សន្និសីទទូទៅ
ការអធិស្ឋាន​នៃ​សេចក្តីជំនឿ​
កំណត់ចំណាំ​នៅ​បាត
បាវចនា

ការអធិស្ឋាន​នៃ​សេចក្តីជំនឿ​

នៅពេល​យើង​អធិស្ឋាន​ដោយ​ជំនឿ នោះ​យើង​ប្រែ​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នៅ​ពេល​ទ្រង់​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។

ការ​អធិស្ឋាន​របស់​អែលឌើរ ម៉េណេស នៅ​ពេល​ចាប់​ផ្ដើម​សម័យ​ប្រជុំ​ទីមួយ​នៃ​សន្និសីទ​ទូទៅ​នេះ កំពុង​ទទួល​ចម្លើយ​ហើយ ។ ការ​បំផុសគំនិត​កើត​មាន​ចំពោះ​យើង​តាមរយៈ​សារលិខិត​ដ៏អស្ចារ្យ និង​តន្ត្រី​ដ៏​ពិរោះ ។ ការ​សន្យា​របស់​ប្រធាន រ័សុល អិម ណិលសុន ថា សន្និសីទ​នេះ​នឹង​ជា​សន្និសីទ​ដ៏អស្ចារ្យ និង​គួរ​ឲ្យ​ចងចាំ គឺ​កំពុង​ចាប់​ផ្ដើម​បំពេញ​រួច​ទៅ​ហើយ ។

ប្រធាន​ណិលសុន បាន​កំណត់​ឆ្នាំ​នេះ​ជា « ការ​ប្រារព្ធ​ខួប​លើក​ទី ២០០ ឆ្នាំ ចាប់តាំង​ពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ ព្រះ​យេស៊ូវ គ្រីស្ទ បាន​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ​នៅ​ក្នុង​ការ​និមិត្ត​មួយ » ។ ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ធ្វើ​ផែនការ​ផ្ទាល់ខ្លួន​មួយ​ដើម្បី​រៀបចំ ខ្លួន​សម្រាប់​សន្និសីទ​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​លោក​រំឭក​ថា វា​នឹង​ជា « ចំណុច​សំខាន់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​សាសនាចក្រ ហើយ​ការ​ចូលរួម​របស់​បងប្អូន​គឺ​សំខាន់ណាស់ » ។

ប្រហែលជា​បងប្អូន​ស្ដាប់​ឮ​សារ​លិខិត​របស់​លោក រួច​សួរ​ខ្លួន​ឯង ដូចជា​ខ្ញុំ​ថា « តើ​ការ​ចូលរួម​របស់​ខ្ញុំ​សំខាន់​នៅ​ត្រង់ណា ? » ប្រហែលជា​បងប្អូន​អាន និង​អធិស្ឋាន​អំពី​ព្រឹត្តការណ៍​នៃ​ការ​ស្ដារឡើងវិញ ។ ប្រហែលជា បងប្អូន​បាន​អាន​ដំណើររឿង​ទាំងនេះ​ពីរបី​រួច​ហើយ​នៅ​ពេល​ដែល​ព្រះជា​ព្រះវរបិតា​បាន​ណែនាំ​ខ្លួន​ព្រះរាជបុត្រា​សំណព្វ​របស់ទ្រង់ ។ ប្រហែលជា​បងប្អូន​បាន​អាន​អំពី​ឧទាហរណ៍​ជា​ច្រើន នៅពេល​ព្រះអង្គសង្គ្រោះ បាន​មាន​បន្ទូល​ទៅ​កាន់​កូនចៅ​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ធ្វើ​រឿង​ទាំងអស់​នេះ​និង​ធ្វើ​បន្ថែម​ទៀត ។

