សន្និសីទទូទៅ
ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ

ដោយសារ​ការស្ដារ​ឡើងវិញ​បញ្ជាក់​ជាថ្មី​ដល់​សេចក្ដីពិត​ជា​មូលដ្ឋាន​ថា ព្រះ​ពិតជា​ធ្វើការ​ក្នុង​ពិភពលោក​នេះ ដើម្បី​ឲ្យ​យើង​អាច​សង្ឃឹម​បាន ហើយ​យើង​គួរតែ​សង្ឃឹម ទោះជា​ពេល​ប្រឈម​នឹង​ការចម្លែក​ដែល​មិន​អាច​យក​ឈ្នះ​បាន​យ៉ាងណា​ក្ដី ។

ខែ​តុលា​មុន ប្រធាន រ័សុល អិម ណិលសុន បាន​អញ្ជើញ​យើង​ឲ្យ​ រៀបចំខ្លួន សម្រាប់​សន្និសីទ​ខែ មេសា ឆ្នាំ ២០២០ នេះ​ដោយ​អញ្ជើញ​យើង​ម្នាក់ៗ​តាម​របៀប​ផ្ទាល់​របស់​យើង​សិក្សា​ ពី​អតីតកាល ដើម្បី​ឃើញ​ពី​ព្រះចេសា្ដ​នៃ​ផែនការ​របស់​ព្រះ​ក្នុង​ការស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើង​វិញ ។ ស៊ិស្ទើរ ហូឡិន និង​ខ្ញុំ​ទទួល​យក​ការអញ្ជើញ​របស់​ព្យាការី​នោះ​ដោយ​ម៉ឺងម៉ាត់ ។ យើង​បាន​ស្រមៃ​ថា​ខ្លួន​យើង​រស់នៅ​ដើម​ទស្សវត្សរ៍ ១៨០០ កំពុង​មើល​ទៅ​ជំនឿ​ខាង​សាសនា​នៃ​ជំនាន់​នោះ ។ នៅ​ក្នុង​ការស្រមៃនោះ យើង​សួរ​ខ្លួន​យើង​ថា « តើ​មាន​អ្វី​កំពុង​បាត់​នៅ​ទីនេះ ? តើ​យើង​ប្រាថ្នា​ថា យើង​នឹង​មាន​អ្វី ? តើ​យើង​ សង្ឃឹម​ ថា ព្រះ​នឹង​ប្រទាន​អ្វី​ជា​ចម្លើយ​ចំពោះ​ការចង់​បាន​ខាង​វិញ្ញាណ​របស់​យើង ? »

ព្រោះ​រឿង​មួយ​ដែល​យើង​បាន​ដឹង​ថា ពីរ​សតវត្សរ៍​កន្លង​ទៅ យើង​នឹង​សង្ឃឹម​ចង់​បាន​ការស្ដារ​ឡើងវិញ​នៃ​គោលគំនិត​ដ៏​ពិត​ជាង អំពី​ព្រះ​ខ្លាំង ជាង​មនុស្ស​ភាគច្រើន​នៅ​ជំនាន់​នោះ ដែល​វា​បាន​លាក់ទុក​ជាញឹកញាប់ ពេល​ទ្រង់​ហាក់​រត់​មិន​ទាន់​ជំនឿ​សាសនា​ដែល​មិន​ត្រឹមត្រូវ និង​ការយល់​ខុស​អស់​ជាច្រើន​សតវត្សរ៍ ។ ការខ្ចី​ឃ្លា​មួយ​មកពី វិល្លាម អេលើរី ឆេននីង បុគ្គល​សាសនា​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​ជំនាន់​នោះ យើង​ត្រូវ​រកមើល « អត្តចរិត​ជា​ឪពុក​ម្ដាយ​របស់​ព្រះ » ដែល​ឆេននីង​បាន​ចាត់ទុក​ថា​ជា « គោលលទ្ធិ​ដ៏​អស្ចារ្យ​ដំបូង​គេ​នៃ​គ្រិស្ដ​សាសនា » ។ គោលលទ្ធិ​មួយ​បែប​នោះ​នឹង​ទទួល​ស្គាល់​ភាព​ជា​ព្រះ​ថា​ជា ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ដែល​ថែទាំ​បុត្រ ជាជាង​ចៅក្រម​ដ៏​កាច​កាត់ទោស​តាម​សេចក្ដី​យុត្តិធម៌​ដ៏​តឹងរឹង ឬ​ជា​ម្ចាស់ផ្ទះ​ដែល​មិន​នៅ​ផ្ទះ ដែល​ធ្លាប់​ពាក់ព័ន្ធ​នឹង​រឿង​ខាង​លោកិយ​ពីមុន ប៉ុន្ដែ​ឥឡូវ​រវល់​នឹង​កន្លែង​ណា​ផ្សេងទៀត​ក្នុង​សកលលោក​នេះ ។

