សន្និសីទទូទៅ
ចូរ​មក​រក​ព្រះ​គ្រីស្ទ—រស់​នៅ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ចូរ​មក​រក​ព្រះ​គ្រីស្ទ—រស់​នៅ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

យើង​អាច​ធ្វើការ​លំបាក​ទាំងឡាយ និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​ពីព្រោះ​យើង​ដឹងថា យើង​អាច​ទុក​ចិត្ត​លើ​នរណា បាន ។

សូម​អគុណ​ចំពោះ​អែលឌើរ Soares សម្រាប់​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​និង​ការព្យាករ​អំពី​ព្រះគម្ពីរ​មរមន ។ ថ្មីៗ​នេះ​ខ្ញុំ​មាន​ឱកាស​ដ៏​ពិសេស​មួយ ដោយ​បាន​កាន់​ក្រដាស​មួយ​សន្លឹក​នៃ​សំណៅ​ដើម​នៃ​ព្រះ​គម្ពីរ​មរមន ។ នៅ​លើ​ទំព័រ​ពិសេស​នេះ ជា​លើក​ដំបូង​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រា​នេះ ពាក្យ​ពេចន៍​ដ៍​ក្លាហាន​របស់​នីហ្វៃ​ទាំងនេះត្រូវ​បាន​កត់​ត្រា ៖ « ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វីៗ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា ដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​មិន​ចេញ​បញ្ជា​ដល់​កូនចៅ​មនុស្ស​ណា​ឡើយ លើក​លែង​តែ​ទ្រង់​នឹង​រៀប​ចំ​ផ្លូវ ដើម្បី​ឲ្យ​គេ​អាច​សម្រេច​នូវ​អ្វីៗ ដែល​ទ្រង់​បាន​បញ្ជា​ដល់​ពួកគេ​ទុក​ជា​មុន​សិន » ។

រូបភាព
សំណៅដើម​នៃ​កំណត់​សរសេរ​ដោយ​ដៃ​នៃ​ព្រះគម្ពីរ​មរមន

ពេល​ខ្ញុំ​កាន់​ទំព័រ​នេះ ខ្ញុំ​បាន​ពេញ​ទៅ​ដោយ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​របស់​យ៉ូសែប ស្មីធ អាយុ​២៣ ឆ្នាំ ដែល​បាន​បកប្រែ​ព្រះគម្ពីរ​មរមន​ដោយ « អំណោយ​ទាន និង​ព្រះ​ចេស្តា​នៃ​ព្រះ » ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​កោត​សរសើរ​ចំពោះ​ពាក្យ​របស់​នីហ្វៃ​វ័យ​ក្មេង​ម្នាក់ ដែល​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ​នូវ​កិច្ចការដ៏លំបាក​មួយ​ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។

នីហ្វៃ​បាន​ដឹង​ថា ប្រសិន​បើ​លោក​បន្ត​ផ្ដោត​ចិត្ត​ទៅ​លើ​ព្រះអម្ចាស់ នោះ​លោក​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បំពេញ​តាម​បញ្ញាត្តិ​របស់​ព្រះអម្ចាស់ ។ លោក​បាន​បន្ដ​ផ្ដោត​ចិត្ត​ទៅ​លើ​ព្រះ​អង្គ​សង្រ្គោះ​ពេញ​មួយ​ជីវិត​លោក​ទោះបី​លោក​បាន​រងទុក្ខ​នឹង​ការល្បួង ការសាកល្បង​ខាង​រូបកាយ និង​សូម្បី​តែ​ការក្បត់​មក​អំពី​គ្រួសារ​លោក​ផ្ទាល់​ផងដែរ ។

នីហ្វៃ​បាន​ដឹង​ថា លោក​អាច​ទុក​ចិត្ត​លើ​នរណា​បាន ។ មិន​យូ​រ​ប៉ុន្មាន​បន្ទាប់​ពី​បាន​លាន់​មាត់​ថា « ឱ​រូប​ខ្ញុំ​អើយ​វេទនា​អ្វី​ម្ល៉េះ ! មែន​ហើយ ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ »នោះ​នីហ្វៃ​បាន​ថ្លែង​ថា « ព្រះ​របស់​ខ្ញុំ គឺ​ជា​ទី​ផ្អែក​របស់​ខ្ញុំ ទ្រង់​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​ខ្ញុំ​នៅ​ក្នុង​ទីរហោស្ថាន ហើយ​ទ្រង់​បាន​រក្សា​ខ្ញុំ​ទុក​នៅ​លើ​ផ្ទៃ​ទឹក​នៃ​ទីជម្រៅ​ដ៏​ធំ » ។

