សន្និសីទទូទៅ
« ចូរ​ឲ្យ​គេហដ្ឋាន​នេះ​ត្រូវ​ស្ថាបនា​ចំពោះ​ព្រះនាម​របស់​យើង »
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


« ចូរ​ឲ្យ​គេហដ្ឋាន​នេះ​ត្រូវ​ស្ថាបនា​ចំពោះ​ព្រះនាម​របស់​យើង »

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:៤០ )

សេចក្ដី​សញ្ញា​ដែល​បាន​ទទួល និង​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ដួងចិត្ត​យើង​បាន​បរិសុទ្ធ និង​សម្រាប់​ការលើក​តម្កើង​ដ៏​ខ្ពង់ខ្ពស់​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ ។

នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ២០០ ឆ្នាំ​កន្លង​ទៅ យ៉ូសែប ស៊្មីធ​វ័យ​ក្មេង​បាន​ឃើញ ហើយ​បាននិយាយ​នឹង​ព្រះ គឺ​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច និង​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ ។ ចេញ​ពី​ទ្រង់​ទាំង​ពីរ​អង្គ យ៉ូសែប​បាន​រៀន​អំពី​លក្ខណៈ​ពិត​នៃ​ក្រុមព្រះ និង​វិវរណៈ​បន្ដ​បន្ទាប់ កាល​ការនិមិត្ត​សួគ៌ា​នេះ​បាន​ចាប់ផ្ដើម « ការកាន់​កាប់​ត្រួតត្រា​ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់ » នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។

ប្រមាណ​ជា​បី​ឆ្នាំ​ក្រោយ​មក ក្នុង​ការឆ្លើយ​តប​នឹង​ការអធិស្ឋាន​ដ៏​ស្មោះ​នៅ​ល្ងាច​នៃ​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ១៨២៣ បន្ទប់​ដេក​របស់​យ៉ូសែប​បាន​ពេញ​ដោយ​ពន្លឺ​រហូត​ធ្វើ​ឲ្យ​វា « ភ្លឺ​ជាង​ពន្លឺ​ថ្ងៃ​ត្រង់​ទៅ​ទៀត » ។ មាន​តួអង្គ​មួយ​បាន​លេច​មក​ក្បែរគ្រែ​លោក បាន​ហៅ​ឈ្មោះ​ក្មេង​ប្រុស​នោះ ហើយ​បាន​ប្រកាស​ថា « លោក​ជា​ទូត​ដែល​បាន​ចាត់​មក​ពី​វត្តមាន​នៃព្រះ…ហើយ​ថា​ឈ្មោះ​លោក​គឺ​មរ៉ូណៃ » ។ លោក​បាន​ណែនាំ​យ៉ូសែប​ពី​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។

រួច​ហើយ​មរ៉ូណៃ​បាន​ដកស្រង់​ពី​គម្ពីរ​ម៉ាឡាគី​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ដោយ​មានការប្រែប្រួល​បន្តិចបន្តួច​នៅ​ក្នុង​ភាសា​ដែល​បាន​ប្រើ​នៅ​ក្នុង​កំណែ​ស្ដេច​ជេមស៍ ៖

« មើល​ចុះ យើង​នឹង​បើក​សម្ដែង​ដល់​អ្នក​រាល់​គ្នា​នូវ​បព្វជិតភាព ដោយ​ដៃ​នៃ​អេលីយ៉ា​ដែល​ជា​ព្យាការី​មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែងខ្លាច​នៃ​ព្រះ​អម្ចាស់​បាន​មក​ដល់ ។…

« ហើយ​លោក​នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួកឪពុក​របស់​ពួកគេ​វិញ ។ បើសិនជា​មិនមែន​ដូច្នោះ​ទេ នោះ​ផែនដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល​ទ្រង់​យាង​មក » ។