មែនហើយ សេចក្ដីសង្ឃឹម​យើង​នៅ​ក្នុង​ឆ្នាំ ១៨២០ គឺ​ត្រូវ​ស្វែងរក​បន្ទូល និង​ការណែនាំ​ពី​ព្រះ​ដោយ​បើក​ចំហរ​ក្នុង​ពេល​បច្ចុប្បន្ន​ដូចជា​ទ្រង់​បាន​ធ្វើ​កាល​ពី​អតីតកាល ព្រះបិតាពិត បាន​ញាណដឹង​នូវ​ពាក្យ​នោះ​ដោយ​ក្ដីស្រឡាញ់​បំផុត ។ ប្រាកដ​ណាស់ ទ្រង់​ មិនមែន ​បាន​ដឹកនាំ​ផ្ដាច់ការ​ដោយ​ឈាម​ត្រជាក់​រំលោភ​បំពាន ដែល​ជ្រើស​កំណត់​វាសនា​ឲ្យ​មាន​តែ​មនុស្ស​ពីរ​បី​នាក់​បាន​សេចក្ដី​សង្គ្រោះ រួចហើយ​ដាក់ឲ្យ​គ្រួសារ​មនុស្ស​ទាំង​ប៉ុន្មាន​ទៀត​ជាប់ទោស​នោះ​ទេ ។ ទេ ទ្រង់​គឺជា​អង្គ​ដែល​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង តាមរយៈ​ការប្រកាស​ពី​ស្ថានសួគ៌​សម្រាប់​ជា « ប្រយោជន៍​ដល់​មនុស្ស​លោក ត្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក » និង​បណ្ដាជន​ទាំងឡាយ​ដែល​រស់នៅ​លើ​លោក​នេះ ។ សេចក្ដី​ស្រឡាញ់​នោះ​គឺជា​មូលហេតុ​ដ៏​ធំ​របស់​ទ្រង់​ដែល​បាន​បញ្ជូន​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​មក​កាន់​ផែនដី​នេះ ។

ថ្លែង​ដល់​ព្រះយេស៊ូវ បើ​យើង​បាន​រស់​ក្នុង​ឆ្នាំ​ដំបូងៗ​នៃ​សតវត្សរ៍​ទី ១៩ នោះ​យើង​នឹង​បាន​ដឹង​ដោយ​ក្ដីបារម្ភ​ដ៏​ខ្លាំង​ថា មន្ទិល​សង្ស័យ​អំពី​ភាពពិត​នៃ​ព្រះជន្ម និង​ការរស់​ឡើងវិញ​របស់​ព្រះអង្គ​សង្គ្រោះ​ចាប់ផ្ដើម​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​នៅក្នុង​អាណាចក្រ​គ្រិស្ដ​សាសនា ។ ហេតុដូច្នេះ​ហើយ យើង​សង្ឃឹម​ថា​មាន​ភស្ដុតាង​មួយ​មក​កាន់​លោកិយ​ទាំងមូល ដែល​នឹង​បញ្ជាក់​ជា​សាក្សី​នៃ​គម្ពីរ​ប៊ីប​ថា ព្រះយេស៊ូវ​ គឺជា ​ព្រះគ្រីស្ទ ព្រះរាជបុត្រា​ពិត​របស់​ព្រះ ជា​អាល់ហ្វា និង​អូមេហ្គា និង​ជា​ព្រះអង្គ​សង្គ្រោះ​តែមួយ​គត់​ដែល​ពិភពលោក​នេះ​ធ្លាប់​ស្គាល់ ។ វា​ក៏​ជា​ក្ដី​សង្ឃឹម​ដ៏​ម៉ឺងម៉ាត់​របស់​យើង​ដែរ​ថា នឹង​មាន​ភស្ដុតាង​ខាង​បទគម្ពីរ​ផ្សេងទៀត​ត្រូវបាន​នាំ​មក ជា​អ្វីមួយ​ដែល​អាច​បង្កើត​ជា​ទីបន្ទាល់​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ពង្រីក និង​ចម្រើន​ចំណេះដឹង​យើង​អំពី​ការប្រសូត​ដ៏​អព្ភូតហេតុ ការងារ​បម្រើ​ដ៏​មហស្ចារ្យ ពលិកម្ម​ដ៏​ធួន និង​ការរស់​ឡើងវិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ពិតណាស់ ឯកសារ​មួយ​បែប​នោះ​គឺ​ជា « សេចក្ដី​សុចរិត [ ដែល​បាន​ចាត់ ] ឲ្យ​ចុះ​មក​ពី​ស្ថានសួគ៌ ហើយ​ឯ​សេចក្ដី​ពិត … [ បាន​ចាត់ ] ឲ្យ​ចេញ​ពី​ផែនដី​ទៅ » ។