នៅពេល​ខ្ញុំ​រក​ឃើញ​សេចក្ដីយោង​ទាំងឡាយ​នៅក្នុង​ការ​អាន​របស់​ខ្ញុំ​ចំពោះ​បព្វជិតភាព​នៃ​ព្រះ និង​ការ​បើក​នៃ​គ្រា​កាន់កាប់ត្រួតត្រានានា ។ ខ្ញុំ​មាន​ចិត្ត​រាបសារ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង​ថា ការរៀបចំខ្លួន​របស់​ខ្ញុំ​សម្រាប់​សន្និសីទ​នេះ​គឺ​ជា​ចំណុច​ចម្បង​មួយ​នៅ​ក្នុង​ប្រវត្តិ​ផ្ទាល់ខ្លួន​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ផ្លាស់ប្ដូរ​នៅក្នុង​ចិត្ត​ខ្ញុំ ។ ខ្ញុំ​ទទួល​អារម្មណ៍​ដឹង​គុណ​ជាថ្មី ។ ខ្ញុំ​មានអារម្មណ៍​ពេញ​ដោយអំណរ​ចំពោះ​ទស្សនវិស័យ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅ​ក្នុង​ការ​ប្រារព្ធ​នៃ​ការ​ស្ដារឡើងវិញ​ជា​បន្ដបន្ទាប់​នេះ ។

ខ្ញុំ​នឹក​ស្រមៃ​ថា អ្នក​ដទៃ​កំពុង​ទទួល អារម្មណ៍​កាន់តែ មានអំណរ កាន់តែ​សុទិដ្ឋិនិយម និង​កាន់តែ​ប្ដេជ្ញាចិត្ត​ដើម្បី​បម្រើ​ក្នុង​គ្រប់​សមាសធាតុ​ដែល​ព្រះអម្ចាស់​ត្រូវការ នោះ​គឺ​ដោយសារ​តែ​ការ​រៀបចំ​ខ្លួន​ដោយ​យកចិត្តទុកដាក់ ។

ព្រឹត្តការណ៍​នៃ​ការ​យាង​ចុះ​មក​ពី​ស្ថានសួគ៌ ដែល​យើង​គោរព គឺ​ជាការ​ចាប់​ផ្ដើម​នៃ​គ្រាកាន់កាប់ត្រួតត្រា​ចុងក្រោយ​ដែល​បាន​ព្យាករណ៍ ដែល​ព្រះអម្ចាស់​កំពុង​រៀបចំ​សាសនាចក្រ និង​រាស្ត្រ​របស់ទ្រង់ អស់​អ្នក​ដែល​លើក​ដាក់​ព្រះនាម​ទ្រង់ ដើម្បី​ទទួល​យក​ទ្រង់ ។ ជា​ចំណែក​នៃ​ការ​រៀបចំ​ខ្លួន​របស់​យើង​សម្រាប់​ការយាងមក​របស់​ទ្រង់ ទ្រង់​នឹង​លើក​យើង​ម្នាក់ៗ​ឡើង ដើម្បី​យើង​អាច​លើក​យើង​ទៅ​កាន់​ឱកាស និង​សំណូមពរ​ខាង​វិញ្ញាណ​ដែល​មិន​ទំនង​ជា​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ ។

