សន្និសីទទូទៅ
ការចងចាំ​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ
កំណត់ចំណាំ​នៅ​បាត
បាវចនា

ការចងចាំ​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ

នៅពេល​មានការលំបាក​ផ្ទាល់ខ្លួន ឬ​ស្ថានភាព​ពិភពលោក​គ្របដណ្ដប់​យ៉ាង​ខ្មៅងងឹត​មកលើ​ផ្លូវ​របស់​យើង ហួស​ពី​ការ​គ្រប់គ្រង​របស់​យើង នោះ​ការចងចាំ​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ចេញ​មកពី​សៀវភៅ​ជីវិត​របស់​យើង គឺ​ដូចជា​ថ្ម​ដែល​បញ្ចេញ​ពន្លឺ ដែល​ជួយបំភ្លឺ​ផ្លូវ​នៅ​ខាង​មុខ ។

ដប់​ប្រាំបី​ឆ្នាំ​បន្ទាប់​ពី​ការ​និមិត្ត​ដំបូង នោះ​ព្យាការី យ៉ូសែប ស៊្មីធ​បាន​កត់ត្រា យ៉ាង​លម្អិត​អំពី​បទពិសោធន៍​របស់​លោក ។ លោក​បានប្រឈម​មុខ​នឹង​ការប្រឆាំង ការបៀតបៀន ការរុកគួន ការគំរាមកំហែង និង ការវាយ​ប្រហារ​យ៉ាង​ព្រៃ​ផ្សៃ ។ ប៉ុន្តែ​លោកបាន​បន្ត​ថ្លែងទីបន្ទាល់​ដោយ​ក្លាហាន​អំពី​ការនិមិត្ត​របស់​លោក​« ខ្ញុំ​ពិតជា​បាន​ឃើញ​ពន្លឺ​មែន ហើយ​នៅ​កណ្ដាល​ពន្លឺ​នោះ ខ្ញុំ​បាន​ឃើញ​តួអង្គ​ពីរ ហើយ​តួអង្គ​នោះ​បាន​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ជា​ពិតប្រាកដ ហើយ​ទោះ​ជា​ខ្ញុំ​ត្រូវ​គេ​ស្អប់ ហើយ​បៀតបៀន​មក​ពី​ថា ខ្ញុំ​បាន​ឃើញ​ការ​និមិត្ត​ក្ដី គង់តែ​ការណ៍​នោះ​ពិត ។… ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ »។​

ក្នុង​គ្រា​លំបាក​របស់​លោក ការចងចាំ​របស់​យ៉ូសែប​បានគិត​ត្រឡប់​ថយ​ក្រោយ​ជិត​ពីរ ទសវត្សរ៍ នឹក​ដល់​ក្តី​ស្រឡាញ់​ដ៏ពិត​ប្រាកដ​របស់​ព្រះ​ចំពោះ​លោក និង​ព្រឹត្តិការណ៍​នានា​ដែល​បាន​ទស្សទាយ​រៀបចំ​សម្រាប់​ការស្តារ​ឡើងវិញ​ជាយូរ​មក​ហើយ ។ ដោយ​ពិចារណា​ពី​ដំណើរ​ខាង​វិញ្ញាណ​របស់​លោក យ៉ូសែប បាន​ថ្លែង ៖​« ខ្ញុំ​មិនរិះគន់​នរណា​ម្នាក់​ដែល​មិនជឿ​ប្រវត្តិ​របស់​ខ្ញុំ​ឡើយ ។ ប្រសិន​បើ​ខ្ញុំ​ពុំ​បាន​ទទួល​បទ​ពិសោធន៍​នោះ ខ្ញុំ​ក៏មិន​ជឿ​ខ្លួន​ឯងដែរ » ។

ប៉ុន្តែ​បទ​ពិសោធ៍​នោះពិត​ហើយ​លោក​មិនដែល​ភ្លេច ​ឬ​បដិសេធ​​ឡើយ លោក​បាន​បញ្ជាក់​ពី​ទីបន្ទាល់​របស់​លោក​យ៉ាង​ស្ងៀម​ស្ងាត់ នៅ​ពេល​ផ្លាស់​លំនៅ​ទៅ​ក្រុង​កាតធេច ។ លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​ទៅ​ដូច​ជាចៀម​ដឹក​ទៅ​សម្លាប់ ប៉ុន្តែ​ខ្ញុំស្ងប់​ចិត្ត​ដូច​ជាព្រឹក​ព្រលឹម​នារដូវក្តៅ ខ្ញុំ​គ្មាន​សតិ​ទាស់​ចំពោះ​ព្រះ និង​ចំពោះ​មនុស្ស​គ្រប់​រូបឡើយ » ។

បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​របស់​យើង

គំរូ​របស់​ព្យាការី​យ៉ូសែប​មាន​មេរៀន​មួយ​សម្រាប់​យើង ។ ទន្ទឹម​នឹង​ការណែនាំដ៏​សុខសាន្ដ ដែល​យើង​បាន​ទទួល​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ពីមួយ​គ្រា​ទៅ​មួយគ្រា ព្រះ​ដ៏ប្រកប​ដោយ​អនុភាព បាន​អះអាង​ដល់យើង​ម្នាក់ៗ​ដោយ​ផ្ទាល់​ថា ទ្រង់​ស្គាល់​យើង ហើយ​ស្រឡាញ់​យើង ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ជាក់លាក់ និង​បើក​ចំហរ​ដល់យើង ។ បន្ទាប់​មក​នៅក្នុង​គ្រាលំបាក​របស់​យើង ព្រះអង្គ​សង្គ្រោះ​បាន​នាំ​គំនិត​យើង​ទៅ​កាន់​បទពិសោធន៍​ទាំង​នេះ ។

សូម​គិតអំពី​ជីវិត​ផ្ទាល់​របស់​បងប្អូន ។ ជាច្រើន​ឆ្នាំ​ហើយ ខ្ញុំ​បាន​ស្តាប់​បទពិសោធន៍​ដ៍ជ្រាល​ជ្រៅ​ខាង​វិញ្ញាណ​ពី​ពួកបរិសុទ្ធ​រាប់​ពាន់​នាក់​នៅ​ជុំវិញ​ពិភពលោក ដែល​ជាការ​បញ្ជាក់​អះអាង​ដល់​ខ្ញុំ​ឲ្យ​លែង​មាន​សំណួរ​ថា ព្រះទ្រង់​ជ្រាប ហើយ​ស្រឡាញ់​យើង​ម្នាក់ៗ ហើយ​ថា​ទ្រង់​មាន​ព្រះទ័យ​ចង់​បើក​សម្តែង​អង្គ​ទ្រង់​ដល់​យើង ។ បទ​ពិសោធន៍​នេះ​អាច​មក​ក្នុង​ពេលវេលា​ដ៏​សំខាន់​នៅ​ក្នង​ជីវិត​របស់​យើង ឬ​ក្នុង​អ្វី​ដែល​ដំបូង​ឡើយ​ហាក់​ដូច​កើត​ឡើង​ក្នុង​ពេលវេលា​មួយ​ដែល​មិនសំខាន់​ប៉ុន្តែ​វា​តែង​រួម​ដំណើរ​ជាមួយ​ការ​បញ្ជាក់​ខាង​វិញ្ញាណ​យ៉ាងខ្លាំង​ជាពិសេស​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ។

ការចង​ចាំ​ដល់​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ទាំងនេះ នាំ​យើង​ឲ្យ​លុតជង្គង់​ចុះ ប្រកាស​ដូចជា​ព្យាការី យ៉ូសែប​បាន​ប្រកាស​ថា « អ្វីដែល​ខ្ញុំ​បាន​ទទួល​គឺ​មក​ពីស្ថាន​សួគ៌ ។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ដឹង​ថា ព្រះ​ទ្រង់​ក៏​ដឹង​ថា​ខ្ញុំ​បាន​ឃើញ​ការនិមិត្ត ហើយ​ខ្ញុំ​ពុំ​អាច​បដិសេធ​រឿង​នេះ​ » ។

ឧទាហរណ៍​ចំនួន​បួន

សូម​សញ្ជឹង​គិត​អំពី​អនុស្សាវ​រីយ៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​របស់​បងប្អូន កាល​ដែល​ខ្ញុំ​ចែកចាយ​គំរូ​មួយ​ចំនួន​ពី​មនុស្ស​ដទៃ ។

Russell M Nelson

ច្រើន​ឆ្នាំ​កន្លង​ទៅ​ព្រឹទ្ធាចារ្យ​អយ្យកោ​ស្តេក​ម្នាក់​ដែល​មាន​សន្ទះ​បេះដូង​ពីរខូច បាន​អង្វរ​សុំ​អតីត​វេជ្ជបណ្ឌិត ​រ័សុល អិម ណិលសុន ឲ្យ​ធ្វើ​ជួយ ទោះ​ជា​នៅ​ក្នុង​គ្រានោះ​គ្មាន​មធ្យោបាយ​វះកាត់​ការខូច​សន្ទះ​ទីពីរ​នៃបេះ​ដូង​ក្ដី ។ នៅ​ទីបញ្ចប់ វេជ្ជ. ណិលសុន បាន​យល់ព្រម​ធ្វើ​ការវះកាត់ ។ នេះ​គឺ​ជា​ពាក្យ​ពេចន៍​របស់​ប្រធាន​ណិល​សុន ៖

