សន្និសីទទូទៅ
ហូសាណា និង ហាលេលូយ៉ា—ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ បេះដូង​នៃ​ការស្ដារ​ឡើងវិញ និង​បុណ្យ​អ៊ីស្ទើរ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២០


ហូសាណា និង ហាលេលូយ៉ា—ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ បេះដូង​នៃ​ការស្ដារ​ឡើងវិញ និង​បុណ្យ​អ៊ីស្ទើរ

នៅ​រដូវកាល​នៃ​ហូសាណា និង​ហាលេលូយ៉ា​នេះ សូម​ច្រៀង​ហាលេលូយ៉ា​—ព្រោះ​ទ្រង់​នឹង​សោយរាជ្យ​ជា​រៀង​រហូត​តទៅ !

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​ទូទាំង​ពិភពលោក ៖ ជាមួយ​ពាក្យ​ហូសាណា និង​ហាលេលូយ៉ា យើង​ប្រារព្ធ​អបអរ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​នៅ​រដូវកាល​នេះ នៃ​ការស្ដារ​ឡើងវិញ និង​បុណ្យ​អ៊ីស្ទើរ ។ ដោយ​ក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ ព្រះអង្គ​សង្គ្រោះ​របស់​យើង​អះអាង​ប្រាប់​យើង ៖ « ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​បាន​សេចក្តី​សុខ​សាន្ត ។ នៅ​លោកីយ៍​នេះ នោះ​អ្នករាល់គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ » ។

ច្រើន​ឆ្នាំ​កន្លង​ទៅ កាល​ស៊ិស្ទើរ ហ្គង និង​ខ្ញុំ​បាន​ជួប​គ្រួសារ​ដ៏​គួរឲ្យ​ស្រឡាញ់​មួយ កូនស្រី​វ័យក្មេង​របស់​ពួកគេ​ឈ្មោះ អាយវី បាន​យក​ប្រអប់​វីយូឡុង​របស់​នាង​ចេញ​មក​ដោយ​អៀនខ្មាស់ ។ នាង​បាន​លើក​ធ្នូ​វីយូឡុង​ឡើង បន្ដឹង​វា ហើយ​លាប​ជ័រ​វា ។ រួចហើយ នាង​បាន​ដាក់​វា​ចុះ​ក្នុង​ប្រអប់​វិញ បង្អោន​ខ្លួន ហើយ​អង្គុយ​ចុះ ។ ជា​អ្នករៀន​ថ្មី នាង​ទើប​តែ​បាន​ចែកចាយ​អ្វី​ទាំងអស់ ដែល​នាង​ដឹង​អំពី​វីយូឡុង ។ ឥឡូវ​នេះ ច្រើន​ឆ្នាំ​ក្រោយមក អាយវី​លេង​វីយូឡុង​យ៉ាង​ពិរោះ ។

រូបភាព
អាយវី និង​វិយូឡុង​របស់​នាង

ក្នុង​ពេល​រមែង​ស្លាប់​នេះ យើង​ទាំងអស់​គ្នា​ដូចជា​អាយវី និង​វីយូឡុង​នាង​បន្ដិច​ដែរ ។ យើង​ចាប់ផ្ដើម​នៅ​ដើម​ដំបូង ។ ដោយ​មាន​ការអនុវត្ត និង​ការតស៊ូ យើង​រីក​លូតលាស់ ហើយ​បាន​ប្រសើរ​ឡើង ។ តាម​ដំណាក់កាល​ពេលវេលា សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌ និង​បទពិសោធន៍​ជីវិត​រមែង​ស្លាប់​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង ពេល​យើង​ធ្វើការ​ជាមួយ​ទ្រង់​ក្នុង​ចម្ការ​ទំពាំង​បាយជូរ​របស់​ទ្រង់ ហើយ​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។

