សន្និសីទទូទៅ
របៀប​ដែល​បព្វជិតភាព​ផ្តល់ពរ​ដល់​យុវវ័យ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


របៀប​ដែល​បព្វជិតភាព​ផ្តល់ពរ​ដល់​យុវវ័យ

តាមរយៈបព្វជិតភាព យើង​អាចត្រូវបាន​លើកស្ទួយឡើង​ ។ បព្វជិតភាព​នាំ​ពន្លឺ​ចូលមក​ក្នុង​ពិភពលោក​របស់​យើង ។

ខ្ញុំមាន​អំណរគុណ​ដែល​នៅទី​នេះ ។ នៅពេលខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ឱកាស​និយាយ​ទៅកាន់​បងប្អូន​ថ្ងៃនេះ ខ្ញុំ​ត្រេកអរ​យ៉ាងខ្លាំង ប៉ុន្តែ​ក្នុង​ពេល​ជា​មួយ​គ្នា នោះ ខ្ញុំ​ក៏​មាន​ចិត្ត​រាបទាប​ផងដែរ ។ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​គិត​អំពី​អ្វី​ដែល​ខ្ញុំ​អាច​ចែកចាយ ហើយ​ខ្ញុំ​សង្ឃឹម​ថា ព្រះវិញ្ញាណ​មាន​បន្ទូល​មក​ទៅ​កាន់​បងប្អូន​ដោយ​ផ្ទាល់​តាមរយៈ​សារលិខិត​របស់ខ្ញុំ ។

នៅ​ក្នុង​ព្រះគម្ពីរមរមន លីហៃ​ផ្តល់​ពរ​ដល់​កូន​ប្រុស​លោក​ម្នាក់ៗ​មុន​នឹង​គាត់​ស្លាប់ ដែល​ជួយ​ពួក​គេ​ឲ្យ​មើល​ឃើញ​ចំណុច​ខ្លាំង និង​សក្តានុពល​ដ៏​អស់កល្ប​របស់​ពួកគេ ។ ខ្ញុំ​គឺ​ជា​កូនពៅ​គេ​ក្នុង​ចំណោម​កូន​ប្រាំបីនាក់ ហើយ​ឆ្នាំ​មុន​នេះ ខ្ញុំ​បានរស់នៅ​ក្នុង​ផ្ទះ​ជា​កូន​តែ​មួយ គត់​ជា​លើកដំបូង ។ ដោយ​ពុំ​មាន​បងប្អូន​រស់នៅ​ក្បែរ ឬ​ពុំ​មាន​នរណា​ម្នាក់​និយាយ​ជា​មួយ​ជា​និច្ច វា​ពិបាក​ចំពោះ​ខ្ញុំ ។ មាន​រាត្រីជាច្រើន​ដែល​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ឪពុកម្តាយ​ខ្ញុំ ដែល​បាន​ខិតខំ​អស់​ពីសមត្ថភាព​ដើម្បី​ជួយខ្ញុំ ។ ឧទាហរណ៍​មួយ​នៃ​ការជួយ​នេះ​គឺ ពេល​ឪពុក​របស់​ខ្ញុំ​បាន​ផ្តល់​ពរជ័យ​នៃ​បព្វជិតភាព​នៃ​ការលួងលោមចិត្ត​ក្នុង​អំឡុងពេល​ដ៏​លំបាកមួយ​បែប​នេះ ។ បន្ទាប់​ពី​ទទួល​បាន​ពរ​របស់​លោក​ហើយ មិន​មាន​អ្វី​ផ្លាស់ប្តូរ​មួយ​រំពេច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​មាន​អារម្មណ៍​សុខសាន្ដ​និង​សេចក្តីស្រឡាញ់​ពី​ព្រះ​វរបិតា​សួគ៌ និង​ឪពុក​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ពរជ័យ​ដោយ​មាន​ឪពុក​ដ៏​ស័ក្ដិសម​ម្នាក់ ដែល​អាច​ផ្តល់​ពរជ័យ​នៃ​បព្វជិតភាព នៅ​ពេល​ណា​ដែល​ខ្ញុំ​ត្រូវការ ហើយ​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ចំណុច​ខ្លាំង​និង​សក្តានុពល​ដ៏​អស់កល្ប​របស់​ខ្ញុំ ដូច​ជា​លីហៃ​បាន​ធ្វើ​នៅ​ពេល​លោក​ផ្តល់​ពរដល់​កូន​ៗរបស់​គាត់​ផងដែរ ។

