សន្និសីទទូទៅ
របៀប​ដែល​បព្វជិតភាព​ផ្តល់ពរ​ដល់​យុវវ័យ
កំណត់ចំណាំ​នៅ​បាត
បាវចនា

របៀប​ដែល​បព្វជិតភាព​ផ្តល់ពរ​ដល់​យុវវ័យ

យើង​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​បម្រើ​ដូច​ជា​ពួកទេវតា​ដើម្បី​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់​ទ្វីប​ទាំងអស់​នៃ​ផែនដី​នេះ ហើយ​ជួយ​ដល់​ព្រលឹង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

បងប្អូន​ប្រុសស្រី ខ្ញុំ​ពិត​ជា​មាន​អំណរគុណខ្លាំងណាស់​ដែល​បាន​និយាយ​ទៅ​កាន់​បងប្អូន​នៅ​ល្ងាច​ជា​ប្រវត្តិសាស្ត្រ​នេះ​អំពី​អំណោយទាន​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព និង​អំណាច​ដ៏​អស្ចារ្យ​ដែល​វា​មាន​ដើម្បី​ប្រទានពរ​ដល់​យុវវ័យ​នៅ​ក្នុង​សម័យ​កាន់កាប់ត្រួតត្រា​នេះ ។ ខ្ញុំ​អធិស្ឋាន​ថា​ទោះបី​ខ្ញុំ​មាន​ភាពមិនល្អឥតខ្ចោះ​ក៏​ដោយ ក៏​ព្រះវិញ្ញាណ​នឹង​ជួយ​ខ្ញុំ​ក្នុង​ការបង្រៀន​សេចក្តីពិត​ដែរ ។

គណៈប្រធាន​ទីមួយ​បាន​រំឭក​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​ថា « ក្មួយៗ​រស់នៅ​ក្នុង​សម័យ​មួយ​ដែល​ពោរពេញ​ដោយ​ឱកាស និង​ឧបសគ្គ—ជាច្រើន សម័យ​មួយ​ដែល​បព្វជិតភាព​ត្រូវបាន​ស្ដារ​ឡើង​វិញ ។ ក្មួយៗ​មាន​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​អើរ៉ុន ។ នៅ​ពេល​បងប្អូន​អនុវត្ត​សិទ្ធិអំណាច​នោះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ដោយ​មាន​ភាពស័ក្ដិសម នោះ​បងប្អូន​នឹង​ធ្វើ​ឲ្យ​ជីវិត​នៃ​មនុស្ស​ទាំងឡាយ ដែល​រស់នៅ​ជុំ​វិញ​បងប្អូន​បាន​ទទួល​ពរជ័យ​យ៉ាង​មហិមា » ។ ក្នុង​នាម​ជា​យុវជន​នៃ​សាសនាចក្រ​យើង​ក៏​ត្រូវ​បាន​រំឭក​ថា ពួក​យើង​« ជា [ បុត្រ ] សំណព្វ​នៃ​ព្រះ ហើយ​ទ្រង់​មាន​កិច្ច​ឲ្យ [ យើង ] ធ្វើ »ហើយ​យើង​ជួយ​ក្នុង​កិច្ចការ​របស់​ទ្រង់ « គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព​និង​ជីវិត​ដ៏​នៅ អស់កល្ប​ជានិច្ច​ដល់​មនុស្ស »(ម៉ូសេ ១:៣៩ ។

បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​នៃ​ដំណឹង​របស់​ព្រះអង្គសង្រ្គោះ​ចំពោះ​មនុស្ស​គ្រប់រូប​ដែល​មាន​ភាពស័ក្តិសម ដើម្បី​ទទួល​យក​ពិធីបរិសុទ្ធ​ទាំងនេះ ។ តាមរយៈ​ពិធីបរិសុទ្ធ​បព្វជិតភាព​ទាំងនេះ​និង​សេចក្តី​សញ្ញា​ពិសិដ្ឋ​ទាំងឡាយ បាន​នាំ​មក​នូវ​ពរជ័យ​ពេញលេញ​នៃ​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​ដែល​ជួយ​យើង​ឲ្យ​សម្រេច​ជោគវាសនា​ដ៏​ទេវភាព​របស់​យើង ។