ក្នុង​នាម​ជា​អ្នក​ដើរតាម​ព្រះ​គ្រីស្ទ យើង​មិន​ត្រូវ​បាន​រួច​ផុត​ពី​ឧបសគ្គ​និង​ការសាកល្បង​នៅ​ក្នុង​ជីវិត​របស់​យើ​ង​នោះ​ទេ ។ ជា​រឿយៗ​យើង​ត្រូវ​ធ្វើ​អ្វីៗ​ដែល​ពិបាក​ប្រសិន​បើ​ចង់​ធ្វើ​តែ​ម្នាក់​ឯង នោះ​អាច​នឹង​មាន​អារម្មណ៍​សន្ធប់​ហើយ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ឡើយ ។ នៅ​ពេល​យើង​ទទួល​ការអញ្ជើញ​របស់​ព្រះ​អង្គ​សង្រ្គោះ​ឲ្យ « ចូរ​មក​រក​ខ្ញុំ » ទ្រង់​នឹង​ផ្តល់​ការគាំទ្រ ការលួងលោម និង​សេចក្ដី​សុខសាន្ដ​ដែល​ចាំបាច់​គឺ​ដូចដែល​ទ្រង​បាន​ធ្វើ​សម្រាប់​នីហ្វៃ និង យ៉ូសែប ។ ទោះបី​ជា​នៅ​ក្នុង​ឧបសគ្គ​ដ៏​លំបាក​ខ្លាំង​របស់​យើង​ក៏​យើង​អាច​មាន​អារម្មណ៍​កក់ក្តៅ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​បាន​ដែរ ពេល​យើង​ទុកចិត្ត​លើ​ទ្រង់ ហើយ​ទទួល​យក​ព្រះទ័យ​របស់​ទ្រង់ ។ យើងអាច​ទទួល​បាន​អំណរ​ដែល​បាន​ទុក​សម្រាប់​សិស្ស​ស្មោះ​ត្រង់​របស់​ទ្រង់​ត្បិត​« ព្រះ​គ្រីស្ទ​គឺ​ជា​សេចក្តី​អំណរ » ។

នៅ​ឆ្នាំ ២០១៤ ក្នុង​ពេល​បម្រើ​បេសកកម្ម ពេញម៉ោង​គ្រួសារ​យើង​បាន​មានបទពិសោធន៍​នូវ​ព្រឹត្តិការណ៍​ដែល​មិន​នឹក​ស្មាន​ដល់​មួយ ។ ពេល​ជិះ​ចុះ​ពី​លើ​ភ្នំដ៏​ចោត​មួយ កូន​ប្រុស​ពៅ​របស់​យើង​បាន​ដួល​និង​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ដែល​បាន​ប៉ះទង្គិច​ដល់​ខួរក្បាល​គាត់ ។ ដោយ​សារ​ស្ថានភាព​របស់​គាត់​ធ្ងន់ធ្ងរ បុគ្គលិក​ពេទ្យ​បាន​ប្រញាប់​បញ្ជូន​គាត់​ទៅ​ធ្វើ​ការវះកាត់​ជា​បន្ទាន់ ។

គ្រួសារ​យើង​បាន​លុត​ជង្គង់​ចុះ​លើ​ឥដ្ឋ​ក្នុង​បន្ទប់​មន្ទីរពេទ្យ​ដែល​គ្មាន​មនុស្ស​ហើយ​យើង​បាន​ថ្វាយ​ដួង​ចិត្ត​របស់​យើង​ទៅ​ដល់​ព្រះ ។ នៅ​កណ្តាល​គ្រា​ដ៏​ច្របូកច្របល់ និង​ឈឺចាប់​នេះ យើង​បាន​ពោរ​ពេញ​ទៅ​ដោយ​ក្តី​ស្រឡាញ់​និង​ភាពសុខសាន្ដ​របស់​ព្រះ​វរបិតា​សួគ៌​របស់​យើង ។