« បន្ទាប់​ពី​ចង្វាក់បេះដូង​សន្ទះ​ទីមួយ​បាន​ធូរស្បើយ យើង​បាន​ឃើញ​សន្ទះ​ទីពីរ​ដំណើរ​ការ​មិនល្អ ។ យើង​ឃើញ​វានៅ​ទាំងមូល ប៉ុន្តែ​រីកយ៉ាងខ្លាំង ដែល​អាច​បណ្តាល​ឲ្យ​វាមិន​ដំណើរ​ការ​តាម​មុខងារ ។ ខណៈ​ពេល​ពិនិត្យ​សន្ទះ​នេះ ស្រាប់​តែ​មាន​សារលិខិត​មួយ​ជាពិសេស​បំផុស​ក្នុង​គំនិត​ខ្ញុំ​ថា ៖ បន្ធូរ​កងសម្ពាធ​ឈាម ។ ខ្ញុំ​បាន​ប្រាប់​សារលិខិត​នេះ​ទៅ​ជំនួយ​ការ​ខ្ញុំ ។ ‹ ជាលិកា​សន្ទះ​បេះដូង​នឹង​ដើរ​ល្អ​ ប្រសិន​បើ​យើង​បន្ធូរ​កង​មក​ត្រឹមទំហំ​ធម្មតា នោះ​វា​នឹង​មាន​ប្រសិទ្ធ​ភាព › ។

« ប៉ុន្តែ​ដោយ​របៀបណា ?… រូបភាព​នោះ​បង្ហាញ​យ៉ាង​ច្បាស់​ក្នុង​គំនិត​ខ្ញុំ បង្ហាញ​អំពី​របៀប​ដែល​វា​ជំនួស​ការដេរភ្ជាប់​—​បង្កើត​ជាផ្នត់​ត្រង់​នេះ ហើយ​ជីប​ត្រង់​នោះ ។… ខ្ញុំនៅ​តែចងចាំ​រូបភាព​ទាំងនោះ​—​ពេញ​ដោយ​ស្លាក​ស្នាម​អុចៗ ដែល​ត្រូវ​ដេរ​ភ្ជិត ។ ការ​ព្យាបាល​បាន​ជោគ​ជ័យ ដូច​​បង្ហាញ​ជា​ឌីដ្យាក្រាម​ក្នុង​គំនិត​របស់​ខ្ញុំ ។ យើង​សាកល្បង​សន្ទះ​នោះ ហើយ​រកឃើញ​កន្លែង​ធ្លាយ​ដែល​ត្រូវ​បន្ធូរ​ជា​បន្ទាន់ ។ ‹ ជំនួយ​ការ​របស់​ខ្ញុំ​បាន​និយាយថា វាគឺជា​អព្ភូតហេតុ​› » ។ លោក​អយ្យកោ​បាន​​បន្ត​រស់​នៅ​ជា​ច្រើន​ឆ្នាំ ។

វេជ្ជ. ណិលសុន បាន​ទទួល​ការដឹកនាំ ។ លោក​បាន​ដឹង​ថា ព្រះទ្រង់​ជ្រាប ហើយ​លោក​ដឹក​ថា លោក​ត្រូវ​បាន​ដឹកនាំ ។

Beatrice Magre

ឃេធី និង​ខ្ញុំ​បាន​ជួប បេអាទ្រីស ម៉ាហ្គ្រេ ​ដំបូង​នៅ​ប្រទេស​បារាំង​ ៣០​ឆ្នាំ​មុន ។ ថ្មីៗនេះ បេអាទ្រីស​បាន​ប្រាប់​ខ្ញុំ​ពី​បទ​ពិសោធន៍ ដែល​មាន​ឥទ្ធិពល​លើ​ជីវិត​ខាង​វិញ្ញាណ​របស់​នាង ​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក កាល​នៅ​វ័យ​ជំទង់ ។ នេះគឺ​ជា​ពាក្យ​សម្តី​របស់​នាង ៖

« យុវវ័យ​នៃ​សាខា​របស់យើង​បាន​ធ្វើ​ដំណើរ​ជាមួយ​ថ្នាក់​ដឹក​នាំ​របស់​ពួកគេ ទៅកាន់​សាខា​ឡាខាណោ ដែល​ចំណាយ​ពេល​មួយ​ម៉ោង​កន្លះ​ពី​ក្រុង​ប័រដូ ។

« មុន​ពេល​យើង​ត្រឡប់​មក​ផ្ទះវិញ ថ្នាក់​ដឹកនាំ​ម្នាក់​របស់​យើង​បាន​សម្រេច​ចិត្ត​ហែល​ទឹក​ជា​លើក​ចុង​ក្រោយ​ ហើយ​គាត់បាន​ចុះ​ហែល​ទឹក​រលក​ទាំង​វែនតា ។ ពេល​គាត់​ងើប​ឡើង វ៉ែន​តាគាត់​ជ្រុះ​បាត់ ។​… វា​បាត់​ក្នុង​ទឹកសមុទ្រ ។

« គាត់​មិនអាច​បើក​បរ​ដោយ​គ្មាន​វ៉ែន​តា​បាន​ទេ ។ យើង​នឹង​មិន​បាន​ទៅ ផ្ទះ​ឡើយ ។

« បង​ស្រី​ម្នាក់​ដែល​ពោរពេញ​ដោយ​សេចក្តី​ជំនឿ​បាន​ផ្តល់​យោបល់​ថា យើង​ត្រូវ​អធិស្ឋាន ។

