២០០០–២០០៩
ឱ ចូរ​ចងចាំ ចូរ​ចងចាំ
ខែ​តុលា ឆ្នាំ​២០០៧


ឱ ចូរ​ចងចាំ ចូរ​ចងចាំ

ព្យាការី​ព្រះគម្ពីរ​មរមន​បាន​ទទូច​ជា​រឿយៗ​ថា « ឱ ចូរ​ចងចាំ ចូរ​ចងចាំ » ។ ខ្ញុំ​សូម​បញ្ចុះ​បញ្ចូល​បងប្អូន​ឲ្យ​ស្វែងរក​របៀប​ដើម្បី​ស្គាល់ និង​ចងចាំ​ដល់​សេចក្ដីល្អ​របស់​ព្រះ ។

ខ្ញុំ​មាន​អំណរ​គុណ​ដល់​ក្រុម​តន្ដ្រី​នៅក្នុង​ការចាក់​ផ្សាយ​របស់​ពួកគេ​នា​ព្រឹក​នេះ ដែល​ស្ដីពី​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​អំណរ​ដែល​ឮ​ពាក្យ​មួយ​ក្នុង​ចម្រៀង​ដែល​ពួកគេ​ច្រៀង « នេះ​គឺ​ព្រះគ្រីស្ទ » ដែល​បាន​សរសេរ​ដោយ​ប្រធាន ចេមស៍ អ៊ី ហ្វោស្ដ ។ កាល​ខ្ញុំ​អង្គុយ​នៅ​ក្បែរ​បងប្រុស ញូវេល ខ្ញុំ​បាន​ងាក​ទៅ​​គាត់ ហើយ​សួរ​ថា « តើ​កូនចៅ​បង​សុខ​សប្បាយ​ជា​ទេ ? » គាត់​បាន​ឆ្លើយ​ថា « នៅពេល​ប្រធាន​ហ្វោស្ត បាន​អង្គុយ​នៅ​កៅអី​នោះ គាត់​តែងតែ​សួរ​សំណួរ​នោះ » ។ ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​ទេ ដោយសារ​ប្រធាន​ហ្វោស្ត​តែង​ធ្វើជា​សិស្ស​ដ៏​គំរូ​ឥតខ្ចោះ​ម្នាក់ ដែល​បាន​រៀបរាប់​នៅក្នុង តន្ដ្រី និង​ពាក្យពេចន៍​ នៅ​ថ្ងៃ​នេះ ។ ខ្ញុំ​តែង​មាន​អារម្មណ៍​ថា នៅពេល​ខ្ញុំ​ធំ​ឡើង ខ្ញុំ​ចង់​ក្លាយ​ដូចជា​ប្រធាន ហ្វោស្ដ ។ វា​អាច​នៅ​តែ​មាន​ពេល ។

នៅពេល​កូនៗ​យើង​នៅ​តូច​ៗ​នៅ​ឡើយ ខ្ញុំ​បាន​ចាប់ផ្ដើម​សរសេរ​រឿង​មួយ​ចំនួន​​អំពី​អ្វី​ដែល​បាន​កើត​ឡើង​រាល់​ថ្ងៃ ។ ខ្ញុំ​សូម​ប្រាប់​បងប្អូន​​ថា​តើ វា​បាន​ចាប់ផ្ដើមដោយ​របៀប​ណា ។ ខ្ញុំ​បាន​បំពេញ​កិច្ចចាត់តាំង​មួយ​របស់​ព្រះវិហារ ហើយ​មក​ដល់​ផ្ទះ​យប់​ជ្រៅ ។ មេឃ​ងងឹត​ខ្លាំង​ណាស់ ។ ឪពុក​ក្មេក​របស់​ខ្ញុំ ដែល​បាន​រស់នៅ​ក្បែរ​យើង បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​នៅពេល​ខ្ញុំ​បាន​ដើរ​ឆ្ពោះទៅ​ទ្វារ​មុខ​ផ្ទះ​ខ្ញុំ ។ គាត់​កំពុងលី​បំពង់​មួយ​បាច់​ធំ​លើ​ស្មា​របស់​គាត់ ដោយ​ដើរ​យ៉ាងលឿន​ជាមួយ​​សម្លៀក​បំពាក់​ធ្វើការ​របស់​គាត់ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​កំពុង​សង់​ប្រព័ន្ធ​បូមទឹក​ពី​ស្ទឹងមួយ​មក​ដល់​ដី​របស់​យើង ។

