សន្និសីទទូទៅ
មក ហើយ​ជា​កម្មសិទ្ធិ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


មក ហើយ​ជា​កម្មសិទ្ធិ

យើង​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទូទាំង​ពិភពលោក ឲ្យ​ចូលរួម​ជាមួយ​យើង​ក្នុង​កិច្ចខិតខំ​ដ៏​អស្ចារ្យ​នេះ ។

បងប្អូនប្រុសស្រី​និង​មិត្តភក្តិ​ទាំងឡាយ​ជាទីស្រឡាញ់​របស់​ខ្ញុំ​រាល់​សប្ដាហ៍ សមាជិក​ទាំងអស់​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ទូទាំង​ពិភពលោក ថ្វាយ​បង្គំ​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង ជា​ព្រះ និង​ស្ដេច​នៃ​សកលលោក​នេះ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ពិចារណា​ពី​ព្រះជន្ម និង​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ—​ជា​ព្រលឹង​តែមួយ​គត់​ដែល​គ្មាន​អំពើបាប ដែល​ធ្លាប់​បាន​រស់នៅ ជា​កូនចៀម​នៃ​ព្រះ​ដែល​ឥត​ប្រឡាក់ ។ ញឹកញាប់​តាម​ដែល​យើង​អាច​យើង​ទទួលទាន​សាក្រាម៉ង់​នៅក្នុង​ការចងចាំ​ដល់​ពលិកម្ម​របស់​ទ្រង់ ហើយ​ដឹង​ថា ទ្រង់​ជា​គ្រឹះ​នៃ​ជីវិត​របស់​យើង ។

យើង​ស្រឡាញ់​ទ្រង់ ហើយ​គោរព​ទ្រង់ ។ ដោយសារតែ​ក្ដី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ និង​ដ៏​អស់កល្ប​របស់​ទ្រង់ នោះ​ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ និង​សុគត​សម្រាប់​បងប្អូន និង​ខ្ញុំ ។ ទ្រង់​បាន​បំបាក់​ទ្វារ​នៃ​សេចក្ដី​ស្លាប់​ឲ្យ​របើក​ឡើង បំបែក​រនាំង​ដែល​ញែក​មិត្ត និង​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​បាន​នាំ​ក្ដី​សង្ឃឹម​ដល់​អ្នកអស់​សង្ឃឹម ព្យាបាល​អ្នកឈឺ និង​ដោះលែង​អ្នកជាប់​ក្នុង​សេវកភាព ។

យើង​ថ្វាយ​ដួងចិត្ត​យើង ជីវិត​យើង និង​ភក្ដីភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ទៅ​ទ្រង់ ។ ដោយ​មូលហេតុ​នេះ​ហើយ « យើង​និយាយ​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ យើង​ផ្សាយ​អំពី​ព្រះគ្រីស្ទ [ ហើយ ] យើង​ព្យាករ​អំពី​ព្រះគ្រីស្ទ … ដើម្បី​ឲ្យ​កូនចៅ​យើង​អាច​ដឹង​ថា តើ​ត្រូវ​ស្វែងរក​ប្រភព​ណា​មួយ ដើម្បី​ឲ្យ​បាន​ផ្ដាច់បាប​របស់​ពួកគេ » ។

ការអនុវត្ត​ភាព​ជា​សិស្ស

ប៉ុន្ដែ ការធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​លើស​ពី​ការនិយាយ និង​ការផ្សាយ​អំពី​ព្រះគ្រីស្ទ ។ ព្រះអង្គ​សង្គ្រោះ​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​ដោយ​ព្រះអង្គ​ផ្ទាល់ ដើម្បី​ជួយ​យើង​នៅលើ​ផ្លូវ​ដើម្បី​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​អនុវត្ត​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ភាពជា​សិស្ស ។ តាមរយៈ​ការចូលរួម​របស់​យើង​ក្នុង​សាសនាចក្រ យើង​រៀន​ស្គាល់ និង​ធ្វើ​សកម្មភាព​តាម​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​បង្កើត​ទម្លាប់​ក្នុង​ការឈោង​ជួយ​ដោយ​ចិត្ត​មេត្តា​ករុណា និង​សន្ដាន​ចិត្ត​ល្អ​ចំពោះ​មនុស្ស​ដទៃ ។