អ្វី​ដែល​សំខាន់​នោះ​គឺ សេចក្តី​ណែនាំ​របស់​មរ៉ូណៃ​ដល់​យ៉ូសែប ស្ម៊ីធ​អំពី​បេសកកម្ម​របស់​អេលីយ៉ា​បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ព្រះវិហារ​បរិសុទ្ធ និង​កិច្ចការ​ពង្ស​ប្រវត្តិ​នៅ​ថ្ងៃ​ចុងក្រោយ ហើយ​ជា​ធាតុ​គន្លឹះ​មួយ​ក្នុង​ការស្ដារ​ឡើង​វិញ​នូវ « របស់​ទាំងអស់​ដែល​ព្រះ​បាន​មាន​បន្ទូល​ប្រាប់​ពី​គ្រា​នោះ ដោយសារ​មាត់​នៃ​ពួកហោរា​បរិសុទ្ធ​របស់​ទ្រង់​តាំងពី​បុរាណ​មក » ។

ខ្ញុំ​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ កាល​យើង​រៀន​រួមគ្នា​អំពី​សេចក្ដី​សញ្ញា ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួកយើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

ការត្រឡប់​មកវិញ​របស់​អេលីយ៉ា

ខ្ញុំ​សូម​ចាប់ផ្ដើម​ដោយ​ការសួរ​សំណួរ​គន្លឹះ​មួយ ៖ ហេតុអ្វី​បាន​ជា​ការត្រឡប់​មកវិញ​របស់​អេលីយ៉ា​មាន​សារៈសំខាន់​ម៉្លេះ ?

« យើង​រៀន​មក​ពី​វិវរណៈ​ថ្ងៃ​ចុងក្រោយ​ថា អេលីយ៉ា​បាន​កាន់​អំណាច​ផ្សារភ្ជាប់​នៃ​បព្វជិតភាព​មិលគីស្សាដែក »ហើយ​« ជា​ព្យាការី​ចុងក្រោយ​គេ​ដើម្បី​ធ្វើ​ដូច្នោះ ពីមុន​សម័យ​ព្រះយេស៊ូវ​គ្រីស្ទ » ។

ព្យាការី យ៉ូសែប ស៊្មីធ​បាន​ពន្យល់​ថា ៖« វិញ្ញាណ អំណាច និង​ការហៅ​របស់​អេលីយ៉ា​គឺ​ថា អ្នក​មាន​អំណាច​ដើម្បី​កាន់​កូនសោ​នៃ … ភាព​ពេញលេញ​នៃ​បព្វជិតភាព​មិលគីស្សាដែក​…ហើយ … ទទួល​បាន…​ពិធីបរិសុទ្ធ​ទាំងអស់​ដែល​ជា​របស់​នគរ​ព្រះ គឺ​ការបង្វែរ​ដួងចិត្ត​ឪពុក​មក​ឯ​កូន ហើយ​ដួងចិត្ត​កូន​មក​ឯ​ឪពុក​វិញ សូម្បីតែ​អស់​អ្នក​ដែល​នៅ​ស្ថានសួគ៌​ក្ដី » ។

សិទ្ធិ​អំណាច​ផ្សារភ្ជាប់​ដ៏​ពិសិដ្ឋ​នេះ​គឺ​ចាំបាច់​ព្រោះ « បើ​អ្នករាល់គ្នា​ចងទុក​អ្វីៗ​នៅ​ផែនដី នោះ​នឹង​ត្រូវ​ចងទុក​នៅ​ស្ថានសួគ៌​ដែរ ហើយ​បើ​ស្រាយ​អ្វីៗ​នៅ​ផែនដី នោះ​ក៏​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ » ។

យ៉ូសែប​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថែម​ទៀត​ថា ៖ « តើ​ព្រះ​នឹង​មក​សង្គ្រោះ​ជំនាន់​នេះ​ដោយ​របៀប​ណា ? ទ្រង់​នឹង​បញ្ជូន​អេលីយ៉ា​ជា​ព្យាការី​មក ។​… អេលីយ៉ា​នឹង​បើក​បង្ហាញ​សេចក្ដី​សញ្ញា​ដើម្បី​ផ្សារភ្ជាប់​ដួងចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ។១០