យ៉ូសែប ស្ម៊ីធ ជា​យុវជន​ម្នាក់​ដែល​ត្រូវ​បាន​ហៅ​ដោយ​ព្រះ​ដើម្បី​ស្តារឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ គ្រីស្ទ និង ដោយ​សារ​តែ​គោលបំណង​នោះ​ទើប​បព្វជិតភាព​ត្រូវ​បាន​ប្រទាន​ឲ្យ ដែល​លោក​បាន​ប្រើ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​លោក​ទាំងអស់ ។ គោលលិទ្ធិ​និង សេចក្តី​សញ្ញា ១៣៥​ដក់ស្រង់​ពរជ័យ​ជា​ច្រើន​ដែល​យ៉ូសែប​បាន​ផ្តល់​ដល់​យុវវ័យ​នៃ​សម័យកាន់កាប់ត្រួតត្រា​នេះ ។ យើង​អាន​ថា​« យ៉ូសែប ស្ម៊ីធ …​បាន​សម្រេច​ច្រើន​ជាងគេ លើក​លែង​តែ​ព្រះយេស៊ូវ​ប៉ុណ្ណោះ សម្រាប់​សេចក្តី​សង្រ្គោះ​ដល់​មនុស្ស​លោក​នេះ ជាង​មនុស្ស​ផ្សេងៗ​ទៀត​ដែល​ធ្លាប់​រស់​នៅ​លោកនេះ។… លោក​បាន​នាំ​មក​នូវ​ព្រះគម្ពីរមរមន… បាន​បញ្ចូល​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដ៏​អស់កល្បអស់កាល​ជានិច្ច…​ដល់ទៅទិស​ទាំងបួន​នៃ​ផែនដី បាននាំ​មក​នូវ​វិវរណៈទាំងឡាយ និង​ព្រះបញ្ញត្តិទាំងឡាយ​ដែល​ចង់ក្រង​[ ធ្វើ ] ព្រះគម្ពីរគោលលទ្ធិ និង​សេចក្តីសញ្ញានេះ … បាន​ប្រមូល​ពួកបរិសុទ្ធ​នៅ​ថ្ងៃ​ចុង​ក្រោយ​…ជា​ច្រើន​ពាន់​នាក់​ហើយ​ទុក​ឈ្មោះ​ល្បីល្បាញ ដែល​ពុំអាច​ប្រហារ​ចោល​បាន​ឡើយ » ។( គោលលទ្ធិ និង​សេចក្តីសញ្ញា ១៣៥:៣ ) ។

ដើម្បី​បម្រើ​យ៉ាង​មាន​ប្រសិទ្ធិភាព​ដូច​យ៉ូសែប​បាន​​យើង​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ស័ក្តិសម​ដើម្បី​ប្រើ​អំណាច​បព្វជិតភាព​របស់​ព្រះអម្ចាស់ ។ ខណៈ​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន យ៉ូសែប និង អូលីវើរ បាន​ចង់​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ប៉ុន្តែ​ពួក​លោក​ខ្វះ​នូវ​សិទ្ធិ​អំណាច​ដ៏​ត្រឹមត្រូវ ។ នៅ​ថ្ងៃទី​១៥​ខែ​ឧសភា ឆ្នាំ​១៨២៩ ពួក​លោក​បាន​លុតជង្គង់​អធិស្ឋាន ហើយ​យ៉ូហាន បាទីស្ទ​បាន​មក​ជួប ព្រមទាំង​បានកូនសោ​និង​សិទ្ធិ​អំណាច​នៃ​បព្វជិតភាព​អើរ៉ុន​ដល់​ពួកលោក ដោយ​ថ្លែងថា ៖ « នៅ​លើ​អ្នក​ជា​ពួក​អ្នកបម្រើ​ដូច​រូប​ខ្ញុំ​អើយ ដោយ​នូវ​ព្រះនាម​នៃព្រះមែស៊ី ខ្ញុំ​សូម​ប្រគល់​បព្វជិតភាព​អើរ៉ុន ដែល​កាន់​កូនសោ​ទាំងឡាយ​អំពី​ការបម្រើ​នៃ​ពួកទេវតា និង​អំពីដំណឹងល្អ​នៃ​ការប្រែចិត្ត និង​អំពី​បុណ្យជ្រមុជទឹក ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់បាប »​( គោលលិទ្ធិ និង​សេចក្តីសញ្ញា ១៣:១ ) ។

