សន្និសីទទូទៅ
    ដើម្បី​ឲ្យ​គេ​អាច​ឃើញ
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ដើម្បី​ឲ្យ​គេ​អាច​ឃើញ

    សូម​រកមើល ហើយ​អធិស្ឋាន​សូម​ឱកាស​ដើម្បី​ឲ្យ​ពន្លឺ​របស់​បងប្អូន​ចាំង​ឡើង ដើម្បី​មនុស្ស​ដទៃ​អាច​មើលឃើញ​ផ្លូវ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។

    បងប្អូន​ប្រុសស្រី ដួងចិត្ត​យើង​ត្រូវ​បាន​ប្រទានពរ​និង​រំឮក​ឡើងវិញ​ដោយ​ព្រះវិញ្ញាណ​ដែល​យើង​បាន​ទទួល​អារម្មណ៍​នៅ​ក្នុង​សន្និសីទ​នេះ ។

    A Pillar of Light

    ពីររយ​ឆ្នាំ​មុន មាន​បង្គោល​ពន្លឺ​មួយ​នៅ​ចំ​លើ​ក្បាល​យុវជន​ម្នាក់​នៅក្នុង​ព្រៃ​មួយ ។ នៅក្នុង​ពន្លឺ​នោះ យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ ព្រះយេស៊ូវគ្រីស្ទ ។ ពន្លឺ​របស់​ពួកទ្រង់​បាន​បណ្ដេញ​ភាពងងឹត​ខាង​វិញ្ញាណ ដែល​បាន​គ្របបាំង​លើ​ផែនដី ហើយ​ចង្អុល​ផ្លូវ​ទៅមុខ​ប្រាប់​យ៉ូសែប ស្ម៊ីធ​—​និង​ពួកយើង​ទាំងអស់​គ្នា ។ ដោយសារ​តែ​ពន្លឺ​ដែល​បាន​បើក​សម្ដែង​នៅ​ថ្ងៃ​នោះ យើង​អាច​ទទួល​បាន​ពរជ័យ​ពេញលេញ​ដែលល​មាន​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។

    ដោយសារតែ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ យើង​អាច​ពោរពេញ​ដោយ​ពន្លឺ​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ ប៉ុន្ដែ ពន្លឺ​នោះ​មិនមែន​សម្រាប់​តែ​បងប្អូន និង​ខ្ញុំ​ប៉ុណ្ណោះ​ទេ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​អំពាវនាវដល់​យើង​ថា « ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់គ្នា​បាន​ភ្លឺ​នៅមុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នករាល់​គ្នា ដែល​គង់​នៅលើ​ស្ថានសួគ៌ » ។ ខ្ញុំ​ស្រឡាញ់​ឃ្លា​នេះ « ដើម្បី​ឲ្យ​គេ​អាច​ឃើញ » ។ វា​គឺជា​ការអញ្ជើញ​ដ៏​ស្មោះ​សរ​មួយ​ពី​ព្រះអម្ចាស់ ឲ្យ​មាន​បំណង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ឃើញ​ផ្លូវ​នេះ​កាន់តែ​ខ្លាំង​ឡើង ហើយ​មក​រក​ព្រះគ្រីស្ទ ។

    L. Tom Perry

    កាល​ខ្ញុំ​អាយុ ១០ ឆ្នាំ គ្រួសារ​យើង​មាន​កិត្តិយស​ទទួល​អែលឌើរ អិល ថម ភែរី នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ខណៈ​លោក​មាន​ការចាត់តាំង​មួយ​នៅ​ភូមិ​ខ្ញុំ ។

    នៅ​ចុង​បញ្ចប់​ថ្ងៃ​នោះ គ្រួសារ​យើង និង​គ្រួសារ​អែលឌើរ ភែរី បាន​អង្គុយ​ជាមួយ​គ្នា​នៅ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ បរិភោគ​នំ​ផាយ​ផ្លែប៉ម​ដ៏​ឆ្ងាញ់​ដែល​ម្តាយ​ខ្ញុំ​បាន​ធ្វើ ខណៈ​យើង​ស្តាប់​អែលឌើរ ភែរី ថ្លែង​ពី​រឿង​របស់​ពួកបរិសុទ្ធ​នៅ​ទូទាំង​ពិភពលោក ។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ។