នៅ​ខែ​កញ្ញា ឆ្នាំ ១៨៤០ ព្យាការី យ៉ូសែប ស្ម៊ីធ និង​ទីប្រឹក្សា​របស់​លោក​នៅ​ក្នុង​គណៈប្រធាន​ទីមួយ បានប្រកាស​ដូចតទៅនេះ ៖ « កិច្ចការ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ទាំងនេះ គឺ​មាន​ទំហំ​ដ៏​ធំមួយ ហើយស្ទើរតែ​មិន​អាច​យល់​បាន​នៅ​ក្នុង​ជីវិត​រមែងស្លាប់នេះ ។ សិរីល្អ គឺ​ពុំអាច​ពិពណ៌នាបាន ហើយ​រុងរឿង​ជា​អនេក​រក​ថ្លែង​ពុំបាន ។ វា​គឺ​ជា​បាវចនា ដែល​បាន​ដាស់​សតិ​របស់​ពួក​ព្យាការី និង​បុរស​សុចរិត​តាំង​ពី​ការ​បង្កបង្កើត​នៃ​លោកិយ​រហូត​ដល់​ជំនាន់​ក្រោយៗ និងគ្រាបច្ចុប្បន្ន​នេះ ហើយ​វា​គឺ​ជា​គ្រាកាន់​កាប់ត្រួតត្រា​នៃ​ពេលពេញកំណត់​យ៉ាងពិត ជា​ពេល​ដែល​រឿង​ទាំងអស់ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ មិន​ថា​នៅ​ស្ថានសួគ៌ ឬ​ផែនដី នឹង​ប្រមូលផ្ដុំ​រួមគ្នា​នៅ​ក្នុង​ទ្រង់ ហើយជា​ពេល​អ្វីៗ​ទាំងអស់​នឹង​បាន​ស្ដារឡើងវិញ ដូច​បាន​ថ្លែង​ដោយ​ពួកព្យាការី​បរិសុទ្ធ​ទាំងអស់ តាំង​ពី​បង្កើត​លោកិយ ដ្បិត​នៅ​ក្នុង​នោះ​នឹង​មាន​នូវ​ការ​បំពេញ​តាម​សេចក្ដីសញ្ញា​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​ពួក​ជីដូនជីតា​យ៉ាង​រុងរឿង ខណៈ​ដែល​ការ​បើក​សម្ដែង​នៃ​អំណាច​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត នឹង​មហិមា រុងរឿង និងឧត្ដុង្គឧត្តម »។

ពួកលោក​បាន​បន្ដ​ថ្លែង​ថា « យើង​ទទួល​អារម្មណ៍​ថា​ទុក​ឲ្យ​ឆ្ពោះទៅមុខ ហើយ​រួបរួម​កម្លាំង​របស់​យើង​ដើម្បី​កសាង​នគរ​ឡើង ហើយ​ស្ថាបនា​បព្វជិតភាព​នៅក្នុងភាព​ពេញលេញ និង​រុងរឿង ។ កិច្ចការ​ដែល​ត្រូវ​សម្រេច​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​រឿង​សំខាន់បំផុត​មួយ ហើយ​នឹង​ត្រូវ​ការ​សកម្មភាព​ទាំង​ថាមពល ជំនាញ ទេពកោសល្យ និង​សមត្ថភាព​របស់ ពួកបរិសុទ្ធ ដើម្បី​អាច​ឆ្ពោះ​ទៅមុខ​ដោយ​សិរីរុងរឿង និង​ឬទ្ធានុភាព​ដូច​ដែល​បាន​ពិពណ៌នា​ដោយ​ព្យាការី [ ដានីយ៉ែល ] [ សូមមើលដានីយ៉ែល ២:៣៤-៣៥, ៤៤-៤៥] ហើយ​នឹង​តម្រូវ​ឲ្យ​ពួកបរិសុទ្ធ​សញ្ជឹងគិត ដើម្បី​សម្រេចកិច្ចការ​ដ៏​ធំ និង​មហស្ចារ្យ​នេះ » ។

មាន​អ្វីៗជាក់​លាក់​ជាច្រើន​ដែល​យើង​នឹង​ធ្វើ ហើយ​នៅពេល​យើង​នឹង​ធ្វើ​វា​នៅ​ក្នុងការ​បើកបង្ហាញ​ពីការស្ដារឡើងវិញ​ដែល​ពុំ​ទាន់​បាន​បើក​សម្ដែង​នោះ ។ ប៉ុន្តែ​គណៈប្រធាន​ទីមួយ ទោះជា​នៅក្នុង​ជំនាន់​មុន​នោះ បាន​ដឹង​អំពី​វិសាលភាព និង​ជម្រៅ​មួយ​ចំនួន​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់ មាន​នៅ​ខាង​មុខ​ពួកយើង​រួច​ទៅ​ហើយ ។ នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​អ្វី​ដែល​យើង​ធ្វើ​ដើម្បី​ដឹង​នូវ​អ្វី​ដែល​នឹង​កើត​ឡើង ៖