 មិន​ថា​បងប្អូន​មាន​ស្ថានភាព​បែប​ណា​ទេ បងប្អូន​អាច​ទទួល​បាន​ពរជ័យ​នៃ​បព្វជិតភាព​ជានិច្ច ។ តាមរយៈ​សមាជិក​គ្រួសារ មិត្តភក្ដិ ការបម្រើ​របស់​បងប្អូនប្រុស អ្នកដឹកនាំ​បព្វជិតភាព ហើយ​ព្រះវរបិតាសួគ៌ ដែល​នឹង​មិន​ព្រងើយកន្តើយ​ដាក់​បងប្អូន នោះ​បងប្អូន​អាច​ទទួល​ពរជ័យ​នៃ​បព្វជិតភាព​បាន ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​មាន​ប្រសាសន៍ថា ៖ « ពរជ័យ​នៃ​បព្វជិតភាព​មហិមា​ជាង​បុរស ដែល​ត្រូវ​ហៅ​ឲ្យ​ប្រើ​អំណោយ​ទាន​នេះ​ជារៀង​រហូត ។… ដរាប​ណា​យើង​ល្អ​ស័ក្ដិសម ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នឹង​ចម្រើន​​ជីវិតរបស់​យើង » ។

សូម​កុំ​ស្ទាក់ស្ទើរ​នឹង​សូម​ពរជ័យ នៅ​ពេល​អ្នក​ត្រូវការ​ការណែនាំ​បន្ថែម​នោះ​ឡើយ ។ យើង​ត្រូវការ​ព្រះ​វិញ្ញាណ​ដើម្បី​ជួយ​យើង​ខ្លាំង​បំផុត ពេល​ដែល​យើង​ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​លំបាក ។ គ្មាន​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ ឡើយ ហើយ​យើង​គ្រប់​រូប​មាន​ទុក្ខ​លំបាក ។ ពួក​យើង​មួយ​ចំនួន​អាច​រងគ្រោះ​ដោយសារ​ការថប់បារម្ភ​ចិត្តខ្លាំង ការស្រយុតចិត្ត ការញៀន ឬ​មាន​អារម្មណ៍​ថា យើង​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ ។ ពរជ័យ​នៃ​បព្វជិតភាព​អាច​ជួយ​យើង​ឲ្យ​យកឈ្នះ​លើ​គ្រាលំបាក​ទាំងនេះ ហើយ​ទទួល​បាន​ភាពសុខសាន្ត ខណៈ​ដែល​យើង​បោះ​ជំហាន​ចូល​ទៅ​ក្នុង​អនាគត ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ខិតខំ​រស់នៅ​ឲ្យ​បាន​ស័ក្តិសម​ដើម្បី​ទទួល​បាន​ពរ​ជ័យ​ទាំងនេះ ។

របៀបមួយ​ទៀត​ដែល​ពរជ័យ​នៃ​បព្វជិតភាព​ផ្ដល់​ពរដល់​យើង​នោះ គឺ​តាមរយៈ​ពរជ័យ​របស់​លោក​អយ្យកោ ។ ខ្ញុំ​បាន​រៀន​ងាក​ទៅ​រក​ពរ​លោក​អយ្យកោ​ខ្ញុំ នៅ​ពេល​ខ្ញុំ​មាន​ទុក្ខព្រួយ ឬ​មាន​អារម្មណ៍​ឯកោ ។ ពរជ័យ​របស់​ខ្ញុំ​ជួយ​ខ្ញុំ​ឲ្យ​មើល​ឃើញ​សក្តានុពល​របស់​ខ្ញុំ​និង​ផែនការ​យ៉ាង​ជាក់ច្បាស់ ដែល​ព្រះ​មាន​សម្រាប់​ខ្ញុំ ។ វា​លួងលោម​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​សម្លឹង​មើល​ហួស​ពី​ទស្សនៈលោកិយ​របស់​ខ្ញុំ ។ វា​រំឭកខ្ញុំ​អំពី​អំណោយទាន​របស់​ខ្ញុំ និង​ពរជ័យ​នានា​ដែល​ខ្ញុំ​នឹង​ទទួល​បាន ប្រសិន​បើ​ខ្ញុំ​រស់នៅ​ដោយ​មានភាពស័ក្តិសម ។ វា​ក៏​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ និង​មាន​អារម្មណ៍​សុខសាន្ត​ថា ព្រះ​អម្ចាស់​នឹង​ប្រទាន​ចម្លើយ ហើយ​បើក​ទ្វារ​ឲ្យ​ចំ​ពេល ដែល​ខ្ញុំ​ត្រូវការ​វា​ខ្លាំង​បំផុត ។