    វា​រៀង​យប់​បន្តិច​ហើយ ពេល​ម្ដាយ​ខ្ញុំ​ហៅ​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះបាយ ហើយ​សួរ​ខ្ញុំ​ថា ៖ « ប៊ូនី តើ​កូន​បាន​ឲ្យ​ចំណី​មាន់​ហើយ​ឬ​នៅ ? »

    ខ្ញុំ​ភ្ញាក់​ខ្លួន​ព្រើត ខ្ញុំ​មិន​ទាន់​បាន​ឲ្យ​ទេ ។ ដោយ​មិន​ចង់​ចេញពី​វត្តមាន​របស់​សាវក​នៃ​ព្រះអម្ចាស់ ខ្ញុំ​បាន​ឆ្លើយ​ថា មាន់​អាច​តម​អាហារ​រហូត​ដល់​ពេល​ព្រឹក​បាន ។

    ម្ដាយ​ខ្ញុំ​បាន​ឆ្លើយ​ថា « ទេ » យ៉ាង​ច្បាស់លាស់ ។ ក្រោយ​មក​នោះ អែលឌើរ ភែរី បាន​ចូល​ទៅ​ក្នុង​ផ្ទះបាយ ហើយ​ដោយ​សំឡេង​ឮៗ និង​រីករាយ​របស់​លោក លោក​បាន​សួរ​ថា « ខ្ញុំ​បាន​ឮ​ថា មាន​នរណា​ម្នាក់​ត្រូវ​ទៅ​ឲ្យ​ចំណី​មាន់​មែន​ទេ ? តើ​កូន​ប្រុស​ខ្ញុំ និង​ខ្ញុំ​អាច​ទៅ​ឲ្យ​ចំណី​មាន់​ជាមួយ​ក្មួយ​បាន​ទេ ? »

    ឱ ឥឡូវ​នេះ​ការឲ្យ​ចំណី​មាន់​ក្លាយ​ជា​អំណរ​ដ៏​ពេញលេញ​អ្វី​ម្ល៉េះ ! ខ្ញុំ​បាន​រត់​ទៅ​យក​ពិល​ធំ​ពណ៌​លឿង​របស់​យើង ។ ខ្ញុំ​បាន​នាំ​ផ្លូវ យ៉ាង​រីករាយ​ដោយ​លោត​រំលង​ផ្លូវ​ចាស់​ទៅ​កាន់​ទ្រុង​មាន់ ។ ដោយ​មាន​ភ្លើង​ពិល​បញ្ចាំង​ពី​ដៃ​ខ្ញុំ យើង​បាន​ដើរ​កាត់​ចម្ការ​ពោត និង​វាល​ស្រែ​ស្រូវ​សាឡី ។

    ពេល​យើង​ដើរ​ទៅ​ដល់​ទឹក​ថ្លុក​តូច​មួយ​ដែល​នៅ​លើ​ផ្លូវ​នោះ ខ្ញុំ​បាន​លោត​រំលង​វា​ដូច​ខ្ញុំ​លោត​រំលង​រាល់​ដង​តាម​ទម្លាប់ ។ ខ្ញុំ​ភ្លេច​គិត​ដល់​អែលឌើរ ភែរី ដែល​ខំ​បន្ដ​ដើរ​តាម​ផ្លូវ​ងងឹត ដែល​មិន​ធ្លាប់​ស្គាល់​នោះ ។ ភ្លើង​បញ្ចាំង​ចុះឡើងៗ​របស់​ខ្ញុំ​មិន​បាន​ជួយ​លោក​ឲ្យ​មើល​ឃើញ​ថ្លុក​ទឹក​ទេ ។ ដោយ​ពុំ​មាន​ពន្លឺ​ដើម្បី​ជួយ​ឲ្យ​មើល​ឃើញ​ផ្លូវ នោះ​លោក​បាន​ឈាន​ជើង​ដើរ​ចូល​ចំ​ថ្លុក​ទឹក​នោះ ហើយ​ស្រែក​ឡើង​ភ្លាត់​សម្លេង ។ ខ្ញុំ​បាន​ងាកក្រោយ​ដោយ​ក្តី​រន្ធត់​ដោយ​មើល​មិត្ត​ថ្មី​របស់​ខ្ញុំ ដក​ជើង​លោក​ចេញ​ពី​ថ្លុក​ទឹក​នោះ ហើយ​ខំ​ចាក់​ទឹក​ចេញ​ពី​ស្បែកជើង​ស្បែក​ដ៏​ធ្ងន់​របស់​លោក ។