នេះ​ជា​កិច្ចខិតខំ​ពេញ​មួយ​ជីវិត ហើយ​វា​តម្រូវ​ឲ្យ​មាន​ការអនុវត្ត ។

អត្តពលករ​ដ៏​ជោគជ័យ​ចំណាយ​ពេល​រាប់​មិន​អស់​ដើម្បី​ហ្វឹកហាត់​មូលដ្ឋាន​គ្រឹះ​នៃ​កីឡា​របស់​ពួកគេ ។ គិលានុដ្ឋាយិកា អ្នកធ្វើការ​តាម​បណ្ដាញ វិស្វករ​នុយក្លេអ៊ែរ ហើយ​សូម្បីតែ​ខ្ញុំ​ជា​ចុងភៅ​ម្ដងម្កាល​ដ៏​ប្រកួត​ប្រជែង​ក្នុង​ផ្ទះបាយ​របស់​ហារីត អាច​មាន​សមត្ថភាព និង​ជំនាញ​បាន​តែ​ពេល​យើង​ហ្វឹកហាត់​ជំនាញ​របស់​យើង​ដោយ​ឧស្សាហ៍​ព្យាយាម​ប៉ុណ្ណោះ ។

កាល​ខ្ញុំ​ជា​មេដឹកនាំ​អាកាសចរណ៍ ជារឿយៗ​ខ្ញុំ​បង្វឹក​អ្នកបើក​យន្ដហោះ​ដោយ​ប្រើ​ម៉ាស៊ីន​ត្រាប់​ការហោះហើរ—​ជា​មាស៊ីន​ដ៏​ស្មុគស្មាញ ដែល​ដូចគ្នា​នឹង​បទពិសោធន៍​ហោះហើរ​មែនទែន ។ ម៉ាស៊ីន​ត្រាប់​នោះ​មិន​ត្រឹមតែ​ជួយ​អ្នកបើក​យន្ដហោះ​ឲ្យ​រៀន​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការហោះ​ហើរ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​អនុញ្ញាត​ឲ្យ​ពួកគេ​ដក​ពិសោធន៍ ហើយ​មាន​ប្រតិកម្ម​នឹង​ព្រឹត្តិការណ៍​ដែល​មិន​បាន​រំពឹង​ទុក ដែល​ពួកគេ​អាច​ជួប​ប្រទះ ពេល​ពួកគេ​បញ្ជា​យន្ដហោះ​មែនទែន ។

គោលការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការចូលរួម​យ៉ាង​សកម្ម​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ឱកាស​ដ៏​អស្ចារ្យ​ជាច្រើន នឹង​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​បាន​ប្រសើរ​សម្រាប់​ស្ថានភាព​ផ្លាស់ប្ដូរ​ក្នុង​ជីវិត មិន​ថា​វា​ធ្ងន់ធ្ងរ​ប៉ុណ្ណានោះ​ទេ ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ យើង​ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​ពន្លិច​ខ្លួន​យើង​ក្នុង​ព្រះបន្ទូល​នៃ​ព្រះ​តាមរយៈ​ព្យាការី​ពី​បុរាណ និង​សម័យ​ទំនើប​របស់​ទ្រង់ ។ តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះសរ និង​រាបសា​ទៅកាន់​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​រៀន​ស្គាល់​សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ទទួល​យក​ការហៅ​ឲ្យ​បម្រើ បង្រៀន ដាក់​ផែនការ ផ្ដល់​ការងារ​បម្រើ និង​ថែទាំ ។ ឱកាស​ទាំងនេះ​អនុញ្ញាត​ឲ្យ​យើង​ធំធាត់​ខាង​វិញ្ញាណ ចិត្ត​គំនិត និង​អត្តចរិត ។

វា​នឹង​ជួយ​យើង​ឲ្យ​រៀបចំ​ខ្លួន​ដើម្បី​ចុះ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដែល​នឹង​ផ្ដល់​ពរជ័យ​ដល់​យើង​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ពីនេះ ។

សូម​មក​ចូលរួម​ជា​មួយ​យើង !

យើង​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទូទាំង​ពិភពលោក ឲ្យ​ចូលរួម​ជាមួយ​យើង​ក្នុង​កិច្ចខិតខំ​ដ៏​អស្ចារ្យ​នេះ ។ ចូរ​មក ហើយ​មើល ! ទោះ​ជា​ក្នុង​ពេល​ដ៏​ជ្រួល​ច្របល់​នៃ​វីរ៉ុស​កូរ៉ូណា​នេះ​ក្ដី សូម​ជួប​ជាមួយ​យើង​តាម​អ៊ិនធើរណិត ។ សូម​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​របស់​យើង​តាម​អ៊ិនធើរណិត ។ សូម​ស្វែងរក​អ្វី​ទាំងអស់​ដោយ​ខ្លួន​បងប្អូន​អំពី​សាសនាចក្រ​នេះ ! ពេល​គ្រា​ដ៏​ពិបាក​នេះ​កន្លង​ផុត​ទៅ សូម​ជួប​ជាមួយ​យើង​ក្នុង​ផ្ទះ​របស់​យើង និង​នៅ​កន្លែង​ថ្វាយ​បង្គំ​របស់​យើង !

យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក ហើយ​ជួយ ! សូម​មក ហើយ​បម្រើ​ជាមួយ​យើង ដោយ​ផ្ដល់​ការងារ​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ធ្វើតាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ធ្វើឲ្យ​ពិភពលោក​នេះ​ក្លាយជា​កន្លែង​ដ៏​ប្រសើរ​មួយ ។

ចូរ​មក ហើយ​ជា​កម្មសិទ្ធិ ! បងប្អូន​នឹង​ធ្វើឲ្យ​យើង​កាន់តែ​រឹងមាំ ។ ហើយ​បងប្អូន​នឹង​កាន់តែ​ប្រសើរ សប្បុរស​ជាងមុន ហើយ​រីករាយ​ជាងមុន​ផងដែរ ។ សេចក្ដី​ជំនឿ​របស់​បងប្អូន​នឹង​បាន​ជ្រាលជ្រៅ ហើយ​កាន់តែ​អត់ធន់—​មាន​សមត្ថភាព​អាច​ប្រឈម​នឹង​ភាពច្របូក​ច្របល់ និង​ការសាកល្បង​ដែល​មិន​បាន​រំពឹង​ទុក​ក្នុង​ជីវិត ។

ហើយ​តើ​យើង​ចាប់ផ្ដើម​ដោយ​របៀប​ណា ? មាន​របៀប​អាច​ធ្វើ​បាន​ជាច្រើន ។

យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ ប្រសិនបើ​បងប្អូន​គ្មាន​គម្ពីរ​បោះពុម្ព​ទេ បងប្អូន​អាច​អាន​វា​នៅលើ​គេហទំព័រ ChurchofJesusChrist.org ឬ​ទាញយក​កម្មវិធី​ព្រះគម្ពីរ​មរមន​បាន ។ ព្រះគម្ពីរ​មរមន​គឺជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ជា​ដៃគូ​នឹង​ព្រះគម្ពីរ​សញ្ញា​ចាស់ និង​សញ្ញា​ថ្មី ។ យើង​ស្រឡាញ់​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ​ទាំងអស់​នេះ ហើយ​រៀន​ពី​វា ។

យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ចំណាយ​ពេល​ខ្លះ​លើ​គេហទំព័រ ComeuntoChrist.org ដើម្បី​រកមើល​អ្វី​ដែល​សមាជិក​សាសនាចក្រ​បង្រៀន និង​ជឿ ។

សូម​អញ្ជើញ​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​ជួប​បងប្អូន​តាម​អ៊ិនធើរណិត ឬ​នៅ​កន្លែង​ឯកជន​ក្នុង​ផ្ទះ​បងប្អូន ដែល​អាច​ជួប​បាន—​ពួកគេ​មាន​សារលិខិត​មួយ​អំពី​សេចក្ដី​សង្ឃឹម និង​ការព្យាបាល ។ អ្នកផ្សព្វផ្សាយ​សាសនា​ទាំងនេះ​គឺជា​កូនប្រុស និង​កូនស្រី​ដ៏​មាន​តម្លៃ​របស់​យើង ដែល​បម្រើ​នៅ​កន្លែង​ជាច្រើន​ជុំវិញ​ពិភពលោក ដោយ​ចំណាយ​ពេលវេលា និង​ប្រាក់​របស់​គេ​ផ្ទាល់ ។

នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បងប្អូន​នឹង​ឃើញ​មាន​ក្រុម​មនុស្ស ដែល​មិន​សូវ​ខុសគ្នា​ពី​បងប្អូន ។ បងប្អូន​នឹង​ឃើញ​មនុស្ស​ដែល​ត្រូវការ​ជំនួយ​របស់​បងប្អូន ហើយ​ដែល​ចង់​ជួយ​បងប្អូន កាល​បងប្អូន​ខិតខំ​ក្លាយជា​បុគ្គល​ដ៏​ល្អ​បំផុត​នៃ​ខ្លួនឯង​—​បុគ្គល​ដែល​ព្រះ​បាន​បង្កើត​បងប្អូន​ឲ្យ​ក្លាយ​ទៅជា ។

សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​មនុស្ស​គ្រប់​រូប

បងប្អូន​អាច​គិត​ថា « ខ្ញុំ​បាន​ធ្វើ​ខុស​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​មិន​ប្រាកដ​ថា ខ្ញុំ​អាច​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ។ ព្រះ​មិន​អាច​ចាប់​អារម្មណ៍​នឹង​នរណាម្នាក់​ដូចជា​រូបខ្ញុំ​ទេ » ។

ទោះបី​ទ្រង់​គឺជា « ស្តេច​លើ​អស់​ទាំង​ស្តេច » ព្រះមែស៊ី « ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ » ក្ដី ក៏​ព្រះយេស៊ូវ​ដ៏​ជា​ព្រះគ្រីស្ទ​ពិតជា​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ម្នាក់ៗ ។ ទ្រង់​បារម្ភ មិន​ថា​បុគ្គល​នោះ​មាន​តំណែង​អ្វី​ទេ—​មិន​ថា​នរណាម្នាក់​ក្រ ឬ​មាន មិន​ឥតខ្ចោះ ឬ​រឹងមាំ​នោះ​ទេ ។ អំឡុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បាន​បម្រើ​ដល់​មនុស្ស​ទាំងអស់ ៖ ដល់​មនុស្ស​ដែល​រីករាយ និង​ជោគជ័យ ដល់​អ្នកខូចខិត្ត និង​វង្វេង ព្រមទាំង​ដល់​អ្នក​ដែល​គ្មាន​ក្ដី​សង្ឃឹម​ផង ។ ជាញឹកញាប់ មនុស្ស​ដែល​ទ្រង់​បាន​បម្រើ និង​ថែទាំ​មិនមែន​ជា​បុគ្គល​ល្បីល្បាញ ស្រស់ស្អាត ឬ​មាន​ទ្រព្យសម្បត្តិ​នោះ​ទេ ។ ជារឿយៗ មនុស្ស​ដែល​ទ្រង់​បាន​លើក​ស្ទួយ​មិន​សូវ​មាន​អ្វី​តបស្នង​វិញ​ទេ ក្រៅពី​ការដឹង​គុណ ដួងចិត្ត​រាបទាប និង​បំណង​ប្រាថ្នា​ចង់​មាន​សេចក្ដី​ជំនឿ ។

ប្រសិនបើ​ព្រះយេស៊ូវ​បាន​ចំណាយ​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​បម្រើ​ដល់ « អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ » តើ​ទ្រង់​មិន​ស្រឡាញ់​ពួកគេ​នា​ថ្ងៃនេះ​ទេ​ឬ​អី ? តើ​មិន​មាន​កន្លែង​មួយ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​សម្រាប់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ទេ​ឬ ? សម្រាប់​អ្នក​ដែល​មាន​អារម្មណ៍​មិន​ស័ក្ដិសម ត្រូវ​គេ​បំភ្លេច ឬ​ឯកោ​ទេ​ឬ ?

គ្មាន​កម្រិត​ជាក់លាក់​នៃ​ភាពឥតខ្ចោះ ដែល​បងប្អូន​ត្រូវតែ​មាន​ដើម្បី​ស័ក្ដិសម​នឹង​ព្រះគុណ​របស់​ព្រះ​ឡើយ ។ ការអធិស្ឋាន​របស់​បងប្អូន​មិន​ចាំបាច់​ឮ​ខ្លាំង ឬ​មាន​វោហាសព្ទ​ល្អ ឬ​ត្រឹមត្រូវ​តាម​វេយ្យាករណ៍​ដើម្បី​ទៅដល់​ស្ថានសួគ៌​នោះ​ទេ ។

តាម​ពិត​ទៅ ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ​—​រឿង​ដែល​ពិភពលោក​នេះ​ឲ្យ​តម្លៃ​គ្មាន​ន័យ​អ្វី​សោះ​ឡើយ​ចំពោះ​ទ្រង់ ។ ទ្រង់​ជ្រាប​ពី​ដួងចិត្ត​របស់​បងប្អូន ហើយ​ទ្រង់​ស្រឡាញ់​បងប្អូន ដោយ​មិន​គិត​ពី​ងារ​របស់​បងប្អូន ទ្រព្យសម្បត្តិ​សរុប ឬ​ចំនួន​អ្នកមើល​តាម Instagram ឡើយ ។

