រៀបចំ​ខ្លួន​សម្រាប់​សន្និសីទ​នេះ ខ្ញុំ​បាន​មើលឃើញ​កាន់​តែ​ច្បាស់​នូវ​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់ ដែល​បាន​ដឹកនាំ​ពួក​សិស្ស​របស់ទ្រង់​នៅ​ក្នុង​កិច្ចការ​ទ្រង់​យ៉ាង​លម្អិត ។

រយៈពេល​ប្រាំ​ពីរ​ឆ្នាំ​ពី​មុន​ម៉ូសេ​បាន​ប្រគល់​ដល់​យ៉ូសែប នូវ​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​ពួក​អ៊ីស្រាអែល​នៅ​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ « យ៉ូសែប​បាន​រៀន​មកពី ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរមរមន ថា​គោលបំណង​នោះ​គឺ ‹ បង្ហាញ​ដល់​កូន​ចៅ​អ៊ីស្រាអែល​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន… ថា​ពួកគេ​អាច​ដឹង​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ព្រះអម្ចាស់ ថា​ពួកគេ​នឹង​មិន​ត្រូវ​កាត់​ចេញ​ជា​រៀងរហូត​នោះទេ › ។ នៅ​ក្នុង​ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​ប្រាប់​យ៉ូសែប​ថា ការប្រមូល​ផ្ដុំ​នៃ​វង្ស​អ៊ីស្រាអែល នឹង​ចាប់​ផ្ដើម​នៅ​ក្នុង​ទីក្រុង​ខឺតឡង់ ‹ ហើយចេញពី​ទីនោះ [ ខឺតឡង់ ] អ្នក​ណា​ក៏ដោយ​ដែល​យើង សព្វព្រះ​ហឬទ័យ នោះ​នឹង​ចេញទៅ​ក្នុង​ចំណោម គ្រប់​អស់​ទាំង​សាសន៍…ត្បិត​អ៊ីស្រា​អែល​នឹង​ត្រូវ​បាន​សង្គ្រោះ ហើយ​យើងនឹង​នំា​ពួកគេ​ទៅ ›» ​

ទោះជា​កិច្ចការ​ផ្សព្វផ្សាយសាសនា​ចាំបាច់​ដើម្បី​ប្រមូល​វង្សអ៊ីស្រាអែល​ក្តី ក៏ ព្រះអម្ចាស់​បាន​បង្រៀន​ដល់​ពួក​ដប់ពីរ​នាក់ ដែល​ជា​អ្នក​ផ្សព្វផ្សាយសាសនា​ជំនាន់​មុន​មួយចំនួន​របស់​យើង​ថា « សូម​ចងចាំ​ថា អ្នក​មិន​ទៅ​កាន់​ជាតិ​សាសន៍​ណា​ឡើយ ទាល់​តែ​អ្នក​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន​អ្នក​សិន »។

វា​ហាក់​ដូចជា​ថា​ ព្រះវិហារបរិសុទ្ធ​ខឺតឡង់​សំខាន់​នៅ​ក្នុង​ផែនការ​មួយជំហាន​ម្ដងៗ​របស់​ព្រះអម្ចាស់ យ៉ាង​ហោច​ណាស់​ដោយ​មូលហេតុ​ពីរយ៉ាង ៖ ទីមួយ ម៉ូសេ រង់ចាំ​រហូត​ដល់​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​សាងសង់​ចប់​សព្វគ្រប់​ដើម្បី​ស្ដារ​កូនសោ​ទាំងឡាយ​នៃ​ការ​ប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល ។ ហើយ​ទីពីរ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានបង្រៀនថា ៖ « ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ដល់​ពួកបរិសុទ្ធ​ឲ្យ​ស្ថាបនា​ព្រះវិហារបរិសុទ្ធ​មួយ​ឡើង [ ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ] ដែល​ទ្រង់​អាច​បើក​សម្ដែង​កូនសោ​ទាំងឡាយ​នៃ​សិទ្ធិអំណាច និងជា​កន្លែង​ដែល​ពួក​សាវក​អាច​ត្រូវ​បាន ទទួល​អំណោយទានពិសិដ្ឋ ហើយ​រៀបចំ​ខ្លួន​ដើម្បី​ធ្វើការ​កាត់​ជ្រួយ​នៅ​ក្នុង​ចម្ការ​របស់​ទ្រង់​ជា​គ្រា​ចុង​ក្រោយ » ។ ទោះ​ជា​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារបរិសុទ្ធ ដែល​យើង​ស្គាល់​នៅ​សព្វថ្ងៃនេះ ពុំ​បាន​ធ្វើឡើង​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ខឺតឡង់ ដើម្បី​បំពេញ​តាម​ការ​ព្យាករណ៍​ក្ដី ក៏​ការ​រៀបចំ​ពិធីបរិសុទ្ធ​ព្រះវិហារបរិសុទ្ធ​បាន​ចាប់​ផ្ដើម​ណែនាំ​នៅ​ទីនោះ​ដែរ ព្រមជាមួយ​នឹង​ការ​ចាក់ស្រោច​នូវ​ការ​បើក​សម្ដែង​ខាងវិញ្ញាណ​ដែល​មាន​ជាប់​នឹង​អ្នកទាំងឡាយ​ដែល​បាន​ហៅ​ក្នុង​បេសកកម្ម​នោះ​នូវ​អំណោយទានពិសិដ្ឋ​ដែល​បាន​សន្យា នៃ « អំណាច​មកពី​លើ » ដែល​បាន​ដឹកនាំ​ទៅ​រក​ការ​ប្រមូល​ផ្ដុំ​ដ៏​ធំ​មួយ​តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយសាសនា ។