    អែលឌើរ ភែរី​បាន​ជួយ​ខ្ញុំ​ឲ្យ​ចំណី​មាន់​ទាំង​ស្បែកជើង​ទទឹក​ជោគ ។ ពេល​យើង​ឲ្យ​ចំណី​ហើយ គាត់​បាន​ណែនាំ​ខ្ញុំ​ដោយ​ក្ដីស្រឡាញ់​ថា « ប៊ូនី ជួយ​បញ្ចាំង​ភ្លើង​ឲ្យ​ពូ​មើល​ឃើញ​ផ្លូវ​ផង ។ ពូ​ត្រូវការ​ពន្លឺ​បញ្ចាំង​មក​កន្លែង​ពូ​កំពុង​ដើរ » ។

    ខ្ញុំ​បាន​បញ្ចាំង​ពន្លឺ​ខ្ញុំ ប៉ុន្ដែ​មិន​ចំ​ផ្លូវ​ដែល​អាច​ជួយ​អែលឌើរ​ភែរី​បាន ។ ឥឡូវ ដោយ​ដឹង​ថា លោក​ត្រូវការ​ពន្លឺ​របស់​ខ្ញុំ​ដើម្បី​ដើរ​តាម​ផ្លូវ​នោះ​ដោយ​សុវត្ថិភាព ខ្ញុំ​បាន​បញ្ចាំង​ភ្លើង​ពិល​ខ្ញុំ​ចំ​ពីមុខ​ជំហាន​លោក ហើយ​យើង​អាច​មក​ផ្ទះ​វិញ​ដោយ​ទំនុកចិត្ត ។

    បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ អស់​ពេល​ជាច្រើន​ឆ្នាំ ដែល​ខ្ញុំ​ពិចារណា​ពី​គោលការណ៍​ដែល​ខ្ញុំ​បាន​រៀន​ពី​អែលឌើរ​ភែរី ។ ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​បញ្ចាំង​ពន្លឺ​របស់​យើង​ចេញ​ទៅ មិនមែន​គ្រាន់​តែ​អំពី​ការគ្រវី​បញ្ចាំង​ពន្លឺ​យើង ហើយ​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ភ្លឺ​ជាង​មុន​នោះទេ ។ វា​គឺ​ត្រូវ​ផ្ចង់​ផ្ដោត​ពន្លឺ​នោះ ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​មើល​ឃើញ​ផ្លូវ​ទៅ​រក​ព្រះគ្រីស្ទ ។ វា​ជា​ការប្រមូលផ្តុំ អ៊ីស្រាអែល នៅ​ផ្នែក​នេះ​នៃ​វាំងនន—ការជួយ​មនុស្ស​ដទៃ​ឲ្យ​មើល​ឃើញ​ពី​ជំហាន​ទៅ​មុខ​បន្ទាប់​ក្នុង​ការចុះ និង​ការរក្សា​សេចក្ដី​សញ្ញា​ជាមួយ​ព្រះ ។.

    ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​ថា « មើលចុះ យើង​ជា​ពន្លឺ យើង​បាន​ធ្វើជា​គំរូ​ដល់​អ្នករាល់គ្នា » ។ ចូរ​មើល​ទៅ​គំរូ​របស់​ទ្រង់​មួយ ។

    ស្ដ្រី​នៅ​មាត់​អណ្ដូង​គឺជា​សាសន៍​សាម៉ារី​ម្នាក់ ដែល​មិន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មនុស្ស​ជាច្រើន​បាន​ចាត់ទុក​ថា នាង​ជា​មនុស្ស​គ្មាន​ត្រកូល​ត្រឹមត្រូវ​ក្នុង​សង្គម​របស់​នាង ។ ព្រះយេស៊ូវ​បាន​មក​ជួប​នាង ហើយ​ចាប់ផ្ដើម​ការសន្ទនា ។ ទ្រង់​មាន​បន្ទូល​ប្រាប់​នាង​អំពី​ទឹក ។ រួចហើយ ទ្រង់​បាន​នាំ​នាង​ទៅរក​ពន្លឺ​កាន់តែ​ច្រើនឡើង កាល​ទ្រង់​បាន​ប្រកាស​ព្រះអង្គ​ទ្រង់​ថា​ជា​« ទឹករស់ » ។