ខួប​អនុស្សាវរីយ៍ រួម​ទាំង​ខួប​ពីររយ​ឆ្នាំ​នេះ គូស​បញ្ជាក់​ពី​គន្លង​នៃ​ការស្ដារ​ឡើង​វិញ ។ ក្នុង​ការប្រារព្ធ​អបអរ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​កំពុង​បន្ដ​នេះ យើង​ក៏​រៀបចំ​ខ្លួន​សម្រាប់​បុណ្យ​អ៊ីស្ទើរ​ផងដែរ ។ ក្នុង​ករណី​ទាំងពីរ យើង​អរ​រីករាយ​នឹង​ការយាង​មក​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​មាន​ព្រះជន្ម​រស់—​មិនមែន​តែ​ពីមុន​ទេ ប៉ុន្ដែ​ឥឡូវនេះ​ផងដែរ មិនមែន​សម្រាប់​មនុស្ស​មួយ​ចំនួន​ទេ ប៉ុន្ដែ​សម្រាប់​មនុស្ស​ទាំងអស់​គ្នា ។ ទ្រង់​បាន​យាង​មក ហើយ​នឹង​យាង​មក​ដើម្បី​ព្យាបាល​អ្នកខូច​ចិត្ត ដោះលែង​អ្នកជាប់​សេវកភាព ព្យាបាល​មនុស្ស​ខ្វាក់ ហើយ​ដាក់​ឲ្យ​អ្នក​រងទុក្ខ​មាន​សេរីភាព ។ នោះ​គឺ​យើង​ម្នាក់ៗ ។ ការសន្យា​ប្រោសលោះ​របស់​ទ្រង់​អនុវត្ត​បាន មិន​ថា​អតីតកាល​យើង បច្ចុប្បន្នកាល​យើង ឬ​កង្វល់​នានា​ក្នុង​អនាគតកាល​របស់​យើង​ឡើយ ។

រូបភាព
ការ​យាង​ចូល​ដោយ​ជោគជ័យ​ទៅក្នុង​ក្រុង​យេរូសាឡិម

ថ្ងៃ​ស្អែក​ជា​ថ្ងៃ​អាទិត្យ​ធាង​ចាក ។ តាម​ប្រពៃណី​ធាងចាក​គឺ​ជា​និមិត្ត​រូប​ដ៏​ពិសិដ្ឋ​ដើម្បី​បង្ហាញ​ពី​សេចក្តីអំណរ​នៅ​ក្នុង​ព្រះអម្ចាស់​របស់​យើង​ក៏​ដូចជា​នៅ​ក្នុង​ជ័យ​ជំនះ​របស់​ព្រះយេស៊ូវ​ក្នុង​ក្រុង​យេរូសាឡិម ជា​កន្លែង​ដែល « បណ្តា​មនុស្ស … យក​ធាង​ចាក​ចេញ​ទៅ​ទទួល​ទ្រង់ » ។ ( បងប្អូន​ប្រហែល​ជា​ចាប់​អារម្មណ៍​ចង់​ដឹង​ពី​រឿងដើម​នៃ​ផ្ទាំង​គំនូរ ហែរី អេនឌើរសិន នេះ​ដែល​បាន​ព្យួរ​នៅ​ក្នុង​ការិយាល័យ​របស់​ប្រធាន​រ័សុល​អិម​ណិលសុន​នៅ​ខាង​ក្រោយ​តុ​របស់​លោក ។ ) ក្នុង​គម្ពីរ​វិវរណៈ អ្នក​ដែល​សរសើរ​ដល់​ព្រះ និង​កូនចៀម​ធ្វើ​ដូច្នេះ​ដោយ « ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ » ។ ជាមួយ​នឹង « សំលៀកបំពាក់​នៃ​សេចក្ដី​សុចរិត » និង « មកុដ​នៃ​សិរី​ល្អ » នោះ​ស្លឹកចាក​ក៏​មាន​នៅក្នុង​ការអធិស្ឋាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ។

ពិត​ណាស់ សារសំខាន់​នៃ​ថ្ងៃ​អាទិត្យ​ធាង​ចាក​មាន​ហួស​ពី​ហ្វូង​មនុស្ស​ទទួល​ព្រះយេស៊ូវ​ដោយ​ធាង​ចាក​ទៅទៀត ។ នៅ​ថ្ងៃ​អាទិត្យ​ធាង​ចាក ព្រះយេស៊ូវ​បាន​យាង​ចូល​ក្រុង​យេរូសាឡិម​តាម​របៀប ដែល​ពួកអ្នក​ស្មោះត្រង់​បាន​ស្គាល់​ថា​ជា​ការបំពេញ​ការព្យាករ​មួយ ។ ដូច​ដែល​សាការីនិង​អ្នកនិពន្ធ​គម្ពីរ​ទំនុក​តម្កើង​បាន​ព្យាករ​ថា ព្រះអម្ចាស់​របស់​យើង​បាន​យាង​ចូល​ក្រុង​យេរូសាឡិម ដោយ​ជិះ​កូនលា កាល​បណ្ដា​មនុស្ស​ស្រែក​ឡើង​ថា « ហូសាណា នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត » ។ ហូសាណា មាន​ន័យ​ថា « សូម​ជួយ​សង្គ្រោះ​ឥឡូវ » ។១០ ហើយ​ឥឡូវ​នេះ កាល​យើង​អរ​រីករាយ « សូម​ឲ្យ​ព្រះអង្គ ដែល​យាង​មក​ដោយ​នូវ​ព្រះនាម ព្រះយេហូវ៉ា បាន​ប្រកប​ដោយ​ព្រះពរ » ។១១