យើង​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​បម្រើ​ដូច​ជា​ពួកទេវតា​ដើម្បី​ប្រកាស​ដំណឹងល្អ​នៅ​គ្រប់​ទ្វីប​ទាំងអស់​នៃ​ផែនដី​នេះ ហើយ​ជួយ​ដល់​ព្រលឹង​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។ ការបម្រើ​នេះ​បាន​ដាក់​យើង​ឲ្យ​ធ្វើ​ការ​រួម​គ្នា​ជាមួយ​នឹង​យ៉ូហាន បាទីស្ទ មរ៉ូណៃ យ៉ូសែប ស្ម៊ីធ ប្រធាន រ័សុល​ណិលសុន និង​ពួក​អ្នក​បម្រើ​ដ៏​ឧស្សាហ៍​ផ្សេង​ទៀត​របស់​ព្រះអម្ចាស់ ។

ការបម្រើ​យើង​នៅ​ក្នុង និង​​ជាមួយនឹង​បព្វជិតភាព​របស់​ទ្រង់ ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ការ​លះបង់​ខ្ពស់​រួមគ្នា​ធ្វើ​តាម ហើយ​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ឥតលម្អៀង ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​ដឹង​ថា​អាច​នឹង​ពិបាក​នៅ​ពេល​យើង​ប្រឈម​នឹង​ឧបសគ្គ​នៃ​យុវវ័យ ។ ប៉ុន្តែ​ការរួបរួម​ជាមួយ​ពួកអ្នក​បម្រើ​ទាំងនេះ​របស់​ព្រះអម្ចាស់​ក្នុង​ការសម្រច​កិច្ចការ​របស់​ទ្រង់​នឹង​ជួយ​ពង្រឹង​យើង​ប្រឆាំង​នឹង​ការល្បួង​និង​ការឆបោក​របស់​មារសត្រូវ ។ បងប្អូន​អាច​ធ្វើ​ជា​ពន្លឺ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​មិន​ស្គាល់​ពី​ខ្លួនឯង​ច្បាស់ ។ ពន្លឺ​នៅ​ក្នុង​ខ្លួន​អ្នក​នឹង​ជះ​ពន្លឺ​យ៉ាង​ខ្លាំង​រហូត​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​អ្នក​ស្គាល់​នឹង​មាន​ពរដោយ​គ្រាន់​តែ​ពួកគេ​នៅ ជិត​នឹង​បងប្អូន​ប៉ុណ្ណោះ ។ ពេល​ខ្លះ​វា​ពិបាក​ក្នុង​ការ​ស្គាល់​វត្តមាន​របស់​ដៃគូ​ខាង​វិញ្ញាណ​របស់​យើង​ប៉ុន្តែ​ខ្ញុំ​មាន​អំណរគុណ​ដែល​ដឹង​ថា​ខ្ញុំ​ជា​សមាជិក​នៃ​កូរ៉ុម​បព្វជិតភាព​ដ៏​ស្មោះត្រង់​ម្នាក់​ដែល​ខ្ញុំ​អាច​ធ្វើការ​ដើម្បី​កាន់​តែជិតស្និទ្ធ​នឹង​ព្រះគ្រីស្ទ ។