« ខ្ញុំ​បាន​រអ៊ូរ​ថា​ការអធិស្ឋាន​មិន​បាន​ធ្វើ​ឲ្យ​អ្វី ប្រសើរ​ឡើង​ទេ ហើយ​ខ្ញុំ​បាន​ចូលរួម​អធិស្ឋាន​ក្នុង​ក្រុម​ជាសាធារណៈ​ទាំង​ទើស​ទាល់​ក្នុង​ទឹក​ត្រឹម​ចង្កេះ ។

« ពេល​ដែល​ការអធិស្ឋាន​បាន​បញ្ចប់ ខ្ញុំ​បាន​លា​ដៃ​របស់​ខ្ញុំ​ដើម្បី​បាច​ទឹក​ដាក់គ្រប់​គ្នា ។​ ពេល​ខ្ញុំ​ហែល​តាម​ផ្ទៃ​ទឹកសមុទ្រ ស្រាប់តែ​វ៉ែនតា​របស់​គាត់​បាន​ចូល​ក្នុង​ដៃខ្ញុំ ។ អារម្មណ៍​ដ៏អស្ចារ្យ​បាន​ចាក់​ទម្លុះ​ព្រលឹង​របស់​ខ្ញុំ​ថា ព្រះ​ពិត​ជា​បាន​ឮ​និង​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង​មែន » ។

សែ​សិប​ប្រាំ​ឆ្នាំ​ក្រោយ​មក នាង​បាន​និយាយ​ឡើងវិញ​ថា វា​ហាក់​បី​ដូច​ជា​កើត​ឡើង​កាលពី​ម្សិល​មិញ​អញ្ចឹង ។ បេអាទ្រីស​បាន​ទទួល​ពរជ័យ ហើយ​នាង​ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​ថា​នាង​ដឹង​ថា​នាង​មាន​ពរជ័យ ។

បទពិសោធន៍​របស់​ប្រធាន ណិលសុន និង​បងស្រី ម៉ាហ្គ្រេ មាន​ភាព​ខុស​ប្លែកគ្នា​ខ្លាំង ប៉ុន្តែ​ទាំងពីរ​គឺ​ជា​អនុស្សាវរីយ៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ដែល​មិនអាច​បំភ្លេច​បាន​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ដែល​​បាន​បង្កប់​ក្នុង​បេះ​ដូង​អ្នក​ទាំងពីរ​ជានិច្ច ។

ព្រឹត្តិការណ៏​ដ៏មាន​អត្ថន័យ​ទាំងនេះ​ជាញឹក​ញាប់​បាន​មក​ពីការ​រៀន​អំពី​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ឬ​ការចែក​ចាយ​ដំណឹងល្អ​ជាមួយ​នឹង​មនុស្ស​ដទៃ ។

Floripes Luzia Damasio and Neil L. Andersen

រូបនេះ​បាន​ថតនៅ​ទីក្រុង​សៅ ផាឡូ ប្រទេស​ប្រេស៊ីល​ក្នុង​ឆ្នាំ ២០០៤ ។ ហ្វ្លូរីភី លូហ្សៀ ដាម៉ាស៊ីអូ ​មកពី​សេ្តក​អ៊ីផាទីនហ្គា ប្រទេស​ប្រេស៊ីល​មាន​អាយុ ១១៤ ឆ្នាំ ។ ពេល​និយាយ​អំពី​ការប្រែចិត្ត​ជឿរបស់​គាត់ បងស្រី ដាម៉ាស៊ីអូ បាន​ប្រាប់​ខ្ញុំថា អ្នកផ្សព្វផ្សាយ​សាសនា​នៅភូមិ​របស់​គាត់​បាន​ផ្តល់​ការប្រសិទ្ធពរ​បព្វជិតភាព​ដល់​ទារក​ដែល​មាន​ជម្ងឺ​យ៉ាង​ធ្ងន់​ធ្ងរ ដែល​បាន​ជា​សះស្បើយ​​វិញ​ដោយ​អព្ភូតហេតុ ។ គាត់​ចង់​ដឹង​បន្ថែម​ទៀត ។ ពេល​ដែលគាត់​បាន​អធិស្ឋាន​អំពី​សារលិខិត​របស់​ពួកគេ នោះ​សាក្សី​ដែល​ពុំអាច​បដិសេធ​បាន​នៃព្រះ​វិញ្ញាណ​បាន​បញ្ជាក់​ដល់​គាត់ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​ម្នាក់​របស់​ព្រះ ។ គាត់​បាន​ជ្រមុជទឹក​នៅ​អាយុ ១០៣ ហើយ​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​នៅ​អាយុ ១០៤ ។ ចាប់​តាំង​ពី​ពេល​នោះ​មក​រៀងរាល់​ឆ្នាំ គាត់​បាន​ចំណាយ​ពេល​ជិះ​ឡាន​ក្រុង​រយៈពេល ១៤​ម៉ោង ដើម្បី​ទៅ​ចូល​រូម​ព្រះ​វិហារ​បរិសុទ្ធ​រយៈពេល​មួយ​សប្តាហ៏ ។ បងស្រី ដាម៉ាស៊ីអូ បាន​ទទួល​ការបញ្ជាក់​ពី​ស្ថានសួគ៌ ហើយ​គាត់​ដឹង​ថា ព្រះទ្រង់​ជ្រាប​ថា​គាត់​ដឹង​ថា​សាក្សី​នោះ​គឺ​ជា​ការពិត​ ។