ដោយ​សង្កេត​មើល​ពិភព​គ្រីស្ទាន​នៅ​ជំនាន់​នោះ យើង​បាន​សង្ឃឹម​ថា​នឹង​រកឃើញ​នរណា​ម្នាក់ ដែល​មាន​សិទ្ធិ​អំណាច​មកពី​ព្រះ មាន​សិទ្ធិ​អំណាច​បព្វជិតភាព​ដ៏​ពិត ដែល​អាច​ជ្រមុជទឹក​ឲ្យ​យើង ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ការតម្កើង​ឡើង ។ នៅ​ឆ្នាំ ១៨២០ យើង​នឹង​សង្ឃឹម​ថា​បាន​ឃើញ​ការសន្យា​ដ៏​មាន​វោហាសព្ទ​របស់​អេសាយ មីកា និង​ព្យាការី​ពី​បុរាណ​ផ្សេងទៀត​បាន​បំពេញ ដែល​ទាក់ទង​នឹង​ការត្រឡប់​មក​វិញ​នៃ​ដំណាក់​ដ៏​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់ ។ យើង​នឹង​រំភើប​ចិត្ត​ចង់​ឃើញ​សិរី​រុងរឿង​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ​បាន​ស្ថាបនា​ឡើង​ម្ដងទៀត ជាមួយ​ព្រះវិញ្ញាណ ពិធីបរិសុទ្ធ អំណាច និង​សិទ្ធិ​អំណាច​ដើម្បី​បង្រៀន​ពី​សេចក្ដីពិត​ដ៏​អស់កល្ប ព្យាបាល​របួស​ផ្ទាល់ខ្លួន និង​ចង​ក្រុមគ្រួសារ​ជាមួយគ្នា​ជា​និរន្ដរ៍​តទៅ ។ ខ្ញុំ​នឹង​ដើរ​រក​នៅ​គ្រប់​កន្លែង​ទាំងអស់ ដើម្បី​រកឲ្យ​ឃើញ​នរណាម្នាក់​ដែល​មាន​សិទ្ធិ​អំណាច​និយាយ​មក​ខ្ញុំ និង​ផាទ្រីសៀ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​ថា អាពាហ៍ពិពាហ៍​របស់​យើង​ក្នុង​មជ្ឈដ្ឋាន​មួយ​បែប​នេះ​ត្រូវបាន​ផ្សារភ្ជាប់​សម្រាប់​ពេលវេលា និង​ភាពអស់កល្ប​ជានិច្ច ហើយ​មិន​ដែល​ឮ ឬ​រង​សម្ពាធ​ដោយ​ពាក្យ​ដ៏​ពិបាក​ភ្លេច​ថា « អ្នក​បែក​គ្នា​ត្រឹម​ពេល​ស្លាប់ » ។ ខ្ញុំ​ដឹង​ថា « នៅក្នុង​ដំណាក់​នៃ​ព្រះវរបិតា [ យើង ] មាន​ទី​លំនៅ​ជាច្រើន » ប៉ុន្ដែ​បើ​និយាយ​ចំពោះ​ខ្លួន​ខ្ញុំ​វិញ បើ​ខ្ញុំ​មាន​សំណាង​ខ្លាំង​ដើម្បី​អាច​គ្រង​មរតក​ដំណាក់​មួយ​នោះ វា​គ្រប់គ្រាន់​ហើយ​ត្រឹមជា​ខ្ទម​ចាស់​មួយ បើ​ផេទ និង​កូនៗ​យើង​មិន​រស់នៅ​ក្នុង​កេរតំណែល​នោះ​ជាមួយ​ខ្ញុំ​ទេ ។ ហើយ​សម្រាប់​បុព្វការីជន​របស់​យើង ដែល​អ្នកខ្លះ​បាន​រស់នៅ និង​ស្លាប់​កាលពី​បុរាណ​ដោយ​មិន​ទាំង​បាន​ឮ​ឈ្មោះ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ផង​នោះ យើង​បាន​សង្ឃឹម​ថា​នឹង​មាន​គោលគំនិត​ដ៏​យុត្តិធម៌ និង​មេត្តា​បំផុត​ក្នុង​គម្ពីរ​ប៊ីប​បាន​ស្ដារ​ឡើងវិញ​—​ការអនុវត្ត​ការថ្វាយ​របស់​អ្នក​នៅរស់​ក្នុង​ការ​ធ្វើ​ពិធីបរិសុទ្ធ​ដ៏​សង្គ្រោះ​ជំនួស​ឲ្យ​មរណជន​ដែលជា​សាច់ញាតិ​របស់​គេ ។ ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ​ការអនុវត្ត​ណា​ដែល​នឹង​បង្ហាញ​យ៉ាង​ត្រចះត្រចង់​ខ្លាំង​ជាងនេះ អំពី​ការបារម្ភ​របស់​ព្រះ​ជាទី​ស្រឡាញ់​ដល់​បុត្រា​បុត្រី​លើ​ផែនដី​ទាំងអស់​របស់​ទ្រង់ មិន​ថា​ពួកគេ​បាន​រស់នៅ​នៅពេល​ណា ឬ​ស្លាប់​នៅ​កន្លែង​ណា​នោះ​ទេ ។