គាត់​បាន​ញញឹម ហើយនិយាយ​ដោយ​ស្រទន់ រួច​ប្រញាប់​ដើរ​ទៅ​ក្នុង​ទីងងឹត​ដើម្បី​បន្ដ​កិច្ចការ​របស់គាត់ ។ ខ្ញុំ​បាន​ដើរ​ពីរបី​ជំហាន​ទៅផ្ទះ ដោយ​គិត​អំពី​អ្វី​ដែល​គាត់​បាន​កំពុង​ធ្វើ​សម្រាប់​យើង ហើយ​នៅពេល​ខ្ញុំ​បាន​ដើរ​ទៅដល់​មាត់​ទ្វារ ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ —មិន​មែន​ជាសំឡេង​របស់​ខ្ញុំ​ឡើយ— នូវ​ពាក្យ​ទាំងនេះថា ៖ « យើង​មិន​បាន​ប្រទាន​ដល់​អ្នក​នូវ​បទពិសោធន៍​ទាំងនេះ​សម្រាប់​​ខ្លួន​អ្នក​នោះទេ ។ សូម​កត់ត្រាវា​ទុក » ។

ខ្ញុំ​បាន​ចូល​ក្នុងផ្ទះ ។ ខ្ញុំ​មិន​បាន​ចូល​ដេក​នោះ​ទេ ។ ទោះបី​ជា​ខ្ញុំ​នឿយហត់​ក៏ដោយ ក៏​ខ្ញុំ​យក​ក្រដាស​មក ហើយក៏​ចាប់​ផ្តើម​សរសេរ ។ ហើយ​នៅពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ខ្ញុំ​បានយល់ពី​សារលិខិត​ដែល​ខ្ញុំ​បាន​ឮ​នៅក្នុង​គំនិត​របស់​ខ្ញុំ ។ ខ្ញុំ​ត្រូវ​កត់ត្រា​សម្រាប់​ឲ្យ​កូនៗ​របស់​ខ្ញុំ​អាន នៅថ្ងៃណាមួយ​នា​ពេល​អនាគត ពី​របៀប​ដែល​ខ្ញុំ​ឃើញ​​ព្រះហស្ដ​របស់​ព្រះប្រទានពរជ័យដល់គ្រួសារ​របស់​យើង ។ លោក​តា​មិន​ចាំបាច់​ធ្វើ​អ្វី​ដែល​លោក​កំពុង​ធ្វើ​សម្រាប់​យើង​ឡើយ ។ គាត់​អាច​ឲ្យ​នរណាម្នាក់​ធ្វើ​វា​ក៏​បាន ឬ​មិន​បាច់​ធ្វើ​វា​ក៏​បាន ។ ប៉ុន្ដែ​ដោយសារ​គាត់​បាន​បម្រើ​យើង នោះ​គ្រួសារ​របស់​គាត់​តែង​តែ​ធ្វើ​វា​តាម​របៀប​របស់​សិស្ស​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​បាន​ដឹង​ថា វា​ពិត ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​សរសេរ​វា​ទុក ដើម្បី​ឲ្យ​កូនៗ​របស់​ខ្ញុំ​អាច​ចងចាំ​នៅ​ថ្ងៃ​ណាមួយ នៅពេល​ពួកគេ​ត្រូវការ​វា ។

ខ្ញុំ​បាន​សរសេរ​រឿង​ពីរ​បី​បន្ទាត់​ជារៀងរាល់​ថ្ងៃ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ខ្ញុំ​មិន​ដែល​ខកខាន​មួយ​ថ្ងៃ​ណា​ឡើយ មិន​ថា​ខ្ញុំ​នឿយហត់​ប៉ុណ្ណា ឬ​មិន​ថា​ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម​យ៉ាងណា​នោះទេ ។ មុនពេល​ខ្ញុំ​ចាប់ផ្តើម​សរសេរ ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​សំណួរ​នេះ ៖ « តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ​ឈោង​មក​ពាល់​យើង ឬ​កូនចៅ​យើង ឬ​គ្រួសារ​យើង​នា​ថ្ងៃ​នេះ​ទេ ? » នៅពេល​ខ្ញុំ​រក្សា​ទម្លាប់​នេះ​បាន អ្វី​មួយ​បាន​ចាប់ផ្ដើម​កើតឡើង ។ កាលដែល​ខ្ញុំ​គិត​ពី​ថ្ងៃ​នោះ ខ្ញុំ​នឹង​ឃើញ​នូវ​ភស្ដុតាង​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកយើង ដែល​ខ្ញុំ​ពុំ​បាន​ដឹង​នៅ​ក្នុង​ពេល​ដ៏​រវល់​នៅ​ថ្ងៃ​នោះឡើយ​ ។ កាលដែល​វា​បានកើតឡើង ហើយ​វា​កើតឡើង​ញឹកញាប់ ខ្ញុំ​បាន​ដឹង​ថា ការព្យាយាម​ដើម្បី​ចងចាំ បាន​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ខ្ញុំ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