នេះ​គឺជា​ការ​ចងចាំ​ខាង​វិញ្ញាណ​មួយ​មកពី​បេសសកម្ម​ដំបូង​របស់​ខ្ញុំ​នៅប្រទេស​បារាំង​រយៈពេល ៤៨ ឆ្នាំមុន ។

អំឡុង​ពេល​ដើរ​គោះ​ទ្វារ​ដៃ​គូរ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទុក​ព្រះគម្ពីរ​មរមន​មួយ​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់ ។ នៅពេល​មួយ​សប្តាហ៍​ក្រោយ​មក ពេល​យើង​ត្រឡប់​ទៅ​ផ្ទះល្វែង​របស់​គាត់​វិញ គាត់​បាន​បើក​ទ្វារ ។ មុន​ពេល​គាត់​ចាប់​និយាយ ​ខ្ញុំ​មានអារម្មណ៍​ពី​អំណាច​ខាង​វិញ្ញាណ​ដ៏​ជាក់ស្ដែង​មួយ ។ អារម្មណ៍​ដ៏​ខ្លាំង​ពី​ព្រះវិញ្ញាណ​នោះ​បាន​បន្ត​មាន នៅពេល​ដែល​បងស្រី អាលីស អូឌូប៊ើត អញ្ជើញ​យើង​ឲ្យ​ចូល​ក្នុង ហើយ​ប្រាប់​យើង​ថា គាត់​បាន​អាន​ព្រះគម្ពីរ​មរមន ហើយ​ដឹងថា​វា​គឺជា​ការពិត ។ ពេល​យើង​ចាកចេញ​ពី​ផ្ទះ​របស់​គាត់​ថ្ងៃ​នោះ ខ្ញុំ​បាន​អធិស្ឋាន​ថា « ឱ​ព្រះរវបិតាសួគ៌ សូមជួយ​ខ្ញុំ​កុំឲ្យ​ភ្លេច​នូវ​អារម្មណ៍​ដែល​ខ្ញុំទើប​បាន​ទទួល​នេះ » ។ ខ្ញុំ​មិន​ដែល​ភ្លេច​ពី​អារម្មណ៍​នោះ​ឡើយ ។

Neil L. Andersen

វា​ហាក់បី​ដូចជា​ឱកាស​ធម្មតា​ នៅ​មាត់ទ្វារ​ផ្ទះ​​មួយ​ដូច​ផ្ទះ​រាប់​រយ​ផ្សេងទៀត​ដែរ ​តែខ្ញុំ​មាន​អារម្មណ៍​​អំណាច​មកពី​នៃ​ស្ថាន​សួគ៌ ។ ហើយ​ខ្ញុំ​ដឹង​ថា​ព្រះ​ទ្រង់​ជ្រាបថា ខ្ញុំ​ដឹង​ថា​ទ្វារ​នៃ​ស្ថាន​សួគ៌​បាន​បើក ។

ភាពជា​បុគ្គល និង​ពុំ អាច​បដិសេធបាន

ឱកាស​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ទាំងនេះ​កើត​មាន​ក្នុង​ពេលវេលា​ខុសៗគ្នា និង​របៀប​ផ្សេងៗ​គ្នា​តាម​របៀប​របស់​យើង​​ម្នាក់ៗ​ផ្ទាល់ខ្លួន ។

សូម​គិត​អំពី​គំរូ​ដែល​ជាទី​ពេញ​ចិត្ត​របស់​បងប្អូន​​នៅក្នុង​ព្រះគម្ពីរ ។ អស់​អ្នក​ដែល​ស្តាប់​តាម​សាវក​ពេត្រុស​បាន​« ចាក់ចុច​ក្នុង​ចិត្ត » ។​ស្រ្តី​សាសន៍​លេមិន ឈ្មោះ​អ័ប៊ីស បាន​ជឿលើ « ការនិមិត្ត​ដ៏អស្ចារ្យ​មួយ​របស់​ឪពុក​នាង » ។ មាន​សំឡេង​មួយ​បន្លឺ​ដល់​គំនិត​របស់​អេណុក ។១០