កាល​យើង​ចុះចូល​ដួងចិត្ត​យើង​តាម​ព្រះវរបិតា​សួគ៌​របស់​យើង ហើយ​ខិត​កាន់តែ​ជិត​ទ្រង់ នោះ​យើង​នឹង​មាន​អារម្មណ៍​ថា ទ្រង់​ខិត​មក​ជិត​យើង ។

យើង​ទាំង​អស់​គ្នា​គឺជា​បុត្រា​បុត្រី​សំណព្វ​របស់​ទ្រង់ ។

សូម្បី​តែ​អ្នក​ដែល​បដិសេធ​ទ្រង់​ក្តី ។

សូម្បី​តែ​អ្នក​ដែល​ដូចជា​ក្មេង​ដ៏​រឹងរូស ប្រដៅ​មិន​បាន ដែល​ខឹង​នឹង​ព្រះ និង​សាសនាចក្រ​របស់​ទ្រង់ រៀប​កាបូប​គេ ហើយ​បើក​ទ្វារ​ចេញ​ទៅ ទាំង​ប្រកាស​ថា ពួកគេ​រត់គេច​ទៅ​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ ហើយ​លែង​ត្រឡប់​មក​វិញ​ទៀត ។

ពេល​ក្មេង​ម្នាក់​រត់​ចេញពី​ផ្ទះ ប្រហែល​គាត់​មិន​បាន​ចាប់​អារម្មណ៍​នឹង​ឪពុក​ម្ដាយ​ដែល​ខ្វាយខ្វល់ ចាំ​មើល​កូន​តាម​បង្អួច​នោះ​ទេ ។ ដោយ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​សណ្ដោស ពួកគាត់​មើល​កូនប្រុស ឬ​កូនស្រី​គាត់​ចេញ​ទៅ​—​ដោយ​សង្ឃឹម​ថា កូន​ជាទី​ស្រឡាញ់​របស់​ពួកគាត់​នឹង​រៀន​អ្វីមួយ​ចេញពី​បទពិសោធន៍​ដ៏​ខូចចិត្ត​នេះ ហើយ​ប្រហែល​ជា​ទទួល​បាន​ចក្ខុវិស័យ​ថ្មី​អំពី​ជីវិត—​ហើយ​ទីបំផុត​ត្រឡប់​មក​ផ្ទះ​វិញ ។

ស្ថានភាព​នេះ​ស្រដៀង​នឹង​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​ដែរ ។ ទ្រង់​កំពុង​រង់ចាំ​យើង​ឲ្យ​ត្រឡប់​ទៅវិញ ។

ព្រះអង្គ​សង្គ្រោះ​របស់​បងប្អូន​ទន្ទឹង​រង់ចាំ​ការត្រឡប់​ទៅវិញ​របស់​បងប្អូន ដោយ​ទឹកភ្នែក​នៃ​សេចក្ដី​ស្រឡាញ់ និង​មេត្តា​ក្នុង​ព្រះនេត្រ​របស់​ទ្រង់ ។ ទោះជា​ពេល​បងប្អូន​មាន​អារម្មណ៍​ថា​ដាច់​ឆ្ងាយ​ពី​ព្រះ​ក្ដី ក៏​ទ្រង់​ទតឃើញ​បងប្អូន​ដែរ ទ្រង់​នឹង​មាន​មេត្តា​ករុណា​ដល់​បងប្អូន ហើយ​រត់​ទៅ​ឱប​ក្រសោប​បងប្អូន ។១០

ចូរ​មក ហើយ​ជា​កម្មសិទ្ធិ ។

ព្រះ​អនុញ្ញាត​ឲ្យ​យើង​រៀន​ពី​កំហុស​របស់​យើង

យើង​គឺជា​អ្នកធម្មយាត្រា​ដើរ​លើ​ផ្លូវ​ជីវិត​រមែង​ស្លាប់ ដើម្បី​ស្វែងរក​សេចក្ដីពិត​ដ៏​មាន​អត្ថន័យ និង​ខ្ពង់ខ្ពស់​បំផុត ។ ជារឿយៗ អ្វី​ដែល​យើង​ឃើញ​គឺជា​ផ្លូវ​ត្រង់​នៅ​មុខ​ចំ—​យើង​មិន​អាច​ឃើញ​ថា របត់​នៅលើ​ផ្លូវ​នោះ​នាំ​យើង​ទៅណា​នោះ​ទេ ។ ព្រះវរបិតា​សួគ៌​ជាទី​ស្រឡាញ់​របស់​យើង​មិន​បាន​ផ្ដល់​ចម្លើយ​គ្រប់​យ៉ាង​ឲ្យ​យើង​នោះ​ទេ ។ ទ្រង់​រំពឹង​ចង់​ឲ្យ​យើង​ស្វែងយល់​រឿង​ជាច្រើន​ដោយ​ខ្លួន​ឯង ។ ទ្រង់​រំពឹង​ឲ្យ​យើង​ជឿ​—​ទោះជា​ពេល​វា​ពិបាក​នឹង​ជឿ​ក្ដី ។