បន្ទាប់​ពី​កូនសោ​នៃ​ការ​ប្រមូល​ផ្ដុំ​នៃ​វង្សអ៊ីស្រាអែល​ត្រូវ​បាន​ប្រគល់​ដល់យ៉ូសែប នោះ​ព្រះអម្ចាស់​បាន​បំផុសគំនិត​ដល់​ព្យាការី​ឲ្យ​បញ្ជូន​សមាជិក​នៃ​ពួក​ដប់ពីរ​នាក់​ឲ្យ​ទៅ​ធ្វើ​បេសកកម្ម ។ នៅ​ពេល​ខ្ញុំ​សិក្សា ខ្ញុំ​កាន់តែ​​ច្បាស់​ថា ព្រះអម្ចាស់​បាន​រៀបចំ​យ៉ាង​លម្អិត​នូវ​របៀប​សម្រាប់​ពួក​ដប់ពីរ​នាក់​ចេញ​ទៅ​បេសកកម្ម​នៅ​បរទេស​ជា​កន្លែង​ដែល​មនុស្ស​បាន​រៀបចំ​ខ្លួន​ដើម្បី​ជឿ និង​គាំទ្រ​ដល់​ពួកគេ ។ នៅពេល​នោះ មនុស្ស​រាប់​ពាន់​នាក់ បាន​នាំ​មក​កាន់​សាសនាចក្រ​របស់​ព្រះអម្ចាស់ដែល​បាន​ស្ដារឡើងវិញ​ តាមរយៈ​ពួកគេ ។

យោង​តាម​កំណត់ត្រា​របស់​យើង វា​ត្រូវ​បាន​ប៉ាន់ស្មាន​ថា មាន​អ្នកជ្រមុជទឹកនៅ​ចន្លោះ ៧៥០០ នាក់ ទៅ ៨០០០ នាក់ អំឡុង​បេសកកម្ម​ពីរ​របស់​ពួក​ដប់​ពីរនាក់ ទៅកាន់​កោះ​ប្រទេស​អង់គ្លេស។ នេះ​បាន​ចាក់​គ្រឹះ​សម្រាប់​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​អឺរ៉ុប ។ នៅ​ចុង​សតវត្សរ៍​ទី ១៩ នោះ​មាន​មនុស្ស ៩០,០០០ នាក់​បាន​ប្រមូលផ្ដុំ​គ្នា​មក​កាន់​ទ្វីបអាមេរិក​ដែល​ភាគ​ច្រើន​មកពី​កោះ​ប្រទេស​អង់គ្លេស និង ស្កានឌីណាវៀ។ ព្រះអម្ចាស់​បាន​បំផុសគំនិត​យ៉ូសែប និង​អ្នក​ផ្សព្វផ្សាយសាសនា​ស្មោះត្រង់​ទាំង​នោះ ដែល​ចេញ​ទៅ​ធ្វើ​ការ​ដើម្បី​សម្រេច​នូវ​ការប្រមូលផល ដែល​ហាក់​ដូចជា​ហួស​ពី​សមត្ថភាព​របស់​ពួកគេ ។ ប៉ុន្តែ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​វា​កើត​ឡើង​បាន តាម​រយៈ​ការ​ទតឃើញ​ជាមុន និង​ការ​រៀបចំ​ដ៏​ឥតខ្ចោះ ។