មិត្ត​របស់​ខ្ញុំ ក្លេតុន គ្រីស្ទីនសិន​បាន​ពិពណ៌នា​ពី​បទ​ពិសោធន៍​មួយ​អំឡុង​ពេល​អាន​ព្រះគម្ពីរ​មរមន ដែល​ពោរពេញ​ដោយ​ការអធិស្ឋាន​តាមរបៀប​នេះ ៖ « មាន​ព្រះវិញ្ញាណ​ដ៏​កក់ក្ដៅ និង​ជា​ទីស្រឡាញ់…បាន​ហ៊ុមព័ទ្ធ​ខ្ញុំ ហើយ​បាន​ពោរពេញ​ក្នុង​ព្រលឹង​ខ្ញុំ ឱបក្រសោបខ្ញុំ​ដោយ​អារម្មណ៍​នៃ​ក្ដីស្រឡាញ់ ដែល​ខ្ញុំ​ពុំ​នឹក​ស្មាន​ថា​ខ្ញុំ​អាច​មាន [ហើយ​អារម្មណ៍​នេះ​បាន​បន្ត​រាល់​យប់ ]»។១១

មាន​ពេល​ជាច្រើន​ដែល​អារម្មណ៏​ខាងវិញ្ញាណ​ចាក់​ទម្លុះ​ដួង​ចិត្ត​យើង ដូច​ជាភ្លើង​បំភ្លឺ​ព្រលឹង​របស់​យើង​ដែរ ។ យ៉ូសែប ស៊្មីធ បាន​ពន្យល់​ថា​ពេល​ខ្លះ​យើង​ទទួល « បាន​គំនិត​ភ្លាមៗ » ហើយ​ជាញឹក​ញាប់ « ទទួល​អារម្មណ៍​បញ្ញា​ដ៏បរិសុទ្ធ » ។១២

ក្នុង​ការ​ឆ្លើយ​តប​នឹង​បុរស​ដ៏ស្មោះត្រង់​ម្នាក់ ដែល​បាន​ប្រកាស​ថា​មិនដែល​មាន​បទពិសោធន៍​ដូច្នេះ នោះ​​ប្រធាន ដាល្លិន អេក អូក បាន​ផ្តល់​ដំបូន្មានថា « ប្រហែល​ការ​អធិស្ឋាន​របស់លោក​ត្រូវ​បាន​ឆ្លើយ​តប ម្តងហើយ​ម្តងទៀត ប៉ុន្តែ​​លោក​រំពឹង​ស្វែង​រក​ទីសម្គាល់​ដ៏អស្ចារ្យ ឬ​សំឡេង​ខ្លាំងៗ រហូត​ដល់​​លោក​គិត​ថា លោក​​មិន​ដែល​បាន​ទទួល​ចម្លើយ​ទេ » ។១៣ ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​បាន​មាន​បន្ទូល​អំពី​សេចក្តី​ជំនឿ​ដ៏អស្ចារ្យ​នៃ​មនុស្ស​ដែល « [ បាន​ទទួល​ពរ ] ដោយ​ភ្លើង និង​ដោយ​ព្រះវិញ្ណាណ​បរិសុទ្ធ [ ប៉ុន្តែ​ពួកគេ ] ពុំ​បាន​ដឹង​ទេ » ។១៤

តើ​បងប្អូន​ស្ដាប់ឮ​ទ្រង់​ដោយ​របៀប​ណា ?

ថ្មីៗ​នេះ យើង​បាន​ស្ដាប់​​ប្រធាន រ័សុល អិម ណិលសុន និយាយ ៖ « ខ្ញុំ​សូម​អញ្ជើញបងប្អូន​​ឲ្យ​គិត​កាន់​តែជ្រៅ ហើយ​ជាញឹក​ញាប់​គឺ​សំណួរ​គន្លឹះ​នេះ ៖ តើបងប្អូន​​អាច​ស្ដាប់​តាម​ទ្រង់​ដោយ​របៀបណា ? ខ្ញុំក៏​សូម​អញ្ជើញ​​បងប្អូន​​ឲ្យ​ឈាន​ជំហាន​ដើម្បី​​ស្ដាប់​តាម​​ទ្រង់​កាន់​តែ​ប្រសើរ​ឡើង និង​ញឹកញាប់​ឡើង » ។​១៥ លោក​បាន​និយាយ​ឡើងវិញ​នូវ​ការ​អញ្ជើញ​នោះនា​ព្រឹក​នេះ។

យើង​ស្ដាប់​​ទ្រង់​នៅក្នុង​ការអធិស្ឋាន​របស់យើង ក្នុង​គេហដ្ឋាន ក្នុង​ព្រះគម្ពីរ និង​ក្នុង​ទំនុក​តម្កើង​របស់​យើង កាល​ដែល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដោយ​ស័ក្តិសម កាលយើង​ប្រកាស​ពីសេចក្តី​ជំនឿ​របស់យើង កាលណា​យើង​បម្រើ​មនុស្ស​​ដទៃ និង​កាលដែល​យើង​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​សមាជិក​ដែល​មានជំនឿ​ទាំងឡាយ ។ គ្រា​ដ៏​មាន​អត្ថន័យ​ខាង​វិញ្ញាណ​កើតមាន កាល​​យើង​​ស្តាប់​សន្និសីទ​ទូទៅ​ប្រកប​ដោយ​ការអធិស្ឋាន និង​​ពេល​​យើង​គោរព​បទបញ្ញត្តិ​ទាំងឡាយ​កាន់តែ​ខ្លាំង​ឡើង ​។ ហើយ​បទ​ពិសោធន៍​នេះ​ក៏សម្រាប់​កុមារ​ទាំងឡាយ​ផងដែរ ។ ចូរចាំ​ថា ព្រះយេស៊ូវ « ទ្រង់​បាន​បង្រៀន​ហើយ​ធ្វើការ​បម្រើ​ដល់​ពួកកូន​ក្មេង … ហើយ [ កុមារទាំងឡាយ ] និយាយ​ប្រាប់ … នូវ​ការណ៏​ដ៏​ធំ​និង​អស្ចារ្យ » ។១៦ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា ៖

