២០០០–២០០៩
មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ
ខែ​តុលា ឆ្នាំ​២០០៧


មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ

សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង​ ដើម្បី​មាន​ចិត្ត និង​គំនិត​បរិសុទ្ធ ដើម្បី « ឲ្យ​គុណធម៌ ​[ អាច ] តុបតែង​គំនិត [ របស់​យើង ] ដោយ​ឥត​ឈប់ឈរ​ឡើយ » ។

ដោយ​ដើរ​តាម​ឆ្នេរ​នៅ​កោះ​ការីប៊ីន​នៅ​ព្រឹក​មួយ​នា​រដូវ​ក្ដៅ​ កាល​ពី​ច្រើន​ឆ្នាំ​កន្លងទៅ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​ទូក​នេសាទ​ត្រី​តូចៗ​ឈប់​ចត​លើ​ខ្សាច់ ។ នៅពេល​យើង​ឈប់​ ហើយមើល​ទៅទូក​ទាំងនោះ ខ្ញុំ​បាន​រៀន​អ្វី​មួយ​អំពី​ការ​នេសាទ​ត្រី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ឡើយ ។ ជំនួស​ឲ្យ​ការ​ប្រើ​មង ខ្សែ ឬ​ផ្លែ​សន្ទូច ពួក​អ្នក​នេសាទ​ក្នុង​ស្រុក​បាន​ប្រើ​អន្ទាក់​ដ៏​សាមញ្ញ​ដែល​ធ្វើ​ឡើង​ដោយ​សំណាញ់​លួស ។ អន្ទាក់​នីមួយៗ​មាន​រាង​ដូចជា​ប្រអប់ ។ ពួក​អ្នក​នេសាទ​ទាំងនោះ​បាន​កាត់​បើក​ចំហបញ្ឈរ​ដែល​មាន​ប្រវែង​ប្រហែល ៨ អ៊ីញ​នៅ​សងខាង​អន្ទាក់ ហើយ​បន្ទាប់មក​ពត់ខ្សែ​ភ្លើង​នៅ​ខាង​ក្នុង​ដែល​បង្កើត​ជារន្ធ​តូច​មួយ​ដែល​ត្រី​អាចចូល​បាន ។

បងប្អូន​ប្រហែល​ជា​អាច​ទាយ​ដឹង​ហើយ​ថា ​អន្ទាក់​មួយ​មាន​ដំណើរ​ការ​បែប​ណា ។ ពួក​អ្នក​នេសាទ​ទាំងនោះ​បាន​យក​អន្ទាក់​ដែល​ដាក់​នុយ​ចេញ​ទៅ​សមុទ្រ ហើយ​ដាក់​វា​ចុះ​ដល់​បាត​សមុទ្រ ។ នៅពេល​ត្រី​មួយ​បាន​មក​ជិត​អន្ទាក់​នោះ ហើយ​ធំក្លិន​នុយ វា​នឹង​ស្វែង​រក​កន្លែង​បើក​ចំហ​នៅ​តាម​ផ្នែក​ខាងៗ​អន្ទាក់​នោះ រួច​ហែល​ចូល​ទៅ ហើយ​ក៏​ជាប់​នៅ​ចន្លោះ​ខ្សែ​លួស​ដែល​បាន​កាត់ ។ បន្ទាប់មក ពេល​ត្រី​ដែល​ជាប់​អន្ទាក់​ព្យាយាម​ហែល​ចេញ នោះ​វា​នឹង​ដឹង​ថា ការ​ហែល​ចូល​អន្ទាក់​គឺ​ត្រូវ​ឆ្លងកាត់​ខ្សែលួស​នោះ ប៉ុន្តែ​វា​ខុស​គ្នា​ទាំងស្រុង​ដើម្បី​ហែល​ចេញ​កាត់​ចុង​លួស​ស្រួចៗ​ទាំងនោះ—វា​ត្រូវ​ជាប់​ក្នុង​អន្ទាក់ ។ នៅពេល​ពួក​អ្នក​នេសាទ​ត្រឡប់​មកវិញ ពួកគេ​បាន​អូស​អន្ទាក់នេះ​ចេញ​ពី​ទឹក ហើយ​ត្រី​ដែល​ជាប់​អន្ទាក់​នោះ​មិន​យូរ​ប៉ុន្មាន​ក៏​ក្លាយ​ជា​អាហារ​សមុទ្រ​ស្រស់ៗ​សម្រាប់​ពេល​ល្ងាច ។