បងប្អូន​ចងចាំ​នូវ​ភាសា​មកពី កណ្ឌ ១១០ នៃគោលលទ្ធិ និង​សេចក្ដីសញ្ញា ដែល​ហាក់ដូចជា កំណាព្យ​ដ៏​សាមញ្ញ​ថា ៖

« មើល​ចុះពេល​វេលា​បាន​មក​ដល់​ពេញ​លេញ​ហើយ ដែល​បាន​ពោល​ដោយ​មាត់​នៃ​លោក​ម៉ាឡាគី—ដោយ​ធ្វើ​ទីបន្ទាល់​ថា លោក [ អេលីយ៉ា ] នឹង​ត្រូវ​បាន​ចាត់​ឲ្យ​មក​មុន​ថ្ងៃ​ដ៏ធំ ហើយ​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះអម្ចាស់​នឹងមក​ដល់—

« ដើម្បី​បង្វែរ​ចិត្ត​ពួកឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក ក្រែង​ផែនដី​ទាំងមូល​នឹង​ត្រូវ​បាន​វាយ​ដោយ​សេចក្តី​បណ្តាសា—

« ហេតុដូច្នេះ​ហើយ កូនសោ​ទាំង​ឡាយ​នៃ​គ្រា​កាន់កាប់​ត្រួត​ត្រា​នេះ ត្រូវបាន​ប្រគល់​ទៅក្នុង​ដៃ​របស់អ្នក ហើយ​ដោយ​សារ​ការណ៍​នេះ ទើប​អ្នក​រាល់គ្នា​អាច​បាន​ដឹង​ថា ថ្ងៃ​ដ៏​ធំ និង​គួរ​ស្ញែង​ខ្លាច​នៃ​ព្រះ​អម្ចាស់ជិត​មក​ដល់​ហើយ គឺ​នៅ​មាត់​ទ្វារ » ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ទតឃើញ​ជាមុន​ក្នុង​ពេល​អនាគត និង​របៀប​ដែល​ទ្រង់​ដឹកនាំ​យើង​ឲ្យ​ជួយ​ទ្រង់​សម្រេច​ព្រះរាជបំណង​របស់ទ្រង់​នៅ​ថ្ងៃ​ចុង​ក្រោយ ។

ខណៈ​ដែល​ខ្ញុំ​កំពុង​បម្រើ​នៅ​ក្នុង​គណៈប៊ីស្សព​ជា​អធិបតី​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ ខ្ញុំ​ទទួល​ខុសត្រូវ​មើល​ទៅលើ​ការ​រចនា និង​ការ​បង្កើត​ក្រុម​ដែល​បាន​បង្កើត​នូវ​អ្វី​ដែល​យើង​បាន​ហៅឈ្មោះ​ថា FamilySearch ។ ខ្ញុំ​ប្រយ័ត្ន​ក្នុងការ​និយាយ​ថា​ខ្ញុំ « មើល​ខុសត្រូវ » លើ​ការបង្កើត​វា ជា​ជាង​ខ្ញុំ​និយាយ​ថា ខ្ញុំ « បាន​ដឹកនាំ » វា ។ មនុស្ស​ពូកែៗ​ជា​ច្រើន​បាន​ចាកចេញ​ពី​អាជីព ហើយ​មក​ស្ថាបនា​នូវ​អ្វី​ដែល​ព្រះអម្ចាស់​សព្វព្រះទ័យ​ចង់​បាន ។

គណៈប្រធាន​ទីមួយ បាន​ដាក់​គោលដៅ​នៃ​ការ​កាត់បន្ថយ​ពិធីបរិសុទ្ធ​ស្ទួន ។ កង្វល់​ជា​ចម្បង​របស់​ពួក​យើង​គឺ​ការ​មិន​ដឹង​ថា​តើ​ពិធីបរិសុទ្ធ​របស់​បុគ្គល​ម្នាក់​បាន​ធ្វើ​រួច​ហើយ​ឬ​នៅ ។ អស់ជាច្រើន​ឆ្នាំ— ឬ​ហាក់ដូចជា​ច្រើន​ឆ្នាំ— គណៈប្រធាន​ទីមួយ​បាន​សួរ​ខ្ញុំ​ថា « តើ​ពេល​ណា​ទើប​លោក​ធ្វើ​វា​រួចរាល់ ? »