« [​ ចំណេះ​ដឹងនេះ​ត្រូវបាន​ ​] ប្រទាន​ដល់អ្នក ដោយ​ព្រះវិញ្ញាណ​របស់យើង … ហើយ​លើកលែង​តែ​ដោយ​សារ​អំណាច​របស់យើង​នោះ​អ្នក​ពុំអាច​បាន [ វា ] ឡើយ ។

« ហេតុដូច្នេះហើយ អ្នក​រាល់គ្នា​អាច​ធ្វើ​ទីបន្ទាល់​ថា អ្នក​បាន​ឮ​សំឡេង​របស់​យើង ហើយ​ស្គាល់​ព្រះបន្ទូល​ទាំងឡាយ​របស់​យើង » ។១៧

យើងអាច​ « ស្តាប់​ទ្រង់ ​» ដោយសារ​តែ​ពរជ័យ​នៃ​ដង្វាយធួន​មិន​អាច​ប្រៀបផ្ទឹម​បាន​របស់​ព្រះអង្គ​សង្គ្រោះ ។

ខណៈ​ដែលយើង​មិនអាច​ជ្រើស​រើស​ពេលវេលា​ដើម្បី​ទទួល​គ្រា​ដ៏សំខាន់ ប្រធាន ហិនរី ប៊ី អាវរិង បាន​ផ្តល់​ដំបូន្មាន​នេះ​នៅក្នុង​ការរៀប​ចំ​របស់យើង ៖ « យប់​នេះ និង​យប់​ស្អែក អ្នក​អាច​អធិស្ឋាន និង​សញ្ជឹងគិត​ដោយ​សួរ​សំណួរ ៖ តើ​ព្រះ​បាន​បញ្ជូន​សារលិខិត​មួយ​ដែល​យុត្តិធម៌​សម្រាប់​តែ​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅ​ក្នុង​ជីវិត​ខ្ញុំ ឬ​ក្នុង​ជីវិត ​[ គ្រួសារ​] របស់ខ្ញុំ​ដែរ​ឬទេ ? »​១៨ សេចក្តី​ជំនឿ ការ​គោរព​ប្រតិបត្តិ ការ​បន្ទាប​ខ្លួន និង​គោល​បំណង​ពិត​​នឹង​បើក​បង្អួច​នៃ​ស្ថានសួគ៌ ។១៩

រូបភាព​មួយ

Spiritual Memories
Spiritual Memories
Spiritual Memories

បងប្អូន​អាច​គិត​អំពីការ​ចង​ចាំ​ខាងវិញ្ញា​ណ​របស់​បងប្អូន​តាម​​របៀប​នេះ ។ ដោយ​មាន​ការអធិស្ឋាន​ដោយ​ខ្ជាប់​ខ្ជួន ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការគោរព​សេចក្តី​សញ្ញា និង​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ នោះ​យើង​​ដឹកនាំ​ផ្លូវ​របស់​យើង​ឆ្លង​កាត់​​ជីវិត ។ ពេល​មាន​ការលំបាក​ ការសង្ស័យ​ផ្ទាល់ខ្លួន ឬ​ការបាក់​ទឹក​ចិត្ត​ធ្វើ​ឲ្យ​​ផ្លូវ​យើង​ងងឹត ឬ ពេល​ស្ថាន​ភាព​លោកិយ​នេះ​លើស​ពីការ​គ្រប់​គ្រង​របស់យើង ដឹកនាំ​យើង​ឲ្យ​​ងឿងឆ្ងល់​អំពី​អនាគត​ នោះ​អនុស្សាវ​រីយ៍​ខាង​វិញ្ញាណ​ដ៏មាន​អត្ថន័យ​ពី​សៀវភៅ​នៃ​ជីវិត​របស់​យើង គឺដូចជា​សិលា​ដែលមាន​​ពន្លឺ ដែល​​​ជួយ​បំភ្លឺ​ផ្លូវ​ខាង​មុខ ដោយ​​ធានា​ប្រាប់​​យើង​ថា ព្រះ​ស្គាល់យើង ស្រឡាញ់​យើង និង​បាន​បញ្ជូន​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​​ព្រះយេស៊ូវ​គ្រីស្ទ​ឲ្យ​មក​ជួយ​យើង​ត្រឡប់​ទៅ​ផ្ទះវិញ ។ ហើយ​ពេល​​នរណា​ម្នាក់​បាន​ទុក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ​របស់​ពួកគេ​មួយ​អន្លើរ ហើយ​វង្វេង ឬ​ច្របូក​ច្របល់​នោះ យើង​ជួយ​​បង្វែរ​ពួកគេ​ឲ្យ​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្រ្គោះ​ ពេល​យើង​ចែកចាយ​សេចក្តី​ជំនឿ និង​អនុស្សាវរីយ៍​របស់យើង​ជាមួយ​ពួកគេ ដើម្បី​ជួយ​ពួកគេ​​ឲ្យ​នឹកឃើញ​ដល់​គ្រា​​ដ៏មាន​តម្លៃ​ខាងវិញ្ញាណ​​ឡើង​វិញ ដែល​ពួកគេ​ធ្លាប់​ឲ្យ​តម្លៃ ។