មាន​ដំណើរ​រឿង​មួយ​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​អំពី​មនុស្ស​ម្នាក់​ដែល​ធ្លាក់​ខ្លួន​ចូល​ទៅ​ក្នុង​អន្ទាក់​ស្រដៀង​គ្នា​នេះ ។ បុរស​នោះ​គឺ​ស្ដេច​ដាវីឌ​ដ៏​អស្ចារ្យ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​គឺជា​រឿង​មួយ​ដ៏​សោក​សៅ​បំផុត​នៅ​ក្នុង​បទគម្ពីរ ។

« ដល់ … រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន​នោះ ដាវីឌ ទ្រង់​ចាត់ យ៉ូអាប់ ព្រម​ទាំង​ពល​ទ័ព​របស់​លោក និង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ឲ្យ​ទៅ​គេ​ក៏ ​[ ច្បាំង​ទាស់​នឹង​អាំម៉ូន ] ដែរ ។ ប៉ុន្តែ​​ដាវីឌ​​ក៏​ស្នាក់​នៅ​ក្រុង​យេរូសាឡិម​នៅ​ឡើយ ។

« មាន​កាល ១ ថ្ងៃ ពេល​ជិត​ងងឹត​ ហើយ​នោះ ដាវីឌ ក្រោក​ពី​ព្រះទែន​យាង​ទៅ​មក​នៅ​លើ​ដំបូល​ដំណាក់​ក៏​ទត​ព្រះនេត្រ​ទៅ​ឃើញ​ស្ត្រី​ម្នាក់​កំពុង​តែ​ងូត​ទឹក​ នាង​នោះ​មាន​រូបឆោម​ស្រស់​ល្អ​ណាស់ » ( សាំយូអែល​ទី​២ ១១:១–២ ) ។

ដាវីឌ​បាន​ដឹង​ថា ស្ត្រី​នោះ​ឈ្មោះ​បាសេបា ។ ស្វាមី​របស់​នាង​ឈ្មោះ អ៊ូរី ជា​ទាហាន​ម្នាក់​ដែល​ចេញ​ទៅ​ជាមួយ​នឹង​ទ័ព​ផ្សេង​ទៀត​ ដើម្បី​ច្បាំង​នឹង​ពួក​សាសន៍​អាំម៉ូន ជា​កន្លែង​ដែល​ដាវីឌ​ជា​ស្ដេច​របស់​ពួកគេ​គួរ​តែ​មាន​វត្តមាន​នៅទីនោះ ។ ដាវីឌ​បាន​ឲ្យ​គេ​នាំ​បាសេបា​ចូល​រាជវាំង ។ ពួកគេ​បាន​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ នាង​បាន​មាន​គត៌ ហើយ​ដាវីឌ ចាប់ផ្ដើម​ខ្លាច​ថា​រឿង​ផិត​ក្បត់​របស់​ពួកគេ​ត្រូវបាន​គេ​ដឹង ។ ដោយ​ចង់​បិទបាំង​អំពើបាប​របស់ខ្លួន ​​ទ្រង់​ដាវីឌ​បាន​បង្គាប់​ឲ្យ​បញ្ជូន​អ៊ូរី​មក​ក្រុង​យេរូសាឡិម​វិញ ។ អ៊ូរី​បាន​ត្រឡប់​មកវិញ ប៉ុន្តែ​បដិសេធ​ចំពោះ​គោលការណ៍​ឲ្យ​ទៅ​ផ្ទះ​ដើម្បី​ទៅ​ជួប​នឹង​បាសេបា ។ បន្ទាប់មក ដាវីឌ បាន​រៀបចំ​ឲ្យ​អ៊ូរី​ស្លាប់​នៅ​ក្នុង​ចម្បាំង ( សូមមើល សាំយូអែល​ទី​២ ១១:៣–១៧ ) ។ ការ​សម្រេច​ចិត្ត​ដ៏​ឃោរឃៅ​ទាំង​នេះ​បាន​បណ្តាល​ឲ្យ អ៊ូរី ស្លាប់ ​និងធ្វើឲ្យ ដាវីឌ បាសេបា រងទុក្ខទេវនា ហើយ​នៅ​ទីបំផុត​ដល់​នគរ​ទាំងមូល ។ ជាមួយ​នឹង​ការ​យល់ដឹង​ដ៏​សម្បូរ​បែប ព្រះគម្ពីរ​ប៊ីប​បាន​ចែង​ថា « អំពើ​ដែល ដាវីឌ​បាន​ប្រព្រឹត្ត​នោះ ជា​ទី​ទាស់​ដល់​ព្រះហឫទ័យ​នៃ​ព្រះយេហូវ៉ា​ណាស់ » ( សាំយូអែល​ទី​២ ១១:២៧ ) ។