តាមរយៈ​ពួកបរិសុទ្ធ​របស់​ទ្រង់ ព្រះអម្ចាស់​នឹង​ផ្ដល់​អំណោយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ « ទៅ​គ្រប់ទាំង​សាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយគ្រប់​ទាំង​ប្រជាជនផង » ។ បច្ចេក​វិទ្យា និង​អព្ភូតហេតុ នឹង​បន្ដ​ដើរតួនាទី​ជាផ្នែក​មួយ— ក៏​ដូចជា​បុគ្គលម្នាក់ៗ​នឹង​ធ្វើ​គឺ « អ្នកនេសាទ​មនុស្ស » ដែល​បម្រើ​ដោយ​អំណាច និង​ចម្រើន​ជំនឿ ។

យើង​ជា​រាស្ត្រ​មួយ នឹង​ប្រែកាន់តែ​រួបរួមគ្នា​នៅ​ក្នុង​កណ្ដាល​ជម្លោះ​កាន់​តែ​ច្រើន​នេះ ។ យើង​នឹង​ប្រមូលផ្ដុំ​កម្លាំង​ខាង​វិញ្ញាណ​មកពី​ក្រុម និង​ក្រុមគ្រួសារ​នានា​ដែល​មាន​ពេញ​ទៅ​ដោយពន្លឺ​នៃ​ដំណឹងល្អ ។

សូម្បី​តែ​ពិភពលោក​ដែល​ពុំ​ជឿ​មួយ​នឹង​ទទួល​ស្គាល់ សាសនាចក្រ នៃ ព្រះ យេស៊ូវគ្រីស្ទ នៃ ពួក បរិសុទ្ធ ថ្ងៃ ចុងក្រោយ និង​បាន​ដឹង​អំពី​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​សាសនាចក្រ ។ ពួកសិស្ស​ស្មោះត្រង់ និង​ក្លាហាន នឹង​លើក​ដាក់​ព្រះនាម​របស់​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​រាល់ថ្ងៃ​របស់ពួកគេ​ដោយ​ពុំភ័យខ្លាច ដោយ​រាបសារ និង​ដោយ​បើក​ចំហរ ។

បន្ទាប់មក តើ​យើង​ម្នាក់ៗ​អាច​ចូលរួម​នៅ​ក្នុង​កិច្ចការ​ដ៏​ធំ និង​រុងរឿង​នេះ​បាន​យ៉ាង​ដូចម្ដេច ? ប្រធាន​ណិលសុន​បានបង្រៀន​យើង​អំពី​របៀប​ដើម្បី​ចម្រើន​នៅ​ក្នុង​អំណាច​ខាង​វិញ្ញាណ ។ នៅពេល​យើង​ទទួល​យក​ការ​ប្រែចិត្ត​ជា​ឱកាស​ដ៏​អំណរ​មួយ ដោយសារ​តែ​ការ​រីកចម្រើន​ជំនឿ​របស់​យើង​ថា ព្រះ​យេស៊ូវ​គឺ​ជាព្រះគ្រីស្ទ នៅពេល​យើង​យល់ និង​ជឿ​ថា ព្រះវរបិតាសួគ៌ ព្រះសណ្ដាប់​គ្រប់​ការ​អធិស្ឋាន​របស់​យើង នៅពេល​យើង​ព្យាយាម​គោរព និង​រស់នៅ​តាម​បទបញ្ញត្តិ​នានា នោះ​យើង​យើង​ចម្រើន​អំណាច ដើម្បី​ទទួល​បាន​វិវរណៈ​ជា​បន្ដ​បន្ទាប់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ក្លាយជា​ដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង ។ អារម្មណ៍​នៃ​ពន្លឺ​ស្ថិត​នៅ​ជាមួយ​យើង ទោះ​ជា​ពិភពលោក​នៅ​ជុំ​វិញ​យើង​កាន់តែ​ងងឹត​ក្ដី ។