បទពិសោធន៍​ខ្លះ​ពិសិដ្ឋណាស់ ដែល​យើង​ត្រូវ​រក្សា​វាទុក​ក្នុង​ការ​ចងចាំ​ខាងវិញ្ញាណ​របស់​យើង ហើយ​មិនត្រូវ​ចែកចាយ​ទេ ។២០

« ពួក​ទេវតា​និយាយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហេតុ​ដូច្នោះ​ហើយ ពួក​ទេវតា​និយាយ​អំពី​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ » ។២១

« រីឯពួក​ទេវតា [​ ក៏​ពុំឈប់ ​] ធ្វើការ​ងារ​បម្រី ដល់​កូន​ចៅ​មនុស្ស​ដែរ ។

« ត្បិតមើល​ចុះ​ ពួក​ទេវតា​នៅក្រោម​បង្គាប់​ [ ព្រះគ្រីស្ទ ] ដើម្បី​ធ្វើការងារ​បម្រើរ តាម …​បន្ទូល​នៃ​បញ្ជា​របស់​ទ្រង់​ដោយ​បង្ហាញ​ខ្លួន​ដល់​ពួកអ្នក​ដែល​មាន​សេចក្តី​ជំនឿដ៏មុត​មាំ និង​គំនិត​ដ៏មុះមុត​នៅក្នុង​គ្រប់​ទម្រង់​នៃទេវភាព » ។២២

ហើយ « ព្រះ​ដ៏​ជា​ជំនួយ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ … ​នឹង​បង្រៀន​អ្នក​រាល់គ្នា​ពី​គ្រប់​សេចក្តី​ទំាង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់គ្នា​ដែរ » ។២៣

សូម​ឱបក្រសោប​អនុស្សាវរីយ៍​ដ៏ពិសិដ្ឋ​របស់​បងប្អូន ។ សូម​ជឿ​ដល់​ទ្រង់ ។ សូម​កត់ត្រា​វា​ទុក ។ សូម​ចែកចាយ​វា​ជាមួយ​គ្រួសារ​​បងប្អូន ។ សូម​ទុកចិត្ត​ថា អនុស្សាវរីយ៍​នោះ​​កើត​មាន​ដល់​បងប្អូន​​មកពី​ព្រះវរបិតាសួគ៌​របស់​បងប្អូន​ និង​ព្រះរាជ​បុត្រា​ជាទីស្រឡាញ់​របស់​ទ្រង់ ។២៤ សូម​ទុកឲ្យ​អនុស្សាវរីយ៍​នោះ​នាំយក​ភាពអត់ធ្មត់​ចំពោះ​ភាព​សង្ស័យ​ និង​ការយល់​ដឹង​ក្នុង​​គ្រា​ដ៏​លំបាក​របស់​បងប្អូន ។​២៥ ខ្ញុំសូម​សន្យាថា កាល​បងប្អូន​មាន​ឆន្ទៈ​​ចង់​ដឹង និង​ថែរក្សា​ព្រឹត្តិការណ៍​ខាង​វិញ្ញាណ​​ដ៏​មាន​អត្ថន័យ​​ទាំងនោះ​នៅក្នុង​ជីវិត​របស់​បងប្អូន​ដោយ​ប្រុង​ប្រយ័ត្ន ​នោះ​​បងប្អូន​នឹងកាន់​តែ​ទទួល​បាន​ច្រើន​ថែម​ទៀត ។ ព្រះវរបិតាសួគ៌​ស្គាល់ និង​ស្រឡាញ់​​​បងប្អូន !

ព្រះ​យេស៊ូវ​គឺ​ជា​ព្រះ​គ្រីស្ទ ដំណឹង​ល្អ​របស់​ទ្រង់​ត្រូវ​បាន​ស្តារ​ឡើងវិញ ហើយ​កាល​​យើង​នៅ​បន្ត​ស្មោះត្រង់ នោះ​ខ្ញុំ​សូម​ធ្វើ​ជាសាក្សីថា យើង​នឹងជា​របស់​ទ្រង់​ជា​រៀង​រហូត នៅក្នុង​ព្រះនាម​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ អាម៉ែន ៕