រួម​ជាមួយ​មិត្តភក្តិ​និង​ក្រុមគ្រួសារ​របស់​យើង​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ជា​ដៃ​គូ​ដ៏ស្មោះត្រង់ និង​គួរ​ឲ្យ​ទុកចិត្ត​បំផុត​របស់​យើង ។ ប៉ុន្តែ​ដើម្បី​អញ្ជើញ​ភាពជាដៃគូ​ដ៏​ខ្ជាប់ខ្ជួន​របស់​យើង យើង​ត្រូវ​តែ​ដាក់ខ្លួន​យើង​នៅក្នុង​ស្ថានភាព និង​កន្លែង​ដែល​ទ្រង់​សព្វព្រះទ័យ​គង់នៅ ។ អ្វីៗ​ទាំងនេះ​អាច​ចាប់ផ្តើម​នៅ​ក្នុង​ផ្ទះ​របស់​យើង នៅ​ពេល​យើង​ខិតខំ​ធ្វើ​ឲ្យ​ផ្ទះ​យើង​ក្លាយ​ជា​កន្លែង​បរិសុទ្ធ​ដោយ​ចូលរួម​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​និង​ការអធិស្ឋាន​ជា​ក្រុមគ្រួសារ ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត នៅ​ពេល​យើង​សិក្សាព្រះគម្ពីរ​រៀងៗខ្លួន និង​ការអធិស្ឋាន​ផ្ទាល់ខ្លួនៗ​របស់យើង ។

Enzo Serge Petelo
Enzo Serge Petelo

កាល​ពី​ដើម​ឆ្នាំ​នេះ ខ្ញុំ​បាន​ទទួល​ឱកាស​ដ៏​រំភើប​មួយ ប៉ុន្តែ​រាបសារ ដើម្បី​ជួយ​ប្អូនស្រី​ខ្ញុំ​អូសេណេន ឲ្យ​រីកចម្រើន​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា ដោយការ​ទទួល​យក​ការអញ្ជើញ​ទទួល​បុណ្យជ្រមុជទឹក ហើយ​បំពេញ​តម្រូវការ​ដែល​បាន​ដាក់​បញ្ញត្តិ​ដើម្បី​ចូល​ក្នុង​នគរសេឡេស្ទាល ។ នាង​បាន​ពន្យារ​ពេល​ពិធីបុណ្យជ្រមុជទឹក​របស់​នាង​មួយ​ខែ រហូត​ដល់​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​សង្ឃ ដែល​បាន​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឯកសិទ្ធិ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធនេះ ខណៈ​ពេល​ដែល​បងប្អូនស្រី​ផ្សេង​ទៀត​របស់​យើង​ក៏​មាន​ឯកសិទ្ធិ​ធ្វើការ​ក្រោមការចាត់តាំង​របស់​បព្វជិតភាព ហើយ​ឈរ​ធ្វើ​ជា​សាក្សី ។ ពេល​យើង​ឈរ​ទល់​មុខ​អាង​ជ្រមុជ​ទឹក ហើយ​រៀបចំ​ខ្លួន​ចុះ​ក្នុងទឹក ខ្ញុំសង្កេត​ឃើញ​ភាពរំភើប​របស់នាង ដូច​ជា​ត្រូវគ្នា​នឹង​ខ្ញុំ​ហើយ​ខ្ញុំ ។ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ចិត្ត​តែ​មួយ​នឹង​នាង​ដោយ​ឃើញ​ថា​នាង​បាន​ធ្វើការ​សម្រេចចិត្ត​ត្រឹមត្រូវ ។ ឱកាស​ដើម្បី​ប្រើប្រាស់​បព្វជិតភាព​នេះ​តម្រូវ​ឲ្យ​ខ្ញុំ​មាន​ការប្រុងប្រយ័ត្ន ហើយ​យកចិត្ត​ទុកដាក់​ក្នុងការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ខ្ញុំ ។ ដើម្បី​រៀបចំខ្លួន ខ្ញុំ​បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ជា​រៀងរាល់​ថ្ងៃ​នៅ​សប្តាហ៍​នោះ ដែល​បាន​ការគាំទ្រ​ពី​ម៉ាក់ ជីដូន និង​ប្អូនស្រី​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ពិធីជ្រមុជទឹក​ដល់​មរណជន ។