    ព្រះគ្រីស្ទ​មាន​ព្រះទ័យ​អាណិតអាសូរ​ចំពោះ​នាង​និង​សេចក្តីត្រូវការ​របស់​នាង ។ ទ្រង់​បាន​ជួប​ស្រ្តី​ដែល​នាង​បាន​ចាប់ផ្ដើម​ដោយ​ការនិយាយ​អំពី អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នឹង​ទឹក ។ ប្រសិនបើ​ទ្រង់​ឈប់​ជជែក​ត្រង់​នោះ វា​នឹង​ជា​ការជួប​ដ៏​វិជ្ជមាន​មួយ ។ ប៉ុន្ដែ​វា​នឹង​មិន​មាន​លទ្ធផល​ឲ្យ​នាង​ទៅ​ក្រុង​ដើម្បី​ប្រកាស​ថា « ចូរ​មក​មើល … តើ​អ្នក​នោះ​មិន​មែន​ជា​ព្រះគ្រីស្ទ​ទេ​ឬ​អី ? »​ តាមរយៈ​ការសន្ទនា​នោះ នាង​បាន​ស្គាល់​ព្រះយេស៊ូវ​គ្រីស្ទ​បន្ដិច​ម្ដងៗ ហើយ​មិន​ថា​អតីតកាល​នាង​យ៉ាង​ណាទេ នាង​បាន​ក្លាយជា​ឧបករណ៍​នៃ​ពន្លឺ ដែល​បញ្ចាំង​ផ្លូវ​ឲ្យ​មនុស្ស​ដទៃ​មើល​ឃើញ​ផ្លូវ ។

    ឥឡូវ​នេះ សូម​មើល​ទៅ​មនុស្ស​ពីរ​នាក់ ដែល​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការចែកចាយ​ពន្លឺ ។ ថ្មីៗ​នេះ មិត្ត​ខ្ញុំ​ឈ្មោះ ខេវិន បាន​អង្គុយ​ក្បែរ​នាយក​អាជីវកម្ម​ម្នាក់​នៅ​តុ​អាហារ​ពេល​ល្ងាច ។ គាត់​បាន​បារម្ភ​ពី​អ្វី​ដែល​ត្រូវ​និយាយ​អស់រយៈ​ពេល​ពីរ​ម៉ោង ។ ដោយ​ធ្វើតាម​ការបំផុស​គំនិត​មួយ ខេវិន បាន​សួរ​ថា « ខ្ញុំ​សូម​សួរ​ពី​គ្រួសារ​របស់​លោកបានទេ ។ តើ​ពួកគាត់​មក​ពី​ណា ? »

    សុភាព​បុរស​នោះ​ដឹង​តិច​ណាស់​អំពី​ពូជ​ពង្ស​គាត់ ដូច្នេះ​ខេវិន​បាន​ទាញ​ទូរសព្ទ​ខ្លួន​ចេញ​មក ហើយ​និយាយ​ថា « ខ្ញុំ​មាន​កម្មវិធី​មួយ ដែល​ភ្ជាប់​មនុស្ស​ទៅនឹង​ក្រុមគ្រួសារ​របស់​គេ ។ ចាំ​មើល​ថា តើ​យើង​អាច​រក​ឃើញ​អ្វីខ្លះ » ។

    ក្រោយពី​ការពិភាក្សា​ដ៏​យូរ​មួយ មិត្ត​ថ្មី​របស់​ខេវិន​បាន​សួរ​ថា « ហេតុអ្វី​គ្រួសារ​សំខាន់​ខ្លាំង​ម្ល៉េះ​នៅក្នុង​សាសនាចក្រ​របស់​លោក ? »

    ខេវិន​ឆ្លើយ​ដោយ​សាមញ្ញ​ថា​« យើង​ជឿ​ថា យើង​បន្ដ​រស់នៅ​បន្ទាប់ពី​យើង​ស្លាប់​ទៅ បើ​យើង​ស្គាល់​បុព្វការីជន​របស់​យើង ហើយ​យក​ឈ្មោះ​ពួកគាត់​ទៅ​ទី​ដ៏​ពិសិដ្ឋ​មួយ​ដែល​ហៅ​ថា​ព្រះវិហារ​បរិសុទ្ធ នោះ​យើង​អាច​ធ្វើ​ពិធីបរិសុទ្ធ​អាពាហ៍ពិពាហ៍ ដែល​នឹង​រក្សា​ក្រុមគ្រួសារ​យើង​ឲ្យ​នៅ​ជាមួយ​គ្នា​ទោះជា​ក្រោយពី​ការស្លាប់​ក្ដី » ។