យ៉ូសែប ស៊្មីធ គឺ​ជា​ឧទាហរណ៍​មួយ​អំពី​របៀប​ដើម្បី​ចម្រើន​នៅ​ក្នុង​អំណាច​ខាង​វិញ្ញាណ​ដូច្នេះ ។ លោក​បាន​បង្ហាញ យើង​ថា ការ​អធិស្ឋាន​ដោយជំនឿ គឺ​ជា​កូនសោ​ទៅ​កាន់​វិវរណៈ​មកពី​ព្រះ ។ លោក​បាន​អធិស្ឋាន​ដោយ​ជំនឿ ជឿ​ថា​ព្រះជា​ព្រះវរបិតា​នឹហ​ឆ្លើយ​តប​ការអធិស្ឋាន​របស់លោក ។ លោក​បាន​អធិស្ឋាន​ដោយជំនឿ​ជឿថា​មានតែ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ទើប​លោក​អាច​បាន​រួច​ពី​កំហុស ដែល​លោក​មាន​ចំពោះ​អំពើបាប​របស់​ខ្លួន ។ ហើយ​លោក​បាន​អធិស្ឋាន​ដោយ​ជំនឿ ជឿ​ថា​លោក​ចាំបាច់​ត្រូវ​រក​សេចក្ដីពិត​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ទទួល​បាន​ការ​អភ័យទោស​នោះ ។

តាមរយៈ​ការងារ​បម្រើ​ជា​ព្យាការី​របស់​លោក យ៉ូសែប ស៊្មីធ បាន​ប្រើ​ការ​អធិស្ឋាន​ដោយជំនឿ​ដើម្បី​ទទួល​បាន​វិវរណៈ​ជា​បន្ដ​បន្ទាប់ ។ នៅពេល​យើង​ជួប​នឹង​ឧបសគ្គ​បច្ចុប្បន្ន​នេះ និង​ឧបសគ្គ​ដែល​នឹង​មកដល់ នោះ​យើង​នឹង​ចាំបាច់​ត្រូវ​អនុវត្ត​តាម​លំនាំ​ដូចគ្នា​នេះ​ផងដែរ ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពុំ​ដឹង​របៀប​ណា​ទៀត​សម្រាប់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ជាជាង​ឲ្យ​ពួកគេ​អធិស្ឋាន​គ្រប់​ដង្ហើម​ចេញចូល​ទៅ​ព្រះ​សូម​ការ​ដឹកនាំ និង​ការណែនាំ​ដល់​រាស្ត្រ​របស់​ទ្រង់​នោះទេ » ។

ពាក្យ​ទាំងនេះ​ចេញ​មកពី​ការ​អធិស្ឋាន​សាក្រាម៉ង់ ដែល​ពិពណ៌នា​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ៖ « តែងតែ​ចងចាំ​ទ្រង់​ជានិច្ច » ។ ពាក្យ​« ទ្រង់ » គឺ សំដៅ ទៅលើ ព្រះ​យេស៊ូវ គ្រីស្ទ ។ ពាក្យ​បន្ទាប់ « ហើយ​រក្សាបទបញ្ញត្តិ​របស់​ទ្រង់ » ផ្ដល់​យោបល់​អំពី​អត្ថន័យ​ដល់​យើង​ដើម្បី​ចងចាំ​ទ្រង់ ។ នៅពេល​យើង​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជា​និច្ច នោះ​យើង​អាច​សួរ​ដោយ​ស្ងាត់ៗ​នៅ​ក្នុង​ការ​អធិស្ឋាន​ថា « តើ​ទ្រង់​នឹង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វីខ្លះ ? »

ការអធិស្ឋាន​ដូច្នេះ បាន​ធ្វើឡើង​ដោយ​មាន​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​នៅ​ក្នុង​គ្រាកាន់កាប់​ចុង​ក្រោយនេះ ។ ហើយ​វា​នឹង​ជា​ផ្នែក​សំខាន់​នៃ​យើង​ម្នាក់ៗ​ដើរ​តួ​នៅ​ក្នុង​ការ​បើក​សម្ដែង​ជា​បន្ដ​បន្ទាប់ ។ ខ្ញុំ​បាន​រកឃើញ ដូច​ជា​បងប្អូន ឃើញ​មាន​គំរូ​ដ៏​អស្ចារ្យ​អំពី​ការ​អធិស្ឋាន​ដូច្នេះ ។