ទ្រង់​រំពឹង​ចង់​ឲ្យ​យើង​ធ្វើ​សកម្មភាព​ដោយ​ទំនុកចិត្ត​ជាថ្មី ហើយ​បង្កើត​ជា​ដំណោះស្រាយ​តូច​មួយ—​មាន​ឆន្ទៈ​រឹងមាំ​បន្ដិច—​ហើយ​បោះ​ជំហាន​មួយ​ទៀត​ទៅមុខ ។

នោះ​គឺជា​របៀប​ដែល​យើង​រៀន ហើយ​រីកចម្រើន ។

តើ​បងប្អូន​ពិតជា​ចង់​មាន​អ្វី​គ្រប់យ៉ាង​ពន្យល់​ក្នុង​គ្រប់​សេចក្ដី​លម្អិត​ឬ ? តើ​បងប្អូន​ពិតជា​ចង់​បាន​ចម្លើយ​ចំពោះ​សំណួរ​ទាំងអស់​ឬ ? គ្រប់​គោលដៅ​បាន​គូស​បង្ហាញ​ផ្លូវ​មែន​ឬ ?

ខ្ញុំ​ជឿ​ថា ពួកយើង​ភាគច្រើន​នឹង​ហត់នឿយ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការគ្រប់គ្រង​មីក្រូ​ស្ថានសួគ៌​បែប​នេះ ។ យើង​រៀន​មេរៀន​ដ៏​សំខាន់​នៃ​ជីវិត​តាមរយៈ​បទពិសោធន៍ ។ តាមរយៈ​ការរៀនសូត្រ​ពី​កំហុស​របស់​យើង ។ តាមរយៈ​ការប្រែចិត្ត និង​ការដឹង​ដោយ​ខ្លួន​យើង​ថា « អំពើទុច្ចរិត​មិន​ដែល​ជា​សុភមង្គល » ឡើយ ។១១

ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រា​នៃ​ព្រះ បាន​សុគត​ដើម្បី​ឲ្យ​កំហុស​យើង​មិន​អាច​ដាក់ទោស​យើង​បាន ហើយ​បង្អាក់​ការរីកចម្រើន​របស់​យើង​ជារៀង​រហូត ។ ដោយសារតែ​ទ្រង់ យើង​អាច​ប្រែចិត្ត​បាន ហើយ​កំហុស​របស់​យើង​អាច​ក្លាយជា​ចំណុច​ជួយ​ឲ្យ​យើង​ទៅរក​សិរីល្អ​ដ៏​អស្ចារ្យ​ជាង​នេះ ។

បងប្អូន​មិន​ចាំបាច់​ដើរ​លើ​ផ្លូវ​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ ។ ព្រះវរបិតាសួគ៌​របស់​យើង​មិន​ទុក​ឲ្យ​យើង​ដើរ​វង្វេង​ក្នុង​ភាពងងឹត​ឡើយ ។

នេះ​គឺជា​មូលហេតុ​ដែល​នៅ​រដូវ​ផ្ការី​ឆ្នាំ ១៨២០ ទ្រង់​បាន​បង្ហាញ​ព្រះកាយ​ជាមួយ​នឹង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដល់​យុវជន យ៉ូសែប ស្ម៊ីធ ។

សូម​គិត​ពី​រឿង​នោះ​បន្តិច ! ព្រះ​នៃ​សកលលោក​បាន​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស !

នេះ​គឺជា​ការជួប​លើក​ទី​មួយ​នៃ​ការជួប​ជាច្រើន ដែល​យ៉ូសែប​បាន​មាន​ជាមួយ​ព្រះ និង​អង្គ​ពី​ស្ថានសួគ៌​ផ្សេងទៀត ។ បន្ទូល​ជាច្រើន​ដែល​អង្គ​ដ៏​ទេវភាព​ទាំងនេះ​បាន​ថ្លែង​ទៅកាន់​លោក ត្រូវបាន​កត់ត្រា​ក្នុង​ព្រះគម្ពីរ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ គម្ពីរ​ទាំងនោះ​ងាយ​នឹង​រកឃើញ ។ នរណា​ក៏​អាច​អាន​វា ហើយ​រៀន​ដោយ​ខ្លួន​គេ​អំពី​សារលិខិត ដែល​ព្រះ​មាន​សម្រាប់​យើង​នៅ​ជំនាន់​របស់​យើង​ដែរ ។

យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​គម្ពីរ​នេះ​ដោយ​ខ្លួន​ឯង ។

យ៉ូសែប ស៊្មីធ​នៅ​ក្មេង​នៅឡើយ ពេល​លោក​បាន​ទទួល​វិវរណៈ​ទាំងនេះ ។ វិវរណៈ​ភាគច្រើន​កើត​មាន មុនពេល​លោក​អាយុ ៣០ ឆ្នាំ ។១២ លោក​បាន​ខ្វះ​បទពិសោធន៍ ហើយ​ចំពោះ​មនុស្ស​មួយ​ចំនួន លោក​ប្រហែល​ជា​មនុស្ស​ដែល​ហាក់​មិន​ស័ក្ដិសម​ធ្វើជា​ព្យាការី​របស់​ព្រះអម្ចាស់​ឡើយ ។

ហើយ​ទោះជា​យ៉ាងណា​ព្រះអម្ចាស់​បាន​ហៅ​លោក—ឲ្យ​ធ្វើតាម​គន្លង​មួយ ដែល​យើង​ឃើញ​មាន​ពេញ​ទាំង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ។

ព្រះ​មិន​បាន​រង់ចាំ​ដើម្បី​រក​បុគ្គល​ដ៏​ឥតខ្ចោះ​ម្នាក់​ឲ្យ​ស្ដារ​ដំណឹងល្អ​របស់​ទ្រង់​ឡើង​វិញ​នោះ​ទេ ។

ប្រសិន​បើ​ទ្រង់​ចាំ​វិញ ទ្រង់​នឹង​នៅ​តែ​រង់ចាំ​នៅ​ឡើយ​ទេ ។

យ៉ូសែប​គឺ​ដូចជា​បងប្អូន និង​ខ្ញុំ​យ៉ាង​ខ្លាំង ។ ទោះជា​លោក​បាន​ធ្វើ​ខុស​ក្ដី ក៏​ព្រះ​បាន​ប្រើ​លោក​ឲ្យ​សម្រេច​គោលបំណង​ដ៏​អស្ចារ្យ​របស់​ទ្រង់​ដែរ ។

ប្រធាន ថូម៉ាស អេស ម៉នសុន​បាន​រំឭក​ពាក្យ​ទូន្មាន​ទាំងនេះ​ជាញឹកញាប់​ថា « អ្នក​ដែល​ព្រះអម្ចាស់​បាន​ហៅ ព្រះអម្ចាស់​នឹង​ធ្វើ​ឲ្យ​គេ​សម​នឹង​កិច្ចការ​នោះ » ។១៣

សាវក​ប៉ុល​បាន​ផ្ដល់​មូលហេតុ​ដល់​ពួកបរិសុទ្ធ​នៅ​កូរិនថូស​ថា ៖ « ឱ​បង​ប្អូន​អើយ អ្នក​រាល់​គ្នា​ឃើញ​ថា ក្នុង​ពួក​អ្នក​ដែល​ទ្រង់​បាន​ហៅ មិនសូវ​មាន​អ្នក​ប្រាជ្ញ​ច្រើន​ខាង​ឯ​សាច់​ឈាម ឬ​ច្រើន​នាក់​មាន​អំណាច និង​ច្រើន​នាក់​ដែល​មាន​ត្រកូល​ខ្ពស់​នោះ​ទេ » ។១៤

ព្រះ​ប្រើ​ពួកកម្សោយ និង​ពួករាបទាប​ដើម្បី​សម្រេច​គោលបំណង​របស់​ទ្រង់ ។ សេចក្ដីពិត​នេះ​ឈរ​ជា​ទីបន្ទាល់​មួយ​ថា វា​គឺជា​ព្រះចេស្ដា​របស់​ព្រះ មិន​មែន​អំណាច​របស់​មនុស្ស​ទេ ដែល​សម្រេច​បាន​កិច្ចការ​របស់​ទ្រង់​លើ​ផែនដី​នេះ ។១៥