វា​លើស​ពី​អំណរគុណ​ទៅ​ទៀត ដែល​វា​បាន​ចាប់​ផ្ដើម​ដុះ​ដាល​ឡើង​នៅក្នុង​ចិត្ត​របស់​ខ្ញុំ ។ ទីបន្ទាល់​បាន​រីក​ចម្រើន​ឡើង ។ ខ្ញុំ​កាន់តែ​មាន​ការជឿជាក់​ថា ព្រះវរបិតាសួគ៌​របស់​យើង​ឮ ហើយ​ឆ្លើយតប​នូវ​ការអធិស្ឋាន​របស់​យើង ។ ខ្ញុំ​មាន​អារម្មណ៍ដឹងគុណ​បន្ថែម​ទៀត​ចំពោះ​ការបន្ទន់​ចិត្ត និង​ការបន្សុទ្ធ​ដែល​កើត​មាន ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំបាន​ពង្រឹង​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​មក​នូវ​ការណ៍​ទាំងអស់​ដល់​ការចងចាំ​របស់​យើង​—​សូម្បីតែ​រឿង​ដែល​យើង​មិន​បាន​កត់សម្គាល់ ឬ​យក​ចិត្ត​ទុកដាក់​ពីពេល​ដែល​វា​បាន​កើតឡើង​ផងនោះ ។

ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ ។ កូនប្រុសៗ​ខ្ញុំ​បាន​ធំ​ឡើង​អស់ ។ ហើយ​ម្ដង​ម្កាល ពួកគេ​ម្នាក់​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ដោយ​និយាយ​ថា « ប៉ា ខ្ញុំ​បាន​អាន​សៀវភៅ​កំណត់ហេតុ​របស់​ខ្ញុំ​មួយ​និយាយ​ពី … » រួច​ហើយ​គាត់​នឹង​ប្រាប់​ខ្ញុំ​អំពី​របៀប​ដែល​ការអាន​អ្វី​ដែល​បាន​កើតឡើង​ជាយូរមក​ហើយ បាន​ជួយ​គាត់​ឲ្យ​កត់សម្គាល់​អ្វីមួយ​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ជីវិត​គាត់ ។

ខ្ញុំ​សូម​បញ្ចុះ​បញ្ចូល​បងប្អូន​ឲ្យ​ស្វែងរក​របៀប​ដើម្បី​ស្គាល់ និង​ចងចាំ​ដល់​សេចក្ដីល្អ​របស់​ព្រះ ។ វា​នឹង​ស្អាង​លើ​ទីបន្ទាល់​របស់​យើង ។ អ្នក​អាច​មិន​រក្សា​សៀវភៅ​កំណត់ហេតុ ។ អ្នក​អាច​មិន​ចែកចាយ​អ្វី​ដែល​អ្នក​បាន​កត់ត្រា​ទុក ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​បម្រើ ។ ប៉ុន្ដែ​អ្នក និង​ពួកគេ​នឹង​ទទួល​ពរជ័យ នៅពេល​អ្នក​ចងចាំ​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​ធ្វើ ។ អ្នក​នឹង​ចងចាំ​ថា ចម្រៀង​ដែល​យើង​ច្រៀង​ពេល​ខ្លះ ៖ « ចូរ​រាប់​ព្រះពរ ដោយ​រ៉ាយរាប់​មួយ​ម្ដង ចូរ​រាប់​ព្រះពរ​ក្រាស់ក្រែល​ជា​គុណ​នៃ​ព្រះអង្គ » ។