មួយ​សប្ដាហ៍​បន្ទាប់ពី​ថ្ងៃអាទិត្យ​ធាង​ចាក គឺជា​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ។ ប្រធាន រ័សុល អិម ណិលសុន​បង្រៀន​ថា ព្រះយេស៊ូវ​គ្រីស្ទ « បាន​យាង​មក​បង់​ថ្លៃ​បំណុល​ដែល​ទ្រង់​ពុំ​បាន​ជំពាក់ ពីព្រោះ​យើង​បាន​ខ្ចី​បំណុល​ដែល​យើង​ពុំ​អាច​សង​បាន » ។១២ ពិតណាស់ តាមរយៈ​ដង្វាយ​ធួន​នៃ​ព្រះគ្រីស្ទ នោះ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ « អាច​បាន​សង្គ្រោះ ដោយសារ​ការគោរព​តាម​ក្រឹត្យវិន័យ និង​ពិធីបរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ » ។១៣ នៅ​បុណ្យ​អ៊ីស្ទើរ យើង​ច្រៀង​ហាលេលូយ៉ា ។ ហាលេលូយ៉ា​មាន​ន័យ​ថា « ចូរ​អ្នក​សរសើរ​ដល់​ព្រះអម្ចាស់​ព្រះយេហូវ៉ា » ។១៤ ការបន្ទរ​« ហាលេលូយ៉ា »​ក្នុង​ចម្រៀង​អំពី​ព្រះមែស៊ីរបស់​លោក ហេនឌេល គឺជា​ការប្រកាស​អំពី​បុណ្យ​អ៊ីស្ទើរ​ជាទី​ស្រឡាញ់​ថា ទ្រង់​គឺជា « ព្រះអម្ចាស់​លើ​អស់​ទាំង​ព្រះអម្ចាស់ ហើយ​ជា​ស្តេច​លើ​អស់​ទាំង​ស្តេច » ។១៥

ព្រឹត្តិការណ៍​ដ៏​ពិសិដ្ឋ​រវាង​ថ្ងៃ​អាទិត្យ​ធាង​ចាក និង​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ​គឺជា​ដំណើររឿង​នៃ​ហូសាណា និង​ហាលេលូយ៉ា ។ ហូសាណា​គឺជា​ការអង្វរ​របស់​យើង​ឲ្យ​ព្រះ​ជួយ​សង្គ្រោះ ។ ហាលេលូយ៉ា​បង្ហាញ​ពី​ការសរសើរ​ដល់​ព្រះអម្ចាស់​សម្រាប់​ក្ដី​សង្ឃឹម​នៃ​សេចក្ដី​សង្គ្រោះ និង​ការតម្កើង​ឡើង ។ នៅក្នុង​ហូសាណា និង​ហាលេលូយ៉ា យើង​ទទួល​ស្គាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​គឺជា​បេះដូង​នៃ​បុណ្យ​អ៊ីស្ទើរ និង​ការស្ដារ​ឡើងវិញ​នៅ​ថ្ងៃ​ចុងក្រោយ ។

ការស្ដារ​ឡើង​វិញ​នៅ​ថ្ងៃ​ចុងក្រោយ​ចាប់​ផ្ដើម​ដោយ—ជា​ការបង្ហាញ​ព្រះកាយ​ជាក់ស្ដែង​របស់​ព្រះ គឺ​ព្រះវរបិតា និង​ព្រះរាជបុត្រា​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ព្យាការី​វ័យ​ក្មេង យ៉ូសែប ស្ម៊ីធ ។ ព្យាការី​យ៉ូសែប​បាន​និយាយ​ថា « បើ​អ្នក​អាច​សំឡឹង​ទៅ​ស្ថានសួគ៌​រយៈពេល​ប្រាំ​នាទី នោះ​អ្នក​នឹង​ដឹង​ច្រើន​ជាង​អ្វី​ដែល​អ្នក​ដឹង តាមរយៈ​ការអាន​អ្វី​ទាំងអស់​ដែល​ធ្លាប់​បាន​សរសេរ​អំពី​ប្រធានបទ​នេះ » ។១៦ ដោយសារ​ស្ថានសួគ៌​បាន​បើក​ឡើង​ជាថ្មី នោះ​យើង​ដឹង ហើយ « ជឿ​ដល់​ព្រះ គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច និង ដល់​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ »១៧ជា​ក្រុមព្រះ​ដ៏​ពិសិដ្ឋ ។