បទពិសោធន៍​នេះ​បាន​បង្រៀន​ខ្ញុំ​ច្រើន​អំពី​បព្វជិតភាព និង​ពី​របៀប​ដែល​ខ្ញុំ អាច​អនុវត្ត​វា​ដោយ​ស័ក្តិសម ។ ខ្ញុំ​ដឹង​ថា អ្នក​កាន់​បព្វជិតភាព​ទាំងអស់ អាច​មាន​អារម្មណ៍​ដូច​ដែល​ខ្ញុំ​បាន​មាន ខ្ញុំ​ដឹង​ថា បើ​យើង​ធ្វើតាម​គំរូ​របស់​នីហ្វៃ « ទៅ ហើយ​ធ្វើ »​( សូមមើល នីហ្វៃ ទី​១ ៣:៧) ។ យើង​មិន​អាច​អង្គុយ​ខ្ជិលច្រអូស ហើយ​រំពឹង​ថា​ព្រះអម្ចាស់​នឹង​ប្រើ​យើង​ឲ្យ​ធ្វើ​កិច្ចការ​របស់​ទ្រង់​ឡើយ ។ យើង​មិន​ត្រូវ​រង់ចាំ​អ្នក​ដែល​ត្រូវការ​ជំនួយ​ពី​យើង​ឲ្យ​ស្វែងរក​យើង​នោះ​ទេ វា​ជា​កាតព្វកិច្ច​របស់​យើង​ក្នុង​នាម​ជា​អ្នកកាន់​បព្វជិតភាព​ដើម្បី​ធ្វើ​ជា​គំរូ​និង​ឈរ​ធ្វើជា​សាក្សី​នៃ​ព្រះ ។ បើ​យើង​ធ្វើ​ការសម្រេចចិត្ត​ដែល​រារាំង​យើង​ពី​វឌ្ឍនភាព​ដ៏​នៅ​អស់កល្បជានិច្ច យើង​ត្រូវ​តែ​ផ្លាស់ប្តូរ​ពីឥឡូវ​នេះទៅ ។ សាតាំង​នឹង​ព្យាយាម​អស់ពី​លទ្ធភាព​របស់​វា ដើម្បី​ធ្វើ​ឲ្យ​យើង​ក្នុង​សភាពខាងសាច់ឈាម​ឲ្យស្វែងរក​តែ​ការសប្បាយ​សាមញ្ញៗ ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​បើ​យើង​ខិតខំ​រក​អ្នក​ដែល​នឹង​គាំទ្រ​យើង​ហើយ​ប្រែចិត្ត​រាល់ថ្ងៃ នោះ​លទ្ធផល​ជាពរជ័យ​ដែល​ទទួល​បាន​នឹង​អស្ចារ្យ​ហើយ ជីវិត​របស់​យើង​នឹង ផ្លាស់ប្តូរ​ជា​រៀង​រហូត​នៅ​ពេល​យើង​ឆ្ពោះ​ទៅ​មុខ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។

ខ្ញុំ​ដឹង​ថា​នេះ​ជា​សាសនាចក្រ​ពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង​ហើយ​ផ្ទេរ​កូនសោរ​បព្វជិតភាព​ទៅ​សាវក​របស់​ទ្រង់​ដែល​បើ​វា​ដើម្បី​ដឹកនាំ​យើង ជា​ពិសេស​នៅក្នុង​ថ្ងៃ​ដែល​ពេញ​ដោយ​ឧបសគ្គ​ទាំងនេះ​ហើយ​រៀបចំ​ពិភពលោក​សម្រាប់​ការ​យាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ ។

ខ្ញុំ​ដឹង​ថា យ៉ូសែប ស៊្មីធ​គឺ​ជា​ព្យាការី​នៃ​ការស្តារឡើងវិញ​និង​ថា​ណិលសុន គឺ​ជា​ព្យាការី​នៅរស់​របស់​យើង​នា​សព្វថ្ងៃ​នេះ ។ ខ្ញុំ​សូម​អញ្ជើញ​យើង​ទាំង​អស់​គ្នា​ឲ្យ​សិក្សា​ពី​ជីវិត​របស់​អ្នកកាន់​បព្វជិតភាព​ដ៏​អស្ចារ្យ​ទាំងនេះ​ហើយ​ខិតខំ​កែលម្អ​ខ្លួន​យើង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​យើង​អាច​ត្រៀម​ខ្លួន​ជួប​ព្រះ​បង្កបង្កើត​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។