វា​នឹង​មិន​ងាយស្រួល​ទេ​ក្នុង​ការចងចាំ​នោះ ។ នៅ​ពេល​យើង​រស់នៅ​ដោយ​មាន​រនាំង​បាំង​ភ្នែក​របស់​យើង នោះ​យើង​ពុំ​អាច​ចងចាំ​អំពី​ស្ថានភាព​ដែល​យើង​បាន​រស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌ និង បុត្រា​ដ៏​ជា​ទីស្រលាញ់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ពិភព​មុន​ឆាក​ជីវិត​នេះ​បាន​ទេ ហើយ​យើង​ក៏​មិន​អាច​មើល​ឃើញ​ព្រះហស្ដ​ព្រះ​ក្នុង​ជីវិត​យើង​តាមរយៈ​ភ្នែក​ខាង​សាច់ឈាម ឬ​ដោយ​មូលហេតុ​តែ​ម៉្យាង​នោះ​ដែរ ។ ការមើល​ឃើញ​អ្វី​ដូចនេះ​តម្រូវ​ឲ្យ​មាន​ព្រះវិញ្ញាណបរិសុទ្ធ ។ ហើយ​វា​ពុំ​ងាយ​ស្រួល​ទេ​ដើម្បី​សក្ដិសម​នឹង​មាន​ដៃគូ​ជា​ព្រះវិញ្ញាណបរិសុទ្ធ​នៅ​ក្នុង​ពិភពលោក​ដ៏​ទុច្ចរិត​នេះ ។

នោះ​ហើយ​ជា​មូលហេតុ​ដែល​ការភ្លេច​ព្រះ​បាន​ក្លាយ​ទៅ​ជា​បញ្ហា​មួយ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ក្នុង​ចំណោម​បុត្រាបុត្រី​ទ្រង់​ចាប់តាំង​ពី​ពិភពលោក​បាន​ចាប់ផ្ដើម ។ សូម​គិត​អំពី​ជំនាន់​របស់​ម៉ូសេ ជា​ពេល​ដែល​ព្រះ​បាន​ប្រទាន​នំ​ម៉ាន៉ា ហើយ​បាន​ដឹកនាំ និង​ការពារ​បុត្រាបុត្រី​ទ្រង់​តាម​របៀប​ដ៏​មាន​អព្ភូតហេតុ និង​មើល​ឃើញ​នឹង​ភ្នែក ។ ប៉ុន្ដែ​ព្យាការី​បាន​ព្រមាន​ប្រជាជន​ដែល​ទទួល​ពរជ័យ​ដ៏ច្រើន​ ដោយសារ​ព្យាការី​បាន​តែងតែ ហើយ​នឹង​តែងតែ​ព្រមាន​ជានិច្ច ៖ « ប៉ុន្តែ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រយ័ត្ន​ខ្លួន ហើយ​រក្សា​ចិត្ត​ឲ្យ​មែនទែន ក្រែង​ភ្លេច​អស់​ទាំង​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ ហើយ​ក្រែង​នៅក្នុង​ជីវិត​ឯង​ការ​ទាំងនោះ​បាន​ឃ្លាត​ចេញពី​ចិត្ត​ឯង​ទៅ » ។

ហើយ​ឧបសគ្គ​ក្នុង​ការចងចាំ​នោះ​តែង​តែ​ពិបាក​ខ្លាំង​សម្រាប់​អស់​អ្នក​ដែល​ទទួល​បាន​ពរជ័យ​ដ៏​ក្រាស់ក្រែល ។ ​អ្នក​ដែល​ស្មោះត្រង់​នឹង​ព្រះ​ត្រូវបាន​ការពារ ហើយ​​រីកចម្រើន​ឡើង ។ វា​កើតឡើង ដោយសារ​ការបម្រើ​ដល់​ព្រះ និង​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ ប៉ុន្ដែ​ដោយ​មាន​ពរជ័យ​ទាំងនោះ វា​ក៏​មាន​ការល្បួង​ឲ្យ​ភ្លេច​ប្រភព​របស់​វា​ដែរ ។ វា​ងាយ​នឹង​ចាប់ផ្ដើម​មាន​អារម្មណ៍​ថា ពរជ័យ​ដែល​បាន​ប្រទាន​មក​នោះ​គឺ​ផ្អែក​ទៅលើ​កម្លាំង​ផ្ទាល់​របស់​យើង ហើយ​មិនមែន​ដោយសារ​ព្រះ​ជាទី​ស្រឡាញ់​នោះ​ឡើយ ។ ព្យាការី​បាន​ថ្លែង​ពី​ការសោកសៅ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ៖