នៅ​ថ្ងៃ​អាទិត្យ​បុណ្យ​អ៊ីស្ទើរ ទី ៣ ខែ មេសា ឆ្នាំ ១៨៣៦ នៅដើម​ឆ្នាំ​ដំបូងៗ​នៃ​ការស្ដារ​ឡើងវិញ ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​បាន​បង្ហាញ​ព្រះកាយ បន្ទាប់​ពី​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ត្រូវ​បាន​ឧទ្ទិស​ឆ្លង ។ អស់​អ្នក​ដែល​បាន​ឃើញ​ទ្រង់​នៅ​ទីនោះ​បាន​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ជា​ការប្រៀបធៀប​ទៅនឹង​ភ្លើង និង​ទឹក ៖ « ព្រះនេត្រ​របស់​ទ្រង់​ដូចជា​អណ្ដាត​ភ្លើងព្រះកេសា​របស់​ទ្រង់​ស ដូចជា​ហិមៈ​សុទ្ធព្រះ​ភក្ត្រ​របស់​ទ្រង់​ភ្លឺ​ជាង​ពន្លឺ​ថ្ងៃហើយ​សំឡេង​របស់​ទ្រង់ ដូច​ជា​សូរ​នៃ​ទឹក​ច្រើនគឺជា​សំឡេង​នៃ​ព្រះ​យេហូវ៉ា » ។១៨

នៅក្នុង​ឱកាស​នោះ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ប្រកាស​ថា « យើង​ជា​ដើម​ហើយ​ជា​ចុង យើង​ជា​អង្គ​ដែល​មាន​ព្រះជន្ម​រស់​នៅ យើង​ជា​អង្គ​ដែល​ត្រូវបាន​ស្លាប់ យើង​ជា​ព្រះ​គាំទ្រ របស់​អ្នក​ជា​មួយ​ព្រះវរបិតា » ។១៩ ជាថ្មី​ម្ដងទៀត​មាន​ការប្រើ​ការប្រៀបធៀប​—​ដើម​និង​ចុង រស់​និង​ស្លាប់ ។ ទ្រង់​ជា​អាលផា និង​អូមេកា គឺ​ជា​មុន​គេ ហើយ​ក្រោយ​គេ២០ ជា​អង្គ​និពន្ធ និង​អ្នកបញ្ចប់​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។២១

បន្ទាប់ពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះយេស៊ូវ​គ្រីស្ទ នោះ​ម៉ូសេ អេលីយ៉ាស និង​អេលីយ៉ា​ក៏​បាន​មក​ដែរ ។ តាមរយៈ​ការដឹកនាំ​ដ៏​ទេវភាព ព្យាការី​ដ៏​អស្ចារ្យ​ពីបុរាណ​ទាំងនេះ​បាន​ស្ដារ​កូនសោ​បព្វជិតភាព និង​សិទ្ធិ​អំណាច​ឡើង​វិញ ។ ហេតុដូច្នេះ « កូនសោ​ទាំងឡាយ​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​នេះ​ត្រូវ​បាន​ប្រគល់ »២២ទៅ​ក្នុង​ដៃ​នៃ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់ ។

ការលេច​មក​របស់​អេលីយ៉ា​នៅ​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់​ក៏​បាន​បំពេញ​តាម​ការព្យាករ​របស់​ម៉ាឡាគី​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់​ដែរ​ថា អេលីយ៉ា​នឹង​ត្រឡប់​មកវិញ « មុន​ដែល​ថ្ងៃ​ដ៏​ធំ ហើយ​គួរ​ស្ញែងខ្លាច​នៃ​ព្រះអម្ចាស់​បាន​មក​ដល់ » ។២៣ ដោយ​ការធ្វើ​ដូច្នោះ ការបង្ហាញ​កាយ​របស់​អេលីយ៉ា​បាន​កើតឡើង​ស្របគ្នា មិនមែន​ដោយ​ចៃដន្យ​ទៅនឹង​រដូវ​បុណ្យ​រំលង​របស់​សាសន៍​យូដា ដែល​ជា​ប្រពៃណី​ទន្ទឹង​រង់ចាំ​ការត្រឡប់​មកវិញ​របស់​អេលីយ៉ា​ដោយ​ក្ដីគោរព​នោះ​ទេ ។