អេលីយ៉ា​បាន​បង្ហាញ​កាយ​ដល់​ម៉ូសេ​នៅលើ​ភ្នំ​ប្រែរូប ហើយ​បាន​ផ្ដល់​សិទ្ធិ​អំណាច​នេះ​ដល់​ពេត្រុស យ៉ាកុប និង​យ៉ូហាន ។១១ អេលីយ៉ា​ក៏​បាន​បង្ហាញ​កាយ​ម្ដង​ទៀត​ជាមួយ​នឹង​ម៉ូសេ និង​អេលីយ៉ាស​នៅ​ថ្ងៃ​ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ហើយ​បាន​ផ្ដល់​កូនសោ​ដូចគ្នា​នេះ​ដល់ យ៉ូសែប ស៊្មីធ និង​អូលីវើរ ខៅឌើរី ។១២

ការស្ដារ​សិទ្ធិ​អំណាច​ផ្សារភ្ជាប់​ឡើង​វិញ​តាមរយៈ​អេលីយ៉ា​នៅ​ឆ្នាំ ១៨៣៦ គឺ​ចាំបាច់​ដើម្បី​រៀបចំ​ពិភពលោក​នេះ​សម្រាប់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​វា​ផ្ដួចផ្ដើម​ចំណាប់​អារម្មណ៍​ដ៏​អស្ចារ្យ​ទូទាំង​ពិភពលោក​ឲ្យ​កើន​ឡើង​លើ​ការស្រាវជ្រាវ​ពង្ស​ប្រវត្តិ ។

ការផ្លាស់ប្ដូរ ការបង្វែរ និង​ការបន្សុទ្ធ​ដួងចិត្ត

ពាក្យ​ថា​ដួងចិត្ត ​ត្រូវ​បាន​ប្រើ​ជាង ១០០០ ដង​នៅ​ក្នុង​គម្ពីរ​ដ៏​ជា​បមាណីយ ។ ពាក្យ​ដ៏​សាមញ្ញ ប៉ុន្ដែ​សំខាន់​នេះ​ជារឿយៗ​សម្ដែង​ពី​អារម្មណ៍​នៅក្នុង​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ។ ដួងចិត្ត​យើង​—ដែល​ជា​ចំណុច​ប្រមូល​ផ្ដុំ​នៃ​បំណង​ប្រាថ្នា សេចក្ដី​ស្រឡាញ់ ចេតនា ការលើក​ទឹក​ចិត្ត និង​ឥរិយាបថ​របស់​យើង—កំណត់​ថា​យើង​ជា​នរណា និង​សម្រេច​ពី​អ្វី​ដែល​យើង​នឹង​ក្លាយជា ។ ហើយ​សារសំខាន់​នៃ​កិច្ចការ​របស់​ព្រះអម្ចាស់​កំពុង​ផ្លាស់ប្ដូរ បង្វែរ ហើយ​បន្សុទ្ធ​ដួងចិត្ត​ទាំងឡាយ​តាមរយៈ​សេចក្ដី​សញ្ញា​ដំណឹងល្អ និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ។

យើង​មិន​កសាង ឬ​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ដើម្បី​គ្រាន់តែ​មាន​បទពិសោធន៍​ជា​បុគ្គល ឬ​គ្រួសារ​ដែល​គួរ​ឲ្យ​ចងចាំ​តែ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយទៅវិញ សេចក្ដី​សញ្ញា​ដែល​បាន​ទទួល និង​ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​ឡើង​ក្នុង​ព្រះវិហារ​បរិសុទ្ធ មាន​សារសំខាន់​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើឲ្យ​ដួងចិត្ត​យើង​បាន​បរិសុទ្ធ និង​សម្រាប់​ការលើក​តម្កើង​ដ៏​ខ្ពង់ខ្ពស់​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ ។