« ម៉្លោះហើយ យើង​អាច​ឃើញ​ថា ចិត្ត​នៃ​កូន​ចៅ​មនុស្ស​ខុសឆ្គង ហើយ​គ្មាន​ភាព​នឹង​ន​យ៉ាង​ណា មែន​ហើយ យើង​អាច​ឃើញ​ថា ព្រះ​អម្ចាស់​នៅ​ក្នុង​សេចក្ដី​ល្អ​មហិមា​ដ៏​និរន្តរ៍​របស់​ទ្រង់ ប្រទាន​ពរ ហើយ​ធ្វើ​ឲ្យ​ចម្រើន​ឡើង​ដល់​អស់​អ្នក​ណា ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​គេ​ទៅ​លើ​ទ្រង់ ។

មែន​ហើយ ហើយ​យើង​អាច​ឃើញ​ថា នៅ​ពេល​ដែល​ទ្រង់​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​បាន​ចម្រើន​ឡើង មែន​ហើយ គឺ​ក្នុង​ការ​បង្កើន​ស្រែ​ចម្ការ​របស់​គេ ហ្វូង​ចៀម​របស់​គេ និង​ហ្វូង​សត្វ​របស់​គេ ហើយ​មាស និង​ប្រាក់ និង​វត្ថុ​មាន​តម្លៃ​សព្វ​សារពើ និង​វត្ថុ​សិល្បៈ លើក​លែង​ជីវិត​ឲ្យ​គេ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ បន្ទន់​ចិត្ត​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ​ដើម្បី​កុំ​ឲ្យ​ពួក​វា​ធ្វើ​សង្គ្រាម​នឹង​ពួក​គេ មែន​ហើយ ហើយ​សរុប​សេចក្ដី​មក ធ្វើ​នូវ​គ្រប់​ការណ៍​ទាំង​អស់ ដើម្បី​សុខុមាលភាព និង​សុភមង្គល​របស់​រាស្ត្រ​ទ្រង់ មែន​ហើយ នៅ​ពេល​នោះ​ហើយ​ដែល​ពួក​គេ​ធ្វើ​ចិត្ត​រឹងរូស ហើយ​បំភ្លេច​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ហើយ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង​របស់​គេ​នូវ​ព្រះ​ដ៏​បរិសុទ្ធ — មែន​ហើយ ហើយ​នេះ​គឺ​មក​ពី​ការ​ងាយស្រួល និង​ការ​ចម្រើន​ឡើង​ដ៏​ធំ​ហួស​ប្រមាណ​របស់​គេ » ។

ហើយ​ព្យាការី​បន្ដ​ថ្លែង​ទៀត​ថា « មែន​ហើយ គឺ​ឆាប់​លើក​ខ្លួន​ឡើង ក្នុង​ការ​ឆ្មើងឆ្មៃ មែន​ហើយ គឺ​ឆាប់​អួតអាង ហើយ​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង​នៃ​អំពើ​ដែល​ទុច្ចរិត តែ​ពួក​គេ​កម្រ​នឹក​ឃើញ​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ឬ​យក​ត្រចៀក​ស្ដាប់​តាម​ដំបូន្មាន​របស់​ទ្រង់ មែន​ហើយ គឺ​កម្រ​ដើរ​តាម​ផ្លូវ​ទាំង​ឡាយ​ខាង​ប្រាជ្ញា​ទៅ​វិញ » ។

ជាអកុសល ការរីកចម្រើន​មិន​មែន​ជា​ហេតុផល​មួយ​ដែល​មនុស្ស​ភ្លេច​ព្រះ​នោះ​ទេ ។ វា​ក៏​អាច​ជា​ការពិបាក​ដែរ ដើម្បី​ចងចាំ​ដល់​ទ្រង់ នៅពេល​ជីវិត​យើង​ពិបាក​ខ្លាំង​ពេក ។ នៅពេល​យើង ក៏​ដូចជា​មនុស្ស​ជាច្រើន​ទៀត​មាន​ការពិបាក ​ នៅក្នុង​ភាព​ក្រីក្រ​ដ៏​ជូរចត់ ឬ​ពេល​សត្រូវ​យើង​យក​ឈ្នះ​លើ​យើង​បាន ឬ​ពេល​ព្យាបាល​ជំងឺ​មិន​ជា នោះ​សត្រូវ​នៃ​ដួង​ព្រលឹង​យើង​អាច​បញ្ជូន​សារ​អាក្រក់​វា​មក​ថា គ្មាន​ព្រះ​ទេ ឬ​ថា​ប្រសិនបើ​ទ្រង់​មាន​មែន នោះ​ទ្រង់​ក៏​មិន​យក​ព្រះទ័យ​ទុកដាក់​លើ​យើង​ដែរ ។ រួច​ហើយ វា​អាច​ពិបាក​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​នាំ​ការចងចាំ​ដល់​ពរជ័យ​ពេញ​មួយ​ជីវិត​របស់​យើង ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​តាំង​ពី​កំណើត​យើង​មក និង​ក្នុង​ពេលដ៏​លំបាករបស់យើង ។