ក្រុមគ្រួសារ​សាសន៍​យូដា​ដ៏​ស្មោះត្រង់​ជាច្រើន​បាន​ដាក់​កន្លែង​មួយ សម្រាប់​អេលីយ៉ា​នៅលើ​តុ​បុណ្យ​រំលង​របស់​ពួកគេ ។ មនុស្ស​ជាច្រើន​ចាក់​ទឹក​ពេញ​កែវ​ដើម្បី​អញ្ជើញ និង​ស្វាគមន៍​លោក ។ ហើយ​មនុស្ស​មួយ​ចំនួន អំឡុង​ពេល​បរិភោគ​អាហារ​បុណ្យ​រំលង​ប្រពៃណី បាន​ឲ្យ​កូន​ម្នាក់​ទៅ​ចាំ​នៅ​ទ្វារ ពេលខ្លះ​ទុក​ទ្វារ​ឲ្យ​ចំហ​បន្ដិច ដើម្បី​មើល​ឃើញ​ថា តើ​អេលីយ៉ា​នៅ​ខាងក្រៅ​រង់ចាំ​ការអញ្ជើញ​ឬ​អត់ ។២៤

ជា​ការបំពេញ​តាម​ការព្យាករ និង​ជា​ផ្នែក​នៃ​ការស្ដារ​ឡើងវិញ​ដែល​បាន​សន្យា​ដល់​គ្រប់​ការណ៍​ទាំងអស់២៥ អេលីយ៉ា​បាន​មក​ដូច​បាន​សន្យា​នៅ​បុណ្យ​អ៊ីស្ទើរ និង​នៅ​ដើម​បុណ្យ​រំលង ។ លោក​បាន​នាំ​យក​សិទ្ធិអំណាច​ផ្សារភ្ជាប់​មក ដើម្បី​ចង​ក្រុមគ្រួសារ​នៅលើ​ផែនដី និង​នៅលើ​ស្ថានសួគ៌។ ដូច​មរ៉ូណៃ​បាន​បង្រៀន​ព្យាការី​យ៉ូសែប​ថា អេលីយ៉ា « នឹង​ដាក់​នៅ​ក្នុង​ចិត្ត​នៃ​កូនចៅ​នូវ​សេចក្ដី​សន្យា​ដែល​បាន​ធ្វើ​ដល់​ពួក​ឪពុក ហើយ​ចិត្ត​នៃ​កូនចៅ​នឹង​បាន​បង្វែរ​មក​រក​ពួក​ឪពុក​របស់​ពួកគេ​វិញ ។ បើសិន​ជា​មិនមែន​ដូច្នោះ​ទេ »មរ៉ូណៃ​បាន​បន្ត​ថា « នោះ​ផែនដី​ទាំងមូល​នឹង​ត្រូវ​កំទេច​ចោល​សូន្យ​ឈឹង​ក្នុង​កាល [ ព្រះអម្ចាស់ ] យាង​មក » ។២៦ វិញ្ញាណ​នៃ​អេលីយ៉ា ដែល​ជា​ការបើក​សម្ដែង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាញ​យើង​ទៅ​ជាប់​នឹង​ជំនាន់​របស់​យើង—​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល—​នៅក្នុង​ការបម្រើ​ពង្សាវលី ប្រវត្តិសាស្ដ្រ និង​ព្រះវិហារ​បរិសុទ្ធ ។

ចូរ​យើង​រំឭក​ដោយ​សង្ខេប​ដល់​អត្ថន័យ​នៃ​បុណ្យ​រំលង​ផងដែរ ។ បុណ្យ​រំលង​ចងចាំ​ដល់​ការដោះលែង​កូនចៅ​អ៊ីស្រាអែល​ចេញពី​សេវកភាព​ជាង ៤០០ ឆ្នាំ ។ គម្ពីរ​និកម្ខនំ​បង្ហាញ​ពី​របៀប​ដែល​ការដោះ​លែង​នេះ​កើតមាន ក្រោយពី​គ្រោះកាច​ជា​កង្កែប ចៃ រុយ ការស្លាប់​សត្វ​គោ​ក្របី បូស​ទ្រនិច ដំបៅ ការធ្លាក់​ទឹកកក និង​ភ្លើង កណ្ដូប និង​ភាពងងឹត​យ៉ាង​ខ្លាំង ។ គ្រោះកាច​ចុងក្រោយ​បាន​គម្រាម​កំហែង​ដល់​ការស្លាប់​កូន​ទីមួយ​ក្នុង​ដែនដី​នោះ ប៉ុន្ដែ​មិនមែន​ក្នុង​ផ្ទះ​នៃ​វង្ស​អ៊ីស្រាអែល​ទេ —ប្រសិនបើ​គ្រួសារ​ទាំងនោះ​លាប​ឈាម​កូនចៀម​ដំបូង​ដ៏​ឥតខ្ចោះ​នៅលើ​ធ្នឹម​ទ្វារ​របស់​ពួកគេ ។២៧