ដោយ​មាន​ការ​អធិស្ឋាន ការឧស្សាហ៍ព្យាយាម និង​ការពលិកម្ម​ផ្ទាល់ខ្លួន​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​ដ៏​អស្ចារ្យ នោះ​កិច្ចការ​ត្រូវ​បាន​សម្រេច ។ វា​មក​មួយ​ជំហាន​ម្តងៗ កិច្ចការ​ដំបូង​គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ FamilySearch -ពេញ​ចិត្ត​សម្រាប់​អ្នកទាំងឡាយ​ដែល​ពុំ​សូវ​ស្ទាត់​កុំព្យូទ័រ ។ ការ​ផ្លាស់ប្ដូរ​បន្ថែម​បាន​កើត​មាន ហើយ​ខ្ញុំ​ដឹង​ថា​វា​នឹង​បន្ដ​កើត​មាន ដ្បិត​នៅពេល​ណា​ដែល​យើង​ចាប់​ផ្ដើម​ដោះស្រាយ​បញ្ហា​ដ៏​បំផុសគំនិត​មួយ យើង​បានបើក​ទ្វារ​ទៅកាន់​វិវរណៈ​បន្ថែម​ទៀត​សម្រាប់​ការ​ជឿន​ទៅមុខ​សំខាន់​ដូចគ្នា តែ​យើង​ពុំ​ទាន់​មើល​ឃើញនៅឡើយ ។ ទោះ​នៅ​សព្វថ្ងៃនេះ FamilySearch កំពុង​ក្លាយជា​អ្វី​ដែល​ព្រះអម្ចាស់​ត្រូវការ​ធ្វើ​ជា​ចំណែក​នៃ​ការ​ស្ដារឡើងវិញ​របស់ទ្រង់— ពុំ​មែន​គ្រាន់តែ​ចៀសវាង​ពី​ពិធីបរិសុទ្ធ​ស្ទួន​នោះទេ ។

ព្រះអម្ចាស់​ទុក​ឲ្យ​យើង​ធ្វើការ​កែលម្អ​ដើម្បី ជួយ​មនុស្ស​ទទួល​បាន​អារម្មណ៍​នៃ​ភាព​ជា​គ្រួសារ ហើយ​ស្រឡាញ់​ដល់​ជីដូនជីតា​របស់ពួកគេ និង​បំពេញ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារបរិសុទ្ធ​របស់​ពួកគេ ។ ឥឡូវ ដូច​ដែល​ព្រះអម្ចាស់​បាន​ដឹង​យ៉ាង​ច្បាស់​នូវ​អ្វី​នឹង​កើតឡើង មនុស្ស​វ័យក្មេង​កំពុង​ក្លាយទៅជា​អ្នក​ឲ្យ​ប្រឹក្សា​អំពី​កុំព្យូទ័រ​ដល់​ឪពុក​ម្ដាយ​របស់​ពួកគេ និង​សមាជិក​ក្នុង​វួដ ។ ទាំងអស់គ្នា​បាន​រកឃើញ​អំណរ​ដ៏​មហិមា​នៅ​ក្នុង​ការបម្រើ​នេះ ។

វិញ្ញាណ​នៃ​អេលីយ៉ា កំពុង​ផ្លាស់ប្ដូរ​ដួងចិត្ត​របស់​មនុស្ស​វ័យក្មេង មនុស្ស​ចាស់ កូនៗ និង​ឪពុក​ម្ដាយ ចៅៗ និង​ជីដូនជីតា ។ ព្រះវិហារបរិសុទ្ធ​នឹង​ដាក់​ឆាប់ៗ​នូវ​កាលវិភាគ​​យ៉ាង​រីករាយ​ចំពោះ​ឱកាស​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបរិសុទ្ធ​ពិសិដ្ឋ​ដទៃៗ​ទៀត ។ បំណង​ប្រាថ្នា​ដើម្បី​បម្រើ​ដល់​ជីដូនជីតា​របស់​យើង និង​ចំណង​នៃ​ឪពុកម្ដាយ និង​កូនៗ កំពុង​រីកលូតលាស់ ។