យើង​មិន​បាន​ដឹង​ថា អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ ឬ​ថា​តើ​យើង​នឹង​ឃើញ​កូន​ប្រុស​របស់​យើង​នៅ​រស់​ដែរ​ឬ​អត់​នោះ​ទេ ។ យើង​បាន​ដឹង​យ៉ាង​ច្បាស់​ថា ជីវិត​របស់​គាត់​ស្ថិត​នៅ​ក្នុង​ព្រះហស្ដ​របស់​ព្រះ ហើយ​ចេញ​ពី​ទស្សនៈវិស័យ​ដ៍​អស់​កល្ប​មួយ លទ្ធផល​នឹង​ទទួល​បាន​សម្រាប់​ជា​ប្រយោជន៍​ដល់​គាត់ និង​យើង​ផង​ដែរ ។ តាម​រយៈ​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ នោះ​យើង​បាន​ត្រៀ​មខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​យក​លទ្ធផល​ណា​ក៏​ដោយ ។

វា​មិន​ងាយ​ស្រួល​ទេ ! យើង​ត្រូវ​ស្នាក់នៅ​ក្នុង​មន្ទីរ​ពេទ្យ​រយៈ​ពេល​ពីរ​ខែ​ដោយសារ​គ្រោះថ្នាក់​នោះ អំឡុង​យើង​ជា​ធ្វើ​ជា​ប្រធាន​សម្រាប់​ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ពេញ​ម៉ោង​ជាង ៤០០ នាក់ ។ កូនប្រុស​របស់​យើង​បាន​បាត់បង់​ការចងចាំ​យ៉ាង​ច្រើន ។ ការ​ជា​សះ​ស្បើយ​របស់​គាត់​ត្រូវ​មាន វគ្គ​ព្យាបាល​កាយ​សម្បទា​ដ៏​ពិបាក និង​យូរ​អង្វែង វឹកហាត់​ការនិយាយ និង​ការព្យាបាល​ដោយ​វិជ្ជាជីវៈ ។ ឧបសគ្គ​នៅ​តែ​មាន ប៉ុន្តែ​យូរៗ​ទៅ​យើង​បាន​ឃើញ​អព្ហូតហេតុ​មួយ ។

យើង​ដឹង​យ៉ាង​ច្បាស់​ថា មិន​មែន​គ្រប់​ការសាកល្បង​ដែល​យើង​ជួប នឹង​មាន​លទ្ធផល​ដូច​ដែល​យើង​ប៉ង​ប្រាថ្នា​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា នៅ​ពេល​យើង​បន្ដ​ផ្តោត​ចិត្ត​លើ​ព្រះ​គ្រីស្ទ នោះ​យើង​នឹង​មាន​អារម្មណ៍​សុខសាន្ត ហើយ​ឃើញ​អព្ភូតហេតុ​របស់​ព្រះ មិន​ថា​វា​ជា​អ្វី​ក៍​ដោយ ទៅ​តាម​ពេល​វេលា និង​របៀប​របស់​ទ្រង់ ។

មាន​ពេល​ខ្លះ​ដែល​យើង​មិន​អាច​មើល​ឃើញ​ពី​វិធី​ណា​ដែល​ស្ថានភាព​បច្ចុប្បន្ន​នឹង​បញ្ចប់​ទៅ​យ៉ាងល្អ​នោះ​ទេ ហើយ​ថែម​ទាំង​អាច​និយាយ​ដូច​នីហ្វៃ​ថា​« ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ » ។ ពេល​ខ្លះ ដែល​សេចក្តី​សង្ឃឹម​តែ​មួយ​គត់​ដែល​យើង​មាន​នោះ​គឺ​នៅ​ក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ នេះ​ជា​ពរជ័យ​មួយ ដើម្បី​មាន​ក្តី​សង្ឃឹម​និង​ទុក​ចិត្ត​លើ​ទ្រង់ ។ ព្រះគ្រីស្ទ​គឺ​ជាអង្គ​ដែល​នឹង​ធ្វើ​តាម​ការសន្យា​របស់​ទ្រង់​ជានិច្ច ។ សេចក្តី​សម្រាក​របស់​ទ្រង់​គឺ​ធានា​ថា មាន​ដល់​អ្នក​ទាំងអស់​ដែល​មក​រក​ទ្រង់ ។