ការបណ្ដុះ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក​—​ដូចជា អ័ប្រាហាំ អ៊ីសាក និង យ៉ាកុប—​នៅ​ក្នុង​ដួងចិត្ត​របស់​កូនចៅ ការបង្វែរ​ដួងចិត្ត​កូនចៅ​ទៅ​ពួក​ឪពុក​របស់​ពួកគេ​ផ្ទាល់ និង​ការធ្វើ​ការស្រាវជ្រាវ​ពង្សប្រវត្តិ និង​ការធ្វើ​ពិធីបរិសុទ្ធ​ជំនួស​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ការងារ​ដែល​ផ្ដល់​ពរជ័យ​ដល់​បណ្តា​ជន​ដែល​នៅ​ទាំង​សងខាង​នៃ​វាំងនន ។ នៅពេល​យើង​ប្រឡូក​ក្នុង​កិច្ចការ​ដ៏​ពិសិដ្ឋ​នេះ​កាន់តែ​ខ្លាំង នោះ​យើង​កំពុង​គោរព​តាម​បទបញ្ញត្តិ​ឲ្យ​ស្រឡាញ់ និង​បម្រើ​ព្រះ និង​អ្នក​ជិតខាង​របស់​យើង​ហើយ ។១៣ ហើយ​ការបម្រើ​ដែល​មិន​គិត​ពី​ខ្លួនឯង​បែប​នោះ​ជួយ​យើង​ឲ្យ « ស្ដាប់​ឮ​ទ្រង់ ! »១៤ កាន់តែ​ពិត​ប្រាកដ ហើយ​ចូល​មក​រក​ព្រះអង្គ​សង្គ្រោះ ។១៥

សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដ៏​ពិសិដ្ឋ​បំផុត​ត្រូវ​បាន​ទទួល​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ—ជា​ដំណាក់​របស់​ព្រះអម្ចាស់​ប៉ុណ្ណោះ ។ អ្វីៗ​គ្រប់​យ៉ាង​ដែល​បាន​រៀន និង​អ្វី​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គូស​បញ្ជាក់​ពី​ភាពជា​ព្រះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ទ្រង់​នៅ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា​របស់​ព្រះវរបិតា​សួគ៌ ។

ពី​ខាងក្នុង​ដួងចិត្ត​មក​ក្រៅ

ប្រធាន អ៊ែសរ៉ា ថាហ្វ បេនសឹន បាន​រៀបរាប់​ពី​គន្លង​ដ៏​សំខាន់​មួយ ដែល​ព្រះប្រោសលោះ​ធ្វើ​តាម​ដើម្បី « នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ។១៦ លោក​បាន​មាន​ប្រសាសន៍​ថា « ព្រះអម្ចាស់​ធ្វើការ​ពី​ខាងក្នុង​ដួងចិត្ត​មក​ក្រៅ ។ លោកិយ​ធ្វើការ​ពី​ខាងក្រៅ​ទៅ​ក្នុង ។ លោកិយ​នឹង​យក​មនុស្ស​ចេញ​ពី​ភាពកខ្វក់ ។ ព្រះគ្រីស្ទ​យក​ភាព​កខ្វក់​ចេញពី​មនុស្ស ហើយ​បន្ទាប់មក​ពួកគេ​យក​ខ្លួនឯង​ចេញ​ពី​ភាព​កខ្វក់​នោះ ។ លោកិយ​នឹង​សូន្យ​មនុស្ស​ដោយ​ការផ្លាស់ប្ដូរ​បរិយាកាស​របស់​ពួកគេ ។ ព្រះគ្រីស្ទ​ផ្លាស់ប្ដូរ​មនុស្ស ដែល​បន្ទាប់​មក​មនុស្ស​នោះ​ផ្លាស់ប្ដូរ​បរិយាកាស​របស់​ខ្លួន ។ លោកិយ​នឹង​សម្រួច​សម្រាំង​ឥរិយាបថ​របស់​មនុស្ស ប៉ុន្តែ​ព្រះគ្រីស្ទ​អាច​ផ្លាស់ប្ដូរ​និស្ស័យ​របស់​មនុស្ស​បាន » ។១៧

សេចក្តីសញ្ញា និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​គឺ​ចាំបាច់​នៅក្នុង​ដំណើរការ​រីកចម្រើន​នៃ​ការកើត​ជា​ថ្មី​ខាង​វិញ្ញាណ និង​ការផ្លាស់ប្ដូរ​នេះ វា​ក៏​ជា​មធ្យោបាយ​ដែល​ព្រះអម្ចាស់​ធ្វើការ​ជាមួយ​នឹង​ពួកយើង​ម្នាក់ៗ​ ពី​ខាងក្នុង​ដួងចិត្ត​មក​ក្រៅ ។ សេចក្ដី​សញ្ញា​ដែល​ត្រូវបាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន បាន​ចងចាំ​ជានិច្ច និង​បាន​សរសេរ « នឹង​ព្រះវិញ្ញាណ​នៃ​ព្រះ …​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ »១៨ ផ្តល់​គោលបំណង និង​ការធានា​នៃ​ពរជ័យ​ទាំងឡាយ​នៅក្នុង​ជីវិត​រមែង​ស្លាប់ និង​សម្រាប់​ភាព​អស់កល្ប​ជានិច្ច ។ ពិធីបរិសុទ្ធ​ដែល​ទទួល​បាន​ដោយ​ភាព​ស័ក្តិសម និង​បាន​ចងចាំ​ជានិច្ច​នឹង​បើក​ទំនាក់​ទំនង​សួគ៌ា ដែល​ធ្វើឲ្យ​អំណាច​នៃ​ព្រះ​អាច​ហូរ​ចូល​ក្នុង​ជីវិត​របស់​យើង​បាន ។