ពរ​របស់​លោក​អយ្យកោ​ជួយ​រៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅ​រស់​នៅ​ជា​មួយ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។ ខ្ញុំ​ដឹង​ថា ពរ​របស់​លោកអយ្យកោ​គឺ​មក​ពី​ព្រះ ហើយ​អាច​ជួយ​យើង​ឲ្យ​បង្វែរ​ភាពទន់ខ្សោយ​របស់​យើង​ទៅ​ជា​ចំណុច​ខ្លាំង​វិញ ។ វា​ពុំ​មែន​ជា​សារលិខិត​មក​ពី គ្រូទាយ​ទេ ពរជ័យ​ទាំងនេះ​ប្រាប់​យើង​អំពី​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ស្ដាប់ ។ វា​ដូច​ជា​លីអាហូណា​សម្រាប់​យើង​ម្នាក់ៗ​អញ្ចឹង ។ នៅ​ពេល​យើង​ដាក់​ព្រះ​ជា​អាទិភាព​ទីមួយ ហើយ​មាន​សេចក្តីជំនឿ​លើ​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​យើង​ឆ្លងកាត់​ទីរហោស្ថាន​របស់​យើង​ផ្ទាល់ ។

ដូច​ដែល​ព្រះ​បាន​ប្រទាន​ពរដល់​យ៉ូសែប ស្ម៊ីធ​ជា​មួយ​នឹង​បព្វិតភាព ដើម្បី​ឲ្យ​ព្រះពរ​នៃ​ដំណឹងល្អ​អាច​បាន​ស្តារ​ឡើង​វិញ​ដែរ នោះ​យើង​អាច​ទទួល​ពរជ័យនៃ​ដំណឹងល្អ​ក្នុង​ជីវិត​របស់​យើង​តាមរយៈបព្វជិតភាព​បាន ។ រៀងរាល់​សប្តាហ៍​យើង​មាន​ឯកសិទ្ធិ និង​ឱកាស​ទទួល​សាក្រាម៉ង់ ។ តាមរយៈ​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​នេះ យើង​អាច​បាន​ព្រះ​វិញ្ញាណ​មក​គង់​ជា​មួយ​យើង​ជានិច្ច​ដែល​អាច​សម្អាត និង​បន្សុទ្ធ​យើង ។ ប្រសិន​បើ​បងប្អូន​ត្រូវ​កម្ចាត់​ចោល​នូវ​អ្វី​មួយ​ចេញ​ពី​ជីវិត​របស់​បងប្អូន សូម​ស្វែងរក​ជំនួយ​ពី​អ្នកដឹកនាំ​ដែល​អាច​ទុក​ចិត្ត​បាន ដែល​អាច​ជួយ​​បងប្អូន​ឲ្យ​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ។ ថ្នាក់​ដឹកនាំ​របស់​បងប្អូន​អាច​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​អំណាច​យ៉ាង​ពេញ​លេញ​នៃ​ដង្វាយ​ធួន​របស់​ព្រះ​យេស៊ូវគ្រីស្ទ ។