ថ្នាក់ដឹកនាំ​យើង​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ទាំងអស់​មាន​អារម្មណ៍​សុខសាន្ថ និង​ការលួងលោម ដែល​កើត​ឡើង​ពី​ការទុកចិត្ត និង​ការផ្តោតចិត្ត​លើ​ព្រះអង្គសង្រ្គោះ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ព្យាការី​នៅ​រស់​របស់​យើង ប្រធាន រ័សុល អ៊ឹម ណិលសុន​បាន​ប្រាស្រ័យទាក់ទង​ក្នុង​ចក្ខុវិស័យ​របស់​ព្រះអម្ចាស់​សម្រាប់​ពិភពលោក​និង​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ ៖ « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក​គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ដែល​នៅ​សងខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច » ។១០

ការអញ្ញើញ​នេះ​ឲ្យ « មក​រក​ព្រះ​គ្រីស្ទ » នេះ​ជាប់​ទាក់​ទង​យ៉ាង​ជាក់​លាក់​សម្រាប់ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។១១ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនា​ចក្រ​របស់​ព្រះ​អង្គ​សង្រ្គោះ យើង​បាន​ចុះ​សេចក្ដីសញ្ញា​ជា​មួយ​ទ្រង់​ហើយ​បាន​ក្លាយជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ទ្រង់ ។​១២ យើង​ក៍​មាន​ឱកាស​ឲ្យ​ធ្វើការ​ជាមួយព្រះ​អម្ចាស់​ក្នុង​ការអញ្ជើញ​អ្នកដទៃ​ឲ្យ​មក​រក​ទ្រង់​ផង​ដែរ ។

នៅ​ពេល​យើង​ធ្វើការ​ជា​មួយ​ព្រះ​គ្រីស្ទ ការខិតខំ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​បំផុត​របស់​យើង គួរ​តែ​ស្ថិត​នៅ​ក្នុង​ផ្ទះ​របស់​យើង​ផ្ទាល់ ។ មាន​ពេល​ដែល​សមាជិក​គ្រួសារ និង​មិត្ត​ភក្ដិ​​ជិត​ស្និទ្ធ​នឹង​ជួប​ឧបសគ្គ​ផ្សេងៗ ។ សម្លេង​នៃ​ពិភពលោក ហើយ​ប្រហែល​ជា​បំណង​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ផងដែរ អាច​បណ្តាល​ឲ្យ​ពួក​គេ​ចោ​ទសួរ​ពី​សេចក្ដីពិត ។ យើង​គួរ​តែ​ធ្វើ​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​បាន​ទាំង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​សង្រ្គោះ​និង​សេចក្តី​ស្រឡាញ់​របស់​យើង​ផង​ដែរ ។ ខ្ញុំ​នឹក​ដល់​ទំនុក​តម្កើង​មួយ « ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » ដែល​បង្រៀន​យើង​ថា « ដោយសារ​សេចក្តី​នេះ​…​គេ​នឹង​ដឹង​ថា …​អ្នករាល់គ្នា​ជា​សិស្ស​របស់​ខ្ញុំ គឺ​ដោយ​អ្នក​រាល់គ្នា​មាន​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅវិញ​ទៅមក » ។១៣

ក្នុង​សេចក្តី​ស្រឡាញ់​របស់​យើង ចំពោះ​អ្នក​ដែល​កំពុង​សួរ​ដេញដោល​ការពិត នោះ​សត្រូវ​នៃ​អំណរ​ទាំងឡាយ​អាច​នឹង​ព្យាយាម​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​យើង​ក្បត់​អ្នក​ដែល​យើង​ស្រឡាញ់​ប្រសិន​បើ​យើងខ្លួន​ឯង​បន្ត​រស់នៅ​តាម​ដំណឹងល្អ​ដ៏​ពេញ​លេញ​និង​បង្រៀន​ពី​សេចក្តីពិត ។