យើង​មិន​មែន​មក​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​លាក់ខ្លួន ឬ​គេច​ចេញ​ពី​សេចក្តីអាក្រក់​នៃ​ពិភពលោក​ទេ ។ ផ្ទុយ​ទៅវិញ យើង​មក​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​យកឈ្នះ​លើ​ពិភព​នៃ​សេចក្ដី​អាក្រក់ ។ នៅពេល​យើង​យាង​អញ្ជើញ « អំណាច​នៃ​ព្រះ »១៩ ចូល​មក​ក្នុង​ជីវិត​យើង​តាមរយៈ​ការទទួល​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព និង​ការចុះ ហើយ​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ នោះ​យើង​ទទួល​ពរជ័យ​ឲ្យ​មាន​កម្លាំង​លើស​ពី​កម្លាំង​ខ្លួនយើង​ផ្ទាល់២០ ដើម្បី​យកឈ្នះ​លើ​ការល្បួង និង​ឧបសគ្គ​នានា​នៃ​ជីវិត​រមែង​ស្លាប់ ហើយ​ធ្វើ​ល្អ និង​ក្លាយជា​មនុស្ស​ល្អ ។

ការល្បីល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាលដាល

ព្រះវិហារ​បរិសុទ្ធ​ដំបូងគេ​នា​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ត្រូវបាន​សាងសង់​ឡើង​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ​អូហៃអូ ហើយ​បាន​ឧទ្ទិសឆ្លង​នៅ​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ១៨៣៦ ។

នៅក្នុង​វិវរណៈ​មួយ​ទៅកាន់​ព្យាការី​យ៉ូសែប ស្ម៊ីធ​មួយ​សប្ដាហ៍​ក្រោយពី​ការឧទ្ទិសឆ្លង​នោះ ព្រះអម្ចាស់​បាន​ប្រកាស​ថា ៖

« ចូរ​ឲ្យ​ចិត្ត​នៃ​អស់ទាំង​រាស្ត្រ​របស់​យើង​បាន​អរសប្បាយ​រីករាយ ដែល​បានសង់​ដំណាក់​នេះ​ថ្វាយ​ដល់​ព្រះនាម​របស់​យើង​ដោយ​អស់ពី​កម្លាំង​របស់​ពួកគេ ។…

« មែន​ហើយ គឺ​ចិត្ត​នៃ​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​នឹង​បាន​អរសប្បាយ​រីករាយ ដោយ​ព្រោះ​តែ​ព្រះពរ​ទាំងឡាយ ដែល​នឹង​បាន​ចាក់​ចេញ​មក ព្រមទាំង​អំណោយ​ទាន​ពិសិដ្ឋ ដែល​ពួក​អ្នក​បម្រើ​របស់​យើង​បាន​ទទួល​នៅក្នុង​ដំណាក់​នេះ ។

« ហើយ​ការល្បីល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាល​ដាល​ទៅ​ដល់​ដែន​ដី​ឆ្ងាយៗ ហើយ​នេះ​គឺជា​ការចាប់ផ្តើម​នូវ​ព្រះពរ ដែល​នឹង​បាន​ចាក់​មក​លើ​ក្បាល​នៃ​រាស្រ្ត​របស់​យើង » ។២១