    ខេវិន​បាន​ចាប់ផ្ដើម​ជាមួយ​អ្វីមួយ​ដែល​គាត់ និង​មិត្ត​ថ្មី​របស់​គាត់​មាន​រួមគ្នា ។ រួចហើយ​គាត់​បាន​រកឃើញ​របៀប​មួយ ដើម្បី​ធ្វើជា​សាក្សី​អំពី​ពន្លឺ និង​ក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។

    ដំណើរឿង​ទីពីរ​គឺ​អំពី​អេឡា ជា​កីឡាការិនី​បាល់បោះ​នៅ​មហាវិទ្យាល័យ ។ គំរូ​របស់​នាង​បាន​ចាប់ផ្ដើម ពេល​នាង​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម ពេល​នៅ​សាលា ។ នាង​បាន​ជ្រើសរើស​បើក​ការហៅ​របស់​នាង​ចំពោះ​មុខ​ក្រុម​របស់​នាង ។ ពួកគេ​ស្ទើរតែ​មិន​ដឹង​អ្វីសោះ​អំពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​មិន​យល់​ពី​បំណង​ប្រាថ្នា​របស់​អេឡា​ដើម្បី​បម្រើ​ឡើយ ។ នាង​បាន​អធិស្ឋាន​ដដែលៗ ដើម្បី​ដឹង​របៀប​ពន្យល់​ពី​ការហៅ​បម្រើ​បេសកកម្ម​របស់​នាង តាម​របៀប​មួយ​ដែល​មិត្ត​រួម​ក្រុម​របស់​នាង​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ។ ចម្លើយ​របស់​នាង ?

    អេឡា​បាន​និយាយ​ថា « ខ្ញុំ​បាន​ធ្វើ​បទបង្ហាញ​តាម PowerPoint ព្រោះ​ខ្ញុំ​ឡូយ​អញ្ចឹង » ។ នាង​បាន​ប្រាប់​ពួកគេ​អំពី​សក្ដានុពល​នៃ​ការបម្រើ​បេសកកម្ម​មួយ ក្នុង​បេសកកម្ម​ជាង ៤០០ ហើយ​អាច​រៀន​ភាសា​មួយ​ថ្មី ។ នាង​បាន​បង្ហាញ​ពួកអ្នកផ្សព្វផ្សាយ​សាសនា​រាប់​ពាន់​នាក់​ដែល​កំពុង​បម្រើ​រួចហើយ ។ អេឡា​បាន​បញ្ចប់​ដោយ​រូបភាព​ព្រះអង្គ​សង្គ្រោះ និង​ទីបន្ទាល់​ដ៏​ខ្លី​នេះ ៖ « កីឡា​បាល់បោះ​គឺជា​រឿង​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ឆ្លង​ពី​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​ទូទាំង​ប្រទេស ហើយ​ចោល​គ្រួសារ​ខ្ញុំ​ដើម្បី​លេង​សម្រាប់​គ្រូបង្វឹក និង​ជាមួយ​ក្រុម​នេះ ។ រឿង​តែ​ពីរ​គត់​ដែល​សំខាន់​ចំពោះ​ខ្ញុំ​ខ្លាំង​ជាង​កីឡា​បាល់បោះ​នេះ គឺ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ » ។

    ឥឡូវ​នេះ បើ​បងប្អូន​គិត​ថា « ទាំងនេះ​ជា​គំរូ​ដែល​មាន​កម្លាំង​ដូច​អំពូល ១០០០ វ៉ាត់ ឯ​ខ្ញុំ​គ្រាន់តែជា​អំពូល​ដែល​មាន​កម្លាំង ២០ វ៉ាត់​ប៉ុណ្ណោះ » នោះ​សូម​ចាំ​ថា ព្រះអង្គ​សង្គ្រោះ​បាន​ថ្លែង​ទីបន្ទាល់​ថា « យើង​ជា​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​នឹង​លើក​ឡើង » ។ ទ្រង់​រំឭក​យើង​ថា ទ្រង់​នឹង​នាំ​ពន្លឺ​មក ប្រសិនបើ​យើង​នឹង​គ្រាន់តែ​បញ្ចាំង​ឲ្យ​មនុស្ស​ដទៃ​មករក​ទ្រង់ ។