សមត្ថភាព​របស់​យើង ដើម្បី​មាន​ជួយ​អ្នក​ដទៃ​ឲ្យ​មក​រក​ព្រះ​គ្រីស្ទ ឬ​ត្រឡប់​ទៅ​រក​ព្រះ​គ្រីស្ទ​វិញ នឹង​ត្រូវ​បាន​កំណត់​យ៉ាង​ធំធេង​ដោយ​ដាក់​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​របស់​យើង​ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។

ប្រសិន​បើ​បំណង​ប្រាថ្នា​ពិតប្រាកដ​របស់​យើង​គឺ​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ដែល​យើង​ស្រឡាញ់​នោះ​យើង​ខ្លួន​ឯង​ត្រូវ​តែ​ឈរ​យ៉ាង​រឹង​មាំ​ជា​មួយ​ព្រះ​គ្រីស្ទ​តាម​រយៈ​ការឱប​ក្រសោប​សាសនា​ចក្រ​របស់​ទ្រង់ និង​ភាពពេញលេញ​នៃ​ដំណឹង​ល្អ​របស់​ទ្រង់ ។

ត្រឡប់​ទៅ​រឿង​របស់​នីហ្វៃ​វិញ យើង​ដឹង​ថា ទំនោរ​របស់​នីហ្វៃ​ក្នុង​ការទុកចិត្ត​លើ​ព្រះអម្ចាស់​បាន​ទទួល​ឥទ្ធិពល​​ពី​ទំនោរ​របស់​ឪពុក​ម្តាយ​របស់​លោក​ក្នុង​ការ​ទុក​ចិត្ត​លើ​ព្រះអម្ចាស់​និង​ដោយ​គំរូ​នៃ​ការរក្សា​សេចក្តី​សញ្ញា​របស់​ពួក​គេ ។ នេះ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ប្រពៃ​នៅ​ក្នុង​ការនិមិត្ត​របស់​លីហៃ​អំពី​ដើម​ឈើ​ជីវិត ។ ក្រោយ​ពី​បាន​ទទួល​ទាន​ផ្លែឈើ​ដ៏​មាន​រសជាតិផ្អែម និង​ដ៍​រីករាយ​នៃ​ដើម​ឈើ​នោះ លីហៃ « ចោល​ភ្នែក​មើល​ជុំវិញ​ខ្លួន [ លោក ] ក្រែង [ លោក ]​អាច​ឃើញ​គ្រួសារ [ របស់​លោក ] » ។​១៤ លោក​បាន​ឃើញ សារ៉ាយ សាំ និង​នីហ្វៃ​កំពុង​ឈរ « ហាក់​បី​ដូច​ជា​គេ​មិន​ដឹង​ជា​នឹង​ទៅ​ផ្លូវ​ណា​ឡើយ » ។១៥ រួច​ហើយ​លីហៃ​បាន​និយាយ​ថា « ឪពុក​បាន​បោយ​ដៃ​ហៅ​ពួក​គេ ហើយ​ឪពុក​ព្រម​ទាំង​បាន​ស្រែក​ហៅ​ពួក​គេ​យ៉ាង​ខ្លាំង​ឲ្យ​មក​រក​ឪពុក ហើយ​ទទួល​ទាន​ផ្លែឈើ » ។១៦ សូម​កត់​សំគាល់​ថា​លីហៃ​មិន​បាន​ចាក​ចេញ​ពី​ដើម​ឈើ​ជីវិត​ទេ ។ លោក​នៅ​ជាប់​នឹង​ព្រះ​អម្ចាស់​ខាង​វិញ្ញាណជា​និច្ច​ហើយ​អញ្ជើញ​ក្រុម​គ្រួសារ​របស់​លោក​ឲ្យ​មក​ត្រង់​កន្លែង​ដែល​លោក​ត្រូវ​ទទួល​ទាន​ផ្លែ​ឈើ​នោះ ។