សូម​កត់​ចំណាំ​ឃ្លា ចិត្ត​នៃ​មនុស្ស​រាប់ពាន់​ម៉ឺន​នាក់​នឹង​បាន​អរសប្បាយ​រីករាយនិង​ឃ្លា ការល្បីល្បាញ​អំពី​ដំណាក់​នេះ​នឹង​រាល​ដាល​ទៅ​ដល់​ដែន​ដី​ឆ្ងាយៗ ឃ្លា​ទាំងនេះ​គឺជា​ការប្រកាស​ដ៏​អស្ចារ្យ​នៅ​ខែ មេសា ឆ្នាំ ១៨៣៦ នៅពេល​សាសនាចក្រ​មាន​តែ​សមាជិក​ប៉ុន្មាន​នាក់ និង​ព្រះវិហារ​បរិសុទ្ធ​មួយ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​នៅ​ឆ្នាំ ២០២០ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​កំពុង​ដំណើរការ​ចំនួន ១៦៨ ។ ព្រះវិហារ​បរិសុទ្ធ​ចំនួន​សែសិប​ប្រាំបួន​ទៀត​កំពុង​នៅក្រោម​ការសាងសង់ ឬ​ត្រូវបាន​ប្រកាស​រួច​ហើយ ។ ដំណាក់​របស់​ព្រះអម្ចាស់​ត្រូវបាន​សាងសង់​នៅលើ « កោះ​នានា​ក្នុង​សមុទ្រ »២២ និង​ក្នុង​ប្រទេស និង​ទីតាំង​នានា​ដែល​មនុស្ស​ជាច្រើន​ពីមុន​គិត​ថា​មិន​អាច​ទៅរួច​ទេ​ដើម្បី​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ ។

បច្ចុប្បន្ន​នេះ ការធ្វើ​ពិធី​អំណោយទាន​ពិសិដ្ឋ​មាន ៨៨ ភាសា ហើយ​នឹង​មាន​ជា​ភាសា​ជាច្រើន​បន្ថែម​ទៀត នៅពេល​ព្រះវិហារ​បរិសុទ្ធ​បាន​សង់​ឡើង ដើម្បី​ផ្ដល់​ពរជ័យ​បន្ថែម​ទៀត​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។ ក្នុង​ពេល ១៥ ឆ្នាំ​ទៀត ចំនួន​ភាសា​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ទំនង​ជា​មាន​ចំនួន​កើន​ឡើង​ទ្វេ​ដង ។

ឆ្នាំ​នេះ យើង​នឹង​បញ្ចុះ​សីមា ហើយ​ចាប់ផ្ដើម​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៨ ។ ផ្ទុយ​ទៅវិញ វា​បាន​ចំណាយ​ពេល ១៥០ ឆ្នាំ​ដើម្បី​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៨ ដំបូង ចាប់តាំង​ពី​ការរៀបចំ​សាសនាចក្រ​នៅ​ឆ្នាំ ១៨៣០ រហូត​ដល់​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​តូក្យូ ជប៉ុន ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅ​ឆ្នាំ ១៩៨០ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​ប្រាំមួយ

សូម​ពិចារណា​ពី​ការពន្លឿន​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​កើតឡើង​តែ​ក្នុង​អំឡុង​ពេល​នៃ​ជីវិត​របស់​ប្រធាន រ័សុល អិម ណិលសុន ។ នៅពេល​ប្រធាន ណិលសុន បាន​កើត​នៅ​ថ្ងៃទី ៩ ខែ​កញ្ញា ឆ្នាំ ១៩២៤ នោះ​សាសនាចក្រ​មាន​ព្រះវិហារ​បរិសុទ្ធ​កំពុង​ដំណើរការ​ចំនួន​ប្រាំមួយ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​២៦

នៅពេល​លោក​ត្រូវបាន​តែងតាំង​ជា​សាវក​នៅ​ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ១៩៨៤ គឺ ៦០ ឆ្នាំ​ក្រោយមក ព្រះវិហារ​បរិសុទ្ធ​ចំនួន ២៦ បាន​កំពុង​ដំណើរការ ជា​ការកើនឡើង​ព្រះវិហារ​បរិសុទ្ធ​ចំនួន ២០ ក្នុង​រយៈពេល ៦០ ឆ្នាំ ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ​១៥៩