ព្រះអម្ចាស់​បាន​ទតឃើញថា​អ្វីៗ​ទាំងអស់​កំពុង​កើតមាន ។ ទ្រង់​បាន​រៀបចំ​សម្រាប់​វា មួយ​ជំហាន​ម្ដងៗ ដូច​ដែល​ទ្រង់​បាន​ធ្វើ​ជា​មួយ​នឹង​ការ​ផ្លាស់ប្ដូរ​ដទៃ​ទៀត​នៅ​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​បីបាច់ និង​រៀបចំ​មនុស្ស​ស្មោះត្រង់​ដែល​ជ្រើសរើស​ធ្វើ​រឿង​ពិបាកៗ​បាន​ល្អ ។ ទ្រង់​តែងតែ​អត់ធ្មត់​ដោយ​ក្ដីស្រឡាញ់​ដើម្បី​ជួយ​យើង​រៀន « មួយ​បន្ទាត់​ម្តងៗ មួយ​សិក្ខាបទ​ម្ដងៗ ឯណេះ​បន្តិច ឯណោះ​បន្តិច» ។ ទ្រង់​ហ្មត់ចត់​ចំពោះ​ពេលវេលា​នៃ​ព្រះរាជបំណង​របស់​ទ្រង់ ប៉ុន្តែ​ទ្រង់​ធានា​ថា ការពលិកម្ម ជា​ញឹកញាប់ គឺ ឬ​នាំ​មក​នូវ​ពរជ័យ​កំពុង​បន្ត​ដែល​យើង​មើល​មិន​ឃើញ​ជា​មុន​នោះ ទេ ។

ខ្ញុំ​សូម​បញ្ចប់​ដោយ​ការ​សម្ដែង​នូវ​ការ​ដឹងគុណ​របស់​ខ្ញុំ​ចំពោះ​ព្រះអម្ចាស់ — ទ្រង់​ជា​អង្គ​ដែល​បំផុសគំនិត​ដល់​ប្រធាន ណិលសុន ឲ្យ​អញ្ជើញ​ខ្ញុំ​ធ្វើ​ការ​ពលិកម្ម​មួយ​ដើម្បី​រៀបចំ​សម្រាប់​សន្និសីទ​នេះ ។ គ្រប់ម៉ោង និង​គ្រប់​ការ​អធិស្ឋាន អំឡុង​ពេល​ដែល​ខ្ញុំ​រៀបចំ​ខ្លួន វា​បាន​នាំ​មកនូវ​ពរជ័យ​មួយ ។

ខ្ញុំ​អញ្ជើញ​បងប្អូន​ទាំងអស់​គ្នា​ឲ្យ​ស្ដាប់​សារលិខិត​នេះ ឬ​អាន​ពាក្យ​ទាំងនេះ​ដោយ​ជឿថា ព្រះអម្ចាស់​កំពុង​ដឹកនាំ​ការស្ដារឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ និង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​យាង​ទៅ​មុន​យើង ។ ទ្រង់​ដឹង​ពី​អនាគត​យ៉ាង​ល្អ​ឥតខ្ចោះ ។ ទ្រង់​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​ការ ។ ទ្រង់​ចូលរួម​នឹង​បងប្អូន ។ ទ្រង់​បានរៀបផែនការ​ជាស្រេច​សម្រាប់​ការ​បម្រើ​របស់​បងប្អូន ។ ហើយ​ទោះ​ជា​បងប្អូន​លះបង់ បងប្អូន​នឹង​មាន​អារម្មណ៍​អំណរ នៅពេល​បងប្អូន​ជួយ​អ្នកដទៃ​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​យាងមក​របស់​ទ្រង់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដល់​ប្អូន​ថា ព្រះវរបិតា​ទ្រង់​មាន​ព្រះជន្ម​រស់ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ នេះ​គឺ​ជា​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​ស្គាល់ ហើយ​ស្រឡាញ់​បងប្អូន ។ ទ្រង់​ដឹកនាំ​បងប្អូន ។ ទ្រង់​បាន​រៀបចំផ្លូវ​សម្រាប់​ប្អូនៗ ។ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