មារសត្រូវ នឹង​ល្បួង​មនុស្ស​មួយ​ចំនួន​ឲ្យ​ចាក​ចាញ​ពី​អំណរ​នៃ​ដំណឹងល្អ ដោយ​ញែក​ការបង្រៀន​របស់​ព្រះ​គ្រីស្ទ មក​ពី​សាសនាចក្រ​របស់​ទ្រង់ ។ វា​ចង់​ឲ្យ​យើង​ជឿ​ថា​យើង​អាច​នៅ​រឹង​មាំ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា​ដោយ​ខ្លួនឯង បាន តាម​រយៈ​ជីវភាព​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​របស់​យើង​ដែល​ឯករាជ្យ​​ពី​សាសនាចក្រ​របស់​ទ្រង់ ។

នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​សាសនាចក្រ​របស់​ព្រះ​គ្រីស្ទ​ត្រូវ​បាន​ស្តារ​ឡើង​វិញ ដើម្បី​ជួយ​បុត្រា​បុត្រី​នៃ​សេចក្ដីសញ្ញា​​របស់​ព្រះ​គ្រីស្ទ​ឲ្យ​បន្ដ​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​​សញ្ញា​របស់​ទ្រង់ ។

នៅ​ក្នុង​គោលលទ្ធិ​និង​សេចក្ដីសញ្ញា យើង​អាន​ថា « មើល​ចុះ នេះ​ហើយ​ជា​គោល​លទ្ធិ​របស់​យើង—គឺ​អស់​អ្នក​ណា​ដែល​ប្រែ​ចិត្ត ហើយ​មក​រក​យើងនោះ​មាន​ឈ្មោះ​ថា​ជាសាសនាចក្រ​របស់​យើងហើយ » ។១៧

តាមរយៈ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​យើង​ត្រូវ​បាន​ពង្រឹង​តាមរយៈ​បទ​ពិសោធន៍​របស់យើង​ជា​សហគមន៏​នៃ​ពួក​បរិសុទ្ធ ។​ យើង​ឮ​សំឡង​ទ្រង់​តាមរយៈ​ព្យាការី អ្នកមើលឆុត និង​អ្នកទទួលវិវរណៈ​របស់​ទ្រង់ ។ សំខាន់​បំផុត​នោះ​គឺ តាមរយៈ​សាសនាចក្រ​របស់​ទ្រង់​យើង​ទទួល​បាន​ពរជ័យ​សំខាន់ៗ​ទាំងអស់​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ដែល​អាច​ត្រូវ​ទទួល​បាន​តែ​តាមរយៈ​ការចូលរួម ក្នុង ពិធីបរិសុទ្ធ​ដ៍​ពិសិដ្ធ​ទាំងឡាយ​ប៉ុណ្ណោះ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ ថ្ងៃ​ចុង ក្រោយ គឺ​ជា​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅ​លើ​ផែនដី ដែល​បាន​ស្តារឡើងវិញ នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​សម្រាប់​ជា​ប្រយោជន៏​ដល់​បុត្រាបុត្រី​របស់​ព្រះ​ទាំងអស់ ។

ខ្ញុំ​ថ្លែង​ជា​សាក្សី​ថា ពេល​យើង មក​រក​ព្រះ​គ្រីស្ទ ហើយ​រស់នៅ​ជា​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ នោះ​យើង​នឹង​ទទួល​បាន​ពរជ័យ​បន្ថែម ជាមួយ​សេចក្តីស្រឡាញ់ សេចក្តីអំណរ និង​សេចក្តីសុខសាន្ដ​របស់​ទ្រង់ ។ ដូច​ជា​នីហ្វៃ​ដែរ យើង​អាច​ធ្វើការលំបាក​ទាំងឡាយ និង​ជួយ​មនុស្ស​ដទៃ​ឲ្យ​ធ្វើ​ដូចគ្នា​ពីព្រោះ​យើង​ដឹងថា យើង​អាច​ទុក​ចិត្ត​លើ​នរណា បាន ។១៨ ព្រះគ្រីស្ទ​គឺ​ជា​ពន្លឺ​យើង ជីវិត​យើង និង​ជា​សេចក្តីសង្រ្គោះ​របស់​យើង ។១៩ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