ទីមួយ​គឺ យ៉ូសែប ស៊្មីធ ។ លោក​បាន​សួរ​ដោយ​ជំនឿ​ដូចជា​កូនក្មេងនូវ​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​លោក​ធ្វើ ។ ចម្លើយ​របស់​លោក​បាន​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក ។

ចំពោះ​ខ្ញុំ មេរៀន​សំខាន់​បំផុត​មួយ​កើត​ចេញ​មកពី​ចម្លើយ​របស់​យ៉ូសែប​ចំពោះ​ការ​វាយ​លុក​របស់​សាតាំង​គឺ នៅពេល​យ៉ូសែប លុតជង្គង់​អធិស្ឋាន ។

ខ្ញុំ​ដឹង​មកពី​បទពិសោធន៍​ថា សាតាំង និង​ពួកបាវ​បម្រើ​របស់​វា​ព្យាយាម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​មិន​ត្រូវ​អធិស្ឋាន ។ នៅពេល​យ៉ូសែប​បាន​ខិតខំ​អស់​ពី​អំណាច​របស់​លោក​ដើម្បី​អំពាវនាវ​ទៅ​ព្រះ​ដើម្បី​រំដោះ​លោក​ពី​អំណាច​ដែល​បាន​ព្យាយាម​ចង​លោក នោះ​ការ​អធិស្ឋាន​របស់​លោក​សុំ​ការ​រំដោះ​ត្រូវ​បាន​ឆ្លើយតប ហើយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​ព្រះកាយមក ។

ការប៉ុនប៉ង​របស់​សាតាំង​ដើម្បី​ធ្វើ​ឲ្យ​ការ​ចាប់​ផ្ដើម​ការស្ដារឡើងវិញ​ខកខាន គឺ​មាន​ខ្លាំងបំផុត ដោយសារ​ការអធិស្ឋាន​របស់​យ៉ូសែប សំខាន់បំផុត ។ បងប្អូន និង​ខ្ញុំ​មាន​ចំណែក​តូច​មួយ​ដើម្បី​ធ្វើ​នៅ​ក្នុង​ការ​ស្ដារឡើងវិញ​ជា​បន្ដបន្ទាប់ ។ ប៉ុន្តែ​មារសត្រូវ​នៃ​ការ​ស្ដារឡើងវិញ​នឹង​ព្យាយាម​បញ្ឈប់​យើង​ពី​ការ​អធិស្ឋាន ។ គំរូ​នៃ​សេចក្ដីជំនឿ​របស់​យ៉ូសែប និង​ការប្ដេជ្ញាចិត្ត​របស់​លោក អាច​ពង្រឹង​យើង​នៅ​ក្នុង​ដំណោះស្រាយ​របស់​យើង ។ នេះ​គឺ​ជា​មូលហេតុ​មួយ​នៃ​មូលហេតុ​ជា​ច្រើន​ដែល​ការអធិស្ឋាន​របស់​ខ្ញុំ​មាន​ដាក់​បញ្ចូល​នូវការ​អរគុណ​ដល់​ព្រះវរបិតាសួគ៌​ចំពោះ​ព្យាការី​យ៉ូសែប ។

អេណុស​នៅ​ក្នុង​គម្ពីរមរមន គឺជា​លំនាំ​មួយ​ទៀត​សម្រាប់​ការ​អធិស្ឋាន​របស់​ខ្ញុំ​អំពី​សេចក្ដីជំនឿ នៅពេល​ខ្ញុំ​ព្យាយាម​ដើរតួ​ចំណែក​របស់ខ្ញុំ​នៅ​ក្នុង​ការ​ស្ដារឡើងវិញ​ជាបន្ដបន្ទាប់ ។ មិន​ថា​ចំណែក​របស់​បងប្អូន​ជា​អ្វី​ទេ បងប្អូន​អាច​ទទួល​យក​លោក​ជា​អ្នក​នាំផ្លូវ​ដោយ​ផ្ទាល់ ។