យើង​ក៏​អាច​ទទួល​បាន​ពរជ័យ​នៃ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​បព្វជិតភាព​ផងដែរ ។ តាំង​ពី​ពេលខ្ញុំ​អាច​ចូល​ក្នុង​ព្រះ​វិហារបរិសុទ្ធ ខ្ញុំ​បាន​ដាក់​វា​ជា​គោលដៅ​និង​អាទិភាព​ដើម្បី​នឹង​ទៅ​ជា​ប្រចាំ ។ ដោយ​ការចំណាយពេល​និង​ការលះបង់​ចាំបាច់​ដើម្បី​ចូល​កាន់តែ​ជិត​ទៅ​នឹង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ខ្ញុំ​មាន​ពរ​ដែល​បាន​ទទួល​​វិវរណៈ និង​ការ​បំផុស​គំនិត​ដែល​ពិត​ជា​បាន​ជួយ​ខ្ញុំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ ។

តាមរយៈបព្វជិតភាព យើង​អាចត្រូវបាន​លើកស្ទួយឡើង​ ។ បព្វជិតភាព​នាំ​ពន្លឺ​ចូលមក​ក្នុង​ពិភពលោក​របស់​យើង ។ អែលឌើរ រ៉ូបឺត ឌី ហែល បាន​មាន​ប្រសាសន៍ ៖ « ប្រសិន​បើ​គ្មាន​អំណាច​បព្វជិតភាព​ទេ​នោះ ‹ ផែនដី​ទាំងមូល​នឹង​ត្រូវ​កម្ទេច​ចោល​សូន្យ​ឈឹង › ( សូមមើល គ.&ស. ២:១–៣ ) ។ វា​នឹង​គ្មាន​ពន្លឺ គ្មាន​សេចក្ដី​សង្ឃឹម—គឺ​មាន​តែ​ភាពងងឹត​ប៉ុណ្ណោះ » ។

ព្រះអម្ចាស់​កំពុង​តែ​អបអរ​ជម្រុញ​យើង ។ ទ្រង់​ចង់​ឲ្យ​យើង​ត្រឡប់ទៅ​កាន់​ទ្រង់​វិញ ។ ទ្រង់​ជ្រាប​ពី​យើង​ម្នាក់ៗ ។ ទ្រង់​ស្គាល់​បងប្អូន ។ ទ្រង់​ស្រឡាញ់​យើង ។ ទ្រង់​តែងតែ​ដឹង​ពីយើង ហើយប្រទាន​ពរ​យើង ទោះបីជា​យើង​ពុំមានអារម្មណ៍​ស័ក្ដិស​មនឹងទទួល​វា​ក្ដី ។ ព្រះ​ជ្រាប​ពី​អ្វី​ដែល​យើង​ត្រូវការ និង​ពេល​ដែល​យើង​ត្រូវការ​វា ។

« ចូរសុំនោះតែងនឹងឲ្យមកអ្នក ចូររក នោះ​តែង​​នឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ៖

« ដ្បិត​អស់​អ្នក​ដែល​សូម​នោះ​រមែង​បាន អ្នក​ណា​ដែល​រក នោះ​រមែង​ឃើញ ក៏​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ »​( ម៉ាថាយ ៧:៧–៨ ) ។

បើ​បងប្អូន​ពុំទាន់​មាន​ទីបន្ទាល់​អំពី​បព្វជិតភាពនៅ​ឡើយ ខ្ញុំលើក​ទឹកចិត្ត​បងប្អូន​ឲ្យ​អធិស្ឋានទូល​សូម​ដោយ​ខ្លួនឯង​ផ្ទាល់ អំពី​អំណាចរបស់វា រួចហើយ​អាន​ព្រះគម្ពីរ​ដើម្បី​ស្តាប់​ព្រះ​បន្ទូល​របស់​ព្រះ ។ ខ្ញុំ​ដឹងថា ប្រសិន​បើ​យើង​ខំប្រឹងប្រែង​ដើម្បី​ដកពិសោធន៍​នូវ​អំណាច​បព្វជិតភាពរបស់​ព្រះ​ក្នុង​ជីវិតរបស់​យើង នោះ​យើង​នឹង​ទទួល​​បាន​ពរ​ជ័យ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. នែល អិល អាន់ឌើរសិន « Power in the Priesthood » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ទី ៩២ ។

  2. រ៉ូបឺត ឌី ហែល «Blessings of the Priesthood» Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៣២ ។