នេះ​គឺជា​ការព្យាបាល​ដ៏​សាមញ្ញ​មួយ​ដល់​វិបត្តិ​ផ្លូវចិត្ត​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ការភ្លេច​ដល់​ព្រះ ពរជ័យ​របស់​ទ្រង់ និង​សារ​របស់​ទ្រង់​ដល់​យើង ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ការ​នេះ​ដល់​ពួកសាវក​របស់​ទ្រង់ នៅពេល​ទ្រង់​ហៀប​នឹង​ត្រូវ​គេ​ឆ្កាង រស់​ឡើង​វិញ រួច​ហើយ​ចេញ​ពី​ពួកគេ​ទៅ​ក្នុង​សិរីល្អ​ដល់​ព្រះវរបិតា​របស់​ទ្រង់ ។ ពួកគេ​ចង់​ដឹង​ពី​របៀប​ដែល​ពួកគេ​នឹង​អាច​ស៊ូទ្រាំ នៅពេល​ទ្រង់​លែង​គង់​នៅ​ជាមួយ​គេ ។

នេះ​គឺ​ជា​ការសន្យា ។ រួច​វា​បាន​បំពេញ​សម្រាប់​ពួកគេ ។ វា​អាច​បាន​បំពេញ​សម្រាប់​ពួកយើង​ទាំងអស់​គ្នា​នា​ពេល​នេះ ៖

« ខ្ញុំ​ប្រាប់​សេចក្តី​ទាំងនេះ​ដល់​អ្នករាល់គ្នាកំពុង​ដែល​នៅជាមួយគ្នា​នៅ​ឡើយ ។

តែ​ព្រះ​ដ៏ជា​ជំនួយ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់មក​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់គ្នា​ពី​គ្រប់​សេចក្តី​ទាំងអស់​ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នករាល់​គ្នា​ដែរ » ។

គន្លឹះ​ក្នុង​ការចងចាំ​ដល់​ការណ៍​ដែល​នាំ និង​រក្សា​ទីបន្ទាល់​នោះ​គឺ​ជា​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​ដៃគូ​មួយ ។ គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ជួយ​យើង​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង ។ គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ដែល​យើង​បម្រើ​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

ព្រះវរបិតាសួគ៌​បាន​ប្រទាន​មាគ៌ា​ដ៏​សាមញ្ញ​មួយ​ឲ្យ​យើង​ដើម្បី​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ មិន​មែន​តែ​ម្ដង​ទេ ប៉ុន្ដែ​ដ៏​ជាប់លាប់​កណ្ដាល​ភាពច្របូក​ច្របល់​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ។ មាគ៌ា​នេះ​ត្រូវ​ធ្វើ​ម្ដង​ហើយ​ម្ដង​ទៀត​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់ ៖ យើង​សន្យា​ថា យើង​នឹង​ចងចាំ​ដល់​ព្រះអង្គ​សង្គ្រោះ​ជានិច្ច ។ យើង​សន្យា​នឹង​លើក​ដាក់​ព្រះនាម​របស់​ទ្រង់​មក​លើ​យើង ។ យើង​សន្យា​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ ហើយ​យើង​ទទួល​បាន​សន្យា​ថា ប្រសិនបើ​យើង​ធ្វើ​ការណ៍​នោះ យើង​នឹង​មាន​ព្រះវិញ្ញាណ​ទ្រង់​គង់​នៅ​ជាមួយ​នឹង​យើង ។ ការសន្យា​ទាំងនោះ​ធ្វើការ​រួម​គ្នា​តាម​របៀប​ដ៏​អស្ចារ្យ​មួយ ដើម្បី​ពង្រឹង​ដល់​ទីបន្ទាល់​របស់​យើង ហើយ​យូរ​ទៅ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ វា​នឹង​ផ្លាស់ប្ដូរ​និស្ស័យ​របស់​យើង កាល​យើង​រក្សា​ផ្នែក​នៃការសន្យា​របស់​យើង ។

គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះរាជ​បុត្រា​បង្កើត​របស់​ព្រះវរបិតា​សួគ៌ ដែល​ស្រឡាញ់​យើង និង​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់​ជា​មហា​គ្រួសារ ។ ដោយ​ទីបន្ទាល់​ដែល​ទើប​ចាប់ផ្ដើម​នោះ យើង​នឹង​មាន​បំណង​ចង់​បម្រើ​ទ្រង់ ហើយ​កាន់តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ នៅពេល​យើងបន្ត​ធ្វើ​ដូច្នោះ យើង​នឹង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ប្រទាន​កម្លាំង​ដល់​យើង​ក្នុង​ការងារ​បម្រើ​របស់​យើង ។ នៅពេល​យើង​ឃើញ​ព្រះហស្ដ​របស់​ព្រះ​កាន់តែ​ច្បាស់ ហើយ​វា​ច្បាស់​ខ្លាំង​នៅ​ពេល​នោះ​រហូត​ដល់​យើង​មិន​អាច​ត្រឹមតែ​ចងចាំ​ដល់​ទ្រង់​ទេ គឺ​យើង​ថែម​ទាំង​ស្រឡាញ់​ទ្រង់ ហើយ​ចង់​ក្លាយ​ដូចជា​ទ្រង់ តាមរយៈ​អំណាច​នៃ​ដង្វាយធួន ។

អ្នក​អាច​សួរ​ថា « ប៉ុន្ដែ​តើ​ដំណើរការ​នេះ​អាច​ចាប់ផ្ដើម​ជាមួយ​នរណាម្នាក់​ដែល​មិន​ដឹង​អ្វីសោះ​អំពី​ព្រះ ហើយ​មិន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​អ្វី​សោះ​នោះយ៉ាង​ដូចម្តេចទៅ ? » គ្រប់គ្នា​បាន​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ដែល​ពួកគេ​អាច​មិន​ចងចាំ​បាន ។ មនុស្ស​គ្រប់​រូប​ពេល​ចូល​ដល់​ពិភពលោក​នេះ ទទួល​បាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ។ របៀប​ដែល​វិញ្ញាណ​នោះ​ធ្វើការ គឺ​ត្រូវបាន​ពិពណ៌នា​នៅក្នុង​គម្ពីរ​មរ៉ូណៃ ៖

« ដ្បិត​មើលចុះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្តា និង​អំណោយទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥតខ្ចោះ​ថា​មក​ពី​ព្រះ ។

ប៉ុន្តែ​អ្វីៗ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះទេ នោះ​អ្នករាល់គ្នា​អាច​ដឹង​ដោយ​តំរិះ​ដ៏​ឥតខ្ចោះ​ថា មក​ពី​អារក្ស ដ្បិត​តាម​របៀប​នេះ​ហើយ​ដែល​អារក្ស​ប្រព្រឹត្ត ដ្បិត​វា​មិន​ដែល​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ឡើយ ។​…

ត្រូវ​ព្យាយាម​ស្វែង​រក​នៅក្នុង​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​អ្នក​រាល់គ្នាអាច​ដឹង​ខុស និង​ត្រូវ ហើយ​បើសិនជា​អ្នក​រាល់គ្នា​ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ហើយ​មិន​កាត់​ទោស​របស់​ទាំង​នោះ​ទេ នោះ​អ្នក​ប្រាកដ​ជា​កូន​នៃ​ព្រះ​គ្រីស្ទ​មែន » ។