ដូចជា​យ៉ូសែបដែរ អេណុស​បាន​អធិស្ឋាន​ដោយ​សេចក្ដីជំនឿ ។ លោក​បាន​ពិពណ៌នា​បទពិសោធន៍​របស់​លោក​តាម​របៀប​នេះ ៖

« ហើយព្រលឹងខ្ញុំស្រេកឃ្លាន ហើយខ្ញុំបានលុតជង្គង់ចុះនៅចំពោះព្រះដែលបង្កើតខ្ញុំ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គដោយការអធិស្ឋាន និងការទូលអង្វរដ៏ខ្លាំង សម្រាប់ព្រលឹងខ្ញុំផ្ទាល់ ហើយខ្ញុំបានអំពាវនាវដល់ព្រះអង្គអស់ពេញមួយថ្ងៃ មែនហើយ ហើយដល់ពេលយប់ ខ្ញុំបានស្រែកអំពាវនាវយ៉ាងខ្លាំង លុះត្រាបានឮដល់ស្ថានសួគ៌ ។

« ហើយស្រាប់តែមានសំឡេងបន្លឺមកខ្ញុំថា ៖ អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានពរ ។

« ហើយខ្ញុំ អេណុស ដឹងថា ព្រះពុំកុហកឡើយ ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ ។

« ហើយខ្ញុំបានទូលថា ៖ ឱព្រះអម្ចាស់អើយ ចុះតើការណ៍នេះបានធ្វើយ៉ាងណាទៅ ?

« ហើយ​ទ្រង់​បាន​មានបន្ទូល​មក​ខ្ញុំ​ថា ៖ ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​បាន​ឃើញ​ពីមុន​មកឡើយ ។ ហើយ​ជា​ច្រើន​ឆ្នាំ​បាន​កន្លង​ផុតទៅ​ពី​មុន​ទ្រង់​បាន​បង្ហាញ​ព្រះកាយ​នៅ​ក្នុង​សាច់ឈាម ហេតុដូច្នោះ​ហើយ ចូរ​អ្នក​ទៅ​ចុះ សេចក្ដីជំនឿ​របស់អ្នក បាន​ជួយ​សង្គ្រោះ​អ្នក​ហើយ » ។

មេរៀន​ដែល​បាន​ប្រទានពរ​ដល់ខ្ញុំ​នៅ ក្នុង​ពាក្យ​ទាំងនេះ គឺ ៖ « ពី​ព្រោះ​មក​ពី​សេចក្ដី​ជំនឿ​ដែល​អ្នក​មាន​ដល់​ព្រះគ្រីស្ទ ដែល​អ្នក​ពុំ​ដែល​បាន​ឮ ឬ​បាន​ឃើញ​ពីមុន​មកឡើយ » ។

យ៉ូសែប មាន​ជំនឿ​ទៅលើ​ព្រះគ្រីស្ទ​ដោយ​ចេញ​ទៅ​ក្នុង​ព្រៃ ហើយ​ក៏​បាន​អធិស្ឋាន​ទូលសូម​ការ​រំដោះ​ពី​អំណាច​របស់​សាតាំង ។ លោក​ពុំ​បាន​មើល​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទេ ប៉ុន្តែ​លោក​បាន​អធិស្ឋាន​ដោយ​ជំនឿ​អស់​ពី​ថាមពល​នៃ​ដួងចិត្ត​លោក ។

បទពិសោធន៍​របស់​អេណុស បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​មាន​តម្លៃ​ដូចគ្នា ។ នៅពេល​ខ្ញុំ​អធិស្ឋាន​ដោយ​ជំនឿ ខ្ញុំ​មាន​ព្រះអង្គសង្គ្រោះ​ជា​អង្គ​សង្រួបសង្រួម​របស់ខ្ញុំ​ជាមួយ​ព្រះវរបិតា ហើយ​ខ្ញុំ​អាច​មានអារម្មណ៍​ថា ការ​អធិស្ឋាន​របស់​ខ្ញុំ​បាន​ឡើង​ទៅដល់​ស្ថានសួគ៌ ។ ចម្លើយ​​កើត​មាន ។ ពរជ័យ​ត្រូវ​បាន​ទទួល ។ មាន​សេចក្ដីសុខសាន្ដ និង​អំណរ​ក្នុង​គ្រា​លំបាកៗ ។