តើ​បងប្អូន​មើល​ឃើញ​ពី​របៀប​ដែល ដាវីឌ បាន​ជាប់​នៅ​ក្នុង​អន្ទាក់​នេះ​ដែរ​ឬទេ ? ទ្រង់​គង់​នៅ​លើ​ដំបូល​នៃ​វិមាន​របស់​ទ្រង់ ហើយ​មើល​មកក្រោម​នៅ​ទីធ្លា​អ្នក​ជិត​ខាង នោះ​ទ្រង់​បាន​ទតឃើញ​អ្វី​មួយ​ដែល​ទ្រង់​មិន​គួរ​មើល​ឡើយ ។ នោះ​គឺ​ជា​នុយ​របស់​មារសត្រូវ ។ ភាព​ថ្លៃថ្នូរ ភាពបរិសុទ្ធ និង​ការវិនិច្ឆ័យ​ល្អ​តម្រូវ​ឲ្យ​ដាវីឌងាកចេញ​កុំ​មើល​ភ្លាមៗ ប៉ុន្តែ​ទ្រង់​មិន​បានធ្វើ​ដូច្នោះ​នោះទេ ។ ផ្ទុយ​ទៅវិញ ទ្រង់បាន​អនុញ្ញាត​ឲ្យ​គំនិតរបស់​ទ្រង់​ងាក​ទៅ​រក​ការស្រមើ​ស្រមៃ​ដែល​ត្រូវ​ហាមឃាត់​ គំនិត​ទាំងនោះ​នាំ​ឲ្យ​មាន​សកម្មភាព ហើយអ្វីៗ​ប្រែជា​ធ្លាក់ចុះ​កាន់តែ​អាក្រក់ទៅ ៗ ។ ដាវីឌ បាន​ជាប់​អន្ទាក់ ហើយ​ចំពោះ​ទ្រង់​ផលវិបាក​ទាំង​នោះ​មាន​ដល់​រហូត​អស់កល្ប​ជានិច្ច ។

សព្វថ្ងៃនេះ​មាន​អន្ទាក់​ខាងវិញ្ញាណ​ដែល​គេ​ហៅថា រូបអាសគ្រាម ហើយ​មនុស្ស​ជាច្រើន​ធ្លាក់ចូល​​ក្នុង​អន្ទាក់​ដ៏សាហាវ​នេះ ដោយសារ​តែ​ភាព​ស្រើបស្រាល​នៃ​សារ​ដ៏​ទាក់ទាញ​របស់​វា ។ ដូចជា​អន្ទាក់​ផ្សេង​ដែរ វា​ងាយ​ចូល ប៉ុន្តែ​ពិបាក​នឹង​រត់គេច​ខ្លួន​ណាស់ ។ មនុស្ស​មួយ​ចំនួន​សន្មត​ថា​ពួកគេ​អាច​មើល​រូបអាស​គ្រាម​ជាធម្មតា ដោយ​មិន​ទទួល​រង​ផលប៉ះពាល់​អវិជ្ជមាន​របស់​វា​ទេ ។ ពួកគេ​គ្រាន់តែ​និយាយ​ថា « រឿង​នេះ​មិន​អាក្រក់​ពេក​ទេ » ឬ « តើ​នរណា​ទៅ​ខ្វល់ ? វា​គ្មាន​អ្វីខុស​ប្លែក​ទេ » ឬ « ខ្ញុំ​គ្រាន់តែ​ចង់​ដឹង​ចង់​ឃើញ » ។ ប៉ុន្តែ​ពួកគេ​បាន​គិត​ខុស ។ ព្រះអម្ចាស់​បាន​ព្រមាន​ថា « ហើយ​អ្នក​ណា​ដែល​ក្រឡេក​ឃើញ​ស្ត្រី ហើយ​មាន​តម្រេក​សម្រើប​ចង់​បាន នោះ​នឹង​បោះបង់​ចោល​សេចក្ដី​ជំនឿ ហើយ​នឹង​មិន​ត្រូវ​មាន​ព្រះ​វិញ្ញាណ​ឡើយ ហើយ​បើ​សិន​ជា​អ្នក​នោះ​មិន​ប្រែចិត្ត​ទេ នោះ​នឹង​ត្រូវ​បណ្ដេញ​ចេញ » ( គ&ស ៤២:២៣ ) ។ នោះគឺជា​អ្វីដែល​បាន​កើត​ឡើង​ចំពោះ​ដាវីឌ ៖ ទ្រង់​បាន​មើល បាសេបា មាន​តម្រេក​សម្រើប​ចង់​បាន​នាង ហើយ​បាត់​បង់​ព្រះវិញ្ញាណ ។ តើ​ជីវិត​របស់ ដាវីឌ នឹង​មាន​ភាព​ខុស​ប្លែក​យ៉ាង​ណា បើ​ទ្រង់​គ្រាន់​តែ​ងាក​ចេញ​នោះ ។