ដូច្នេះ​ពីមុន​មនុស្ស​ទទួល​បាន​សិទ្ធិ​ដើម្បីមាន​​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ពួកគេ​ត្រូវបាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ និង​ពីមុន​ព្រះវិញ្ញាណ​បរិសុទ្ធ​បញ្ជាក់​សេចក្ដីពិត​ដល់​ពួកគេ​មុន​ពិធីបុណ្យ​ជ្រមុជ​ទឹក នោះ​ពួកគេ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ។ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​មាន​រួច​ទៅ​ហើយ ដែល​ចេញពី​កុមារភាព​របស់​ពួកគេ បាន​អញ្ជើញ​គេ​ឲ្យ​ធ្វើ​ល្អ ហើយ​ព្រមាន​គេ​កុំ​ឲ្យ​ធ្វើ​អាក្រក់ ។ ពួកគេ​មាន​ការចងចាំ​ដល់​បទពិសោធន៍​ទាំងនោះ ទោះបីជា​គេ​មិន​ដឹង​ពី​ប្រភព​របស់​វា​ក្ដី ។ ការចងចាំ​នោះ​នឹង​ត្រឡប់​មក​ពួកគេ​វិញ នៅពេល​អ្នកផ្សព្វផ្សាយ​សាសនា ឬ​យើង​បង្រៀន​ពួកគេ​នូវ​ពាក្យ​ពេចន៍​របស់​ព្រះ ហើយ​ពួកគេ​ស្ដាប់​ឮ​វា ។ ពួកគេ​នឹង​ចងចាំ​ពី​អារម្មណ៍​នៃ​អំណរ ឬ​សោកស្ដាយ​ពេល​ពួកគេ​រៀន​ពី​សេចក្ដីពិត​នៃ​ដំណឹងល្អ ។ ហើយ​ការចងចាំ​ដល់​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​នោះ​នឹង​បន្ទន់​ដួងចិត្ត​របស់​ពួកគេ ដើម្បី​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​ពួកគេ ។ ការណ៍​នោះ​នឹង​ដឹកនាំ​ពួកគេ​ឲ្យ​រក្សា​ព្រះបញ្ញត្តិ ហើយ​ចង់​លើក​ព្រះនាម​ព្រះអង្គ​សង្គ្រោះ​មក​លើខ្លួន​ពួកគេ ។ ហើយ​នៅពេល​ពួកគេ​ធ្វើ​ដូច្នោះ នៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ ហើយ​កាល​ពួកគេ​ឮ​ពាក្យ​ពេចន៍​ក្នុង​ពិធី​បញ្ជាក់​ថា « ចូរ​ទទួល​យក​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ » ដែល​ថ្លែង​ដោយ​អ្នកបម្រើ​ដ៏​មាន​សិទ្ធិ​អំណាច​មកពី​ព្រះ នោះ​អំណាច​ដើម្បី​ចងចាំ​ដល់​ព្រះ​ជានិច្ច​នឹង​កើន​ឡើង ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា អារម្មណ៍​ដ៏​កក់ក្ដៅ​ដែល​អ្នក​បាន​ទទួល នៅពេល​អ្នក​បាន​ស្ដាប់​ឮ​សេចក្ដីពិត​ដែល​បាន​ថ្លែង​នៅក្នុង​សន្និសីទ​នេះ​គឺ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអង្គ​សង្គ្រោះ​ដែល​បាន​សន្យា​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​យាង​មក ទ្រង់​គឺជា​ព្រះរាជ​បុត្រា​សំណព្វ​ដ៏​រុងរឿង​របស់​ព្រះវរបិតាសួគ៌ ។

យប់​នេះ និង​យប់​ស្អែក អ្នក​អាច​អធិស្ឋាន និង​សញ្ជឹងគិត​ដោយ​សួរ​សំណួរ ៖ តើ​ព្រះ​បាន​បញ្ជូន​សារលិខិត​មួយ​សម្រាប់​តែ​ខ្ញុំ​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​ខ្ញុំ ឬ​ជីវិត​របស់​កូនៗ​ខ្ញុំ​ដែរ​ឬ​ទេ ? ខ្ញុំ​នឹង​ធ្វើ​ការ​នោះ ។ រួច​ហើយ​ខ្ញុំ​នឹង​ស្វែងរក​របៀប​មួយ​ដើម្បី​រក្សា​ទុក​ការចងចាំ​នោះ​សម្រាប់​ថ្ងៃ​ដែល​ខ្ញុំ និង​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ ត្រូវ​ចងចាំ​ពី​ទំហំ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​សម្រាប់​យើង និង​ទំហំ​ដែល​យើង​ត្រូវការ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​ស្រឡាញ់​យើង ហើយ​ប្រទាន​ពរ​ដល់​យើង គឺ​ច្រើន​ជាង​អ្វី​ដែល​ពួកយើង​ភាគច្រើន​បាន​ដឹង​ទៅ​ទៀត ។ ខ្ញុំ​ដឹង​ថា វា​ជា​ការពិត ហើយ​ការ​ចងចាំទ្រង់​នាំ​មក​នូវ​ក្តីអំណរ​ដល់ខ្ញុំ ។ នៅក្នុង​ព្រះនាម​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។