មែនហើយ បញ្ជី​ក្ដី​សង្ឃឹម​របស់​យើង​នៅ​ឆ្នាំ ១៨២០ អាច​បន្ដ​ទៀត​បាន ប៉ុន្ដែ​ប្រហែល​សារលិខិត​ដ៏​សំខាន់​បំផុត​នៃ​ការស្ដារ​ឡើង​វិញ​គឺ​ថា សេចក្ដី​សង្ឃឹម​បែប​នោះ​នឹង​ មិន ​ជា​ការអសារ​បង់​ឡើយ ។ ដោយ​ចាប់ផ្ដើម​នៅក្នុង​ព្រៃ​ពិសិដ្ឋ និង​បន្ដ​មក​ដល់​សព្វថ្ងៃ​នេះ បំណង​ប្រាថ្នា​ទាំងនេះ​បាន​ចាប់ផ្ដើម​ក្លាយជា​ការពិត ហើយ​ដូចជា​សាវក​ប៉ុល និង​អ្នកដទៃ​ទៀត​បាន​បង្រៀន​ដែរ វា​នឹង​ក្លាយជា​យុថ្កា​ដ៏​ពិត​សម្រាប់​ព្រលឹង ដែល​ពិត​ប្រាកដ និង​ខ្ជាប់ខ្ជួន ។ អ្វី​ដែល​ធ្លាប់តែ​បាន​សង្ឃឹម​ពីមុន​មក ឥឡូវ​នេះ​បាន​ក្លាយជា​ប្រវត្តិសាស្ដ្រ ។