រួម​ជាមួយ​នឹង​ការ​បាត់​បង់​ព្រះវិញ្ញាណនេះ ពួក​អ្នក​ប្រើប្រាស់​រូបអាសគ្រាម​ក៏​បាត់​បង់​នូវ​ទស្សនវិស័យ និង​សមាមាត្រ​ដែរ ។ ដូចជា​សេ្ដច​ដាវីឌ​ដែរ ពួកគេ​ព្យាយាម​លាក់​បាំង​អំពើបាប​របស់​ពួកគេ ដោយ​ភ្លេច​ថា គ្មាន​អ្វី​ដែល​អាច​លាក់​បាំង​ពី​ព្រះអម្ចាស់​បាន​ឡើយ ( សូមមើល នីហ្វៃទី ២ ២៧:២៧ ) ។ ផលវិបាក​ពិត​ចាប់ផ្តើម​កើតឡើង កាល​ការគោរព​ខ្លួនឯង​ឃ្លាត​ឆ្ងាយ ឯទំនាក់ទំនង​ផ្អែមល្ហែម​ប្រែ​ក្លាយ​ជា​ជូរចត់ អាពាហ៍ពិពាហ៍​ក្រៀមក្រំ ហើយ​ជនរងគ្រោះ​ស្លូតត្រង់​ចាប់ផ្តើមមានច្រើន​ឡើង ។ ការ​រកឃើញ​ថា អ្វី​ដែល​ពួកគេ​បាន​កំពុង​មើល​មិនបំពេញ​ចិត្ត​ដូចមុន ​នោះ​ពួកគេ​ដក​ពិសោធន៍​ជាមួយ​នឹង​រូបភាព​ដែល​កាន់​តែ​ខ្លាំង​ក្លា​ជាង​នោះ​ទៀត ។ ពួកគេ​ចាប់ផ្ដើម​ញៀន​បន្តិច​ម្តងៗ ទោះ​ជា​ពួកគេ​មិន​បាន​ដឹង​ខ្លួន ឬ​បដិសេធ​វា​ក្ដី ហើយ​ដូចជា​ដាវីឌ​ដែរ នោះ​អាកប្បកិរិយា​របស់​ពួកគេ​កាន់​តែ​យ៉ាប់យ៉ឺន កាល​បទដ្ឋាន​សីលធម៌​របស់​ពួកគេ​ខ្ទេចខ្ទាំ​អស់ ។