ខ្ញុំ​ចងចាំ​គ្រា ដែល​ខ្ញុំ​បាន​លុតជង្គង់​ជាមួយ​អែលឌើរ ដាវីឌ ប៊ី ហេត ក្នុងនាម​ជា​សមាជិក​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់​ថ្មីបំផុត ។ លោក​មាន​វ័យ​ស្របាល​ខ្ញុំ​នា​ពេល​នេះ ដោយមាន​ឧបសគ្គ​នានា​ដែល​ខ្ញុំ​មាន​នៅពេល​នេះ ។ ខ្ញុំ​ចាំ​ពី​សម្លេង​របស់គាត់ នៅពេល​គាត់​អធិស្ឋាន ។ ខ្ញុំ​ពុំ​បើក​ភ្នែក​មើល​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​បញ្ជាក់​ដល់​ខ្ញុំ​ថា​គាត់​កំពុង​ញញឹម ។ គាត់​បាន​ថ្លែង​ជាមួយ​ព្រះវរបិតាសួគ៌​ដោយអំណ​នៅ​ក្នុង​សំឡេង​របស់​គាត់ ។

ខ្ញុំ​អាច​ស្ដាប់​ឮ​ក្នុង​ចិត្ត​ខ្ញុំ​នូវ​សុភមង្គល​របស់គាត់ នៅពេល​គាត់​ថ្លែង​ថា « នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។ ចំពោះខ្ញុំ​វា​ហាក់​ដូច​ជា អែលឌើរ ហេត មាន​អារម្មណ៍​ដឹង​ពី​ព្រះអង្គសង្គ្រោះ​កំពុង​បញ្ជាក់​ក្នុង​គ្រា​នោះ​នូវ​សារលិខិត​ដែល​គាត់​បាន​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា ។ ហើយ​ខ្ញុំ​ប្រាកដ​ថា គាត់​ទទួល​បាន​ដោយ​ស្នាមញញឹម ។

សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​ការ​បរិច្ចាគ​សំខាន់​ចំពោះ​ការ​ស្ដារឡើងវិញ​ជា​បន្ដបន្ទាប់​ដ៏​អស្ចារ្យ នឹង​ចម្រើន ឡើង នៅពេល​យើង​រីកចម្រើន​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ​និង ព្រះវរបិតា​សួគ៌ ជា​ព្រះបិតា​ជា​ទី​ស្រឡាញ់​របស់​​យើង ។ នៅពេល​យើង​អធិស្ឋាន​ដោយ​ជំនឿ នោះ​យើង​ប្រែ​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៅក្នុង​កិច្ចការ​របស់​ព្រះអម្ចាស់ នៅ​ពេល​ទ្រង់​រៀបចំ​ពិភពលោក​សម្រាប់​ការយាងមក​ជា​លើក​ទីពីរ​របស់​ទ្រង់ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​ទាំងអស់​គ្នា​រកបាន​អំណរ​នៅក្នុងការ​ធ្វើ​កិច្ចការ ដែល​ទ្រង់​បាន​អញ្ជើញ​យើង​ម្នាក់ៗ​ឲ្យ​ធ្វើ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​មានព្រះជន្មរស់ ។ នេះ គឺជាសាសនាចក្រ និងនគររបស់ទ្រង់​នៅលើ​ផែនដី ។ យ៉ូសែប ស្ម៊ីធ គឺជា​ព្យាការី​នៃ​ការស្តារឡើងវិញ ។ ប្រធាន រ័សុល អិម ណិលសុន​ គឺ​ជា​ព្យាការី​នៃ​ព្រះអម្ចាស់​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ ។ លោក​កាន់​គ្រប់កូនសោ​ទាំង​អស់​នៃ បព្វជិតភាព​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