ទេវតា​នៃ​សេចក្ដី​ស្លាប់​បាន​រំលង​ផ្ទះ​ដែល​បាន​គូស​ឈាម​កូនចៀម​ទុកជា​និមិត្ត​សញ្ញា ។២៨ ការរំលង​នោះ ឬក៏​បុណ្យ​រំលង​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ​យកឈ្នះ​លើ​សេចក្ដី​ស្លាប់​នៅ​ទីបញ្ចប់ ។ ពិតណាស់ លោហិត​ដ៏​ធួន​របស់​កូនចៀម​នៃ​ព្រះ​ផ្ដល់​អំណាច​ឲ្យ​អ្នកគង្វាល​ល្អ​របស់​យើង ដើម្បី​ប្រមូល​រាស្ដ្រ​របស់​ទ្រង់​ពី​គ្រប់​ទីកន្លែង និង​កាលៈទេសៈ​ទាំងអស់​ទៅកាន់​ទី​មាន​សុវត្ថិភាព​ដល់​ហ្វូង​ចៀម​របស់​ទ្រង់​ដែល​នៅ​ទាំង​សង្ខាង​នៃ​វាំងនន ។

អ្វី​ដែល​សំខាន់​នោះ​គឺ ព្រះគម្ពីរ​មរមន​ពិពណ៌នា​ពី « ព្រះចេស្ដា និង​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ »២៩ជា​ធាតុ​សំខាន់​នៃ​បុណ្យ​អ៊ីស្ទើរ—ដែល​ទាក់ទង​នឹង​ការស្ដារ​ឡើងវិញ​ពីរ ។

ទីមួយ ការរស់​ឡើងវិញ​រួមមាន​ការស្ដារ​ខាង​រូបកាយ​ឡើងវិញ​នៃ « រូបរាង​ដ៏​ត្រឹមត្រូវ និង​ល្អ​ឥតខ្ចោះ » « អវយវៈ​ទាំងអស់ និង​គ្រប់​សន្លាក់​ឆ្អឹង » « ទាំង​សក់​មួយ​សរសៃ​នៅ​លើ​ក្បាល​ក៏​ពុំ​បាត់​ដែរ » ។៣០ ការសន្យា​នេះ​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់​អ្នក​ដែល​បាន​បាត់បង់​អវយវៈ ដែល​លែង​មើល​ឃើញ លែង​ស្ដាប់​ឮ ឬ​លែង​ដើរ​បាន ឬ​ដែល​រងទុក្ខ​នឹង​ជំងឺ​រ៉ាំរ៉ៃ ជំងឺ​ផ្លូវ​ចិត្ត ឬ​សមត្ថភាព​ថយ​ចុះ​ផ្សេង​ទៀត ។ ទ្រង់​នឹង​រក​យើង​ឃើញ ។ ទ្រង់​នឹង​ធ្វើ​ឲ្យ​យើង​ពេញលេញ ។

ការសន្យា​ទីពីរ​នៃ​បុណ្យ​អ៊ីស្ទើរ និង​ដង្វាយ​ធួន​របស់​ព្រះអម្ចាស់​យើង​គឺ​ថា « វត្ថុ​សព្វ​សារពើ​ត្រូវ​បាន​សាង​ឡើង​វិញ​ឲ្យ​ត្រឹម​ត្រូវ​តាម​របៀប » ។៣១ ការស្ដារ​ឡើងវិញ​ខាងវិញ្ញាណ​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ចការ និង​បំណង​ប្រាថ្នា​របស់​យើង ។ ដូចជា​នំប៉័ង​លើ​ទឹក​ដែរ៣២ វា​ស្ដារ​ឡើងវិញ « ទៅជា​ល្អ » « សុចរិត » « ត្រឹមត្រូវ » និង « មេត្តា​ករុណា » ។៣៣ យើង​មិន​ឆ្ងល់​ឡើយ​ពេល​ព្យាការី​អាលម៉ា​ប្រើ​ពាក្យ​សាង​ឡើង​វិញ​ចំនួន ២២ ដង៣៤កាល​លោក​ទទូច​ឲ្យ​យើង « រាប់​រក​គ្នា​ដោយ​យុត្តិធម៌ វិនិច្ឆ័យ​ដោយ​សុចរិត ហើយ​ធ្វើ​ល្អ​ជានិច្ច » ។៣៥