កាល​វប្បធម៌​ដ៏​ពេញ​និយម​នៅ​ជុំវិញ​ពិភពលោក​ចុះអន់ថយ នោះ​ភាព​អាប់អួរ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ កម្មវិធី​កម្សាន្ត ការ​ផ្សាយ​ពាណិជ្ជកម្ម និង​អ៊ីនធឺណិត ។ ប៉ុន្តែ​យោងទៅ​តាម​បទដ្ឋាន​ទូទៅ​នៅលើ​ពិភពលោក ប្រជាប្រិយភាព​គឺជា​មាត្រដ្ឋាន​គ្រោះថ្នាក់​បំផុត ដែល​ត្រូវ​ប្រើ​ដើម្បី​វាស់វែង​នូវ​អ្វីដែល​ត្រឹមត្រូវ ឬ​អ្វី​ដែល​មិនមាន​គ្រោះថ្នាក់ ។ ខ្សែភាពយន្ត ឬ​កម្មវិធី​ទូរទស្សន៍​អាច​ត្រូវបាន​អ្នកទស្សនា​រាប់​លាន​នាក់ស្គាល់ និង​ចូលចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​វា​បង្ហាញ​រូបភាព និង​ការប្រព្រឹត្ដ​ដែលមាន​លក្ខណៈ​អាសគ្រាម ។ បើមាន​អ្វីមួយ « មិន​អាក្រក់​ពេក » នៅក្នុង​ខ្សែភាពយន្ត នោះ​វា​ក៏​មានន័យ​ដោយ​ស្វ័យ​ប្រវត្តិ​ថា​វាមិន​ល្អ​ពេក​ដែរ ។ ដូច្នេះ ការពិត​ដែល​មនុស្ស​ដទៃ​មើល​ខ្សែភាព​យន្ត ឬ​បើក​វេបសាយ​ដែល​មិន​សមរម្យ ពុំ​មាន​បញ្ហា​ចំពោះ​យើង​ទេ ។ ជីវិត​របស់​ពួក​អ្នក​កាន់​បព្វជិតភាព​ គួរ​តែ​ធ្វើ​ជា​គំរូ​ពី​បទដ្ឋាន​នៃ​ព្រះអង្គ​សង្គ្រោះ និង​សាសនាចក្រ​របស់​ទ្រង់ ពុំ​មែន​បទដ្ឋាន​របស់​ពិភពលោក​នោះ​ទេ ។

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា « មានពរ​ហើយ​អស់អ្នកដែលមានចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំងនោះ​នឹង​បាន​ឃើញ​ព្រះ » ( នីហ្វៃ​ទី ៣ ១២:៨ ) ។ ការ​សន្យា​នៃដំណឹងល្អ គឺការ​លើក​​ស្ទួយ និង​មាន​ភាព​ថ្លៃ​ថ្នូរ រួម​ទាំង​ភាព​តម្កើង​ឡើង ។ យើង​ទទួល​បាន​ការ​សន្យា​ទាំងនោះ​តាមរយៈ​សេចក្ដី​សញ្ញា​ដែល​មាន​លក្ខខណ្ឌ​ស្រប​តាម​ការ​រស់នៅ​របស់​យើង​ក្នុង​ភាពបរិសុទ្ធ និង​សីលធម៌ ។ នៅពេល​យើង​រស់​នៅ​ត្រឹមត្រូវ ហើយ​ស្វែង​រក​ភាព​បរិសុទ្ធ​នៅ​ក្នុង​ដួង​ចិត្ត នោះ​យើង​ខិត​កាន់​ជិត​ព្រះ និង​ព្រះវិញ្ញាណ ។ ស្ថានភាព​នៃ​ដួងចិត្ត​របស់​យើង​កំណត់ថាតើ​មាន​ភស្ដុតាង​នៃ​ភាព​ជាព្រះ​ច្រើន​ប៉ុណ្ណា ដែល​យើង​បាន​ឃើញនៅ​លើ​ពិភពលោក​ប​ច្ចុប្បន្ននេះ ហើយ​ធ្វើ​ឲ្យ​យើង មានលក្ខណៈ​សម្បតិ្ត​ដើម្បី​ទទួលបាន​នូវ​ការ​សន្យា​នៅ​ចុង​បំផុត​ថា មនុស្ស​បរិសុទ្ធ « នឹង​បាន​ឃើញ​ព្រះ » ។ ដំណើរ​របស់​យើង​គឺជា​ដំណើរ​ស្វែង​រក​ភាព​បរិសុទ្ធ ។ ដូច្នេះហើយ​បាន​ជា​សាវកប៉ុល​បាន​សរសេរ​ថា

« ពួក​ស្ងួនភ្ងា​អើយ ឥឡូវ​នេះ​យើង​រាល់​គ្នា​ជា​កូន​ព្រះ ហើយ​តែ​ដែល​យើង​រាល់​គ្នា​នឹង​បាន​ទៅ​ជា​យ៉ាង​ណា​ទៀត នោះ​មិន​ទាន់​សម្តែង​មក​នៅ​ឡើយ ប៉ុន្តែ​យើង​ដឹង​ថា​កាល​ណា​ទ្រង់​លេច​មក​នោះ យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា​នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង ។

« អស់​អ្នក​ណា​ដែល​មាន​សេចក្តី​សង្ឃឹម​យ៉ាង​នេះ​ដល់​ទ្រង់​ នោះ​ក៏​តែង​ជម្រះ​សម្អាត​ចិត្ត​ខ្លួន​ឲ្យ​ដូច​ទ្រង់​ដែល​ស្អាត​ដែរ » ( យ៉ូហាន​ទី ១ ៣:២–៣ ) ។

បើ​បងប្អូន​ជាប់​នៅ​ក្នុង​អន្ទាក់​នៃ​រូបភាព​អាសគ្រាម​រួចហើយ ឥឡូវ​នេះ​គឺជា​ពេល​ដើម្បី​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​សេរីភាព​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ ។ មាន​ផ្លូវ​មួយ​ដើម្បី​ចាកចេញ ប៉ុន្តែ​បងប្អូន​ត្រូវ​ការ​ជំនួយ​របស់​ទ្រង់​ដើម្បីគេច​ចេញ​​ឲ្យ​រួច ។ ការ​ជាសះស្បើយ​ទាំង​ស្រុង​របស់​បងប្អូន​នឹង​ពឹង​ផ្អែក​លើ​ការ​ប្រែចិត្ត​ទាំង​ស្រុង​របស់​បងប្អូន ។ សូម​ទៅរក​ប៊ីស្សព​របស់​បងប្អូន​ភ្លាម ។ សូមស្វែងរក​ការដឹកនាំ​ដ៏​បំផុស​គំនិត​របស់​គាត់ ។ គាត់​នឹង​ជួយ​បងប្អូន​ឲ្យ​ដាក់​ផែនការ​នៃ​ការ​ប្រែចិត្ត​ដែល​នឹង​ស្ដារ​នូវ​ទំនុក​ចិត្ត​របស់​បងប្អូន​ឡើង​វិញ ហើយ​នាំ​យក​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​បងប្អូន ។ ព្រះចេស្តា​នៃ​ការប្រោស​ឲ្យ​ជា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ព្យាបាល​រាល់​ទុក្ខវេទនា សូម្បី​តែ​បញ្ហា​នេះ​ក៏ដោយ ។ បើ​បងប្អូន​នឹង​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ឲ្យ​អស់​ពី​ដួង​ចិត្ត​របស់​បងប្អូន ហើយ​ធ្វើ​តាម​ការ​ប្រឹក្សា​នៃ​ប៊ីស្សព​របស់​បងប្អូន នោះ​បងប្អូន​នឹង​រកឃើញ​នូវ​ការ​ព្យាបាល​ដែល​បងប្អូន​ត្រូវការ ។ ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​បងប្អូន​ឲ្យ​រក​ឃើញ​កម្លាំង​ដើម្បី​តតាំង​នឹង​ការ​ល្បួង និង​អំណាច​ដើម្បី​យក​ឈ្នះ​ការ​ញៀន ។ ដូចជា​មរ៉ូណៃ​បាន​បង្រៀន​ថា

« សូម​ឲ្យ​អ្នក​រាល់​គ្នា​មក​រក​ព្រះ​គ្រីស្ទ ហើយ​ចូរ​យក​នូវ​អំណោយទាន​ដ៏​ល្អ​ទាំង​អស់ ហើយ​កុំ​ប៉ះពាល់​ដល់​អំណោយទាន​អាក្រក់ ឬ​វត្ថុ​ដែល​ពុំ​ស្អាត​ឡើយ ។…

« មែន​ហើយ ចូរ​មក​រក​ព្រះ​គ្រីស្ទ ហើយ​ឲ្យ​បាន​ល្អឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​នឹង​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ ហើយ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​សមត្ថភាព​អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក នោះ​ព្រះ​គុណ​របស់​ទ្រង់​ល្មម​ដល់​អ្នក ហើយ​ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ នោះ​អ្នក​រាល់​គ្នា​អាច​បាន​ល្អ​ឥត​ខ្ចោះ​នៅក្នុង​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ១០:៣២ ) ។

សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​ការ​ខិតខំ​ដ៏​ស្មោះត្រង់​របស់​យើង​ដើម្បី​មាន​ចិត្ត និង​គំនិត​បរិសុទ្ធ ដើម្បី « ឲ្យ​គុណធម៌ [ អាច ] តុបតែង​គំនិត [ របស់​យើង ] ដោយ​ឥត​ឈប់ឈរ​ឡើយ » ( គ&ស ១២១:៤៥ ) ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដីស្រឡាញ់​ដ៏​ប្រោសលោះ និង​អំពី​អំណាច​បន្សុទ្ធ​នៃ​ដង្វាយធួន​របស់​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។