ដូច្នេះ​ហើយ នេះ​ជា​ការងាក​ទៅ​មើល ២០០ ឆ្នាំ​មុន​នៃ​សេចក្ដី​ល្អ​សប្បុរស​របស់​ព្រះ​ចំពោះ​ពិភពលោក​របស់​យើង ។ ចុះ​តើ​ការទន្ទឹង​មើល​របស់​យើង​នា​ពេល​ខាង​មុខ​នោះ​ជា​អ្វីវិញ ? យើង​នៅតែ​មាន​សេចក្ដី​សង្ឃឹម​ដែល​ មិន ​ទាន់​បាន​បំពេញ​នៅឡើយ ។ សូម្បី​ពេល​យើង​និយាយ​នេះ យើង​កំពុង​ប្រយុទ្ធ​នឹង​ចម្បាំង « គ្រោះ​អាសន្ន​បន្ទាន់ » ជាមួយ​ជំងឺ កូវិដ-១៩ វា​ជា​ការរំឭក​ដ៏​មុតមាំ​មួយ​ថា វីរុស​មួយ​តូចជាង​គ្រាប់​ខ្សាច់ ១០០ ដង ១០អាច​បង្ក្រាប​ប្រជាជន​ទូទាំង​ពិភពលោក និង​សេដ្ឋកិច្ច​ជា​សកល ធ្លាក់ដល់​ដី ។ យើង​អធិស្ឋាន​សម្រាប់​អស់​អ្នក​ដែល​បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​​នៅ​ក្នុង​គ្រោះចង្រៃ​បច្ចុប្បន្ន​នេះ ក៏​ដូចជា​អ្នក​ទាំងឡាយ​ណា​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ឆ្លង​មេរោគ​ឬ​មាន​ហានិភ័យ ។ យើង​អធិស្ឋាន​ដោយ​ដោយ​ជាក់លាក់​សម្រាប់​អស់​អ្នក​ដែល​ផ្តល់​មើលថែទាំ​សុខភាព​ដ៏​អស្ចារ្យ​បែបនេះ។ នៅពេល​យើង​បាន​យក​ឈ្នះ​រឿង​នេះ—ហើយ​យើង​នឹង​យក​ឈ្នះ​វា—សូម​យើង​តាំង​ចិត្ត​ដូចគ្នា​ដើម្បី​រំដោះ​ពិភពលោក​ពី​វីរុស​នៃ​ការ​ស្រេកឃ្លាន​រំដោះ​អ្នកជិតខាង និង​ជាតិសាសន៍​នានា​ពី​វីរុស​នៃ​ភាព​ក្រីក្រ​ផងដែរ ។ សូម​ឲ្យ​យើង​សង្ឃឹម​ចង់​បាន​សាលា​ដែល​មាន​សិស្ស​រៀន​—ដោយ​មិន​ភ័យ​ខ្លាច​ថា ពួកគេ​នឹង​ត្រូវ​គេ​បាញ់​សមា្លញ់—​និង​អំណោយទាន​នៃ​សេចក្ដី​ថ្លៃថ្នូរ​ផ្ទាល់ខ្លួន​សម្រាប់​បុត្រ​របស់​ព្រះ​គ្រប់រូប​មិន​ត្រូវ​បំផ្លាញ​ដោយ​ការប្រកាន់​ជាតិសាសន៍ ពណ៌​សម្បុរ ឬ​សេចក្ដី​លំអៀង​ក្នុង​ខាង​សាសនា​ក្នុង​ទម្រង់​ ផ្សេងៗ​ទៀត ឡើយ ។ និយាយ​ជារួម​មក ទាំងអស់​នេះ​ជា​ក្ដីសង្ឃឹម​ដ៏​ឥត​ស្រាកស្រាន​របស់​យើង​ចង់​បាន​ភក្ដីភាព​ដ៏​អស្ចារ្យ​ជាង​នេះ​ចំពោះ​បទបញ្ញត្តិ​ធំ​ទាំង​ពីរ ៖ គឺ​ស្រឡាញ់​ព្រះ ដោយ​ការធ្វើ​តាម​ដំបូន្មាន​របស់​ទ្រង់ និង​ស្រឡាញ់​អ្នកជិត​ខាង​យើង ដោយ​ការបង្ហាញ​ចិត្ត​សន្ដោស និង​ក្ដី​មេត្តា​ករុណា អំណត់ និង​ការអភ័យ​ទោស ។១១ សេចក្តីបង្គាប់​ដ៏​ធំ​មកពី​ព្រះ​ទាំង​ពីរ​នេះ​គឺ​នៅតែ​—​ហើយ​នឹង​ជារៀង​រហូត—​ជា​ក្ដី​សង្ឃឹម​ដ៏​ពិត​តែមួយ​គត់​ដែល​យើង​មាន ដើម្បី​ផ្ដល់​ឲ្យ​កូនចៅ​របស់​យើង​នូវ​ពិភពលោក​ដ៏​ប្រសើរ​មួយ ជាង​អ្វី​ដែល​ពួកគេ​ស្គាល់​នា​ពេល​នេះ ។១២