នៅពេល​ប្រធាន ណិលសុន ត្រូវបាន​គាំទ្រ​ជា​ប្រធាន​សាសនាចក្រ ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៥៩ បាន​ដំណើរការ ជា​ការកើនឡើង​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៣៣ ក្នុង​រយៈពេល ៣៤ ឆ្នាំ អំឡុង​ពេល​លោក​បាន​បម្រើ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។

រូបភាព
ប្រតិបត្តិការ និង​បាន​ប្រកាស​ព្រះវិហារ​បរិសុទ្ធ

តាំង​ពី​ក្លាយជា​ប្រធាន​សាសនាចក្រ​នៅ​ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៨ ប្រធាន​ណិលសុន​បាន​ប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ៣៥ ។

កៅសិប​ប្រាំមួយ​ភាគរយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន ត្រូវបាន​ឧទ្ទិសឆ្លង​អំឡុង​ជីវិត​របស់​ប្រធាន​ណិលសុន ៨៤​ភាគរយ​ត្រូវបាន​ឧទ្ទិស​ឆ្លង​តាំងពី​លោក​ត្រូវបាន​តែងតាំង​ជា​សាវក ។

ផ្ដោត​លើ​កិច្ចការ​ដែល​សំខាន់​បំផុត​ជានិច្ច

ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះអម្ចាស់ យើង​ទាំងអស់​គ្នា​ឈរ​ឆ្ងល់​យ៉ាង​អស្ចារ្យ​ចំពោះ​ល្បឿន​ដ៏​លឿន​នៃ​កិច្ចការ​របស់​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ហើយ​ព្រះវិហារ​បរិសុទ្ធ​បន្ថែម​ទៀត​នឹង​សង់​ឡើង ។

ព្រិកហាំ យ៉ង់ បាន​ព្យាករ​ថា « ដើម្បី​សម្រេច​បាន​កិច្ចការ​នេះ នោះ​មិន​ត្រូវ​មាន​តែ​ព្រះវិហារ​បរិសុទ្ធ​មួយ​ទេ តែ​ត្រូវមាន​រាប់​ពាន់ ហើយ​បុរស និង​ស្ដ្រី​រាប់​ពាន់​ម៉ឺន​នាក់​នឹង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទាំងនោះ ហើយ​ធ្វើ​កិច្ចការ​សម្រាប់​មនុស្ស​ដែល​បាន​រស់នៅ​ទាំងឡាយ តាម​ដែល​ព្រះអម្ចាស់​នឹង​បើក​បង្ហាញ » ។២៣

ដោយ​យល់​ច្បាស់ ការប្រកាស​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នីមួយៗ​គឺជា​ប្រភព​នៃ​អំណរ​ដ៏​អស្ចារ្យ និង​ជា​មូលហេតុ​មួយ​ដើម្បី​ថ្លែង​អំណរគុណ​ចំពោះ​ព្រះអម្ចាស់ ។ ប៉ុន្ដែ ការផ្ដោត​ចម្បង​របស់​យើង​គួរតែ​ទៅលើ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ ដែល​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​យើង ហើយ​បង្កើន​ការលះបង់​របស់​យើង​ចំពោះ​ព្រះអង្គ​សង្គ្រោះ ហើយ​មិនមែន​តែ​លើ​ទីតាំង ឬ​សម្រស់​នៃ​អគារ​នោះ​ឡើយ ។

កាតព្វកិច្ច​គោល​ដែល​ពួកយើង​មាន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះអម្ចាស់​គឺ ( ១ ) ដើម្បី « ស្ដាប់​ឭ​ទ្រង់ ! »២៤ ហើយ​ឲ្យ​ដួងចិត្ត​របស់​យើង​ផ្ទាល់​ផ្លាស់ប្ដូរ​តាមរយៈ​សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ និង ( ២ ) បំពេញ​ទំនួល​ខុសត្រូវ​ដែល​បាន​ចាត់តាំង​មកពី​ព្រះ​ពេញ​ដោយ​អំណរ ដើម្បី​ផ្ដល់​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​ដល់​គ្រួសារ​មនុស្ស​ទាំងមូល​ដែល​នៅ​ទាំង​សងខាង​វាំងនន ។ ដោយ​មាន​ការដឹកនាំ និង​ជំនួយ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​បំពេញ​តាម​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ​ទាំងនេះ​បាន ។