ចូរ​ស្ដាប់​តាម​ទ្រង់ ធ្វើតាម​ទ្រង់​ចុះ

ពេល​ព្រះ​បាន​បង្ហាញ​ព្រះកាយ​ដល់​យ៉ូសែប ស្ម៊ីធ ទ្រង់​បាន​ណែនាំ​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មាន​បន្ទូល​ថា « ចូរ​ស្ដាប់​តាម​ទ្រង់​ចុះ » ។១៦

យ៉ូសែប​បាន​ចំណាយ​ពេល​ពេញ​មួយ​ជីវិត​របស់​លោក​ស្ដាប់​តាម​ទ្រង់ និង​ធ្វើតាម​ទ្រង់ ។

ដូច​អ្វី​កើតឡើង​ចំពោះ​យ៉ូសែប​ដែរ ភាពជា​សិស្ស​របស់​យើង​ចាប់ផ្ដើម​ដោយ​ការសម្រេច​ចិត្ត​របស់​យើង​ដើម្បី​ស្ដាប់ និង​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។

ប្រសិនបើ​បងប្អូន​ចង់​ធ្វើ​តាម​ទ្រង់ សូម​ប្រមូល​សេចក្ដី​ជំនឿ​បងប្អូន ហើយ​លើក​ដាក់​មក​លើ​បងប្អូន​នូវ​ឈើឆ្កាង​របស់​ទ្រង់ ។

បងប្អូន​នឹង​ឃើញ​ថា បងប្អូន​ពិត ជា​កម្មសិទ្ធិ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​មែន—​ជា​កន្លែង​មួយ​នៃ​ការស្វាគមន៍​ដ៏​កក់ក្ដៅ ដែល​បងប្អូន​អាច​ចូលរួម​ទទួល​បាន​ភាពជា​សិស្ស និង​សុភមង្គល ។

ខ្ញុំ​សង្ឃឹម​ថា ក្នុង​ពេល​ពីរ​សតវត្សរ៍​នៃ​ការនិមិត្ត​ដំបូង​នេះ កាល​យើង​គិត និង​រៀន​ពី​ការស្ដារ​ឡើង​វិញ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​ដឹង​ថា វា​មិនមែន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​មួយ​នោះ​ទេ ។ បងប្អូន និង​ខ្ញុំ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ដំណើររឿង​ដ៏​អស្ចារ្យ​ដែល​កំពុង​បន្ដ​នេះ ។

ចុះ តើ​អ្វី​ជា​ផ្នែក​របស់​បងប្អូន និង​របស់​ខ្ញុំ ?

វា​គឺជា​ការរៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ការសិក្សា​ព្រះបន្ទូល​ទ្រង់ ។ ការស្ដាប់​តាម​ទ្រង់ និង​ការធ្វើ​តាម​ទ្រង់ ដោយ​ការចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នេះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​មក ហើយ​ជា​កម្មសិទ្ធិ !

បងប្អូន​ពុំ​ចាំបាច់​ល្អ​ឥតខ្ចោះ​នោះទេ ។ បងប្អូន​គ្រាន់តែ​ត្រូវ​មាន​បំណង​ប្រាថ្នា​មួយ​ដើម្បី​អភិវឌ្ឍ​សេចក្ដី​ជំនឿ​របស់​បងប្អូន ហើយ​ខិត​កាន់តែ​ជិត​ទៅ​ទ្រង់​រាល់ថ្ងៃ ។

ផ្នែក​របស់​យើង​គឺ ការស្រឡាញ់ និង​បម្រើ​ដល់​ព្រះ ហើយ​ស្រឡាញ់ និង​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។

កាល​បងប្អូន​ធ្វើ​ដូច្នោះ នោះ​ព្រះ​នឹង​ឡោមព័ទ្ធ​បងប្អូន​ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​សេចក្ដី​អំណរ និង​ការណែនាំ​ជាក់លាក់​របស់​ទ្រង់​ក្នុង​ជីវិត​នេះ ទោះជា​ក្រោម​កាលៈទេសៈ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង និង​ហួស​ពី​នេះ​ក្ដី ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពី​ការណ៍​នេះ ហើយ​ទុក​ពរជ័យ​ខ្ញុំ​នឹង​បងប្អូន​ដោយ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ និង​ក្ដី​ស្រឡាញ់​ចំពោះ​បងប្អូន​ម្នាក់ៗ នៅ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ ជា​ចៅហ្វាយ​របស់​យើង—នៅក្នុង​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