    បងប្អូន និង​ខ្ញុំ​មាន​ពន្លឺ​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​នា​ពេល​ឥឡូវ​នេះ ។ យើង​អាច​បញ្ចាំង​ពន្លឺ​នៅ​ជំហាន​បន្ទាប់ ដើម្បី​ជួយ​នរណាម្នាក់​ឲ្យ​ខិត​កាន់តែ​ជិត​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ រួច​ហើយ​ទៅ​មួយ​​ជំហាន​ទៀត ហើយ​មួយ​ជំហាន​ទៀត ។

    សូម​សួរ​ខ្លួន​បងប្អូន​ថា « តើ​នរណា​ត្រូវការ​ពន្លឺ​ដែល​បងប្អូន​មាន ដើម្បី​រកឃើញ​ផ្លូវ​ដែល​ពួកគេ​ត្រូវ​ដើរ ប៉ុន្ដែ​មិន​អាច​មើល​ឃើញ ? »

    មិត្ត​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ហេតុអ្វី​ការបញ្ចាំង​ពន្លឺ​របស់​យើង​សំខាន់​ខ្លាំង​ម្ល៉េះ ? ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​យើង​ថា « មាន​មនុស្ស​ជាច្រើន​នៅលើ​ផែនដី​នៅ​ឡើយ … ដែល​លាក់​ពី​សេចក្ដី​ពិត ពីព្រោះ​ពួកគេ​មិន​ដឹង​ជា​ទៅរក​សេចក្ដី​ពិត​ឯណា​ទេ » ។១០ យើង​អាច​ជួយ​បាន ។ យើង​អាច​បញ្ចាំង​ពន្លឺ​យើង​ដោយ​ចេតនា ដើម្បី​ឲ្យ​មនុស្ស​ដទៃ​អាច​ឃើញ​បាន ។ យើង​អាច​ធ្វើ​ការអញ្ជើញ​មួយ ។១១ យើង​អាច​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដែល​កំពុង​បោះ​ជំហាន​ទៅរក​ព្រះអង្គ​សង្គ្រោះ​បាន មិន​ថា​យឺត និង​ស្ទាក់ស្ទើរ​យ៉ាង​ណា​ទេ ។ យើង​អាច​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

    ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​ពង្រីក​ការខិតខំ​ដ៏​តូច​តាច​ទាំងអស់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បំផុស​គំនិត​យើង​ឲ្យ​ដឹង​ពី​អ្វី​ត្រូវ​និយាយ និង​ធ្វើ ។ ការប៉ុនប៉ង​បែប​នោះ​អាច​តម្រូវ​ឲ្យ​យើង​បោះ​ជំហាន​ចេញពី​តំបន់​សុខស្រួល​របស់​យើង ប៉ុន្ដែ​យើង​អាច​មាន​ការធានា​ថា ព្រះអម្ចាស់​នឹង​ជួយ​ឲ្យ​ពន្លឺ​យើង​បាន​ចាំង​ទៅ ។

    ខ្ញុំ​មាន​អំណរគុណ​ណាស់​សម្រាប់​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បន្ដ​ដឹកនាំ​សាសនាចក្រ​នេះ​តាមរយៈ​វិវរណៈ ។

    Lead, Kindly Light

    ខ្ញុំ​សូម​អញ្ជើញ​ពួកយើង​ទាំងអស់​គ្នា​ឲ្យ​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ស្គាល់​អ្នកនៅ​ជុំវិញ​ខ្លួន​យើង​ដោយ​ក្ដី​មេត្តា ។ សូម​រកមើល ហើយ​អធិស្ឋាន​សូម​ឱកាស​ដើម្បី​ឲ្យ​ពន្លឺ​របស់​បងប្អូន​ចាំង​ឡើង ដើម្បី​មនុស្ស​ដទៃ​អាច​មើលឃើញ​ផ្លូវ​ទៅរក​ព្រះយេស៊ូវ​គ្រីស្ទ ។ ការសន្យា​របស់​ទ្រង់​គឺ​អស្ចារ្យ ៖ « អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ » ។១២ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្លូវ សេចក្ដីពិត ជីវិត ពន្លឺ និង​ជា​សេចក្ដី​ស្រឡាញ់​នៃ​ពិភពលោក​នេះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