បន្ថែម​លើ​បំណង​ប្រាថ្នា​ដល់​ពិភពលោក​ទាំង​នេះ អ្នកស្ដាប់​ជាច្រើន​ក្នុង​ថ្ងៃនេះ​ក៏​មាន​ក្ដី​សង្ឃឹម​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ​ផងដែរ ៖ ក្ដីសង្ឃឹម​ចង់​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​ល្អ​ឡើង ឬ​ពេលខ្លះ​គ្រាន់តែ​ជា​ក្ដី​សង្ឃឹម​ចង់​បាន​អាពាហ៍ពិពាហ៍​មួយ ក្ដី​សង្ឃឹម​ចង់​យកឈ្នះ​លើ​ការញៀន ក្ដី​សង្ឃឹម​ចង់​ឲ្យ​កូន​ចចេស​ម្នាក់​ត្រឡប់​មក​វិញ ក្ដី​សង្ឃឹម​ចង់​ឲ្យ​ការឈឺចាប់​ខាង​រូបកាយ និង​ខាង​អារម្មណ៍​គ្រប់​ជំពូក​បាន​ឈប់​ទៅ ។ ដោយសារ​ការស្ដារ​ឡើងវិញ​បញ្ជាក់​ជាថ្មី​ដល់​សេចក្ដីពិត​ជា​មូលដ្ឋាន​ថា ព្រះ​ពិតជា​ធ្វើការ​ក្នុង​ពិភពលោក​នេះ ដើម្បី​ឲ្យ​យើង​ អាច ​សង្ឃឹម​បាន ហើយ​យើង​ គួរតែ ​សង្ឃឹម ទោះជា​ពេល​ប្រឈម​នឹង​ការចម្លែក​ដែល​មិន​អាច​យក​ឈ្នះ​បាន​យ៉ាងណា​ក្ដី ។ នោះ​គឺជា​អ្វី​ដែល​បទគម្ពីរ​ចង់​មាន​ន័យ ពេល​អ័ប្រាហាំ​អាច​សង្ឃឹម​បាន​ពេល​អស់​សង្ឃឹម១៣នោះ​គឺ​ថា លោក​អាច​ជឿ ទោះជា​មាន​មូលហេតុ​គ្រប់យ៉ាង​ដើម្បី​ មិន ជឿ​ក្ដី—​ថា​លោក និង​សារ៉ាយ​របស់​លោក​អាច​មាន​កូន​បាន ពេល​ការណ៍​នោះ​ហាក់​ជា​រឿង​មិន​អាច​ធ្វើបាន​ទាំងស្រុង​ក្ដី ។ ដូច្នេះ ខ្ញុំ​សួរ​ថា « ប្រសិនបើ​ក្ដី​សង្ឃឹម​ឆ្នាំ ១៨២០ របស់​យើង​ជាច្រើន​អាច​ចាប់ផ្ដើម​បំពេញ​បាន​ដោយសារ​ពន្លឺ​ដ៏​ទេវភាព​មួយ​បញ្ចាំង​ដល់​ក្មេងប្រុស​ម្នាក់ ដែល​លុត​ជង្គង់​នៅ​ក្រោម​ដើមឈើ​មួយ​នៅ​រដ្ឋ​នូវយ៉ក​ខាង​ជើង ហេតុអ្វី​យើង​មិន​សង្ឃឹម​ដែរ​ថា បំណង​ប្រាថ្នា​សុចរិត និង​ការចង់​បាន​ដូចជា​ព្រះគ្រីស្ទ​នៅតែ​អាច​បាន​ឆ្លើយតប​យ៉ាង​អស្ចារ្យ និង​ប្រកប​ដោយ​អព្ភូតហេតុ ពី​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ទាំងអស់​នោះ ? » យើង​ទាំងអស់​គ្នា​ត្រូវ​ជឿ​ថា អ្វី​ដែល​យើង​ប្រាថ្នា​ក្នុង​ក្ដី​សុចរិត​អាច​ក្លាយជា​របស់​យើង​នៅ​ថ្ងៃ​ណាមួយ តាម​របៀប​មួយ​មិន​ខាន ។