ការស្ថាបនា​ស៊ីយ៉ូន​ឡើង

ព្យាការី យ៉ូសែប ស៊្មីធ បាន​ប្រកាស ៖

« ការកសាង​ក្រុង​ស៊ីយ៉ូន​គឺជា​បុព្វហេតុ​ដែល​បាន​ទាក់ទាញ​ចិត្ត​របស់​រាស្ដ្រ​នៃ​ព្រះ​គ្រប់​អាយុ​ទាំងអស់ វា​ជា​ប្រធានបទ​មួយ​ដែល​ពួកព្យាការី ពួកសង្ឃ និង​ពួក​ក្សត្រ បាន​រស់នៅ​ដោយ​សាទរ​ជា​ពិសេស ពួកលោក​ទន្ទឹង​រង់ចាំ​ដោយ​ចិត្ត​អំណរ​ដល់​ថ្ងៃ​ដែល​យើង​នឹង​រស់នៅ ហើយ​ដោយ​បញ្ឆេះ​ទឹកចិត្ត​រង់ចាំ​ពី​ស្ថានសួគ៌​ពេញ​ដោយ​អំណរ នោះ ពួកគេ​បាន​ច្រៀង និង​សរសេរ និង​ព្យាករ​អំពី​ជំនាន់​របស់​យើង​នេះ​ប៉ុន្តែ​ពួកគេ​បាន​ស្លាប់ ដោយ​មើល​មិន​បាន​ឃើញ…វាបន្សល់​ទុក​ឲ្យ​យើង​ឃើញ ចូលរួម និង​ជួយ​ដើម្បី​រំកិល​សិរីល្អ ថ្ងៃ​ចុង​ក្រោយ ។​២៥

« បព្វជិតភាព​នៅ​ស្ថានសួគ៌​នឹង​រួបរួម​ជាមួយ​ផែនដី​ដើម្បី​នាំ​មក​នូវ​គោលបំណង​អស្ចារ្យ​ទាំងនោះ…ជា​កិច្ចការ​ដែល​ព្រះ​និង​ពួកទេវតា​បាន​គិតគូរ​ដោយ​រីករាយ​សម្រាប់​ជំនាន់​មុនៗ​ដែល បញ្ឆះ​ព្រលឹង​នៃ​លោកអយ្យកោ និង​ព្យាការី​ពី​បុរាណ កិច្ចការ​មួយ​ដែល​ត្រូវ​បាន​កំណត់​ដើម្បី​នាំ​មកនូវ​ការបំផ្លាញ​ដល់​អំណាច​នៃ​សេចក្ដីងងឹត កែទម្រង់​ផែនដី​ជាថ្មី ជា​សិរីល្អ​នៃ​ព្រះ និង​ជា​សេចក្ដីសង្គ្រោះ​នៃ​គ្រួសារ​មនុស្ស​លោក » ។២៦

ខ្ញុំ​សូម​ធ្វើ​ទីបន្ទាល់​យ៉ាង​ឧឡារិក​ថា ព្រះបិតា និង ព្រះរាជបុត្រា​បាន​បង្ហាញ​ព្រះកាយ​ដល់ យ៉ូសែប ស្ម៊ីធ ហើយ​អេលីយ៉ា​បាន​ស្ដារ​សិទ្ធិ​អំណាច​ផ្សារភ្ជាប់​ឡើង​វិញ ។ សេចក្ដី​សញ្ញា និង​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​អាច​ពង្រឹង​យើង និង​បន្សុទ្ធ​ដួងចិត្ត​យើង នៅពេល​យើង « ស្ដាប់​ឮ​ទ្រង់ ! »២៧ ហើយ​ទទួល​បាន​អំណាច​នៃ​ព្រះ​ក្នុង​ជីវិត​របស់​យើង ។ ហើយ​ខ្ញុំ​ផ្ដល់​សាក្សី​ថា កិច្ចការ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ​នឹង​បំផ្លាញ​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​នាំ​មក​នូវ​សេចក្ដី​សង្គ្រោះ​ដល់​គ្រួសារ​មនុស្ស​លោក ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​សេចក្តី​អំណរ​ពី​សេចក្ដីពិត​ទាំងនេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ។