សន្និសីទទូទៅ
ការបំពេញ​តាម​ការព្យាករ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ការបំពេញ​តាម​ការព្យាករ

ការ​ព្យាករណ៍​ដែល​បាន​បំពេញ​ដោយ​ការ​ស្ដារឡើងវិញ​នៃ​ភាព​ពេញលេញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​មាន​ច្រើន ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ខ្ញុំ​មាន​កិត្តិយស​ដើម្បី​និយាយ​នៅ​ក្នុង​សន្និសីទ​ទូ​ទៅ​ជា​ប្រវត្តិសាស្ត្រ​នេះ ដែល​រំឭក​ដល់​ការ​និមិត្ត​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ​អំពី​ព្រះ​ជា​ព្រះវរបិតា និង​ព្រះរាជ​បុត្រា​របស់​ទ្រង់ ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ​មួយ ។ ការ​និមិត្ត​នោះ​គឺជា​ការ​ចាប់ផ្ដើម​មួយ​ដ៏​អស្ចារ្យ​ចំពោះ​ការ​ស្ដារ​ឡើង​វិញ​នៃ​ដំណឹងល្អ និង​អ្វីៗ​ដែល​បាន​បើក​បង្ហាញ តាំង​ពី​ព្រះគម្ពីរ​មរមន​រហូត​ដល់​ការ​មាន​ត្រឡប់​មក​វិញ​នៃ​សិទ្ធិ​អំណាច និង​កូនសោ​បព្វជិតភាព ការ​រៀបចំ​សាសនាចក្រ​ដ៏​ពិត​របស់​ព្រះអម្ចាស់ ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះ ព្រមទាំង​ពួក​ព្យាការី និង​ពួក​សាវក​ដែល​ដឹកនាំ​កិច្ចការ​នេះ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។

តាមរយៈ​ការ​រៀបចំ​របស់​ព្រះ ពួក​ព្យាការី​របស់​ព្រះ​កាល​ពី​បុរាណ ពេល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ព្យាករ​ពី​ការ​ស្ដារ​ឡើង​វិញ និង​អ្វី​ដែល​ត្រូវ​តែ​កើត​ឡើង​នៅ​ជំនាន់​របស់​យើង ជា​គ្រា​កាន់​កាប់​ត្រួត​ត្រា​ចុង​ក្រោយ​បង្អស់ និង​កំណត់​កាល​ដ៏​ពេញ​លេញ ។ កិច្ចការ​នោះ​« ដុត​រោល​ព្រលឹង »​នៃ​ពួក​អ្នក​មើល​ឆុត​ដំបូង ។ នៅ​គ្រប់​ជំនាន់ ពួក​លោក​បាន​ប្រាប់​ទុក​ជា​មុន បាន​សុបិន បាន​មើល​ឃើញ​ជា​មុន ហើយ​បាន​ព្យាករ​ពី​អនាគត​នៃ​នគរ​របស់​ព្រះ​នៅ​លើ​ផែនដី ជា​អ្វី​ដែល​អេសាយ​បាន​ហៅ​ថា « ការ​អស្ចារ្យ ហើយ​ចំឡែក » ។

ការ​ព្យាករ​ដែល​បាន​បំពេញ​ដោយ​ការ​ស្ដារ​ឡើង​វិញ​នៃ​ភាព​ពេញ​លេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ច្រើន​ណាស់ រួម​បញ្ចូល​ទាំង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​រឿង​សំខាន់ៗ​មួយ​ចំនួន​ដែល​ខ្ញុំ​ពេញ​ចិត្ត​ប៉ុណ្ណោះ ។ ខ្ញុំ​បាន​រៀន​ពី​រឿង​ទាំង​នេះ​មក​ពី​គ្រូបង្រៀន​ក្នុង​ថ្នាក់​កុមារ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ និង​មក​ពី​អ្នក​ម្ដាយ​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ។

រូបភាព
ដានីយ៉ែល​នៅ​ក្នុង​រូង​សិង្ហ

ដានីយ៉ែល ដែល​បាន​បញ្ឈប់​សត្វ​តោ​ដោយ​សារ​តែ​សេចក្ដី​ជំនឿ​របស់​លោក​លើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ធ្វើ​អន្តរាគមន៍​ពី​ពួក​ទេវតា​របស់​ព្រះ គឺជា​បុគ្គល​ម្នាក់​ដែល​បាន​ឃើញ​ជំនាន់​របស់​យើង​នៅ​ក្នុង​ការ​និមិត្ត ។ ការ​បកប្រែ​សុបិន​មួយ​ឲ្យ​ស្ដេច​ក្រុង​បាប៊ីឡូន ឈ្មោះ​នេប៊ូក្នេសា នោះ​ដានីយ៉ែល​បាន​ព្យាករ​ថា​សាសនាចក្រ​របស់​ព្រះអម្ចាស់​នឹង​រីកចម្រើន​នៅ​ថ្ងៃ​ចុង​ក្រោយ​ដូចជា​ថ្ម​តូច​មួយ​ដុំ​« ដាប់​ផ្ដាច់​ចេញ​ពី​ភ្នំ​ឥត​មាន​ដៃ​អ្នក​ណា​ធ្វើ » ។ « ឥតមាន​ដៃ​អ្នក​ណា​ធ្វើ »​មាន​ន័យ​ថា​ដោយ​ការ​ធ្វើ​អន្តរាគមន៍​របស់​ព្រះ នោះ​សាសនាចក្រ​របស់​ព្រះអម្ចាស់​នឹង​រីកចម្រើន​រហូត​ដល់​បំពេញ​ផែនដី​ទាំង​មូល​« [នឹង]មិន​ត្រូវ​បំផ្លាញ​ឡើយ … [ប៉ុន្តែ]​នឹង​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច » ។

រូបភាព
ដានីយ៉ែល​បកស្រាយ​សុបិន

វា​គឺជា​សាក្សី​ដ៏​ជ្រាល​ជ្រៅ​មួយ​ដែល​ពាក្យ​ពេចន៍​របស់​ដានីយ៉ែល​កំពុង​ត្រូវ​បាន​បំពេញ នៅពេល​សមាជិក​សាសនាចក្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​ទស្សនា ហើយ​ស្ដាប់​សន្និសីទ​នៅ​ថ្ងៃ​នេះ ។

សាវក​ដ៏​ឆ្នើម គឺ​ពេត្រុស​បាន​រៀបរាប់​ថា « គ្រា​តាំង​របស់​ទាំង​អស់​ឡើង​វិញ … តាំង​ពី​បុរាណ​មក » ។ សាវក​ប៉ុល​បាន​សរសេរ​ថា នៅ​កំណត់​កាល​ដ៏​ពេញ​លេញ នោះ​ព្រះ​នឹង​« បំព្រួម​គ្រប់​ទាំង​អស់​ក្នុង​ព្រះគ្រីស្ទ »​« ​ព្រះយេស៊ូវគ្រីស្ទ​នោះ​ឯង ទ្រង់​ជា​ថ្ម​ជ្រុង​យ៉ាង​ឯក » ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ការ​ព្យាករ​ទាំង​នោះ ពេល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​រ៉ូម​នៅ​អ៊ីតាលី ។ ពួក​ព្យាការី និង​ពួក​សាវក​គ្រប់​រូប​បាន​នៅ​ទី​នោះ​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះ​ដ៏​ប្រោស​លោះ​នៃ​ពិភពលោក ដូចដែល​ពេត្រុស និង​ប៉ុល​បាន​ធ្វើ ។ បង​ប្អូន​ប្រុស​ស្រី សាសនាចក្រ​គឺជា​គំរូ​ដ៏​រស់​រវើក​នៃ​ការ​តាំង​របស់​ទាំងអស់​ឡើង​វិញ​នោះ ហើយ​សមាជិក​របស់​យើង​គឺជា​សាក្សី​នៃ​ការ​ព្យាករ​ដ៏​ទេវភាព​​ទាំង​នោះ​តាំង​ពី​យូរ​យារ​មកហើយ ។

រូបភាព
ព្យាការី​និង​សាវក​នៅ​ព្រះវិហារ​រ៉ូម​ប្រទេស​អ៊ីតាលី

យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុង​ក្រោយ ៖ « មាន​អ្នក​មើល​ឆុត​ម្នាក់​ដែល​ព្រះ​អម្ចាស់ដ៏​ជា​ព្រះ​របស់​ខ្ញុំ​ទ្រង់​នឹង​បង្កើត​ឡើង​ដែល​នឹង​ទៅ​ជា​អ្នក​មើល​ឆុត​ដ៏​ជម្រើស » ។ « ត្បិត​គាត់​នឹង​ធ្វើ​កិច្ចការ​របស់​[ព្រះអម្ចាស់] » ។ យ៉ូសែប ស៊្មីធ ព្យាការី​នៃ​ការ​ស្ដារឡើងវិញ គឺជា​អ្នក​មើល​ឆុត​រូប​នោះ ។

យ៉ូហាន​ជាអ្នក​ទទួលវិវរណៈ​បានព្យាករ​ពី​ទេវតា​មួយ​អង្គ​នៃ​ព្រះ​បាននាំមក​នូវ​ធាតុ​ដ៏​សំខាន់​នៃ​ការស្តារឡើងវិញ​ដោយមាន​ពាក្យពេចន៍​ទាំងនេះ​ថា ៖ « ខ្ញុំក៏ឃើញ​ទេវតា​មួយទៀត កំពុងហោះ​កាត់​កណ្តាល​មេឃ ទាំងមាន​ដំណឹងល្អ​ដ៏នៅ​អស់កល្បជានិច្ច សម្រាប់​នឹង​ថ្លែង​ប្រាប់​ដល់មនុស្ស​នៅផែនដី គឺ​ដល់​គ្រប់​អស់​ទាំងសាសន៍ គ្រប់​ពូជអំបូរ គ្រប់ភាសា ហើយ​គ្រប់ទាំង​គ្រួសារដែរ » ។ ១០ មរ៉ូណៃ គឺជា​ទេវតា​អង្គនោះ ។ ទ្រង់​បាន​ឃើញ​សម័យ​របស់​យើង​ដូចដែល​មាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរមរមន ។ នៅក្នុង​ការប្រាកដ​ព្រះកាយ​ឡើង​ម្តងហើយ​ម្តងទៀត ទ្រង់​បាន​រៀបចំ​យ៉ូសែប ស្ម៊ីធ សម្រាប់​ការងារបម្រើ​របស់ទ្រង់ ដោយបូករួម​ទាំង​ការបកប្រែ​នៃ​ព្រះគម្ពីរមរមន ៖ ជា​សក្តីបទមួយ​ទៀត​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ ។

រូបភាព
មរ៉ូណៃ​លេច​មក​ឯ​យ៉ូសែប ស្ម៊ីធ

មាន​ពួកព្យាការី​ផ្សេងទៀត​បាន​ទស្សទាយ​ពី​​​សម័យ​របស់​យើង ។ ម៉ាឡាគី បាន​និយាយ​ពី​អេលីយ៉ា បង្វែរ « ចិត្ត​ពួក​ឪពុក​មក​ឯ​កូន និង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ » ។ ១១ អេលីយ៉ា បានមក ហើយ​ជាលទ្ធផល នៅសព្វថ្ងៃនេះ យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៦៨ កន្លែង​បណ្ដា​ផែនដី​នេះ ។ ព្រះវិហារ​បរិសុទ្ធ​នីមួយៗបម្រើ​សមាជិក​ដែល​មានភាព​សក្ដិសម​ធ្វើ​សេចក្តីសញ្ញា​ពិសិដ្ឋ ហើយ​ទទួល​ពរជ័យ​នៃ​ពិធីបរិសុទ្ធ​ទាំងឡាយ​ឲ្យ​ខ្លួន​ពួកគេ និង​ដល់​បុព្វការីជន​របស់​ពួកគេ​ដែល​បាន​ស្លាប់ ។ កិច្ចការ​ដ៏ពិសិដ្ឋ​នេះ​បាន​ពិពណ៌នា​ដោយ ម៉ាឡាគី គឺជា « ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះដ៏​បង្កបង្កើត​សម្រាប់​ជោគវាសនា​ដ៏​នៅអស់កល្ប​ជានិច្ច​នៃ​កូនចៅ​របស់​ទ្រង់ » ។ ១២

យើង​រស់នៅ​ក្នុង​សម័យ​ដែល​បាន​ព្យាការណ៍​នោះ យើង​គឺជា​មនុស្ស​ដែល​ទទួលខុសត្រូវ​ជួយ​ក្នុងការ​យាងមក​ជាលើកទីពីរ​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ យើង​ទាំងអស់​គ្នា​ជាកូនចៅ​របស់​ព្រះ ​ជាជន​ដែល​នឹង​ស្តាប់ ហើយ​ធ្វើ​តាម​សេចក្តីពិត​នេះ ធ្វើ​សេចក្តី​សញ្ញា ហើយ​សន្យា​ធ្វើ​តាម​ដំណឹងល្អ​ដ៏​នៅ​អស់កល្បជានិច្ច​នេះ ។ ប្រធាន ណិលសុន ហៅ​វា​ថា « ឧបសគ្គ​ដ៏​ធំ​បំផុតបុព្វហេតុ ដ៏ ធំបំផុត និង​ជាកិច្ចការ ដ៏​ធំបំផុត​នៅលើ​ផែនដី​សព្វថ្ងៃនេះ » ។​១៣ ខ្ញុំ​សូមថ្លែង​ជាសាក្សី​ពី​អម្ភូតហេតុ​នោះ ។

រូបភាព
ការឧទ្ទិសឆ្លង​នៃ​ព្រះវិហារ​បរិសុទ្ធ ឌូរ៉ាន អាហ្វ្រិក​ខាង​ត្បូង

ដោយ​ការចាត់តាំង​មកពី​ប្រធាន រ័សុល អិម ណិលសុន កាល​ពី​ខែ​កុម្ភៈ ក្នុង​ឆ្នាំ​នេះ ខ្ញុំ​បាន​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ ឌូរ៉ាន​នៅ​អាហ្រ្វិក​ខាងត្បូង ។ វាគឺជា​ថ្ងៃ​ដែល​ខ្ញុំ​នឹង​​ចងចាំ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​នៅជាមួយ​សមាជិក​ដែល​មករក​ដំណឹងល្អ​ដូចជា​យេរេមា បាន​ទស្សទាយ​ជាយូរ​មកហើយ—« ពី​ក្រុង​មួយ ហើយពីរ​​នាក់​ពី​ពូជ​អំបូរ​មួយ » ។ ១៤ គោលលទ្ធិ​នៃ​ព្រះយេស៊ូវ គ្រីស្ទ បង្រួបបង្រួម​យើង​ទាំងអស់​គ្នា—នៅជុំវិញ​ពិភពលោក—ជាបុត្រា​បុត្រី​នៃ​ព្រះ ជាបងប្អូន​ប្រុសស្រី​នៅក្នុង​ដំណឹងល្អ ។ មិនថា​យើង​មាន​រូបរាង ឬ​ស្លៀកពាក់​បែបណា​នោះទេ ក៏​យើង​ជា​ប្រជាជន​តែមួយ​ដែល​មាន​ព្រះវរបិតា​សួគ៌​ដែល​បាន​ដាក់​ផែនការ​តាំងពីដំបូង តាំងពីមុន ដល់​ឥឡូវនេះ​សម្រាប់​ក្រុមគ្រួសារ​របស់​ទ្រង់​ឲ្យ​រួបរួម​គ្នា ដោយការ​ធ្វើ និង​រក្សា​សេចក្តីសញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

តាមរយៈ​ការ​ជួបជុំគ្នា​នៃ​ពួក​អ្នក​កាន់បព្វជិតភាព​តូច​មួយ​ក្រុម​នៅក្នុង​ផ្ទះ នៅឯ ខឺតឡង់ អូហៃអូ នាឆ្នាំ ១៨៣៤ នោះ​ព្យាការី យ៉ូសែប បានព្យាករណ៍ថា « បងប្អូន​ឃើញ​បព្វជិតភាព​មានតែ​បន្តិចនាក់​នៅយប់នេះ ប៉ុន្តែ​សាសនាចក្រនេះ​នឹង​បំពេញ​នៅ​អាមេរិក​ខាងជើង និង​ខាងត្បូង—វា​នឹង​មាន​នៅ​ទូទាំង​ពិភពលោក » ។១៥

នៅ​ប៉ុន្មានឆ្នាំ​ថ្មីៗនេះ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទូទាំង​ពិភពលោក​ដើម្បី​ជួប​ជា​មួយ​សមាជិក​នៃ​សាសនាចក្រ ។ បងប្អូន​ប្រុស​របស់​ខ្ញុំ​នៅក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរនាក់ ក៏​មាន​ការចាត់តាំង​ស្រដៀងគ្នា​នេះដែរ ។ ទោះជាយ៉ាងណា​ក៏ដោយ មាន​នរណា​អាច​ប្រៀបធៀប​នឹង​កាលវិភាគ​ដ៏រវល់​របស់​ព្យាការី​ជាទីស្រឡាញ់​របស់​យើង ប្រធាន ណិលសុន ដែល​លោកបាន​ធ្វើដំណើរ​នៅក្នុង​រយៈពេល​ពីរឆ្នាំ​ក្នុង​នាម​ជា​ប្រធាន​នៃ​សាសនាចក្រ បាន​នាំ​ឲ្យ​លោក​ជួប​នឹង​ពួកបរិសុទ្ធ​នៅក្នុង ៣២​ប្រទេស ហើយនឹង​ក្នុង​ដែនដី​សហរដ្ឋ១៦ដើម្បី​ធ្វើ​ជាសាក្សី​នៃ​ព្រះគ្រីស្ទ​ដែល​មាន​ព្រះជន្មរស់ ។

ខ្ញុំ​នៅចាំ​ពីពេល​ដែល​ខ្ញុំ​បាន​ទទួល​ការហៅបម្រើ​បេសកកម្ម​របស់​ខ្ញុំ កាលពី​នៅក្មេង ។ ខ្ញុំ​ចង់​បម្រើ​នៅ​ប្រទេស អាលឺម៉ង់ ដូចជា​ឪពុក​ខ្ញុំ បងប្រុស និង​បងថ្លៃ​របស់​ខ្ញុំ​បាន​បម្រើ ។ ដោយ​មិន​បាន​ចាំ​ឲ្យ​នរណា​ម្នាក់​នៅ​ផ្ទះ​នោះទេ ខ្ញុំ​បានប្រញាប់​រត់​តម្រង់​ទៅរក​ប្រអប់​សំបុត្រ ហើយ​បាន​បើក​សំបុត្រ​បេសកកម្ម​នោះ ។ ខ្ញុំ​បាន​អានថា ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​នៅ​បេសកកម្ម​ភាគ​ខាង​កើត ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង នូវ យ៉ោក ។ ខ្ញុំ​បានមាន​ការ​​ខកចិត្ត ដូច្នោះ​ខ្ញុំ​ក៏បាន​ចូល​ក្នុង​ផ្ទះ ហើយ​បាន​បើក​ព្រះគម្ពីរ​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​ការលួងលោម​ចិត្ត ។ ខ្ញុំ​បាន​ចាប់ផ្តើម​អាន​នៅក្នុង​គោលលទ្ធិ និង​សេចក្តីសញ្ញា ថា ៖ « មើល​ចុះ និង មើលន៏ យើង​មាន​មនុស្ស​ជាច្រើន​នៅ​កន្លែង​នេះ គឺ​នៅ​ភូមិភាគ​ជុំ​វិញ ហើយ​ទ្វារ​ដ៏​មាន​ផលប្រយោជន៍​នឹង​ត្រូវបាន​បើកចំហ នៅភូមិភាគ​ជុំវិញ​នៅដែនដី​នៃ​ទិស​ខាង​កើត​នេះ » ។១៧ ការព្យាការណ៍​នោះ បាន​ផ្តល់​ឲ្យ​យ៉ូសែប ស្ម៊ីធ នៅក្នុង​ឆ្នាំ ១៨៣៣ ដែល​ជា​វិវរណៈ​ចំពោះ​រូបខ្ញុំ ។ បន្ទាប់​មក ខ្ញុំ​បាន​ដឹង ថា​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​ទៅបម្រើ​នៅ​បេសកកម្ម​ច្បាស់លាស់​មួយ​ដែល​ព្រះអម្ចាស់​បាន​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​បម្រើ​នៅ​ទីនោះ ។ ខ្ញុំ​បង្រៀន​អំពី​ការស្តារឡើងវិញ និង​ការចាប់ផ្តើម​ដ៏អស្ចារ្យ​របស់​វា នៅពេល​ដែល​ព្រះវរបិតា​គង់នៅស្ថានសួគ៌ បាន​មាន​បន្ទូល​ទៅកាន់​យ៉ូសែប ស្ម៊ីធ ថា « នេះ​ជា​ឃព្រះ​រាជ​បុត្រា​ដ៏​ស្ងួនភ្ងា​របស់​យើង ។ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ ! »១៨

គឺ​មាន​សារៈ​សំខាន់ខ្លាំងណាស់​សម្រាប់​សាសនាចក្រ​ទាំងមូល ជាង ៧០០ ឆ្នាំ ពីមុន​កំណើត​នៃ​ព្រះ​យេស៊ូវ គ្រីស្ទ ៖ « នៅ​ជាន់​ក្រោយ​បង្អស់ នោះ​ភ្នំ ជា​ទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា និង​បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ … អស់​ទាំង​សាសន៍​នឹង​ចូល​ហូរហែ​ទៅ​ក្នុង​ទី​នោះ » ។ ១៩

នៅក្នុង​គំនិត​ខ្ញុំ​សព្វថ្ងៃនេះ ខ្ញុំ​បាន​មើលឃើញ​សមាជិក​រាប់លាន​នាក់ និង​មិត្តភក្តិ​បាន​ភ្ជាប់ទំនាក់ទំនង​គ្នា តាមរយៈ​អេឡិចត្រូនិច ទូរទស្សន៍ អ៊ិនធើរណែត ឬ​តាម​មធ្យោបាយ​ផ្សេងទៀត ។ យើង​អង្គុយ​ចុះ​ដូចជា​យើង​ហាក់​ដូច​ជា​កំពុង​នៅ​ជាមួយគ្នា « បាន​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំៗ » ។២០ កាលនោះ​គឺ​ព្យាការី ព្រិកហាំ យ៉ង់ ដែល​បាន​មាន​ប្រសាសន៍​ពី​ពាក្យ​ព្យាករណ៍​នេះ « ទីនេះ ជាកន្លែង​ត្រឹមត្រូវ​ហើយ » ។២១ ពួក​បរិសុទ្ធ​មួយ​ចំនួន​គឺជា​បុព្វបុរស​របស់​ខ្ញុំ ដែល​បាន​ខិតខំ​កសាង​ស៊ីយ៉ូន នៅ​ភ្នំ​រ៉កគី « តាមរយៈ​ឆន្ទៈ និង​ការពេញ​ចិត្ត​របស់​លោក​ដែល​បាន​ចង្អុល​បង្ហាញ​ពី​ប្រជាជាតិ​នៃ​ផែនដី​នេះ » ។ ២២

រូបភាព
ព្រះវិហារ​បរិសុទ្ធ សលត៍ លេក អំឡុង​កីឡា​អូឡាំពិច​ក្នុង​ឆ្នាំ ២០០២

ខ្ញុំ​ឈរ​នៅ​ថ្ងៃនេះ​នៅលើ​ទឹកដីដ៍​ពិសិដ្ឋ​ដែល​បាន​ទាក់ទាញ​មនុស្ស​រាប់​លាន​នាក់​មក​ទស្សនា ។ នៅក្នុង​ឆ្នាំ ២០០២ ទីក្រុងសលត៍ លេក បាន​ទទួលស្វាគមន៍​កីឡា​អូឡាំពិច នារដូវ​រងារ ។ ក្រុម​ចម្រៀង​រោង​ឧបោសថ បាន​ច្រៀង​បើក​ពិធី ហើយ​សាសនា​ចក្រ​បាន​ជូន​ជាការ​ប្រគុំ​តន្រ្តី និង​កម្មវិធី​ជាច្រើន​សម្រាប់​ភ្ញៀវ​ដែល​ចូលរួម​មក​ពី​ប្រទេស​ជាច្រើន ។ ខ្ញុំ​នឹកចងចាំ​ជានិច្ច​ពេល​ឃើញ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ផ្ទៃខាងក្រោយ​នៃ​ចាក់ការផ្សាយ​ព័ត៌មាន​ពេលយប់​ទូទាំង​ពិភពលោក ។

រូបភាព
ថ្នាក់​ដឹកនាំ​ទាំងឡាយ​របស់​សាសនាចក្រ និង​ថា្នក់​ដឹកនា NAACP

អស់​ជាច្រើនឆ្នាំ ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ស្តេច ចៅក្រម នាយក​រដ្ឋមន្រ្តី ឯកអគ្គរដ្ឋទូត និង​មន្រ្តី​មកពី​ប្រទេស​ជាច្រើន​បាន​អញ្ជើញ​មក​ដល់​ទីក្រុង​សលត៍ លេក ហើយ​បាន​ជួប​ខ្ញុំ និង​ថ្នាក់ដឹកនាំ​របស់​យើង ។ ប្រធាន ណិលសុន បាន​ទទួល​ស្វាគមន៍​ថ្នាក់ដឹកនាំ​នៃ​សមាគមន៍​ជាតិ សម្រាប់​អភិវឌ្ឍន៍​ប្រជាជន​ស្បែកខ្មៅ ( National Association for the Advancement of Colored People ) អង្គការ​ប្រចាំ​សហរដ្ឋ​អាមេរិក​ប្តេជ្ញាចិត្ត​ប្រើសិទ្ធិ​ស្មើគ្នា​ដោយ​គ្មាន​ការរើសអើង​ពូជសាសន៍ ។ ខ្ញុំ​ចងចាំ​កាល​ដែល​បាន​ឈរ​ស្មា​កៀក​ជាមួយ​នឹង​មិត្តភក្តិ​ទាំងនេះ​និង​ថ្នាក់​ដឹកនាំ​ទាំងឡាយ កាល​ប្រធាន ណិលសុន បាន​ចូលរួម​នឹង​ពួកគេ​ក្នុងការ អំពាវនាវ​រក ភាពសុខ​ដុមរមនា​កាន់តែខ្លាំង នៃពូជសាសន៍ និង​អារយ្យធម៌​នៅក្នុង​ពិភពលោក ។២៣

មាន​មនុស្ស​ជាច្រើន​ទៀត​បាន​មក​កាន់​វិសាលដ្ឋាន​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ជួប​ប្រឹក្សា​ជាមួយ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។ ឧទាហរណ៍ នៅឆ្នាំ​កន្លងទៅនេះ គ្រាន់តែ​លើកឡើង​ពីរបី​ឈ្មោះ​ប៉ុណ្ណោះ យើង​បាន​ស្វាគមន៍​សន្និសីទ​លើកទី ៦៨​របស់​សង្គម​ស៊ីវិល​របស់​អង្គការ​សហប្រជាជាតិ ( United Nations 68th Civil Society Conference ) ការជួបជុំ​ជាសាកល ហើយ​ជា​លើកទីមួយ​ដែល​អង្គការ​នេះ​បាន​ជួប​នៅ​ក្រៅ​ទីក្រុង នូវ យ៉ោក ។ យើង​បាន​ជួប​នឹង គណៈកម្មការ​កិច្ចការ​សាសនា​របស់​ប្រទេស​វៀតណាម ( Vietnam’s Committee for Religious Affairs ) ឯកអគ្គរដ្ឋទូត​មកពី​ប្រទេស​គុយបា ហ្វីលីពីន អាហ្សង់ទីន រូម៉ានី ស៊ូដង់ កាតា និង អារ៉ាប់ ប៊ីសាអូឌីត ។ យើង​ក៏​បាន​ស្វាគមន៍​ដល់​អគ្គលេខាធិការ​នៃសម្ព័ន្ធ​ពិភព​អ៊ីស្លាម ( Muslim World League ) ។

អ្វី​ដែល​ខ្ញុំ​កំពុង​ពិពណ៌នា​គឺជា​ការ​បំពេញ​នៃ​ការព្យាការណ៍​របស់ អេសាយ ថា​នៅក្នុង​សម័យ​ចុងក្រោយ គ្រប់​ជាតិសាសន៍​នឹង​មកកាន់ « ភ្នំ ជា​ទី​ស្អាង​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា » ។ ២៤ ព្រះវិហារ​បរិសុទ្ធ​នៃ​ទីក្រុង​សលត៍ លេក ដ៏​ធំ​ឈរ​នៅ​ចំណុច​កណ្តាល​នៃ​ភាពរុងរឿង និង​សិរីល្អ​នោះ ។

រូបភាព
ព្រះវិហារ បរិសុទ្ធ នៅ ទីក្រុង សលត៍ លេក

មិនមែន​ទេសភាព​ដែល​ទាក់ទាញ​មនុស្ស​នោះ ទេ ទោះបី​ការរៀបចំ​របស់យើង​អស្ចារ្យ​ក៏ដោយ តែ​វា គឺ ជា​ខ្លឹមសារ​នៃសាសនា​បរិសុទ្ធ​ដែល​បានបង្ហាញ​នៅក្នុង​ស្មារតី​ការលូតលាស់ ភាពល្អ និង​ភាពសប្បុរស​របស់សាសនាចក្រ​នៃព្រះយេស៊ូវ គ្រីស្ទ នៃពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ និង​សមាជិក​នៅក្នុង​សាសនា​ចក្រ សេចក្ដីស្រឡាញ់​របស់យើង​ដូច​ជា​សេចក្តី​ស្រឡាញ់​របស់​ព្រះ និង​ការប្តេជ្ញាចិត្ត​របស់យើង​ចំពោះ​បុព្វហេតុ​ខ្ពស់ជាងអ្វី​ដែល យ៉ូសែប ស្ម៊ីធបានហៅ « បុព្វហេតុ​នៃ​ព្រះ​គ្រីស្ទ » ទៅវិញទេ ។២៥

យើង​ពុំ​ដឹង​ថា​ពេលណា​ដែល​ព្រះអង្គ​សង្រ្គោះ​នឹង​យាងត្រឡប់​មកវិញ​នោះទេ ប៉ុន្តែ​ការណ៍​នេះ​យើង​ដឹង ។ យើង​ត្រូវតែ​រៀបចំ​ចិត្ត និង​គំនិត​របស់​យើង ភាព​ស័ក្តិសម​ដើម្បី​ទទួលទ្រង់ ហើយ​មាន​អំណរ​​ដែល​បាន​ធ្វើ​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​បាន​ព្យាករណ៍​ជា​យូរយា​ណាស់​មកហើយ​នោះ ។

ខ្ញុំ​សូម​ថ្លែងទីបន្ទាល់ថា ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ព្រះអម្ចាស់​នៅលើ​ផែនដីនេះ ហើយ​នៅក្បែរ​លោក​គឺជា​ពួកសាវក ដែល​បាន​ហៅដោយ​ព្រះ បាន​គាំទ្រ​ជា​ពួក​ព្យាការី អ្នក​មើលឆុត និង​ពួក​អ្នក​ទទួលវិវរណៈ ។ ហើយ​បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ ការស្តារឡើងវិញ​នៅតែ​បន្ត ។

ខ្ញុំ​សូមបិទ​ជាមួយ​នឹង​ការព្យាករណ៍​របស់​យ៉ូសែប ស្ម៊ីធ ថា​ពាក្យ​ដែល​ខ្ញុំ​បានថ្លែង​គឺជាការពិត « គ្មាន​ដៃដែល​មិនស្អាតស្អំ​ណាអាច​បញ្ឈប់កិច្ចការ​នេះ ពីការរីកចម្រើន​ឡើយ ការធ្វើ​ទុក្ខបុកម្នេញ​អាចកញ្ជ្រោល​ឡើង​ពួកមនុស្ស​កាចសាហាវ អាចប្រមូលផ្ដុំ​គ្នា ពួកទាហាន​អាចប្រជុំគ្នា​ពួកអ្នកមួល​បង្កាច់ អាចបង្ខូចកេរ្តិ៍ឈ្មោះ តែ​សេចក្ដីពិត​នៃព្រះនឹងឆ្ពោះ​ទៅមុខដោយ​ក្លៀវក្លាថ្លៃថ្នូរ និង​ឯករាជ្យ​រហូតទាល់​តែវាបានដល់​គ្រប់ទាំងទ្វីប គ្រប់តំបន់ គ្រប់ប្រទេស និង​បានឮ​ដល់គ្រប់ត្រចៀក រហូតដល់​គោលបំណង នៃព្រះនឹងបាន​សម្រេច ហើយ​ព្រះយេហូវ៉ា​ដ៏អស្ចារ្យនឹង​មានបន្ទូល​ថាកិច្ចកាបាន​ចប់ហើយ » ។២៦ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ដូច្នេះថា ការព្យាការណ៍​ទាំងនេះ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ គឺកំពុង​តែ​បំពេញ​ហើយ ។

ខ្ញុំ​សូម​សន្យាថា កាល​ណា​អ្នក​ធ្វើតាម​ការប្រឹក្សា​ដ៏​បំផុស​គំនិត​ពី​ព្យាការី​ជាទីស្រឡាញ់​របស់​យើង គឺ​ប្រធាន រ័សុល អិម ណិលសុន ទីប្រឹក្សា​របស់​លោក ពួកសាវក និង​ថ្នាក់ដឹកនាំ​ដទៃទៀត​នៃ​សាសនាចក្រ ហើយ​កាលណា​អ្នក​យកចិត្ត​ទុកដាក់​ស្តាប់​ដល់​ពួកព្យាការី​ពីបុរាណ​ដែលលោក​បានប្រាប់​ពី​សម័យ​របស់​យើង នោះ​អ្នក​នឹង​ត្រូវបាន​បំពេញ​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​ចិត្ត និង​ព្រលឹង​របស់​អ្នក ជាមួយ​នឹង​ស្មារតី និង​កិច្ចការ​នៃ​ការស្តារឡើងវិញ​នេះ ។ ខ្ញុំ​សូម​សន្យា​ថា​អ្នក​នឹង​ឃើញ​ព្រះហស្ត​របស់ព្រះ​នៅក្នុង​ជីវិត​របស់​អ្នក សូមស្តាប់​ការបំផុស​គំនិត​ពីទ្រង់ ហើយ​ស្គាល់​សេចក្តីស្រឡាញ់​របស់ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ គ្រីស្ទ ជាមួយ​នឹង​អំណរគុណ​នៃ​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ​របស់ទ្រង់ និង​សាសនាចក្រ​របស់ទ្រង់ ជាភស្តុតាង​នៃ​សេចក្តីស្រឡាញ់​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​របស់ទ្រង់ អាម៉ែន ។