បងប្អូន​ប្រុស​ស្រី យើង​ដឹង​ពី​អ្វី​ដែល​ខ្វះខាត​ក្នុង​សាសនា​នៅ​ដើម​សតវត្សរ៍​ទី ១៩ ។ លើសពី​នេះ យើង​ដឹង​ពី​កំហុស​ខ្លះ​ក្នុង​សាសនា​នៅ​សព្វថ្ងៃ​នេះ ដែល​នៅតែ​បន្សល់​ឲ្យ​មាន​ការស្រេក​ឃ្លាន និង​ក្ដី​សង្ឃឹម​ចង់​បាន​អ្វី​ដែល​មិន​ទាន់​បំពេញ​នៅឡើយ ។ យើង​ដឹង​ថា ការមិន​ពេញចិត្ត​ទាំងនោះ​ជាច្រើន​កំពុង​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ចាកចេញ​ពី​ស្ថាប័ន​សាសនាតាម​បែប​ប្រពៃណី ។ យើង​ក៏​ដឹង​ដែរ គឺ​ដូចជា​អ្នកនិពន្ធ​ដែល​យល់​ច្បាស់​ម្នាក់​បាន​សរសេរ​ថា « អ្នកដឹកនាំ​សាសនា​ជាច្រើន [ នៅ​ជំនាន់​នោះ ] ហាក់​មិន​យល់ » ទេ ពេល​ថ្លែង​អំពី​ការធ្លាក់ចុះ​បែប​នេះ ហើយ​ឆ្លើយតប​វិញ​នូវ « ការបង្រៀន​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ល្អ​ចំពោះ​ខ្លួន​ឯង ការ​ចូល​រួម​នឹង​បុព្វហេតុ​ដែល​ឥត​ប្រយោជន៍ ការនិយាយ​ល្អ​ក្នុង​ន័យ​អាក្រក់ [ ឬ ពេលខ្លះ​គ្រាន់តែ ] ជា​សម្ដី​ឥត​ប្រយោជន៍​មិន​បំផុស​គំនិត »១៤—ហើយ​អ្វី​ទាំងអស់​ក្នុង​ពេល​តែមួយ កាល​ពិភពលោក​ត្រូវការ​អ្វី​ច្រើន​បន្ថែម​ទៀត កាល​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ស័ក្ដិសម​នឹង​អ្វី​ជាច្រើន​ទៀត ហើយ​កាល​ដែល​នៅ​ជំនាន់​របស់​ព្រះយេស៊ូវ ទ្រង់​បាន​ផ្ដល់​អ្វី​ជាច្រើន​បន្ថែម​ទៀត ។ ក្នុង​នាមជា​សិស្ស​របស់​ព្រះគ្រីស្ទ នៅ​ជំនាន់​របស់​យើង យើង​អាច​រះ​ផុត​លើស​សាសន៍​អ៊ីស្រាអែល​ពីបុរាណ​ទាំងនោះ​ដែល​បាន​ថ្ងូរ​ថា « ឆ្អឹង​យើង​រាល់​គ្នា​ស្ងួតហែង​ហើយ ទី​សង្ឃឹម​របស់​យើង​ក៏​បាត់​អស់​ទៅ » ។១៥ តាមពិត​ទៅ បើ​យើង​បាត់បង់​ក្ដី​សង្ឃឹម​នៅ​ចុង​បញ្ចប់ នោះ​យើង​នឹង​បាត់បង់​កម្មសិទ្ធិ​ដែល​បាន​គាំទ្រ​ចុងក្រោយ​របស់​យើង​ដែរ ។ វា​គឺ​នៅលើ​ទ្វារ​នរក​ដែល ដេនធឺ បាន​សរសេរ​ការព្រមាន​មួយ​ដល់​អ្នកដំណើរ​ទាំងអស់​នោះ​តាមរយៈ Divina Commedia របស់​លោក ៖ លោក​បាន​ថ្លែង​ថា « បោះបង់​សេចក្ដី​សង្ឃឹម​ទាំងអស់ អ្នក​ដែល​ចូល​មក​ទីនេះ » ។១៦ ពិត​ណាស់ ពេល​ក្ដី​សង្ឃឹម​បាន​បាត់បង់​ទៅ អ្វី​ដែល​យើង​នៅ​សល់​គឺជា​ភ្លើង​ស្ថាន​នរក​ដែល​កំពុង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​នៅ​គ្រប់​ជ្រុង ។

ដូច្នេះ ពេល​ខ្នង​យើង​ទល់​នឹង​ជញ្ជាំង ហើយ​ដូច​ទំនុក​តម្កើង​ច្រៀង​ថា « ពេល​អ្នកដទៃ​ពុំ​អាច​ជួយ​លួងលោម​ចិត្ត »១៧ នោះ​ក្នុង​ចំណោម​គុណធម៌​ដ៏​ចាំបាច់​បំផុត​របស់​យើង​នឹង​ជា​អំណោយ​ដ៏​មាន​តម្លៃ​នៃ​សេចក្ដី​សង្ឃឹម​នេះ ដែល​ទាក់ទង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះ និង​សប្បុរសធម៌​របស់​យើង​ចំពោះ​មនុស្ស​ដទៃ ។

ក្នុង​ពេល​ពីរ​សតវត្សរ៍​នេះ ពេល​យើង​ក្រឡេក​មើល​ទៅ​ក្រោយ​ដើម្បី​មើល​អ្វី​ទាំងអស់​ដែល​យើង​បាន​ទទួល ហើយ​រីករាយ​ក្នុង​ការដឹង​ថា ក្ដី​សង្ឃឹម​ជាច្រើន​ត្រូវបាន​បំពេញ នោះ​ខ្ញុំ​សូម​បន្ទរ​គំនិត​ស្រដៀង​គ្នា​នេះ​ពី​ស៊ិស្ទើរ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​ត្រឡប់​មក​វិញ ដែល​មាន​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាត​ម្នាក់ ដែល​ថ្លែង​មក​កាន់​យើង​នៅ​ក្រុង​យ៉ូហាន​ណេសប៊ើក គ្រាន់​តែ​ពីរ​បី​ខែ​មុន​ថា « [ យើង ] មិន​មែន​មក​បាន​ឆ្ងាយ​ប៉ុណ្ណេះ ដើម្បី​បាន​ឆ្ងាយ​តែ​ត្រឹម​នេះ​ទេ » ។១៨

ដោយ​សម្រាយ​សម្ដី​លាគ្នា​ដ៏​បំផុស​គំនិត​បំផុត​មួយ ដែល​ធ្លាប់​បាន​កត់ត្រា​ក្នុង​បទគម្ពីរ ខ្ញុំ​សូម​និយាយ​ជាមួយ​ព្យាការី​នីហ្វៃ និង​ស៊ិស្ទើរ​វ័យក្មេង​នោះ​ថា

« បងប្អូន [ ប្រុស​ស្រី ] ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ បន្ទាប់​ពី​អ្នក​បាន [ ទទួល​ផលផ្លែ​ដំបូង​នៃ​ការស្ដារ​ឡើងវិញ​ទាំងនេះ ] ហើយ ខ្ញុំ​សួរថា​តើ​បាន​សម្រេច​សព្វ​គ្រប់​ហើយ​ឬ​នៅ ? មើល​ចុះ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ថា ទេ ។ …

« … ហេតុដូច្នេះ​ហើយ អ្នក​រាល់គ្នា​ត្រូវតែ​ឈាន​ទៅ​មុខ​ ដោយ​ខ្ជាប់ខ្ជួន​នៅក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥតខ្ចោះ ហើយ​ដោយ​មាន​ចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់​រូប ។​… បើ​សិន​ជា​អ្នករាល់​គ្នា [ , ] … នោះ​ព្រះវរបិតា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ៖ អ្នករាល់​គ្នា​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ។១៩

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​ថ្លែង​អំណរគុណ​សម្រាប់​អ្វី​ទាំងអស់ ដែល​យើង​បាន​ទទួល​ក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ដ៏​អស្ចារ្យ​បំផុត និង​ចុងក្រោយ​នេះ ជា​គ្រា​កាន់កាប់​ត្រួតត្រា​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ អំណោយទាន និង​ពរជ័យ​ទាំងឡាយ​ដែល​ហូរ​មកពី​ដំណឹងល្អ​នោះ​ជា​អ្វីៗ​គ្រប់យ៉ាង​ចំពោះ​ខ្ញុំ​—​គឺ​អ្វី​ទាំងអស់​—​ដូច្នេះ​ក្នុង​កិច្ច​ខំប្រឹង​អរព្រះគុណ​ដល់​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ចំពោះ​អ្វី​ទាំងនោះ ខ្ញុំ​មាន « ការសន្យា​ដែល​ត្រូវ​រក្សា ហើយ​ត្រូវ​ដើរ​រាប់​រយ​គីឡូម៉ែត្រ​ទៀត​មុន​ចូល​សម្រាន្ដ ហើយ​ត្រូវ​ដើរ​រាប់​រយ​គីឡូម៉ែត្រ​ទៀត​មុន​ចូល​សម្រាន្ដ » ។២០ សូម​យើង​ឆ្ពោះ​ទៅមុខ​ដោយ​មាន​ក្ដី​ស្រឡាញ់​ក្នុង​ដួងចិត្ត​យើង ដោយ​ដើរ​ក្នុង « ការភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម »២១ ដែល​នឹង​បំភ្លឺ​ផ្លូវ​នៃ​ការរំពឹង​ទុក​ដ៏​បរិសុទ្ធ ដែល​យើង​បាន​ស្ថិត​លើ​នា​ពេល​នេះ​អស់​ពេល ២០០ ឆ្នាំ​មក​ហើយ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា អនាគតកាល​នឹង​បាន​ពេញ​ដោយ​អព្ភូតហេតុ និង​មាន​ពរជ័យ​ដ៏​បរិបូរណ៍ ដូចជា​ពេល​អតីតកាល​ដែរ ។ យើង​មាន​មូលហេតុ​គ្រប់​យ៉ាង​ដើម្បី​សង្ឃឹម​ចង់​បាន​ពរជ័យ ដែល​អស្ចារ្យ​ជាង​អ្វី​ដែល​យើង​បាន​ទទួល​រួច​មក​ហើយ ដោយសារ​នេះ​គឺជា​កិច្ចការ​របស់​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ នេះ​គឺជា​សាសនាចក្រ​ដែល​មាន​វិវរណៈ​ឥត​ដាច់ ហើយ​នេះ​គឺជា​ដំណឹងល្អ​នៃ​ព្រះគុណ​របស់​ព្រះគ្រីស្ទ និង​ចិត្ត​មេត្តា​ដែល​គ្មាន​ព្រំដែន ។ ខ្ញុំ​សូម​ថ្លែង​សាក្សី​អំពី​សេចក្ដីពិត​ទាំងអស់​នេះ និង​ការណ៍​ជា​ច្រើន​ទៀត នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