ដោយសារ « ព្រះអង្គ​ទ្រង់​ផ្ទាល់​បាន​ធ្វើឲ្យ​ធួន​នឹង​អំពើ​បាប​ទាំងឡាយ​នៃ​មនុស្ស​លោក »៣៦នោះ​ដង្វាយធួន​របស់​ព្រះអម្ចាស់​មិន​ត្រឹម​តែ​អាច​ស្ដារ​អ្វី​ដែល​ធ្លាប់​ជា​នោះ ប៉ុន្ដែ​ថែម​ទាំង​អាច​ស្ដារ​អ្វី​ដែល​អាច​នឹង​ផងដែរ ។ ដោយសារ​ទ្រង់​ជ្រាប​ពី​ការឈឺចាប់ ទុក្ខវេទនា ជំងឺ និង​« ការល្បួង​របស់​យើង​គ្រប់​ប្រភេទ »៣៧នោះ​ទ្រង់​អាច​ព្យាបាល​យើង​បាន​ស្របតាម​ជំងឺ​របស់​យើង​ដោយ​ក្ដី​មេត្តា ។៣៨ ដោយសារ​ព្រះ​គឺជា « ព្រះ​ដ៏​ល្អ​ឥតខ្ចោះ ហើយ​ត្រឹមត្រូវ និង​ជា​ព្រះ​ដែល​ប្រកប​ដោយ​សេចក្ដី​មេត្តាករុណា​ផង » នោះ​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា​អាច « ធ្វើ​ឲ្យ​ស្កប់ស្កល់​ដល់​ការទាមទារ​នៃ​សេចក្ដី​យុត្តិធម៌ » ។៣៩ យើង​ប្រែចិត្ត ហើយ​ធ្វើ​អ្វី​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ។ ទ្រង់​ក្រសោប​យើង « ដោយ​ព្រះពាហុ​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ » ដ៏​អស់កល្ប​ជានិច្ច ។៤០

ថ្ងៃនេះ យើង​ប្រារព្ធ​ការស្ដារ​ឡើងវិញ និង​ការរស់​ឡើងវិញ ។ ខ្ញុំ​អររីករាយ​ជាមួយ​បងប្អូន​នឹង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​បន្ដ​អំពី​ភាពពេញ​លេញ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូច​ដែល​បាន​ចាប់ផ្ដើម​២០០​ឆ្នាំ​មុន​នៅ​រដូវ​ផ្ការីក​នេះ នោះ​ពន្លឺ និង​វិវរណៈ​បន្ដ​កើត​មាន​តាមរយៈ​ព្យាការី​នៅរស់​របស់​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ហៅ​នៅក្នុង​ព្រះនាម​របស់​ទ្រង់​—​គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ—​និង​តាមរយៈ​វិវរណៈ​ផ្ទាល់ខ្លួន និង​ការបំផុស​គំនិត​ដោយ​អំណោយទាន​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ជាមួយ​បងប្អូន​នៅ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ ជា​ព្រះវរបិតា​ដ៏​អស់កល្ប​របស់​យើង និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់ ជា​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ។ មនុស្ស​រមែង​ស្លាប់​ត្រូវបាន​គេ​ឆ្កាង​យ៉ាង​ព្រៃផ្សៃ ហើយ​ក្រោយមក​បាន​រស់ឡើង​វិញ ។ ប៉ុន្ដែ​មាន​តែ​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ឡើង​វិញ​នៅក្នុង​ទម្រង់​រស់​ឡើងវិញ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់​ប៉ុណ្ណោះ ដែល​នៅតែ​មាន​ស្នាម​របួស​នៅលើ​ព្រះហស្ដ ព្រះបាត និង​ព្រះកាយ​របស់​ទ្រង់ ។ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​មាន​បន្ទូល​ថា « អញ​បាន​ចារិក​ឯង​ទុក​នៅ​ផ្ទៃ​បាត​ដៃ​របស់​អញ​ហើយ » ។៤១ មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​មាន​បន្ទូល ៖ « យើង​ជា​អ្នក​ដែល​ត្រូវបាន​លើក​ឡើង ។ យើង​ជា​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង ។ យើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ » ។៤២

ដូចជា​អាយវី​នៅតូច និង​វីយូឡុវ​របស់​នាង​ដែរ យើង នៅតែ​ចាប់ផ្ដើម​តាម​របៀប​ផ្សេងៗ​នៅឡើយ ។ ពិត​ណាស់ ថា« សេចក្តី​ដែល​ភ្នែក​មិន​ដែល​ឃើញ ត្រចៀក​មិន​ដែល​ឮ ហើយ​ចិត្ត​នឹក​មិន​ដែល​ដល់ គឺ សេចក្តី​នោះ​ឯង​ដែល​ព្រះ​បាន​រៀបចំ​ទុក​សម្រាប់​ពួកអ្នក​ដែល​ស្រឡាញ់​ទ្រង់ » ។៤៣ ក្នុង​ពេល​ទាំងនេះ យើង​អាច​រៀន​ច្រើន​អំពី​សេចក្ដី​ល្អ​សប្បុរស​របស់​ព្រះ និង​សក្ដានុពល​ដ៏​ទេវភាព​របស់​យើង​ដើម្បី​ឲ្យ​ក្ដី​ស្រឡាញ់​របស់​ព្រះ​រីកធំ​ឡើង​ក្នុង​ខ្លួន​យើង កាល​យើង​ស្វែងរក​ទ្រង់ ហើយ​ឈោង​ជួយ​គ្នា​ទៅវិញ​ទៅមក ។ តាម​របៀប និង​ទីកន្លែង​ថ្មីៗ យើង​អាច​ធ្វើ និង​ក្លាយ​ទៅជា មួយ​បន្ទាត់​ម្ដងៗ សេចក្ដី​ល្អ​បន្ដិច​ម្ដងៗ ទាំង​ជា​បុគ្គល និង​រួមគ្នា ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​នៅ​គ្រប់​ទីកន្លែង កាល​យើង​ជួប និង​រៀន​ជាមួយ​គ្នា សេចក្ដី​ជំនឿ និង​សេចក្ដី​ល្អ​សប្បុរស​របស់​បងប្អូន​បាន​បំពេញ​ខ្ញុំ​ដោយ​ញាណ​នៃ​ការផ្សងព្រេង និង​ការដឹងគុណ​ដល់​ដំណឹងល្អ ។ ទីបន្ទាល់ និង​ការធ្វើ​ដំណើរ​ខាង​ដំណឹងល្អ​របស់​បងប្អូន​ចម្រើន​ដល់​ទីបន្ទាល់ និង​ការធ្វើ​ដំណើរ​ខាង​ដំណឹងល្អ​របស់​ខ្ញុំ ។ កង្វល់ និង​អំណរ​របស់​បងប្អូន ក្ដី​ស្រឡាញ់​របស់​បងប្អូន​ចំពោះ​គ្រួសារ​នៃ​ព្រះ និង​សហគមន៍​ពួកបរិសុទ្ធ​របស់​យើង ព្រមទាំង​ការយល់ដឹង​ដ៏​រស់​រវើក​អំពី​សេចក្ដីពិត​ដែល​បាន​ស្ដារ​ឡើងវិញ និង​ពន្លឺ​របស់​បងប្អូន បង្កើន​ភាពពេញលេញ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ខ្ញុំ ដោយ​មាន​ព្រះយេស៊ូវ​គ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់​ជា​បេះដូង ។ រួមគ្នា យើង​ទុកចិត្ត​ថា « កាត់​ពពក​ភ្លៀង​ផ្គរ​ថ្ងៃ សូម​គង់​នឹង​ខ្ញុំ » ព្រះអម្ចាស់ ។៤៤ យើង​ដឹង​រួមគ្នា​ថា យើង​អាច​រាប់​ពរជ័យ​ជាច្រើន​របស់​យើង​បាន ។៤៥ នៅក្នុង​កិច្ចការ​ប្រចាំ​ថ្ងៃ​តូចតាច ងាយៗ និង​សាមញ្ញ​ជាច្រើន យើង​អាច​ឃើញ​រឿង​ដ៏​ធំ​បាន​នាំ​មក​ក្នុង​ជីវិត​យើង ។៤៦

« ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​សុចរិត​នឹង​ត្រូវ​បាន​ប្រមូល​គ្នា​មកពី​ចំណោម​សាសន៍​ទាំងអស់ ហើយ​នឹង​មក​ឯ​ក្រុង​ស៊ីយ៉ូន ដោយ​ច្រៀង​នូវ​ចម្រៀង​ទាំងឡាយ​អំពី​សេចក្ដី​អំណរ​ដ៏​នៅ​អស់​កល្ប​អស់​កាល​ជានិច្ច » ។៤៧ នៅ​រដូវកាល​នៃ​ហូសាណា និង​ហាលេលូយ៉ា​នេះ សូម​ច្រៀង​ហាលេលូយ៉ា​—ព្រោះ​ទ្រង់​នឹង​សោយរាជ្យ​ជា​រៀង​រហូត​តទៅ ! សូម​ស្រែក ហូសាណា​ដល់​ព្រះ និង​កូនចៀម ! នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